សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ក្រសួងបរិស្ថានស្នើឱ្យជនជាតិដើមភាគតិចក្រោលសុំទោសចំពោះការដុតបំផ្លាញស្នាក់ការបរិស្ថាន

ទូដាក់ឯកសារនិងបំណែកដែកស័ង្កសីត្រូវបានបន្សល់ទុកនៅកន្លែងកើតហេតុបន្ទាប់ពីទីស្នាក់ការ បរិស្ថានមួយកន្លែងរបស់ក្រសួងបរិស្ថានត្រូវបានគេដុតបំផ្លាញ ។ (ខេមបូចា/Andrew Califf)
ទូដាក់ឯកសារនិងបំណែកដែកស័ង្កសីត្រូវបានបន្សល់ទុកនៅកន្លែងកើតហេតុបន្ទាប់ពីទីស្នាក់ការ បរិស្ថានមួយកន្លែងរបស់ក្រសួងបរិស្ថានត្រូវបានគេដុតបំផ្លាញ ។ (ខេមបូចា/Andrew Califf)

ពីរសប្ដាហ៍បន្ទាប់ពី​សហគមន៍​ជនជាតិដើម​ភាគតិច​ក្រោល ​បាន​ដុត​បំផ្លាញ​ទីស្នាក់ការមួយ​របស់​ក្រសួង​បរិស្ថាន​នៅក្នុង​ខេត្ត​ក្រចេះ ក្រសួង​បាន​កោះហៅ​​អាជ្ញាធរ​មូលដ្ឋាន​និង​ជនជាតិដើម​ភាគតិច​ឱ្យ​មក​ប្រជុំ​កាលពីថ្ងៃពុធ និងបានស្នើ​ឱ្យ​សហគមន៍ជនជាតិដើម​ភាគតិច​សុំទោស ។ ជនជាតិដើមភាគតិច​តែមួយ​រូបគត់​ដែល​បានចូលរួម​កិច្ច​ប្រជុំ​នេះ ។

​លោក ទី ខ្លូ ​ជនជាតិដើមភាគតិច​ក្រោល​​ដែល​ត្រូវ​បាន​កោះ​ហៅ​ឱ្យ​ទៅប្រជុំ ប៉ុន្តែមិនបានចូលរួមកិច្ចប្រជុំនោះ បាននិយាយថា៖«[ក្រសួង]​វាយ​ក្បាល​ប្រជាជន​នឹង​ញញួរ​ហើយ ហើយ​ឱ្យ​ប្រជាជន​ចេញលុយ​ថ្លៃ​ញញួរ​ទៀត។ មើលទៅជនជាតិដើមភាគតិច​ក្រោល​មិនអាចសុំ​ទោស​បានទេ»។

អ្នកភូមិជាង ៣០០នាក់​បានចូលរួម​នៅក្នុង​ការដុត​បំផ្លាញ​ទីស្នាក់ការបរិស្ថាន​មួយ​កន្លែង​នៅក្នុង​ឃុំ​ស្រែជិះ បន្ទាប់ពី​ជម្លោះរ៉ាំរ៉ៃជាច្រើនឆ្នាំរវាង​សហគមន៍មូលដ្ឋាន​និង​មន្ត្រីក្រសួង។ ពាក្យចចាមអារ៉ាម​ដែល​ក្រោយមក​ត្រូវបាន​បញ្ជាក់ថាជាការពិត ជុំវិញ​​ការពង្រីក​ផ្ទៃដី​តំបន់​ការពារ​សសរស្ដម្ភ​សត្វតោ ៤៥០០​ហិកតា បាននាំ​ឱ្យ​ប្រជាជនជនជាតិដើមភាគតិច​ក្រោល​នាំគ្នាទៅដុតបំផ្លាញ​ទីស្នាក់ការបរិស្ថាន​នោះ​ ។

អភិបាលស្រុក​អូរគ្រៀង​សែនជ័យ លោក ឈៀ ផល្លី បាននិយាយថា៖«ពុំមានការចាប់ខ្លួន​នរណា​ម្នាក់ទេ។ យើង​គ្រាន់តែចង់​ឱ្យពួកគេទទួលស្គាល់កំហុស​ប៉ុណ្ណោះ»។

លោក ផល្លី បានប្រាប់ ខេមបូចា ថា គោលបំណងនៃកិច្ចប្រជុំរបស់ក្រសួង​គឺ​ផ្សះផ្សា​ទំនាស់ ឱ្យ​ជនជាតិ​ដើមភាគតិច​ក្រោល​ទទួលស្គាល់កំហុសដែលពួកគាត់បានប្រព្រឹត្ត និងឈានទៅរកការព្រមព្រៀង​គ្នា​មួយ​ពាក់ព័ន្ធ​នឹងការ​កសាង​ទីស្នាក់ការ​នោះ​ឡើងវិញ ។

អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា ពុំបានឆ្លើយតបនឹង​សំណើ​សុំ​អត្ថាធិប្បាយ​ឡើយ ។

​លោក ឆាយ ដួងសាវុធ ប្រធានមន្ទីរបរិស្ថានខេត្តក្រចេះ បាន​និយាយថា បញ្ហានេះ​មិនទាន់ត្រូវបាន​ដោះស្រាយនៅឯកិច្ចប្រជុំឡើយ ដោយសារមានសមាជិកសហគមន៍ជនជាតិដើមភាគតិចក្រោល​តែមួយរូបគត់​ដែលបានមកចូលរួមកិច្ចប្រជុំនោះ ។

លោកបាននិយាយយ៉ាងដូច្នេះថា៖«យើង​សុំ​ឱ្យ​ពួកគាត់​មក​ចូលរួម​ប្រជុំ​ និងជជែក​គ្នាដើម្បីដោះស្រាយ​បញ្ហា​ ប៉ុន្តែ ពួកគាត់មិនមក​ប្រជុំទេ ។ ដូច្នេះ យើងមិនទាន់​អាចបញ្ចប់​[ទំនាស់]នៅឡើយទេ»។

លោកបានប្រាប់ ខេមបូចា ឱ្យ​សាកសួរព័ត៌មានបន្ត​ទៀតពី​លោក ពេជ្រ តូច ដែលជាមេឃុំ ។ នៅពេលអ្នកសារព័ត៌មាន ខេមបូចា​ ទាក់ទងទៅ​រូបលោក​តាមទូរសព្ទ លោក ពេជ្រ តូច បាន​និយាយថា លោក​មិនបាន​ដឹង​ពី​កិច្ច​ប្រជុំ​នេះ​ឡើយ ។

ប៉ុន្តែ លោក ខ្លូ បាននិយាយថា លោក ពេជ្រ តូច បាន​ប្រាប់​គាត់​និងសមាជិក​សហគមន៍​ផ្សេងទៀត​ កាលពីសប្ដាហ៍មុន ដើម្បី​ពាំនាំ​ព័ត៌មាន​អំពី​ការកោះអញ្ជើញ​របស់ក្រសួងបរិស្ថាន​ឱ្យពួកគាត់​ទៅ​ចូលរួម​ប្រជុំ ដោយនិយាយថា ក្រសួង​គ្រោង​នឹង​ពិភាក្សា​អំពី​មូលហេតុ​នៃការដុតបំផ្លាញ​ទីស្នាក់ការ​និង​ការតវ៉ា​ដែលបានកើតឡើង ។ លោកបាននិយាយថា សមាជិកសហគមន៍​បានសុំ​ឱ្យ​លោក ពេជ្រ តូច ពាំនាំសំណើ​របស់​ពួកគាត់​ទៅកាន់​ក្រសួង​បរិស្ថាន ដោយ​ស្នើសុំ​ឱ្យមានកិច្ច​ប្រជុំ​នៅក្នុង​ឃុំ​ស្រែជិះជំនួសវិញ ។

លោក ខ្លូ បាននិយាយថា៖ «យើងមិនបានទៅប្រជុំទេ ។ [បញ្ហា]នេះ​ទាក់ទងនឹង​ប្រជាជន​នៅក្នុងឃុំ​នេះ​ទាំងមូល ប៉ុន្តែ ហេតុ​អ្វី​បាន​ជា​ហៅតែ​មនុស្ស​ ៩នាក់ទៅប្រជុំ ? វា​ខុសពីធម្មតា​ ដូច្នេះ​ហើយ ទើបយើង​សម្រេចចិត្ត​ថា​មិនទៅចូលរួម​ប្រជុំនោះ​ទេ»។

លោក ខ្លូ បាន​ប្រាប់ ខេមបូចា ថា លោក តូច បានប្រាប់​ឱ្យ​សហគមន៍​សុំទោស​ក្រសួង​ភ្លាមៗ​នៅ​ក្រោយ​ហេតុការណ៍ដុត​ទីស្នាក់ការនោះ ។ សមាជិក​សហគមន៍​បានបដិសេធ​ការអញ្ជើញ​ទៅចូលរួម​ប្រជុំ ដោយសារតែពួកគេព្រួយបារម្ភថាពួកគេនឹងត្រូវចាប់ខ្លួន ។

លោក ខ្លូ បានបន្ថែមថា៖ «ពួកយើងបារម្ភពីសុវត្ថិភាពរបស់ពួកយើង ។ បញ្ហាបានកើតឡើងនៅទីនេះ [នៅខេត្តក្រចេះ] ។ ហេតុអ្វី​បានជាពួកគេ​ហៅយើង​ឱ្យឡើងទៅភ្នំពេញ? អ្នកណាទៅដឹងថា​ពួកគេ​គ្រាន់តែសាកសួរ​យើង ឬ​ក៏​ពួកគេ​មិន​អនុញ្ញាត​ឱ្យ​យើង​ត្រឡប់មកផ្ទះវិញ»។

លោក យ៉ុន អ៊ាម មន្ត្រីសម្របសម្រួល​នៃអង្គការអាដហុក ប្រចាំខេត្តក្រចេះ បានប្រាប់ ខេមបូចា ថា សមាជិក​សហគមន៍​ជនជាតិដើមភាគតិច​មិនហ៊ានទៅជួបប្រជុំជាមួយ​ក្រសួង​នៅ​ភ្នំពេញ​ទេ។ លោក​បាននិយាយយ៉ាង​ដូច្នេះថា៖«ពួកគេ​មិនទៅ[ភ្នំពេញ]ទេ ពីព្រោះ​ពួកគេ​ខ្លាចត្រូវ​គេចាប់ខ្លួន។ ពួកគេ​ពិតជាភ័យខ្លាចមែនទែន»។

សមាជិកសហគមន៍មួយរូបទៀត ឈ្មោះ រ៉ុន គឹមសៀន ក៏ត្រូវបានអញ្ជើញ​ឱ្យ​ទៅប្រជុំ​ដែរ ប៉ុន្តែ បានសម្រេចចិត្តមិនទៅចូលរួមទេ ។ ភរិយា​របស់​លោកដែលសុំ​មិនបញ្ចេញ​ឈ្មោះដោយខ្លាចពីសុវត្ថិភាព បានចូលរួម​នៅក្នុងការតវ៉ា និងបានចោទសួរថា ហេតុអ្វី​បានជា​ក្រសួង​អញ្ជើញ​មនុស្ស​តែ៩នាក់​ទៅចូលរួមប្រជុំ ខណៈដែល​សហគមន៍ជនជាតិដើមភាគតិច​ទាំងមូល​នៅក្នុង​ឃុំ​ស្រែជិះ​ពាក់ព័ន្ធ​នៅ​ក្នុង​រឿង​នេះ ។ អ្នកស្រីបាននិយាយយ៉ាងដូច្នេះថា៖«បើមានឡាន​សម្រាប់ប្រជាជនក្នុងភូមិទាំងមូល យើង​ទៅចូលរួម។ បើយើងទៅ យើងទៅទាំងអស់គ្នា»។

សមាជិក​សហគមន៍ជនជាតិដើមភាគតិចក្រោល ឈ្មោះ ស្រេម ទៀន ត្រូវបានអញ្ជើញ​ឱ្យទៅចូលរួម​ប្រជុំ​ដែរ ប៉ុន្តែ​ លោកបាននិយាយថា លោក​មិនបានទៅចូលរួមទេ ពីព្រោះ​លោក​មិន​ហ៊ាន​និយាយ​ជាមួយ​ក្រសួងទេ ។ លោក​មិនធ្លាប់ត្រូវបាន​គេ​អញ្ជើញឱ្យ​ទៅ​ជួបជាមួយក្រសួង​បែបនេះ​ទេ ។ លោក​​និយាយថា៖ «ខ្ញុំបារម្ភ ពីព្រោះ​យើងរស់នៅទីនេះ ភ័យ ហើយខ្លាច។ យើងមិនដែល​ទៅចូលរួម​ប្រជុំ​បែបនេះ​ពីមុនមកទេ ។ បើ​យើងទៅ យើងទៅទាំងអស់គ្នា»៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Environment Ministry Asks Kraol Indigenous People to Apologize For Burning Down Building

219 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម