សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សហជីពក្រៅពីវិស័យកាត់ដេរ ដាក់ញត្តិទៅក្រសួងការងារស្នើបញ្ជូល​សហជីពគ្រប់វិស័យក្នុងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា

សហជីពចម្រុះដាក់ញត្តិនៅក្រសួងការងារ រាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
សហជីពចម្រុះដាក់ញត្តិនៅក្រសួងការងារ រាជធានីភ្នំពេញ នៅថ្ងៃទី០៨ ខែធ្នូ ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

សមាគម និងសហជីព ធ្វើការលើកកម្ពស់សិទ្ធិការងារជាង១០ស្ថាប័ន ដាក់សំណើទៅ​កាន់​ក្រសួងការងារទទួលយកសហជីពឯករាជ្យមកពីគ្រប់វិស័យទាំងអស់ក្នុងប្រទេសកម្ពុជាជា​សមាជិកនៅក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមានិងកំណត់ប្រាក់ឈ្នួលដូចវិស័យកាត់ដេរ។

នៅព្រឹកថ្ងៃសុក្រនេះ សមាជិកសហជីពប្រមាណ៣០នាក់ តំណាងឱ្យ១១ស្ថាប័ន បានយក​​សំណើចំនួន៦ចំណុច ដាក់នៅក្រសួងការងារ។ ស្ថាប័នសហជីពទាំងនោះរួមមាន សហព័ន្ធ​សហជីពកម្មករ, សហព័ន្ធសហជីពកម្មករចំណីអាហារ និង សេវាកម្មកម្ពុជា និងសមាគម​កម្មករ​​កម្ពុជាសេដ្ឋកិច្ចក្រៅប្រព័ន្ធជាដើម។

សំណើមួយក្នុងចំណោមទាំង៦ខាងលើ បានអំពាវនាវឱ្យក្រសួងការងាររាប់បញ្ចូលសហជីព​ក្នុងវិស័យផ្សេងទៀតក្រៅពីវាយនភណ្ឌកាត់ដេរជាសមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួល។

ក្នុងញត្តិនិយាយថា៖ «សហជីពឯករាជ្យ និងសហជីពមកពីគ្រប់វិស័យទាំងអស់ពុំទាន់ មាន​តំណាងពេញលេញសមស្របនៅក្នុងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា»

កាលពីចុងខែកញ្ញា​ ឆ្នាំ២០២៣ រដ្ឋាភិបាលបានសម្រេចដំឡើងប្រាក់ឈ្នួលអប្បបរមាកម្មករ​កាត់​ដេរ​ចំនួន​៤ដុល្លារ​​​បន្ថែម ដែលសរុបប្រាក់ឈ្នូលអប្បបរមាប្រចាំខែទ្បើង​ដល់២០៤ដុល្លារ​សម្រាប់​ឆ្នាំ២០២៤​ ខណៈកម្មករ និងសហជីពឯករាជ្យ​មិនទាន់ពេញចិត្តតួលេខនេះនៅ​ឡើយ។

ថ្លែងទៅកាន់ក្រុមអ្នកសារព័ត៌មាននៅមុខក្រសួងការងារ បន្ទាប់ពីដាក់សំណើរហើយ ប្រធាន​សហព័ន្ធសហជីពកម្មករចំណីអាហារនិងសេវាកម្មកម្ពុជា អ្នកស្រី អ៊ូ ទេពផល្លីន ទាមទារ​ដ្ឋាភិបាល​ដាក់តំណាងសហជីពក្នុងវិស័យផ្សេងៗនៅក្នុងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា ដើម្បីមានការចរចានិងកំណត់ប្រាក់បៀវត្សសម្រាប់និយោជិតទូទាំងប្រទេស ជាពិសេស​គឺអ្នកបម្រើ​ការងារ​តាមវិស័យសេវាកម្មកំសាន្ត។

អ្នកស្រីថា កត្តាពុំមានការកំណត់ប្រាក់បៀវត្សនេះ នាំឱ្យនិយោជិតបម្រើការងារក្នុងវិស័យ​ជា​ច្រើន​ទទួលបានប្រាក់ឈ្នួលតិចតួច និងផ្អែកលើការចរចាជាក់ស្ដែងជាមួយនិយោជក។

អ្នក​ស្រី បន្តទៀតថា សម្រាប់អ្នកបម្រើការងារក្នុងវិស័យសេវាកម្មកំសាន្តដូចជា ខារ៉ាអូខេ បៀហ្គាឌិន និងកន្លែងម៉ាស្សា និយោជិតខ្លះទទួលបាន​ប្រាក់ចន្លោះ​៥០ដុល្លារ​ទៅ៧០ដុល្លារ​ក្នុងមួយខែ។

ក្នុងនាមជាសហជីពធ្វើការជំរុញឱ្យមានការលើកកម្ពស់សិទ្ធិការងារ អ្នកស្រី ទេពផល្លីន ថា  ពិបាកចំពោះការចោទប្រកាន់និយោជកក្នុងវិស័យផ្សេងទៀត [មិនមែនវិស័យកាត់ដេរ]​ ថា បានកេងប្រវ័ញ្ចកម្លាំងពលកម្ម ដោយសារពុំមានការកំណត់ប្រាក់ឈ្នួល​អប្បបរមា​របស់​និយោជិត​ក្នុងវិស័យទាំងនោះ។

អ្នកស្រី ទេពផល្លីន បញ្ជាក់ថា៖ «យើងពិបាកនិយាយថានិយោជកនោះអត់គោរពច្បាប់ ឬក៏​រំលោភ​លើកម្លាំងពលកម្មរបស់កម្មករនិយោជិត កន្លែងហ្នឹង [អត់មានការកំណត់ប្រាក់​ឈ្នួល]»

អ្នកស្រី យល់ឃើញថា ​រដ្ឋាភិបាលគួរផ្ដោតការយកចិត្តទុកដាក់និយោជិតគ្រប់វិស័យ ដោយ​និយោជិត​ទាំងនោះកំពុងរស់នៅក្រោមបន្ទាត់ក្រីក្រ មិនមែនសម្លឹងឃើញវិស័យ​កាត់ដេរ​មួយ​ឡើយ។ បើតាមការអះអាងពីប្រធាន​សហព័ន្ធសហជីពសេវាកម្មកម្ពុជារូបនេះ ឱ្យដឹងថា មុន​ការ​រីករាលដាលនៃជំងឺកូវីដ-១៩ ក្រសួងទេសចរណ៍ ចេញរបាយការណ៍ថា និយោជិត​បម្រើ​ការងារ​ក្នុងវិស័យសេវាកម្មមានចំនួន៨ម៉ឺននាក់។

សហជីពចម្រុះ​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២៣។ (ខេមបូចា/​ ព្រីង សំរាំង)

ជាបុគ្គលិកមួយរូបបម្រើការងារក្នុងវិស័យសេវាកម្មកំសាន្តនៅខណ្ឌសែនសុខ រាជធានីភ្នំពេញ អ្នកស្រី ចិន្តា ចង់ឃើញរដ្ឋាភិបាលកំណត់ប្រាក់ឈ្នួលអប្បបរមា​ក្នុងវិស័យនេះដូចនៅ​វិស័យ​វាយនភណ្ឌ ដោយនាង យល់ថា អ្នកធ្វើការក្នុងវិស័យសេវាកម្មកំសាន្តក៏បានបង់ពន្ធជូនរដ្ឋ​ដូចនិយោជិតក្នុងវិស័យកាត់ដេរដែរ។

អ្នកស្រីឱ្យដឹងថា៖«វាមិនសមរម្យទេ ព្រោះយើងធ្វើការខាងនេះយើងប្រឈមមុខ​នឹងបញ្ហា​ច្រើន​ជាងកម្មកររោងចក្រដែរ យើងញាំស្រាអី ហើយផ្នែកសាវាកម្មកំសាន្តដូចពួកខ្ញុំអី ក៏បង់​ពន្ធ​ឱ្យច្រើនជាងរោចក្រដែរ យើងញាំបៀរអស់មួយកំប៉ុងក៏បង់ពន្ធជូនរដ្ឋដែរ»

អ្នកស្រី ចិន្តា ថា ជារៀងរាល់ខែ នាងទទួលបានប្រាក់បៀវត្សតិចតួច ​និងមិនទៀងទាត់​ដោយ​និយោជកបានកាត់ប្រាក់ខែជារឿយៗរាល់ពេល នាងចូលធ្វើការយឺតម៉ោង សុំច្បាប់ឈប់ និង​ធ្វើការមិនគ្រប់តាមផែនការកំណត់ជាដើម។

អ្នកស្រីនិយាយថា៖ «[ប្រាក់ខែចន្លោះ១០០ដុល្លារទៅ១៥០ដុល្លារ]យើងអត់ដែលបានគ្រប់ទេ មួយខែបើកបានតែ១០០ដុល្លារ, ១២០ដុល្លារ ឬ៨០ដុល្លារ។ ពេលរវល់ច្រើនបាន៦០ដុល្លារ វាមិនស្មើយើងចំណាយ ម្ដាយចាស់ កូនតូចរៀន ផ្ទះជួល ធនាគារ​ ការប្រើប្រាស់ផ្ទាល់ខ្លួនប្រចាំថ្ងៃ»។

ឆ្លើយតបតាមប្រព័ន្ធតេលេក្រាម អ្នកនាំពាក្យក្រសួងការងារ លោក កត្តា អ៊ន​ អះអាងថា ការ​ជ្រើស​រើស​សមភាពសហជីព ​គឺធ្វើ​ឡើងដោយក្រុមសហជីពខ្លួនឯងក្រោមការ​សម្របសម្រួល​ពីអង្គការ ILO។

លោកថ្លែងថា ក្រសួងការងារចង់ឱ្យមានសមាសភាពសហជីពមានភាពចម្រុះ និងមិនដដែលៗ​នោះ​ទេ។ លោកបន្តថា ការកំណត់ប្រាក់ឈ្នួលអប្បបរមា គឺទាមទារឱ្យមានការសិក្សា​ពី​បណ្ដា​ប្រទេស​ជឿន​លឿន​​ទាក់ទិននឹងច្បាប់ សេដ្ឋកិច្ច និងសង្គម។

លោក និយាយថា៖ «យើងចង់ឱ្យកម្មករ និយោជិតគ្រប់វិស័យទទួលបានអត្ថប្រយោជន៍​គ្រប់​គ្នា។ ទោះបីជាកម្មករយោជិតវិស័យខ្លះពុំទាន់កំណត់ប្រាក់ឈ្នួលអប្បបរមា ក៏វិស័យ​ខ្លះ​បាន​ផ្តល់ប្រាក់ខែខ្ពស់ និងអត្ថប្រយោជន៍ផ្សេងៗដល់បុគ្គលិករបស់ខ្លួន ដូចជាក្រុមហ៊ុន ធនាគារ សហគ្រាសផ្សេងៗ»។

រីឯសំណើចំនួន៥ចំណុចផ្សេងទៀតបានលើកឡើងពាក់ព័ន្ធនឹងការកេងប្រវ័ញ្ចកម្លាំងញើស​ឈាមនិងការរំលោភបំពានសិទ្ធិកម្មករនិយោជិតតាមបណ្ដាក្រុមហ៊ុនឯកជនទៅកាន់រដ្ឋមន្រ្តី​ក្រសួងការងារថ្មីដើម្បីធ្វើការដោះស្រាយ។

ស្ថិតក្នុងបរិវេណទីស្ដីការក្រសួងការងារ ប្រធានសហព័ន្ធសហជីពកម្មករនិយោជិតវិស័យ​ទេសចរណ៍​កម្ពុជា លោក ទូច កុសល បាននិយាយនៅចំពោះមុខតំណាងក្រសួងការងារថា ក្ដីកង្វល់របស់សហជីព គឺឃើញនិយោជិតតាមបណ្ដារោងចក្ររងការបញ្ឈប់ពីការងារ​ពី​និយោជក​អំឡុងពេលកំពុងចុះបញ្ជីការសហជីព ដោយសារនីតិវិធីស្មុគស្មាញ និងកិច្ចសន្យា​ការងារ​រយៈពេលខ្លី។

លោកបន្ថែមថា៖ «យើងសង្ឃឺមថាឯកឧត្តមទទួលលិខិតសំណើរបស់ពួកយើងហើយ ពាំនាំ​រឿង​ហ្នឹងទៅជូនឯកឧត្តមរដ្ឋមន្រ្តី ហើយពួកយើងសូមជួបឯកឧត្តមរដ្ឋមន្រ្តី​ដើម្បីមាន​ការ​ពិភាក្សា​គ្នាលើរឿងហ្នឹងដើម្បីមានការដោះស្រាយ»

ចំណែក អ្នកស្រី ទេពផល្លីន និយាយថា៖ «ជូនកាលអក្ខរាវិរុទ្ធត្រូវហើយ គ្រាន់តែកន្លែងដកឃ្លា អត់បានដកឃ្លា ក៏រកហេតុផលអស់ហ្នឹងយកមក រុញឯកសាររបស់កម្មករ​និយោជិតត្រលប់​មកវិញដែរ។

ក្រោយការរីករាលដាលនៃជំងឺកូវីដ-១៩ អ្នកស្រី ទេពផល្លីន អះអាងថា ការរំលោភបំពានសិទ្ធិ​ការងារ និងការកេងប្រវ័ញ្ចកម្លាំងពលកម្មពីភាគីនិយោជកលើកម្មករនិយោជិតកាន់តែអាក្រក់។

អ្នកស្រីបន្តថា ដោយសារអត្រាអ្នកអត់មានការងារធ្វើខ្ពស់ និយោជិតត្រូវបង្ខំធ្វើការច្រើនម៉ោង​ជា​ការ​ផ្គាប់ចិត្តនិយោជក ដើម្បីបានប្រាក់ដោះបំណុល ទោះបីជាមានលក្ខណៈផ្ទុយ​ពីច្បាប់​ក៏​ដោយ។

តាម​រយៈការសម្ភាសអ្នកបម្រើការងារក្នុងវិស័យកំសាន្ត អ្នកស្រី ទេពផល្លីន ថា និយោជក​បាន​ធ្វើ​តេស្តទឹកនោមលើនិយោជិតជាស្រ្តី ក្នុងករណីរកឃើញថាមានផ្ទៃពោះ និយោជិត​រូបនោះ​នឹង​រងការបញ្ឈប់ពីការងារ ឬដាក់លក្ខខណ្ឌហាមមិនឱ្យមានផ្ទៃពោះ។

អ្នកស្រីបន្ថែមថា៖ «វាជាជម្រើសមួយដែលតម្រូវឱ្យស្រ្តីត្រូវតែរំលួតកូនដើម្បីបន្តការងារ»

សហជីពចម្រុះ​ដាក់​ញត្តិ​នៅ​ក្រសួង​ការងារ រាជធានី​ភ្នំពេញ នៅ​ថ្ងៃ​ទី​០៨ ខែ​ធ្នូ ឆ្នាំ​២០២៣។ (ខេមបូចា/​ ព្រីង សំរាំង)

តំណាងក្រសួងការងារដែលចេញមកទទួលសំណើរបស់សហជីព លោក និន​ វណ្ណៈ ថ្លែងថា លោកនឹងលើកយកការទាមទាររបស់ក្រុមសហជីពទៅកាន់ លោក ហេង សួរ រដ្ឋមន្រ្តី​ក្រសួង​ការងារ​ឱ្យបានជ្រាប។ ប៉ុន្តែ លោក បដិសេធការបញ្ជាក់ពីពេលវេលាក្នុងការឆ្លើយតប​ចំពោះ​​សំណើនេះ។

លោកបានបញ្ជាក់ថា៖ «ពួកខ្ញុំធ្វើការ»។ លោក បន្ថែមថា៖«ខ្ញុំក្នុងនាមតំណាងឱ្យក្រសួងដែល​មកទទួលនូវញត្តិនេះបានបញ្ជាក់អំពីកង្វល់របស់បងប្អូនចឹងទេ សូមសង្ឃឹមជឿជាក់ចុះថា អ្វី​ដែល​ជាព័ត៌មាននេះ នឹងបានជូនទៅដល់ឯកឧត្តមរដ្ឋមន្រ្តី»

ក្នុងចំណោមសហជីពតំណាងកម្មករចំនួន១៧នាក់នៅក្នុងក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមា មានត្រឹម៥នាក់ដែលចង់ឃើញប្រាក់ឈ្នួលកម្មករក្នុងវិស័យកាត់ដេរខ្ពស់ គឺចំនួន​២១៣​ដុល្លារ សម្រាប់ឆ្នាំ២០២៤។

សមាជិកក្រុមប្រឹក្សាជាតិប្រាក់ឈ្នួលអប្បបរមាមួយរូប គាំទ្រចំពោះការស្នើដាក់សហជីព​ឯករាជ្យតាមវិស័យផ្សេងទៀតដើម្បីចរចាប្រាក់ឈ្នួលក្នុងវិស័យរបស់ខ្លួន។ ប្រធាន​​សហភាព​ការងារកម្ពុជា លោក អាត់ ធន់ លើកឡើងថា ការចរចាប្រាក់ឈ្នួលក្នុងវិស័យផ្សេងៗ​នា​ពេល​ខាងមុខ ដូចជាវិស័យសំណង់ និងទេសចរណ៍ជាដើម គួរមានវត្តមានសហជីពឯករាជ្យ​ក្នុង​វិស័យនោះ និងអំពាវនាវឱ្យដកសហជីពបម្រើផលប្រយោជន៍ក្រុមហ៊ុន។

លោកបន្ថែមថា៖ «[ទី១]គួរតែបញ្ចូលសហជីពក្នុងវិស័យផ្សេងៗឱ្យបានគ្រប់វិស័យ ទី២​ គឺ​គួរតែ​បញ្ចូលសហជីពឯករាជ្យនៅក្នុងហ្នឹង​ ហើយដកចោលសហជីព​ដែលគាំទ្រ​ក្រុមហ៊ុន និង​រដ្ឋាភិបាល បើគាត់មិនឯករាជ្យផង គឺឈរកៅអីសហជីព គាត់មានទៅការពារអីកម្មករ»

312 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម