សមាជិកគ្រួសារអ្នកភូមិត្រូវបាននគរបាលចាប់ខ្លួន ខណៈតវ៉ានឹងការឈូសឆាយដី ស្រែរបស់ពួកគាត់ដើម្បីយកកន្លែងសម្រាប់គម្រោងសាងសង់ព្រលានយន្តហោះថ្មី នៅខេត្ត កណ្តាល ហើយបានចោទថាសាច់ញាតិរបស់ពួកគាត់ត្រូវបានឃាត់ខ្លួនធ្វើជា ចំណាប់ខ្មាំងដើម្បីដាក់សម្ពាធឲ្យពួកគាត់ព្រមទទួលយកសំណងដែលបានផ្តល់ដោយក្រុមហ៊ុន។ មនុស្ស៣០នាក់ត្រូវបានចាប់ខ្លួនកាលពីថ្ងៃអាទិត្យនៅមុនអ្វីដែលសាក្សីពិពណ៌នាថា នគរបាលបានឆ្មក់ចូលវាយដំនិងធ្វើការចាប់ខ្លួនមនុស្សជាច្រើន។
ប្រជាពលរដ្ឋជាង១០០នាក់នៅភូមិកំពង់តាឡុងបានធ្វើការតវ៉ាប្រឆាំងនឹងអាជ្ញាធរដែលបិទផ្លូវឆ្ពោះទៅកាន់ដីស្រែរបស់ពួកគាត់ដែលកំពុងត្រូវបានឈូសឆាយដើម្បីយកកន្លែងសាងសង់ព្រលានយន្តហោះថ្មី បើទោះបីជាគ្រួសារជាច្រើននៅបន្តស្វែងរក សំណងសមរម្យសម្រាប់ដីស្រែរបស់ពួកគាត់ក៏ដោយ។ ប្រជាពលរដ្ឋរាប់រយគ្រួសារ បានជាប់គាំងនៅក្នុងជម្លោះអស់រយៈពេលជាងបីឆ្នាំមកហើយ ជុំវិញគម្រោងព្រលានយន្តហោះតម្លៃ១.៥ពាន់ លានដុល្លារដែលអភិវឌ្ឍដោយក្រុមហ៊ុន OCIC គ្រប់គ្រង ដោយ លោកឧកញ៉ា ពុង ឃាវសែ។
និយាយទាំងទឹកភ្នែក អ្នកស្រី បូ លាភ អាយុ៤៥ឆ្នាំបានប្រាប់ខេមបូចាថា ប្តីនិងកូនប្រុសអាយុ១៧ឆ្នាំរបស់អ្នកស្រីត្រូវបានចាប់ខ្លួនបន្ទាប់ពីត្រូវនរគបាលវាយដំយ៉ាងធ្ងន់ធ្ងរ។
អ្នកស្រីបាននិយាយថា៖ «ប្តីខ្ញុំដេកនៅក្រោមផ្ទះ ។ គាត់មិនបានចូលរួមក្នុងការតវ៉ាទេ ហើយនគរបាលប្រហែល១០នាក់បានអូសគាត់ចេញពីផ្ទះហើយវាយគាត់យ៉ាងធ្ងន់ធ្ងរ។ អ្នកស្រីបន្ថែមថា៖ «ខ្ញុំឈឺចាប់ណាស់នៅពេលឃើញប្តីខ្ញុំត្រូវគេវាយដំនៅចំពោះមុខខ្ញុំ។ កូនប្រុសខ្ញុំរត់ចូលផ្ទះអ្នកភូមិហើយនគរបាលបានទម្លាយទ្វារចូលចាប់ហើយវាយគាត់»។
លោក ណៃ ភន ដែលឥឡូវនេះបានរត់ចេញពីផ្ទះ ដោយសារខ្លាចការចាប់ខ្លួន បាននិយាយថា សមាជិកគ្រួសាររបស់គាត់បីនាក់រួមទាំងប្រពន្ធរបស់គាត់ត្រូវបានចាប់ខ្លួនអំឡុងពេលតវ៉ា។
លោកបាននិយាយថា៖ «កូនរបស់ខ្ញុំ និងខ្ញុំបានរត់ចេញពីភូមិហើយផ្ទះរបស់ខ្ញុំ ត្រូវបានចាក់សោព្រោះខ្លាចការចាប់ខ្លួន។ ផ្ទះអ្នកភូមិជាច្រើនត្រូវបានបិទទ្វារ។ ពួកគេ [នគរបាល] បានលួចចូលផ្ទះប្អូនប្រុសខ្ញុំ រឹបអូសម៉ូតូនិងកុំព្យូទ័រមួយគ្រឿងផងដែរ»។
លោកបានបន្ថែមថា៖ «ខ្ញុំរកអ្វីនិយាយមិនចេញទេ ពីព្រោះប្រសិនបើអ្នកនៅកន្លែងកើតហេតុនេះគឺជាអំពើដ៏សាហាវយង់ឃ្នង។ ពួកគេវាយអ្នកតវ៉ា និងចូលតាមផ្ទះដើម្បីចាប់ខ្លួនមនុស្ស»។
អាជ្ញាធរខេត្តបានចោទប្រកាន់អ្នកភូមិថា បានប្រើអំពើហិង្សាទៅលើមន្រ្តីនគរបាលអំឡុងពេលតវ៉ា។ វីដេអូឃ្លីបមួយដែលថតដោយអ្នកភូមិហាក់ដូចជាបង្ហាញថា អ្នកតវ៉ាគប់ដុំថ្មទៅលើនគរបាល ប៉ុន្តែអ្នកភូមិបាននិយាយថានគរបាលបានបាញ់ទឹកសំដៅពួកគាត់និងបាញ់ឡើងលើ ដើម្បីព្យាយាមបំបែកការប្រមូលផ្តុំនោះ។
លោក ណៃ ភន បាននិយាយថា ទាំងអាជ្ញាធរនិងក្រុមហ៊ុនកំពុងគាបសង្កត់ឲ្យប្រជាពលរដ្ឋទទួលយកសំណងដែលក្រុមហ៊ុនផ្តល់ជូនដែលអ្នកភូមិមួយចំនួនបានបដិសេធមិនទទួលយកអស់រយៈពេលជាងបីឆ្នាំមកហើយ។
លោកសួរថា៖ «ដីរបស់អ្នកភូមិរាប់រយគ្រួសារត្រូវបានឈូសឆាយ ប៉ុន្តែហេតុអ្វីបានជាពួកគេដោះស្រាយឲ្យតែ១១គ្រួសារដែលប៉ះពាល់ដោយសារផ្លូវយន្តហោះរត់? ចុះអ្នកផ្សេងទៀតដែលដីរបស់ពួកគាត់ត្រូវបានឈូសឆាយរួចហើយនោះ?»។ ដោយបន្ថែមថា៖ «នៅដំណាក់កាលនេះយើងត្រូវបានគេចាប់ជំរិត ប៉ុន្តែខ្ញុំនៅតែមិនព្រមទទួលយកការផ្តល់ជូននេះ។ ឥឡូវនេះ អ្នកភូមិនៅបែកខ្ញែកដោយសារតែនគរបាលតាមស្វែងរកពួកគាត់»។

អ្នកភូមិម្នាក់ទៀតឈ្មោះ ទួន វណ្ណៈ បាននិយាយថា អាជ្ញាធរកំពុងតម្រូវឲ្យប្រជាពលរដ្ឋដែលពួកគេបានចាប់ខ្លួនថតចម្លងបណ្ណកម្មសិទ្ធិដីរបស់ពួកគាត់ជាភស្តុតាងបញ្ជាក់ពីកម្មសិទ្ធិ។ លោកបានចោទប្រកាន់ថា នគរបាលប្រាប់ពួកគាត់ថា ពួកគាត់នឹងមិនត្រូវបានដោះលែងទេ លុះត្រាតែពួកគាត់ព្រមទទួលយកតម្លៃដែលក្រុមហ៊ុនផ្តល់ជូន។
លោកបាននិយាយថា៖ «ខ្ញុំគិតថា នេះគឺជាការគំរាមកំហែងហើយពួកគេចាប់ប្រជាពលរដ្ឋធ្វើជាចំណាប់ខ្មាំងជាថ្នូរនឹងការទិញដី។ យើងជាជនរងគ្រោះ»។
លោក វណ្ណៈ ដែលកំពុងរត់គេចខ្លួនពីអាជ្ញាធរបាននិយាយថា នគរបាលស្លៀកពាក់ស៊ីវិលបានដើរល្បាតក្នុងភូមិទាំងយប់និងថ្ងៃ
លោកបាននិយាយថា៖ «អាជ្ញាធរបានវាយទម្លុះទ្វារផ្ទះអ្នកភូមិ ហើយយកម៉ូតូជិត៣០គ្រឿង រថយន្តមួយគ្រឿង គោយន្តមួយគ្រឿង ម៉ាស៊ីនព្រីនធ័រ មួយគ្រឿង និងកុំព្យូទ័រមួយគ្រឿង។ ខ្ញុំមិនដឹងថា ហេតុអ្វីបានជាពួកគេរឹបអូសទ្រព្យសម្បត្តិរបស់អ្នកភូមិនោះទេ។ ប្រសិនបើអ្នកទាំង៣០នាក់នេះ មិនត្រូវបានដោះលែងទេ យើងនឹងតវ៉ានៅសាលាខេត្ត»។
លោកនិយាយថា ការចាប់ខ្លួននេះកំពុងដាក់សម្ពាធយ៉ាងខ្លាំងទៅលើប្រជាពលរដ្ឋឲ្យលក់ដីរបស់ខ្លួនទៅឲ្យក្រុមហ៊ុន។
លោកបាននិយាយថា៖ «ដីរបស់ខ្ញុំត្រូវបានឈូសឆាយទាំងស្រុង។ បើយើងគ្រាន់តែមើលដោយភ្នែកទទេរ ខ្ញុំមិនអាចចំណាំទីតាំងដីរបស់ខ្ញុំបានទេ»។
អ្នកស្រី បូ លាភ បាននិយាយថា ដោយមិនអាចចូលទៅដល់ដីស្រែរបស់ខ្លួនបាន អ្នកស្រីមិនប្រាកដថា ដីជាង២ហិកតារបស់អ្នកស្រីត្រូវបាន ឈូសឆាយរួច ហើយឬយ៉ាងណានោះទេ។
អ្នកស្រីបាននិយាយថា៖ «ហេតុអ្វីបានជាខ្ញុំមិនអាចធ្វើអ្វីលើដីស្រែផ្ទាល់ខ្លួនរបស់ខ្ញុំ សូមសម្តេច ហ៊ុន សែន និងលោកជំទាវ [ប៊ុន រ៉ានី] ជួយកូនចៅផង សូមលោកបើកភ្នែកមើលយើងផង តើយើងវេទនាប៉ុណ្ណា»។
លោក គង់ សោភ័ណ្ឌ អភិបាលខេត្តកណ្តាលបានបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយអះអាងថា លោកជាប់រវល់។ លោក ឡាក់ ម៉េងធី ប្រធានការិយាល័យព្រហ្ម ទណ្ឌកម្រិតស្រាលនៃស្នងការដ្ឋាននគរបាល ខេត្តកណ្តាលបាននិយាយថា មនុស្ស ទាំង៣០នាក់ដែលត្រូវបានចាប់ខ្លួនកំពុងត្រូវបានសាកសួរនៅស្នងការដ្ឋាននគរបាលខេត្ត។
រដ្ឋបាលខេត្តកណ្តាលបានចេញសេចក្តីថ្លែងការណ៍មួយកាលពីថ្ងៃអាទិត្យដោយអះអាងថា អាជ្ញាធរបានចាប់ខ្លួនមនុស្ស៣០នាក់ បន្ទាប់ពីអ្នកភូមិជាង១០០ នាក់បាន តវ៉ានិងប្រើអំពើហិង្សាមកលើអាជ្ញាធរបណ្តាលឲ្យមនុស្ស១៣នាក់រងរបួស។
សេចក្តីថ្លែងការណ៍ដដែលបានសរសេរថា៖ «រដ្ឋបាលខេត្តកណ្តាលពិតជាមានការសោកស្តាយចំពោះទង្វើជ្រុលនិយមរបស់ក្រុមមនុស្សដែលបានប្រព្រឹត្តខុសច្បាប់ ដែលអំពើនេះអាចនាំឲ្យប៉ះពាល់សណ្តាប់ធ្នាប់សន្តិសុខ និងការបំផ្លិចបំផ្លាញផលប្រ យោជន៍ធំរបស់ប្រទេសជាតិ»។
រដ្ឋបាលខេត្តសូមអំពាវនាវដល់ក្រុមបាតុករទាំងអស់បញ្ឈប់នូវរាល់សកម្មភាពខុសច្បាប់ទាំងឡាយ ហើយងាកមកចូលរួមដោះ ស្រាយបញ្ហាដោយសន្តិវិធីនិងអនុវត្តតាម គោលនយោបាយរបស់រាជរដ្ឋាភិបាល។
អ្នកកាសែតពលរដ្ឋម្នាក់ឈ្មោះ ច្រាយ នីម ក៏ត្រូវបានឃាត់ខ្លួនអស់រយៈពេលប្រាំបីម៉ោងផងដែរកាលពីថ្ងៃចន្ទ ខណៈកំពុងថតរូបនិង ថតវីដេអូសាច់ញាតិរបស់អ្នកដែលត្រូវបានឃាត់ខ្លួន ដែលបានមកស្នងការដ្ឋាននគរបាលខេត្ត ដើម្បីជួបសមាជិកគ្រួសារ របស់ពួកគាត់។
លោកស្រី ច្រាយ នីម បានប្រាប់ខេមបូចាថា លោកស្រីត្រូវបានចាប់ខ្លួននៅម៉ោងប្រហែល១០ព្រឹក ហើយត្រូវបានដោះលែងនៅម៉ោង៦ល្ងាច។
អ្នកស្រីបាននិយាយថា៖ «នៅពេលខ្ញុំថតរូបមួយចំនួន ពួកគេបានមកហើយស្នើឲ្យខ្ញុំ ទៅប៉ុស្តិ៍នគរបាល ហើយពួកគាត់ប្រាប់ខ្ញុំឲ្យសុំការអនុញ្ញាតសិនមុនពេលរាយការណ៍ ព័ត៌មានឬថតរូប។ នេះគឺជាការគំរាមកំហែងដល់សេរីភាពសារព័ត៌មាន»។
លោក អំ សំអាត អនុប្រធានផ្នែកឃ្លាំមើលនៅអង្គការការពារសិទ្ធិមនុស្សលីកាដូ មានប្រសាសន៍ថា អង្គការរបស់លោកកំពុងតាមដានករណីនេះយ៉ាងយកចិត្តទុកដាក់ ។
លោកមានប្រសាសន៍ថា៖ «មានការព្រួយបារម្ភថា បើគ្មានដំណោះស្រាយប្រកបដោយ តម្លាភាពនិងយុត្តិធម៌និងដោយសន្តិវិធីទេ អំពើហិង្សានិងការចាប់ខ្លួនអាចកើន ឡើង ហើយអាចឈានទៅដល់ការដាក់ពន្ធនាគារ»។ ដោយលោកបន្ថែមថា៖ «ហើយវានឹងធ្វើឲ្យជីវិតរបស់ ប្រជាពលដ្ឋកាន់តែលំបាកជាងនេះ និងនាំឲ្យមានការរិះគន់ធ្ងន់ធ្ងរអំពីបញ្ហាសិទ្ធិមនុស្សនៅក្នុង ប្រទេស»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Dozens detained after Kandal airport protest turns violent