សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

តុលាការសាកសួរលោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនជុំវិញបណ្តឹងរបស់គ.ជ.ប

លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនលើកដៃស្វាគមន៍ទៅកាន់អ្នកសារព័ត៌មាននិងអ្នកគាំទ្រ ខណៈលោកមកដល់សាលាដំបូងរាជធានីភ្នំពេញ សម្រាប់ការសាកសួរ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
លោក សុន ឆ័យ អនុប្រធានគណបក្សភ្លើងទៀនលើកដៃស្វាគមន៍ទៅកាន់អ្នកសារព័ត៌មាននិងអ្នកគាំទ្រ ខណៈលោកមកដល់សាលាដំបូងរាជធានីភ្នំពេញ សម្រាប់ការសាកសួរ កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

លោក សុន ឆ័យ ជា​អនុប្រធានគណបក្សភ្លើងទៀន​បានចូល​ខ្លួនបំភ្លឺ​នៅ​សាលាដំបូងរាជធានីភ្នំពេញ​កាល​ពីថ្ងៃអង្គារ​ សម្រាប់ការ​សាកសួរ​ពាក់ព័ន្ធ​នឹង​បណ្តឹង​របស់​គណៈកម្មាធិការជាតិរៀបចំការបោះឆ្នោត​(គ.ជ.ប) បន្ទាប់ពី​លោក​បាន​រិះគន់​ដំណើរ​ការ​បោះឆ្នោត​កាលពីពេលថ្មីៗនេះ នៅ​តាមបណ្តាញសារព័ត៌មាន។

ថ្លែង​ទៅកាន់អ្នកយកព័ត៌មាន​នៅ​ខាងក្រៅតុលាការ​ លោក សុន ឆ័យ បាន​សម្តែង​ការស្រងាកចិត្ត​ចំពោះបណ្តឹងនេះ ដោយ​លោក​មាន​ប្រសាសន៍ថា ករណីនេះគួរត្រូវបានដោះស្រាយ​ដោយ​គ.ជ.ប។​

លោកបាន​មាន​ប្រសាសន៍ថា៖ «ខ្ញុំខកចិត្តមែនទែន​ដែល​ករណីនេះ​ត្រូវបាន​គេប្តឹងមក​តុលាការ​ ពីព្រោះ​វាគួរតែមានការពន្យល់ [ពីគ.ជ.ប]។ ខ្ញុំគឺជា​អ្នក​នយោបាយ​។ ខ្ញុំតែងតស៊ូដើម្បី​ទទួលបាន​ការ​គាំទ្រ​ពីប្រជាពលរដ្ឋ​ហើយចង់ឲ្យពលរដ្ឋ​បោះឆ្នោតដោយសេរី​ដោយគ្មានការភ័យខ្លាចឬការគំរាមកំហែង»។

លោក សុន ឆ័យ ត្រូវ​បាន​គ.ជ.ប និង​គណបក្សប្រជាជនកម្ពុជា​ជាគណបក្ស​កាន់អំណាចប្តឹង​ បន្ទាប់ពី​លោក​រិះគន់​ការបោះឆ្នោតកាលពីថ្ងៃទី​៥ ខែមិថុនា​ ដោយ​និយាយថា មានភាពមិនប្រក្រតី​និងការ​លួច​បន្លំនៅក្នុងការ​បោះឆ្នោត។

គ.ជ.ប បាន​ប្តឹងលោក សុន ឆ័យ​ ដោយអះអាងថា លោក​បាន​បរិហារកេរ្តិ៍គណៈកម្មាធិការជាតិរៀបចំការ​បោះឆ្នោត​ ដោយ​លើកឡើងថា មានការលួចបន្លំសន្លឹកឆ្នោត​។

គណបក្សប្រជាជនកម្ពុជា​បានដាក់ពាក់បណ្តឹង​របស់​ខ្លួន​ដោយ​ទាមទារ​សំណងជំងឺចិត្ត​១លានដុល្លារ​ជុំវិញ​អ្វីដែល​ខ្លួន​អះអាង​ថា ជាការ​កត់សម្គាល់បែប​មួលបង្កាច់របស់លោក សុន ឆ័យ ដែល​ចោទគ.ជ.បថា លម្អៀងទៅរកគណបក្ស​កាន់អំណាច។

លោក សុន ឆ័យ នឹងបង្ហាញមុខ​នៅ​តុលាការ​ម្តងទៀត​នៅថ្ងៃទី​១៥​ ខែ​កក្កដា​ ដើម្បីឆ្លើយ​ពាក់ព័ន្ធនឹងបណ្តឹងរបស់គណបក្ស​ប្រជាជនកម្ពុជា។​លោក សុន ឆ័យ​ បាន​ប្រាប់អ្នក​សារព័ត៌មានថា បណ្តឹងប្រឆាំងរូបលោកគឺជា​ការរំខាន​និងជាគំរូអាក្រក់មួយសម្រាប់ដំណើរការប្រជាធិបតេយ្យ។

លោកបាន​មានប្រសាសន៍ថា៖ «វាគឺជាការរំខានផ្នែកនយោបាយ ពីព្រោះ​យើងគ្រាន់តែចង់ធ្វើអ្វីឲ្យបានល្អសម្រាប់សង្គម ប៉ុន្តែ​ទទួលបាន​ [ការគំរាម] បែបនេះទៅវិញ។ ចំពោះខ្ញុំ ការទាមទារ​១លាន​ដុល្លារគឺមិនសមហេតុផលទាល់តែសោះ​។ ខ្ញុំគ្មាន​លុយបង់ឲ្យគាត់នោះទេ ហើយតាម​ដំណើរទៅ»។​

លោក សុន ឆ័យ អនុប្រធាន​គណបក្ស​ភ្លើងទៀន​ជួបជាមួយអ្នក​គាំទ្រ​ បន្ទាប់ពី​ការ​សាកសួរ​នៅ​សាលាដំបូង​រាជធានីភ្នំពេញ​ កាលពីថ្ងៃទី​១២ ខែកក្កដា ឆ្នាំ​២០២២។ ខេមបូចា / ស៊ន សារ៉ាត

លោក ប្លង់ សុផល ព្រះរាជអាជ្ញារងអមសាលាដំបូងរាជធានីភ្នំពេញ​បាន​ប្រាប់ខេមបូចា ថា មិនទាន់មានការសម្រេចណាមួយនៅឡើយទេនៅក្នុងករណីនេះ ហើយតុលាការ​នឹងពិចារណាលើភស្តុតាងទាំងអស់។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យ​គ.ជ.ប បានបដិសេធមិន​ធ្វើ​អត្ថាធិប្បាយ​ជុំវិញ​បណ្តឹងនេះទេ។

លោកបាន​មាន​ប្រសាសន៍ថា៖ «ករណីនេះត្រូវ​បាន​ប្តឹងទៅតុលាការ ហើយ​យើង​កំពុងតែរង់ចាំ​មើល​ពីការសម្រេចរបស់តុលាការ»។ លោក​បដិសេធ​ការលើកឡើងដែលថា គ.ជ.ប លម្អៀងទៅរកគណកបក្សកាន់អំណាច។

លោក កន សាវាង្ស ជាអ្នក​សង្កេតការ​បោះឆ្នោត​នៅអង្គការខុមហ្វ្រែល​បាន​មានប្រសាសន៍ថា លោក​មានការភ្ញាក់ផ្អើល​ដែល​ឃើញ​ស្ថាប័នរៀបចំការបោះឆ្នោត​ប្តឹងគណបក្សនយោបាយ​ ហើយ​លោកថា គ.ជ.ប​ ទំនងជា​រងការរិះគន់​ពីសាធារណជន​ចំពោះការ​ធ្វើដូច្នេះ។

លោកមានប្រសាសន៍ថា៖ «ចំពោះខ្ញុំ ការ​ប្រើប្រាស់តុលាការ​គឺមិនមែនជាវិធីល្អទេ។ វាមិនមែនជាដំណោះស្រាយ​ដែលអាជ្ញាកណ្តាល​ខ្លួនឯង​ប្តឹងអ្នក​ចូលរួម​ប្រកួតប្រជែង​ ហើយគ.ជ.បគួរពិចារណា​ឡើងវិញ»។

លទ្ធផល​របស់​គ.ជ.ប បានបង្ហាញថា គណបក្ស​ប្រជាជន​កម្ពុជា​ទទួល​បាន​១.៦៤៨​អាសនៈនៅក្នុងចំណោម​អាសនៈមេឃុំ/ចៅសង្កាត់​សរុប​១.៦៥២​ ខណៈ​គណបក្ស​ភ្លើងទៀន​ទទួល​បាន​ត្រឹម​បួន​អាសនៈប៉ុណ្ណោះ។

គណបក្សចំនួន​៩​នៅក្នុងចំណោម​គណបក្ស​១៧​ដែល​ចូលរួម​ប្រកួតប្រជែងការបោះឆ្នោត​ទទួលបាន​អាសនៈក្រុមប្រឹក្សាឃុំសង្កាត់​ ប៉ុន្តែ​គណបក្សប្រជាជនកម្ពុជាទទួល​បាន​អាសនៈភាគច្រើន។ គណបក្សប្រជាជនកម្ពុជាទទួល​បាន​៩.៣៧៦​អាសនៈ គណបក្សភ្លើងទៀន​ទទួលបាន​២.១៩៨​អាសនៈ ចំណែក​គណបក្ស​រាជានិយមហ៊្វុនសិនប៉ិចទទួល​បាន​១៩អាសនៈ។

គណបក្សខ្មែររួបរួមជាតិ​ទទួល​១៣​អាសនៈ គណបក្ស​ប្រជាធិបតេយ្យមូលដ្ឋាន​ទទួល​បាន​៦អាសនៈ គណបក្ស​ខ្មែរស្រឡាញ់ជាតិ​ទទួល​បាន​៥អាសនៈ គណបក្ស​យុវជនកម្ពុជា​ទទួល​បាន​៣អាសនៈ។ គណបក្សកម្ពុជានិយម​និង​គណបក្ស​សម្បុកឃ្មុំសង្គមប្រជាធិបតេយ្យ​ទទួល​បាន​ម្នាក់​មួយ​អាសនៈ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Candlelight Party vice president Son Chhay questioned in NEC lawsuit

302 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម