សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

នគរបាលកម្ពុជារំពឹងថានឹងមានកិច្ចសហការល្អជាមួយអ្នកកាសែត​ស្រ្តី ក្រោយទទួលបានការបណ្ដុះបណ្ដាល

មន្រ្តីសមត្ថកិច្ចមួយរូបនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងថ្លែងទៅកាន់វាគ្មិនជា អ្នកសារព័ត៌មានស្រ្តី អំឡុងពេលកិច្ចពិភាក្សាពីវិស័យសារព័ត៌មាន និងបញ្ហាប្រឈមរបស់អ្នកសារព័ត៌មានស្ត្រីនៅកម្ពុជា ក្នុងសិក្ខាសាលា។ រូបថតនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ វ៉ា សុភានុត)
មន្រ្តីសមត្ថកិច្ចមួយរូបនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ កំពុងថ្លែងទៅកាន់វាគ្មិនជា អ្នកសារព័ត៌មានស្រ្តី អំឡុងពេលកិច្ចពិភាក្សាពីវិស័យសារព័ត៌មាន និងបញ្ហាប្រឈមរបស់អ្នកសារព័ត៌មានស្ត្រីនៅកម្ពុជា ក្នុងសិក្ខាសាលា។ រូបថតនៅថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ វ៉ា សុភានុត)

នគរបាលជាតិកម្ពុជារំពឹងទុកថា សមត្ថកិច្ចនឹងមានកិច្ចសហប្រតិបត្តិការល្អជាមួយ​អ្នក​សារព័ត៌មាន​ស្ត្រី​កំឡុងពេលមានការចុះយកព័ត៌មាននៅតាមទីកន្លែងដែលមានការធ្វើកូដកម្ម និងបាតុកម្ម ក្រោយសមត្ថកិច្ចនិងអ្នកសារព័ត៌មានស្រ្តី បានរៀនស្វែងយល់ពីតួនាទី និង​កាតព្វកិច្ច​របស់គ្នាតាមរយៈសិក្ខាសាលាមួយនៅរាជធានីភ្នំពេញ។

កាលពីថ្ងៃទី១៥ ខែធ្នូ ឆ្នាំ២០២៣ អង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) និង​ស្នងការដ្ឋាន​នគរបាលរាជធានីភ្នំពេញបានរៀបចំសិក្ខាសាលាស្ដីពី៖ «កិច្ចសហប្រតិបត្តិការ​រវាង​នគរបាល​ជាតិ និងអ្នកសារព័ត៌មានស្ត្រី»។ គោលបំណងសំខាន់នៃសិក្ខាសាលានេះដើម្បី​លើក​កម្ពស់​សុវត្ថិភាព​អ្នកសារព័ត៌មានជាស្ត្រី ដោយការបង្កើនកិច្ចសហប្រតិបត្តិការ និងការយោគយល់គ្នា​រវាងមន្ត្រីអនុវត្តច្បាប់ និងអ្នកសារព័ត៌មានស្ត្រីនៅក្នុងប្រទេសកម្ពុជា។

លើស​ពី​នេះ សិក្ខាសាលានឹងបញ្ជ្រាប​ឱ្យមន្រ្តីនគរបាលយល់​​អំពី​តួនាទី​របស់​អ្នក​សារព័ត៌មាន​ស្រ្តី​​នៅក្នុង​សង្គម​ប្រជាធិបតេយ្យដែលកំពុងតែជួបប្រទះក្នុងអំឡុងពេលមាន​ព្រឹត្តិការណ៍នានា​ដូចជា ការចុះរាយការណ៍ព័ត៌មាននៅតាម​ទីសាធារណៈ ការបៀតបៀន និងការគំរាមកំហែង​ជាដើម។

ស្នងការនគរបាលរាជធានីភ្នំពេញ លោកឧត្តមសេនីយ៍ទោ ជួន ណារិន្ទ មានប្រសាសន៍ថា មន្រ្តីនគរបាលកម្ពុជានឹងទទួលបានការយល់ដឹងកាន់តែច្រើនអំពីសារៈសំខាន់នៃវិជ្ជាជីវៈ​សារព័ត៌មាន បន្ទាប់ពីបានចូលរួមសិក្ខាសាលាមួយនេះ។

លោក សង្ឃឹមថា សិក្ខាសិលានេះនឹងលុបបំបាត់ភាពតានតឹងនិងបញ្ហាផ្សេងៗ​ដែលកើតមាន​រវាងអ្នកសារព័ត៌មានស្រ្តីនិងមន្រ្តីអនុវត្តច្បាប់ តាមរយៈកិច្ចសន្ទនា ការបណ្ដុះបណ្ដាល និង​ការ​ស្ដាប់​គ្នាទៅវិញទៅមក ដើម្បីរកមធ្យោបាយក្នុងការបង្កើនទំនាក់ទំនងរវាងភាគីទាំងពីរឱ្យកាន់​តែ​ល្អប្រសើរជាងមុន។

លោក បន្តទៀតថា ការអប់រំអ្នកសារព័ត៌មានស្រ្តីអំពីបទបញ្ជា និងការអនុវត្តច្បាប់របស់មន្រ្តី​ក្នុង​ការ​រក្សាសណ្ដាប់ធ្នាប់សាធារណៈ ស្របពេលដែលមន្រ្តីនគរបាលក៏អាចស្វែង​យល់​ពី​វិជ្ជាជីវៈសារព័ត៌មាន លោក រំពឹងថា បញ្ហាប្រឈមជាច្រើនដែលកើតមានរវាងភាគីទាំងពីរ នឹងអាចរកដំណោះស្រាយបាន។

លោក ណារិន្ទ ថ្លែងថា៖ «ខ្ញុំសង្ឃឹមថាវគ្គបណ្ដុះបណ្ដាលនេះ នឹងជួយកសាងទំនុកចិត្ត​និង​ការគោរព​រវាងភាគីទាំងពីរ ជាពិសេសកំណត់ឱ្យបាននូវមធ្យោបាយរួមមួយក្នុងការបង្កើន​កិច្ចសហប្រតិបត្តិការដើម្បីផលប្រយោជន៍សាធារណៈ និងសង្គមប្រជាធិបតេយ្យ»

លោក ទទួលស្គាល់ថា អ្នកសារព័ត៌មាន​ ជាពិសេសអ្នកសារព័ត៌មានស្រ្តី បានដើរតួនាទី​យ៉ាង​សំខាន់ក្នុងការកសាងសង្គមមួយបែបប្រជាធិបតេយ្យ ដោយមិនអាចមើលរំលងបាន។ លោក បានគូសបញ្ជាក់ថា វត្តមានរបស់អ្នកសារព័ត៌មានបានឈរនៅជួរមុខក្នុងការ​អនុវត្ត​ការងារ​របស់​ខ្លួនប្រកបដោយវិជ្ជាជីវៈនិងទំនួលខុសត្រូវ ស្របពេលដែលមានការគំរាមកំហែងជុំវិញ​សុវត្ថិភាពនិងវិជ្ជាជីវៈរបស់របស់ពួកគេ ដែលទាមទារឱ្យភាគីពាក់ព័ន្ធយកចិត្តទុកដាក់ជុំវិញ​ករណី​នេះ។

អគ្គស្នងការរងនគរបាលជាតិរូបនេះ ក៏បានសម្ដែងការសោកស្ដាយចំពោះការបាត់បង់អាយុ ជីវិត​របស់អ្នកសារព័ត៌មាននៅលើពិភពលោក ដែលលោកបានអះអាងថា មានជាង១០០នាក់​បានស្លាប់ក្នុងនោះស្រ្តីប្រមាណ១០នាក់ ពាក់ព័ន្ធនឹងការអនុវត្តការងាររបស់ខ្លួន​នៅឆ្នាំ២០២៣​នេះ។

លោកបន្ថែមថា៖ «វាជាការងារដែលគួរឱ្យសោកស្ដាយ ពាក់ព័ន្ធនឹងសារព័ត៌មាន ជាអ្នក​សារព័ត៌មានពិភពលោកផង ដែលរងគ្រោះកើតឡើងទៅលើពួកគាត់ សូមធ្វើការ​ចូលរួម​សោកស្ដាយ»

តាមរបាយការណ៍ការសិក្សាថ្មីពីអង្គការយូណេស្កូនៅទូទាំងពិភពលោកបានសន្និដ្ឋានថា ៧៣%​នៃអ្នកសារព័ត៌មានជាស្ត្រី និងបុគ្គលិកធ្វើការលើប្រព័ន្ធផ្សព្វផ្សាយ បានប្រឈមនឹង​ការ​វាយ​ប្រហារ ការគំរាមកំហែងដោយផ្ទាល់ និងតាមប្រព័ន្ធអ៊ីនធឺណិត។ ម្យ៉ាងវិញទៀត​ក្រុម​ងាយ​​រងគ្រោះមួយនេះកំពុងតែទទួលរងនូវអំពើហិង្សាផ្អែកលើយេនឌ័រ ការមាក់ងាយ ការ​បៀត​​​បៀន​ផ្លូវភេទ ការបោកប្រាស់ អំពើហិង្សាលើរាងកាយ ការរំលោភបំពាន និងឃាតកម្ម​ជា​ដើម ដែលតម្រូវឱ្យមានយន្តការក្នុងការដោះស្រាយបញ្ហានេះជាបន្ទាន់។

តំណាងអង្គការយូណេស្កូប្រចាំកម្ពុជា លោក Sardar Umar Alam បានកោតសរសើរចំពោះ​ជំហានដ៏សំខាន់ឆ្ពោះទៅមុខដោយនគរបាលរាជធានីភ្នំពេញក្នុងការចូលរួមនិងសហការ​ជាមួយអង្គការយូណេស្កូនិងអង្គការមណ្ឌលព័ត៌មានស្ត្រីដើម្បីរួមគ្នាពង្រឹងសេរីភាពនៃការ​បញ្ចេញមតិ និងសុវត្ថិភាពរបស់អ្នកសារព័ត៌មានស្ត្រី។

លោកបានសង្កត់ធ្ងន់ថា កិច្ចសហការរវាងអ្នកអនុវត្តច្បាប់ និងអ្នកជំនាញសារព័ត៌មាន មាន​សារៈសំខាន់ណាស់ក្នុងការបន្តជំរុញការទទួលបានព័ត៌មាននិងសេរីភាពនៃការបញ្ចេញ​មតិ​នៅកម្ពុជានិងធ្វើការរួមគ្នាលើការលើកកម្ពស់សុវត្ថិភាពអ្នកសារព័ត៌មានជាពិសេសអ្នកសារព័ត៌មានស្ត្រីស្របតាមផែនការសកម្មភាពរបស់អង្គការសហប្រជាជាតិស្តីពីសុវត្ថិភាពអ្នកសារព័ត៌មាន និងបញ្ហានិទណ្ឌភាព។

នាយកគម្រោងនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) លោក ផាន ភ័ព្វបារមី សង្ឃឹមថា អាជ្ញាធរនឹងផ្ដល់ភាពងាយស្រួលដល់អ្នកសារព័ត៌មានស្រ្តីក្នុងការទទួលបានព័ត៌មានរួមទាំង​ការពារសុវត្ថិភាពឱ្យអ្នកសារព័ត៌មានអំឡុងពេលរាយការណ៍នៅកន្លែងកើតហេតុ ក្រោយ​បាន​សិក្សាក្នុងវគ្គសិក្ខាសិលានេះ។

លោក ភ័ព្វបារមី និយាយថា៖ «យើងសង្ឃឹមថាសមត្ថកិច្ចដែលទទួលបានព័ត៌មានពី​សិក្ខា​សាលា​របស់យើងនឹងចូលរួមចំណែកនៅក្នុងការចូលរួមលើកកម្ពស់​សុវត្ថិភាព ឬក៏ការ​ជួយ​សម្រួល​អ្នកសារព័ត៌មានស្រ្តីហ្នឹងឱ្យទទួលបានព័ត៌មាន និងជួយសម្រួល​ធ្វើយ៉ាងណា​ឱ្យ​ពួក​គាត់មានសុវត្ថិភាពក្នុងការទៅយកព័ត៌មានដើម្បីផ្ដល់ព័ត៌មានពិតជូនដល់ប្រជាពលរដ្ឋ»

ក្នុងសិក្ខាសាលា វាគ្មិនបានចែករំលែកអំពីប្រភេទប្រព័ន្ធផ្សព្វផ្សាយ តួនាទីប្រព័ន្ធផ្សព្វផ្សាយ​ក្នុងសង្គមប្រជាធិបតេយ្យ ទម្រង់នៃព័ត៌មានព្រឹត្តិការណ៍ពិតនិងការបញ្ចេញទស្សនៈ ការផ្ទៀង​ផ្ទាត់​ព័ត៌មាន ព័ត៌មានមិនពិតនិងផលប៉ះពាល់ ជាពិសេសគឺសារៈសំខាន់​នៃសារព័ត៌មាន។ ក្រៅពីនេះ មានការរួមបញ្ចូលទាំងក្របខណ្ឌច្បាប់កម្ពុជាទាក់ទងនឹង​សេរីភាពនៃការ​បញ្ចេញ​មតិ សិទ្ធិអ្នកសារព័ត៌មាន និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ។

ក្នុងសិក្ខាសិលានេះ ក៏មានការរៀបចំកិច្ចពិភាក្សាមួយដោយផ្ដល់ឱកាសឱ្យ​វាគ្មិន​ជា​អ្នក​សារព័ត៌មាន​ស្ត្រី លើកយកបញ្ហាប្រឈមរបស់ខ្លួនអំឡុងពេល​ចុះរាយការណ៍​ព័ត៌មាននៅ​តាមទីតាំងគោលដៅ។

អ្នកសារព័ត៌មានឯករាជ្យម្នាក់ កញ្ញា ទុយ អេងលី ថ្លែងថា នាងមានអារម្មអត់សុវត្ថិភាព​បន្ទាប់​ពីអាជ្ញាធរសាកសួររកបណ្ណសម្គាល់ខ្លួនរបស់នាង នៅពេលដែលដឹងថា នាងមកពី​ស្ថាប័ន​សារព័ត៌មានរាជ្យ វីអូឌី។

កញ្ញា និយាយថា៖ «ពាក់ព័ន្ធផ្លូវអារម្មរបស់ខ្ញុំនៅពេលណុងខ្ញុំមានអារម្មថា កាតរបស់ខ្ញុំ​ឯកសារ​បស់ខ្ញុំ លេខទូរសព្ទរបស់ខ្ញុំត្រូវបានប្រគល់ឱ្យគាត់ [សមត្ថកិច្ច] អស់ហើយ។ រឿងដែល​ខ្ញុំ​សរសេរ​​គ្រាន់តែជារឿងមួយធម្មតា អត់មានsensitive​ [រស៊ើប] អីទេ បើសិនជារឿង sensitive [រស៊ើប] ខ្ញុំគិតថាសុវត្ថិភាពខ្ញុំនៅពេលណុងប្រហែលជាពិបាកក្នុងការត្រលប់មកទីក្រុងវិញ»។

លោកស្រី អេង គីមហុង អ្នកសារព័ត៌មានវិទ្យុបារាំង (FRI) និយាយថា៖ «ខ្ញុំបានចុះយក​ព័ត៌មាន​​ពាក់ព័ន្ធនឹងជួបជុំសមាគមគ្រូបង្រៀន ខ្ញុំមានអារម្មថាអត់ស្រណុកចិត្ត [មានការ​ឃ្លាំមើលពីអាជ្ញាធរ]»

អ្នកសារព័ត៌មានរូបនេះ បន្ថែមថា អាជ្ញាធរបានមកសួរនាំនាង ហើយណែនាំឱ្យជូនដំណឹង​ជាមុន​​ទៅកាន់អាជ្ញាធរ នៅពេលមួយដែលនាងចុះយកព័ត៌មាននៅផ្សារដើមគរ។

ឆ្លើយតបចំពោះការលើកឡើងបែបនេះ វរៈសេនីយ៍ទោមួយរូប លោកស្រី ឡេង មិនា បាន​អះអាង​ថា កាលពីពេលកន្លងទៅ ដោយសារមានអ្នកសារព័ត៌មានគ្មានវិជ្ជាជីវៈ​មួយចំនួនបាន​ជំរិតទារប្រាក់ពីប្រជាពលរដ្ឋតាមមូលដ្ឋាន ទើបអាជ្ញាធរត្រូវមានការត្រួតពិនិត្យបណ្ណសម្គាល់​ខ្លួនរបស់អ្នកសារព័ត៌មានឱ្យបានច្បាស់លាស់។

លោកស្រីបន្ថែមថា៖ «ចំណុចកន្លែងនេះ [ការពិនិត្យបណ្ណសម្គាល់ខ្លួន] ជាបញ្ហាប្រឈមរវាង​អ្នកសារព័ត៌មាននិងសមត្ថកិច្ច»

ក្នុងសិក្ខាសិលានេះផងដែរក៏មានការរួមបញ្ចូលកិច្ចពិភាក្សាជាក្រុម។ ការពិភាក្សានោះ អ្នក​សម្រប​សម្រួលកម្មវិធីបានតម្រូវឱ្យមន្រ្តីសមត្ថកិច្ច ឆ្លើយតបទៅនឹងវិធីសាស្រ្ត​នៃការផ្ដល់​ភាព​ងាយស្រួលដល់អ្នកយកព័ត៌មានអំឡុងពេលចុះរាយការណ៍ពីការធ្វើកូដកម្មឬបាតុកម្ម និង​ការ​ការពារសុវត្ថិភាពរបស់អ្នកសារព័ត៌មានជាពិសេសអ្នកសារព័ត៌មានស្រ្តី រួមទាំងការជួយ​ដល់​អ្នក​សារព័ត៌មានឱ្យទទួលបានព័ត៌មានទៀតផង។

ក្នុងកិច្ចពិភាក្សា មន្រ្តីសមត្ថកិច្ចមកពីក្រុមទី២មួយរូប បាននិយាយថា សមត្ថកិច្ច​នឹង​ផ្ដល់​ព័ត៌មាន​​​​ដល់អ្នកសារព័ត៌មានបន្ទាប់ពីឃើញកាតសម្គាល់ខ្លួន ថែមទាំងការពារសុវត្ថិភាព​របស់​ពួកគេដែលជាអ្នកសារព័ត៌មានស្រ្តីប្រកបដោយក្រមសីលធម៌ទៀតផងនៅពេលចុះ​រាយការណ៍​ព័ត៌មាននៅកន្លែងតវ៉ាផ្សេងៗ។

យោងតាមរបាយការណ៍របស់ក្រសួងព័ត៌មានឆ្នាំ២០២១ ឲ្យដឹងថា ក្នុងចំណោមអ្នក​សារព័ត៌មាន​​កម្ពុជា​សរុបប្រមាណជាង៥ពាន់នាក់ មានស្ត្រីអ្នកសារព័ត៌មានចំនួនជាង ៤៧០ នាក់ ស្មើនឹង ៩,៤% ប៉ុណ្ណោះ។

ការសិក្សាថ្មីមួយរបស់អង្គការយូណេស្កូដែលចេញផ្សាយកាលពីដើមខែនេះ បានបង្ហាញថាស្ត្រីត្រូវបានតំណាងតិចតួចនៅក្នុងរឿងព័ត៌មានដែលផលិតដោយប្រព័ន្ធផ្សព្វផ្សាយនៅកម្ពុជា ដោយមានវត្តមានស្ត្រីត្រូវបានរកឃើញតែ៥%នៃរឿងទាំងអស់។

នាយកប្រតិបត្តិសមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា លោក ណុប វី ថ្លែងថា អ្នកសារព័ត៌​មាន​ស្រ្តីមានចំនួនតិចតួច ជាហេតុនាំឱ្យបញ្ហារបស់ស្រ្តីមិនត្រូវបានរំលេច​ឡើងក្នុងអត្ថបទ​សារព័ត៌មាន ស្របពេលដែលរឿងរ៉ាវដែលចុះផ្សាយក្នុងព័ត៌មានភាគច្រើន​ទទួលបានដំណោះ​ស្រាយនិងការឆ្លើយបត។

លោកបញ្ជាក់ថា៖ «ចឹងនេះជាចំណុចមួយដែលសំខាន់ដែលពាក់ព័ន្ធជាមួយនឹង​រឿងរ៉ាវ​ប្រឈម​របស់ស្រ្តីរួមទាំងស្រ្តីអ្នកសារព័ត៌មាន បើសិនជាស្រ្តីអ្នកសារព័ត៌មាន​គាត់មាន​បញ្ហា​ប្រឈម ដោយស្វ័យប្រវត្តិស្រ្តីដែលមិនមែនអ្នកសារព័ត៌មានហ្នឹង គាត់ក៏ទទួល​រងនូវ​បញ្ហា​ប្រឈម»

លោកវរៈសេនីយ៍ឯក សំ វ៉ាន់ឌី នាយការិយាល័យប្រឆាំងភេរវកម្ម​និងឧក្រិដ្ឋឆ្លងដែន​នៅ​ស្នង​ការដ្ឋាននគរបាលរាជធានីភ្នំពេញ ថ្លែងអរគុណ តាំងនាមឱ្យតំណាងសិក្ខាកាមទាំងអស់ ចំពោះ​ការ WMC ដែលបានរៀបចំសិក្ខាសិលានេះ។ លោកបន្តថា ក្រោយបញ្ចប់វគ្គ លោក​មាន​​ការ​យល់ដឹងបន្ថែមមួយកម្រិតទៀតពាក់ព័ន្ធនឹងសិទ្ធិ សេរីភាព ការបញ្ចេញមតិ ជា​ពិសេសការសហការគ្នារវាងមន្រ្តីអនុវត្តច្បាប់ និងអ្នកសារព័ត៌មានដើម្បីអាច​នាំយកព័ត៌មាន​ផ្សព្វផ្សាយទៅកាន់មហាជនបាន។

ទីប្រឹក្សាប្រព័ន្ធផ្សព្វផ្សាយនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) លោក Robin Eberhardt ថ្លែងថា សមត្ថកិច្ចនិងអ្នកសារព័ត៌មានគួរពិភាក្សាគ្នាក្នុងការ​រៀបចំផែនការ​ទុកជា​មុន នៅពេលមានហេតុការណ៍តវ៉ាឬបាតុកម្មកើតមានឡើង។ លោកបន្តថា អាជ្ញាធរ​អាចរៀប​ចំ​ឱ្យអ្នកសារព័ត៌មានចុះរាយការណ៍បានទីតាំងណាខ្លះ និងតំបន់ណាខ្លះមានការហាមឃាត់ ហើយអាចការពារអ្នកសារព័ត៌មានបានកម្រិតណា និងអ្នកសារព័ត៌មានត្រូវនៅតំបន់ណា ប្រសិន​បើស្ថានការណ៍មិនអាចគ្រប់គ្រងបាន។

លោកអះអាងថា ប្រសិនបើមានការរៀបចំសេណារីយ៉ូទុកជាមុន សមត្ថកិច្ចនិងអ្នក​សារព័ត៌មាន​​នឹងអាចបំពេញភារកិច្ចរបស់ខ្លួនបានល្អប្រសើរ។

លោកថ្លែងថា៖ «បើសិនជាបាតុកម្មហ្នឹងវាទៅហួសដែនកំណត់វាធ្វើហួសហេតុ ឈានដល់​អំពើហិង្សាទៅលើប៉ូលិស ឬក៏ប៉ូលិសប្រើហិង្សា ចឹងយើងត្រូវនិយាយជាមួយ​អ្នកកាសែត​ឱ្យបានមុនថាតើត្រូវធ្វើយ៉ាងម៉េចឱ្យអ្នកកាសែតត្រូវគិតពីសុវត្ថិភាពខ្លួនឯង ថាអ្នកឯង​ឥលូវ​រឿងហ្នឹងវាបង្កឡើងហួសទៅជាបែបនេះ គួរតែលាក់ខ្លួននៅកន្លែងនេះ ពួននៅកន្លែងនេះ​ដើម្បីការពារខ្លួនឱ្យមានសុវត្ថិភាព ចៀសវាងកុំឱ្យអ្នកកាសែតរងផលប៉ះពាល់​ពីអំពើហិង្សា​ហ្នឹង។ យើងនិយាយគ្នាទុកមុនថាបើរឿងហ្នឹងទៅជាអាក្រក់យើងធ្វើយ៉ាងម៉េចៗ»។ 

បើតាម នាយកគម្រោងនៃអង្គការមណ្ឌលព័ត៌មានស្ត្រីកម្ពុជា (WMC) លោក ផាន ភ័ព្វបារមី បានឱ្យដឹងថា សិក្ខាសាលាស្ដីពីកិច្ចសហប្រតិបត្តិការរវាងនគរបាល​និងអ្នកសារព័ត៌មានស្ត្រី​នេះ នឹងធ្វើឡើងមានរយៈពេល៣លើក ហើយនេះជាសិក្ខាសាលាលើកទី២។ លោកបន្តថា កាលពីសិក្ខាសាលាលើកទី១ បានប្រព្រឹត្តទៅនៅក្រុងតាខ្មៅ ខេត្តកណ្ដាល​ដោយមាន​សមត្ថកិច្ច​នៃស្នងការដ្ឋាននគរបាលខេត្តកណ្ដាល បានចូលរួម៣០នាក់ ក្នុងនោះស្រ្តីមាន​៨នាក់ ខណៈសិក្ខាសាលាធ្វើនៅរាជធានីភ្នំពេញនេះ មានសមត្ថកិច្ចនៃស្នងការដ្ឋាន​នគរបាល​រាជធានីភ្នំពេញ បានចូលរួមចំនួន៣០នាក់ ក្នុងនោះសមត្ថកិច្ចជាស្រ្តីចំនួន២១នាក់។

លោកបានឱ្យដឹងទៀតថា នៅដើមខែមករា ឆ្នាំ២០២៤ ខាងមុខ WMC នឹងរៀបចំសិក្ខាសាលា​លើកចុងក្រោយនៃគម្រោងនេះ ហើយធ្វើឡើងជាទម្រង់ធំជាងមុន ដោយគ្រោងមាន​ការចូល​រួមពីសមត្ថកិច្ចនៃស្នងការនគរបាលខេត្តកណ្ដាលនិងរាជធានីដែលធ្លាប់បានចូលរួមសិក្ខាសាលាកន្លងមក និងអ្នកសារព័ត៌មានស្រ្តីមកពីស្ថាប័នចម្រុះ រួមទាំងឯកជន រដ្ឋ និងអង្គការ​សង្គម​ស៊ីវិល។

ក្នុងនាមជាទីភ្នាក់ងារឈានមុខគេក្នុងការអនុវត្តផែនការសកម្មភាពរបស់អង្គការសហ​ប្រជាជាតិ​ស្តីពីសុវត្ថិភាពអ្នកសារព័ត៌មាន និងបញ្ហានិទណ្ឌភាព អង្គការយូណេស្កូ និងដៃគូ​របស់ខ្លួនបានចូលរួមជាមួយកងកម្លាំងសន្តិសុខជាង ១ ១៥០០ នៅទូទាំងពិភពលោកដោយ​បំពាក់ឱ្យពួកគេនូវឧបករណ៍ជាក់ស្តែង និងទ្រឹស្តី ដើម្បីអនុវត្តបេសកកម្មរបស់ពួកគេ​ក្នុងការ​ថែរក្សា​សណ្តាប់ធ្នាប់សាធារណៈ ខណៈពេលដែលគោរពតាមស្តង់ដារ​សិទ្ធិមនុស្សអន្តរជាតិ​ស្តីពីសេរីភាពនៃការបញ្ចេញមតិ និងសុវត្ថិភាពរបស់អ្នកសារព័ត៌មាន។

នៅក្នុងប្រទេសកម្ពុជា អង្គការយូណេស្កូកំពុងធ្វើការដើម្បីលើកកម្ពស់សុវត្ថិភាព​អ្នក​សារព័ត៌មាន ដោយសហការជាមួយអង្គការជាតិ និងអាជ្ញាធរ ដោយមានការគាំទ្រ​ពី​ប្រទេស​ស៊ុយអែត អូស្ត្រាលី និងមូលនិធិការពារប្រព័ន្ធផ្សព្វផ្សាយសកល។

សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា ហៅកាត់ថា ខេមបូចា អះអាងថា ក្នុងឆ្នាំ២០២៣នេះ អ្នកសារព័ត៌មាន និងស្ថាប័នសារព័ត៌មានឯករាជ្យនៅតែប្រឈមមុខនឹងការយាយីគ្រប់ទម្រង់។ តាមរបាយការណ៍របស់ស្ថាប័ននេះ មានយ៉ាងហោចណាស់៣៣ករណី ដែលបានកើតឡើង​មក​លើ​អ្នកសារព័ត៌មានចំនួន៤៤នាក់ ជាពិសេសនៅអំឡុងពេលប៉ុន្មានខែមុនការ​បោះឆ្នោត​សកល ក្នុងខែកក្កដា ឆ្នាំ​២០២៣។ ខេមបូចា បានបញ្ជាក់ថា រាល់ករណីទាំងអស់នឹង​ត្រូវបាន​លម្អិត​ក្នុងរបាយការណ៍ប្រចាំឆ្នាំ២០២៣ របស់ខ្លួន ដែលនឹងចេញផ្សាយនៅដើមឆ្នាំក្រោយ៕

349 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម