សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

លោក ឌិត ទីណា បារម្ភពីការផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើឱ្យកសិករបាក់ទឹកចិត្ត

រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅក្រសួងកសិកម្ម រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង
រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា ថ្លែងក្នុងសន្និសីទសារព័ត៌មាននៅក្រសួងកសិកម្ម រាជធានីភ្នំពេញ។ រូបថតនៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

រដ្ឋមន្ត្រីថ្មីនៃក្រសួងកសិកម្មអំពាវនាវដល់ប្រព័ន្ធផ្សព្វផ្សាយរួមទាំងអ្នកសារព័ត៌មានអាជីព និង អ្នកប្រើប្រាស់បណ្តាញសង្គមហ្វេសប៊ុក កុំផ្សព្វផ្សាយព័ត៌មានមិនពិតដែលបង្កឱ្យ​កសិករ​បាក់​ទឹកចិត្តមានភាពច្របូកច្របល់ជុំវិញបញ្ហាតម្លៃកសិផល​ ធ្វើឱ្យក្រសួងមិនអាចដោះស្រាយ​បញ្ហា​បាន។​

នៅក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មាននៅថ្ងៃទី៦ ខែធ្នូ រដ្ឋមន្ត្រីក្រសួងកសិកម្ម លោក ឌិត ទីណា បានលើកឡើងថា បញ្ហាតម្លៃស្រូវកើតឡើងថ្មីៗនេះ  មានការផ្សព្វផ្សាយថា តម្លៃធ្លាក់ចុះខ្លាំងគឺក្រសួងបានចាត់មន្ត្រីជំនាញឱ្យដោះស្រាយបានទាន់ពេល ប៉ុន្តែលោកថា នៅពេលជាមួយគ្នានោះ មានការផ្សព្វផ្សាយរិះគន់ខុសការពិតនាំឱ្យប៉ះពាល់ផ្លូវចិត្តកសិករ។​ លោកក៏អំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គមកុំឱ្យមានការផ្សព្វផ្សាយរបៀបនេះបន្ត​ទៀត។​

លោក ទីណា​ បញ្ជាក់ថា៖ «សូមឱ្យអ្នកនៅបណ្តាញសង្គមកុំបន្តនិយាយថា អត់មានអ្នកណា​ទៅជួយមើល អត់មានអ្នកទៅជួយដោះស្រាយបញ្ហាហ្នឹង»។​

ទន្ទឹមនឹងការអំពាវនាវដល់អ្នកប្រើប្រាស់បណ្តាញសង្គមកុំឱ្យផ្សព្វផ្សាយព័ត៌មានខុសការពិតទៀតនោះ លោកក៏បានចោទសួរពីវិជ្ជាជីវៈអ្នកសារព័ត៌មានវីអូឌីផ្នែកភាសាអង់គ្លេសផងដែរ ដែលលោកថា ផ្សព្វផ្សាយខុសការពិតបន្តបន្ទាប់ពីបញ្ហាស្រូវអង្ករ និងចំណាត់ការរបស់​ក្រសួង​លើបញ្ហានេះ។​

លោក ទីណា ថ្លែងថា៖ «បើយកពាក្យរបស់ក្រសួងចេញទៅគេថា ក ហើយយកទៅនិយាយថា ខ ហើយថា ជាសិទ្ធិនៃការបញ្ចេញមតិ អាហ្នឹងក៏ខ្ញុំទុកឱ្យសាធារណៈមតិរបស់យើង​វាយតម្លៃ​មើលដែរថា អ្វីដែលខុសអ្វីដែលត្រូវ? ក្នុងនេះពាក់ព័ន្ធវីអូឌីជាអង់គ្លេសខ្ញុំឆ្ងល់!»។​

រដ្ឋមន្ត្រីរូបនេះ ក៏បារម្ភទៀតថា ការផ្សព្វផ្សាយព័ត៌មានមិនពិតធ្វើឱ្យកសិករបាក់ទឹកចិត្តបង្កជា​ភាពវឹកវរហើយ ក៏ធ្វើឱ្យប៉ះពាល់ដល់ការប្រឹងប្រែងរបស់ក្រសួង។​

លោក ទីណា បន្តទៀតថា៖ «ការដែលយល់ខុសមួយចំនួនវាធ្វើឱ្យដំណោះស្រាយ មិនអាចធ្វើ​ទៅបាន បើនាំគ្នាបំភ្លៃពាក្យបំភ្លៃនូវអ្វីដែលក្រសួងណែនាំចេញមក ធ្វើឱ្យប្រជាកសិករឬ​សាធារណៈ​មតិបាត់បង់នូវទំនុកចិត្តចំពោះដំណោះស្រាយដែលកំពុងធ្វើ។ តើនេះជា​ចេតនា​អ្វី?»។​

នាយកស្តីទីមជ្ឈមណ្ឌលកម្ពុជាដើម្បីប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ជាស្ថាប័នគ្រប់គ្រងលើ​សារព័ត៌មាន​វីអូឌី លោក អ៊ិត សុធឿត ថ្លែងថា លោកបានពិនិត្យលើប្រតិកម្មរបស់​ក្រសួង​កសិកម្ម និងអត្ថបទសារព័ត៌មានរបស់លោកកន្លងមក។ លោកបន្តថា ក្រុមការងារ​សារព័ត៌មានរបស់លោកបានបំពេញការងារតាមវិជ្ជាជីវៈត្រឹមត្រូវមិនដូចការចោទប្រកាន់របស់លោក ឌិត ទីណានោះទេ។​

លោក អ៊ិត សុធឿត ថ្លែងថា៖ «អាហ្នឹងជាការយល់ឃើញរបស់ក្រសួងសម្រាប់យើង គឺយើង តែងតែគោរពតាមក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន»។​

លោក ណុប វី នាយកសម្ព័ន្ធអ្នកសារព័ត៌មាន ខេមបូចា ថ្លែងថា ករណីវីអូឌីនេះ គឺគ្រាន់តែ​ក្រសួង​កសិកម្មយល់ខុសគ្នាពីការសរសេររបស់អ្នកសារព័ត៌មានប៉ុណ្ណោះ មិនមានអ្វីខុសឆ្គងឬ ខុសវិជ្ជាជីវៈនោះទេ។​ ទន្ទឹមនឹងនេះលោក ណុប វី លើកទឹកចិត្តឱ្យក្រសួងកសិកម្មក៏ដូចជា ក្រសួងស្ថាប័នផ្សេងៗទៀត ទទួលយកមតិយោបល់ពីសាធារណជន។​

លោក ណុប វី លើកឡើងថា៖ «ប្រជាពលរដ្ឋទូទៅលោកមានសេរីភាពក្នុងបង្ហាញ ក្នុងការ​លើក​ពីកង្វល់របស់គាត់ ជុំ[វិញ]ការអនុវត្តន៍សកម្មភាពការងាររបស់ក្រសួង។ ហើយខ្ញុំយល់ថា ស្ថាប័នរដ្ឋគួរតែបើកចិត្តទូលាយក្នុងការទទួលយកយោបល់ឆ្លុះបញ្ចាំងក៏ដូចជា​ការដាក់ចេញ​សកម្មភាពផ្សេងៗធ្វើឱ្យកាន់តែប្រសើរ ជាជាងយើងស្នើទៅប្រជាពលរដ្ឋកុំឱ្យរិះគន់ខ្ញុំយល់ថា អាហ្នឹងដូចជា មិនទទួលបានផលទេ»។​

អ្នកនាំពាក្យសមាគមការពារសិទ្ធិមនុស្សអាដហុក លោក សឹង សែនករុណា លើកឡើងថា ការ​បញ្ចេញមតិ ឬការរិះគន់មិនប៉ះពាល់ដល់ដំណើរការស្ថាប័ននោះទេផ្ទុយទៅវិញ​ជាចំណែក​សំខាន់​ក្នុងការជួយឆ្លុះបញ្ចាំងសកម្មភាពការងារកន្លងមក។​​​

លោក សែនករុណា ថ្លែងថា៖ «ការបញ្ចេញមតិម្នាក់ៗមានទស្សនៈមានការ​យល់ឃើញ​រៀងៗ​ខ្លួន​។ នៅក្នុងសង្គមប្រជាធិបតេយ្យការបញ្ចេញមតិនេះសំខាន់ណាស់ព្រោះវាជាកញ្ចក់​មួយ​ឆ្លុះបញ្ចាំងទៅដល់មន្ត្រីទាំងឡាយដែលអសកម្ម ដែលមិនបានបំពេញតួនាទីរបស់ខ្លួនបានល្អ ចឹងចៀសមិនផុតទេពីការរិះគន់​ហើយគប្បីមានការពិនិត្យមើលកែលម្អទៅ។ បើសិនយើងល្អ យើងត្រឹមត្រូវយើងខ្លាចអីចំពោះមតិរិះគន់»។​

នៅក្នុងពិធីសំណេះសំណាលជាមួយអ្នកសារព័ត៌មានកាលពីថ្ងៃទី៦ ខែធ្នូ នោះ លោក ឌិត ទីណា ក៏បានបញ្ជាក់ដែរថា លោកស្វាគមន៍មតិយោបល់បើសិនជាលោកមានកំហុស ប៉ុន្តែ​លោកថា កន្លងមកលោកមិនមានកំហុសតែការផ្សព្វផ្សាយខុសការពិត។​

លោក ទីណា ឱ្យដឹងថា៖ «ជាទូទៅខ្ញុំធ្វើការងារក្នុងបណ្តាញសង្គមជាមួយគ្នា និងសារព័ត៌មាន​ទាំងអស់ [អ៊ី]ចឹងការទទួលយកធាតុចូលត្រឡប់មកវិញក៏សំខាន់សម្រាប់ខ្ញុំដែរ។​ ខ្ញុំអាននូវ​ខំមិន ខ្ញុំទទួលនូវអ្វីដែលជាការផ្តល់ធាតុចូលមកវិញ ហើយខ្ញុំពិចារណាទាំងអស់ បើសិន​ជា​មក​ដល់ថ្ងៃនេះមានអ្វីខ្ញុំធ្វើជាកំហុសខ្ញុំនឹងកែ។ ប៉ុន្តែមកដល់ថ្ងៃនេះខ្ញុំមិនទាន់ឃើញទេ ឃើញ​តែការចោទដោយផ្អែកលើព័ត៌មានគ្មានមូលដ្ឋាន»។​

លោក ងៀប តៃសុង ជាកសិករដាំបន្លែនៅស្រុកស្អាងខេត្តកណ្តាល បានផ្សព្វផ្សាយលើ​បណ្តាញ​សង្គម​ហ្វេសប៊ុករបស់ខ្លួនកាលពីឆ្នាំ២០២១ ពីបញ្ហាបន្លែមិនមានទីផ្សារ ហើយ​ត្រូវ​ភ្ជួរចោល។ ពេលនោះ ត្រូវមន្ត្រីមន្ទីរកសិកម្មខេត្តកណ្តាល និងអាជ្ញាធរមូលដ្ឋាន បានចុះ​ទៅ​សួរណែនាំដល់ផ្ទះ និងឱ្យធ្វើកិច្ចសន្យាឱ្យឈប់ផ្សព្វផ្សាយរបៀបនេះបន្តទៀត។​

លោក តៃសុង បន្តថា ក្រោយការដែលមន្ត្រីចុះដល់ផ្ទះ​ហើយឱ្យធ្វើកិច្ចសន្យាឈប់ផ្សព្វផ្សាយ​បញ្ហាបន្លែគ្មានទីផ្សារកាលពីពាក់កណ្តាលឆ្នាំ២០២១នោះ ធ្វើឱ្យអ្នកភូមិមានការភ័យខ្លាច​ខ្លាំង។​

លោក តៃសុង​ បន្ថែមថា៖ «គាត់ធ្វើចឹងធ្វើឱ្យប្រជាពលរដ្ឋដែលគាត់អត់សូវយល់ដឹងគាត់ខ្លាច។ សូម្បីតែរឿងខ្ញុំដែលកើតឡើង តាំងពីមុនមកក៏ដោយ ហើយបច្ចុប្បន្នមានបន្លែ​ជន់ច្រើនក៏​គាត់​អត់ហ៊ានផុសដែរគាត់ខ្លាចបាក់តែម្តង»។​

កាលពីខែវិច្ឆិកាកន្លងទៅ នគរបាលនៃស្នងការដ្ឋាននគរបាលខេត្តបន្ទាយមាន​ជ័យបានកោះ​ហៅ​មន្ត្រីនៅសាលាស្រុកស្វាយចេកម្នាក់ឈ្មោះលោក អឿន ធី យកទៅសួរនាំហើយ​តម្រូវ​ឱ្យចុះកិច្ចសន្យាឈប់ផ្សព្វផ្សាយរិះគន់តាមហ្វេសប៊ុកជុំវិញបញ្ហាតម្លៃស្រូវចុះថោក។​ កាលពី​ខែសីហា ឆ្នាំ២០២១ តុលាការខេត្តបាត់ដំបងបានកាត់ទោសយុវជនម្នាក់ឈ្មោះ ងួន លី ឱ្យ​ជាប់​ពន្ធនាគារ១០ខែ ជុំវិញការផ្សព្វផ្សាយថា រដ្ឋាភិបាលឱ្យបេះមៀនពីចម្ការ​ហើយបែរជាមិន​ទិញ​ពីកសិករ៕

419 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម