យោងតាមលោក Jared Genser ជាមេធាវីការពារបានឲ្យដឹងថា កញ្ញា សេង ធារី សកម្មជនសិទ្ធិមនុស្ស ដែលកំពុងជាប់ពន្ធនាគារបានបញ្ចប់ការធ្វើកូដកម្មអត់អាហាររយៈពេល១០ថ្ងៃកាលពីថ្ងៃព្រហស្បតិ៍ បន្ទាប់ពីស្រកទម្ងន់ប្រហែល៥គីឡូក្រាម ដែលកូដកម្មអត់អាហារនេះធ្វើឡើងបន្ទាប់ពីមានរបាយការណ៍កាលពីខែមិថុនាពីក្រុមការងារអង្គការសហប្រជាជាតិដែលបានអំពាវនាវឱ្យមានការដោះលែងកញ្ញាជាបន្ទាន់។
កញ្ញា សេង ធារី បានលើកឡើងតាមរយៈសេចក្តីថ្លែងការណ៍មួយចេញដោយ មេធាវី Genser ថា៖ «ខ្ញុំបានធ្វើកូដកម្មអត់អាហារនេះ មិនមែនដើម្បីទាមទារសេរីភាពសម្រាប់ខ្លួនខ្ញុំតែម្នាក់នោះទេ ប៉ុន្តែដើម្បីសេរីភាពរបស់ប្រជាជនកម្ពុជាទាំងអស់។ ទោះបីជារាងកាយរបស់ខ្ញុំចុះខ្សោយបំផុតក៏ដោយ ក៏ខ្ញុំនៅមានការតាំងចិត្តខ្ពស់ ហើយឥឡូវនេះ មានអារម្មណ៍ថា ខ្លាំងជាងមុនជាង១.០០០ដង ដើម្បីបុព្វហេតុដ៏ត្រឹមត្រូវនេះ»។
កញ្ញា សេង ធារី ក៏បានអំពាវនាវឱ្យសហគមន៍អន្តរជាតិលើកឡើងអំពីបញ្ហា «អ្នកទោសនយោបាយ» និង «ការដួលរលំនៃលទ្ធិប្រជាធិបតេយ្យ» នៅក្នុងប្រទេសកម្ពុជា។
កញ្ញា សេង ធារី ដែលមានសញ្ជាតិខ្មែរអាមេរិក ត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគាររយៈពេលប្រាំមួយឆ្នាំកាលពីខែមិថុនាឆ្នាំមុន ពីបទរួមគំនិតក្បត់។ កញ្ញា សេង ធារី គឺជាមនុស្សម្នាក់ក្នុងចំណោមសមាជិកជាង១០០នាក់របស់គណបក្សប្រឆាំងដែលត្រូវបានតុលាការរំលាយ គឺគណបក្សសង្គ្រោះជាតិ ហើយដែលពួកគាត់ត្រូវបានបញ្ជូនមកជំនុំជម្រះពីបទញុះញង់ និងរួមគំនិតក្បត់។
កញ្ញាបានចាប់ផ្តើមកូដកម្មអត់អាហារនៅថ្ងៃទី១៧ ខែកក្កដា ដើម្បីទាមទារឲ្យមានការដោះលែងកញ្ញា និងដោះលែងអ្នកទោសនយោបាយផ្សេងទៀត។
លោក នុត សាវនា អ្នកនាំពាក្យអគ្គនាយកដ្ឋានពន្ធនាគារ នៃក្រសួងមហាផ្ទៃ បានមានប្រសាសន៍ថា លោកមិនមានការភ្ញាក់ផ្អើលទេដែលថា «គាត់មានសភាពខ្សោយ ព្រោះគាត់ស្គមតាំងពីដើមមក»។
លោកមានប្រសាសន៍ថា មិនមានអ្វីដែលត្រូវព្រួយបារម្ភអំពីសុខភាពរបស់កញ្ញា សេង ធារី នោះទេ ដោយសារតែសម្ពាធឈាមរបស់គាត់ត្រូវបានវាស់ជារៀងរាល់ថ្ងៃ ហើយលោកថែមទាំងបានកត់សម្គាល់ផងដែរថា ធារី បានផឹកទឹកដោះគោ អំឡុងពេលធ្វើកូដកម្មអត់អាហារ។
លោក ជិន ម៉ាលីន អ្នកនាំពាក្យក្រសួងយុត្តិធម៌មានប្រសាសន៍ថា៖ «កូដកម្មអត់អាហារនេះ មិនមានឥទ្ធិពលលើនីតិវិធីរបស់តុលាការទេ។ វាជាសិទ្ធិរបស់គាត់ក្នុងការទទួលទានឬក៏អត់ ព្រោះគ្មានអ្នកណាអាចបង្ខំគាត់បានទេ»។
លោក ស៊ឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៃសមាគមសិទ្ធិមនុស្សអាដហុកមានប្រសាសន៍ថា លោក សំ ទិត្យសីហា មេធាវីម្នាក់ក្នុងចំណោមមេធាវីរបស់កញ្ញា ធារី បានទៅសួរសុខទុក្ខកញ្ញាកាលពីថ្ងៃព្រហស្បតិ៍ ហើយបានរាយការណ៍ថា កញ្ញាធារី មានសភាពទន់ខ្សោយ ស្លេកស្លាំង និងស្គម។
លោកមានប្រសាសន៍ថា៖ «សកម្មភាពនេះ [កូដកម្មអត់អាហារ] គឺដើម្បីបង្ហាញពីការតស៊ូមតិរបស់គាត់អំពីភាពអយុត្តិធម៌នៃការឃុំខ្លួនគាត់ក្នុងពន្ធនាគារ។ វាមិនមានប្រយោជន៍ដល់រដ្ឋាភិបាលក្នុងការឃុំខ្លួន សេង ធារី នោះទេ ព្រោះដូចដែលយើងដឹងហើយថា សហរដ្ឋអាមេរិកបានដាក់សម្ពាធ និងកាត់ជំនួយខ្លះ [ដល់កម្ពុជា]»។
បន្ទាប់ពីការបោះឆ្នោតជាតិកាលពីថ្ងៃអាទិត្យ ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអះអាងថា ខ្លួននឹងចាត់វិធានការ ដើម្បីរឹតបន្តឹងទិដ្ឋាការលើបុគ្គលណាដែលធ្វើឲ្យខូចដំណើរលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា និងផ្អាកកម្មវិធីជំនួយមួយចំនួននៅក្នុងប្រទេសនេះផងដែរ។
សមាជិកសភាសហរដ្ឋអាមេរិកបានប្រកាសកាលពីថ្ងៃទី១៤ ខែកក្កដានូវច្បាប់ដែលបានស្នើ ហើយបានដាក់ឱ្យប្រើប្រាស់ជាលើកដំបូងក្នុងឆ្នាំ២០២០ ដែលនឹង «ដាក់ឱ្យរដ្ឋាភិបាលកម្ពុជាទទួលខុសត្រូវចំពោះការរំលោភបំពាន និងអំពើពុករលួយ ដែលធ្វើឲ្យខូចដំណើរការលទ្ធិប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស»។ ច្បាប់នេះបានលើកឡើងពីករណីរបស់កញ្ញា សេង ធារី និងឥស្សរជនបក្សប្រឆាំងដែលត្រូវបានផ្តន្ទាទោសផ្សេងទៀតផងដែរ។
លោក Amparo Garcia អ្នកនាំពាក្យស្ថានទូតអាមេរិកមានប្រសាសន៍ថា៖ «សហរដ្ឋអាមេរិកអំពាវនាវឱ្យមានការដោះលែងជាបន្ទាន់នូវសកម្មជនបក្សប្រឆាំង ដែលត្រូវឃុំខ្លួនដោយអយុត្តិធម៌ទាំងអស់ រួមទាំងកញ្ញា សេង ធារី ផងដែរ»។ លោកបានបន្ថែមថា៖ «ថ្មីៗនេះ មន្ត្រីស្ថានទូតអាមេរិកបានទៅសួរសុខទុក្ខកញ្ញា សេង ធារី នៅក្នុងពន្ធនាគារ ដូចដែលយើងបានធ្វើចំពោះពលរដ្ឋអាមេរិកទាំងអស់ ដែលកំពុងជាប់ពន្ធនាគារនៅកម្ពុជា។ យើងនឹងបន្តឃ្លាំមើលករណី និងស្ថានភាពរបស់កញ្ញា សេង ធារី យ៉ាងដិតដល់ និងផ្តល់សេវាកុងស៊ុលដែលសមរម្យទាំងអស់»។
លោក សំ ទិត្យសីហា មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ។ ការិយាល័យឧត្តមស្នងការសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ និងការិយាល័យរបស់ខ្លួននៅកម្ពុជា មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយដែលបានផ្ញើកាលពីរសៀលថ្ងៃសុក្រនោះទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Imprisoned Activist Seng Theary Ends Ten-Day Hunger Strike