សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សកម្មជនគណបក្សភ្លើងទៀនដែលភៀសខ្លួនពីកម្ពុជាត្រូវបានចាប់ខ្លួននៅប្រទេសថៃ

សកម្មជនគណបក្សភ្លើងទៀន ថុល សំណាង ដែលបានភៀសខ្លួនទៅប្រទេសថៃ ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ហើយត្រូវបានអាជ្ញាធរថៃចាប់ខ្លួន កាលពីថ្ងៃ ទី៧ ខែកក្កដា។ (រូបភាពផ្តល់ឱ្យ)
សកម្មជនគណបក្សភ្លើងទៀន ថុល សំណាង ដែលបានភៀសខ្លួនទៅប្រទេសថៃ ដើម្បីគេចពីការធ្វើទុក្ខបុកម្នេញផ្នែកនយោបាយ ហើយត្រូវបានអាជ្ញាធរថៃចាប់ខ្លួន កាលពីថ្ងៃ ទី៧ ខែកក្កដា។ (រូបភាពផ្តល់ឱ្យ)

អង្គការ​ Human Rights Watch បាន​ឱ្យ​ដឹងថា ​យុវជន​ដែល​ជា​សកម្ម​ជន​គណបក្ស​ភ្លើង​ទៀន​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃ​ដោយ​ទំនង​​ជា​ភ័យ​ខ្លាច​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោ​បាយនៅ​កម្ពុជា​​ ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​ក្នុង​សប្ដាហ៍​នេះ។​

នាយករង​​អង្គការ​ Human Rights Watch ប្រចាំ​តំបន់អាស៊ី លោក Phil Robertson បាន​ឱ្យ​ដឹងថា ​សកម្ម​ជន​គណបក្ស​ភ្លើង​ទៀត ថុល សំណាង វ័យ​៣៤​ឆ្នាំ បាន​ទៅ​ដល់​ប្រទេស​ថៃ​នៅ​ដើម​សប្ដាហ៍​នេះដើម្បី​ «ស្វែង​រក​សិទ្ធិ​ជ្រក​កោន»។ លោក​ថា សំណាង ត្រូវ​បាន​អាជ្ញាធរ​ថៃ​ចាប់​ខ្លួន​កាល​ពី​ថ្ងៃ​សុក្រ​។​

អគ្គលេខាធិការ​ស្តីទីគណបក្ស​ភ្លើង​ទៀន​លោក គង់ ម៉ូនីកា មាន​ប្រសាសន៍​ថា៖ «ដើម្បី​សុវត្ថិភាព​​ផ្ទាល់​ខ្លួន​របស់​ ថុល សំណាង រដ្ឋាភិបាល​ថៃ​មិន​ត្រូវ​បញ្ជូន​ ថុល សំណាង ​មក​ឲ្យ​អាជ្ញាធរ​កម្ពុជា​ដាច់​ខាត»។ លោក​បញ្ជាក់​ថា​ សំណាង​គឺ​ជា​សមាជិក​សកម្ម​របស់ក្រុម​​យុវជន​គណបក្ស​ភ្លើង​ទៀន​។​

ប្រ​ធាន​គណបក្ស​ភ្លើង​ទៀន​ប្រចាំ​ខេត្ត​កណ្ដាល លោក លី ម៉េងឃាង​ បាន​ឱ្យ​ដឹង​ថា​ កាល​ពី​ថ្ងៃទី​៣០ ខែមិថុនា មេភូមិ​របស់​សំណាង បាន​ព្រមាន​សំណាង​ថា​ ត្រូវ​តែ​​ចុះ​ចូល​ជា​មួយ​គណបក្ស​កាន់​អំណាច​បើ​ចង់​ឱ្យ​រួច​ពី​ការ​ចាប់​ខ្លួន​។​

លោក ម៉េងឃាង ឱ្យ​ដឹង​ទៀត​ថា នគរបាល​ឃុំ​ព្រែក​កុយ និង​នគរបាលស្រុក ក៏​បាន​ទៅ​ផ្ទះ​សំណាង បន្ត​បន្ទាប់​គ្នា​នៅ​ក្នុង​ភូមិ​ត្រពាំង​ឈូក កាលពី​ថ្ងៃទី​៣ ខែកក្កដា​។​ លោកបន្តថា នគរបាល​​ទាំង​នោះ​ទៅ​ដោយ​មិន​មាន​បញ្ជា​ពី​តុលាការ​ទេ​។​

លោក​ឱ្យ​ដឹង​ថា៖ «ហេតុ​ផល​ដែល​គាត់​ចាក​ចេញ​ពី​កម្ពុជា​ដោយ​សារតែ​នគរបាល និង​អាជ្ញាធរ​ឃុំ​បានទៅ​​រក​រូបគាត់​ដល់​ផ្ទះ និងសួរ​នាំអំពី​គាត់»។ លោកលើកឡើងទៀតថា «ហេតុ​ផល​ដែល​​គេ​ចង់​ចាប់​ខ្លួន​គាត់ គឺ​ទាក់​ទង​​នឹង​អ្វី​ដែល​គាត់​បាន​ផុស​លើ​ហ្វេស​ប៊ុក​»។​

​លោក ម៉េង​ឃាង បញ្ជាក់ថា ​សំណាង​បាន​ភៀស​ខ្លួន​ទៅ​ប្រទេស​ថៃនៅ​ថ្ងៃបន្ទាប់​ពី​មាន​រឿង​នោះ​។​

លោក ម៉េង​ឃាង បន្ថែម​ថា សំណាង​ ​មាន​ភាព​សកម្ម​ក្នុង​ការ​បង្ហោះ​ព័ត៌មាន​ផ្សេងៗ​​ក្នុង​សប្ដាហ៍​កន្លង​ទៅ។ សារ​មួយ​ក្នុង​សំណោម​សារ​ផ្សេង​ទៀត​ដែល​លោក​បាន​​បង្ហោះ​លើ​ហ្វេស​ប៊ុក​របស់​ខ្លួន​ដែល​មាន​ឈ្មោះ​ថា «​យុវជន​ស្រឡាញ់​ប្រជា​ធិបតេយ្យ» បាន​បង្ហាញ​ពី​រូបភាព​អ្នក​គាំ​ទ្រ​គណបក្ស​ប្រ​ជាជន​កម្ពុជា​ដោយ​មាន​ខ្វែង​ក្រហម​លើ​មុខ​អ្នក​ទាំង​នោះ ព្រម​ជា​មួយ​នឹង​ខ្លឹម​សារ​​មិន​សូវ​ល្អ​មួយ​ចំនួន​ផង​។​

​អគ្គលេខាធិការ​ស្តី​ទី​គណកបក្ស​ភ្លើង​ទៀន​ លោក គង់ ម៉ូនីកា មាន​ប្រសាសន៍​ថា៖ «គាត់​បញ្ចេញ​ទស្សនៈ​របស់​ខ្លួន​លើ​បណ្ដាញ​សង្គម​ហ្វេស​ប៊ុក…​ហើយ​វា​មិន​មែន​​ជា​អំពើ​ខុស​ច្បាប់​ទេ​ក្នុង​ប្រទេស​កម្ពុជា​​ ឬ​ប្រទេស​ថៃ​»។​

លោក ម៉េងឃាង បន្ថែមទៀតថា មេធាវី អង្គការ​សហប្រជាជាតិកំពុង​ព្យាយាម​ជួយ​ដល់​ សំណាង ក្រោយ​ពី​មាន​ការ​ចាប់​ខ្លួន​កាល​ពី​ព្រឹក​ថ្ងៃសុក្រ​។​

លោក Robertson លើក​ឡើង​ថា៖ «ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀស​ខ្លួន ត្រូវ​តែ​បាន​​ការ​អនុញ្ញាត​ឱ្យ​ចូល​ជួប​ ថុល សំណាង ដើម្បី​ឱ្យគាត់​បាន​ទទួល​នូវ​អ្វី​ដែល​ជន​ភ្លៀង​ខ្លួន​ត្រូវ​ការ»។ លោក​បន្ថែម​ថា សម្រាប់​ករណី​នេះ​​​គឺ «​ជា​ការ​គាប​សង្កត់​​ឆ្លង​ដែន​របស់​រដ្ឋាភិបាល​កម្ពុជា ក្នុង​ន័យ​ចង់​នាំ​ខ្លួន​គាត់​មក​វិញ»។​

ក្រុមការពារ​សិទ្ធិ​ជន​ភៀស​ខ្លួន​ស្វែង​រក​ការ​ជ្រក​កោន​នៅ​ប្រទេស​ថៃ​ បាន​ប្រាប់​ខេមបូចា ថា ប្រទេស​ថៃ​មិន​បាន​ចុះ​ហត្ថលេខា​លើ​អនុសញ្ញា​ជន​ភៀស​ខ្លួន​ឆ្នាំ​១៩៥១ នោះ​ទេ ហើយ «​មិន​មាន​ច្បាប់​ដែល​ជួយ​ផ្ដល់​ផ្នែក​ច្បាប់​ដល់​ជន​ភៀស​ខ្លួន​ដែរ»។​ ខេម​បូចា ​ធ្លាប់​បាន​រាយការណ៍​ថា តាំង​ពី​ឆ្នាំ​២០១៧ មក​មានសកម្ម​ជន​គណបក្ស​ប្រឆាំង​ជាង​២០០​នាក់​បាន​ភៀស​ខ្លូន​ទៅ​ប្រទេស​​ថៃ​។​ ក្នុង​ចំណោម​នោះ​មាន​មនុស្ស​មួយ​ចំនួន​ត្រូវ​បាន​ចាប់​ខ្លួន​ដោយ​អាជ្ញាធរ​ថៃ និង​បាន​បញ្ជូន​មក​កម្ពុជា​វិញ បើ​ទោះ​បី​ជា​អ្នក​ទាំង​នោះ​ត្រូវ​បាន​អង្គការ​សហប្រជា​ជាតិ​ទទួល​ស្គាល់​ថា​ជា​ជន​ភៀស​ខ្លួន​ក៏​ដោយ​។​

​លោក​នាយក​រដ្ឋ​មន្ត្រី ហ៊ុន សែន បាន​ព្រមានក្រុម​បក្ស​ប្រឆាំង​​កាល​ពី​ខែ​មករា​ថា ​ពួក​គេ​អាច​ប្រឈម​នឹង​វិធានការ​ច្បាប់ ឬ​អំពើ​ហិង្សា​។ តាំង​ពី​ពេល​នោះ​មក សកម្ម​ជន​គណបក្ស​ភ្លើង​ទៀន​​ជា​ច្រើន​នាក់​ត្រូវ​បាន​​គេវាយ​ដំ​នៅ​តាម​ដង​ផ្លូវ​។ នេះ​បើ​តាម​របាយការណ៍ប​របស់​អង្គការ​ Human Rights​ Watch។​

​អ្នក​នាំពាក្យ​គណបក្ស​ប្រជា​ជន​កម្ពុជា​លោក សុខ ឥសាន ពេល​សួរ​ទាក់​ទង​នឹង​ការ​ចាប់​ខ្លួន​របស់​សំណាង និង​ការ​ធ្វើ​ទុក្ខ​បុក​ម្នេញ​ផ្នែក​នយោបាយ លោក​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​មិន​បាន​ដឹង​ពី​បញ្ហា​នេះ​ទេ​»។​

​អ្នក​នាំពាក្យ​អគ្គស្នងការ​នគរ​បាល​ជាតិ លោក ឆាយ គឹមឃឿន និង​អ្នក​នាំពាក្យ​រដ្ឋាភិបាល លោក ផៃ ស៊ីផាន មិន​អាច​ទាក់​ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​។​ អ្នក​នាំពាក្យ​ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកជនភៀសខ្លួន​ប្រចាំ​កម្ពុជា Hammad Ahmad មិន​បាន​ឆ្លើយ​តប​នឹង​សំណើសុំ​អត្ថាធិប្បាយ​នោះទេ​៕​

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Candlelight Party Activist Who Fled Cambodia Reportedly Arrested in Thailand

332 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម