សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ភាសាខ្មែរ
  • English
  • ភាសាខ្មែរ

អាជ្ញាធរបិទផ្លូវដើម្បីការពារក្រុមហ៊ុនOCICឈូសឆាយដីស្រែចំការរបស់ប្រជាពលរដ្ឋសម្រាប់គម្រោងព្រលានយន្តហោះថ្មី

នគរបាលដាក់របាំងបិទផ្លូវទៅកាន់ដីស្រែចំការរបស់ប្រជាពលរដ្ឋដែលស្ថិត នៅទីតាំងគម្រោងសាងសង់ព្រលានយន្តហោះថ្មីនៅស្រុកកណ្តាលស្ទឹងកាលពីថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២១។ រូបភាពផ្តល់ឲ្យ
នគរបាលដាក់របាំងបិទផ្លូវទៅកាន់ដីស្រែចំការរបស់ប្រជាពលរដ្ឋដែលស្ថិត នៅទីតាំងគម្រោងសាងសង់ព្រលានយន្តហោះថ្មីនៅស្រុកកណ្តាលស្ទឹងកាលពីថ្ងៃទី៧ ខែកញ្ញាឆ្នាំ២០២១។ រូបភាពផ្តល់ឲ្យ

នគរបាល និងកងរាជអាវុធហត្ថរាប់រយនាក់ ត្រូវបានដាក់ពង្រាយនៅលើផ្លូវឆ្ពោះទៅគម្រោងព្រលានយន្តហោះភ្នំពេញថ្មីនៅខេត្តកណ្តាល ខណៈការឈូសឆាយដីបាន ចាប់ផ្តើម បើទោះបីជាជម្លោះដីធ្លីជាមួយប្រជាពលរដ្ឋក្នុងតំបន់នោះមិនទាន់ដោះស្រាយចប់ក៏ដោយ។

ចំណាត់ការនេះធ្វើឡើង បន្ទាប់ពីរដ្ឋបាលខេត្តកណ្តាលបានចេញសេចក្តីជូន​ដំណឹង មួយកាលពីថ្ងៃទី៣ ខែកញ្ញា ដោយអះអាងថា ការ​បិទផ្លូវ​ដើម្បីបង្ហូរ​ទឹកចេញពីការដ្ឋានសាងសង់ផ្លូវរត់របស់យន្តហោះ។

ប្រជាពលរដ្ឋបាននិយាយថា នគរបាលបានចាប់ផ្តើមមកដល់នៅម៉ោង៥ព្រឹក​ កាលពី ថ្ងៃទី៧ ខែកញ្ញា ហើយក្រុមហ៊ុនបានចាប់ផ្តើមឈូសឆាយដីស្រែរបស់អ្នកភូមិភ្លាមៗ ប៉ុន្តែគ្មានដំណោះស្រាយជូនប្រជាពលរដ្ឋនៅឡើយទេ។

លោក ណៃ ភន មកពីភូមិតាឡុង ដែលដីស្រែរបស់គាត់ត្រូវបានឈូសឆាយ នៅព្រឹក ថ្ងៃអង្គារបាននិយាយថា អាជ្ញាធរ​កាន់ជើងក្រុមហ៊ុនវិនិយោគទុនអនិកជនកម្ពុជា (OCIC) ដែលកំពុងអភិវឌ្ឍគម្រោង ដែលមានទឹកប្រាក់១,៥ពាន់លានដុល្លារ។

លោកបាននិយាយថា៖ «គេ​ចងដៃ និងចង​ជើងរបស់យើង​ ហើយគេ​បិទ​មាត់របស់យើង ព្រោះប្រជាពលរដ្ឋមិនអាចធ្វើអ្វីបាន។ អាជ្ញាធរបានដាក់ពង្រាយកម្លាំងរាប់រយនាក់ ដើម្បីការពារក្រុមហ៊ុន»។ ដោយលោកបន្ថែមថា៖​ ខ្ញុំពិតជាមិនដឹងថា ត្រូវនិយាយអ្វីទេ ពីព្រោះនៅ ក្នុងសង្គមប្រជាធិបតេយ្យ ហេតុអ្វីបានជាពួកគេមកធ្វើបែបនេះ ជាមួយប្រជាជន​ ដោយរំលោភយកដីរបស់យើង?»

លោក ភន បាននិយាយថា សេចក្តីជូន​ដំណឹង អះអាងថា អាជ្ញាធរកាត់ផ្តាច់ផ្លូវសម្រាប់បង្ហូរទឹកគ្រាន់តែជាលេសដើម្បីបិទបាំងការឈូសឆាយដីប៉ុណ្ណោះ។

លោកបាននិយាយថា៖​​ «ចំពោះខ្ញុំ ពួកគេធ្វើដូចជាចោរប្លន់អ៊ីងចឹង​។ នៅប្រទេស​កម្ពុជាទីកន្លែងណាដែលមានការអភិវឌ្ឍប្រជាពលរដ្ឋតែងតែទឹកភ្នែក។ នេះមិនមែន​ជា​ការអភិវឌ្ឍ​សម្រាប់​ប្រជាពលរដ្ឋទេ ប៉ុន្តែជាការអភិវឌ្ឍសម្រាប់ពួកនាយទុន។ ខ្ញុំបាន​​ការពារ​ដីរបស់ខ្ញុំអស់រយៈពេលបីឆ្នាំហើយ​ប៉ុន្តែឥឡូវនេះត្រូវគេឈូសឆាយ​ហើយ»។

លោកបន្តថា៖ «[យើង] នៅតែអំពាវនាវដល់សម្តេច ហ៊ុន សែន ឲ្យជួយដោះស្រាយបញ្ហានេះឲ្យបានសមរម្យ។  សម្តេចគួរដឹងថាប្រជាពលរដ្ឋរងទុក្ខប៉ុណ្ណា»។

អ្នកភូមិម្នាក់ទៀតឈ្មោះ ឡុញ វណ្ណា ដែលដីស្រែរបស់គាត់ក៏ត្រូវបានក្រុមហ៊ុនឈូសឆាយដែរនោះបាននិយាយថា អាជ្ញាធរប្រាប់ប្រជាពលរដ្ឋកុំឲ្យប្រមូលផ្តុំគ្នាតវ៉ាដោយលើកឡើងហេតុផលជំងឺកូវីដ-១៩ ។

អ្នកស្រីបាននិយាយថា៖​«ពួកគេអាចធ្វើអ្វីតាមចិត្តនៅលើដីរបស់យើង ប៉ុន្តែយើងដែល ជាម្ចាស់ដីមិនអាចធ្វើអ្វីបានទេ។ ខ្ញុំគិតថា សកម្មភាពរបស់ក្រុមហ៊ុន រួមទាំងអាជ្ញាធរ នៅពេលនេះគឺដើម្បីដាក់សម្ពាធឲ្យប្រជាពលរដ្ឋទទួលយកសំណងដែលបានផ្តល់ជូន ប៉ុន្តែយើងនឹងមិនទទួលយកនោះទេ។ យើងចង់បានតម្លៃសមរម្យ យើងចង់រស់នៅ ក្នុងភាពយុត្តិធម៌ សូមកុំឲ្យយើងរស់នៅក្នុងភាពអយុត្តិធម៌ខ្លាំងពេក»។

ដោយអះអាងថា សំណងផ្តល់ជូនមានកម្រិតទាបពេកមកដល់បច្ចុប្បន្ននេះពលរដ្ឋរាប់រយគ្រួសារបានជាប់គាំងនៅក្នុងជម្លោះជាមួយក្រុមហ៊ុន OCIC ដែលជាកម្មសិទ្ធិរបស់លោកឧកញ៉ា ពុង ឃាវសែ អស់រយៈពេលបីឆ្នាំមកហើយ។

អ្នកសារព័ត៌មានដែលចុះយកព័ត៌មានអំពីព្រលានយន្តហោះថ្មីនេះត្រូវបានអាជ្ញាធរយាយីហើយអ្នកខ្លះត្រូវបានគំរាមប្តឹងទៅតុលាការផងដែរ។

អ្នកភូមិឈ្មោះ ទួន វណ្ណៈ បាននិយាយថាអាជ្ញាធរបានដាក់របាំងដើម្បីរារាំងអ្នកភូមិមិនឲ្យចូលទៅកាន់ដីស្រែរបស់ពួកគាត់ដែលកំពុងត្រូវបានឈូសឆាយដោយគ្រឿងចក្ររបស់ក្រុមហ៊ុន។

លោកបាននិយាយថា៖ «កងកម្លាំងការពារជាតិបែរជា​មកបង្ក្រាបប្រជាពលរដ្ឋ​ស្លូតត្រង់។ ហេតុអ្វីបានជាពួកគេឈូសឆាយដីស្រែរបស់ប្រជាពលរដ្ឋដែលមិនទាន់ដោះស្រាយ»។

លោកបានបន្ថែមថា៖ «ការអភិវឌ្ឍបែបនេះកំពុងបំផ្លាញប្រជាពលរដ្ឋធ្វើឲ្យ​ប្រជាពលរដ្ឋកាន់តែក្រីក្រហើយខ្ញុំគិតថា នេះគឺជាភាពអយុត្តិធម៌សម្រាប់ប្រជាពល រដ្ឋ។ តម្លៃដីទីផ្សារដីនៅទីនេះបានកើនឡើង ដូច្នេះជាមួយនឹងការផ្តល់ជូននេះ នៅពេលយើងអស់លុយនេះ យើងនឹងធ្លាក់ខ្លួនក្នុងភាពក្រីក្រ» ។

នៅក្នុងវីដេអូឃ្លីបដែលថតដោយអ្នកភូមិនិងផ្ញើមកឲ្យអ្នកយកព័ត៌មានខេមបូចាបាន​បង្ហាញថា ត្រាក់ទ័រនិងអេស្កាវ៉ាទ័រជាច្រើនគ្រឿងកំពុងឈូសឆាយដីស្រែចំការ។

កម្លាំងសមត្ថកិច្ចរារាំងអ្នកភូមិមិនឲ្យតវ៉ានៅផ្លូវជាតិលេខ២ ករណីទំនាស់ ដីធ្លីជុំវិញគម្រោងសាងសង់ព្រលានយន្តហោះថ្មីស្ថិតនៅស្រុកកណ្តាលស្ទឹងកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។ រូបភាពផ្តល់ឲ្យ
កម្លាំងសមត្ថកិច្ចរារាំងអ្នកភូមិមិនឲ្យតវ៉ានៅផ្លូវជាតិលេខ២ ករណីទំនាស់ ដីធ្លីជុំវិញគម្រោងសាងសង់ព្រលានយន្តហោះថ្មីស្ថិតនៅស្រុកកណ្តាលស្ទឹងកាលពីថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២១។ រូបភាពផ្តល់ឲ្យ

អ្នកភូមិប្រហែល១០០នាក់ក៏បានប្រមូលផ្តុំគ្នានៅលើផ្លូវជាតិលេខ២ ដែលមានចម្ងាយប្រហែល២គីឡូម៉ែត្រពីភូមិដោយមានបំណងបិទផ្លូវនោះ។ ពួកគាត់ត្រូវបាននគរបាល រារាំងហើយបង្ខំឲ្យត្រឡប់ទៅផ្ទះវិញ។

កាលពីថ្ងៃទី១ ខែកញ្ញា ក្រុមហ៊ុនបានផ្តាច់​ផ្លូវមួយផ្នែកហើយបានផ្អាកវិញ ដោយ​សារតែមានការ​តវ៉ា​ពីអ្នក​ភូមិ។

លោក ឡេង សុខរុន អធិការនគរបាលស្រុកកណ្តាលស្ទឹងបានមានប្រសាសន៍ថា ប្រជាពលរដ្ឋតវ៉ាចំពោះការឈូសឆាយដីនេះ ហើយគ្រោងបិទផ្លូវជាតិលេខ២។

លោកមានប្រសាសន៍ថា៖​​ «គ្មានអំពើហិង្សាទេ ហើយអាជ្ញាធរបានប្រាប់ពួកគាត់កុំឲ្យបិទផ្លូវព្រោះវានឹងធ្វើឲ្យស្ទះចរាចរណ៍និងប៉ះពាល់ដល់សណ្តាប់ធ្នាប់សាធារណៈ» ។

លោក កុក សាយ ដែលទទួលបន្ទុកទិញដីសម្រាប់ព្រលានយន្តហោះថ្មីនេះបាន​បញ្ជាក់ថា ក្រុមហ៊ុនបានចាប់ផ្តើមឈូសឆាយដីស្រែចំការកាល​ពីព្រឹកថ្ងៃអង្គារមែន។

លោកបានមានប្រសាសន៍ថា៖ «ដោយសារតម្រូវការសម្រាប់ [ការអភិវឌ្ឍ] ព្រលាន យន្តហោះបានកំណត់ទិសដៅ  ដូច្នេះយើងធ្វើឲ្យប្រាកដថា យន្តហោះអាចហោះបាន នៅឆ្នាំ២០២៣ ហើយយើងត្រូវធ្វើការដើម្បីបញ្ចប់គម្រោងនៅត្រឹមឆ្នាំ២០២៣»។

លោកបាននិយាយថា ក្រុមហ៊ុននៅប្រកាន់ជំហរក្នុងការផ្តល់ជូនតម្លៃ៨ដុល្លារ ក្នុងមួយម៉ែត្រការ៉េប្រហែលមួយភាគដប់នៃអាត្រាទីផ្សារ ឬ​ជម្រើសនៃការទទួលបានដីនៅកន្លែងផ្សេងទៀតនៅតំបន់ក្បែរនោះ។

លោកបន្ត​ថា៖ «យើងកំពុងដោះស្រាយ យើងរង់ចាំតែទូទាត់សំណងប៉ុណ្ណោះ ក្រុមហ៊ុន​មិនយកដីរបស់ប្រជាពលរដ្ឋទទេនោះទេ ហើយក្រុមហ៊ុននឹងមិនអាចដំឡើងថ្លៃបានដែរ។ ប្រសិនបើពួកគាត់មកដោះស្រាយយើងនឹងដោះស្រាយជូនពួកគាត់» ។

លោក សឹង សែនករុណា មន្ត្រីស៊ើបអង្កេតជាន់ខ្ពស់នៅសមាគមការពារសិទ្ធិមនុស្ស អាដហុក បានមានប្រសាសន៍ថា អាជ្ញាធរគួរតែសម្របសម្រួល រវាងក្រុមហ៊ុននិង​ប្រជាពលរដ្ឋ ដើម្បីឈានដល់ដំណោះស្រាយដែលអាចទទួលយកបាន​ ហើយក្រុមហ៊ុន មិនគួររំលោភបំពានទ្រព្យសម្បត្តិប្រជាពលរដ្ឋមុនពេលមានដំណោះស្រាយ​នោះទេ។

លោកមានប្រសាសន៍ថា៖ «វាជារឿង​ខុសច្បាប់ ព្រោះពួកគេ [ក្រុមហ៊ុន] ត្រូវដោះស្រាយជាមួយប្រជាពលរដ្ឋមុនពេលបង្កើតគម្រោង ប៉ុន្តែក្នុងករណីនេះ មានការរំលោភបំពានលើទ្រព្យសម្បត្តិរបស់ពួកគាត់ ពួកគេគួរតែផ្អាកការអភិវឌ្ឍ និងស្វែងរកដំណោះស្រាយជាមួយប្រជាពលរដ្ឋជាមុន ដើម្បីជៀសវាងការរំលោភបំពាន សិទ្ធិកាន់កាប់ទ្រព្យសម្បត្តិ និងប៉ះពាល់ដល់ការអនុវត្តច្បាប់នៅក្នុងប្រទេស»។

លោកបន្ត​ថា អាជ្ញាធរតែងតែប្រើកម្លាំងរារាំងនិង គំរាមកំហែងធ្វើឲ្យពលរដ្ឋដែលជាប់គាំងក្នុងជម្លោះនឿយណាយនិងភ័យខ្លាចក្នុងការបន្តការតវ៉ារបស់ពួកគាត់ ហើយ​ទីបំផុត​​ពួកគេត្រូវបង្ខំចិត្តទទួលយកសំណង់។

លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាល និងលោក ឈឿន សុចិត្រ ស្នងការនគរបាលខេត្តមិនអាចទាក់ទងសុំការបំភ្លឺបានទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Despite lack of resolution in dispute, authorities block roads, let OCIC begin clearing residents’ farmland for mega airport project

ព័ត៌មានថ្មី

អត្ថបទពេញនិយម