អ្នកជំនាញលើការងារបច្ចេកទេសចែករំលែកវិធីសាស្ត្រដើម្បីការពារកុំឱ្យចោរលួចតេឡេក្រាម ខណៈបណ្តាញទំនាក់ទំនងសង្គមរបស់រដ្ឋាភិបាលរុស្ស៊ីមួយប្រភេទនេះមិនទាន់មានសុវត្ថិភាពក្នុងការប្រើប្រាស់នៅឡើយ។
ទីប្រឹក្សាសន្តិសុខឌីជីថល លោក ង៉ែត ម៉ូសេ ឱ្យដឹងថា បច្ចុប្បន្នអ្នកប្រើប្រាស់តេឡេក្រាមមានប្រមាណ៧០០លានគណនីនៅទូទាំងពិភពលោក។ ប៉ុន្តែលោកថា ចំណុចបញ្ហាដែលក្រុមហ៊ុននេះ មិនឆ្លើយឆ្លងសារ ឬមិនដោះស្រាយបញ្ហាឱ្យបានទាន់ពេលករណីតេឡេក្រាមអ្នកប្រើប្រាស់ត្រូវបានគេលួចនោះដោយសារតែក្រុមហ៊ុននេះមានបុគ្គលិកតិចពេក គឺមានមិនដល់៥០នាក់ទេ។
អ្នកជំនាញរូបនេះផ្តល់ជាយោបល់ថា តេឡេក្រាមមិនគួរប្រើប្រាស់ទេចំពោះអ្នកគិតពីសុវត្ថិភាព ប៉ុន្តែលោកថា បើសិនជាចាំបាច់ក្នុងការប្រើប្រាស់នៅក្នុងអាជីវកម្ម ឬកន្លែងការងារតម្រូវនោះ គឺត្រូវប្រើប្រាស់វិធីការពារដោយប្រុងប្រយ័ត្ន។
លោក ង៉ែត ម៉ូសេ កត់សម្គាល់ឃើញថា ក្នុងចំណោមវិធីសាស្ត្រជាច្រើននៃការលួចតេឡេក្រាម នោះ គឺវិធីសាស្ត្រយកលេខទូរសព្ទអ្នកប្រើប្រាស់បង្កើតគណនីថ្មី ឬការផ្ញើលីងតំណភ្ជាប់បន្លំឱ្យអ្នកប្រើប្រាស់ចុចចូលមានកើតឡើងច្រើន។
លោក ម៉ូសេ បញ្ជាក់ថា៖ «ជនឆបោកប្រើប្រាស់តំណភ្ជាប់ ផ្ញើទៅឱ្យជនរងគ្រោះឱ្យចុចបើកនៅលើកំព្យួទ័រ។ ពេលចុចបើកដំណភ្ជាប់នោះហើយ គណនីតេឡេក្រាមរបស់យើងដែលប្រើប្រាស់លើកុំព្យួទ័រនឹងត្រូវបានគេគ្រប់គ្រង។ បើទោះបីជនរងគ្រោះបានបើកមុខងារ 2FA ក្តី។ ពេលគ្រប់គ្រង គណនីតេឡេក្រាមនេះរួចហើយ វានឹងយកគណនីយើងផ្ញើសារចេញ ទៅកាន់មិត្តភក្តិ យើងក្នុងតេឡេក្រាម ដោយឱ្យគេចុចលើតំណភ្ជាប់នេះបន្តទៀត»។
ទន្ទឹមនឹងមើលឃើញពីបញ្ហានេះលោកក៏បានសង្ខេបគន្លឹះខ្លីដើម្បីការពារសុវត្ថិភាពក្នុងការប្រើប្រាស់តេឡេក្រាមនេះដែរ។
លោក ម៉ូសេ បន្ថែមថា៖ «ដើម្បីការពារបាន សូមកុំចុចលើតំណភ្ជាប់ដែលគេផ្ញើមក។ ត្រូវប្រើប្រាស់កម្មវិធីកំចាត់មេរោគនៅក្នុងកុំព្យួទ័រ។ ត្រូវចាកចេញ Sign out គណនីតេឡេក្រាម ចេញពីកុំព្យទ័រ។ ធ្វើការសំអាតកុំព្យួទ័រ។ ត្រូវប្រើប្រាស់ Windows ឬកម្មវិធីសម្រាប់កុំព្យួទ័រ ដែលមានអជ្ញាបណ្ណត្រឹមត្រូវ»។
ចំណែកអ្នកជំនាញកិច្ចការសុវត្ថិភាពអ៊ីនធឺណិតម្នាក់ទៀត លោក ម៉េង អេងដែត ក៏កត់សម្គាល់ថា មួយរយៈចុងក្រោយនេះមានករណីលួចគណនីតេឡេក្រាមមានច្រើន។ លោក អេងដែត រំឭកឱ្យអ្នកប្រើប្រាស់មានការប្រុងប្រយ័ត្នខ្ពស់សម្រាប់អ្នកប្រើប្រាស់បណ្តាញទំនាក់ទំនងសង្គមមួយនេះ។
លោក អេងដែត បន្តថា៖ «នៅក្នុងតេឡេក្រាម យើងមានវិធីសាស្ត្រ២សម្រាប់ការការពារ។ ទី១ គឺដាក់ passcode គឺជាការដាក់លេខកូដកុំឱ្យគេប្រើនៅក្នុងទូរសព្ទយើងបាន។ និងទី២ គេឱ្យឈ្មោះថា Two Step Verification (ជាការផ្ទៀងផ្ទាត់២កក្តា) គឺជាការការពារកុំឱ្យអ្នកដទៃលួចចូល ឬដាក់គណនីរបស់យើងនៅក្នុងឧបករណ៍ថ្មីមួយទៀត»។
លោក អេងដែត បញ្ជាក់ថា លោកមិនបានដឹងពីគោលបំណងច្បាស់លាស់ពីក្រុមលួចតេឡេក្រាមនេះទេ ប៉ុន្តែលោកជំរុញឱ្យមានការប្រុងប្រយ័ត្នព្រោះកន្លងមកធ្លាប់មានអ្នករងគ្រោះ ដោយបាត់បង់ទ្រព្យសម្បត្តិ ខូចកិត្តិយស ឬឈានដល់មានទោសទណ្ឌជាប់ពន្ធធនាគារ។
បើទោះជាមិនមានរបាយការណ៍ជាក់លាក់ពីចំនួន និងកម្រិតនៃអ្នករងគ្រោះពីការលួចតេឡេក្រាមនេះក៏ដោយក៏កន្លងមកធ្លាប់មានករណីនេះកើតឡើងជាបន្តបន្ទាប់រាប់តាំងពីថ្នាក់ដឹកនាំរដ្ឋាភិបាល អ្នកនយោបាយ អ្នកជំនួញ មន្ត្រីអង្គការសង្គមស៊ីវិល និងប្រជាពលរដ្ឋទូទៅ។
នៅក្នុងខែមីនា ឆ្នាំ២០២៣ លោក ហ៊ុន សែន កាលនោះនៅជានាយករដ្ឋមន្ត្រីបានថ្លែងថា មានជន ឆរបោកប្រើប្រាស់តេឡេក្រាមបោកប្រាស់ផ្ញើសារឱ្យលោកផ្ញើលុយឱ្យពួកគេ។
លោក ហ៊ុន សែន ថ្លែងថា៖ «៨៥៦នេះជាលេខទូរសព្ទរបស់ប្រទេសឡាវ ប៉ុន្តែតាមការស្រាវជ្រាវ មនុស្សនេះកំពុងឈរជើងនៅតៃវ៉ាន់។ ដូច្នេះសូមឱ្យមានការប្រុងប្រយ័ត្នចំពោះករណីនេះ អំពាវនាវឱ្យបងប្អូនប្រុងប្រយ័ត្នមែនទែនលើពួកក្រុមបោកប្រាស់»។
ចំណែកនៅក្នុងខែសីហាឆ្នាំ២០២៣ដដែល ពលរដ្ឋរស់នៅរាជធានីភ្នំពេញ អ្នកស្រី សំអុល ចន្នី ឱ្យដឹងថា តេឡេក្រាមរបស់គាត់មិនអាចគ្រប់គ្រងបាន។ អ្នកស្រីថា ដំបូងឡើយរូបគាត់មិនដឹងថា គេលួចទេ ប៉ុន្តែមានអ្នកផ្សេងហៅទូរសព្ទប្រាប់អ្នកស្រីបន្តបន្ទាប់ថា លេខទូរសព្ទនេះប្រើជាមួយតេឡេក្រាមបានផ្ញើសារទៅពួកគេរួមមានទាំងសាកសួរប្លែកៗ និងមានទាំងសារគំរាមកំហែងគេផង។
អ្នកស្រី ឱ្យដឹងទៀតថា បន្ទាប់ពីរកអ្នកជំនាញជួយហើយមិនអាច ដោះស្រាយបាន ទើបសម្រេច ចិត្តបិទតេឡេក្រាមនោះចោលតែម្តង។ អ្នកស្រីនៅតែបារម្ភខ្លាច ចោរលួចនោះ យកតេឡេក្រាម អ្នកស្រីទៅប្រើប្រាស់ខុសផ្លូវច្បាប់ផ្សេងៗនាំឱ្យមានការចោទប្រកាន់ដល់អ្នកស្រី។
អ្នកស្រី ចន្នី បញ្ជាក់ថា៖ «ចាស៎! ដល់ពេលចឹងធ្វើឱ្យយើងកង្វល់មែនទែនស្មុកស្មាញក្នុងចិត្ត ហើយជាពិសេសគឺលោកម្នាក់គាត់ថាបងឯងនេះខលមកខ្ញុំហេះ? ទាក់ទងម៉េសសេនចឺមកខ្ញុំ តាមតេឡេក្រាមមកខ្ញុំ? ថាសូមទោសលោកៗអញ្ចើញពីខាងណាមកខ្ញុំអត់បានដឹងផងហ្នឹង។ ចាស! បានគាត់ប្រាប់ថាគាត់នៅក្រសួងទេសចរណ៍អ៊ីចឹងហា៎! ថាហ៊ានព្រមានខ្ញុំទៀតណា៎ ហ៊ានព្រមានខ្ញុំ។ ថាព្រមានយ៉ាងម៉េច? ព្រមានខ្ញុំថា ខ្ញុំហ្នឹងធ្វើខុសអីៗ ហើយខ្ញុំឥឡូវអីចឹងខ្ញុំប្តឹងដល់ព្រហ្មទណ្ឌ។ បានមីងប្រាប់ថាសូមទោសទានហើយលោកអត់ដឹងទេ»។
ចំណែកអាជីវករម្នាក់ទៀតនៅក្នុងរាជធានីភ្នំពេញ លោក រ៉េត រង្សី ឱ្យដឹងថា តេឡេក្រាម លោកគេលួចបាត់នៅពាក់កណ្តាលខែសីហា។ លោករង្សី ឱ្យដឹងថា លោកតែងតែប្រុងប្រយ័ត្នដែរ ចំពោះសុវត្ថិភាពតេឡេក្រាមនេះ ព្រោះលោកត្រូវ ប្រើទំនាក់ទំនងជាមួយដៃគូអាជីវកម្មជាច្រើន។
លោក រង្សី ឱ្យដឹងថា ដំបូងឡើយ តេឡក្រាមលោតសារឱ្យធ្វើបច្ចុប្បន្នភាព បន្ទាប់លោក ធ្វើតាម ក្រោយមកចោរចូលគ្រប់គ្រងតេឡេក្រាមលោកតែម្តងទៅ។
លោក រ៉េត រង្ស៊ី៖ «វាប្រាប់ថាយើងUpdate to news version to get more security អ៊ីចឹងទៅ នៅពេលដែលយើង Update ហើយ ហ្នឹងហើយសម្រាប់បទពិសោធន៍ខ្ញុំ UpdateហើយនៅលើDesk top វាមិនរីស្តាត(Restart)មកវិញ តេឡេក្រាមហ្នឹងហា៎ រីស្តាតមកវិញទៅជាឡក់អ៊ីន(Log in)លែងចូល ចឹងឡក់អ៊ីនលែងចូលក្នុងDesk top។ អ៊ីចឹងគិតយើងថាក្រែងលោយើងភ្លេចផាសវើដ ឬក៏ប្រើផាសវើដអីខុសអ៊ីចឹងទៅយើងមិនមានតេឡេក្រាមមួយទៀតនៅក្នុងទូរសព្ទដៃមិនចឹង? ក៏លោតមកចូលទូរសព្ទដៃវិញ ពេលដែលលោតចូលមកទូរសព្ទដៃហ្នឹងវិញ វាទៅជា រីឡក់អ៊ីនហ្នឹងហើយ ដល់អ៊ីចឹងឡក់អ៊ីនលែងចូលទាំងអស់»។
អ្នកប្រើប្រាស់តេឡេក្រាមម្នាក់ទៀត នៅខេត្តកំពង់ចាម កញ្ញា អេង ម៉ាល័យ ឱ្យដឹងថា តេឡេក្រាមកញ្ញា ចោរលួចនៅចុងសីហានេះ តាមរយៈការផ្ញើដំណភ្ជាប់ឱ្យចុច។ កញ្ញា ភ័យខ្លាចមិនហ៊ានប្រើតេឡេក្រាមសម្រាប់ទំនាក់ទំនងកិច្ចការសំខាន់ៗទៀតទេ។
កញ្ញា អេង ម៉ាល័យ បន្ថែមថា៖ «ការប្រើប្រាស់ប្រព័ន្ធតេឡេក្រាមវាធ្វើឱ្យយើងមានការព្រួយបារម្ភដែរ ព្រោះវាធ្វើឱ្យមានការរំខាន ការទំនាក់ទំនងពួកយើងខ្ញុំដែលប្រើប្រាស់តេឡេក្រាម ហើយវាធ្វើឱ្យមានការហានិភ័យដល់ពួកយើងទៀត»។
ប្រធានសមាគមសម្ព័ន្ធនិស្សិតបញ្ញាវន្តខ្មែរ លោក កើត សារ៉ាយ ជាអ្នកប្រើប្រាស់តេឡេក្រាមម្នាក់ដែលមានការប្រុងប្រយ័ត្នទាំងដាក់លេខសម្ងាត់ និងការដាក់ប្រព័ន្ធផ្ទៀងផ្ទាត់២កត្តាជាដើម ក៏ប៉ុន្តែតេឡេក្រាមរបស់លោកនៅតែចោរលួចយកទៅគ្រប់គ្រងមួយរយៈពេលខ្លី។ លោកថា ពេលដែលលោកមិនអាចចូលប្រើប្រាស់បានហើយនោះ តេឡេក្រាមលោកក៏បានផ្ញើសារទៅអ្នកដទៃដោយខ្លួនឯង។
លោក សារ៉ាយ ឱ្យដឹងថា៖ «សួរថាអ្នកមាន Account ហ្នឹងឆាតទៅគ្រប់គ្នាទាំងអស់។ ប៉ុន្តែពាក្យថា Hello Bong ហ្នឹង ឆាតទៅមនុស្សមួយចំនួន»។
ប៉ុន្តែលោកថា ក្រោយមកនៅពេលភ្លាមៗនោះលោកដូរលេខកូដសម្ងាត់ និងធ្វើបច្ចុប្បន្នភាពលើកម្ម វិធីមួយចំនួនក៏អាចយកតេឡេក្រាមនោះមកគ្រប់គ្រងបានវិញ។
លោក សារ៉ាយ បានបន្តថា មិត្តភក្តិលោកជាច្រើនក៏ជួបបញ្ហាចោរលួចតេឡេក្រាមនេះដែរ ជាមូលហេតុនាំឱ្យមានការព្រួយបារម្ភខ្លាំង។ លោកបន្តថា អាជ្ញាធរគួរមានការយកចិត្តទុកដាក់ ដោះស្រាយព្រោះនៅក្នុងតេឡេក្រាមមានការជជែកការងារសំខាន់ជាច្រើន ឬហៅថាតេឡេក្រាមជាផ្នែកមួយនៃជីវិតមនុស្ស។
លោក សារ៉ាយ បានបន្ថែមថា៖ «សម័យនេះហើយជាសម័យមនុស្សប្រើបច្ចេកវិទ្យាបណ្តាញសង្គមប្រើអ៊ីនធឺណិតជាទូទៅហើយ ដូច្នេះសន្តិភាពនៅក្នុងអ៊ីនធឺណិតហ្នឹងក៏ជារឿងសំខាន់ដែលរដ្ឋាភិបាលក្រសួងជំនាញហ្នឹងត្រូវគិតជូនប្រជាពលរដ្ឋ។ វាស្មើនឹងឯកជនភាព ឬវាស្មើនឹងមនុស្សម្នាក់ទៀត វាគ្រាន់តែជាមនុស្សស្រមោលរបស់មនុស្ស»។
អ្នកប្រើប្រាស់តេឡេក្រាមម្នាក់លោក ហេង គឹមហុង ឱ្យដឹងថា តេឡេក្រាម លោកមិនធ្លាប់មានអ្នកលួចទេ ប៉ុន្តែដោយសារតែឃើញព័ត៌មានករណីលួចច្រើន ធ្វើឱ្យលោកមានការព្រួយបារម្ភខ្លាំង។
លោក គឹមហុង លើកឡើងថា៖ «បារម្ភពីសុវត្ថិភាពទិន្នន័យផ្តាល់ខ្លួនជាដើមដែលយើងយល់ថា តើត្រូវប្រើប្រាស់មុខងារអីបន្ថែមទៀត ដើម្បីការពារសុវត្ថិភាពតេឡេក្រាមរបស់យើង ឬក៏យើងត្រូវសម្រេចចិត្តថា ជ្រើសរើសប្រព័ន្ធផ្សេងទៀតដែលធ្វើឱ្យមានអារម្មណ៍ថា មានសុវត្ថិភាពពិតប្រាកដក្នុងការប្រើប្រាស់ប្រព័ន្ធទាំងអស់ហ្នឹង»។
ប្រធាននាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា លោក ជា ពៅ មិនបានបង្ហាញពីរបាយការណ៍ចំនួនបង្ក្រាបជនល្មើសលួចតេឡេក្រាមទេ ប៉ុន្តែលោកថា សមត្ថកិច្ចយកចិត្តទុកដាក់ស្រាវជ្រាវ និងបង្ក្រាបជាប្រចាំលើចោរតេឡេក្រាម ក៏ដូចជាបណ្តាញទំនាក់ទំនងសង្គមផ្សេងៗទៀត។
លោក ជា ពៅ ថ្លែងថា៖ «យើងស៊ើបអង្កេតតាមនីតិវិធីរបស់នាយកដ្ឋានជំនាញ។ ដូចឯងសរសេរអត្ថបទអីចឹង សរសេរយ៉ាងម៉េចឱ្យគេមើលយល់ ពួកខ្ញុំធ្វើម៉េចឱ្យប្រជាជនមានសេចក្តីសុខ ធ្វើម៉េចឱ្យប្រជាជន មានជំនឿលើរាជរដ្ឋាភិបាល»។
បើតាមលោក ជា ពៅ វិធីដែលចោរតែងតែលួចតេឡេក្រាមបាន គឺការបន្លំខ្លួនចូលនៅពេលម្ចាស់អ្នកប្រើប្រាស់នោះខ្វះការយល់ដឹង ឬខ្វះការប្រុងប្រយ័ត្នដូចជា លេខកូដខ្សោយ ឬការចុចចូលតំណភ្ជាប់ (link) មិនស្គាល់ប្រភពជាដើម។
តាមការចុះផ្សាយរបស់similarweb ឱ្យដឹងថា ក្នុងចំណោមបណ្តាញទំនាក់ទំនងសង្គម នៅកម្ពុជាទាំងជាង៦០ប្រភេទគឺ Tiktok ជាប់ចំណាត់លេខ១ ហ្វេសប៊ុកលេខ២ ចំណែកតេឡេក្រាមស្ថិតនៅក្នុងចំណាត់ថ្នាក់លេខ៣។
បណ្តាញទំនាក់ទំនងសង្គមតេឡេក្រាមបង្កើតឡើងនៅឆ្នាំ២០១៣ដោយបងប្អូនពីរនាក់ជាជនជាតិរុស្ស៊ីឈ្មោះ Nikolai និងPavel Durov។ ក្រោយការបង្កើតមានការចាប់អារម្មណ៍ នឹងមានអ្នកប្រើប្រាស់ច្រើន១ឆ្នាំក្រោយមកគឺនៅឆ្នាំ២០១៤រដ្ឋាភិបាលរុស្ស៊ីបានយកទៅគ្រប់គ្រង៕