ក្រសួងការពារជាតិកម្ពុជាបានស្នើឲ្យសហរដ្ឋអាមេរិកពិនិត្យកិច្ចព្រមព្រៀងសហប្រតិបត្តិការដែលមានស្រាប់រវាងប្រទេសទាំងពីរឡើងវិញបន្ទាប់ពីនិស្សិតកម្ពុជាចំនួន៦រូប សិក្សានៅបណ្ឌិត្យសភាយោធាអាមេរិក ត្រូវបានជូនដំណឹងពីការបញ្ចប់កម្មវិធីអាហារូបករណ៍របស់ពួកគេ ដោយភាគីអាមេរិកបានអះអាងថាកម្ពុជាបានបាត់បងសិទ្ធិស្របច្បាប់ក្នុងការទទួលអាហារូបករណ៍នេះ។
ឧត្តមសេនីយ៍ ណឹម សុវត្ថិ ជាអគ្គនាយក នៃអគ្គនាយកដ្ឋាននយោបាយ និងកិច្ចការបរទេស របស់ក្រសួងការពារជាតិ មានប្រសាសន៍ថា ការសម្រេចចិត្តរបស់សហរដ្ឋអាមេរិកគឺផ្ទុយពីកិច្ចព្រមព្រៀងទ្វេភាគី។
លោកប្រាប់ខេមបូចា ថា៖ «នេះជាការសម្រេចឯកតោភាគី…វាជាសកម្មភាពអមនុស្សធម៌ និងអនុវត្តមិនស្មោះត្រង់លើកិច្ចព្រមព្រៀងរវាងប្រទេសទាំងពីរ»។
លោក Rob Joswiak មន្រ្តីការទូតកិច្ចការសាធារណៈរបស់ស្ថានទូតអាមេរិកប្រចាំកម្ពុជា បានប្រាប់ខេមបូចាតាមរយៈអ៊ីម៉ែលថាកម្ពុជាបានបាត់បង់ភាពស្របច្បាប់ក្នុងការទទួលបានកម្មវិធីសិក្សាពីបណ្ឌិតសភាយោធា ដោយសារតែកិច្ចសហប្រតិបត្តិការជាប្រពៃណីរវាងយោធាប្រទេសទាំងពីរបានចុះខ្សោយជាច្រើនផ្នែក។ លោក Joswiak បន្តថាបណ្ឌិត្យសភាយោធាមិនបានដកសិស្សទាំងនោះចេញពីការសិក្សានោះទេ និងបានជំរុញឲ្យរដ្ឋាភិបាលកម្ពុជាជួយបង់ថ្លៃសិក្សាដល់សិស្សទាំងនោះ។
លោកបន្ថែមទៀតថា៖ «ដោយផ្អែកលើការសិក្សាបានល្អរបស់ពួកគេ និស្សិតកម្ពុជាដែលកំពុងរៀននៅបណ្ឌិត្យសភាយោធា ត្រូវបានអនុញ្ញាតឲ្យបញ្ចប់កម្មវិធីសិក្សារបស់ពួកគេ»។
លោក សុវត្ថិ បានបន្ថែមថា បន្ទាប់ពីទទួលដំណឹងថា អាមេរិក បានសម្រេចបញ្ចប់កម្មវិធីអាហារូបករណ៍ដល់និស្សិតយោធា ក្រសួងការពារជាតិ បានប្រជុំពិភាក្សាដើម្បីរកមធ្យោបាយជួយពួកគេ ដោយមានសិស្សខ្លះបានរៀនដល់ឆ្នាំទី៤ និងរំពឹងថានឹងត្រូវបញ្ចប់ការសិក្សានៅឆ្នាំក្រោយ។ និស្សិតទាំងនេះ ត្រូវបានជ្រើសរើសតាមរយៈកម្មវិធីអាហារូបរណ៍រៀបចំដោយក្រសួងការបរទេសអាមេរិក ក្នុងកិច្ចសហប្រតិបត្តិការណ៍រវាងប្រទេសទាំងពីរ។
នៅល្ងាចថ្ងៃសុក្រ ក្រសួងការពារជាតិកម្ពុជា បានចេញសេចក្តីប្រកាសព័ត៌មានមួយ ដោយបានបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា នឹងចេញថ្លៃសិក្សាសម្រាប់និស្សិតយោធាទាំង៦រូប រហូតដល់បញ្ចប់ការសិក្សារបស់ខ្លួន។
សេចក្តីប្រកាសព័ត៌មានបានបន្ថែមថា ក្រសួងនឹងទំនាក់ទំនងទៅស្ថាប័នពាក់ព័ន្ធរបស់សហរដ្ឋអាមេរិក អំពីការជួយបង់ថ្លៃសាលានេះ។
បើតាមសេចក្ដីរាយការណ៍វិទ្យុសំឡេងសហរដ្ឋអាមេរិក (VOA) និស្សិតទាំងប្រាំមួយរូបបានស្វែងរកកិច្ចអន្តរាគមន៍ពីស្ថានទូតអាមរិកប្រចាំកម្ពុជា។ អ្នកទាំងប្រាំមួយ បានចូលរៀននៅបណ្ឌិតសភាយោធាអាមេរិក West Point ក៏ដូចជាទ័ពអាកាស ជើងទឹក និងឆ្មាំសមុទ្រ។
អ្នកវិភាគមើលឃើញថាការបញ្ចប់កម្មវិធីអាហារូបករណ៍នេះ គឺជាជំហានថយក្រោយមួយផ្សេងទៀតក្នុងទំនាក់ទំនងយោធាកម្ពុជា-អាមេរិក។ ទំនាក់ទំនងផ្លូវការរវាងប្រទេសទាំងពីរបានថយចុះបន្ទាប់ពីមានការរឹតត្បិតលំហនយោបាយនៅកម្ពុជា និងមានការមើលឃើញថាកម្ពុជាកំពុងងាកទៅរកចិន រួមទាំងកិច្ចសហប្រតិបត្តិការយោធាផង។
អ្នកវិភាគនយោបាយលោក ឯម សុវណ្ណារ៉ា មានប្រសាសន៍ថាអាមេរិកនៅតែមានការសង្ស័យលើកម្ពុជាថានឹងផ្ដល់ឲ្យចិនចូលមកកាន់មូលដ្ឋានទ័ពជើងទឹករាម ក្នុងខេត្តព្រះសីហនុ។ ចិនកំពុងជួយអភិវឌ្ឍមូលដ្ឋាននេះ ហើយអគារជំនួយរបស់អាមេរិកពីរត្រូវបំផ្លាញចោល។
លោកបន្ថែមថា៖ «បើសិនជាកម្ពុជាមានជំហរទៅរកចិនខ្លាំង ផលប៉ះពាល់នឹងមិនមែនត្រឹមតែទំនាក់ទំនងយោធាទេ ប៉ុន្តែវាអាចប៉ះពាល់ទំនាក់ទំនងការទូត និងសេដ្ឋកិច្ច»។
លោក ឯម សុវណ្ណារ៉ា ឲ្យដឹងទៀតថា កម្ពុជាគួរតែមានគោលនយោបាយការបរទេសច្បាស់លាស់ដូចមានចែងក្នុងរដ្ឋធម្មនុញ្ញ និងថាបើមិនដូច្នេះទេអាចនឹងមានផលអវិជ្ជមានដល់ប្រទេស។
លោក បន្ថែមថា៖ «កម្ពុជាមិនគួរពឹងតែលើចិន រុស្ស៊ី អាមេរិក ឬប្រទេសណាមួយទេ…កម្ពុជាគួរតែស្ថិតនៅឯករាជ្យ ដើម្បីទទួលផលប្រយោជន៍ពីប្រទេសទាំងនោះ»។
អនុព័ន្ធយោធាអាមេរិក បានទៅទស្សនកិច្ចនៅមូលដ្ឋានទ័ពជើងទឹករាម កាលពីថ្ងៃទី១១ ខែមិថុនា តាមការអញ្ជើញរបស់មន្ត្រីកម្ពុជា។ ប៉ុន្តែការធ្វើទស្សនកិច្ចនោះមិនបានបញ្ចប់មន្ទិលសង្ស័យរបស់មន្ត្រីអាមរិកនោះទេ។ ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំកម្ពុជា លោក Patrick Murphy បានប្រាប់ខេមបូចា កាលពីខែមិថុនា ថាអាមេរិកជំរុញឲ្យរដ្ឋាភិបាលកម្ពុជាផ្ដល់នូវតម្លាភាព ដោយអះអាងថាអនុព័ន្ធយោធាមិនត្រូវបានអនុញ្ញាតឲ្យចូលបានគ្រប់កន្លែងនោះទេ។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា មានប្រសាសន៍ថា លោកស្រីជឿថាភាពតានតឹងរវាងប្រទេសទាំងពីរជាបញ្ហាភូមិសាស្រ្តនយោបាយជាជាងបញ្ហាសិទ្ធិមនុស្ស។
លោកស្រី បន្តថា៖ «វាមិនពាក់ព័ន្ធរឿងរំលោភបំពានសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅកម្ពុជាទេ ដែលអាមេរិកសម្រេចបញ្ចប់កម្មវិធីអាហារូបករណ៍ខាងយោធាពីកម្ពុជា» ដោយលោកស្រីបន្ថែមថា៖ «កម្ពុជាគួរតែប្រកាន់ខ្ជាប់គោលនយោបាយអព្យាក្រឹត្យ និងឯករាជ្យ ទាំងក្នុងតំបន់ និងពិភពលោក ដើម្បីកសាងមិត្តជាមួយប្រទេសជាច្រើនទៀត»៕ (រាយការណ៍បន្ថែមដោយ សំ សុពេជ្រ)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Cambodia-US relations strained further as military scholarship program ends