សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលករខ្មែរម្នាក់នៅថៃបរិភោគអាហារ១ពេលក្នុង១ថ្ងៃក្រោយបាត់បង់ការងារ

ពលករខ្មែរអង្គុយនៅមុខបន្ទប់ជួលមួយកន្លែងក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ។ រូបភាពថតនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ រូបភាពផ្តល់ឱ្យ
ពលករខ្មែរអង្គុយនៅមុខបន្ទប់ជួលមួយកន្លែងក្នុងខេត្តរ៉ាក់យ៉ង ប្រទេសថៃ។ រូបភាពថតនៅថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២១។ រូបភាពផ្តល់ឱ្យ

ស្ត្រីពលករខ្មែរធ្វើការងារនៅក្នុងប្រទេសថៃម្នាក់បរិភោគអាហារ១ថ្ងៃ១ពេល អស់រយៈពេល១ខែមកហើយ បន្ទាប់ពីបាត់បង់មុខរបរ ហើយមិនមានលុយទិញអាហារគ្រប់គ្រាន់ ដែលពេលនេះសុខភាពកំពុងតែចុះទ្រុឌទ្រោម។​

អ្នកស្រី ឆ​ ឡាយហឿង អាយុ៥០ឆ្នាំ មានស្រុកកំណើតនៅខេត្តព្រៃវែង បានធ្វើដំណើរទៅរកការងារធ្វើនៅប្រទេសថៃជាង១ឆ្នាំមកហើយ។ អ្នកស្រីថា រូបគាត់បានស្វែងរកការងារពីកន្លែងមួយទៅកន្លែងមួយទៀតនៅក្នុងប្រទេសថៃបន្តបន្ទាប់ រហូតដល់ប៉ុន្មានខែចុងក្រោយគាត់សម្រេចចិត្តធ្វើនំលក់។ ប៉ុន្តែនៅពេលដែលមានការបិទខ្ទប់បន្តបន្ទាប់ ដោយសារតែការឆ្លងរាលដាលមេរោគកូវីដ១៩ខ្លាំង នៅប្រទេសថៃធ្វើឱ្យគាត់លក់នំមិនដាច់។​

អ្នកស្រី ឆ ឡាយហឿង ឱ្យដឹងទៀតថា ចាប់តាំងពីដើមខែសីហាមក គាត់មិនមានលុយទិញអាហារបរិភោគទេគឺបានលុយពីកូនធ្វើការងាររោងចក្រផ្ញើពីស្រុកកំណើតនៅខេត្តព្រៃវែងបន្តិចបន្តួច ដើម្បីចាយសម្រាប់ទិញបាយមួយពេលក្នុង១ថ្ងៃ  ដោយចំណាយប្រមាណ២០បាតស្មើ៣០០០រៀល។​

អ្នកស្រី ឆ ឡាយហឿង ថ្លែងថា៖«ពេលនេះគ្មានលុយក្នុងខ្លួនទេ សូម្បីតែ៥០បាតក៏គ្មានដែរ។ ១ថ្ងៃខ្ញុំហូបបាយតែ១ពេលទេគឺពេលល្ងាច។ កម្លាំងមិនមានទេ តែមិនដឹងធ្វើម៉េច ញ័រខ្លួនទទ្រើកហ្នឹង​ ពេលខ្លះអង្គុយហើយងើបឡើងងងឹតមុខតឺងចឹងទៅ»។​

អ្នកស្រី ឡាយហឿង ឱ្យដឹងទៀតថា ពេលណាដាច់លុយគឺពឹងអ្នកជិតខាងជាពលករខ្មែរដូចគ្នា ខណៈអ្នកស្រីរស់នៅក្នុងបន្ទប់ជួលជាមួយក្មួយស្រីម្នាក់ ដែលក្មួយស្រីនោះមានផ្ទុកមេរោគកូវីដ១៩ក៏ត្រូវបំបែកចេញពីគ្នាដែរ។​

ចំពោះលុយបន្ទប់ជួល អ្នកស្រីធ្លាប់ខ្ចីលុយពលករខ្មែរដូចគ្នានៅទីនោះបង់កាលពីខែមិថុនាក្នុង១ខែ២០០០បាត ស្មើជាង២០ម៉ឺនរៀល។ ប៉ុន្តែអ្នកស្រីថា នៅក្នុងខែកក្កដា និងខែសីហា មិនមានលុយបង់ថ្លៃបន្ទប់ទេ។​

អ្នកស្រី ឡាយហឿង ចាកចេញពីស្រុកកំណើត ទៅខេត្តរ៉ាក់យ៉ងប្រទេសថៃ កាលពីដើមឆ្នាំ២០២០ តាមរយៈអ្នកភូមិផ្សេងទៀតដែលធ្លាប់ទៅធ្វើការងារនៅប្រទេសថៃ។ អ្នកស្រីបញ្ជាក់ថា មូលហេតុដែលគាត់សម្រេចចិត្តទៅធ្វើការងារនៅប្រទេសថៃនេះ ព្រោះចង់រកលុយសងបំណុលធនាគារជាង២ម៉ឺនដុល្លារ ដែលខាតបង់ដោយសាររបរធ្វើស្រូវ និងដាំឈូក។

អ្នកស្រី ឡាយហឿង ថ្លែងថា៖«ខ្ញុំធ្វើស្រែ ខ្ញុំដាំឈូក។ ធ្វើស្រែដាំស្រូវ ដល់ពេលធ្វើស្រូវគឺស្រូវចេញហើយទឹកមកលិចអស់រលីងអត់បានច្រូតទេ។​ ដល់ពេលខ្ញុំដាំឈូកទៀតគឺពេលដាំ១គីឡូ៨០០០រៀល ដល់ដាំបានផល១គីឡូលក់បាន៣០០០រៀល។ ជួលតែគេបេះ និងថ្នាំទូទាត់ទៅខាត វាចេះតែលង់ៗទៅ»។​

អ្នកស្រី ឡាយហឿង ទៅដល់ប្រទេសថៃ បានទិញត្រីល្អិតៗធ្វើជាប្រហុកបានប្រមាណ៥គីឡូក្រាម ទុកត្រៀមបរិភោគខ្លួនឯង ប៉ុន្តែនៅពេលនេះក៏សម្រេចចិត្តលក់ឱ្យពលករផ្សេងទៀត ដើម្បីបានលុយទិញអាហារខ្លះ។

អ្នកស្រី ឡាយហឿង ថ្លែងថា៖«ចេះតែធ្វើទុកហូបទៅ តែដល់ពេលអត់លុយលក់ខ្លះទៅ ប្រហុកតែបន្តិចដែរហ្នឹង»។​

ពេលនិយាយបញ្ហាចំពោះមុខពេលនេះគឺអ្នកស្រី ឆ ឡាយហឿង ខ្វះអាហារ និងសុខភាពទ្រុឌទ្រោម។ ក្រៅពីបញ្ហាចំពោះមុខ អ្នកស្រីក៏បារម្ភពីបញ្ហាម្ចាស់ផ្ទះដេញចេញពីបន្ទប់ព្រោះខានបង់លុយទៅម្ចាស់បន្ទប់២ខែ ចំណែកក្តីបារម្ភធំមួយទៀតគឺអ្នកស្រីខានបង់លុយសងធនាគារ៤ខែហើយ អ្នកស្រីបារម្ភខ្លាចធនាគាររឹបអូសដីនិងផ្ទះនៅឯស្រុកកំណើតក្នុងខេត្តព្រៃវែង។​

លោក ប៊ុនរ៉េន ជាពលករខ្មែរធ្វើការងារនៅថៃ ហើយស្គាល់អ្នកស្រី ឆ ឡាយហឿង ឱ្យដឹងថា អ្នកស្រីតែងតែជជែកពីបញ្ហាបាត់បង់ចំណូលនិងខ្វះខាតស្បៀងអាហារជាមួយលោក។ ពួកគាត់បានរកមធ្យោបាយទាក់ទងទៅស្ថានទូត និងអង្គការសប្បុរសធម៌ផ្សេងទៀតឱ្យជួយ ប៉ុន្តែរហូតដល់ចុងខែសីហានេះមិនទាន់ទទួលបានជំនួយនៅឡើយ។

អ្នកស្រី សុខនី ជាក្មួយដែលធ្លាប់រស់នៅបន្ទប់រួមគ្នាជាមួយអ្នកស្រី ឆ ឡាហឿង ថ្លែងថា រូបគាត់ធ្លាប់សម្រាកពីការងារដោយសារមានជំងឺកូវីដ ប៉ុន្តែរោងចក្រកន្លែងគាត់ធ្វើការងារជួយឧត្ថម្ភខ្លះ។ ចំណែកមីងរបស់គាត់គឺអ្នកស្រី ឆ ឡាយហឿង លំបាកខ្លាំងដោយសារបាត់បង់ការងារ និងលក់នំមិនដាច់។​

អ្នកស្រី សុខនី និយាយថា៖«ខ្ញុំមិនសូវអីទេ ប៉ុន្តែមីងគាត់លំបាកខ្លាំងព្រោះគាត់អត់បានរកអី។ មីងខ្ញុំគាត់នៅផ្ទះធ្វើអីលក់តិចតួច»។​

ក្នុងស្ថានភាពកូវីដនេះ ពលករខ្មែរដែលកំពុងធ្វើការងារនៅក្នុងប្រទេសថៃ ហើយប្រឈមការលំបាកមិនមែនមានតែអ្នកស្រី ឆ ឡាយហឿងទេ គឺពលករផ្សេងៗទៀត ក៏លើកឡើងពីការលំបាកវេទនារបស់ខ្លួនតាមរយៈបណ្តាញសង្គមហ្វេសប៊ុក និងតាមសារព័ត៌មាននានា។​

លោក ប៊ុនរ៉េត  អាយុ៤៩ ថ្លែងថា លោកក្រោយពេលលោកមានកូវីដគឺត្រូវចំណាយរាល់ថ្ងៃ តែមិនមានចំណូល សម្រាប់ទិញម្ហូបអាហារ ថ្លៃបន្ទប់នៅខែបន្ទាប់ និងលុយសម្រាប់ចិញ្ចឹមកូនៗដែលំពុងស្នាក់នៅជាមួយសាច់ញាតិ និងរៀនសូត្រនៅស្រុកកំណើតក្នុងខេត្តបន្ទាយមានជ័យ។​

លោក ប៊ុនរ៉េត និយាយថា៖«ទ្រទ្រង់លែងរួចហើយ។ ព្រោះបញ្ហាទី១មានអីផ្ញើឱ្យកូនចាយ កូននៅផ្ទះមានអី?គឺអត់! ទី២ទិញថ្នាំលេបខ្លួនឯង ទី៣បង់ថ្លៃបន្ទប់ហ្នឹងឯង»។​

លោក ប៊ុនរ៉េត បញ្ជាក់ថា លោកអស់អង្ករដើម្បីបរិភោគហើយ ខណៈខ្លួនកើតកូវីដមិនអាចចេញទៅទាក់ទងអ្នកខាងក្រៅបានងាយដូចមុនទេ។​

មន្ត្រី​ផ្នែក​អន្តោប្រវេសន៍​ប្រចាំ​ប្រទេស​ថៃ នៃ​អង្គការ​សង់ត្រាល់ (CENTRAL) លោក ឡឹង សុផុន ថ្លែងថា នៅពេលនេះពលករខ្មែរនៅក្នុងប្រទេសថៃជួបការលំបាកគ្រប់កន្លែង ដែលរដ្ឋាភិបាលកម្ពុជាត្រូវរកវិធីជួយអន្តរាគមន៍ឱ្យបានទាន់ពេល ពិសេសជួយផ្គត់ផ្គង់ស្បៀងអាហារ។​ លោកបន្តថា ពលករពិបាកក្នុងការទំនាក់ទំនងទៅស្ថានទូតដោយសារមិនសូវចេះប្រើបច្ចេកវិទ្យា ដូចជា តេឡេក្រាម និងហ្វេសប៊ុក។

លោក ឡឹង សុផុន និយាយថា៖«បងប្អូនពលករមួយចំនួន ពួកគាត់អត់មានមេការ ហើយក៏មិនដឹងបង្កើតតេឡេក្រាមដោយវិធីណាចឹងទៅ! ច្រើនបង! ចំពោះបងប្អូនដែលអត់មានមេការ និងអ្នកបកប្រែជួយហ្នឹង»។​

បើតាមពលករដែលជួបការលំបាកអះអាងថា ពេលដែលពួកគាត់ទាក់ទងតាមលេខទូរសព្ទស្ថានទូតកម្ពុជានៅក្នុងប្រទេសថៃដែលបានប្រកាសមិនមានអ្នកទទួលទេនោះទេ។​

ខេមបូចាទាក់ទងទៅស្ថានទូតកម្ពុជាប្រចាំប្រទេសថៃតាមរយៈហ្វេសប៊ុកផេកផ្លូវការ និងលេខទូរសព្ទ ប៉ុន្តែមិនមានការឆ្លើយតបទេ។​

អ្នកនាំពាក្យក្រសួងការបរទេសកម្ពុជាលោក កុយ គួង ថ្លែងថា ខាងអាជ្ញាធរកម្ពុជាបានដឹងពីទុក្ខលំបាករបស់ពលរដ្ឋខ្មែរនៅក្នុងប្រទេសថៃ ប៉ុន្តែលោកសូមឱ្យពលរដ្ឋទាំងនោះព្យាយាមអត់ធ្មត់ ព្រោះដំណោះស្រាយដែលមន្ត្រីស្ថានទូតកម្ពុជានៅក្នុងប្រទេសថៃកំពុងធ្វើ ប៉ុន្តែមានការយឺតយ៉ាវខ្លះព្រោះមន្ត្រីមានចំនួនតិចហើយពលករមានចំនួនច្រើន។

លោក កុយ គួង មានប្រសាសន៍ថា៖«ពលករយើងគឺយើងចឹងស្រាប់ពេលខ្លះគាត់ខលចូលទៅស្ថានទូតបុកគ្នាក្នុងពេលតែមួយចឹងឱ្យគាត់ព្យាយាមទៅព្យាយាមទាក់ទងទៅនឹងបានហើយ ព្រោះមន្ត្រីស្ថានទូតយើងត្រៀមខ្លួនជានិច្ច»។​

លោក កុយ គួង បញ្ជាក់ថា ស្ថានទូតនៅក្នុងប្រទេសថៃបានប្រឹងប្រែងក្នុងការជួយពលករដែលជួបការលំបាក ហើយមួយរយៈចុងក្រោយនេះបានជួយដល់ពលករក្នុងខេត្តបធុមថានីដែលជួបការលំបាកខ្លះ។​

នៅក្នុងហ្វេសប៊ុកផេករបស់ស្ថានទូតកម្ពុជាប្រចាំប្រទេសថៃបានផ្សព្វផ្សាយលេខទូរសព្ទច្រើនខ្សែ និងលេខប្រើជាមួយតេឡេក្រាម សម្រាប់ទំនាក់ទំនងពេលពលករជួបការលំបាក។​ លើហ្វេសប៊ុកផេករបស់ស្ថានទូតក៏បានបង្ហាញរូបភាពផ្តល់ស្បៀងអាហារដល់ពលករខ្មែរនៅទីតាំងផ្សេងៗគ្នានៅក្នុងប្រទេសថៃជាបន្តបន្ទាប់ដែរ។​

របាយការណ៍របស់មន្ត្រីអង្គការសង់ត្រាល់បង្ហាញថា ពលករខ្មែរកំពុងបំពេញការងារនៅក្នុងប្រទេសថៃទាំងខុសច្បាប់ និងស្របច្បាប់មានជាង២លាននាក់។ ប៉ុន្តែរបាយការណ៍របស់រដ្ឋាភិបាលកម្ពុជាបញ្ជាក់ថា ពលរដ្ឋខ្មែរធ្វើការងារនៅក្នុងប្រទេសថៃមានតែជាង១លាន២សែននាក់ប៉ុណ្ណោះ។​

នៅក្នុងពេលផ្ទុះកូវីដ ប៉ុន្មានខែចុងក្រោយនេះ ពលករខ្មែរដែលកំពុងធ្វើការងារនៅក្នុងប្រទេសថៃសម្រុកមកកម្ពុជាវិញរាប់រយនាក់ក្នុង១ថ្ងៃៗ ដោយសារតែពួកគេនៅក្នុងប្រទេសថៃមិនមានការងារធ្វើ និងមិនមានលុយសម្រាប់ការចំណាយផ្សេងៗ ព្រមទាំងភ័យខ្លាចពីការឆ្លងជំងឺកូវីដ-១៩ ហើយគ្មានការព្យាបាល។

ក្នុងចំណោមខេត្តជាប់ព្រំដែនថៃគឺ ខេត្តបន្ទាយមានជ័យមានពលករខ្មែរច្រើនជាងគេដែលត្រឡប់ពីប្រទេសថៃចូលកម្ពុជាវិញតាមខេត្តនេះ។ បើតាមរបាយការណ៍ដែលបង្ហាញដោយលោក ណែត សុខុម មន្ត្រីនៅនាយកដ្ឋានរដ្ឋបាលនៃខេត្តបន្ទាយមានជ័យបានឱ្យដឹងថា នៅក្នុងអំឡុងខែមិថុនា និងខែកក្កដា ចំនួនពលករត្រឡប់ពីថៃចូលកម្ពុជាតាមខេត្តនេះមានចំនួនចន្លោះពី២០០ទៅ៣០០នាក់ក្នុង១ថ្ងៃ ប៉ុន្តែចំនួននេះបានថយចុះជាបន្តបន្ទាប់គឺនៅ២ថ្ងៃចុងក្រោយនេះ ចំនួនពលករមកពីថៃមានតែប្រមាណ២០នាក់តែប៉ុណ្ណោះ៕

709 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម