ទឹកស្អុយដែលកំពុងហូរចូលក្នុងសមុទ្រនៅឆ្នេរអូរឈើទាល ខេត្តព្រះសីហនុ កំពុងធ្វើឲ្យអ្នកទេសចរដើរបិទច្រមុះ ហើយអ្នកលក់ដូរ និងមន្ត្រីមន្ទីរទេសចរណ៍ក៏បានបង្ហាញកង្វល់របស់ខ្លួនទាក់ទងនឹងក្លិនស្អុយនេះដែរ ដោយថាអាចធ្វើឲ្យអ្នកទេសចរមិនចង់មកលេង។
ប្រជាពលរដ្ឋចាប់ផ្ដើមធុំក្លិនស្អុយខ្លាំងពីប្រព័ន្ធបង្ហូរទឹកស្អុយ ដែលហូរចូលសមុទ្រមួយនេះ បន្ទាប់ពីប្រព័ន្ធបង្ហូរទឹកថ្មីបានសាងសង់កាលពីដើមឆ្នាំនេះ។ នេះបើតាមការលើកឡើងរបស់អ្នកលក់ដូរម្នាក់ដែលប្រាប់ត្រឹមឈ្មោះថា មាន ដោយបារម្ភពីសុវត្ថិភាពមុខរបរ។
មាន បាននិយាយថា៖ «ភ្ញៀវតែងតែសួរនាំ ថាក្លិននេះចេញពីខាងណាមក?ពេលពួកគេមកដល់ ហើយខ្ញុំប្រាប់ថាវាចេញពីលូបង្ហូរទឹកក្បែរនេះ ហើយពួកគេក៏បានឃើញដែរ»។
មាន បានបន្ថែមថា៖ «ម្ដាយរបស់ខ្ញុំតែងតែប្រាប់បញ្ហានេះដល់មន្ត្រីពាក់ព័ន្ធដែលចុះមកពិនិត្យលូបង្ហូរទឹកនេះ ប៉ុន្តែមន្ត្រីទាំងនោះបានត្រឹមតែធ្វើរបាយការណ៍ទៅថ្នាក់លើ និងមិនឃើញមានដំណោះស្រាយណាមួយនៅឡើយ»។
បើតាមអ្នកនាង មាន ប្រព័ន្ធលូបង្ហូរទឹកនេះបានសាងសង់កាលពីខែមីនា ក្នុងឆ្នាំនេះ និងចាប់ផ្ដើមមានក្លិនស្អុយខ្លាំងនៅខែមិថុនា។
អ្នកសារព័ត៌មានខេមបូចាបានទៅទីតាំងនោះម្ដងកាលពីខែតុលា ឆ្នាំ២០២១ និងបានឃើញដូចជាកាកសំណល់ហូរចេញពីបង្គន់សាធារណៈនៅក្បែរនោះចូលទៅក្នុងសមុទ្រដោយផ្ទាល់។ កាលពីសប្ដាហ៍មុន អ្នកសារព័ត៌មានខេមបូចា បានទៅមើលទីតាំងប្រព័ន្ធលូបង្ហូរទឹកដែលបានកសាងនៅក្បែរបង្គន់សាធារណៈនោះ និងបានធុំក្លិនស្អុយចេញពីប្រព័ន្ធលូដែលហូរចាក់ទៅសមុទ្រនោះដែរ។
ប្រធានមន្ទីរទេសចរណ៍ខេត្តព្រះសីហនុ លោក តាំង សុជាតិគ្រឹស្នា ទទួលស្គាល់ថាពិតជាមានបញ្ហាបែបនេះមែន។ លោកថា ក្លិនមិនល្អទាំងនោះអាចធ្វើឲ្យប៉ះពាល់ដល់អ្នកទេសចរ បើសិនជាមិនមានការដោះស្រាយបានល្អ។
លោកបន្ថែមថា៖ «ខ្ញុំបានទទួលរបាយការណ៍រឿងនេះពីអ្នកលក់ដូរថាមានក្លិនមិនល្អចេញពីប្រព័ន្ធលូ ហើយខ្ញុំក៏បានរាយការណ៍បញ្ហានេះទៅកាន់ថ្នាក់លើផងដែរ និងសង្ឃឹមថាបញ្ហានឹងត្រូវដោះស្រាយឆាប់»។ លោកថាមន្ត្រីមន្ទីរទេសចរណ៍បានត្រឹមជាអ្នកសម្របសម្រួលលើការងារនេះប៉ុណ្ណោះ។
លោកឲ្យដឹងដែរថា៖ «ខ្ញុំកំពុងធ្វើការជាមួយក្រុមការងារបច្ចេកទេស ដើម្បីឲ្យកិច្ចការនេះចេញបានឆាប់តាមដែលអាចធ្វើទៅបាន ដើម្បីឲ្យប្រាកដថាវាមិនប៉ះពាល់ដល់បរិស្ថាន ឆ្នេរ និងការទាក់ទាញទេសចរ»។

កាលពីប្រាំឆ្នាំមុនទីក្រុងឆ្នេរសមុទ្រមួយនេះ បានប្រែក្លាយទៅជាបណ្ដុំកាស៊ីណូ ដូចជាមានអគារខ្ពស់ដុះដាលជាច្រើន ព្រមជាមួយនឹងលំហូរចូលយ៉ាងគំហុកនៃជនជាតិចិន និងអ្នកវិនិយោគចិន។ ប៉ុន្តែក្រោយមកនៅឆ្នាំ២០១៩ រដ្ឋាភិបាលបានហាមឃាត់ល្បែងអនឡាញ ព្រមជាមួយនឹងវិបត្តិកូវីដ-១៩ ផ្ទុះឡើងផង ជនជាតិចិនរាប់ម៉ឺននាក់ដែលមកកម្ពុជាដើម្បីធ្វើការលើល្បែងអនឡាញ និងវិស័យទេសចរណ៍ បានចាកចេញពីក្រុងព្រះសីហនុ និងបានបន្សល់ទុកឲ្យក្រុងមួយនេះនូវភាពមិនច្បាស់លាស់ផ្នែកសេដ្ឋកិច្ច និងអគាររាប់ពាន់ផ្សេងទៀតមិនទាន់សាងសង់រួច។
ក្រុមអ្នករិះគន់លើកឡើងថានៅពេលមួយដែលការរីកដុះដាលវិស័យអចលនទ្រព្យ និងកាស៊ីណូ ព្រមទាំងចំនួនប្រជាជនកើនឡើងយ៉ាងគំហុកក្នុងក្រុងមួយនេះ គឺបានធ្វើឲ្យការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងដើរមិនទាន់ ដែលជាហេតុនាំឲ្យមានបញ្ហាស្ទះចរាចរណ៍ និងទឹកជន់លិចជាដើម។
ប៉ុន្តែអំឡុងពេលមានវិបត្តិកូវីដ-១៩ ហើយវិស័យទេសចរណ៍ហាក់ស្ងប់ស្ងាត់ដែរនោះ ក្រុងព្រះព្រះសីហនុបានចាប់ផ្ដើមកសាងហេដ្ឋារចនាសម្ព័ន្ធ និងប្រព័ន្ធលូទឹកស្អុយ។ នៅតាមបណ្ដោយឆ្នេរ រដ្ឋាភិបាលបានសាងសង់បង្គន់សាធារណៈជាច្រើនកន្លែង និងហាងថ្មីៗជាច្រើនជំនួសឲ្យកន្លែងចាស់ៗពីមុន។
លោក ឡុង ឌីម៉ង់ អភិបាលរងខេត្តព្រះសីហនុ បដិសេធថាមានការបង្ហូរទឹកស្អុយដោយផ្ទាល់ចូលទៅក្នុងសមុទ្រ និងថាមន្ត្រីកំពុងធ្វើការលើបញ្ហាប្រព័ន្ធបង្ហូរទឹកនេះ។
លោកបន្ថែមថា៖ «នៅពេលប្រព័ន្ធបង្ហូរទឹកស្អុយស្ទះ វាក៏ហូរចូលទៅក្នុងប្រព័ន្ធលូរំដោះទឹកភ្លៀង និងហូរចូលទៅក្នុងសមុទ្រ»។ លោកបន្តថា៖ «ពេលនេះយើងកំពុងភ្ជាប់ប្រព័ន្ធបង្ហូរទឹកស្អុយទៅនឹងអាងចម្រោះទឹកកខ្វក់ ប៉ុន្តែយើងកំពុងជួបបញ្ហាបច្ចេកទេសបន្តិចបន្តួច»។
លោកឲ្យដឹងទៀតថា អាជ្ញាធរកំពុងធ្វើការបែងចែកប្រព័ន្ធបង្ហូរទឹកជាពីរផ្នែកផ្សេងគ្នា ដោយមួយសម្រាប់ប្រព័ន្ធលូបង្ហូរទឹកភ្លៀង និងមួយទៀតប្រព័ន្ធបង្ហូរកាកសំណល់ ដែលនឹងត្រូវហូរទៅកាន់ស្ថានីយចម្រោះទឹកកខ្វក់។
ស្ថានីយចម្រោះទឹកកខ្វក់ចំនួនពីរបានដំណើរការនៅសង្កាត់៣ ក្នុងក្រុងព្រះសីហនុ ជាមួយនឹងសមត្ថភាពចម្រោះទឹកកខ្វក់បាន ១២ ៤០០ម៉ែត្រគូបក្នុងមួយថ្ងៃ។ នេះបើតាមការឡើកឡើងរបស់មន្ត្រីខេត្តដដែល។
លោកឲ្យដឹងថាស្ថានីយចម្រោះទឹកកខ្វក់ទីបីកំពុងសាងសង់នៅសង្កាត់៤ និងមានសមត្ថភាពចម្រោះទឹកកខ្វក់បាន ២០ ០០០ម៉ែត្រគូបបន្ថែមទៀត។
លោកថា នៅពេលដែលស្ថានីយទាំងបីបានដំណើរការពេញលេញ ទឹកកខ្វក់នៅក្នុងក្រុងមួយនេះនឹងត្រូវបានចម្រោះ តែលោកថាលោកមិនទាន់ដឹងច្បាស់ពីពេលវេលាជាក់លាក់ពីការសាងសង់បញ្ចប់ស្ថានីយទីបីនៅឡើយ។

មន្ត្រីតស៊ូមតិជាន់ខ្ពស់របស់អង្គការបណ្ដាញយុវជនកម្ពុជា លោក សាន ម៉ាឡា មានប្រសាសន៍ថា ខណៈដែលហេដ្ឋារចនាសម្ព័ន្ធក្នុងក្រុងនេះជាច្រើនកំពុងស្ថាបនា ទឹកកខ្វក់ និងកាកសំណល់ជាច្រើនបានកើតឡើង នាំឲ្យមានការបំពុលបរិស្ថាន ទោះបីជាអាជ្ញាធរបានសន្យាការពារបរិស្ថានយ៉ាងណាក៏ដោយ។
លោកឲ្យដឹងថា៖ «ពីមុនអាជ្ញាធរបានសន្យាថាឈប់បង្ហូរទឹកស្អុយចូលក្នុងសមុទ្រ…ហើយអាជ្ញាធរក៏បានសាងសង់ស្ថានីយចម្រោះទឹកកខ្វក់ ដើម្បីធានាថារាល់ទឹកកខ្វក់ទាំងអស់នឹងត្រូវបញ្ជូនទៅស្ថានីយចម្រោះទឹកកខ្វក់មុននឹងបង្ហូរចូលទៅក្នុងសមុទ្រ ប៉ុន្តែមកដល់ពេលនេះ នៅតែមានករណីបង្ហូរទឹកកខ្វក់ចូលក្នុងសមុទ្រ ដែលនេះជាការបរាជ័យរបស់អាជ្ញាធរ» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ At a Sihanoukville Beach, Stinky Wastewater Flows Into the Sea