សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អាជ្ញាធរខេត្តបាត់ដំបងថាទឹកស្ទឹងសង្កែរងនូវការបំពុលដោយសារលេចធ្លាយសាធាតុគីមីពីក្រុមហ៊ុនឱសថ

ទឹកស្ទឹងសង្កែត្រូវបានបំពុលដោយក្រុមហ៊ុនផលិតឱសថរបស់ចិន ដែលលេចធ្លាយសារធាតុគីមីចូលទៅក្នុងស្ទឹង។ រូបថតថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។ (ខេមបូចា/សុខ សាវី)
ទឹកស្ទឹងសង្កែត្រូវបានបំពុលដោយក្រុមហ៊ុនផលិតឱសថរបស់ចិន ដែលលេចធ្លាយសារធាតុគីមីចូលទៅក្នុងស្ទឹង។ រូបថតថ្ងៃទី០៤ ខែសីហា ឆ្នាំ២០២៣។ (ខេមបូចា/សុខ សាវី)

មន្ត្រី​ខេត្ត​បាត់​ដំបង​បាន​ឲ្យ​ដឹង​ថា​ក្រុម​ហ៊ុន​ផលិត​ឱសថមួយ​បាន​លេចធ្លាយ​សារធាតុ​គីមី​ចូល​ក្នុង​ស្ទឹង​សង្កែ ដែល​នាំ​ឲ្យ​មាន​ការ​បំពុល​ទឹកដែល​ប្រ​ជា​សហគមន៍​ប្រើ​ប្រាស់ និង​បាន​ធ្វើ​ឲ្យ​ត្រី​ងាប់​អស់​ជា​ច្រើន​។​

អភិបាល​ស្រុក​រតនមណ្ឌល លោក គុយ វណ្ណូ ប្រាប់ខេមបូចា​នៅរសៀល​​ថ្ងៃ​សុក្រ​ថា អាជ្ញាធរ​បាន​ចេញ​សេចក្ដី​ព្រមាន​ចុង​ក្រោយ​មួយ​ទៅ​កាន់​ក្រុម​ហ៊ុន​ចិន​ Phoenix Industrial ដែល​នេះ​ជា​លើកទីពីរហើយដែរមានការលេច​ធ្លាយ​សារធាតុ​គីមីចេញពីក្រុម​ហ៊ុន​នេះ​ទៅ​ក្នុង​ស្ទឹងសង្កែ​តាំងពី​ឆ្នាំ​២០២១ មក​។​

លោក​មាន​ប្រសាសន៍​ថា៖ «[ក្រុម​ហ៊ុន​] ធ្វើ​ឲ្យ​លេច​ធ្លាយ​ដូច​ប្រ​ជា​ពល​រដ្ឋថា​ហ្នឹង។ មន្ទីរ​បរិស្ថាន​គឺ​កំពុងតែ​ស៊ើប​អង្កេត​ដើម្បី​ដឹង​ថា​សារធាតុ​រាវ​នោះ​ជា​អ្វី​ដែល​បាន​ហូរ​ចូល​ក្នុង​ស្ទឹង​សង្កែ»។ លោក​បន្តថា៖ «ទឹក​ក្នុង​ស្ទឹង​ប្រែ​ជា​ខ្មៅ ហើយ​សារធាតុ​ខ្មៅ​នោះ​មិន​រលាយនៅពេល​ចូល​ក្នុង​ទឹក​ទេ»។​

ពេល​ខេមបូចា​ទាក់​ទង​តាម​ទូរសព្ទ​ដែល​បាន​ដាក់​ក្នុង​វិបសាយ​ក្រសួង​ពាណិជ្ជកម្ម ស្រ្តី​ម្នាក់​ឈ្មោះនីកា ដែល​មិន​ប្រាប់​ឈ្មោះពេញ បាន​និយាយ​ថា​ក្រុម​ហ៊ុន​បាន​ចុះ​កិច្ច​ព្រម​ព្រៀង​ជាមួយ​​នឹង​អាជ្ញាធរដោយ​បាន​សន្យាថា​នឹង​មិន​បញ្ចេញ ឬ​បង្ហូរ​សារធាតុ​គីមី​ចូល​ក្នុង​ស្ទឹង​ទៀត​ទេ​។​

ស្រ្តី​ដដែល​បន្តថា៖ «​ក្រុម​ហ៊ុន​ពេល​នេះ​បាន​ដោះ​ស្រាយ​និងចុះកិច្ចព្រមព្រៀងជាមួយ​អាជ្ញាធរ​ហើយ​លើ​វិធានការ​ការពារ [ទឹក​កខ្វក់]​មិន​ឲ្យ​កើត​មានជា​ថ្មី​ទៀត»។​

រដ្ឋាករទឹក​ស្អាត​ខេត្ត​បាត់​ដំបង​បាន​ប្រកាស​នៅ​ព្រឹក​ថ្ងៃសុក្រ​ថា​កន្លែង​ផលិត​ទឹក​ស្អាត​ក្នុង​ស្ទឹង​សង្កែ​គឺ​នៅ​មាន​គុណភាព​ត្រឹម​ត្រូវ​តាម​ស្តង់ដារគិតត្រឹមថ្ងៃទី៤ បើ​ទោះ​បី​ជា​មាន​ផ្ទុក​សារធាតុ​បំពុល​ក៏​ដោយ​។ យ៉ាងណា​សារ​ដដែល​នេះ​ត្រូវ​បាន​លុបចេញ​ពី​ហ្វេស​ប៊ុក​វិញ​នៅ​រសៀល​ថ្ងៃដដែល​។​

បើ​តាម​សារ​ដែល​បាន​បង្ហោះ​របស់​រដ្ឋាករទឹក​ស្អាត​ខេត្ត​បាត់​ដំបងនៅ​ព្រឹក​ថ្ងៃ​សុក្រមាន​ខ្លឹម​សារ​ថា៖ «រដ្ឋាករទឹក​ស្អាត​ខេត្ត​បាត់​ដំបង​បាន​ចុះ​ពិនិត្យ​ជាក់​ស្ដែង​នៃប្រភព​ទឹក​ក្នុង​ស្ទឹង​សង្កែ ​ជាលទ្ធផល​បាន​ពិនិត្យ​ឃើញ​ថា​ទឹក​ស្ទឹង​សង្កែគឺពិតជា​បានទទួលរងនូវការបំពុលពិតប្រាកដមែន»។ ដោយបានបន្ថែមថា៖ «​គិតត្រឹមម៉ោងនេះ ស្ថានភាពគុណភាពទឹកមានការប្រែពណ៌ប្លែកខុសពីធម្មតា ប៉ុន្តែចំពោះគុណភាពទឹកស្អាតវិញ នៅតែរក្សាគុណភាពល្អ អនុលោមតាមស្តង់ដារគុណភាពទឹកស្អាតរបស់អង្គភាពនៅឡើយ»។

រដ្ឋាករទឹក​ស្អាត​ខេត្ត​បាត់​ដំបង​បាន​និយាយ​ថា​ខ្លួន​បានធ្វើការជាមួយ​អ្នក​ជំនាញ​ចុះ​ពិនិត្យ​គុណភាព​ទឹក​តាម​ការ​ត្អូញត្អែ​រ​របស់​ប្រជា​ពល​រដ្ឋ​។​​​ អាជ្ញាធរ​ក៏​បាន​ចាត់​ក្រុម​មន្ត្រី​ជំនាញ​ផ្នែក​ពិសោធន៍​គុណភាព​ទឹក​ទៅ​តាម​ដាន​គុណភាព​ទឹក​ជា​ប្រចាំ​ផង​ដែរ​។​​

សារព័ត៌មាន​បាណន់​សន្តិភាព បាន​រាយការណ៍​កាល​ពី​ថ្ងៃព្រហស្បតិ៍​ថា​​ប្រ​ជា​ពល​រដ្ឋ​ក្នុង​ស្រុក​បាណន់​បាន​និយាយ​ថា​មាន​សារធាតុរាវ​​មាន​ជាតិ​ពុល​ហូរ​ចូល​ក្នុង​ស្ទឹង​​។​

អ្នកស្រី ចិន្ដា ​រស់​នៅ​ក្នុង​ភូមិ​បាក់រទេះ ស្រុក​ឯកភ្នំ នៅ​តាម​បណ្ដោយ​ស្ទឹង​សង្កែបាន​និយាយ​ថា​ខ្លួន​បាន​កត់​សម្គាល់​ឃើញ​ទឹកស្ទឹង​សង្កែ​នៅ​ខាង​ក្រោយ​ផ្ទះ​មាន​សភាព​ប្រែ​ជាក្រហម និង​កខ្វក់​តាំងពី​បី​ថ្ងៃ​មុន​ម្លេះ។​

អ្នកស្រី​ឲ្យ​ដឹងថា៖ «មិនមាន​ទឹក​ស្អាត​ឯណា​សម្រាប់​ប្រើ​ក្រៅពី​ទឹកស្ទឹង​ហ្នឹង​ទេ។ ទឹក​ស្ទឹង​ប្រែ​ជា​ក្រហម និង​កខ្វក់ ដូច​នេះ​ដើម្បី​អាច​យក​ទឹក​ប្រើ​បាន​ខ្ញុំ​ត្រូវ​លាយ​ជាមួយ​សាច់ជូរ​ដើម្បី​ធ្វើ​ឲ្យ​វា​ថ្លា…​ខ្ញុំ​ភ័យ​ខ្លាច និង​បារម្ភ​ចំពោះ​សុខ​ភាព»។​

អ្នក​ស្រី​ឲ្យដឹ​ងទៀតថា អាជ្ញាធរ​មិន​បាន​មក​ប្រាប់​អ្នក​ស្រី​ថា​តើ​ទឹក​មានជាតិ​ពុក​ឬអត់នោះទេ​។​

​អ្នក​ស្រី​បញ្ជាក់​ថា គ្រួសារ​អ្នក​ស្រី​ទិញ​ទឹក​ស្អាត​សម្រាប់​ទទួល​ទាន ប៉ុន្តែ​នៅ​ប្រើ​ទឹក​ស្ទឹង​សង្កែ​សម្រាប់​បោកគក់ ដាំស្ល និង​ងូត​។ អ្នក​ស្រី​ថាសមាជិក​គ្រួសារ​ឧស្សាហ៍​មាន​បញ្ហា​រាក ហើយ​អ្នកស្រី​គឺ​បារម្ភ​ពី​បញ្ហា​សុខ​ភាព​ដែល​អាច​បង្ក​ឡើង​ដោយ​ទឹក​នេះ។​

ក្រុម​ហ៊ុន​ Phoenix Industrial ធ្លាប់​ត្រូវ​រង​ការ​ចោទ​ប្រកាន់​ថា​បាន​បញ្ចេញ​ទឹក ស្អុយ​មាន​សារធាតុ​ពុល​ចេញពី​រោងចក្រ​របស់​ខ្លួនចូល​ក្នុង​ស្ទឹង​សង្កែ និង​បាន​ធ្វើ​ឲ្យ​ត្រី​ងាប់​អស់​ជា​ច្រើន​កាលពី​ឆ្នាំ​២០២១​។ អាជ្ញាធរ​បាន​រក​ឃើញ​ថា​ក្នុង​ទឹ​ក​ស្ទឹង​សង្កែ​មាន​ជាតិអាស៊ីដ និង​ជាតិ​ពណ៌​ជា​ច្រើន​ផ្សេង​ទៀត​ចេញ​ពីរោងចក្រ ក្រោយ​ក្រសួង​បរិស្ថាន​បាន​ធ្វើ​ពិសោធន៍​រួច​។ អាជ្ញាធរ និង​រោង​ចក្រ​បាន​ឯកភាព​គ្នា​លើ​ស្ដង់ដារ​ជាក់​លាក់​មួយ​អំពី​ទឹក​កខ្វក់​ចេញ​ពី​រោង​ចក្រ​ និងចុះកិច្ចសន្យាផងដែរ។​

លោក កត បូរាណ ប្រធានមន្ទីរបរិស្ថានខេត្តបាត់ដំបង បាន​និយាយ​នៅថ្ងៃសុក្រ​ថាក្រុម​មន្ត្រី​ប្រហែល​ជា​៤០​នាក់​មក​ពី​ក្រសួង និង​ស្ថាប័ន​ពាក់​ព័ន្ធ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​លើស្ថាន​ភាព​ជាក់​ស្ដែង និង​ពិនិត្យសំណាក​លើ​ទឹក​កខ្វក់​នោះដើម្បីស្វែងរកប្រភព។​ លោក​មាន​ប្រសាសន៍​ថា​ទឹក​ពុល​នេះ​អាច​បង្ក​ឡើង​ដោយសារតែ​ជំនន់​ទឹក​ភ្លៀង​នៅ​ក្នុង​តំបន់​នោះ ដែល​នាំ​ឲ្យ​ប៉ះពាល់​ដល់​បរិក្ខា​រោង​ចក្រ ដែល​នាំ​ឲ្យ​មាន​ការ​លេច​ធ្លាយ​បែបនេះ​។​

អភិបាល​ខេត្ត​បាត់​ដំបង​លោក សុខ លូ មាន​ប្រសាសន៍​ថា​អាជ្ញាធរ និង​ក្រ​សួង​ពាក់ព័ន្ធ​កំពុង​ធ្វើ​ការ​ស៊ើប​អង្កេត​នៅ​ក្នុង​រោងចក្រ​របស់​ក្រុម​ហ៊ុន​ដើម្បី​ស្វែង​រក​មូល​ហេតុ​នាំ​ឲ្យ​មាន​ការ​បំពុល​ទឹក​នេះ​។​

លោក​ឲ្យ​ដឹងថា៖ «​ក្រុម​ការងាររបស់​យើង​ពេល​នេះ​នៅ​ក្នុង​ក្រុម​ហ៊ុន​ដើម្បី​រក​​មើល​ថា​ទឹក​ចេញ​ពី​ប្រភព​ណា​មក ដើម្បី​ការពារ និង​ធ្វើ​ឲ្យ​ច្បាស់​ថា​មិន​កើត​មាន​ជាថ្មី​ទៀត»។​

​មន្ត្រី​សម្រប​សម្រួល​សមាគម​អាដហុក​ប្រចាំ​ខេត្ត​បាត់​ដំបង លោក យិន ម៉េង​លី ប្រាប់​ខេមបូចា​ថា​ អាជ្ញាធរ​ និង​អ្នក​ពាក់​ព័ន្ធ​គួរ​ធ្វើ​ការ​រួម​គ្នា​ដើម្បី​គ្រប់​គ្រង​ទឹក​កខ្វក់​ឲ្យ​បាន​ល្អ ដើម្បី​ការ​អភិវ​ឌ្ឍ​ប្រកម​ដោយនិរន្តរភាព និងយកចិត្តទុកដាក់ពីសុខុមាល​ភាព​របស់​ប្រជា​ពល​រដ្ឋ​ និង​បរិស្ថាន​ជុំវិញ។​

លោក​បន្ថែមថា៖ «​បើ​សិន​ជា​ទឹក​កខ្វក់​ចេញ​ពីរោងចក្រ​ អាជ្ញាធរ​ត្រូវ​តែ​ឲ្យ​ពួកគេ​ទទួល​ខុស​ត្រូវ​តាម​ផ្លូវ​ច្បាប់…សារធារណជន​គួរ​បាន​ទទួល​ការជូន​ដំណឹង​ពីផល​ប៉ះពាល់​របស់​​ទឹក​កខ្វក់​នេះ ដូច​នេះ​ពួកគាត់​អាច​ជៀស​ពី​ហានិភ័យ​បាន​»។​

ប្រធានមន្ទីរ​ធនធានទឹក​ខេត្ត​បាត់​ដំបង លោក ឡុង ផលគុណ​​ បដិសេធ​ធ្វើ​អត្ថាធិប្បាយ​ពេល ទាក់​ទង​តាម​ប្រព័ន្ធ​តេឡេក្រាម​ ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Pharmaceutical Company Contaminates Sangke River, Battambang Authorities Say 

419 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម