សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

បុរសពិការប្រឹងលក់ទឹកសុទ្ធដើម្បីបានលុយទិញថ្នាំនិងអាហារ

លោកអ៊ុច ភា អង្គុយនៅលើរទេះរុញ ទទួលលុយលក់ទឹកសុទ្ធពីភ្ញៀវ នៅលើផ្លូវ៦០ម៉ែត្រ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៩ខែឧសភាឆ្នាំ២០២១។ ខេមបូចា/ អាន វិចិត្រ
លោកអ៊ុច ភា អង្គុយនៅលើរទេះរុញ ទទួលលុយលក់ទឹកសុទ្ធពីភ្ញៀវ នៅលើផ្លូវ៦០ម៉ែត្រ ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៩ខែឧសភាឆ្នាំ២០២១។ ខេមបូចា/ អាន វិចិត្រ

បុរសពិការជិះលើរទេះរុញប្រឹងត្រដរលក់ទឹកសុទ្ធទាំងឈឺចុកចាប់ដោយជំងឺប្រចាំកាយ​ ដើម្បីបានលុយយកទៅចំណាយលើថ្នាំពេទ្យខ្លួនឯង និងចិញ្ចឹមប្រពន្ធមានជំងឺ រួមទាំងកុមារ២នាក់ទៀតនៅក្នុងបន្ទុក។​

លោក អ៊ុច ភា អង្គុយលើរទេះរុញជិត២ឆ្នាំហើយ បន្ទាប់ពីទទួលការព្យាបាលនៅពេទ្យរុស្ស៊ីដោយរកឃើញថា លោកមានជំងឺក្រិនសួតធ្ងន់ធ្ងរដែលតម្រូវឱ្យទិញថ្នាំទទួលទានជាប្រចាំថ្ងៃ។​ លោកថា ពេលជំងឺធ្វើទុក្ខហើយទទួលទានថ្នាំយឺតនោះលោកតែងថប់ដង្ហើមស្ទើរដាច់ខ្យល់ម្តងៗ។

បើតាមលោក អ៊ុច ភា ឱ្យដឹងថា មុនពេទ្យរុស្ស៊ីរកឃើញថា លោកមានជំងឺក្រិនសួតកាលពីខែកញ្ញាឆ្នាំ២០១៩នោះ លោកមានជំងឺរ៉ាំរ៉ៃជាង២០ឆ្នាំមកហើយ ដែលត្រូវលក់ទ្រព្យសម្បត្តិដើម្បីព្យាបាលនៅពេទ្យផ្សេងៗជាច្រើនកន្លែង ហើយពេទ្យក៏អះអាងផ្សេងៗគ្នាពីប្រភេទជំងឺរបស់លោក​ ហើយព្យាបាលមិនជាសោះ។ លោកថា តាមពេទ្យប្រាប់គឺជំងឺក្រិនសួតនាំឱ្យខ្វះអុកស៊ីហ្សែនចិញ្ចឹមរាងកាយរហូតដល់មានដំបៅ និងពិការដៃជើង។​

ម្រាមដៃ ម្រាមជើងរបស់លោកហាក់ដូចជា រិចរិលខ្លីជាងមុន ហើយថែមទាំងមានដំបៅខ្លះទៀតនោះធ្វើឱ្យជើងដើរមិនកើត ហើយដៃក៏ចាប់កាន់អ្វីស្ទើរមិនជាប់ដែរ។​ អាការជំងឺធ្វើឱ្យលោកឈឺទាំងដំបៅ និងចុកចាប់ពេញខ្លួនពិសេសពេលអាកាសធាតុក្តៅពេក ត្រជាក់ពេក ឬ ប៉ះជាមួយខ្យល់បក់ខ្លាំង។​

ឥទ្ធិពលពីជំងឺធ្វើឱ្យលោក អ៊ុច ភា មិនសូវបានដេកលក់ទេរាល់យប់ ហើយយប់ខ្លះស្ទើរតែមិនបានដេកលក់ទាំងស្រុងដោយសារតែឈឺរបួស និងចុកដៃចុកជើង។​ នៅក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញដែលធ្វើឱ្យលោកមានភាពស្មុគស្មាញ គិតច្រើនឥឡូវធ្លាក់ខ្លួនឈឺក្រពះមួយមុខទៀត ដែលតម្រូវឱ្យលោកទទួលទានបានតែបបរ។​

លោក អ៊ុច ភា បញ្ជាក់ថា នៅក្នុងអំឡុងពេលនៃការបិទខ្ទប់រាជធានីភ្នំពេញចាប់ពីថ្ងៃទី១៥ ខែមេសា លោករស់ដោយសារពឹងអ្នកជិតខាងជួយ និងខ្ចីលុយគេអស់១៥ម៉ឺនរៀលដើម្បីទិញថ្នាំ។ ក្រោយពេលស្ថានភាពការរាតត្បាតជំងឺកូវីដ១៩ ធូរស្រាល សាលារាជធានីភ្នំពេញបានបញ្ចប់ការបិទខ្ទប់ភាគច្រើននៃទីក្រុង ចាប់ពីថ្ងៃទី៦ ខែឧសភា។ ប្រជាពលរដ្ឋអាចធ្វើដំណើរពីកន្លែងមួយទៅកន្លែងមួយដោយសេរី និងអាចប្រកបមុខរបរផ្សេងៗ។ បន្ទាប់ពីបានទទួលដំណឹងនេះ លោកបានចេញមកលក់ទាំងជំងឺកាន់តែធ្វើទុក្ខ។

លោក អ៊ុច ភា៖«សុខភាពលំបាក ប៉ុន្តែបើមិនចេញលក់ធ្វើម៉េច? បានអីហូប បានអីទិញថ្នាំជាប្រចាំនោះ»

លោក អ៊ុច ភា ជួលបន្ទប់ស្នាក់នៅភូមិគោករកា សង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ រាជធានីភ្នំពេញ។ លោក លក់ ទឹកសុទ្ធជាប្រចាំនៅលើផ្លូវ៦០ម៉ែត្រ ត្រង់ចំណុចស្តុបម៉ាកស៊ឺដេស ក្នុងខណ្ឌមានជ័យរាជធានីភ្នំពេញ។​

បុរសពិការវ័យ៥៦ឆ្នាំរូបនេះ រកចំណូលបានប្រមាណ៣ទៅ៤ម៉ឺនរៀលក្នុងថ្ងៃ។ ចំពោះចំណូលលោកត្រូវចំណាយលើថ្នាំខ្លួនឯងក្នុង១ថ្ងៃ២៨០០០រៀល ហើយថែមទាំងត្រូវផ្គត់ផ្គង់ដល់ប្រពន្ធវ័យ៥៤ឆ្នាំមានជំងឺប្រចាំកាយ និងត្រូវចិញ្ចឹមកុមារី២រូបទៀត។​

ក្រោយពេលបិទខ្ទប់រាជធានីភ្នំពេញលោកចាប់ផ្តើមលក់វិញគឺលក់បានតែប្រមាណ១ម៉ឺនទៅ២ម៉ឺនរៀលតែប៉ុណ្ណោះនៅក្នុង១ថ្ងៃ ដោយសារតែមិនសូវមានអ្នកធ្វើដំណើរ និងមិនមានអ្នកហ៊ានទិញព្រោះខ្លាចឆ្លងកូវីដ១៩។​

នៅក្នុងចម្ងាយផ្លូវប្រមាណជាង១គីឡូម៉ែត្រពីបន្ទប់ជួលដល់កន្លែងលក់គឺកុមារីពីរនាក់ដែលម្នាក់អាយុ១០ឆ្នាំជាចៅ និង ម្នាក់ទៀតជាកូនអាយុ១១ឆ្នាំជួយរុញរទេះ។​ ត្បិតតែលោកមិនមានកម្លាំងគ្រប់គ្រាន់ក្នុងការរុញរទេះដោយខ្លួនឯងដើម្បីធ្វើដំណើរក៏ដោយ ប៉ុន្តែបើថ្ងៃដែលកូន និងចៅ ជាប់ទៅសាលារៀនគឺលោកប្រឹងប្រែងបង្វិលកង់រទេះដោយខ្លួនឯង ទោះជាពេលដែលលោកប្រឹងប្រើកម្លាំងហើយត្រូវឈឺចាប់រាងកាយក៏ដោយ។​

លោកអ៊ុច ភា អង្គុយនៅលើរទេះរុញលក់ទឹកសុទ្ធ នៅលើផ្លូវ៦០ម៉ែត្រក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៩ខែឧសភាឆ្នាំ២០២១។ ខេមបូចា/ អាន វិចិត្រ
លោកអ៊ុច ភា អង្គុយនៅលើរទេះរុញលក់ទឹកសុទ្ធ នៅលើផ្លូវ៦០ម៉ែត្រក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី៩ខែឧសភាឆ្នាំ២០២១។ ខេមបូចា/ អាន វិចិត្រ

បច្ចុប្បន្នក្រៅពីដៃនិងជើងមិនអាចប្រើប្រាស់បានល្អនោះ អណ្តាតរបស់លោកអ៊ុច ភា ក៏មានបញ្ហានិយាយមិនសូវច្បាស់ដែរ។​  ទោះយ៉ាងណាលោកប្តេជ្ញាមិនសុំទានទេគឺប្រឹងរកលុយដោយខ្លួនឯងព្រោះលោកយល់ថា លុយគេពិបាករកដូច្នេះលោកមិនសុំគេទេ។​

ភរិយាលោកអ៊ុច ភា គឺអ្នកស្រី វណ្ណ ស៊ុន វ័យ៥៤ឆ្នាំ បច្ចុប្បន្នកំពុងមានជំងឺរោគស្ត្រី និងរលាកស្រោមខួរផង។​ អ្នកស្រីថា ចាប់ពីចុងឆ្នាំ២០២០មក គ្រួសារអ្នកស្រីត្រូវរាប់បញ្ជូលជាគ្រួសារក្រីក្រទទួលបានការឧត្ថម្ភ១ខែ១៦ម៉ឺនរៀល។

អ្នកស្រីរំឮកថា កាលនៅមានកម្លាំងរកបានអាចគ្រប់គ្រាន់ការចំណាយប៉ុន្តែបច្ចុប្បនុ្នលុយដែលប្តីរកបានតិចតួច ហើយបូកជាមួយលុយដែលរដ្ឋាភិបាលឧត្ថម្ភ១ខែ១៦ម៉ឺនរៀលនោះមិនគ្រប់ការចំណាយលើថ្នាំពេទ្យនិងអាហារទេ។​

អ្នកស្រី វណ្ណ ស៊ុន៖«ធ្លាប់រកមួយថ្ងៃបាន៥ទៅ៦ម៉ឺននៅតែចាយមិនចង់គ្រប់ ចុះទម្រាំ១ខែ១៦ម៉ឺន លោកគ្រូ! ចង់ស្រែកយំរាល់ថ្ងៃតែមិនដឹងធ្វើយ៉ាងម៉េច? គាត់ក៏ឈឺខ្ញុំក៏ឈឺដល់ចឹងទៅពិបាកណាស់លោកគ្រូអើយ!​»។​

លោក ណុល ថន ជាពលរដ្ឋរស់នៅបន្ទប់ជួលក្បែរគ្រួសារលោក អ៊ុច ភា បង្ហាញការអាណិតអាសូរដោយឃើញគ្រួសារលោក​អ៊ុចភាជួបការលំបាកបែបនេះ។​

លោក ណុល ថន៖«គាត់ហូបតែបបរហ្នឹងអត់មានអី ហូបជាមួយទឹកត្រីជាមួយពងទា២គ្រាប់៤នាក់គ្នាគាត់។គាត់អត់មានអីហូបទេ។ អ្នកជិតខាងឃើញចឹងទៅ មានអីចេះតែឱ្យគាត់ហូប ពេលខ្លះខ្ញុំអត់ដែរចឹងទៅមានអីហូបជាមួយគ្នាចឹងទៅ»

លោកស្រី ម៉ាក់ ម៉ូលីកា នាយិកាអង្គការជនពិការកម្ពុជា លើកឡើងថា ក្នុងអំឡុងពេលកូវីដលោកស្រីបានឧត្ថម្ភស្បៀងមួយចំនួនដល់បុគ្គលិកក្នុងអង្គការ។ ចំណែកជនពិការទូទៅអ្នកស្រីថា អង្គការមិនមានលទ្ធភាពក្នុងការផ្គត់ផ្គង់ស្បៀងទេ ប៉ុន្តែលោកស្រីប្រឹងទាក់ទងទៅស្ថាប័នផ្សេងៗទៀតឱ្យជួយពេលទទួលបានការស្នើសុំជំនួយជនពិការ។

លោកស្រី ម៉ាក់ ម៉ូលីកា អំពាវនាវឱ្យស្ថាប័នពាក់ព័ន្ធជួយអន្តរាគមន៍បញ្ហាតម្រូវការបន្ទាន់ឬ ចាំបាច់របស់ជនពិការ។

​លោកស្រី ម៉ាក់ ម៉ូលីកា៖«ការអន្តរាគមន៍ភ្លាមៗសម្រាប់អ្វីដែលយើងគិតថា អទិភាពខ្លាំងចំពោះពេលនេះគឺរស់រានមានជីវិត និងបញ្ហាប្រឈមផ្សេងៗទៀតនៅក្នុងអំឡុងពេលកូវីដនេះត្រូវការជួយដោះស្រាយដោយស្ថាប័នពាក់ព័ន្ធ»

លោកស្រីក៏បានអំពាវនាវឱ្យមានការយកចិត្តទុកដាក់ដល់ជនពិការទាំងនៅក្នុងអំឡុងពេលកូវីដនិងចប់កូវីដដូចជា បញ្ហាជីវភាព និងការប្រឹក្សាយោបល់ផ្សេងៗទៀត។​

អគ្គលេខាធិការនៃក្រុមប្រឹក្សាសកម្មភាពជនពិការនៃក្រសួងសង្គមកិច្ច អតីតយុទ្ធជន និងយុវនីតិសម្បទា លោក ឯម ច័ន្ទមករា ថ្លែងថា​បច្ចុប្បន្នរដ្ឋាភិបាលកំពុងយកចិត្តទុកដាក់ដោះស្រាយបញ្ហាជូនជនពិការ។ លោកបន្តថា ចំពោះជនពិការជួបការលំបាកហើយត្រូវការជំនួយត្រូវទាក់ទងទៅមន្ត្រីពាក់ព័ន្ធ។​

លោក ឯម ច័ន្ទមករា «ឱ្យគាត់ទាក់ទងទៅអាជ្ញាធរឬក៏មន្ទីរដែលពាក់ព័ន្ធ។ឧទាហរណ៍ដូចជា មន្ទីរសង្គមកិច្ច មន្ទីរការងារ ឬក៏អាជ្ញាធរខេត្ត ព្រោះនៅតាមខេត្តគេមានក្រុមប្រឹក្សាជួយសកម្មភាពជនពិការ តាមរាជធានីខេត្ត។​ អញ្ចឹងខ្ញុំស្នើឱ្យផ្តល់ព័ត៌មានទៅខាងពួកគាត់»។​

របាយការណ៍របស់ក្រសួងសង្គមកិច្ច អតីតយុទ្ធជន និង យុវនីតិសម្បទាឱ្យដឹងថា គិតត្រឹមឆ្នាំ២០១៧កម្ពុជាមានជនពិការជិត១លាននាក់។​

សម្រាប់លោក អ៊ុច ភា និង អ្នកស្រី វណ្ណ ស៊ុន ថ្លែងថា ពួកគាត់មិនបានគិតពីអាយុជីវិតខ្លួនឯងដែលកំពុងមានជំងឺទ្រុឌទ្រោមនេះទេគឺស្លាប់ពេលណាក៏ស្លាប់ទៅ ប៉ុន្តែអ្វីដែលជាក្តីកង្វល់ធំនោះគឺអនាគតកូន និងចៅស្រី ដែលមានវ័យក្មេងខ្ចីមិនទាន់អាចចិញ្ចឹមខ្លួនឯងបាន។

អ្នកស្រី វណ្ណ ស៊ុន៖«ខឹប្រឹងៗ តស៊ូបំផុតតាវាហ្នឹងដើម្បី ឱ្យកូននិងចៅហ្នឹងបានរៀន មើលរួចនិងគេលោកគ្រូ។ គាត់ថា គាត់ថ្ងៃណាថ្ងៃហ្នឹងទៅ ចេះតែខំប្រឹងដើររកដើម្បីកូនតូចៗ២នាក់ហ្នឹង»៕​

448 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម