សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សកម្មជនបរិស្ថានសម្តែងការព្រួយបារម្ភជុំវិញការបង្ហូរទឹកកខ្វក់ចូលស្ទឹងសៀមរាប

ទឹកកខ្វក់ហូរចូលស្ទឹងសៀមរាប។ រូបភាពថតកាលពីខែមករា ឆ្នាំ ២០២២។ ដោយ៖ ថុន រដ្ឋា
ទឹកកខ្វក់ហូរចូលស្ទឹងសៀមរាប។ រូបភាពថតកាលពីខែមករា ឆ្នាំ ២០២២។ ដោយ៖ ថុន រដ្ឋា

សកម្មជនបរិស្ថានម្នាក់ដែលជាប់ពន្ធនាគារជាងមួយឆ្នាំទាក់ទងនឹងការងារបរិស្ថានរបស់ខ្លួនបានចេញវីដេអូមួយកាលពីថ្ងៃសុក្រ ដែលបង្ហាញទឹកកខ្វក់ហូរចូលស្ទឹងខេត្តសៀមរាប ដោយនិយាយថា លោកមានការព្រួយបារម្ភអំពីផលប៉ះពាល់ចំពោះសុខភាពសាធារណៈ។

លោក ថុន រដ្ឋា ដែលពីមុនមានទំនាក់ទំនងជាមួយអង្គការមាតាធម្មជាតិ ត្រូវបានចាប់ ខ្លួនកាលពីខែកញ្ញា ឆ្នាំ២០២០ ហើយត្រូវបានឃុំខ្លួនរហូតដល់ខែវិច្ឆិកា ឆ្នាំ២០២១ ក្រោមការចោទប្រកាន់ពីបទញុះញង់ដោយសារតែជួយរៀបចំផែនការតវ៉ាទោលប្រឆាំងនឹងការចាក់ដីលុបបឹងតាមោកនៅក្នុងរាជធានីភ្នំពេញ។

កាល​ពី​ថ្ងៃ​សុក្រ លោក​បាន​បង្ហោះ​វីដេអូ​មួយ​លើ​បណ្ដាញ​សង្គមហ្វេសប៊ុក (Facebook) បង្ហាញ​ពី​ទឹក​កខ្វក់ ដែល​លោក រដ្ឋា និយាយ​ថា​ ជា​ទឹក​ស្អុយ​ដែល​មិនទាន់​បាន​ធ្វើប្រព្រឹត្តិកម្មដែល​ហូរ​ចេញពីក្រោយផ្សារនិង​លំនៅដ្ឋាន ហើយ​ហូរចូល​ទៅ​ក្នុង​ស្ទឹង​សៀមរាប។

លោក រដ្ឋា បាននិយាយនៅក្នុងវីដេអូថា៖ «ខ្ញុំមានការព្រួយបារម្ភថា ទឹកកខ្វក់ដែលមិន ទាន់បានចម្រោះនិងហូរចូលស្ទឹងសៀមរាបនិងបន្តហូរចូលបឹងទន្លេសាបមិនត្រឹមតែអាចធ្វើឲ្យខូចមុខមាត់ប្រទេសកម្ពុជាប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបំផ្លាញជីវចម្រុះនៅ ក្នុងទន្លេផងដែរ»។

លោក​កត់​សម្គាល់​ថា ទឹក​ស្ទឹងនេះ ​ក៏ត្រូវបានគេ​ប្រើ​សម្រាប់​ស្រោច​ដំណាំ ដាំ​បន្លែនិង​សម្រាប់ចិញ្ចឹម​ត្រីដែល​បង្ក​គ្រោះថ្នាក់​ដល់​សុខភាព​សាធារណៈ។

ក្នុង​វីដេអូនេះ លោក រដ្ឋា កត់​សម្គាល់​ថា ក្រុង​សៀមរាប​មាន​អាង​ប្រព្រឹត្តិកម្មចម្រោះ​ទឹក​កខ្វក់​ទំហំ១២ហិកតា ដែល​ចំណាយ​ពេល​សាងសង់៧ឆ្នាំនិង​ចំណាយ​ថវិកា​ប្រមាណ ១៤លាន​ដុល្លារ។ ប៉ុន្តែ​លោក​បាននិយាយថា អាងនេះនេះ​ហាក់​ដូច​ជា​បាន​ប្រែ​ក្លាយ​ទៅ​ជា​កសិដ្ឋាន​ចិញ្ចឹម​ត្រីទៅហើយ។

លោក​បាន​និយាយថា៖ «ខ្ញុំ​បាន​ព្យាយាម​ស្វែង​រក​ព័ត៌មាន​អំពី​រោងចក្រ​ប្រព្រឹត្តិកម្ម​ចម្រោះទឹកកខ្វក់ ប៉ុន្តែ​ខ្ញុំ​មិន​អាច​រកបាននោះ​ទេ»។ នៅចុងបញ្ចប់នៃវីដេអូឃ្លីបនេះ លោក រដ្ឋា អំ ពាវនាវដល់មន្ត្រីពាក់ព័ន្ធជួយដោះស្រាយបញ្ហានេះ ហើយធ្វើឲ្យប្រាកដថា រោងចក្រប្រព្រឹត្តិកម្មទឹកកខ្វក់បន្តដំណើរការឡើងវិញ។

ទឹកស្ទឹងសៀមរាបប្រែជាពណ៌ខ្មៅនៅរដូវប្រាំង ខណៈទឹកកខ្វក់នៅតែបន្តហូរចូល។ រូបភាពថតកាលពីខែមករា ឆ្នាំ២០២២។ ដោយ៖ ថុន រដ្ឋា

លោក ស៊ុន គង់ ប្រធាន​មន្ទីរ​បរិស្ថាន​ខេត្ត​បាន​បដិសេធ​ការ​លើក​ឡើង​របស់​សកម្មជន​រូបនេះ ដោយនិយាយ​ថា រោងចក្រ​ប្រព្រឹត្តិកម្មចម្រោះ​ទឹកកខ្វក់នៅ​តែ​ដំណើរការ ហើយ​ថា អាជ្ញាធរ​បាន​យក​ចិត្ត​ទុក​ដាក់​ក្នុង​ការ​​ធ្វើឲ្យប្រាកដថា ​ប្រព័ន្ធ​លូ​ដំណើរការ​ល្អ​។

លោក​មានប្រសាសន៍ថា៖ «ស្ថាប័ន​ពាក់ព័ន្ធ​បាន​សាងសង់​ហេដ្ឋារចនាសម្ព័ន្ធ​ល្អ​ លុះ ត្រាតែវា​លេច​ធ្លាយ​កន្លែង​ណាមួយ​ដែល​យើង​មិន​ដឹង​»។

លោក ស៊ុន គង់ បាន​បង្វែរ​សំណួរ​បន្ថែម​ទៅ​មន្ទីរ​សាធារណការ និង​ដឹកជញ្ជូន។

លោក លី សំរិទ្ធ អភិបាលរងខេត្តសៀមរាបបានទទួលស្គាល់ថា ទឹកកខ្វក់មួយចំនួននៅតែបន្តហូរចូលទន្លេ ជាពិសេសខណៈពេលដែលរដ្ឋាភិបាលធ្វើការជួសជុលផ្លូវចំ នួន៣៨ខ្សែ។

លោក​បាន​មានប្រសាសន៍ថា៖ «កាល​ពី​មុន យើង​គ្មាន​ [ ប្រព័ន្ធ​លូ​ ] ទេ ប៉ុន្តែ​ឥឡូវ​យើង​បាន​ធ្វើវា ​ហើយ​នៅ​តែ​ការ​តភ្ជាប់​សម្រាប់​ការ​ប្រើ​ប៉ុណ្ណោះ»​ «វា​មិន​មែន​ជា​បញ្ហា [មាន​ផល​ប៉ះ​ពាល់​ច្រើន] ទេ ប៉ុន្តែ​វា​ពិបាក​បន្តិច​ក្នុង​កាលៈទេសៈ​នេះ» ដោយ​បន្ថែម​ថា មន្ត្រី​កំពុង​ធ្វើ​ការ​​តភ្ជាប់​​ឡើង​វិញ។

ទឹកកខ្វក់ហូរចូលប្រឡាមួយក្នុងក្រុងសៀមរាប និងហូរបន្តចូលស្ទឹងសៀមរាបដោយពុំបានចម្រោះ។ រូបភាពថតកាលពីខែមករា ឆ្នាំ២០២២។ ដោយ៖ថុន រដ្ឋា

ថ្លែងប្រាប់ខេមបូចា លោក រដ្ឋា និយាយថា លោកនឹងបន្តយកចិត្តទុកដាក់លើបញ្ហាបរិស្ថាន បើទោះជាលោកត្រូវជាប់ពន្ធនាគារក៏ដោយ។

លោក​បាន​និយាយ​ថា៖ «ខ្ញុំ​មិន​បារម្ភ [អំពី​ការ​ចាប់​ខ្លួន​ឡើង​វិញ] ទេ ព្រោះ​វីដេអូ​នេះ​គឺជា​ការ​អនុវត្ត​សិទ្ធិ និង​សេរីភាព​ក្នុង​នាម​ជាយុវជន​ដែល​ស្រឡាញ់​បរិស្ថាន»។

លោក​បាន​បន្ថែម​ថា៖​ «ក្នុង​ករណី​ដែល​ខ្ញុំ​ត្រូវ​​ចាប់​ខ្លួន​ វា​បង្ហាញ​យ៉ាង​ច្បាស់​ថា​កម្ពុជា​គ្មាន​សិទ្ធិ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​»។

លោក​និយាយថា បើ​អាជ្ញាធរ​ខេត្ត​មិន​គ្មានការ​ឆ្លើយ​តប​ទេ លោក​នឹង​ដាក់​លិខិត​ផ្លូវការ​ទៅ​ជួប​មន្ត្រី​ ដើម្បី​រក​ដំណោះស្រាយ​បញ្ហាទឹក​កខ្វក់៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Environmental activist raises concerns over sewage treatment in Siem Reap province

755 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម