សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រោងចក្រ​​កែច្នៃ​ស្វាយ​ក្នុង​ខេត្ត​បាត់ដំបងរងការព្រមាន​រឿង​បញ្ចេញ​ទឹក​កខ្វក់ចូល​ក្នុង​ប្រឡាយ​

ប្រឡាយអូរត្រែង រងការបំពុលទឹកដោយសាររោងចក្រកែច្នៃស្វាយបញ្ចេញទឹកកខ្វក់ចូល ដែលបានធ្វើឲ្យត្រីជាច្រើនងាប់កាលពីដើមខែឧសភា។ រូបភាពថតកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ហ៊ែល កំសាន)
ប្រឡាយអូរត្រែង រងការបំពុលទឹកដោយសាររោងចក្រកែច្នៃស្វាយបញ្ចេញទឹកកខ្វក់ចូល ដែលបានធ្វើឲ្យត្រីជាច្រើនងាប់កាលពីដើមខែឧសភា។ រូបភាពថតកាលពីថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ហ៊ែល កំសាន)

អាជ្ញាធរ​ខេត្ត​បាត់​ដំបង​បាន​ចេញ​លិខិត​ព្រមាន​មួយ​ទៅ​កាន់​ម្ចាស់​រោង​ចក្រ​​កែច្នៃស្វាយ​ជា​ជន​ជាតិ​ចិន​ ដែល​រង​ការ​ចោទ​ប្រកាន់​ថា​បាន​បញ្ចេញ​ទឹក​កខ្វក់​ចូល​ក្នុង​ប្រឡាយ​អូរត្រែង ក្នុង​ភូមិ​ស្វាយស ឃុំ​អូរត្រែង ស្រុក​រតនមណ្ឌល​។​​

ការអន្តរគមន៍​របស់អាជ្ញាធរ​នេះ​ធ្វើ​ឡើង​បន្ទាប់​ពី​​ប្រជា​ពល​រដ្ឋ​បាន​បង្ហោះ​វីដេអូ​លើ​បណ្ដាញ​សង្គម​កាល​ពី​ថ្ងៃទី​៣ ខែឧសភា ឆ្នាំ​២០២៤ អំពី​ទឹក​កខ្វក់​ដែល​បាន​ហូរ​ចូល​ក្នុង​ប្រឡាយ​ និង​ជា​មូល​ហេតុ​មួយ​ដែល​បណ្ដាល​ឲ្យ​ត្រី​ជា​ច្រើន​បាន​ងាប់​។​

អ្នកស្រី ស៊ន ស្រីនាង វ័យ​៣៣​ឆ្នាំ ជា​អ្នក​ភូមិ​នៅ​ទី​នោះ​បាន​និយាយ​ថា​ អ្នក​ស្រី​មិន​ដឹង​ថា​រោងចក្រ​បញ្ចេញ​ទឹក​កខ្វក់​ចូល​ប្រឡាយ​ទេ រហូត​ដល់​អ្នក​ភូមិ​ផ្សេងទៀត​បាន​ឃើញ​​ត្រីជា​ច្រើន​បាន​ងាប់​អណ្ដែត​ពេញ​ទឹក​។​

អ្នក​ស្រី​ថា​នេះ​ជា​លើក​ទី​មួយ​ហើយ​ដែល​អ្នកស្រី​បានជួប​ហេតុការណ៍​បែប​នេះ។ អ្នកស្រីឲ្យដឹង​ថា​ខ្លួន​បាន​ប្រើ​ប្រាស់​ទឹក​ប្រឡាយ​នេះ​សម្រាប់​ស្រោច​ស្រព​ដំណាំ និង​សម្រាប់​គោ​ផឹក​។ ចំពោះទឹក​ប្រើប្រាស់​ប្រចាំ​ថ្ងៃ អ្នកស្រី​ប្រើ​ទឹក​អណ្ដូង​។ យ៉ាងណា​អ្នកស្រី បារម្ភ​ចំពោះ​កូនៗ​ដែល​ថា​អាច​មាន​បញ្ហា​ស្បែក ព្រោះ​ថា​ពួកគេ​បាន​ហែល​ទឹក​លេង​ក្នុង​ប្រឡាយ​នោះ​។​

អ្នកស្រី​បន្ត​ថា៖ «​ [ខ្ញុំ​] ឃើញ​ហើយ​ខ្លាចទឹក​ឡើង​ខ្មៅ និង​មាន​ត្រី​ងាប់​។ ខ្ញុំ​ឃើញ​គេ​រើស​ត្រី​ងាប់​បាន​កន្លឹះ​ថង់។ ខ្ញុំ​មិន​ហ៊ាន​ចាប់​ត្រី​ទាំង​នោះទេ ពី​ព្រោះ​ខ្ញុំ​ខ្លាច​ថា​វា​មាន​ជាតិ​ពុល»។​

អ្នកភូមិ​ម្នាក់​ទៀត គឺ​អ្នកស្រី ណាំ ស៊ីណាត វ័យ​៤៤​ឆ្នាំ បាន​និយាយ​ថា​អ្នក​ស្រី និង​អ្នក​ភូមិ​ផ្សេង​ទៀត​ពឹង​អាស្រ័យ​លើ​ប្រឡាយ​ក្រោយ​ផ្ទះ​មួយ​នេះ​សម្រាប់​យក​ទឹក​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ ដោយ​ហេតុ​ថា​នៅ​ខែ​ប្រាំង​មិន​មាន​ទឹក​ប្រើ​ប្រាស់​គ្រប់​គ្រាន់​ទេ​។​​

ចាប់​តាំង​ពី​រោង​ចក្រ​កែច្នៃ​ស្វាយ​បញ្ចេញ​ទឹក​កខ្វក់​ចូល​ប្រឡាយ​មក អ្នកស្រី​ថា​ខ្លួន​មិន​ហ៊ាន​ប្រើ​ប្រាស់​ទឹក​នោះ​ទៀត​ទេ និង​ជំនួស​មក​វិញ​ដោយ​ការទិញ​ទឹក​គេ​តម្លៃ​បី​ម៉ឺន​រៀល​ក្នុង​មួយ​ស៊ីទែន ដែល អាច​ប្រើ​បាន​បីថ្ងៃ​។​

ស្រី​ឲ្យ​ដឹង​ថា​ទឹក​មាន​ពណ៌​ខ្មៅ កខ្វក់ និង​មាន​ក្លិន​អាក្រក់​ទៀត ព្រម​ទាំង​បានធ្វើ​ឲ្យ​ត្រី​ងាប់​អណ្ដែត​ពេញ​ទឹក​។ អ្នកស្រី​ថា​ទឹក​កខ្វក់​ដែល​ហូរ​ចូល​ប្រឡាយ​នេះ​អាច​នឹង​មាន​ «ជាតិ​ពុល» អាច​ធ្វើ​ឲ្យ​ត្រី​ងាប់​។​

អ្នកស្រី​បន្ថែម​ថា៖ «​ទឹក​ខ្មៅ​ដូច​ទឹក​បង្គន់ ប៉ុន្តែ​ពេល​នេះពួកគេ [ក្រុម​ហ៊ុន] ឈប់​ [] ផ្អាក​​បញ្ចេញ​ទឹក​ទាំង​នោះ​ចូល​ប្រឡាយ​ហើយ​ពេល​នេះ។ ថ្វី​បើ​ខ្ញុំ​រស់​នៅ​ប្រហែល​២០០​ម៉ែត្រ​ពី​ប្រឡាយ តែ​ខ្ញុំ​នៅ​តែ​ធុំ​ក្លិន​ទឹក​កខ្វក់​នោះ»។​

ទឹក​ប្រឡាយ​ដែល​អ្នក​ភូមិ និង​អ្នកស្រី​ស៊ីណាត ធ្លាប់​យក​ប្រើ​ប្រាស់​ប្រចាំ​ថ្ងៃ និង​ស្រោច​ស្រព​ដំណាំនោះ ពេល​នេះ​អ្នកភូមិ​លែង​ហ៊ាន​ប្រើ​ទៀត​ហើយ​តាំង​ពី​ប្រឡាយ​រង​ការ​បំពុល​មក ហើយ​អ្នក​ភូមិ​ងាក​ម​ទិញ​ទឹក​ស៊ីទែន​ប្រើ​ប្រាស់​វិញ​។​

អ្នកស្រី​ថា៖ «​លែង​មាន​អ្នក​ហ៊ាន​ហែល​ទឹក​ក្នុង​ប្រឡាយ​ទៀត​ហើយ​។ ខ្ញុំ​នៅ​តែ​ខ្លាច ពីព្រោះ​ថា​ទឹក​នៅ​តែ​មាន​ក្លិន​ស្អុយ ហើយ​វា​អាច​ជា​មាន​ជាតិ​ពុល និង​បង្ក​ការ​រមាស់»។​

អ្នកស្រី​ជំរុញ​ឲ្យ​អាជ្ញាធរ​ពង្រឹង​ការ​អនុវត្ត​ច្បាប់ និង​គ្រប់​គ្រង​រោងចក្រ​​ដែល​មាន​ទីតាំង​ជិត​លំនៅដ្ឋាន​ប្រជា​ពល​រដ្ឋ​ឲ្យ​បាន​តឹង​រ៉ឹង ជៀសវាង​បញ្ហា​ប៉ះពាល់​ដល់​ជីវិត​ប្រជា​ពល​រដ្ឋ​ក្នុង​តំបន់​។​

អ្នកស្រី​បន្ថែម​ថា៖ «បើ​សិន​ជា​ក្រុម​ហ៊ុន​ធ្វើ​រឿង​នេះ​ទៀត អាជ្ញាធរ​ត្រូវ​ចុះ​មក​ពិនិត្យ មិនត្រូវ​ឲ្យ​វា​ហូរ​ចូល​ប្រឡាយ​បែបនេះ​ទេ​។ យើង​មិន​មាន​ទឹក​ប្រើ​ប្រាស់​ទេ ដូច​នេះ​យើង​ទិញ​ទឹក​គេ ហើយ​វា​មាន​តម្លៃ​ថ្លៃ​ក្នុង​រដូវ​ប្រាំង»។​

អ្នកស្រី ស្រី ពៅ វ័យ​៤១​ឆ្នាំ បង្ហាញ​ការ​យល់​ឃើញ​ប្រហាក់​ប្រហែល​គ្នា​នេះ​ដែរ។ អ្នកស្រី​កត់​សម្គាល់​ថា​ការ​បញ្ចេញ​ទឹក​កខ្វក់​ពី​រោង​ចក្រមិន​មែន​ទើប​កើត​មាន​តែម្ដង​នោះទេ។ អ្នកស្រី​ថា​វា​បាន​កើត​ឡើងច្រើន​ដង​មក​ហើយ ​មាន​ទាំង​រោងចក្រកែ​ច្នៃ​ស្វាយ និង​ដំឡូង​នៅ​ក្នុង​តំបន់​។​

​អ្នកស្រី​ឲ្យដឹង​ថា៖ «​នេះ​មិន​មែន​ជា​ការបញ្ចេក​ទឹក​កខ្វក់​លើក​ទី​មួយ​ទេ។ អ្នក​ភូមិ​មាន​ភាព​សកម្ម​ណាស់ [ទាក់ទង​នឹង​បញ្ហា​នេះ] ខណៈ​ដែលទឹក​កខ្វក់​ហូរចូល​ប្រឡាយ​នៅ​រដូវ​ប្រាំង ពេល​ដែល​ប្រជា​ពល​រដ្ឋ​ខ្វះទឹក​ប្រើប្រាស់។ គ្រប់គ្នា​ពឹង​លើ​ប្រឡាយ​មួយ​នេះ»។​

​អ្នកស្រី​ជឿ​ថាទឹក​ហូរ​ចេញ​ពី​រោង​ចក្រ​កែច្នៃ​ស្វាយ​នេះ​អាច​មានផ្ទុកសារធាតុ​កខ្វក់​ដែល​អាច​ប៉ះពាល់​ដល់​សុខ​ភាព​ស្បែក ដោយសារ​ថា​អ្នក​ប្រើ​ប្រាស់​ទឹក​នេះ​កន្លង​មក​បាន​ជួប​បញ្ហារមាស់ និង​កន្ទួល​លើ​ស្បែក​។​

អ្នកស្រី​ឲ្យ​ដឹងថា៖ «​រោងចក្រ​កែច្នៃស្វាយ​បាន​ប្រើ «ថ្មស្អុយ» ដើម្បីធ្វើ​ឲ្យ​ស្វាយ​ទុំ»។ អ្នកស្រី​បន្ថែម​ថាអាការៈរមាស់​ស្បែក​នេះ​អាច​កើត​ចេញ​ពី​ការ​ប្រើ​ប្រាស់ទឹក​​ដែល​គេ​ប្រើ​សម្រាប់​លាង​​ស្វាយ​។

អ្នកស្រី​បន្តថា៖ «ខ្ញុំ​មិន​ដឹង​ថា​ហេតុ​អ្វី​បាន​ជា​វា​កើត​ឡើង​ទេ។ អ្នកជិតខាង​ខ្ញុំ​ជួប​បញ្ហា​រមាស់​ស្បែកធ្ងន់ធ្ងរជាង​ខ្ញុំ។ ពេល​ខ្ញុំ​ទៅ​ចម្ការ ខ្ញុំ​សម្គាល់​ឃើញ​ថា​វា​ទំនងជា​កើតចេញ​ពី​ទឹក​ប្រឡាយ​»​​។

​អ្នក​ស្រី​លើក​ឡើង​ថា​រោងចក្រ​ស្វាយ​មាន​ប្រព័ន្ធ​ទឹកកខ្វក់ ប៉ុន្តែ​មិន​ដឹង​ថា​ហេតុ​អ្វី​ខាង​រោង​ចក្រ​បញ្ចេញ​ទឹក​កខ្វក់​ទាំង​នេះ​ចូល​ក្នុង​ប្រឡាយ​ទៅ​វិញ​។​

អ្នកស្រី​ជំរុញ​ឲ្យ​អាជ្ញាធរ​ពាក់​ព័ន្ធ​ស៊ើបអង្កេត​លើ​រោងចក្រ​ទាំង​នេះ ដើម្បី​ធានាថា​ម្ចាស់​រោង​ចក្រ​អនុវត្ត​តាម​ស្តង់ដារ​បច្ចេក​ទេស​ ដើម្បី​ការពារ​សុខុមាល​ភាព​ប្រជាពល​រដ្ឋ​។​

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋបាល​ស្រុក​រតនមណ្ឌល បាន​បញ្ជាក់​តាម​បណ្ដាញ​សង្គម​ថា​ទឹក​កខ្វក់​ដែល​បាន​បណ្ដាល​ឲ្យ​ត្រី​ក្នុង​ប្រឡាយ​ងាប់​​គឺ​ចេញ​ពី​រោងចក្រ​កែច្នៃ​ស្វាយ​មួយ​របស់​ក្រុម​ហ៊ុន​​​​ Cambodian Gome Farm Food Co Ltd នៅ​ក្នុង​ភូមិ​នោះ​។​

អាជ្ញាធរ​បាន​និយាយ​ថា​ក្រុម​ហ៊ុន​រង​ការ​ចោទ​ប្រកាន់​ថា​បាន​បញ្ចេញ​ទឹក​កខ្វក់​ចូល​ក្នុង​ប្រឡាយ​អូរត្រែង និង​ហូរ​ទៅ​កាន់​ស្ទឹង​សង្កែ ដែល​មាន​ចម្ងាយ​ប្រហែល​ជា​១០​គីឡូម៉ែត្រ​ពី​ប្រឡាយ​ពហុបំណង​ (ផ្លូវទៅ​កាន់ខេត្ត​ប៉ៃលិន)។​

បើ​តាម​មេភូមិ​ស្វាយ​ស លោក វន ជឿន នៅ​តំបន់​នោះ​មាន​ប្រជា​ពល​រដ្ឋប្រហែល​ជា​២០០​គ្រួសារ​រស់នៅ ហើយ​ភាគ​ច្រើន​នៃ​អ្នក​ទាំង​នោះ​ចេញ​ទៅធ្វើ​ការនៅ​ប្រទេស​ថៃ​​។​

លោក​បាន​ប្រាប់​ខេមបូចា​ថា ក្រោយ​ពី​បាន​ឃើញ​អ្នក​ភូមិ​បង្ហោះ​បញ្ហា​ទឹក​កខ្វក់​ហូរចូល​ប្រឡាយ អាជ្ញាធរ​បាន​ចុះ​ពិនិត្យនៅ​ទីតាំង និង​បាន​បិទ​បំពង់​បង្ហូរ​ទឹកកខ្វក់​នោះ​។ ម្ចាស់រោងចក្រ​ក៏​បាន​ទទួល​លិខិត​ព្រមាន និង​ធ្វើ​កិច្ច​សន្យា​​ឲ្យ​អនុវត្ត​តាមការណែ​នាំ​ដែល​មាន​ស្រាប់​។​

លោក​ថា​ដោយសារតែ​មាន​ភ្លៀង​ធ្លាក់​ទើប​ធ្វើ​ឲ្យ​ទឹក​ក្នុង​ប្រឡាយ​មាន​ស្ថាន​ភាព​ល្អ​ប្រសើរ​ឡើង​វិញ និង​មិន​សូវ​មាន​ក្លិន​ស្អុយ​នោះទេ។ លោក​បន្ថែម​ថា ការ​បញ្ចេញ​ទឹក​កខ្វក់​នេះ​អាច​ដោយសារតែ​ «ការធ្វេសប្រហែស» របស់​រោងចក្រ និង​ថា​អាជ្ញាធរ​បាន​ធ្វើ​ការណែនាំ​ជា​ច្រើន​ចំណុច​ផង​ដែរ។​​

លោក​បន្ត​ថា៖ «​វា​អាច​ជា​ចេតនា ឬ​អចេតនា ពី​ព្រោះ​រោង​ចក្រ​ពឹង​ផ្អែក​លើ​ស៊ីទែក​ស្ដុក​ទឹក​ទាំង​នោះ​ ដែល​អាច​មាន​មិនគ្រប់​។ ពេល​ខ្ញុំ​ដើរ​ជិត វា​មាន​ក្លិន​អាក្រក់​»។​

​ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្តបាត់​ដំបង លោក កត បូរាន មាន​ប្រសាសន៍​ថា​បញ្ហា​ទឹក​កខ្វក់​នេះ បាន​ដោះ​ស្រាយ​ជាមួយ​ម្ចាស់​រោង​ចក្រ​រួច​រាល់​ហើយ​។ ចំណែក​ឯសំណាក​របស់​ទឹក លោក​ថា​ ក៏​ត្រូវ​បាន​យក​ទៅ​មន្ទីរ​ពិសោធន៍​ដើម្បី​ពិនិត្យ​មើល​ថា​មាន​ជាតិ​ពុល​​ឬយ៉ាងណា​ដែរ​ហើយ​។ លោក​ថា​លទ្ធផល​នឹង​បង្ហាញ​នៅ​ពេល​ក្រោយ​។​

យ៉ាងណា​លោក​បញ្ជាក់​ថា​ទឹក​កខ្វក់​ដែល​ហូរ​​ចូល​ប្រឡាយ​នោះ «មិនមែនជា​ទឹក​ពុល​ដែល​អាច​ធ្វើ​ឲ្យ​ប៉ះពាល់​សុខ​ភាព​មនុស្ស និង​ជីវចម្រុះ​នោះទេ»។ លោក​ថា​អាជ្ញាធរ​នឹង​បន្ត​តាម​ដាន​រោងចក្រ ដែល​ពេល​នេះ​កំពុង​បន្តសាងសង់​អាគារ​បន្ថែមដើម្បីធានា​ពី​​លំហូរ​ទឹក​នេះ​ឲ្យ​ត្រឹម​ត្រូវ​តាម​បច្ចេក​ទេស​ស្តង់ដារ​។​

លោក​បន្ថែមថា៖ «ក្រុមការងារ​បាន​ចុះ​ទៅ​ពិនិត្យ​ដល់​កន្លែង​បង្ហូរ​ទឹក និង​បាន​ឲ្យ​ក្រុម​ហ៊ុន​ចុះ​ហត្ថលេខា​លើ​កិច្ច​សន្យា​។ យើង​ក៏​បាន​ផ្ដល់​ជា​អនុសាសន៍​​មួយ​ចំនួន​ទៅ​ដល់​ម្ចាស់​រោងចក្រ។ ​យើង​ឃើញ​ថា​ទឹក​កខ្វក់​នោះ​មិន​ប៉ះពាល់​ធ្ងន់ធ្ងរ​ដល់​មនុស្ស និង​ជីវៈចម្រុះ​នោះទេ វា​គ្រាន់​តែជា​ទឹក​លាង​ស្វាយ​ធម្មតា មិនមាន​ជាតិគីមី​អីទេ»។​​

ក្រុម​ហ៊ុន​មិន​អាច​ទាក់ទង​សុំ​ការ​អត្ថាធិប្បាយ​បាន​ទេ​។​

មន្ត្រី​សម្របសម្រួលរបស់​អង្គការ​សិទ្ធិមនុស្ស​លីកាដូ​ប្រចាំ​ខេត្ត​បន្ទាយ​មានជ័យ លោក អ៊ិន គង់ជិត មាន​ប្រសាសន៍ថាមន្ត្រី​ត្រូវ​តែ​ពិនិត្យ​​ឲ្យ​បាន​ល្អិត​ល្អន់​ទៅលើ​រោងចក្រ ដូច​នេះ​ពួក​គេនឹង​​អនុវត្ត​តាម​បច្ចេកទេស​ស្តង់ដារ និង​ជៀស​វាង​ការ​ប្រព្រឹត្ត​កំហុសដដែលៗ​។​

លោក​បន្ថែមថា៖ «រោងចក្រ​គួរមាន​ការ​បែង​ចែក​កន្លែង​ស្តុក​សំណល់​រឹង និង​ជៀសវាង​ការ​បញ្ចេញ [ទឹកកខ្វក់] ចូល​ក្នុង​ប្រឡាយដែល​អាច​ហូរ​ចូលដល់ស្ទឹង​សង្កែ និង​អាច​បង្ក​ជា​ជំងឺ​ផ្សេង​ៗ ពីព្រោះ​យើង​ដឹង​ថា​មនុស្ស​ជា​ច្រើន​ប្រើ​ប្រាស់ទឹកស្ទឹង​សង្កែ​»។​

លោកថា​ក្រុម​ហ៊ុន​បង្កើត​ឡើង​ដើម្បី​ប្រាក់ចំណេញ​ផ្ទាល់​ខ្លួន មិន​គួរ​បង្កការ​លំបាក​ដល់​ប្រជា​ពល​រដ្ឋ​នោះទេ​។ លោក​បន្ត​ថា​ក្រ​សួង​ និង​មន្ទីរ​ពាក់ព័ន្ធ​គួរ​ពិនិត្យ​មើល​ថា​ក្រុម​ហ៊ុន​បាន​ធ្វើ​ការ​សិក្សា​ពី​ផល​ប៉ះពាល់បរិស្ថាន​ និង​សង្គម​ដែរ​ឬយ៉ាងណា​។ លោកបន្ថែម​ថា​បើ​សិន​ជា​មិន​ទាន់​ធ្វើ​ទេ គួរ​តែចាប់​ផ្ដើម​ធ្វើ​ជា​បន្ទាន់។​

កាលពី​ឆ្នាំ​២០២៣ បញ្ហា​ប្រហាក់ប្រហែល​គ្នា​នេះ​បាន​កើត​ចេញ​ពី​រោងចក្រ​ផលិត​ឱសថ​មួយ​ដែល​បាន​លេច​ចេញ​នូវ​សារធាតុគីមី​ចូល​ស្ទឹង​សង្កែ បំពុល​ទឹក​ដែល​ប្រជា​ពល​រដ្ឋ​ប្រើ​ប្រាស់ និង​បាន​បង្ក​ឲ្យ​ត្រីងាប់​ជា​ច្រើន​ផងដែរ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Chinese Mango Processing Factory in Battambang Warned For Discharging Sewage Into Stream

445 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម