សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

និស្សិតមួយចំនួនស្នើរដ្ឋាភិបាលកម្ពុជាបញ្ជូនពួកគេមកទឹកដីកំណើត បន្ទាប់ពីនិស្សិតម្នាក់ស្លាប់ក្នុងការប្រយុទ្ធនៅអ៊ីស្រាអែល

ក្រុមគ្រួសារនិស្សិតខ្មែរឈ្មោះ ចាន់ ឧត្តម រៀបចំបុណ្យសពនៅខេត្តកណ្តាល បន្ទាប់ពីទទួលដំណឹងថាលោកទទួលមរណៈក្នុងការវាយប្រហារដោយក្រុមហាម៉ាសមកលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ (ផ្តល់ឲ្យ)
ក្រុមគ្រួសារនិស្សិតខ្មែរឈ្មោះ ចាន់ ឧត្តម រៀបចំបុណ្យសពនៅខេត្តកណ្តាល បន្ទាប់ពីទទួលដំណឹងថាលោកទទួលមរណៈក្នុងការវាយប្រហារដោយក្រុមហាម៉ាសមកលើប្រទេសអ៊ីស្រាអែលកាលពីថ្ងៃទី៧ ខែតុលា ឆ្នាំ២០២៣។ (ផ្តល់ឲ្យ)

និស្សិតខ្មែររាប់រយនាក់ ដែលកំពុងបន្តការសិក្សានៅប្រទេសអ៊ីស្រាអែល ស្នើឲ្យរដ្ឋាភិបាលកម្ពុជាជួយអន្តរាគមន៍បញ្ជូនពួកគេត្រឡប់មកទឹកដីកំណើតវិញ ដោយសារបារម្ភពីសុវត្ថិភាព បន្ទាប់ពីមានការប្រយុទ្ធគ្នារវាងក្រុមហាម៉ាស និងកងទ័ពអ៊ីស្រាអែលដែលបណ្តាលឲ្យនិស្សិតខ្មែរម្នាក់បាត់បង់ជីវិត។

ការប្រយុទ្ធរវាងក្រុមហាម៉ាស និងកងទ័ពអ៊ីស្រាអែល ដែលបានចាប់ផ្តើមកាលពីថ្ងៃទី៧ ខែតុលា បានបណ្តាលឲ្យប្រជាពលរដ្ឋ និងកងកម្លាំងរាប់រយនាក់បាត់បង់ជីវិត នេះបើយោងតាមសារព័ត៌មាន CNBCការណ៍នេះបានធ្វើឲ្យនិស្សិតខ្មែរទាំងនោះកាន់តែបារម្ភចំពោះសុខសុវត្ថិភាព និងអាយុជីវិត ហើយពួកគេបានស្នើឲ្យរដ្ឋាភិបាលកម្ពុជា និងរដ្ឋាភិបាលអ៊ីស្រាអែល សហការគ្នាក្នុងការបញ្ជូនពួកគេត្រឡប់មកទឹកដីកំណើតវិញ។

បើយោងតាមសារព័ត៌មានអន្តរជាតិធំៗ ក្រុមប៉ាឡេស្ទីនបានយកថ្ងៃទី៧ តុលានោះជាការវាយប្រហារទៅលើជនជាតិអ៊ីស្រាអែលព្រោះវាជាថ្ងៃឈប់សម្រាកពិធីបុណ្យ Simchat Torah របស់ជនជាតិជ្វីហ្វ។ ការវាយប្រហារនេះបានចាប់ផ្ដើមមួយថ្ងៃបន្ទាប់ពីខួបលើកទី ៥០ នៃសង្គ្រាម Yom Kippur ដែលត្រូវបានគេស្គាល់ថាជាសង្គ្រាមអារ៉ាប់-អ៊ីស្រាអែលដែលចាប់ផ្តើមក្នុងថ្ងៃទី៦ ខែតុលា ១៩៧៣ ក្នុងគោលបំណងវាយយកទឹកដីដែលអ៊ីស្រាអែលបានវាយយកក្នុងឆ្នាំជម្លោះ១៩៦៧។  

បើយោងតាមសារព័ត៌មាន ​Reuter គិតត្រឹមថ្ងៃទី១១ តុលានេះ មនុស្សប្រមាណជាង ២២០០នាក់បានស្លាប់ក្នុងហេតុការណ៍ប្រយុទ្ធគ្នារវាងក្រុមហាម៉ាស់ និងអ៊ីស្រាអែល។

លោក ស៊ុ ភិរុណ ជានិស្សិតខ្មែរធ្លាប់រស់នៅតំបន់ Karmia ក្នុងប្រទេសអ៊ីស្រាអែលដែលជាប់នឹងព្រំតំបន់ហ្គាហ្សាបានឱ្យដឹងថារូបលោកបានជម្លៀសមកដល់ទីកន្លែងសុវត្ថិភាពដែលមានចម្ងាយប្រហែល​៩៧គីឡូម៉ែត្រពីតំបន់ហ្គាហ្សា។ ទោះជាយ៉ាងណា លោក និងនិស្សិតខ្មែរផ្សេងទៀតទទូចស្នើរដ្ឋាភិបាលកម្ពុជាជួយអន្តរាគមន៍ដើម្បីបញ្ជូនពួកគេត្រឡប់មកប្រទេសកម្ពុជាវិញ ព្រោះបារម្ភអំពីសុខសុវត្ថិភាព ខណៈការប្រយុទ្ធនៅតែបន្តកើតមាន។

លោក ភិរុណ បាននិយាយថា៖«ខ្ញុំនៅតែសង្ឃឹម និងទុកចិត្តរដ្ឋាភិបាល។ ដូច្នេះយើងមានតែរង់ចាំនាយករដ្ឋមន្រ្តីអ៊ីស្រាអែល បើគាត់អូខេ (យល់ព្រមឱ្យរដ្ឋាភិបាលខ្មែរបញ្ជូនពលរដ្ឋត្រឡប់ទៅវិញ) គឺយើងនឹងត្រឡប់ទៅវិញ តែបើឱ្យពួកយើងមានគ្រោងត្រឡប់ទៅវិញដោយខ្លួនឯងគឺមិនអាចទេ»

ចំណែកកញ្ញា ឌូ ស៊ូជិន អាយុ ២៣ឆ្នាំ ជានិស្សិតមកពីខេត្តបន្ទាយមានជ័យដែលទើបតែទៅដល់ប្រទេសអ៊ីស្រាអែលបានប្រមាណជាង១ខែ បានថ្លែងប្រាប់ខេមបូចាថា ស្ថានភាពនៅថ្ងៃទី១១ តុលានេះ នៅក្នុងតំបន់ដែលកញ្ញាស្នាក់នៅហាក់មានភាពប្រសើរឡើងបន្តិច ប៉ុន្តែនៅជុំវិញតំបន់នោះមានការផ្ទុះអាវុធ និងការបាញ់បោះយ៉ាងខ្លាំង។

រយៈពេល៥ថ្ងៃនៃការប្រយុទ្ធគ្នារវាងក្រុមហាម៉ាស់ និងទាហានអ៊ីស្រាអែល កញ្ញាស៊ូជិន មិនរំពឹងថារូបកញ្ញាក៏ដូចគ្នានិស្សិតផ្សេងទៀតនឹងត្រូវបានបញ្ជូនទៅកម្ពុជាវិញទេ ត្បិតកម្ពុជានឹងអ៊ីស្រាអែលឆ្ងាយពីគ្នាខ្លាំង។​ ដូច្នេះកញ្ញា និងនិស្សិតផ្សេងទៀតមានតែរំពឹងលើកិច្ចសហការគ្នារវាងរដ្ឋាភិបាលកម្ពុជា និងអ៊ីស្រាអែលក្នុងការធានាសុវត្ថិភាពស្នាក់នៅ និងស្បៀងអាហារដល់ពួកគេ។

កញ្ញាស៊ូជិន បាននិយាយថា៖«សំណូមពរឱ្យរដ្ឋាភិបាលកម្ពុជាយើងធ្វើការទាក់ទងជាមួយរដ្ឋាភិបាលអ៊ីស្រាអែលឱ្យស្អិតរមួត និងសកម្ម ដើម្បីឱ្យយើងទទួលបានសុវត្ថិភាព និងអាចឱ្យយើងទៅតំបន់ដែលរួចពីគ្រោះថ្នាក់។ ទាក់ទងជាមួយមកដឹកបញ្ជូនពួកយើង គឺយើងមិនការំពឹងទេ តែគ្រាន់តែធ្វើយ៉ាងម៉េចឱ្យពួកយើងនៅទីនេះមានសុវត្ថិភាពបំផុតសិនទៅ»

បច្ចុប្បន្ននេះកញ្ញា ស៊ូជិន កំពុងស្នាក់នៅទីកន្លែងសុវត្ថិភាពជាមួយនិស្សិតខ្មែរចំនួន៨នាក់ផ្សេងទៀតដោយមានការអន្តរគមន៍ពីទាហានអ៊ីស្រាអែល។ បើទោះបីជាទីតាំងដែលកញ្ញា ស៊ូជិន មានការការពារពីទាហានអ៊ីស្រាអែលនៅតាមដងផ្លូវជាច្រើនក៏ពិតមែន តែកញ្ញានិងនិស្សិតផ្សេងទៀតនៅតែបន្តប្រុងប្រយ័ត្នខ្ពស់ ខណៈទីតាំងដែលស្នាក់នៅនេះមានចម្ងាយតែ១៧គីឡូម៉ែត្រពីតំបន់ហ្គាហ្សាប៉ុណ្ណោះ។

កញ្ញាស៊ូជិននិយាយថា៖ «ចំពោះការអន្តរាគមន៍ភ្លាមៗ គឺគ្មានអ្នកណាមកអន្តរាគមន៍ទាន់ទេ គឺយើងត្រូវជួយខ្លួនឯងឱ្យបានសុវត្ថិភាពសិន។ ចឹងពេលដែលគេប្រកាសអាសន្នយើងត្រូវរត់ទៅកន្លែងមានសុវត្ថិភាព»។

កញ្ញាបានបន្ថែមថា៖«យើងបារម្ភខ្លាំងព្រោះហេតុការណ៍នេះវាដំបូងបំផុតសម្រាប់យើង ព្រោះយើងមិនដឹង។ អ្វីដែលបារម្ភបំផុតក៏ក្រុមភេរវកហាម៉ាសចូលមកបាញ់រះនៅតាមតំបន់ និងបន្ទប់»

ទាក់ទងនឹងបញ្ហានេះ លោក ហ៊ុន សែន អតីតនាយករដ្ឋមន្រ្តីកម្ពុជា បានថ្លែងកាលពីថ្ងៃទី៩ ខែតុលាថា កម្ពុជានឹងមិនមានការបញ្ជូនយន្តហោះទៅជម្លៀសពលរដ្ឋ និងនិស្សិតនៅអ៊ីស្រាអែលនោះទេ នៅពេលរដ្ឋាភិបាលអ៊ីស្រាអែលមិនតម្រូវឱ្យពលរដ្ឋកម្ពុជាចាកចេញ។

លោកហ៊ុន សែន ថ្លែងយ៉ាងដូច្នេះថា៖«បើប្រជាជន រដ្ឋាភិបាលអ៊ីស្រាអែលមិនតម្រូវឱ្យយើងចាកចេញទេ យើងកុំចាកចេញរត់ចោលប្រជាជនអ៊ីស្រាអែល។ ប្រសិនបើរត់ចោលប្រជាជនអ៊ីស្រាអែលក្នុងពេលដែលប្រជាជនអ៊ីស្រាអែលជួបការលំបាក ថ្ងៃក្រោយកុំចាំបាច់សុំទៅរៀនឬធ្វើការនៅអ៊ីស្រាអែលតទៅទៀត»

បន្ទាប់ពីមានការវាយប្រហារពីក្រុមហាម៉ាស លោកនាយករដ្ឋមន្រ្តី ហ៊ុន​ ម៉ាណែត បានថ្លែងតាមរយៈសារពិសេស កាលពីថ្ងៃទី១០ ខែតុលា ថា រដ្ឋាភិបាលកម្ពុជា ក៏ដូចជាក្រសួងពាក់ព័ន្ធបានតាមដានយ៉ាងសកម្មពីសុវត្ថិភាពរបស់ពលរដ្ឋខ្មែរនៅអ៊ីស្រាអែលដើម្បីធានានូវសុវត្ថិភាពជូនពួកគេ។

លោកហ៊ុន ម៉ាណែត បន្តឱ្យក្រសួងការបរទេស ក្រសួងកសិកម្ម និងការពារជាតិធ្វើការទំនាក់ទំនងតាមគ្រប់មធ្យោបាយទៅកាន់ស្ថាប័នពាក់ព័ន្ធនៅអ៊ីស្រាអែល និងប្រភពដែលអាចទាក់ទងបាននៅអ៊ីស្រាអែល ដែលរួមមាននិស្សិត និងប្រជាពលរដ្ឋខ្មែរក្នុងគោលដៅ២ គឺទី១កំណត់ឱ្យបាននូវចំនួននិងអត្តសញ្ញាណរបស់ប្រជាជនកម្ពុជាជាពិសេសនិស្សិត និងទី២ព្យាយាមទំនាក់ទំនងទៅកាន់និស្សិតខ្មែរ និងប្រជាពលរដ្ឋនៅទីនោះឱ្យបានគ្រប់ៗគ្នា ដើម្បីទទួលបានព័ត៌មានថាពលរដ្ឋកម្ពុជាមានសុវត្ថិភាព និងកំណត់ទីតាំងដែលពួកគេកំពុងតែស្ថិតនៅក្នុងតំបន់សុវត្ថិភាពឬតំបន់ក្រហម ដើម្បីសង្គ្រោះពួកគេចេញពីតំបន់ក្រហមទៅតំបន់សុវត្ថិភាពឱ្យបានលឿនបំផុតតាមដែលអាចធ្វើទៅបាន។

លោកហ៊ុន ម៉ាណែត បានថ្លែងថា៖«រាជរដ្ឋាភិបាល និងស្ថាប័នពាក់ព័ន្ធរបស់កម្ពុជានៅបន្តតាមដានយ៉ាងយកចិត្តទុកដាក់របស់ប្រជាជនកម្ពុជានៅអ៊ីស្រាអែលបានដល់ទីសុវត្ថិភាពគ្រប់ៗគ្នា កិច្ចការនេះ ខ្ញុំក៏សុំអំពាវនាវឱ្យបងប្អូនខ្មែរយើង នៅប្រទេសអ៊ីស្រាអែល ជាពិសេសនិស្សិតបន្តយកចិត្តទុកដាក់ថែរក្សាសុវត្ថិភាពផ្ទាល់ និងគោរពឱ្យបានម៉ឺងម៉ាត់ចំពោះរាល់ការណែនាំរបស់អាជ្ញាធរអ៊ីស្រាអែល»

លោកបន្តថា៖«សូមឱ្យបងប្អូនរក្សាភាពស្ងៀមស្ងាត់និងជឿជាក់ទៅលើសមត្ថភាពអាជ្ញាធរអ៊ីស្រាអែលដែលជាម្ចាស់ផ្ទះក្នុងការធានាសុវត្ថិភាពជូនប្រជាពលរដ្ឋទាំងអស់»

លោក អំ សំអាត​ នាយកចាត់ការទូទៅនៃអង្គការលីកាដូ (LICADHO) លើកឡើងថា ចំពោះការធានានូវសុវត្ថិភាពជូនចំពោះពលរដ្ឋខ្មែរគឺត្រូវអាស្រ័យលើការទំនាក់ទំនងរវាងរដ្ឋាភិបាលខ្មែរនិងអ៊ីស្រាអែល ជាពិសេសការជម្លៀសពលរដ្ឋកម្ពុជាឲ្យត្រឡប់មកមាតុភូមិវិញ។

លោក សំអាត បានថ្លែងថា៖«វាជាកិច្ចទំនាក់ទំនងសហប្រតិបត្តិការរវាងរដ្ឋាភិបាលកម្ពុជា និងអ៊ីស្រាអែល​ តែថ្មីនេះក៏ឮថាថៃបានបញ្ជូនយន្តហោះទៅជម្លៀសប្រជាជនគេ។ នេះជាការព្រួយបារម្ភពីប្រជាជនគេ។ តែបើរដ្ឋាភិបាលមានជំនឿទុកចិត្តថាពលរដ្ឋមានសុវត្ថិភាព វាអាស្រ័យទៅលើការទំនាក់ទំនងទេ តែប្រទេសផ្សេងគេមានការព្រួយបារម្ភពលរដ្ឋគេ»

លោកបន្ថែមថា រដ្ឋាភិបាលគួរតែធ្វើការបន្តទៀតដើម្បីឱ្យពលរដ្ឋកម្ពុជានៅអ៊ីស្រាអែលមានសុវត្ថិភាព និងអាហារគ្រប់គ្រាន់ ខណៈរដ្ឋាភិបាលប្រទេសថៃបានញ្ជូនយន្តហោះទៅដឹកពលរដ្ឋរបស់ខ្លួនមកប្រទេសកំណើតវិញ។

បើយោងតាមសារសំឡេងរបស់ លោក ហ៊ុន ម៉ាណែត បានឱ្យដឹងថា ប្រជាពលរដ្ឋខ្មែរនៅអ៊ីស្រាអែលមានចំនួន ៤៥៤នាក់ បូកនឹងសាកសពនិស្សិតម្នាក់។ ក្នុងចំណោម ៤៥៤នាក់ នោះមាន ៣២៣នាក់បានចល័តទៅកន្លែងសុវត្ថិភាព និង១៣១នាក់នៅទីតាំងមានហានិភ័យនៅឡើយ។  

លោក ហ៊ុន ម៉ាណែត ព្រមទាំងមន្ត្រីជាន់ខ្ពស់របស់រដ្ឋាភិបាលកម្ពុជា ក៏ដូចជាស្ថាប័នពាក់ព័ន្ធបានផ្ញើសាររំលែកទុក្ខដល់ក្រុមគ្រួសារនិស្សិតខ្មែរ ចាន់ ឧត្តម ដែលបាត់បង់ជីវិតនាពេលវាយប្រហារនោះ។

គ្រួសារនិស្សិតខ្មែរឈ្មោះ ចាន់ ឧត្តម ដែលបានរងគ្រោះថ្នាក់រហូតដល់បាត់បង់ជីវិតកាលពីថ្ងៃទី៧ ខែតុលា នៅក្នុងការប្រយុទ្ធគ្នារវាងក្រុមហាម៉ាស់និងកងទ័ពអ៊ីស្រាអែលក៏បានស្នើសុំឱ្យរដ្ឋាភិបាលពន្លឿនការបញ្ជូនសាកសពរបស់និស្សិតរូបនេះមកកាន់មាតុភូមិឱ្យឆាប់រហ័សផងដែរ។

លោកស្រី ចាន់ កញ្ញា ជាបងស្រីនិស្សិតចាន់ ឧត្តម បាននិយាយទាំងទឹកភ្នែកថា៖«សំណូមពរឱ្យរដ្ឋាភិបាលពន្លឿនការបញ្ជូនសាកសព។ បើបន្តយូរទៀត ប្រហែលមិនបានសាកសពទាំងមូលមកទេ ប្រហែលបានតែធាតុទេ។ ពួកខ្ញុំសង្ឃឹមថានឹងបានជួបមុខប្អូនជាងលើកចុងក្រោយ »

ទោះបីជាសាកសពមិនទាន់បញ្ជូនមកដល់ប្រទេសកំណើត ក៏ក្រុមគ្រួសារ ចាន់ ឧត្តម បានរៀបចំពិធីបុណ្យសពតាមប្រពៃណីនៅខេត្តកណ្តាល។

លោកស្រី កញ្ញា បានឲ្យដឹងថា លោក ចាន់ ឧត្តម បានចាកចេញពីប្រទេសកម្ពុជាកាលទីថ្ងៃទី ២០ កញ្ញា ២០២៣ ដើម្បីទៅផ្លាស់ប្តូរកម្មវិធីសិក្សានៅប្រទេសអ៊ីស្រាអែល។ លោកស្រី បានរៀបរាប់ទាំងទឹកភ្នែកថា លោកស្រី និងក្រុមគ្រួសារមិននឹកស្មានថាមានបញ្ហានេះកើតឡើង និងនៅតែមិនអាចទទួលយកបានចំពោះការបាត់បង់ជីវិតប្អូនប្រុសរបស់លោកស្រីដែលជា ក្មេងល្អស្ដាប់តាមដំបូន្មាន និងខិតខំប្រឹងប្រែងរៀនសូត្ររហូតដល់ប្រឡងជាប់ទៅប្រទេសក្រៅ។

លោក អាន សុខឃឿន អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិពុំអាចសុំការឆ្លើយតបបានទេជុំវិញការអន្តរាគមន៍បញ្ជូននិស្សិត និងសាកសពមកកម្ពុជាវិញ ៕

339 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម