សកម្មជនបរិស្ថានបានដាក់ញតិទៅក្រសួងបរិស្ថាននៅថ្ងៃទី២៣ ខែសីហា ស្នើក្រសួងបរិស្ថានដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រ បន្ទាប់ពីរដ្ឋាភិបាលផ្តល់សិទ្ធិឱ្យក្រុមហ៊ុនឈ្មោះកោះកុង SEZ របស់ឧកញ៉ា លី យ៉ុងផាត់ សមាជិកព្រឹទ្ធិសភាមកពីគណបក្សកាន់អំណាច អភិវឌ្ឍន៍តាំងពីឆ្នាំ២០១៩។
យុវជនយុវតីប្រមាណ១២នាក់ដែលជាអ្នកស្រលាញ់បរិស្ថាន ធនធានធម្មជាតិតុបតែងខ្លួនជាមួយការពាក់មួកសុវត្ថិភាព ដោតអង់តែន និងផ្កាយរណប ដើរពីមជ្ឈមណ្ឌលភ្នំពេញយកញត្តិទៅដាក់នៅក្រសួងបរិស្ថាន ដើម្បីឱ្យក្រសួងបរិស្ថានបកស្រាយជាសាធារណៈ អំពីលទ្ធផលនៃកិច្ចស្រាវជ្រាវកន្លងមក ដើម្បីដាក់តំបន់កោះក្រុងក្រៅជាតំបន់អភិរក្ស។
បើតាមកញ្ញា ភួន កែវរស្មី ជាសកម្មជនបរិស្ថាន ប្រាប់ឱ្យដឹងថា ដោយសារតែក្រសួងបរិស្ថានបានសិក្សាស្រាវជ្រាវអំពីតំបន់កោះកុងក្រៅអស់រយៈពេល៦ឆ្នាំមកហើយ ដូច្នេះគោលបំណងរបស់យុវជនដែលយកញតិមកដាក់នេះ គឺដើម្បីស្នើឱ្យក្រសួងបរិស្ថាន បង្ហាញលទ្ធផលនៃការសិក្សាកន្លងមក និងបង្ហាញពីលទ្ធភាពវិជ្ជមានដើម្បីលុបចោលគម្រោងអភិវឌ្ឍន៍នៅកោះកុងក្រៅ ហើយប្រគល់សិទ្ធិឱ្យរដ្ឋជាអ្នកគ្រប់គ្រងវិញ។
បើតាមកញ្ញាថ្លែងថា៖ «ពេលនេះគឺ២០២២ហើយកោះកុងក្រៅនៅមិនទាន់មានសេចក្ដីប្រកាសណាមួយ ឬអនុក្រឹត្យណាមួយបញ្ជាក់ថាកោះកុងក្រៅជាឧទ្យានជាតិសមុទ្យនៅឡើយទេ ចឹងខ្ញុំសង្ឃឹមថា ក្រសួងនឹងទទួលញត្តិ និងឆ្លើយតបមកពួកយើងវិញជាវិជ្ជមាន»។
យុវតីរូបនេះបន្តថា កោះកុងក្រៅគឺជាកោះដែលធំជាងគេ ស្អាតជាងគេនៅក្នុងប្រទេសកម្ពុជាបន្ទាប់ពីកោះត្រល់ដែលកម្ពុជាបាត់បង់ទៅ។ កញ្ញាពិតជាមានការសោកស្ដាយដែលរដ្ឋាភិបាលសម្រេចផ្ដល់សិទ្ធិឱ្យក្រុមហ៊ុនលោក លី យ៉ុងផាត់ គ្រប់គ្រងដោយគ្មានការចូលរួមដឹងឮពីប្រជាជន និងវាយតម្លៃផលប៉ះពាល់បរិស្ថាន។
កញ្ញាអះអាងថា ហេតុអ្វីរដ្ឋាភិបាលទុកចិត្តលើក្រុមហ៊ុនលោក លី យ៉ុងផាត់ ព្រោះបុគ្គលនេះមានប្រវត្តិមិនល្អក្នុងការធ្វើជំនួញឡើយ ហើយកញ្ញាទទូចឱ្យរដ្ឋាភិបាលដកតំបន់នោះមកជាតំបន់ឧទ្យានជាតិសមុទ្រវិញ គ្រប់គ្រងដោយរដ្ឋ ខណៈបច្ចុប្បន្ននេះ កញ្ញារកឃើញមានស្នាមកាប់ព្រៃឈើធំជាងមុនក្នុងបរិវេណឆ្នេរទី១នៃតំបន់កោះកុងក្រៅទៀតផង។
កញ្ញាបញ្ជាក់ថា៖ «យើងបារម្ភណាស់បើមើលពីប្រវត្តិលលោក លី យ៉ុងផាត់ ពាក់ព័ន្ធជាមួយការអភិវឌ្ឍ និងការធ្វើជំនួញ គឺលើទឹកភ្នែករាស្រ្ត រំលោភសិទ្ធិមនុស្ស ប្រើប្រាស់ពលកម្មកុមារ តើយើងទុកចិត្តម៉េចបានក្នុងការប្រគល់ធនធានដ៏កម្រឱ្យលោកលី យ៉ុងផាត់? ចឹងទើបយើងចង់ឱ្យរដ្ឋាភិបាលដកអាជ្ញាបណ្ណពីក្រុមហ៊ុនSEZ និងដាក់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រគ្រប់គ្រងដោយរដ្ឋ»។
កញ្ញាបន្តថា ក្រសួងបរិស្ថាន ក្រសួងកសិកម្ម រុក្ខាប្រមាញ់និងនេសាទ អាចសហការគ្នាក្នុងការមើលថែកោះកុងក្រៅ និងអាចទាញចំណូលពីភ្ញៀវទេសចរចូលរដ្ឋបាន ដោយមិនបាច់ពឹងផ្អែកលើក្រុមហ៊ុនឯកជនឡើយ។ កញ្ញាថា យុវជនចង់ឃើញតំបន់កោះកុងក្រៅមានអនុក្រឹត្យការពារដូចតំបន់ភ្នំតាម៉ៅដែរ ដោយមិនចង់ឃើញបាត់បង់ហើយ ទើបចេញមកការពារ ឬដាំដើមឈើឡើងវិញដូចព្រៃនៅភ្នំតាម៉ៅឡើយ។
កញ្ញាបន្ថែមថា៖ «យើងជាយុវជនខំការពារទុកមុនកុំឱ្យដូចភ្នំតាម៉ៅអស់ប្រាំមួយ ប្រាំពីររយហិកតាហើយ ទើបតែចេញអនុក្រឹត្យដាក់ជាតំបន់ការពារ ដូច្នេះយើងចង់ឃើញកោះកុងក្រៅការពារ នៅពេលដែលមានសម្រស់ស្រស់ស្អាត»។
ចំណែកយុវតី ដាំ សុស្រីនាង ជានិស្សិតមួយរូប លើកឡើងថា ការចូលរួមដាក់ញត្តិដើម្បីសុំការបកស្រាយពីក្រសួងបរិស្ថាន គឺជាសិទ្ធិរបស់យុវជន ក្នុងការឈឺឆ្អាលពីបញ្ហាសង្គម ក៏ដូចជាធនធានធម្មជាតិ។ យុវតីរូបនេះបន្តថា តំបន់កោះកុងក្រៅ គឺជាតំបន់សក្ដានុពលមួយដែលទាក់ទាញភ្ញៀវទេសចរ និងរកចំណូលជូនរដ្ឋ។
កញ្ញា សុស្រីនាង ឱ្យដឹងថា៖ «ខ្ញុំស្គាល់ពីសិទ្ធិខ្លួនឯង ក៏ដូចជាចូលរួមដើម្បីគាំទ្របានជាសម្លេងកាន់តែខ្លាំងដើម្បីទទួលបានការឆ្លើយតបពីក្រសួងបរិស្ថាន ប្រសិនបើបាត់បង់យើងមានការសោកស្ដាយណាស់»។
យុវតីរូបនេះអះអាងថា ក្រសួងបរិស្ថានបានចំណាយពេលសិក្សាស្រាវជ្រាវយូរឆ្នាំមកហើយ សមល្មមបង្ហាញលទ្ធផលជាសាធារណៈ ឱ្យបានដឹងអំពីដំណើរការអំពីការដាក់តំបន់កោះកុងក្រៅជាតំបន់ឧទ្យានជាតិសមុទ្រ។
កញ្ញាថ្លែងទៀតថា៖ «សម្រាប់ខ្ញុំជាយុវជន ខ្ញុំពិតជាចង់បានរបាយការណ៍នានាដែលក្រសួងបានសិក្សាស្រាវជ្រាវកន្លងមក បើប្រគល់ឱ្យក្រុមហ៊ុនឯកជនមែន សូមបង្ហាញ EIA មានន័យថាផលប៉ះពាល់បរិស្ថានដល់សាធារណជន»។

ចំណែកអ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភត្រា មិនអាចទាក់ទងបានដើម្បីស្រាយបំភ្លឺឡើយ។ ប៉ុន្តែមន្រ្តីនៃក្រសួងបរិស្ថាន បានចេញមកទទួលញត្តិ ដោយនិយាយថានឹងឆ្លើយតបមកកាន់ក្រុមសកម្មជនបរិស្ថានវិញ ជុំវិញការដាក់ញត្តិនេះ។
ទោះជាយ៉ាងណាកាលពីឆ្នាំ២០២០កន្លងទៅ ក្រសួងបរិស្ថានបានចាត់ទុកថា សកម្មភាពរបស់សកម្មជនបរិស្ថានគ្រាន់តែជាលេសដើម្បីបិទបាំងនូវឧបាយកលនយោបាយទុច្ចរិតដែលស្ថិតក្រោមការរៀបចំមួយដ៏ច្បាស់លាស់ប៉ុណ្ណោះ។
ក្នុងសេចក្ដីប្រកាសដដែលនោះបន្តថា ទោះបីជាគ្មានយុទ្ធនាការ ឬការទាមទារណាមួយក៏ដោយ ក្រសួងបានបញ្ជូនមន្ត្រីជំនាញចុះសិក្សាស្រាវជ្រាវនៅតំបន់កោះកុងក្រៅតាំងពីឆ្នាំ២០១៦មកម្លេះ ដោយរំពឹងថា នឹងប្រកាសតំបន់កោះកុងក្រៅជាឧទ្យានជាតិសមុទ្រអំឡុងឆ្នាំ២០២១ ក្រោយពីបញ្ចប់ការសិក្សាស្រាវជ្រាវ។ ប៉ុន្តែមកដល់ឆ្នាំ២០២២នេះ ក្រសួងបរិស្ថានមិនទាន់បានប្រកាសជាសាធារណៈអំពីលទ្ធផលនៃការស្រាវជ្រាវដើម្បីដាក់កោះកុងក្រៅជា «ឧទ្យានជាតិសមុទ្រ» នៅឡើយទេ។
ជុំវិញបញ្ហានេះ លោក ហេង គីមហុង ប្រធានផ្នែកកម្មវិធីនិងតស៊ូមតិ នៃសមាគមបណ្ដាញយុវជនកម្ពុជា(CYN) លើកឡើងថា ការសិក្សាស្រាវជ្រាវដើម្បីដាក់តំបន់កោះកុងក្រៅជាតំបន់ឧទ្យានជាតិសមុទ្រ គឺមិនមែនប្រើពេលយូរឡើយ តែវាអាស្រ័យលើឆន្ទៈរបស់ក្រសួងសាមី ឬរដ្ឋាភិបាលទៅវិញទេថាតើចង់ទុកជាតំបន់ឧទ្យានជាតិសមុទ្រ ឬក៏ចង់អភិវឌ្ឍន៍។
លោកថ្លែងថា៖ «ក្នុងនាមខ្ញុំជាពលរដ្ឋ និងជាអ្នកធ្វើការក្នុងវិស័យនេះម្នាក់ ការបង្កើតទៅជាតំបន់ឧទ្យានជាតិសមុទ្រក៏ដោយមិនមែនជាការប៉ះពាល់ទៅដល់ការអភិវឌ្ឍប្រទេសទេ ផ្ទុយទៅវិញជំរុញសក្ដានុពលទេសចរ និងផ្ដល់ចំណូលជូនរដ្ឋ»។
លោកបន្តថា វាជាការល្អប្រសើរណាស់ ប្រសិនបើរដ្ឋាភិបាលពិចារណាក្នុងការដកតំបន់កោះកុងក្រៅពីក្រុមហ៊ុនលោក លី យ៉ុងផាត់ ហើយបញ្ចូលតំបន់នោះជាឧទ្យានជាតិសមុទ្រវិញ នោះនឹងមានផលចំណេញមករដ្ឋ ព្រោះអាចរក្សាបាននូវស្ថិរភាពនៃធនធានធម្មជាតិដែនសមុទ្រកម្ពុជា។
លោក គីមហេង បញ្ជាក់ថា៖ «រដ្ឋាភិបាលគួរតែពិចារណា អាចដកហូតពីក្រុមហ៊ុនឯកជនមករៀបចំកោះកុងក្រៅជាតំបន់ឧទ្យានជាតិសមុទ្រក៏ល្អម្យ៉ាងដែរ ព្រោះអីតំបន់នេះជាកោះមួយធំក្នុងដែនសមុទ្រខ្មែរពោរពេញដោយធនធានធម្មជាតិ»។
យ៉ាងណាមិញ លោក គីមហុង បន្ថែមថា ប្រសិនបើថ្ងៃណាមានការអភិវឌ្ឍតំបន់កោះកុងក្រៅ គួរណាតែរដ្ឋជាអ្នកគ្រប់គ្រង មិនមែនក្រុមហ៊ុនឯកជនឡើយ ហើយត្រូវតែធានាថាសហគមន៍មូលដ្ឋានជាអ្នកទទួលផលអំពីការអភិវឌ្ឍនៅតំបន់នោះ។
កោះកុងក្រៅគឺជាកោះដ៍ធំបង្អស់របស់ប្រទេសកម្ពុជា មានផ្ទៃដី១០៣ម៉ែត្រការ៉េ ស្ថិតក្នុងឃុំជ្រោយប្រស់ ស្រុកកោះកុង ខេត្តកោះកុង ដែលមានចម្ងាយប្រមាណ ៣០គីឡូម៉ែត្រពីក្រុងខេមរភូមិន្ទ។ តំបន់នេះត្រូវបានគេស្គាល់ថា មានសក្តានុពលផ្នែកធនធានធម្មជាតិ ជីវៈចម្រុះ មានផ្ទៃដីប្រមាណ ៨០គីឡូម៉ែត្រការ៉េ និងកម្ពស់ប្រហែល ៤១០ម៉ែត្រ ស្ថិតនៅលើផ្ទៃទឹកសមុទ្រដ៏ធំរបស់កម្ពុជា សព្វថ្ងៃតំបន់កោះកុងក្រៅនេះស្ថិតនៅក្រោមការគ្រប់គ្រងរបស់អង្គភាពយោធាជើងទឹកផ្នែកលំហសមុទ្រ។
គួរជម្រាបជូនថា កោះកុងក្រៅជាកោះមួយដែលធំជាងគេ នៅកម្ពុជា ត្រូវបានរដ្ឋាភិបាលប្រគល់ផ្ដាច់មុខដោយស្ងាត់ៗទៅឱ្យក្រុមហ៊ុនរបស់លោក លី យ៉ុងផាត់ សមាជិកព្រឹទ្ធសភា ធ្វើការអភិវឌ្ឍនៅឆ្នាំ២០១៩ ដោយមិនបានធ្វើការវាយតម្លៃផលប៉ះពាល់បរិស្ថានជាមុន និងប្រកាសប្រាប់សាធារណៈឡើយ៕