សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋសភាបោះឆ្នោតគាំទ្រលោក ឌិត ទីណា ធ្វើជារដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី

រូបភាពលោក ឌិត ទីណា នៅលើកញ្ចក់ទូរទស្សន៍ក្នុងបន្ទប់សារព័ត៌មាន ខណៈរដ្ឋសភាបោះឆ្នោតគាំទ្រលោកជារដ្ឋមន្ត្រីក្រសួងកសិកម្ម នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ បញ្ញា ឆព័ណ្ណ
រូបភាពលោក ឌិត ទីណា នៅលើកញ្ចក់ទូរទស្សន៍ក្នុងបន្ទប់សារព័ត៌មាន ខណៈរដ្ឋសភាបោះឆ្នោតគាំទ្រលោកជារដ្ឋមន្ត្រីក្រសួងកសិកម្ម នៅថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ បញ្ញា ឆព័ណ្ណ

កាលពីថ្ងៃសុក្រ រដ្ឋសភាដែលគ្រប់គ្រងដោយគណបក្សប្រជាជនកម្ពុជា ដែលកំពុងកាន់អំណាច បានអនុម័តជាឯកច្ឆន្ទតែងតាំង លោក ឌិត ទីណា អតីតរដ្ឋលេខាធិការក្រសួងរ៉ែនិងថាមពល ជារដ្ឋមន្ត្រីក្រសួងកសិកម្មថ្មី ដែលការតែងតាំងនេះគឺធ្វើ​ឡើង​មិនដល់មួយសប្តាហ៍ផង បន្ទាប់ពីលោក វេង សាខុន ត្រូវបានដកចេញពីតំណែង។

សមាជិករដ្ឋសភាទាំង១១១រូប ដែលមានវត្តមាននៅព្រឹកថ្ងៃសុក្រនេះ បានបោះឆ្នោតគាំទ្រលោក ទីណា ក្លាយជារដ្ឋមន្ត្រីបន្ទាប់ នៃក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ។

លោក វេង សាខុន ត្រូវបានបណ្តេញចេញពីតំណែងជារដ្ឋមន្ត្រីក្រសួងកសិកម្ម កាល​ពី​ថ្ងៃទី៨ ខែតុលា ហើយប៉ុន្មានថ្ងៃក្រោយមក លោកត្រូវបានតែងតាំងជារដ្ឋមន្ត្រី​ប្រតិភូអមនាយករដ្ឋមន្ត្រី។ ហេតុផល​នៃ​ការ​បណ្តេញ​លោក​ចេញ​មិន​ត្រូវ​បាន​​គេ​បង្ហាញ​​ទេ ទោះ​ជាយ៉ាងណា​​លោក​នាយក​រដ្ឋមន្ត្រី ហ៊ុន សែន ធ្លាប់​បាន​រិះគន់ជា​​ចំហចំពោះ​ការងារ​របស់​លោក​។

ក្នុង​សម័យ​ប្រជុំ​ពេញអង្គ​កាលពី​ថ្ងៃ​សុក្រ លោក ហ៊ុន សែន បាន​ស្នើ​ឲ្យ​សមាជិក​រដ្ឋ​សភា​បោះ​ឆ្នោត​គាំទ្រ​លោក ទីណា។ លោក​នឹង​ឡើង​កាន់​តំណែងថ្មី ​បន្ទាប់​​ពី​ព្រះមហាក្សត្រចេញព្រះរាជក្រឹត្យតែងតាំង​ជា​ផ្លូវការ។

លោក ទីណា អាយុ៤៣ឆ្នាំ បានបដិសេធសំណើសម្ភាសន៍ពីខេមបូចានៅ​សប្តាហ៍​នេះ។

កាល​ពី​ថ្ងៃ​ព្រហស្បតិ៍ លោក​បាន​មាន​ប្រសាសន៍​ថា លោក​នឹង​​មិន​និយាយ​ជា​មួយ​​អ្នក​សារព័ត៌មាន​រហូត​ទាល់​តែ​ព្រះ​មហាក្សត្រ​បាន​ចេញ​ព្រះរាជក្រឹត្យ​បញ្ជាក់​ជាផ្លូវ​ការ​ពី​តួនាទី​របស់​លោក។

លោក​បាន​មាន​ប្រសាសន៍​ថា៖ «ខ្ញុំ​សុំ​ឲ្យ​លោក​មើល​នីតិវិធី​ជា​មុន​សិន ហើយ​ឥឡូវ​នេះ​ បំភ្លេច​ឈ្មោះ​ខ្ញុំសិន» ។

 នៅថ្ងៃសុក្រដដែល ព្រះហាក្សត្របានចេញព្រះរាជក្រឹត្យតែងតាំង​លោក ទីណា ជារដ្ឋមន្ត្រី​ផ្លូវការ។

 លោក ទីណា ជា​មន្ត្រី​ដ៏ស្មោះស្ម័គ្រ​គណបក្ស​ប្រជាជន​កម្ពុជា និង​ជា​កូន​ប្រុស​របស់​​ប្រធាន​តុលាការ​កំពូល លោក ឌិត មុន្ទី ធ្លាប់​បម្រើការជា​អនុរដ្ឋលេខាធិការ​ក្រសួង​ពាណិជ្ជកម្ម​ពី​ឆ្នាំ២០០៩ ដល់ឆ្នាំ២០១៣ ហើយ​បន្ទាប់​មក​ត្រូវ​បានដំឡើង​ឋានៈ​ជា​រដ្ឋលេខាធិការ​នៅ​ក្រសួង​ដដែល។ លោក​បាន​ផ្លាស់​ទៅ​ក្រសួង​រ៉ែនិង​ថាមពល​ក្នុង​ឆ្នាំ​២០១៤។

លោក ទីណា ទទួលបានសញ្ញាបត្រវិស្វកម្មរ៉ែ និងផ្នែក​រូបវិទ្យាពីសាកលវិទ្យាល័យនៅ​ក្នុង​ប្រទេសបារាំង។

ប្អូនស្រីរបស់លោក​គឺលោក​ស្រី​ ឌិត នីតា ជាអនុប្រធានសមាគមមីក្រូហិរញ្ញវត្ថុកម្ពុជា។ លោកស្រី​បាន​រៀប​ការ​ជាមួយ​លោក សាយ សំអាល់ រដ្ឋមន្ត្រី​ក្រសួង​បរិស្ថាន ជា​កូន​ប្រុស​របស់​លោក សាយ ឈុំ ប្រធាន​ព្រឹទ្ធសភា។

បន្ទាប់ពីរដ្ឋសភាបោះឆ្នោតកាលពីថ្ងៃសុក្រ លោក ថេង សាវឿន ប្រធានសម្ព័ន្ធសហគមន៍កសិករកម្ពុជាបានមានប្រសាសន៍ថា ការអភិវឌ្ឍន៍វិធីសាស្រ្តការពារដំណាំរបស់កសិករ គឺជាមធ្យោបាយដោះស្រាយបញ្ហាប្រឈមជាច្រើនក្នុងវិស័យនេះ រួមមានហេដ្ឋារចនាសម្ព័ន្ធធារាសាស្ត្រ តម្លៃទីផ្សារ ការគាំទ្របច្ចេកទេស និងទទួលបានដើមទុន។

លោក សាវឿន មានប្រសាសន៍ថា៖ «កង្វះប្រព័ន្ធធារាសាស្ត្រនៅតែជាបញ្ហាសម្រាប់កសិករ​តូចតាចក្នុងប្រទេសកម្ពុជា»  ដោយបន្ថែមថា រដ្ឋមន្ត្រីថ្មីគួរតែបើកចិត្តនិងធ្វើការជាមួយកសិករ ក្រុមសង្គមស៊ីវិល និងភាគីពាក់ព័ន្ធក្នុងវិស័យឯកជន ដើម្បីស្វែងរកដំណោះស្រាយចំពោះបញ្ហាឧស្សាហកម្ម។

លោក​បាន​មានប្រសាសន៍​ថា៖​ «វា​អាស្រ័យ​លើ​ការ​ប្តេជ្ញា​ចិត្ត​របស់​គាត់ ហើយ​យើង​​ចង់​ឃើញ​រដ្ឋមន្ត្រី​ថ្មី​សកម្ម​ជាង​នេះ​។ តាមពិត លោក វេង សាខុន ក៏​ជា​រដ្ឋមន្ត្រី​​ដែល​បាន​អភិវឌ្ឍ​វិស័យ​កសិកម្ម​ប្រសើរជាង​រដ្ឋមន្ត្រី​មុនៗ​ដែរ»។

លោក ស្រ៊ុន ពៅ ប្រធានសមាគមអ្នកចិញ្ចឹមសត្វកម្ពុជាបានមានប្រសាសន៍ថា បញ្ហាប្រឈមចម្បងសម្រាប់ឧស្សាហកម្មបសុសត្វ គឺតម្លៃទាប។

តម្លៃសាច់ជ្រូកក្នុងស្រុកជាមធ្យម គឺទាបជាង២១.០០០រៀល (ប្រហែល 5,25 ដុល្លារ) ក្នុងមួយគីឡូក្រាម និង​ទាបជាងតម្លៃមធ្យមកាលពីឆ្នាំមុន គិតចាប់ពីខែមករាដល់ខែសីហា នេះបើយោងតាមរបាយការណ៍តម្លៃម្ហូបអាហារខែសីហារបស់​កម្មវិធីស្បៀងអាហារពិភពលោករបស់អង្គការសហប្រជាជាតិនិងក្រសួងកសិកម្ម។

លោក ស្រ៊ុន ពៅ បាន​មាន​ប្រសាសន៍ថា ដោយសារ​ការ​ផ្គត់ផ្គង់​ជ្រូក​ក្នុង​ស្រុក​មាន​ចំនួន​ច្រើន​ជាង​តម្រូវការ​ទីផ្សារ តម្លៃ​បាន​ធ្លាក់​ចុះ ខណៈ​ពេល​ដែល​ទឹក​ជំនន់​ថ្មីៗនេះ​បាន​បង្ខំ​ឲ្យអ្នក​ចិញ្ចឹម​ជ្រូក​លក់​ក្នុង​តម្លៃ​ទាប។

លោក​បាន​បន្ថែម​ថា៖ «យើង​ពឹង​លើ​ក្រសួង​កសិកម្ម។ យើង​សង្ឃឹម​ថា រដ្ឋមន្ត្រី​ថ្មី​នឹង​យក​ចិត្ត​ទុក​ដាក់​ខ្លាំងលើ​វិស័យ​បសុសត្វ ដូច​រដ្ឋមន្ត្រី​មុនៗ​ដែរ»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Dith Tina Approved as New Agriculture Minister

 
138 views

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម