សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កម្ពុជា​នឹងផ្តោតអាទិភាព​លើពិពិធកម្ម​កសិកម្ម​ដើម្បី​ឆ្លើយតបតាម​តម្រូវការទីផ្សារ

កសិករ ជឿន ទិត្យា បង្ហោះរូបថតនៅលើផេកហ្វេសប៊ុករបស់លោក ដោយបង្ហាញពីស្ពៃក្រញាញ់ដែលកំពុងដល់រដូវប្រមូលផល ប៉ុន្តែពុំមានទីផ្សារ ។
កសិករ ជឿន ទិត្យា បង្ហោះរូបថតនៅលើផេកហ្វេសប៊ុករបស់លោក ដោយបង្ហាញពីស្ពៃក្រញាញ់ដែលកំពុងដល់រដូវប្រមូលផល ប៉ុន្តែពុំមានទីផ្សារ ។

លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បាននិយាយថា ដើម្បី​លើកកម្ពស់​វិស័យ​កសិកម្ម កម្ពុជា​ត្រូវធ្វើ​ពិពិធកម្ម​វិស័យកសិកម្ម​របស់ខ្លួន​និងត្រូវធានា​ទីផ្សារ​ជាចាំបាច់ ខណៈកសិករ​ជួបប្រទះ​បញ្ហា​តម្លៃទីផ្សារមិនមានស្ថិរភាព ។

ក្នុងអំឡុងពេល​ប្រារព្ធ​ទិវា​មច្ឆជាតិ​លើកទី១៩ នៅឯខេត្តកំពង់ចាម កាលពីថ្ងៃចន្ទ លោក ហ៊ុន ម៉ាណែត បាននិយាយថា ការធ្វើពិពិធកម្ម​វិស័យកសិកម្ម​ត្រូវតែឆ្លើយតបទៅតាម​តម្រូវការ​ទាំង​ទីផ្សារ​ក្នុងស្រុក​និង​ទាំង​ទីផ្សារ​អន្តរជាតិ ។

ដើម្បីសម្រេចកិច្ចការនេះ រដ្ឋាភិបាល​ត្រូវដោះស្រាយបញ្ហា​ថ្លៃដើម​ផលិត​របស់​កសិករ ដោយ​កាត់​បន្ថយ​ពន្ធនាំចូលលើ​គ្រឿងចក្រ​កសិកម្ម​ និង​ដាក់​ចេញ​នូវ​ដំណោះស្រាយនានាដែលសមស្រប ។

លោកនាយករដ្ឋមន្ត្រី​មានប្រសាសន៍ថា៖ «ការជួយជំរុញកសិកម្ម គឺធ្វើម៉េចពិពិធកម្មឱ្យកាន់តែច្រើន។  ចិញ្ចឹមអី ដាំអីគឺជារឿងមួយ ប៉ុន្តែអ្វីដែលត្រូវមានទីផ្សារ​ទាំង​ក្នុង​ស្រុក​និង​ក្រៅប្រទេសដើម្បីធានានូវចំណូលរបស់​បងប្អូន​របស់​យើង» ។

លោក ហ៊ុន ម៉ាណែត បាន​គូសបញ្ជាក់ថា មានគោលដៅចម្បង​ពីរ​សម្រាប់​ការអភិវឌ្ឍ​វិស័យកសិកម្ម ដែល​គោលដៅទាំងនោះ គឺសន្តិសុខស្បៀង និង​ពាណិជ្ជកម្ម ។

លោកបានបន្តថា៖ «ដោះស្រាយបញ្ហា​កសិកម្ម[មានន័យថា] គិតអំពីចំណូលរបស់កសិករ ។ ធ្វើយ៉ាងណា​កុំ​ឱ្យ​តម្លៃ​ឡើងខ្ពស់ពេក​ដែរ ព្រោះថាវាអាចប៉ះពាល់ដល់​អ្នកទិញ[ក្នុងស្រុក]» ។

បញ្ហាអំពីកសិករ​និង​អ្នកទិញ គឺថា រដ្ឋាភិបាលគួរតែធានាតុល្យភាពរវាង​ចំណូលរបស់កសិករ និង​ជីវភាពរស់នៅ ឬអតិផរណា ។

ដូច្នេះ រដ្ឋាភិបាល​នឹងធ្វើការងារលើរឿងនេះ ដោយដាក់ចេញនូវគោលនយោបាយអន្តរាគមន៍នានា ដើម្បីជួយដល់កសិករ​ឱ្យទទួលបានទីផ្សារច្រើនជាងមុន ។ លើសពីនេះទៀត ក្រសួងធនធានទឹក​និងឧតុនិយម និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ (MAFF) ត្រូវបានណែនាំ​ឱ្យ​ធ្វើអន្តរាគមន៍​នៅតាម​តំបន់ណា​ដែល​ខ្វះទឹក​ស្រោចស្រព ។

កាលពីឆ្នាំ២០២៣ កម្ពុជានាំចេញ​ផលិតផល​កសិកម្មជាង ៨,៨លានតោន​ ទៅកាន់ ៧៨ប្រទេស ដែលមានតម្លៃជាទឹកប្រាក់ប្រមាណ ៤,៨ពាន់លានដុល្លារ​អាមេរិក ដោយរួមចំណែក​បាន​យ៉ាងច្រើន​ដល់​សេដ្ឋកិច្ចជាតិ ។

ស្របពេលជាមួយគ្នានេះ លោក ជឿន ទិត្យា ជាកសិករ​ដាំដំណាំស្ពៃក្រញាញ់​នៅខេត្តតាកែវ បានបង្ហោះ​សារ​នៅលើផេកហ្វេសប៊ុករបស់​លោកថា បន្លែរបស់​លោក​ប្រឈមនឹងការបំផ្លាញចោល​ប្រសិនបើគ្មានអ្នកទិញទេនោះ ។ សព្វថ្ងៃ លោក​លក់​ស្ពៃក្រញាញ់​បានតែ ៣០០ ទៅ ៤០០រៀល​ប៉ុណ្ណោះ ក្នុងមួយគីឡូក្រាម ។

លោក ទិត្យា បានប្រាប់ ខេមបូចា ថា ការធ្លាក់ចុះនៃតម្លៃស្ពៃក្រញាញ់​គឺដោយសារតែ​កង្វះ(យុទ្ធសាស្ត្រ)ទីផ្សារ ដោយសារតែកសិករ​ប្រមូលផល​ព្រមៗគ្នាក្នុង​ពេលតែមួយ ហើយគ្មាន«ឈ្មួញ(អតិថិជន)មកទិញ» ។

លោកបាននិយាយថា៖ «តម្លៃធ្លាក់ម្ដង ឬពីរដង​ក្នុងមួយឆ្នាំ […] ឆ្នាំនេះ តម្លៃធ្លាក់ចុះពីរដង ម្ដង​គឺ​កាលពីពាក់កណ្ដាលខែឧសភា និងម្ដង​ទៀត នៅចុង​ខែមិថុនា» ។ លោកបានបន្តថា នៅ​មុនពេលតម្លៃធ្លាក់ចុះ លោក​អាច​លក់​បានតម្លៃចន្លោះពី ២០០០ ទៅ ៤០០០រៀលក្នុងមួយគីឡូក្រាម ។

លោកបាននិយាយថា​ ក្រសួង​ពាក់ព័ន្ធ​បានដឹងពី​បញ្ហានេះ​ហើយ ប៉ុន្តែ ពុំទាន់ឃើញមានដំណោះស្រាយ​នៅឡើយទេ ពីព្រោះបញ្ហាគឺបណ្ដាលមកពីការដាំដុះ«បន្លែដូចគ្នា​ក្នុង​ពេលតែមួយ» ។ លោ​ក​បាន​បន្ត​ថា៖ «ក្នុងនាមជាអ្នកដាំដុះ យើងដឹង​ថា​ ពេលណា​យើង​ដាំ[ផលិតផលដូចគ្នា] ដំណាលពេល​គ្នា ហើយ​​ប្រមូលផល​ដំណាលពេលគ្នា តម្លៃវានឹងថោកហើយ» ។

លោក សួន ថៃ កសិករ​ដាំដំណាំស្វាយនៅខេត្តកំពត បានប្រាប់ ខេមបូចា ថា ក្នុងអំឡុងពេលរដូវ​ប្រមូល​ផលស្វាយកាលពីខែមេសា និងខែឧសភា តម្លៃស្វាយ​ធ្លាក់ចុះខ្លាំងរហូតដល់ត្រឹមតែ ៣០០រៀល​ក្នុង​មួយ​គីឡូក្រាម ។ ឥឡូវនេះ កសិករ​មិនមានស្វាយលក់ទេ ដូច្នេះ តម្លៃឡើងដល់​ ៤០០០រៀល​ក្នុង​មួយគីឡូ ។

លោកបាននិយាយថា៖ «រដូវស្វាយ ស្វាយអត់តម្លៃ […] តម្លៃតែ ២០០ ទៅ ៣០០រៀល​ក្នុង​មួយ​គីឡូ ឥឡូវ គេថា មួយគីឡូ ៤០០០រៀល តាមអ្នកទិញគេនិយាយ ។ ខែនេះ អស់ស្វាយហើយ មានតិចតួច​បំផុត» ។ លោក​បន្ត​ថា លោកបានចំណាយលុយ​អស់ច្រើន​ក្នុង​ការដាំដុះ ប៉ុន្តែ ចំណេញមិនរួចថ្លៃពលកម្មផង​ទេ ។

លោក ថៃ បាននិយាយថា៖ «ខ្ញុំស្នើសុំក្រសួងកសិកម្ម​ឱ្យជួយ​កសិករ​ឱ្យបានតម្លៃ​យ៉ាងហោច ១០០០​រៀលក្នុងមួយគីឡូ» ។ លោក​សង្ឃឹមថា ផលិតផល​កសិកម្ម​នឹង​សម្បូរ​នៅតាមទីផ្សារ​ បន្ទាប់ពីនាយករដ្ឋមន្ត្រី​អំពាវនាវ​ឱ្យ​លើកកម្ពស់ទីផ្សារ​កសិកម្ម ។

លោក អុំ សុភា ប្រធាន​សហគមន៍កសិកម្មសាមគ្គីតំបែ ក្នុងខេត្តត្បូងឃ្មុំ បានប្រាប់ ខេមបូចា ថា ផលិតផល​កសិកម្ម​របស់​កសិករ​មិនមានតម្លៃទីផ្សារ​ជាក់លាក់ទេ ដែលមានន័យថា ស្វាយលក់បានក្នុងតម្លៃថោកបំផុត ។

លោកបាននិយាយថា៖ «ស្វាយគឺមានទីផ្សាររហូត ប៉ុន្តែ បញ្ហាសំខាន់ គឺថា​តម្លៃវាមិនរួចថ្លៃដើមផលិត »។

លោកបានសម្ដែងការពេញចិត្ត​ដែលថា រដ្ឋាភិបាល​កាត់បន្ថយ​ពន្ធនាំចូល​លើ​ជីថ្នាំ​និង​គ្រឿង​ចក្រ​កសិកម្ម ។ បន្ថែមលើនេះ លោកបានសំណូមពរ​ឱ្យ​ពាណិជ្ជករ ឬ​ក្រុមហ៊ុនជីថ្នាំកសិកម្ម​ឱ្យបញ្ចុះតម្លៃ​ផង​ដែរ ។

តម្លៃជីបច្ចុប្បន្ន គឺជិត៥០ដុល្លារក្នុង​មួយ​បាវ «ដែល​តម្លៃនេះគឺនៅតែខ្ពស់សម្រាប់កសិករ» ដោយសារ​តម្លៃផលិតផល​កសិកម្ម​នៅទាបនៅឡើយ ។

លោក​បានបន្តថា៖ «ខ្ញុំនឹងសប្បាយចិត្ត ប្រសិនបើរដ្ឋាភិបាលមានយន្តការកាត់បន្ថយ​ពន្ធលើ​ជីថ្នាំ​និង​ឧបករណ៍កសិកម្មនាំចូលដើម្បីបន្ទាបតម្លៃ​ ដើម្បីយើងអាចប្រកួតប្រជែង​បាននៅក្នុងទីផ្សារ​សេរី»។

លោក ឃឹម ហ្វ៊ីណង់ អ្នកនាំពាក្យក្រសួងកសិកម្ម បាននិយាយថា ប្រសាសន៍របស់​នាយករដ្ឋមន្ត្រី​ឆ្លុះ​បញ្ចាំង​ពីអាទិភាព​នៅក្នុងវិស័យនេះ ដែលកំពុងត្រូវបានអនុវត្ត ជាពិសេស ធានា​ស្ថិរភាពតម្លៃ បញ្ជូន​មន្ត្រីកសិកម្មឃុំ​ និង​បង្កើត​សហគមន៍​កសិកម្ម​ទំនើប ។

លោកបាននិយាយថា៖ «កម្មវិធីគោលនយោបាយអាទិភាពទាំងនេះធ្វើឡើង​ដើម្បីដោះស្រាយភាពប្រឈម និង​បង្កើន​ភាពប្រកួតប្រជែង​របស់​ផលិតផល​កសិកម្មកម្ពុជា ក្នុងនោះរួមទាំង​ថ្លៃដើម​ផលិត ស្តង់ដារ គុណភាព និង​ស្ថិរភាពនៃការផ្គត់ផ្គង់ [ដែល]សំដៅឆ្ពោះទៅរក​ការ​កែច្នៃ​[ផលិតផលកសិកម្ម]សម្រាប់​ការនាំចេញ​និង​លើកកម្ពស់​ជីវភាព​របស់​កសិករ» ។

លោកមិនបានឆ្លើយតបនឹងសំណួរអំពី​តម្លៃ​និងយុទ្ធសាស្ត្រទីផ្សារ​សម្រាប់​ការដាំដុះ​ដំណាំស្ពៃទេ ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia To Prioritize Diversification of Agricultural Promotion To Meet Market Demand

62 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម