សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ ត្រូវបានឃុំខ្លួនពីបទញុះញង់ឱ្យប្រជាពលរដ្ឋបំផ្លាញសន្លឹកឆ្នោត

លោក ថាន់ ណារិន ប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ ដែលត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទីអាទិត្យ តាមបណ្តោយផ្លូវ៦០ម៉ែត្រ។ រូបភាពពីហ្វេសប៊ុកគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ
លោក ថាន់ ណារិន ប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ ដែលត្រូវបានឃាត់ខ្លួនកាលពីថ្ងៃទីអាទិត្យ តាមបណ្តោយផ្លូវ៦០ម៉ែត្រ។ រូបភាពពីហ្វេសប៊ុកគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ

លោក ថាន់ ណារិន ប្រធានក្រុមការងារគណបក្សភ្លើងទៀនខេត្តត្បូងឃ្មុំ ត្រូវបានសាលា​ដំបូង​រាជធានី​ភ្នំពេញសាកសួរ​ និងសម្រេច​ឃុំខ្លួនរូបលោក កាលពីថ្ងៃអាទិត្យ ​ពីបទញុះញង់​ឱ្យ​ប្រជាពលរដ្ឋ​បំផ្លាញ​សន្លឹកឆ្នោត នេះបើយោងតាមមន្ត្រីជាន់ខ្ពស់​របស់គណបក្សភ្លើងទៀន។

លោក គឹមសួរ ភិរិទ្ធ អ្នកនាំពាក្យបក្សភ្លើងទៀនបញ្ជាក់ថា លោក ថាន់ ណារិន ត្រូវបានអាជ្ញាធរចាប់ខ្លួន នៅ​អំឡុងពេលគាត់ធ្វើដំណើរមករាជធានីភ្នំពេញ នៅចំណុចមួយតាមបណ្តោយផ្លូវ៦០ម៉ែត្រ កាលពីថ្ងៃទី១៩ ខែសីហា ឆ្នាំ២០២៣។ ហើយកាលពីព្រឹកថ្ងៃអាទិត្យ ទី២០ ខែសីហា តុលាការបានសាកសួរ និងសម្រេចឃុំ​ខ្លួន​លោក ថាន់ ណារិន ជាបណ្ណោះអាសន្ន។

លោកអះអាងថា៖ «គ្រាន់តែដឹងថាគេចោទប្រកាន់គាត់ពីបទញុះញង់ឱ្យប្រជាពលរដ្ឋបំផ្លាញសន្លឹកឆ្នោត»

លោក ភិរិទ្ធ យល់ឃើញថា នេះជាការគំរាមកំហែងផ្នែកនយោបាយ ហើយស្ថានភាព​នៃការដាក់​សម្ពាធ​លើ​ស​មាជិកគណបក្សភ្លើងទៀន នៅតែមានបន្តទៀត ទោះបីគណបក្សមិនបានចូលរួមបោះឆ្នោត​តំណាង​រាស្ត្រ​អាណត្តិទី៧នេះក៏ដោយ។  ទន្ទឹងនឹងនេះលោកក៏អំពាវនាវឱ្យរដ្ឋាភិបាលថ្មី សម្រួលស្ថានការណ៍នយោបាយ ឱ្យ​វិលត្រឡប់មកជាប្រក្រតីភាពឡើងវិញ ដើម្បីចូលរួមកសាងប្រទេសជាតិទាំងអស់គ្នា។

លោកបន្តថា៖ «អាជ្ញាធរ ក៏ដូចជារដ្ឋាភិបាលថ្មីហ្នឹង មេត្តាពិចារណទម្លាក់ចោល ការចោទប្រកាន់​ទាំងអស់​នោះ​ទៅ! ព្រោះវាអត់ទាន់បានបង្កឱ្យមានជាចលាចលអីទេណ៎ា។ អញ្ចឹងទេ យើងចង់ឱ្យមានស្ថានភាព​នយោបាយល្អប្រសើរ ដើម្បីរៀបចំកសាងប្រទេសជាតិ»

ដោយឡែកលោក រ៉ុង ឈុន អនុប្រធានគណបក្សភ្លើងទៀន រៀបរាប់ថា អំឡុងពេលលោក ថាន់ ណារិន និងប្រពន្ធធ្វើដំណើរនៅតាមដងផ្លូវ៦០ម៉ែត្រ ខណៈពេលកំពុងឈប់នៅស្តុប ក៏មានអាជ្ញាធរមកឃាត់ ហើយ​ហៅលោក ណារិន ចុះពីលើឡាន ហើយក៏នាំលោកចូលទៅក្នុងឡានអាជ្ញាធរ ដោយឡែក​ប្រពន្ធ​លោក​ព្យាយាម​​សួររកហេតុផលនៃការចាប់ខ្លួន ប៉ុន្តែអាជ្ញាធរមិនឆ្លើយតប។ ហើយកាលពីថ្ងៃអាទិត្យ ទី២០ អាជ្ញាធរ​ក៏នាំខ្លួនលោកណារិន មកសាលាដំបូងរាជធានីភ្នំពេញ ដើម្បីស៊ើបសួរ ស្របពេលប្រពន្ធលោក ថាន់ ណារិន កំពុងដំណើរការរកមេធាវីការពារក្តីនៅឡើយ។

លោក រ៉ុង ឈុន បន្តថា៖ «អញ្ចឹងម្សិលមិញត្រូវបានគេបញ្ចូនទៅពន្ធនាគារម១ ព្រៃសហ្នឹង ហើយ»

លោកបន្ថែមថា តាំងពីដើមឆ្នាំ២០២៣ មកដល់ពេលនេះ មន្ត្រីជាន់ខ្ពស់ និងសមាជិករបស់​គណបក្ស​ភ្លើងទៀនប្រមាណជាង១០នាក់កំពុងជាប់ឃុំក្នុងពន្ធនាគារ ដែលចោទពីបទប្រហាក់ប្រហែលគ្នា គឺបទញុះញង់ និង​បង្ក​អសន្តិសុខ​សង្គមជាដើម។

លោក សាន សុខសីហា អ្នកនាំពាក្យនៃស្នងការនគរបាលក្រុងភ្នំពេញ បានឆ្លើយយ៉ាងខ្លីថា លោកមិនបាន​ដឹង​អំពី​ករណីនេះទេ ហើយលោកបានឱ្យសាកសួរទៅកាន់អាជ្ញាធរខេត្តត្បូងឃ្មុំជំនួសវិញ ប៉ុន្តែ​ស្នងការនគរបាល​ខេត្តត្បូងឃ្មុំ លោក ម៉ុន មាគ៌ា មិនអាចទាក់ទងសុំការបំភ្លឺអំពីករណីនេះទេ។

លោក អ៊ី រិន្ទ អ្នកនាំពាក្យនៃសាលាដំបូងរាជធានីភ្នំពេញ មិនអាចទាក់ទងសុំការអត្ថាធិប្យាយបានទេ នៅថ្ងៃចន្ទ ទី២១ ខែសីហា។

យោងតាមមន្ត្រីនគរបាល ​និងដីកា​តុលាការបានឱ្យដឹងថា មន្ត្រីគណបក្សភ្លើងទៀនបួនរូប​ត្រូវ​បាន​ចាប់ខ្លួនដែល​តាម​ចោទថា ដោយ​សារ​ញុះញង់ឱ្យបំផ្លាញ​សន្លឹកឆ្នោត។

យោង​តាម​គណៈកម្មការរៀបចំការបោះឆ្នោតរាជធានីភ្នំពេញ (PEC) បានឱ្យដឹងកាលពីសប្តាហ៍ទី៣ ខែកក្កដា ថា សមាជិក​គណបក្ស​ប្រឆាំងចំនួន១៧រូបត្រូវបានពិន័យ និងដក​សិទ្ធិ​ឈរឈ្មោះ​​ឱ្យ​គេ​បោះ​ឆ្នោតយ៉ាងតិច​២០ឆ្នាំផងដែរ បន្ទាប់​ពីត្រូវបានកាត់ទោសកំបាំងមុខពីបទញុះញង់​អ្នក​បោះឆ្នោត​ឱ្យ​បំផ្លាញ​សន្លឹកឆ្នោត។

សមាជិក​គណបក្ស​ប្រឆាំង​រួម​មាន​អតីត​តំណាងរាស្រ្ត​គណបក្ស​សង្គ្រោះ​ជាតិ​៦​រូប គឺ​លោក សម រង្ស៊ី លោកស្រី មូរ សុខហួរ លោក ឡុង រី លោក នុត រំដួល លោក ហ៊ូ វ៉ាន់ លោក គង់ សភា លោក អេង ឆៃអ៊ាង និង​សកម្មជន​ចំនួន១១​រូបផ្សេងទៀត​ រួម​មាន លោក សេង ម៉េងប៊ុនរ៉ុង និង​លោក ឆាម ឆានី នេះ​បើ​យោង​តាម​​ឯកសារ​ដែល​ចេញ​​ផ្សាយ​ដោយ PEC។

លោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ លើកឡើងថា ការចាប់ខ្លួនមន្ត្រី និង​សមាជិក​គណបក្សភ្លើងទៀនជាបន្តបន្ទាប់ដូច្នេះ ជំរុញឱ្យស្ថានភាពនយោបាយកាន់តែមិនល្អទៅ។ ដែលធ្វើឱ្យ​ប៉ះពាល់​ដល់សេរីភាពមូលដ្ឋានរបស់ពលរដ្ឋ ជាពិសេសសេរីភាព​ចូលរួមនយោបាយ​ដែលធានា​ដោយ​មាត្រា៣៥នៃរដ្ឋធម្មនុញ្ញ។

លោកឱ្យដឹងថា៖ «សហគមន៍អន្តរជាតិហ្នឹង គេរិះគន់ថា នេះវាជាការធ្វើទុក្ខបុកម្នេញ ឬការគំរាមគំហែង​បន្ថែមទៀត ទៅលើសកម្មជនគណបក្សប្រឆាំង ដែលធ្វើឱ្យប៉ះពាល់ដល់​សេរីភាពជាមូលដ្ឋាន»

202 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម