រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា បានចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា ដើម្បីអភិរក្ស និងស្តារឡើងវិញនូវបេតិកភណ្ឌវប្បធម៌ ជាពិសេសកាត់បន្ថយការជួញដូរវត្ថុបុរាណខុសច្បាប់ក្នុងប្រទេសកម្ពុជានាំចេញទៅក្រៅប្រទេស។
នៅក្នុងពិធីចុះហត្ថលេខាលើកិច្ចព្រមព្រៀងលើកទី៥នេះបានធ្វើឡើងនៅសារមន្ទីរជាតិ ក្នុងរាជធានីភ្នំពេញ ដែលមានការចូលរួមពីលោកស្រី ភឿង សកុណា ដែលជា រដ្ឋមន្រ្តីក្រសួងវប្បធម៌ និងវិចិត្រសិល្ប: និងលោក Patrick Murphy ជាឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅកម្ពុជា កាលពីថ្ងៃទី៣០ ខែសីហា ឆ្នាំ២០២៣។
លោក Patrick Murphy ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិថ្លែងថា ពិធីចុះហត្ថលេខាលើអនុស្សរណៈយោគយល់គ្នា រវាងសហរដ្ឋអាមេរិក និងកម្ពុជា គឺអាមេរិកចង់ចូលរួមចំណែកក្នុងការអភិរក្ស និងស្តារឡើងវិញនូវបេតិកភណ្ឌវប្បធម៌ដ៏សម្បូរបែបរបស់កម្ពុជាដែលបានបាត់បង់។ ហើយពិធីចុះហត្ថលេខារវាងសហរដ្ឋអាមេរិក និងក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ត្រូវបានចុះហត្ថលេខាកាលពី២០ឆ្នាំមុន គឺតាំងពីឆ្នាំ២០០៣។
លោក Murphy ថ្លែងថា៖ «កម្ពុជាជាប្រទេសតែមួយគត់នៅក្នុងតំបន់អាស៊ីអាគ្នេយ៍ដែលមានពិធីចុះហត្ថលេខាលើអនុស្សរណៈនៃការយោគយល់គ្នា(MOU) ហើយព្រះរាជាណាចក្រកម្ពុជា ជាគំរូសម្រាប់ប្រទេសក្នុងតំបន់ ឥណ្ឌូ ប៉ាស៊ីហ្វិក ផ្សេងទៀត»។
លោកឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិប្រចាំកម្ពុជាថ្លែងបន្ថែមពីបន្ទាប់ពីការចុះហត្ថលេខាលើកិច្ចព្រមព្រៀងថាសហរដ្ឋអាមេរិកកំពុងផ្តល់ជំនួយថ្មី និងបានបន្ថែមទឹកប្រាក់ចំនួន៤៥ម៉ឺនដុល្លារ ដើម្បីឱ្យបន្តការអភិរក្សប្រាសាទភ្នំបាខែង ដែលប្រាសាទនេះមានទីតាំងនៅក្រុងអង្គរ ក្នុងខេត្តសៀមរាប។
លោក Patrick Murphy ថ្លែងថា៖ «នេះគឺជាមូលនិធិឯកអគ្គរដ្ឋទូតដ៏ធំបំផុតសម្រាប់ការអភិរក្សវប្បធម៌ដែលបានផ្តល់រង្វាន់នៅឆ្នាំនេះនៅក្នុងតំបន់អាស៊ីប៉ាស៊ីហ្វិកខាងកើត»។
លោក Patrick Murphy បានលើកឡើងបន្តថា ការចុះហត្ថលេខាអនុស្សរណៈយោគយល់គ្នានេះ គឺដើម្បីកាត់បន្ថយការជួញដូរខុសច្បាប់នូវវត្ថុបុរាណវិទ្យា និងជាតិពន្ធុវិទ្យាដែលមិនអាចជំនួសបានដែលតំណាងឱ្យបេតិកភណ្ឌវប្បធម៌របស់កម្ពុជា។
លោកស្រី ភឿង សកុណា មានប្រសាសន៍ថា កម្ពុជានិងអាមេរិកបានចុះហត្ថលេខារួមគ្នា ក្នុងទប់ស្កាត់ និងការជួញដូរវត្ថុបុរាណខុសច្បាប់ ហើយកិច្ចសហប្រតិបត្តិការនេះអនុញ្ញាតឱ្យកម្ពុជាអាចស្វែងរកប្រលឹងដូនតាខ្មែរតាមរយៈវត្ថុបុរាណដែលបានបាត់បង់តាំងពីជំនាន់សង្រ្គាមដើម្បីនាំយកមកកម្ពុជាវិញ។
លោកស្រីបន្តថា ការបាត់បង់វត្ថុបុរាណខ្មែរគឺជាការរៀនសូត្រសម្រាប់យុវជនជំនាន់ក្រោយឱ្យដឹងថា សង្រ្គាមតែងតែនាំមកនូវការបែកបាក់គ្នា។
លោកស្រីថ្លែងថា៖ «ឥឡូវនេះដែលយើងបានសុខសន្តិភាព យើងមានការរីកចម្រើន មិនត្រឹមតែសម្រាប់ប្រជាជនទេ សូម្បីតែវត្ថុបុរាណខ្មែរក៏អាចជួបជុំគ្នាបានដែរ»។
លោកស្រី សកុណា បន្ថែមថា កិច្ចសហប្រតិបត្តិការនេះបានជួយសេដ្ឋកិច្ចកម្ពុជាឱ្យមានភាពរីកចម្រើនតាមរយៈការទាក់ទាញភ្ញៀវទេសចរណ៍ឱ្យចូលមកកម្ពុជា និងអាចជួយប្រជាជាតិកម្ពុជាទាំងមូលផងដែរ។
លោកស្រីបន្តថា៖ «ហើយវា[កិច្ចសហប្រតិបត្តិការជាមួយអាមេរិក]ជួយទៅលើបញ្ហាសេដ្ឋកិច្ច ទាក់ទាញភ្ញៀវទេសចរណ៍ ដើម្បីការកសាងប្រទេសយើង»។
លោកស្រី សកុណា លើកឡើងថា វត្ថុបុរាណខ្មែរដែលបានបាត់បង់គឺដោយសារតែមនុស្សលួចនាំឆ្លងដែនទៅលក់ក្រៅប្រទេសតាំងតែពីជំនាន់កើតសង្រ្គាម ហើយប្រទេសភាគច្រើនដែលទទួលទិញវត្ថុបុរាណ គឺប៉ែកខាងអឺរ៉ុប ជាពិសេសសហរដ្ឋអាមេរិក។
លោកស្រី សកុណា បានបន្ថែមទៀតថា៖ «មានប្រទេសអ្នកមានដែលមានលុយទិញ ដល់ឥឡូវយើងមានសេចក្តីសុខ យើងឃើញថាជារបស់យើង យើងធ្វើការទាមទារ»។
លោកស្រីបញ្ជាក់ថា អាមេរិកបានបញ្ជូនវត្ថុបុរាណជាង១០០មកកម្ពុជា ចាប់តាំងពីកម្ពុជាបានបង្កើតកិច្ចសហប្រតិបត្តិការជាមួយអាមេរិក និងមានវត្ថុបុរាណមួយចំនួនទៀតដែលកំពុងរក្សាទុកនៅអាមេរិក ហើយនឹងបញ្ជូនមកកម្ពុជាក្នុងពេលខាងមុខបន្តទៀត។
សូមរំលឹកថាកាលពីថ្ងៃទី១៣ ខែកក្កដា ឆ្នាំ២០២២ សហរដ្ឋអាមេរិកបានបញ្ជូនវត្ថុបុរាណ ចំនួន២៧ដុំ មកសារមន្ទីរជាតិកម្ពុជា ហើយការប្រគល់វត្ថុបុរាណនេះក៏មានការចូលរួមពីលោកឧបការីរដ្ឋមន្ត្រីក្រសួងការបរទេសអាមេរិកទទួលបន្ទុកកិច្ចការអាស៊ីបូព៌ា និងប៉ាស៊ីហ្វិក លោក Daniel J. Kritenbrink និងឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំកម្ពុជាគឺលោក Patrick Murphy និងអ្នកស្រី ភឿង សកុណា ជារដ្ឋមន្ត្រីក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ ក៏មានវត្តមានក្នុងពិធីនោះដែរ៕