សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋនៅតាមដងស្ទឹងសង្កែប្រើប្រាស់ទឹកស្ទឹងកូរសាច់ជូ ព្រោះមិនទាន់មានប្រព័ន្ធទឹកស្អាតប្រើប្រាស់

បែចិញ្ចឹមត្រីដែលប្រជាពលរដ្ឋចិញ្ចឹមនៅក្នុងស្ទឹងសង្កែ នៅផ្នែកខាងលើស្ថិតក្នុងភូមិវត្តតាមិម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ
បែចិញ្ចឹមត្រីដែលប្រជាពលរដ្ឋចិញ្ចឹមនៅក្នុងស្ទឹងសង្កែ នៅផ្នែកខាងលើស្ថិតក្នុងភូមិវត្តតាមិម ឃុំវត្តតាមិម ស្រុកសង្កែ ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ខេត្តបាត់ដំបង៖ បើទោះបីជានៅក្នុងក្រុងបាត់ដំបងមានប្រព័ន្ធទឹកស្អាតប្រើប្រាស់​សម្បូរបែប​យ៉ាង​ណាក៏ដោយ ប៉ុន្តែ​ប្រជាពលរដ្ឋជាច្រើនគ្រួសារដែលរស់នៅតាមបណ្ដោយស្ទឹងសង្កែ​ក្នុង​ខេត្តបាត់ដំបង ពិសេស​នៅភូមិបាក់រទេះក្នុងស្រុកឯកភ្នំ នៅតែបន្តប្រើប្រាស់ទឹកស្ទឹងតាម​ទម្លាប់​​ដោយកូរ​សាច់ជូ​ដើម្បីឱ្យទឹកថ្លាយកមកប្រើប្រាស់។

ប្រជាពលរដ្ឋជារស់នៅក្នុងស្រុកឯកភ្នំ ចាប់ពីភូមិព្រែកហ្លួង រហូតភូមិបាក់រទេះ នៅមិនទាន់​មាន​ប្រព័ន្ធទឹកស្អាតប្រើប្រាស់នៅឡើយទេ ដោយពួកគេប្រើប្រាស់ទឹកស្ទឹងសង្កែ ដែលមាន​សភាពល្អក់ ឡើងស្លែពណ៌ខៀវ សំបូរទៅដោយសំរាម និងកាកសំណល់​ផ្សេងៗបង្ហូរចូលទៅ​ក្នុងស្ទឹង។

ជិះតាមបណ្ដោយស្ទឹងសង្កែទៅកាន់ភូមិបាក់រទេះ ដែលជាភូមិចុងក្រោយគេ នៃឃុំព្រែកហ្លួង ក្នុងស្រុកឯកភ្នំ  គេឃើញប្រជាពលរដ្ឋនៃភូមិផ្សេងៗទៀត មានរបៀបនៃការប្រើប្រាស់ទឹក ស្រដៀង​គ្នាត្រង់ថា ប្រភពទឹកសំខាន់ដែលប្រើប្រាស់ប្រចាំថ្ងៃ គឺទឹកស្ទឹង។ ពួកគេប្រើទឹកស្ទឹង​បានច្រើនតម្រូវការ ដូចជា ស្រោចស្រពដំណាំ ធ្វើចម្ការ ធ្វើស្រែ ចិញ្ចឹមសត្វ បោកគក់ មុជ ដាំស្ល រហូតដល់យកទឹកនោះមកហូបទៀតផង។

កំពុងអង្គុយបុកគ្រឿងនៅលើគ្រែឈើបួនជ្រុង អ្នកស្រី ឃឿន សារ៉ូ អាយុ៥២ឆ្នាំ ជាពលរដ្ឋ​រស់​នៅ​​ភូមិបាក់រទេះ លើកឡើងថា ទឹកស្ទឹង​ដែលធ្លាប់តែស្រស់ស្អាតប្រែទៅជាពណ៌ខៀវល្អក់ កង្វក់ មានជាតិពុល ពោរពេញដោយសំរាម ជាហេតុធ្វើឱ្យអ្នកស្រីបារម្ភអំពីបញ្ហាសុខភាព ដោយសារតែប្រើប្រាស់ទឹកស្ទឹងកើតរមាស់ជាដើម។

អ្នកស្រី សារ៉ូ និយាយថា៖ «ទឹកវាក្រហូរ ប្រើទៅរមាស់ ជាតិគីមីវាច្រើនញញើតមិនហ៊ានប្រើ កូនចៅតូចៗអត់ហ៊ានឱ្យវាចុះស្ទឹងទេ ខ្លាចរមាស់ហ្នឹងហើយ»

ក្រឡេកទៅមើលផ្ទះរបស់អ្នកស្រី គេឃើញមានពាង និងអាងស្តុកទឹកដោយបូមទឹកពីស្ទឹង​កូរ​សាច់ជូ។ ទឹកដែលកូរសាច់ជូរួច ឬក៏ទុកឱ្យរងថ្លាហើយ ទើបអ្នកស្រីយកទឹកនោះ​មកចម្រោះទឹក ដើម្បីទុកពិសារ ដោយមិនឆ្លងកាត់ការដាំឱ្យពុះនោះទេ។

អ្នកស្រី សារ៉ូ និយាយថា៖ «ចង់បានហ្នឹងហើយទឹកស្អាត ឱ្យតែគេធ្វើឱ្យ[ភ្ជាប់ប្រព័ន្ធទឹកស្អាត] តែសព្វថ្ងៃយកទឹកស្ទឹង តែយើងបូមទៅទុកឱ្យថ្លារួចយកមកចម្រុះអត់បានដាំផង ផឹកទៅវា សុំាហើយ»

ដោយសារតែបញ្ហាទឹកប្រើប្រាស់គឺជារឿងចាំបាច់ ដែលមិនអាចខ្វះបាន អ្នកស្រី សារ៉ូ ពិតជា ចង់ឃើញរដ្ឋាភិបាលភ្ជាប់បណ្ដាញទឹកស្អាតដល់ភូមិឃុំអ្នកស្រីជាខ្លាំង ខណៈសព្វថ្ងៃអ្នកស្រី ក៏ត្រូវចំណាយប្រាក់ទិញទឹកប្រើផងដែរ។

អ្នកស្រីបន្ថែមថា៖ «ទិញទឹកសុទ្ធទឹកអីរហូត ចុះលុយដែរ អាធុងខៀវនោះ២ពាន់រៀល»។

ស្រ្តីចំណាស់ម្នាក់ រស់នៅភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ កំពុងប្បង់ទឹកក្នុងពាង បន្ទាប់ពីគាត់បានបូមទឹកពីស្ទឹង ដោយកូរសាច់ជូឱ្យថ្លា ទុកប្រើប្រាស់ប្រចាំថ្ងៃ។ រូបថតនៅថ្ងៃ​ទី១២ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

ស្រ្តីម្នាក់សុំមិនបញ្ចេញឈ្មោះ មានមុខរបរចម្លងដ វ័យ៥០ឆ្នាំប្លាយ នៅឃុំព្រែកហ្លួង បានលើក​ឡើងអំពីការប្រើប្រាស់ទឹកស្ទឹង ត្បិតគ្មានទឹកស្អាតប្រើប្រាស់ ហើយតាំងពីអ្នកស្រីធំដឹងក្ដីមក ប្រភពទឹកដែលឃើញមុនគេ គឺទឹកស្ទឹងសង្កែនេះឯង ហើយមកទល់ពេលនេះ អ្នកស្រី​មិនទាន់​ឃើញមានប្រព័ន្ធទឹកស្អាតតភ្ជាប់មកកាន់តំបន់អ្នកស្រីរស់នៅទេ។

ស្រ្តីចម្លងដសុំមិនបញ្ចេញឈ្មោះ និយាយថា៖ «ថីមិនចង់បានទឹកស្អាត រាល់ថ្ងៃប្រើធុងចម្រោះ​ទន្សាយ​ធុងអីដែរ បូមដាក់ពាងហើយកូរសាច់ជូឱ្យថ្លា រាល់ថ្ងៃមិនទាន់មានទឹករដ្ឋមកទេ»

ស្រ្តីរូបនេះលើកឡើងទៀតថា ទោះបីជាសភាពទឹកស្ទឹងប្រែប្រួល មានសំរាម និងការបង្ហូរ​កាកសំណល់​ផ្សេងៗចូលក្នុងស្ទឹងក៏ដោយ អ្នកស្រីអះអាងថា ការប្រើប្រាស់ទឹកស្ទឹងមិនឃើញ​មានជាបញ្ហាអ្វីដល់សុខភាពឡើយ ត្បិតអ្នកស្រីមានភាពសុំានឹងទឹកស្ទឹងនេះទៅហើយ។

អ្នកស្រីនិយាយថា៖ «និយាយទៅវាសុំាហើយ អ្នកស្រុកនេះសុំាហើយ រអ៊ូចេះតែរអ៊ូតែមិនដឹង​ធ្វើម៉េច បើអ្នកធ្លាប់មុជទឹកម៉ាស៊ីន ហើយមកមុជទឹកនេះដឹងតែរមាស់ហើយ»

បើតាមការសាកសួរកុមារ និងចាស់ច្រើននាក់ បានឱ្យដឹងថា ពួកគេប្រើប្រាស់ទឹកស្ទឹង​នា​រដូវប្រាំង និងប្រើប្រាស់ទឹកភ្លៀងនារដូវវស្សា។ ប៉ុន្តែបញ្ហានៅត្រង់ថា ទឹកស្ទឹងនារដូវប្រាំង ប្រែជាកង្វក់ ដែលតម្រូវឱ្យពួកគេ ទិញទឹកសុទ្ធយកមកបរិភាគ។

ពលរដ្ឋមួយរូបទៀត គឺអ្នកស្រី ហឿន ហី អាយុ ៧២ឆ្នាំ រស់នៅភូមិបាក់រទេះ ឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង បានឱ្យដឹងថា ពលរដ្ឋនៅតំបន់នេះពុំទាន់មានទឹករដ្ឋ​ប្រើប្រាស់​នៅ​ឡើយទេដោយត្រូវទិញទឹកស្អាតពីនាយទុនសម្រាប់ការបរិភោគប្រចាំថ្ងៃដែលក្នុងមួយធុងស្មើនឹង២០០០រៀល ដែលជាទូទៅក្នុងមួយខែអ្នកស្រីប្រើប្រាស់អស់២ទៅ៣ធុងចំណោម​សមាជិក​២នាក់​ក្នុងគ្រួសារ។

ចំពោះការប្ដូរមកទិញទឹកពីនាយទុនសម្រាប់បរិភោគប្រចាំថ្ងៃ អ្នកស្រី ហី បន្ថែមថា ដោយសារ​តែ​ស្ថានភាពទឹកស្ទឹងដែលអ្នកស្រីធ្លាប់តែយកមកបរិភោគ ងូត និងប្រើប្រាស់​ប្រចាំថ្ងៃបាន​ប្រែ​ជាកខ្វក់ និងដុះស្លែ ព្រោះតែការបោះនិងបង្ហូរកាកសំណល់ផ្សេងៗចូលក្នុងស្ទឹងស្របពេល​ដែល​ទំនប់ខាងលើកំពុងស្ថិតក្នុងការសាងសង់។

អ្នកស្រី ហី លើកឡើងថា៖ «ពីមុនគឺទឹកវាហូររហូត ដល់ឥឡូវទឹកគេបិទទៅ គេមិនសូវឱ្យ​ហូប។ ពេលគេបើកទៅ[សំរាមវាអណ្ដែតមក] ដល់ពេលគេបិទទៅទឹកក៏ដុះស្លែពេញស្ទឹង»

យ៉ាងណាមិញ អ្នកស្រីថាប្រសិនជាទឹកស្អាតដែលនាយទុនយកមកលក់នោះ​លែងមាន​បន្ត​ទៀត ក៏អ្នកស្រីមិនយកទឹកពីស្ទឹងទៅដាំដើម្បីបរិភោគនោះដែរ។ ដោយអ្នកស្រីបន្តថា៖ «មាន​អី​នឹងហ៊ានយកដាំ បើឃើញនឹងភ្នែក មកឡើងរីកស្គុយ អាខោទឹកនោមមនុស្សចាស់ក្មេងអី​ក៏វាមក ទាំងការ៉ុងៗ»

អ្នកស្រី ហី បន្ថែមថា ដោយសារតែគាត់ធ្លាប់កើតមានរមាស់បន្ទាប់ពីចុះងូតទឹកស្ទឹងរួច ទើប​គាត់​លែង​ហ៊ានចុះងូតទឹកផ្ទាល់បន្តទៀត ដោយគាត់បានដាក់ទុយោដើម្បីបូមទឹកពីស្ទឹង​ដាក់​ក្នុងពាង និងកូរសាច់ជូរដើម្បីអាចប្រើប្រាស់បាន។

អ្នកស្រីបន្តថា៖ «បើនិយាយឱ្យចំទៅដល់ពេលវាកខ្វក់អ៊ីចឹង! សូម្បីតែអ្នកមុជក៏អត់ចង់ហ៊ាន​ចុះមុជ​ក្នុង​ស្ទឹងដែរ។ ពេលចុះមុជទៅ ដល់ពេលឡើងមកវិញវារមាស់[..] ចង់ងូតចង់អីបូម​ដាក់ពាង រងឱ្យថ្លាទៅគេងូតទឹកពាង»

ជាមួយគ្នា អ្នកស្រី ហី សង្ឃឹមថា អាជ្ញាធរពាក់ព័ន្ធនឹងជួយពិនិត្យ​ដើម្បីតភ្ជាប់បណ្ដាញ​ទឹកស្អាត​​ប្រើប្រាស់ដល់ប្រជាពលរដ្ឋរស់នៅតំបន់នេះផងដែរ។

យោងតាមរដ្ឋបាលខេត្តបាត់ដំបង ស្ទឹងសង្កែ មានចម្ងាយប្រមាណ២៥០គីឡូម៉ែត្រ ហូរកាត់​ស្រុកចំនួន៦ និងឃុំចំនួន២៧ នៃខេត្តបាត់ដំបង មុននឹងទឹកស្ទឹងហូរចាក់ទៅបឹងទន្លេសាប។ បើតាមប្រភពដដែល ជម្រៅមធ្យមនៃស្ទឹងសង្កែដែលមន្ទីរធនធានទឹក​ខេត្តបាត់ដំបង​ធ្លាប់បាន​សិក្សាកាលពីឆ្នាំ២០១៣ ជម្រៅស្ទឹងសង្កែនារដូវប្រាំង ២,៣៥ម៉ែត្រ និងរដូវវស្សា៦,៧៩ម៉ែត្រ។

បុរសម្នាក់កំពុងរៀបចំម៉ាស៊ីនដើម្បីបូមទឹកពីស្ទឹងសង្កែ ត្រង់ទីតាំងដែលមានបែចិញ្ចឹមត្រី ដើម្បីប្រើប្រាស់ប្រចាំថ្ងៃ និងស្រោចស្រពដំណាំ ខណៈបុរសម្នាក់ទៀតកំពុងអុំទូកក្នុងស្ទឹង។ រូបថតនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

មេឃុំព្រែកហ្លួង អ្នកស្រី សឿង វណ្ណា បានប្រាប់ខេមបូចា ថា អ្នកស្រីពុំអាចបញ្ជាក់​ពីមូលហេតុ​ដែលរដ្ឋមិនអាចធ្វើការផ្គត់ផ្គង់សេវាទឹកស្អាតជូនពលរដ្ឋនៅ​តំបន់នេះនោះទេ។ អ្នកស្រី​បន្ថែម​ថា រូបគាត់ផ្ទាល់គឺសុទ្ធសឹងតែប្រើប្រាស់ទឹកស្អាតដែលផ្គត់ផ្គង់ដោយឯកជន។

អ្នកស្រីមានប្រសាសន៍ថា៖«ខ្ញុំអត់ច្បាស់ទេអាហ្នឹង! តែខ្ញុំគ្រាន់តែដឹងថា រាល់ថ្ងៃខ្ញុំប្រើ ភូមិខ្ញុំប្រើ​របស់ឯកជន។ តែរដ្ឋខ្ញុំអត់ដឹងថាគេតត្រឹមណាអីត្រឹមណា អត់ដឹងទេ! រាល់ថ្ងៃនៅប្រើ​របស់​ឯកជន ក្រុមហ៊ុនឯកជនទឹកស្អាតឯកភ្នំ»

ចំពោះការផ្គត់ផ្គង់ប្រព័ន្ធទឹកស្អាតរបស់ឯកជនទៅកាន់អ្នកភូមិបាក់រទេះវិញ អ្នកស្រី វណ្ណា ឱ្យ​ដឹង​ថា កន្លងមកខាងឃុំបានដាក់សំណើរទៅក្រុមហ៊ុនទឹកស្អាតឯកភ្នំដើម្បីធ្វើការតភ្ជាប់ដែរ តែ​ថាខាងក្រុមហ៊ុនកំពុងតែរៀបចំតបណ្ដាញទឹកស្អាតជាបណ្ដើរៗដែរហើយ។

អ្នកស្រីបន្ថែមថា៖ «ខ្ញុំបានធ្វើសំណើរទៅដែរ សំខាន់ក្រុមហ៊ុនគេអត់ទាន់តបណ្ដាញ​ទៅដល់​ដោយសារគេមានជំហានរបស់គេ [ឆ្នាំនេះភូមិនេះ ឆ្នាំក្រោយភូមិនោះ]។ សំខាន់ភូមិផ្សេងៗ​ទៀត​តម្រូវការ​ប៉ុន្មានៗក៏អត់ទាន់ដឹងដែរ។ គ្រាន់តែថារាល់ថ្ងៃនេះតែត្រឹម​ភូមិរហាលសួង​សិន​ទេ គេអត់ទាន់​ចុះ​ទៅដល់បាក់រទេះនោះទេ»

អភិបាលស្រុកឯកភ្នំ លោក ម៉ិល សុផល ប្រាប់ឱ្យខេមបូចាដឹងថា ដោយសារតែតំបន់​បាក់​រទេះ​មានរយៈចម្ងាយឆ្ងាយធ្វើឱ្យរដ្ឋពិបាកនឹងផ្គត់ផ្គង់សេវាទឹកស្អាតបាន ដូច្នេះរដ្ឋបាន​ផ្ដល់​អាជ្ញាបណ្ណ​ដល់សេវាកម្មឯកជនជាអ្នកផ្គត់ផ្គង់។

លោកមានប្រសាសន៍ថា៖ «ឆ្ងាយណាស់! រដ្ឋបានផ្ដល់ទីតាំងហ្នឹង ឱ្យសេវាកម្មឯកជន​ធ្វើ​ហើយ​។ [ដូច្នេះខាងទឹករដ្ឋមិនអាចតភ្ជាប់ដល់ទីនោះទេមែនទេ?] មិនដល់ទេឆ្ងាយណាស់ក្មួយ នៅ​ជិត​មាត់ទន្លេ ជិតតំបន់ផ្លូវទឹកឯណោះ»។

ចំពោះផែនការនៃការតភ្ជាប់ប្រព័ន្ធទុយោទឹក លោក សុផល បន្ថែមថា គឺខាងសេវាករឯកជន​ជាអ្នករ៉ាប់រងនិងបានចាប់ផ្ដើមធ្វើបណ្ដើរៗហើយ  ប៉ុន្តែលោកពុំដឹងពី​កាលបរិច្ឆេទ​រួចរាល់ពេល​ណា​នោះទេ។

លោក សុផល ថ្លែងថា៖ «ខ្ញុំអត់ដឹងថាផែនការរបស់សេវាករហ្នឹង! គាត់ធ្វើទៅដល់​ហ្នឹងឆ្នាំណា​នោះទេ ព្រោះគេមានផែនការរបស់គេ តភ្ជាប់ទៅ! ព្រោះដែនសមត្ថកិច្ចរបស់សេវាករ​ឯកជន»

លោក ជិន រដ្ឋា អាយុ៥២ឆ្នាំ ជាម្ចាស់អាជីវកម្មទឹកស្អាតឯកភ្នំ ឱ្យដឹងថា ក្រុមហ៊ុនបាន​កំពុង​រៀបចំ​នូវប្រព័ន្ធទឹកស្អាត និងដាក់តទុយោជាបណ្ដើរៗហើយ ដែលអាចនឹងដល់​ភូមិបាក់​រទេះ​នៅដើមឆ្នាំក្រោយនេះ។ លោកបន្តថា ភាពយឺតយ៉ាវនៃគម្រោងតភ្ជាប់នេះ ដោយសារ តែ​ពលរដ្ឋ​នៅតំបន់នោះភាគច្រើនមិនសូវមានអ្នកចង់តភ្ជាប់។ មួយវិញទៀត លោកបន្ថែមថា ដោយសារពលរដ្ឋថាមិនមានថវិកាគ្រប់គ្រាន់ ក៏ដូចជាអ្នកខ្លះថាមិនទាន់មានការចាំបាច់ ដោយសារមានប្រភពទឹកស្ទឹងប្រើប្រាស់ជាយូរមកហើយ។

លោកនិយាយថា៖ «បាទ! អត់អីទេ គ្រាន់តែបញ្ចូនដំណឹងថាបានចុះហើយ ក្រុមហ៊ុនមាន​គម្រោង​ទៅហើយ។ ដោយសារយើងដើរធ្វើតេស្តទៅវាមួយគីឡូពីរគីឡូអី មានអ្នកតទឹកតែ៣-៤នាក់។ អ៊ីចឹង យើងទាមទារអាកន្លែងណាត្រូវដាក់មុន ដាក់ក្រោយ»។ លោកបន្ថែមថា៖ «សម្បូរ​អ្នក​ចម្ការច្រើនមួយជួរហ្នឹងនោះ គ្មានអីទេ! ហើយគាត់មានប្រភពទឹក គាត់បូម​ដាក់​ចម្ការ ដាក់ពាងកូរសាច់ជូរ អាហ្នឹងជាប្រពៃណីជាង២០-៣០ឆ្នាំហើយ»

លោក រដ្ឋា ឱ្យដឹងដែរថា អាជីវកម្មរបស់លោកបានបើកដំណើរការអស់រយៈពេលជាង​១០ឆ្នាំ​មកហើយ ដោយក្នុងនោះលោកក៏ទទួលបាននូវអាជ្ញាបណ្ណដែលចេញពីក្រសួង និងបានចុះ​កិច្ចសន្យា​ធ្វើ​អាជីវកម្មសម្រាប់រយៈពេល២០ឆ្នាំផងដែរ។ រីឯការផ្គត់ផ្គង់ទឹកស្អាត​ទៅដល់​អ្នក​ភូមិ​បាក់រទេះនោះ លោកថាបានដឹកទៅដាក់អស់រយៈពេល ៦ទៅ៧ឆ្នាំមកហើយ។

នៅផ្នែកខាងលើនៃស្ទឹងសង្កែ ពិសេសត្រង់ភូមិតាមិម គេឃើញមានបែចិញ្ចឹមត្រីជាច្រើនទីតាំង ដែលអ្នកស្រុកចិញ្ចឹមនៅក្នុងស្ទឹង ទៅតាមទំហំនិងខ្នាតដែលពួកគេសាងសង់។

ទិដ្ឋភាពនៃច្រាំងស្ទឹងសង្កែ ដែលមានសំរាម កាកសំណង់ផ្សេងៗ ដែលប្រជាពលរដ្ឋទម្លាក់​ចូលស្ទឹង ព្រមជាមួយទុយោទឹកដែលពួកគាត់បូមទឹកយកទៅប្រើ នៅឃុំព្រែកហ្លួង ស្រុកឯកភ្នំ ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី១២ ខែមីនា ឆ្នាំ២០២៣។ ខេមបូចា/ សុវណ្ណ ស្រីពេជ្រ

លោក ហៀង អាយុ៤០ឆ្នាំ ជាពលរដ្ឋម្នាក់រស់នៅភូមិតាមឹម បានលើកឡើងថា ទឹកស្ទឹងសង្កែ​ដែល​លោកធ្លាប់ប្រើប្រាស់ពីមុនមានសភាពស្អាត ចំណែកទឹកស្ទឹងបច្ចុប្បន្ននេះ មានភាពកខ្វក់ ដោយមានបែចិញ្ចឹមត្រី និងមានកាកសំណល់សំរាមផងដែរ។ លោកបានលើកជាក្ដីបារម្ភថា ទឹកស្ទឹងប្រែជាបែបនេះ អាចនឹងធ្វើឱ្យប៉ះពាល់ដល់សុខភាពរបស់លោក និងគ្រួសារផងដែរ។

លោក ហៀង បញ្ជាក់ថា៖ «ទឹកនេះខ្ញុំប្រើប្រាស់ប្រចាំថ្ងៃ ដាំបាយដាំអីផង និងស្រោចបន្លែផង ទឹកពីមុនស្អាត ឥឡូវអត់សូវស្អាត»។ លោកបន្តថា៖ «ទោះបីមិនពេញចិត្តក៏ដោយ[បញ្ហាចិញ្ចឹម​ត្រី​ធ្វើឱ្យទឹកល្អក់]យើងម្នាក់ឯងក៏ធ្វើអីមិនកើតដែរ»

ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍ និងសន្តិភាព លោក យ៉ង់ គិមអេង យល់​ឃើញ​ថា ប្រជាពលរដ្ឋនឹងប្រឈមការប៉ះពាល់សុខភាពដូចជាកើតជំងឺរមាស់ នៅពេលដែល​ប្រភពទឹករបស់ពួកគេត្រូវបានបំពុលដោយសារការធ្វើអាជីវកម្ម និងកត្តាផ្សេងៗទៀត។

លោក គិមអេង មានប្រសាសន៍ថា៖ «ប្រភពទឹកដែលប្រជាពលរដ្ឋប្រើប្រាស់មិនគួរឱ្យមានការ​ធ្វើ​អាជីវកម្ម​ណាមួយដែលប៉ះពាល់​ទឹកដែលប្រជាពលរដ្ឋប្រើប្រាស់នោះទេ។ [..] ផលប៉ះពាល់​យើង​ឃើញថា កាលណាទឹក​មិន​ស្អាត ទឹកវាកខ្វក់នោះវាអាចកើតជំងឺដូចជារមាស់ កើតអី​ផ្សេងៗ​ទៀត​ដែលអាចប៉ះពាល់​ដល់​សុខភាពពួកគាត់»

អាស្រ័យហេតុនេះ លោកថា អាជ្ញាធរគួរតែមានជាវិធានការដោះស្រាយដើម្បី​អាចជួយ​សម្រួល​​ដល់ការរស់នៅរបស់ពលរដ្ឋដែលរស់នៅតាមបណ្ដោយស្ទឹងទាំងនោះ។ ដោយ​លោកបន្តថា ពលរដ្ឋដែលរស់នៅទីក្រុងនិងជនបទ គឺមានឱកាសស្មើគ្នាក្នុងការទទួលបាន​សេវាទឹកស្អាតប្រើប្រាស់ ក៏ដូចជាសេវាផ្សេងៗផងដែរ។

លោក គិមអេង បន្ថែមថា៖ «ជាទូទៅ ការទទួលបានទឹកស្អាតគួរតែមានឱកាសស្មើគ្នា។ ពីព្រោះថា​ប្រជាពលរដ្ឋនៅកន្លែងណាក៏ដូចកន្លែងណាដែរ គួរតែទទួលបាន​នូវទឹកស្អាត​ប្រើប្រាស់ និងសេវាផ្សេងៗដូចៗគ្នា។ អ៊ីចឹងរដ្ឋគួរតែគិតគូរដោះស្រាយ យើងមិនគួរមាន​ត្រឹមតែនៅ​ក្នុងទីក្រុងទេ! នៅតាមទីជនបទក៏ដោយ ដែលគ្នាជួបបញ្ហាក៏គួរតែ​ដោះស្រាយ​ដែរ»

252 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម