សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកស្រុកដែលរងផលប៉ះពាល់ពីការសាងសង់ប្រឡាយរំដោះ​​ទឹកជំនន់​កំពុងរង់ចាំសំណងយ៉ាងអន្ទះសា

អេស្កាវ៉ាទ័រជីកប្រឡាយថ្មីនៅក្នុងខេត្តកំពង់ស្ពឺ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)
អេស្កាវ៉ាទ័រជីកប្រឡាយថ្មីនៅក្នុងខេត្តកំពង់ស្ពឺ ថ្ងៃទី២៩ ខែកុម្ភៈ ឆ្នាំ២០២៤។ (ខេមបូចា/ព្រីង សំរាំង)

ប្រជាពលរដ្ឋនៅឃុំព្រៃវិហារ ស្រុកគងពិសី កំពុងរង់ចាំសំណងសម្រាប់​ដីធ្លី និងផ្ទះសម្បែងរបស់ពួកគាត់​យ៉ាងអន្ទះសា ខណៈដែលគម្រោងប្រឡាយរំដោះ​ទឹកជំនន់ក្នុងខេត្តកំពង់ស្ពឺបានឈានចូលដល់សប្តាហ៍ទី៣ហើយ និងមិនទាន់មានព័ត៌មានថ្មីៗណាមួយនៅឡើយទេ​។

នៅពេល​​ព្រលឹម ​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ត្រាក់ទ័រឈូស​ដី​ និង​អេស្កាវ៉ាទ័រ​​ជាង ១០​គ្រឿង បាន​ចាប់​ផ្តើម​ជីក​ប្រឡាយ​​កាត់​​ស្រែ​ ដែលពលរដ្ឋ​​ធ្លាប់​ធ្វើ​​កន្លងមក​។ ប្រឡាយនេះមានទទឹងជាង៥០ម៉ែត្រ។នៅ​កន្លែង​កើតហេតុ មាន​ឮសំឡេង​ស្ត្រី​អ្នក​ភូមិ​ម្នាក់​ស្ថិត​ក្នុង​វ័យ​៥០​ឆ្នាំ​ស្រែក​ឡូឡា​​ដាក់​អ្នក​បើក​ត្រាក់ទ័រ ​ដែល​បើកបរ​ដោយ​ធ្វេសប្រហែស​កាត់​ចំការ​ស្វាយ​របស់​គាត់​និង​ធ្វើ​ឲ្យ​ខូច​របង។

ដោយសុំមិនបញ្ចេញឈ្មោះ ព្រោះហេតុផលសុវត្ថិភាព ស្ត្រីរូបនេះបានប្រាប់ខេមបូចា​ថា អ្នកភូមិមិនបានដឹងពីគម្រោងជីក​ប្រឡាយនេះពីមុន​ទេ ​ទើប​តែដឹង​នៅពេល​ថ្មីៗនេះ​។ មេ​ឃុំ​ទើប​តែ​ប្រាប់​ពួក​គាត់​បាន​​​មួយ​ថ្ងៃ​ មុន​អេស្កាវ៉ាទ័រ​​ចាប់ផ្ដើមជីកប្រឡាយ​។

បើតាមលោក ញ៉ាញ់ ជាបហ៊ង ប្រធានមន្ទីរធនធានទឹក និងឧតុនិយម ខេត្តកំពង់ស្ពឺ​ បានឲ្យដឹងថា ក្រសួងធនធានទឹក និងឧតុនិយមកំពុងអនុវត្តគម្រោងរំដោះទឹកជំនន់ក្នុងភូមិសាស្រ្តរាជធានីភ្នំពេញ និងខេត្តកណ្តាល។គម្រោងនេះពាក់ព័ន្ធនឹងការជីកប្រឡាយថ្មី ក៏ដូចជាការពង្រីក និងធ្វើទំនើបកម្មប្រឡាយដែលមានស្រាប់ ដើម្បីរំដោះការជន់លិចនៅក្នុងក្រុង។ ប្រឡាយទាំង​នេះ​នឹងឆ្លងកាត់រាជធានីភ្នំពេញ កណ្តាល កំពង់ស្ពឺ និងខេត្ត​តាកែវ។

អ្នកភូមិរូបនេះ​បាននិយាយថា អាជ្ញាធរមិនទាន់បានពិភាក្សាអំពីបញ្ហាសំណងជា​មួយពួកគាត់​ទេ បើទោះបីជាពួកគាត់​ត្រូវបានសន្យាថា នឹងផ្តល់ប្រាក់​មួយចំនួនសម្រាប់អ្នកដែលរងផលប៉ះពាល់ក៏ដោយ។

អ្នក​ស្រីសញ្ជឹងគិត​ថា «ខ្ញុំ​មិន​ដឹង​ថា ​តើ​គេ​នឹង​គិតគូរសំណង​ដោយ​របៀប​ណា​ទេ។ ខ្ញុំបានឮថា គេឲ្យសំណង [ដល់ប្រជាពលរដ្ឋ​] ប៉ុន្តែខ្ញុំមិនដឹងថា ពេលណាគេនឹងឲ្យយើងទេ» ដោយបន្ថែមថា ដីដែលមាន​ផ្ទះសម្បែង និងដី​ស្រែចម្ការ​របស់ពួកគេសុទ្ធតែ​មានប្លង់​។អ្នកស្រីលើកឡើងថា«បើសិនមេឃុំខ្វល់ពីប្រជាពលរដ្ឋ គាត់នឹងកោះប្រជុំយូរមកហើយ ដើម្បីឲ្យអ្នកភូមិដែលរងផលប៉ះពាល់អាចមកមើលជាមុន និងទទួលបានសំណង»។

អ្នក​ស្រី​បន្ត​ថា​ «ការ​ធ្វើ​បែប​នេះ​ផ្តល់​ទំនុក​ចិត្ត​ដល់​ប្រជាពលរដ្ឋ ប៉ុន្តែ​មក​ដល់​ពេល​នេះ​ មិន​មាន​ទំនុក​ចិត្ត​ទេ ​ព្រោះ​គាត់​​ហៅ​ប្រជុំ​តែ​មួយ​ថ្ងៃ​មុន ហើយ​ថ្ងៃ​បន្ទាប់​គេ​ចាប់​​ផ្តើម​ជីក​​។ ពួកគាត់​មិន​បាន​និយាយ​អ្វី​ ដើម្បី​ធ្វើ​ឲ្យ​ប្រជាជន​មាន​អារម្មណ៍​កក់ក្ដៅទេ។ គ្មាន​​ក្រដាស​ស្នាម ដើម្បី​បង្ហាញ​ថា​ ពលរដ្ឋ​ដែល​រងផលប៉ះពាល់​នឹង​ទទួល​បាន​អ្វី​មួយ​នោះទេ»។

ផ្ទះ​អ្នក​ភូមិ​ជា​ច្រើន​ខ្នង​រង​ផល​ប៉ះពាល់​ដោយ​សារ​ការ​ជីក​ប្រ​ឡាយ​​ថ្មី​ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤។ (ខេមបូចា/ព្រីង សំរាំង)

អ្នក​ស្រីនិយាយថា ផ្ទះ​របស់​អ្នកស្រី​​ស្ថិត​នៅ​លើ​​ប្រឡាយដែលត្រូវពង្រីក​បន្ថែមក្នុង​​ទំហំ​ប្រាំបី​ម៉ែត្រ​ តែពេលនេះ​ផ្ទះរបស់​គាត់​មិន​ទាន់ត្រូវបាន​​រុះរើ​ទេ។ អ្នក​ស្រី​​នឹង​រង់ចាំ​រហូត​ដល់​អាជ្ញាធរ​វាយតម្លៃ​ថ្លៃសំណង ប៉ុន្តែ​ស្របពេល​ជាមួយ​គ្នា​​នេះដែរ ដើម​ស្វាយ​របស់​គាត់​​ជា​ច្រើន​ដើម​ត្រូវ​បាន​​បំផ្លាញដោយ​អេស្កាវ៉ាទ័រ។

អ្នក​ភូមិនៅ​ឃុំ​​ព្រៃ​វិហារ​ម្នាក់​ទៀត​ដែល​សុំ​មិន​បញ្ចេញ​ឈ្មោះ​បាន​និយាយ​ថា ស្រែ​របស់​គាត់​ក៏​ចំ​​ផ្លូវ​ប្រឡាយ​ដែរ។ លោក​ក៏​មិន​ដឹង​ពី​គម្រោង​នេះ​ដែរ ទើប​តែ​​អាជ្ញាធរ​​ហៅ​អ្នក​ដែល​ប៉ះពាល់​មក​ប្រជុំ។អំឡុង​កិច្ចប្រជុំ ដែលមានការចូលរួមដោយមាន​លោក ជាបហ៊ង លោកអភិបាលរងស្រុកគងពិសី និងមេឃុំ អ្នកភូមិត្រូវ​បាន​ប្រាប់​ថា ភូមិចំនួនប្រាំក្នុងឃុំនេះ នឹងរងផលប៉ះពាល់ពីគម្រោងនេះ។ អាជ្ញាធរ​គ្រាន់តែ​និយាយ​ជារួម​អំពី​គម្រោង​នេះតែ​​ប៉ុណ្ណោះ។អ្នក​ភូមិ​ត្រូវ​បាន​គេ​ប្រាប់​ថា អ្នកណា​ដែលប៉ះពាល់​ដី​ នឹង​ទទួល​បាន​សំណង ប៉ុន្តែ​លោក​មិន​ច្បាស់​ថា ​សំណង​នេះ​នឹង​ត្រូវផ្ដល់ឱ្យនៅ​ពេល​ណា​នោះ​ទេ។តាម​ដែល​លោកដឹង​ ទំហំ​ប្រឡាយ​នេះ​មាន​ «ទទឹង​តែ៣៤ ម៉ែត្រ​ប៉ុណ្ណោះ» ប៉ុន្តែ​គាត់​បាន​ដឹង​ថា ​គេ​​បាន​ពង្រីកវា​​ដល់៥០ម៉ែត្រ។ លោក​បាន​និយាយ​ថា​ «គឺបន្ថែម​​ប្រាំបី​ម៉ែត្រ​​សងខាង​» ដោយ​បន្ថែម​ថា លោក​​នឹង​រង់ចាំ​សំណង​។

ស្រីលន់ អ្នក​ភូមិ​ឃុំ​ព្រៃ​វិហារ​ម្នាក់​ទៀត​បាននិយាយ​​ថា «ខ្ញុំ​គ្រាន់​តែ​ចង់​ដឹង​ថា តើ​អ្នកណា​​នឹង​ដោះស្រាយ​ឱ្យយើង​ ហើយ​តើ​សំណង​ពិត​ប្រាកដ​​ប៉ុន្មាន។ វាចឹងឯង​ព្រោះ​វា​ពិបាក​ណាស់ ដើម្បី​​បាន​​ដី​មួយ​ដុំ​នោះ»​។

លោក គល់ ធុន មេឃុំព្រៃវិហារមានប្រសាសន៍ថា ការសាងសង់ និងការ​ស្តារប្រឡាយនេះ នឹងប៉ះពាល់ដល់ផ្ទះ រោងចក្រ និងស្រែចម្ការ​របស់ប្រជាពលរដ្ឋចំនួន១៣៤គ្រួសារក្នុងភូមិចំនួន៥ក្នុងឃុំនេះ។លោក គល់ ធុន បាន​មាន​ប្រសាសន៍​ថា មុន​នឹង​មាន​ការ​ជីក​ប្រឡាយ​ លោក​បាន​អញ្ជើញ​អ្នក​ភូមិ​ដែល​រង​ផល​ប៉ះពាល់​ទាំង​អស់​ ដើម្បី​​ប្រាប់​ពួកគាត់​​អំពី​គម្រោង​នេះ ដោយ​ធានា​ថា​ រដ្ឋាភិបាល​នឹង​ផ្តល់​សំណង។

ទោះ​បី​ជា​យ៉ាង​ណា​ លោក​មិន​ដឹង​ថា ​«សំណង​បែប​ណា​ទេ» ព្រោះ​រដ្ឋ​កំពុង​ធ្វើ​ការ​លើរឿង​នេះ ហើយ​មិន​ទាន់​ដល់​ភូមិ​របស់លោក​នៅ​ឡើយ​ទេ។លោកមាន​ប្រសាសន៍ថា «ប្រជា​ពលរដ្ឋ​តែងតែសួរខ្ញុំ [អំពីសំណង]។ ខ្ញុំប្រាប់ពួកគាត់​ឱ្យរង់ចាំក្រុមដោះស្រាយផលប៉ះពាល់មកដោះស្រាយ»។

លោកបន្ថែមថា អាជ្ញាធរមិនទាន់អនុញ្ញាតឲ្យអេស្កាវ៉ាទ័រ​ជីកដីដែលមាន​ផ្ទះស្ថិតនៅនៅឡើយទេ​ បើទោះបីជារបងមួយចំនួនត្រូវបានរុះរើចាប់តាំងពី​ចាប់ផ្តើម​ការងារក៏ដោយ។

អ្នក​ភូមិ​ប្រមូល​ស្វាយ​ពី​ចម្ការ​របស់​ពួក​គាត់​ ហើយផ្នែកខ្លះនៃចម្ការ​រង​ផល​ប៉ះពាល់​ដោយ​សារប្រឡាយ​ថ្មី​ក្នុង​ខេត្ត​កំពង់ស្ពឺ កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤។ (ខេមបូចា/ព្រីង សំរាំង)

មន្ត្រី​រដ្ឋាភិបាលលោក ជាបហ៊ង បាន​ពន្យល់​ថា ប្រឡាយ​នេះ​មាន​បណ្តោយ​៥៧ គី​ឡូ​ម៉ែត្រមាន​ជម្រៅ៥ម៉ែត្រ។ មាន​ជម្រាលចុះក្រោម ទទឹងប្រឡាយនៅផ្នែក​បាត​ក្រោមគឺ២០​ម៉ែត្រ និងផ្ទៃខាងលើ​មាន​ទំហំ​៥០​ម៉ែត្រ​។ប្រឡាយ​ទាំង​នេះ​នឹង​ហូរ​ទៅ​តាម​​ពីរ​ទិសដៅ។ លោក​ប្រាប់ខេមបូចា​ថា ទិសដៅ​ទី​១ ចាប់ផ្តើម​នៅ​ស្ទឹង​​តូច ហើយ​ទៅ​ដល់​ឃុំ​ជង្រុក​ ស្រុក​គងពិសី ខណៈ​ប្រឡាយ​ទី​២ ស្ថិត​នៅ​ចន្លោះ​ឃុំ​ជង្រុក​ និង​ស្ទឹង​​ស្លាគូ​​។ប្រឡាយពីស្ទឹងតូច​ដល់​ឃុំជង្រុក​ នឹងត្រូវអភិវឌ្ឍលើដីរដ្ឋ ប៉ុន្តែដោយសារស្ថានភាព​ដី ចាំបាច់ត្រូវពង្រីកប្រឡាយទាំងសងខាង ដោយបន្ថែមប្រាំម៉ែត្រទៀតលើ​​ប្រឡាយដែលមានស្រាប់ទំហំ​៥០ម៉ែត្រ។

ដោយ​សន្មត់​ថា ​ដីស្រែ​ស្ថិត​នៅ​តាម​ប្រឡាយ​៥០​ម៉ែត្រ អ្នក​ភូមិ​ដែល​រង​ផល​ប៉ះពាល់​នឹង​មិន​ទទួល​បាន​សំណង​ទេ ព្រោះ​វាជា​ដី​រដ្ឋ។ ទោះបីជា​យ៉ាងណាក៏ដោយ ពួកគាត់​នឹងទទួលបាន​សំណង ប្រសិនបើប៉ះលើដីស្រែរបស់ពួកគាត់​សម្រាប់ការពង្រីកបន្ថែមប្រាំម៉ែត្រ។ចំពោះទិសដៅទី២ (ឃុំជង្រុក​ដល់ស្ទឹងស្លាគូ​) ប្រឡាយរបស់រដ្ឋដែលមានស្រាប់មានទទឹង៣៤ម៉ែត្រ ដូច្នេះត្រូវ​ការ​ដី៨ម៉ែត្រទៀត​សងខាងប្រឡាយ ដើម្បីពង្រីកផ្ទៃដីឲ្យបាន៥០ម៉ែត្រ។សំណង​នឹង​ត្រូវ​ផ្តល់​ជូន​សម្រាប់​តែ​ដី​ប្រាំបី​ម៉ែត្រ​ដែល​យកមក​ពង្រីក​​ប្រឡាយប៉ុណ្ណោះ​។

អគ្គនាយកដ្ឋានគោលនយោបាយដោះស្រាយផលប៉ះពាល់ ជាអ្នកវាយតម្លៃដីធ្លីនឹងចុះទៅឃុំ​ព្រៃវិហារក្នុងរយៈពេលប្រហែលពីរសប្តាហ៍ទៀត​ ខណៈពួកគាត់​បច្ចុប្បន្ន​អនុវត្តការដោះស្រាយ​សំណងជូនប្រជាពលរដ្ឋនៅតំបន់ស្ទឹងតូច​។លោក ជាបហ៊ង បានមានប្រសាសន៍​ថា ប្រជាពលរដ្ឋនឹងត្រូវបានជូនដំណឹងយ៉ាងត្រឹមត្រូវអំពីសំណងនេះ ដោយបន្ថែមថា លោក​មិនអាចពន្យល់ អំឡុងពេលកិច្ចប្រជុំបានទេ ខណៈដែលគម្រោងបានចាប់ផ្តើមនៅថ្ងៃបន្ទាប់នោះ​។

លោក ប៉ាល់ ឆន អនុប្រធាននាយកដ្ឋានដោះស្រាយផលប៉ះពាល់បានប្រាប់ខេមបូចា​ថា ប្រជាពលរដ្ឋដែលរងផលប៉ះពាល់ត្រូវបានជូនដំណឹងអំពីគម្រោងនេះកាល​ពីថ្ងៃទី២២ ដល់២៤ ខែមករា ឆ្នាំ២០២៤។ បន្ទាប់ពីមានការផ្សព្វផ្សាយព័ត៌​មាន ការវាយតម្លៃផលប៉ះពាល់លើទ្រព្យសម្បត្តិរបស់ប្រជាពលរដ្ឋបានចាប់ផ្តើម​ធ្វើ​​។

លោកមាន​ប្រសាសន៍ថា «សំណងនឹងត្រូវផ្តល់ជូន​នៅពេលដែលការវាយតម្លៃផលប៉ះពាល់ត្រូវបានបញ្ចប់។ ការទូទាត់នឹងផ្អែកលើអត្រាដែល​ចេញ​ដោយទី​ភ្នាក់​ងារដែលមាន​​វិជ្ជាជីវៈនិង​ឯករាជ្យ។ សំណង​គឺ​សម្រាប់​តែ​ដី​ដែល​កាន់​កាប់​ដោយ​​ប្រជាពលរដ្ឋ​ប៉ុណ្ណោះ»ដោយ​បន្ថែម​ថា រដ្ឋ​មិន​បង់​សំណង​សម្រាប់​ដី​ចំណីផ្លូវទេ ​។

អេស្កាវ៉ាទ័រ​កំពុង​ជីក​​ប្រឡាយ​ថ្មី​ក្នុង​ខេត្ត​កំពង់ស្ពឺ ដើម្បី​កាត់​បន្ថយ​ការ​ជន់​លិច​ក្នុង​រាជធានី​ភ្នំពេញ និង​ខេត្ត​កណ្តាល កាល​ពី​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០២៤។ (ខេមបូចា/ព្រីង សំរាំង)

លោក យ៉ង គឹមអេង ប្រធានមជ្ឈមណ្ឌលប្រជា​ពលរដ្ឋ​ដើម្បីអភិវឌ្ឍន៍ និងសន្តិភាព​បានមានប្រសាសន៍ថា មធ្យោបាយដ៏ល្អមួយ ដើម្បីជៀសវាងការយល់ច្រឡំ ឬបញ្ហា គឺការពិភាក្សាគ្នា​ និងសម្រេច​កិច្ចព្រមព្រៀងជាមួយប្រជាពលរដ្ឋសិន ជាជាង «អនុវត្តហើយបន្ទាប់មកជូន​ដំណឹងដល់ប្រជាពលរដ្ឋ»។ ការ​ធ្វើ​បែប​នេះ​ធ្វើ​ឲ្យ​​ប្រជាពលរដ្ឋ​បាត់បង់​ព័ត៌មាន​ពាក់ព័ន្ធ​ស្តីពី​​ការ​អភិវឌ្ឍ។

លោក​បាន​មាន​ប្រសាសន៍​​ថា​ «ការ​ជូន​ដំណឹង​ប្រជា​ពលរដ្ឋ​មួយ​ឬ​ពីរ​ថ្ងៃ​ជា​មុន​គឺ​មិន​សមរម្យ​ទេ ​ព្រោះ​​សំខាន់​ត្រូវ​​ពិភាក្សា​និង​ផ្លាស់ប្តូរ​គំនិត​។ ខ្ញុំ​គិត​ថា ដើម្បី​បញ្ចៀស​បញ្ហា [ទៅ​ថ្ងៃ​អនាគត] គួរ​មាន​ពេល​សម្រាប់​ការ​សន្ទនា​រវាង​អាជ្ញាធរ និង​ប្រជាពលរដ្ឋ ហើយ​ត្រូវ​ស្តាប់​គ្នា​ទៅ​វិញ​ទៅ​មក»។

លោកបានបន្ថែថា«កុំ​គិត​ថា ​ដោយសារ​អាជ្ញាធរ​កំពុង​បង្កើត​គម្រោង​អភិវឌ្ឍសម្រាប់​ប្រជាពលរដ្ឋ​ហើយ អ៊ីចឹងមិនបាច់សួរប្រជាពលរដ្ឋទេ។ វា​មិន​មែន​ជា​រឿង​ត្រឹមត្រូវ​ទេ ជាពិសេស​ទាក់ទង​នឹង​គោលការណ៍​សំណង»

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស Diverting Flood Waters: As Canal Construction Starts, Affected Residents Await Compensation

1,466 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម