សង្កាត់បឹងកុក ក្រុងកំពង់ចាម ជាទីតាំងដែលគណបក្សភ្លើងទៀនត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចលុបឈ្មោះចេញពីបញ្ជីបេក្ខភាពឈរឈ្មោះ បណ្ដាលឱ្យសង្កាត់នេះក្លាយជាសង្កាត់មួយក្នុងចំណោមឃុំ-សង្កាត់ចំនួនជាង២០ដែលមានតែគណបក្សប្រជាជនកម្ពុជាឈរឈ្មោះ។ ហើយសង្កាត់មួយនេះ អតីតគណបក្សសង្រ្គោះជាតិធ្លាប់ឈ្នះជាចៅសង្កាត់អំឡុងពេលបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់កាលពីឆ្នាំ២០១៧។
លោក មាន អូន បេក្ខជនចៅសង្កាត់បឹងកុក ក្រុងកំពង់ចាម មកពីគណបក្សភ្លើងទៀន ដែលត្រូវបានគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត សម្រេចលុបចេញពីបញ្ជីឈរឈ្មោះ បានថ្លែងថា លោកមានការសោកស្ដាយ ដែលពុំបានឈរឈ្មោះដើម្បីប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជា ខណៈលោកបានរំពឹងទុកថាប្រហែល៧០%នឹងឈ្នះការបោះឆ្នោតក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខ។
លោកថ្លែងថា៖ «បើតាមខ្ញុំសង្កេតការណ៍រាល់ថ្ងៃ បើសិនជាមានឈ្មោះបោះឆ្នោត ខ្ញុំជឿជាក់៧០%ថា ឈ្នះ ព្រោះខ្ញុំតាមដានជាមួយប្រជាជន»។
លោក ខ្ចង អូន ដែលជាចៅសង្កាត់ និងជាបេក្ខជនចៅសង្កាត់បឹងកុក ក្រុងកំពង់ចាម មកពីគណបក្សប្រជាជកម្ពុជា បានប្រាប់ថា ការណ៍ដែលពុំមានប្រជាពលរដ្ឋឈរឈ្មោះតំណាងឱ្យគណបក្សផ្សេងក្នុងសង្កាត់របស់លោក ដោយសារតែពលរដ្ឋអត់ជំនឿលើគណបក្សដទៃ និងជឿទុកចិត្តតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះ។
លោក អូន បានឱ្យដឹងថា៖ «យើងធ្វើការងារនេះបម្រើសេវាជូនប្រជាពលរដ្ឋតាំងពីហេដ្ឋារចនាសម្ព័ន្ធ មានផ្លូវមានថ្នល់ មានលូអីយើងបម្រើ។ បើនិយាយរួមទៅក្នុងសង្កាត់បឹងកុក គឺថាពេញអស់[ផ្លូវបេតុង ផ្លូវកៅស៊ូ]សល់តែផ្លូវតិចតួចដែលជាផ្លូវកង់ៗខ្លីៗទេ។ ចឹងពលរដ្ឋគាត់មើលឃើញជាក់ស្ដែងអ្នកណាធ្វើអ្នកណាមិនធ្វើ»។
ចៅសង្កាត់រូបនេះ ឱ្យដឹងទៀតថា សម្រាប់អាណត្តិថ្មីនេះ លោកនឹងបង្កើនការផ្ដល់សេវាសាធារណៈ ឱ្យទាន់តម្រូវការប្រជាពលរដ្ឋ និងការបង្រាបគ្រឿងញៀនឱ្យទាន់ពេលវេលាផងដែរ។
លោក ហេង សុខ អាយុ៥៨ឆ្នាំ ជាពលរដ្ឋរស់នៅភូមិបឹងកុក សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម បាននិយាយថា លោកពុំបានដឹងទេថាតើហេតុអ្វីបានជាពុំមានគណបក្សនយោបាយផ្សេងឈរឈ្មោះជាបេក្ខជនក្នុងសង្កាត់របស់លោក ហើយសម្រាប់លោកផ្ទាល់គឺជាប់រវល់ប្រកបរបររកស៊ី ពុំចាប់អារម្មចំពោះការឈរឈ្មោះបេក្ខជនជាមួយគណបក្សនយោបាយណាមួយឡើយ។
លោកបាននិយាយដូច្នេះថា៖ «មានបក្សតែមួយដូចវាឯកោពេក មានបក្សច្រើនទៅវាសប្បាយភ្នែកសប្បាយចិត្តដែរ មើលទៅប្រកួតប្រជែងគ្នាសប្បាយ។ ចង់បានប្រជាធិបតេយ្យសប្បាយទាំងអស់គ្នា មិនចង់បានអ្វីទេ»។
លោក អាង បូរ៉ា អាយុ៣៥ឆ្នាំ ពលរដ្ឋរស់នៅភូមិជ្រោយថ្ម សង្កាត់បឹងកុក ក្រុងកំពង់ចាម ខេត្តកំពង់ចាម បានរៀបរាប់ថា លោកពុំបានចាប់អារម្មណ៍ចំពោះការឃោសនាគោលនយោបាយរបស់គណបក្សដែលមានតែមួយឈរឈ្មោះនេះទេ។
លោកបន្តថា ភូមិឃុំរបស់លោក មានសន្តិសុខសុវត្ថិភាពល្អ ព្រមទាំងមានផ្លូវចាក់បេតុងគ្រប់ច្រកល្ហក ប៉ុន្តែមានបញ្ហាលូស្ទះនិងសំរាមបន្តិចដែលកើតឡើងនៅម្ដុំផ្សារបឹងកុក។ លោក បូរ៉ា រំពឹងថា ចៅសង្កាត់ដែលឈ្នះឆ្នោតខាងមុខ នឹងអាចដោះស្រាយរាល់បញ្ហាទាំងនេះបាន។
លោក បូរ៉ា បញ្ជាក់ថា៖ «លូវាល្អដែរប៉ុន្តែស្ទះបន្តិចពេលភ្លៀងខ្លាំង។ វាហូរដែរតែរាងយឺត នៅជិតផ្សារបឹងកុក កន្លែងហ្នឹងរាងដក់ជាងគេ ទឹកវាហូរដែរតែយឺត»។
លោក ឡេង សេងហាន មន្ត្រីឃ្លាំមើលនៃអង្គការអាដហុក ប្រចាំខេត្តត្បូងឃ្មុំ និងកំពង់ចាម បានមានប្រសាសន៍ថា សង្កាត់បឹងកុកស្ថិតនៅក្នុងទីប្រជុំជន ជាហេតុដែលប្រជាពលរដ្ឋរស់នៅទីនោះពោរពេញទៅដោយជីវភាពធូរធារ ប៉ុន្តែលោកសង្កេតឃើញថា ការទុកដាក់សំរាមនៅផ្សារបឹងកុក ពុំសូវមានអនាម័យឡើយ។
លោកប្រាប់ថា៖ «សំរាមនៅផ្សារបឹងកុករាងពិបាកបន្តិច។ សំរាមទុកដាក់វាអត់សូវមានអនាម័យ ទុកដាក់កន្លែងលក់អ៊ីងចឹង វាធ្វើឱ្យប៉ះពាល់»។
ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំ-សង្កាត់អាណាត្តិទី៥ ដែលគ្រោងប្រព្រឹត្តទៅនៅថ្ងៃអាទិត្យទី៥ ខែមិថុនា ឆ្នាំ២០២២។ក្នុងនោះមានគណបក្សនយោបាយចំនួន១៧បានចុះឈ្មោះដាក់បេក្ខជនចូលរួមប្រកួតប្រជែងជាមួយគណបក្សប្រជាជនកម្ពុជាដែលជាគណបក្សទទួលបានការដឹកនាំ ឃុំ-សង្កាត់ទាំងអស់នៅប្រទេសកម្ពុជាបន្ទាប់ពីការរំលាយគណបក្សសង្រ្គោះជាតិ។
ដោយឡែកក្នុងចំណោមគណបក្សទាំង១៧នេះ មានតែគណបក្សប្រជាជនកម្ពុជាដែលជាបក្សកាន់អំណាចតាំងពីពន្លត់ភ្លើងសង្រ្គាមនៅកម្ពុជា ទើបមានលទ្ធភាពដាក់បេក្ខជនឈរឈ្មោះបានទូទាំងប្រទេសដែលមានចំនួនសរុប១៦៥២ ឃុំ-សង្កាត់។ បន្ទាប់ពីគណបក្សកាន់អំណាចមួយនេះ គឺគណបក្សភ្លើងទៀនដែលជាបក្សស្នងមរតកនៃបេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់នៃគណបក្សសង្រ្គោះជាតិ បានដាក់បេក្ខជនឈរឈ្មោះចំនួន១៦២៣ ឃុំ-សង្កាត់ ខណៈគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានដាក់បេក្ខជនឈរឈ្មោះតិចជាងគេគឺត្រឹមតែ៤ឃុំប៉ុណ្ណោះ។
ក្នុងយុទ្ធនាការឃោសនាបោះឆ្នោតដែលមានរយៈពេល១៤ថ្ងៃ បាននឹងកំពុងប្រព្រឹត្តទៅជិតដល់ថ្ងៃបញ្ចប់ ប៉ុន្តែក៏មានការដាក់ពាក្យបណ្ដឹងយ៉ាងសន្ធឹកពីសំណាក់បក្សកាន់អំណាចទៅកាន់គណបក្សភ្លើងទៀន។
គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត បានឱ្យដឹងថា ការបោះឆ្នោតជ្រើសរើសក្រុមប្រឹក្សាឃុំសង្កាត់ខាងមុខនេះ មាន២៤ឃុំសង្កាត់មានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះដែលឈរឈ្មោះ។ ក្នុងនោះរួមមាន ភ្នំពេញមានចំនួន៨សង្កាត់ ខេត្តរតនៈគិរីមានចំនួន៧ឃុំ ខេត្តពោធិ៍សាត់មានចំនួន៣ឃុំ ខេត្តកំពង់ចាមមានចំនួនពីរសង្កាត់គឺ សង្កាត់បឹងកុកនិងសង្កាត់កំពង់ចាម ខេត្តមណ្ឌលគិរីមានមួយសង្កាត់ ខេត្តកោះកុងមានមួយឃុំ ខេត្តព្រះវិហារមានមួយសង្កាត់ និងខេត្តស្វាយរៀងមានមួយសង្កាត់។
គណបក្សភ្លើងទៀនដែលដើមឡើយបានចុះបញ្ជីបេក្ខជនរហូតដល់១៦៤៩ឃុំសង្កាត់ ប៉ុន្តែលទ្ធផលផ្លូវការធ្លាក់ត្រឹម១៦២៣ ដោយសារភាពមិនប្រក្រតីក្នុងការចុះបញ្ជីបេក្ខជន ព្រមទាំងមានការប្ដឹងពីគណបក្សប្រជាជនកម្ពុជា។ ហេតុនេះបានបណ្ដាលឱ្យមានឃុំ-សង្កាត់មួយចំនួនមានតែគណបក្សប្រជាជនកម្ពុជាមួយប៉ុណ្ណោះដែលឈរឈ្មោះជាបេក្ខជនក្រុមប្រឹក្សាឃុំសង្កាត់។
ដោយឡែក លោក ហួន រដ្ឋា អនុប្រធានគណបក្សខ្មែរអភិវឌ្ឍន៍សេដ្ឋកិច្ច បានលើកឡើងថា បន្ទាប់ពីការធ្វើប្រជាមតិរួច មានតែឃុំចំនួន៤ប៉ុណ្ណោះ ដែលគណបក្សរបស់លោកទទួលបានសំឡេងគាំទ្រច្រើនពីប្រជាពលរដ្ឋ។
លោក រដ្ឋា បន្តថា ចំណុចពិសេសដែលប្រជាពលរដ្ឋគួរបោះឆ្នោតឱ្យបក្សរបស់លោក គឺគោលនយោបាយដែលបង្កើតឱ្យមានកម្មវិធីដាក់ស្រោមសំបុត្រអនាមិកនៅតាមភូមិឃុំ ដើម្បីឱ្យប្រជាពលរដ្ឋអាចបញ្ចេញមតិតាមរបៀបប្រជាធិបតេយ្យនៅតាមមូលដ្ឋាន និងការបង្កើតឱ្យមានវេទិការសាធារណៈដើម្បីឱ្យមានការជួបជុំរវាងប្រជាពលរដ្ឋនិងក្រុមប្រឹក្សាឃុំសង្កាត់ផងដែរ។ ការលុបបំបាត់ការរើសអើង ការប្រកាន់និន្នាការនយោបាយផ្សេងគ្នា និងការលុបបំបាត់អំពើពុករលួយ ព្រមទាំងភាពអសកម្មនានារបស់មន្ត្រីថ្នាក់មូលដ្ឋាន។
លោក រដ្ឋា បន្ថែមថា៖ «យើងបានធ្វើប្រជាមតិទៅឃុំទាំង៤នេះ យើងបានទទួលសំឡេងច្រើនជាងគេទូទាំងប្រទេសដែលយើងមាន។ យើងអាចដាក់បានទូទាំងប្រទេសដែល ប៉ុន្តែយើងអត់ដាក់ទេ ដោយសារតែយើងយល់ថាការដកពិសោធន៍របស់យើងថាត្រូវជាមួយប្រជាពលរដ្ឋអត់»។
រីឯលោក ប្លាង សីន ប្រធានគណបក្សជនជាតិដើមប្រជាធិតេយ្យកម្ពុជា មានប្រសាសន៍ថា គណបក្សរបស់លោកមានលទ្ធភាពដាក់បេក្ខជនឈរឈ្មោះត្រឹម១៩ឃុំ-សង្កាត់ ហើយភាគច្រើនគឺនៅក្នុងខេត្តមណ្ឌលគិរី។ លោកបន្តថា គណបក្សរបស់លោកពុំទាន់អាចសន្និដ្ឋានអំពីលទ្ធផលថាអាចប្រជែងយកតំណែងមេឃុំនៅឡើយទេ។
លោក ស៊ីន ឱ្យដឹងថា៖ «យើងមិនអាចដឹងមុនទេ មនុស្សអត់ដូចសកម្មភាពទេ ថ្ងៃនេះហែជាមួយយើង ស្អែកហែបក្សផ្សេងទៅ»។
ក្នុងចំណោមការដាក់បេក្ខជនឈរឈ្មោះក្រុមប្រឹក្សាឃុំសង្កាត់ចំនួន១៦៥២នេះ មានតែឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាមមួយប៉ុណ្ណោះ ដែលមានគណបក្សនយោបាយរហូតដល់ទៅ៨បក្សបានដាក់បេក្ខជនឱ្យឈរឈ្មោះ។
លោក ប៉ាវ ប៉ោហេង អាយុ៥៣ឆ្នាំ ជាបេក្ខជនមេឃុំជើងព្រៃ ស្រុកបាធាយ ខេត្តកំពង់ចាម កូតាគណបក្សប្រជាធិបតេយ្យមូលដ្ឋាន បានមានប្រសាសន៍ថា លោកបានសម្រេចចិត្តឈរឈ្មោះជាបេក្ខភាពមេឃុំនេះ ដោយសារមើលឃើញពីជីវភាពរបស់ប្រជាពលរដ្ឋក្នុងឃុំលោកមានការខ្សត់ខ្សោយ ហើយភាគច្រើនជំពាក់បំណុលធនាគារ។
លោកបន្តថា មេឃុំបច្ចុប្បន្នពុំបានអភិវឌ្ឍដែលនាំឱ្យប្រជាពលរដ្ឋទទួលបានផលប្រយោជន៍នោះទេ ខណៈការផ្ដល់សេវាសាធារណៈក៏ទាមទារលើសពីអ្វីដែលច្បាប់បានកំណត់ផងដែរ។
លោកបន្ថែមថា៖ «ខ្ញុំមិនសប្បាយក្នុងការធ្វើចឹង[ពុករលួយ]វាធ្វើឱ្យប្រជាពលរដ្ឋក្រីក្រនឹងជួបការលំបាក ត្អូញត្អែរពីរឿងសេវាសាធារណៈក្នុងឃុំសង្កាត់របស់យើងហ្នឹង ដោយឡែកការអភិវឌ្ឍដូចជាមិនចំគោលដៅ មិនដឹងថាអ្វីដែលជាអាទិភាព អ្វីមិនអាទិភាព»។
លោក លី សុធារ៉ាយុទ្ធ អគ្គលេខាធិការគណបក្សភ្លើងទៀន បានបង្ហាញការសោកស្ដាយចំពោះការលុបឈ្មោះបេក្ខជនកូតាគណបក្សភ្លើងទៀនចេញពីបញ្ជីឈរឈ្មោះបណ្ដាលឱ្យឃុំសង្កាត់មួយចំនួនមានតែបក្សកាន់អំណាចប៉ុណ្ណោះដែលឈរឈ្មោះ។
ទន្ទឹមនឹងនេះដែរ លោក រ៉ាយុទ្ធ បានលើកឡើងថា ច្បាប់ស្ដីពីគណបក្សនយោបាយហាក់មានភាពចន្លោះប្រហោង ដែលពិបាកក្នុងការកំណត់និយមន័យណាមួយជាក់លាក់ ជាហេតុដែលអ្នកនយោបាយ អ្នកច្បាប់ និងអ្នកបច្ចេកទេស បានបកស្រាយខុសៗគ្នា។
លោកឱ្យដឹងថា៖ «វាមានចំណុចខ្វះខាត ដែលទុកចន្លោះប្រហោងឱ្យកម្មាធិការជាតិរៀបចំការបោះឆ្នោត ឱ្យអ្នកប្ដឹងធ្វើការប្ដឹងតែផ្ដេសផ្ដាសចឹង។ អាណត្តិក្រោយយើងនឹងធ្វើការកែលម្អ ជាពិសេសគឺច្បាប់ ហើយនឹងការអនុវត្តរបស់គជប»។
លោក ឌឹម សុវណ្ណារុំ ប្រធានក្រុមប្រតិកម្មព័ត៌មាននៃគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត
បានមានប្រសាសន៍ថា ការដាក់បេក្ខជនឈរឈ្មោះរបស់គណបក្សនយោបាយតាមបណ្ដាឃុំ-សង្កាត់នេះ គឺអាស្រ័យលើលទ្ធភាពរបស់គណបក្សនយោបាយរៀងៗខ្លួន។
លោកមានប្រសាសន៍ថា៖ «វាអាស្រ័យលើលទ្ធភាពរបស់គណបក្សនយោបាយនីមួយៗ នៅតាមឃុំ-សង្កាត់នីមួយៗគឺគណបក្សនយោបាយឈរឈ្មោះមិនដូចគ្នា ឃុំសង្កាត់ខ្លះមាន១ ខ្លះ២ រហូតដល់ច្រើនជាងគេ៨គណបក្ស។ សន្លឹកឆ្នោតក៏យើងរៀបចំទៅតាមភូមិសង្កាត់ដែលឈរឈ្មោះនីមួយៗផងដែរ»៕