សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកជំនាញលើកឡើងថា គួរយកចិត្តទុកដាក់នឹងជំងឺផ្លូវចិត្តដែល​កើន​ឡើងច្រើននៅកម្ពុជា

គ្រូពេទ្យ និងប្រជាពលរដ្ឋកំពុងដើរចូលសាលផ្នែកសុខភាពផ្លូវចិត្ត និងការបំពាន គ្រឿងញៀននៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ អាន វិចិត្រ)
គ្រូពេទ្យ និងប្រជាពលរដ្ឋកំពុងដើរចូលសាលផ្នែកសុខភាពផ្លូវចិត្ត និងការបំពាន គ្រឿងញៀននៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ អាន វិចិត្រ)

អ្នកជំនាញ និងអ្នកធ្វើការផ្នែកបញ្ហាផ្លូវចិត្តឱ្យដឹងថា អ្នកស្វែងរកសេវាព្យាបាលលើបញ្ហានេះកើនឡើង ស្របពេលដែលនៅក្នុងសង្គមមានអំពើហិង្សា អត្តឃាត និងឃាតកម្មបានកើតបន្តបន្ទាប់​គួរឱ្យព្រួយបារម្ភ។

អ្នកឯកទេសវិកលវិទ្យា និងជានាយផ្នែកជំងឺផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត លោកវេជ្ជបណ្ឌិត យឹម សុបុត្រា មានប្រសាសន៍ថា ក្នុងអំឡុងពេលកូវីដអ្នកស្វែងរកសេវាព្យាបាលជំងឺផ្លូវចិត្តនៅក្នុងមន្ទីរពេទ្យនេះបានថយចុះរហូតដល់សូន្យនៅថ្ងៃខ្លះ ដោយសារកត្តារឹតត្បិតផ្សេងៗ។ ប៉ុន្តែលោកថា ក្រោយមកចំនួននេះកើនឡើងជាបន្តបន្ទាប់ រហូតដល់ខែមិថុនា ឆ្នាំ២០២៤​នេះ គឺកើនឡើងដល់១ថ្ងៃមានប្រមាណ៤០០នាក់។

អ្នកឯកទេសវិកលវិទ្យា និងជានាយផ្នែកជំងឺផ្លូវចិត្ត និងការបំពានគ្រឿងញៀននៃមន្ទីរពេទ្យមិត្តភាពខ្មែរ-សូវៀត រូបនេះ ឱ្យដឹងទៀតថា ចំនួននេះរាប់តែនៅពេទ្យរុស្ស៊ីទេ​ ចំណែកនៅទូទាំងប្រទេសអាចមានច្រើន ដោយអ្នកខ្លះរកសេវាព្យាបាលនៅក្បែរៗផ្ទះ។

លោកវេជ្ជបណ្ឌិត យឹម សុបុត្រា មានប្រសាសន៍ថា៖ «រឿងវានៅត្រង់កន្លែងថាសេវាផ្លូវចិត្តបានគ្របដណ្តប់គ្រប់មន្ទីរពេទ្យជាតិមួយចំនួន ហើយនឹងមណ្ឌលសុខភាព មន្ទីរពេទ្យបង្អែក និងមន្ទីរពេទ្យខេត្ត បានច្រើន តាមរយៈការបញ្ជ្រៀតសុខភាពផ្លូវចិត្តទៅមូលដ្ឋានរបស់បងប្អូនប្រជាពលរដ្ឋ ដល់អ៊ីចឹងទៅលោកអាចអញ្ជើញទៅទទួលយកការព្យាបាលនៅជិតផ្ទះគាត់»

ប្រធានសមាគមអ្នកប្រឹក្សាយោបល់ និងអ្នកចិត្តសាស្រ្តនៅកម្ពុជាលោក ហឿ សេធុល មានប្រសាសន៍ថា កាលពីឆ្នាំ២០២៣ លោកទទួលអ្នករកសេវាព្យាបាលបញ្ហាផ្លូវចិត្តជាមធ្យម៥នាក់ក្នុង១ថ្ងៃ ប៉ុន្តែបច្ចុប្បន្នលោកទទួលបានរហូតដល់១០នាក់។ លោកបន្តថា មូលហេតុធំដែលនាំឱ្យកើតបញ្ហាផ្លូវចិត្តនៅពេលនេះ គឺបញ្ហាសេដ្ឋកិច្ច។

លោក ហឿ សេធុល ថ្លែងថា៖ «ទស្សនៈផ្ទាល់ខ្លួនរបស់ខ្ញុំ ខ្ញុំជឿជាក់ថាមានការកើនឡើង មូលហេតុទីមួយដូចយើងទាំងអស់គ្នាដឹងអ៊ីចឹងវិបត្តិផ្នែកសេដ្ឋកិច្ចធ្វើឱ្យបញ្ហាជីវភាព បញ្ហាអី ប្រជាជនយើងហាក់បីដូចជាប្រឈមមុខច្រើនជាងមុន»

តាមការចុះផ្សាយនៅក្នុងខែមីនាឆ្នាំ២០២៤របស់ Our World In Data បង្ហាញថា កម្ពុជាមានប្រជាជនមានជំងឺផ្លូវចិត្តច្រើនជាងគេនៅអាស៊ានគឺមានរហូតដល់១២ភាគរយស្មើនឹងជាង២លាននាក់។ បន្ទាប់ពីកម្ពុជាគឺប្រទេសឡាវមានប្រជាជនមានជំងឺផ្លូវចិត្តចំនួន ១១,៥៧​ភាគ​រយ​។

លោក ហឿ សេធុល ពន្យល់ថា ជំងឺផ្លូវចិត្តមានច្រើនប្រភេទរួមមានទាំងជំងឺធ្លាក់ទឹកចិត្ត និងជំងឺបាក់ល្បាតជាដើម។ លោកបន្តថា តាមការសិក្សាលើរបាយការណ៍ផ្សេងៗគ្នាគឺជំងឺទាំងនេះប្រភេទខ្លះកើតឡើងដល់ជាង២០ភាគរយនៃប្រជាជនសរុបរបស់កម្ពុជា។

ចំណែកលោកវេជ្ជបណ្ឌិត លី ចេង ហ៊ុយ អ្នកជំនាញសុខភាព និងជាស្ថាបនិកទស្សនាវដ្តី សុខភាពយើង បានផលិតវីដេអូមួយផ្សព្វផ្សាយនៅក្នុងខែឧសភាដោយលោកបញ្ជាក់ថា នៅកម្ពុជាមានប្រជាជនមានជំងឺផ្លូវចិត្តរហូតដល់ជាង៤០ភាគរយ។ លោកអំពាវនាវឱ្យពលរដ្ឋបង្កើនការប្រុងប្រយ័ត្នព្រោះជំងឺនេះកំពុងបង្កជាបញ្ហាខ្លាំង។

​មន្ត្រី​សម្រប​សម្រួល​ផ្នែក​ធុរកិច្ច និង​សិទ្ធិមនុស្ស​នៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជាលោក វណ្ណ សុផាត មានប្រសាសន៍ថា បញ្ហាជំងឺផ្លូវចិត្តជាបញ្ហាធំដែលត្រូវយកចិត្តទុកដាក់។ លោកឱ្យដឹងថា ស្ថាប័នរបស់លោកមានកម្មវិធីជួយដល់សុខភាពផ្លូវចិត្តជាង១០ឆ្នាំមកហើយគឺជួយតាម​រយៈ​រៀបចំកម្មវិធីសមាធិ និងសហការជាមួយអង្គការដៃគូរៀបចំឱ្យមានការព្យាបាលជំងឺនេះ។

លោក វណ្ណ សុផាត បន្តថា បញ្ហាសេដ្ឋកិច្ច ជម្លោះដីធ្លី និងរួមទាំងបរិយាកាសសង្គមផ្សេងទៀតបានក្លាយជាមូលហេតុធំនាំឱ្យកើតជំងឺផ្លូវចិត្ត។

លោក វណ្ណ សុផាត មានប្រសាសន៍ថា៖ «បញ្ហាផ្លូវចិត្តកើតឡើងដោយសារភាពតានតឹងដោយសារការប៉ះពាល់ ឧទាហារណ៍ថាប្រជាពលរដ្ឋដែលគាត់រងផលប៉ះពាល់ដោយសារទំនាស់ដីធ្លីអីជាដើម ទីមួយគាត់បាត់បង់ដី អស់ចំណូលសម្រាប់ទ្រទ្រង់គ្រួសារ ទីពីរគាត់រងការចោទប្រកាន់»

ស្ត្រីវ័យ៤០ឆ្នាំប្លាយម្នាក់រស់នៅរាជធានីភ្នំពេញ ឱ្យដឹងថា គាត់មានបញ្ហាផ្លូវចិត្តធ្ងន់ធ្ងរតាំងពីមានការឆ្លងរាលដាលនៃមេរោគកូវីដមកដោយបានជួបបញ្ហាសេដ្ឋកិច្ច។ ស្ត្រីរូបនេះឱ្យដឹងទៀតថា ពេលស្ថានភាពជំងឺធ្វើទុក្ខខ្លាំងនៅដើមឆ្នាំ២០២៤ គាត់នៅតែក្នុងបន្ទប់ហើយតែងតែប៉ុនប៉ងសម្លាប់ខ្លួន។

ស្ត្រីដែលមានបញ្ហាផ្លូវចិត្តរូបនេះឱ្យដឹងថា៖ «១ខែពេញក្នុងបន្ទប់ងងឹត គ្រាន់តែបងចង់សម្លាប់ខ្លួនចង់១០ដងជាង តែកូនទាន់រហូត»

ទោះយ៉ាងណាស្ត្រីរូបនេះឱ្យដឹងថា បច្ចុប្បន្ននេះបន្ទាប់ពីរូបគាត់ទទួលការព្យាបាលតាមពេទ្យជំនាញ រួមទាំងស្តាប់ធម៌អប់រំចិត្ត និងមានការយកចិត្តទុកដាក់ពីកូនៗពេលនេះរូបគាត់បានធូរ​។

លោកវេជ្ជបណ្ឌិត យឹម សុបុត្រា អំពាវនាវឱ្យប្រជាជនទូទៅបង្កើនការយល់ដឹង និងទៅទទួលការព្យាបាលឱ្យបានទាន់ពេលកុំទុកឱ្យជំងឺឡើងដល់កម្រិតធ្ងន់ធ្ងរឈានដល់ការសម្លាប់ខ្លួនឯង និងអ្នកដទៃ។ លោកបន្តថា វិធីសាស្ត្រងាយបំផុតដើម្បីដឹងខ្លួនមានជំងឺផ្លូវចិត្តគឺការដេកមិនលក់។

កម្មការិនីរោងចក្រម្នាក់នៅខេត្តកំពង់ស្ពឺ កញ្ញា ជុល ស្រីមុំ ឱ្យដឹងថា មួយរយៈចុងក្រោយនេះ រូបគាត់មានការបារម្ភច្រើន ឈឺក្បាល ស្មុគស្មាញ ហើយយប់ខ្លះដេកលក់តែ២ទៅ៣ម៉ោងតែប៉ុណ្ណោះ។ កញ្ញាឱ្យដឹងថា បញ្ហានេះមិនមែនកើតមានតែលើរូបកញ្ញាម្នាក់ឯងទេ គឺមិត្តភក្តិជាកម្មករធ្វើការជាមួយគ្នាកំពុងជួបបញ្ហាប្រហាក់ប្រហែលគ្នានេះស្ទើរទាំងអស់គ្នា។

កញ្ញា ជុល ស្រីមុំ ឱ្យដឹងថា៖ «បើនិយាយពីជំងឺផ្លូវចិត្ត អ្នកធ្វើការរោងចក្រហ្នឹង៩៩ភាគរយ បើគ្រាន់តែចូលដល់រោងចក្រភ្លាមជួបពាក្យសម្តីមិនល្អពីសំណាក់អ្នកគ្រប់គ្រងរោងចក្រទីមួយ ទីពីរ ជំពាក់លុយគេធ្វើការចេះតែទ្រាំទៅ ទ្រាំស្តាប់ពាក្យមិនល្អរបស់គេ បើនិយាយទៅគ្រប់រឿងទាំងខ្ញុំទាំងគេ»

ប្រធាន​សហព័ន្ធ​សហ​ជីព ស៊ីខាវឌូ(CCA​WDU)​ លោក គង់ អាទិត្យ មានប្រសាសន៍ថា លោកមិនមានជំនាញផ្លូវចិត្តទេ ប៉ុន្តែលោកថា បញ្ហាប្រាក់ចំណូលទាប ការចំណាយច្រើននេះបានធ្វើឱ្យកម្មករភាគច្រើនកំពុងរស់នៅក្នុងស្ថានភាពព្រួយបារម្ភ។

លោក គង់ អាទិត្យ បញ្ជាក់ថា៖ «ខ្ញុំវាមិនមែនអ្នកជំនាញទេ យើងក៏មិនមានរបាយការណ៍ច្បាស់លាស់អីលក្ខណៈវិទ្យាសាស្ត្រដែរ តែយើងនិយាយតាមមើលឃើញ គឺពួកគាត់អាចមានបញ្ហាផ្លូវអារម្មណ៍រឿងបំណុល សម្ពាធនៃបំណុល យើងនិយាយទៅ មានទាំងយើងទាំងគេ ហើយកម្មករយើងដឹងហើយថាភាគច្រើនពួកគាត់ជាប់បំណុល»

ប្រធាន​សម្ព័ន្ធសហជីពកម្ពុជាលោកស្រី​ យ៉ាង សោភ័ណ្ឌ ក៏មើលឃើញបញ្ហាប្រហាក់ប្រហែលលោក គង់ អាទិត្យដែរ ដោយលោកស្រីបន្ថែមថា ចំណូលតិច ហើយមិនស្ថិតស្ថេរ ខណៈដែលបំណុលច្រើនកំពុងក្លាយជាបញ្ហាធំក្នុងស្រទាប់កម្មករ។

លោកស្រី សោភ័ណ្ឌ បានលើកឡើងថា៖ «ធម្មតាគាត់អាចស្រ្តេស ព្រោះចំណូលពួកគាត់បានតិច ហើយការចំណាយពួកគាត់ខ្ពស់។ ចំណូលអត់គ្រប់គ្រាន់នេះ ធ្វើឱ្យពួកគាត់មានបញ្ហាផ្លូវចិត្ត ដោយក្នុងគ្រួសាររបស់គាត់ប្រាក់ចំណូលធ្លាក់ចុះជាងមុន»

រថយន្តសង្គ្រោះបន្ទាន់កំពុងបើកចេញពីមន្ទីរពេទ្យ មិត្តភាពខ្មែរ-សូវៀត នៅថ្ងៃទី២១ ខែមិថុនា ឆ្នាំ២០២៤។ (ខេមបូចា/ អាន វិចិត្រ)

នៅក្នុងខែមិថុនានេះរបាយការណ៍របស់Mercer បានបង្ហាញថា ភ្នំពេញគឺជារាជធានីដែលការរស់នៅមានការចំណាយខ្ពស់កម្រិតលេខ២នៅអាស៊ានបន្ទាប់ពីសិង្ហបុរី។ របាយការណ៍នេះនាំឱ្យមានការជជែកគ្នាច្រើននៅលើបណ្តាញសង្គម និងស្រទាប់មហាជនទូទៅដែលលើកឡើងពីបញ្ហាចំណូលទាប និងចំណាយខ្ពស់នាំឱ្យពលរដ្ឋធ្លាក់ក្នុងវិបត្តិបំណុលធ្ងន់ធ្ងរ និងវិបត្តិផ្លូវចិត្ត។​

នៅដើមខែមិថុនានេះ ខេមបូចា ក៏បានចេញផ្សាយអត្ថបទមួយស្តីពីការថយចំណូល ចំណែកអាហារឡើងថ្លៃ។ តាមប្រភពប្រជាពលរដ្ឋឱ្យដឹងថា បញ្ហានេះមិនមែនកើតមានឡើងតែនៅក្នុងរាជធានីភ្នំពេញទេគឺនៅបណ្តាខេត្តនានាក៏ជួបបញ្ហានេះដែរ។

ទោះជាមានការលើកឡើងពីបញ្ហាចំណូលធ្លាក់ចុះធ្វើឱ្យពលរដ្ឋមានបញ្ហាផ្លូវចិត្តនេះក៏ដោយក៏របាយការណ៍របស់រដ្ឋាភិបាលបង្ហាញបន្តបន្ទាប់ពីចំណូលជាតិ និងចំណូលពលរដ្ឋកើនឡើង។ ​របាយការណ៍រដ្ឋាភិបាលបង្ហាញថា ចំណូលប្រជាជនម្នាក់ៗកើន ពី២៧៩ដុល្លារនៅឆ្នាំ១៩៩៨ ដល់ ២ ៦២៧ដុល្លារនៅឆ្នាំ២០២៤។

ជុំវិញរបាយការណ៍សេដ្ឋកិច្ចកើនឡើង និងបញ្ហាផ្លូវចិត្តរបស់ប្រជាពលរដ្ឋកើនឡើងដែរនេះ លោក ង៉ែត ជូ អ្នកជំនាញផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុហៅថា ជាការរីកចម្រើនដែលគ្មានតុល្យភាព។

លោក ង៉ែត ជូ លើកឡើងថា៖ «តាមទិន្នន័យបង្ហាញថាចំណូលរបស់ប្រជាជនខ្មែរកើនឡើង បំណុលក៏កើនឡើង រីឯបញ្ហាសុខភាពផ្លូវចិត្ត និងផ្លូវកាយក៏កើនឡើង។ បើយើងមើលតែនឹងភ្នែកដោយឥតវិភាគទិន្នន័យ គឺថាមានការរីកចំរើនខ្លាំងផ្នែកសម្ភារៈដូចជាសម្បូររថយន្តទំនើប ផ្ទះថ្លៃ។ល។ តើការរីកចម្រើនដែលគ្មានតុល្យភាពបែបនេះនឹងមាននិរន្តរភាពដែរឬទេ

តាម Our World in Data បានកត់សំគាល់ថា ប្រជាជនរស់នៅក្នុងប្រទេសក្រីក្រ ភាគច្រើនកើតជំងឺផ្លូវចិត្ត ដែលជំងឺនេះបានធ្វើឱ្យប៉ះពាល់ដល់សមត្ថភាពបំពេញការងារ ការទំនាក់ទំនងជាមួយមិត្តភក្តិ គ្រួសារ និងសហគមន៍។

របាយការណ៍ស្ថាប័នដដែលឱ្យដឹងទៀតថា រាល់ឆ្នាំមនុស្សរាប់រយលាននាក់ធ្លាក់ខ្លួនឈឺចាប់ដោយសារជំងឺផ្លូវចិត្ត ដែលក្នុងនោះអ្នកខ្លះបន្តការឈឺចាប់មួយជីវិត។ តាមការសិក្សាក្នុងរបាយការណ៍​នេះ គឺស្ត្រីម្នាក់ក្នុងចំណោម៣នាក់ និងបុរសម្នាក់ក្នុងចំណោម៥នាក់សុទ្ធតែធ្លាប់ឈឺចាប់ដោយសារជំងឺផ្លូវចិត្ត។

នៅក្នុងខែមិថុនានេះអ្នកព័ត៌មានខេមបូចាដែរសរសេរអត្ថបទនេះ បានទំនាក់ទំនងមនុស្សប្រមាណ២០នាក់ទាំងនៅរាជធានីភ្នំពេញ និងនៅតាមខេត្តនានា ទាំងជួបផ្ទាល់ និងតាមទូរសព្ទ  គឺក្នុងចំណោមនោះមាន កម្មករ កសិករ បុគ្គលិកអង្គការ បុគ្គលិកក្រុមហ៊ុន និងមន្ត្រីថ្នាក់ក្រោមមួយចំនួនផង គឺពួកគេបានលើកឡើងក្តីបារម្ភបញ្ហាប្រាក់ចំណូលថយចុះ ការដេកមិនសូវលក់ និងកើតជំងឺផ្លូវកាយខ្លះ។  

ខេមបូចា បានព្យាយាមទាក់ទងអ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌី និងលោកស្រី យក់ សម្បត្តិ ដើម្បីសាកសួរពីវិធានការលើបញ្ហាវិបត្តិផ្លូវចិត្ត។ ប៉ុន្តែតាំងពីថ្ងៃទី១២ រហូតដល់ថ្ងៃទី២៦ខែមិថុនានេះ អ្នកនាំពាក្យទាំង២រូបមិនលើកទូរសព្ទ និងមិនឆ្លើយសំណួរដែលផ្ញើតាមវ៉ាត់អាប់(WhatApp)ទេ។

ចំណែកអ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា និងជាសមាជិកព្រឹទ្ធសភា លោក សុខ ឥសាន មានប្រសាសន៍ថា ពលរដ្ឋកម្ពុជាបច្ចុប្បន្នកំពុងតែជួបញ្ហាផ្លូវចិត្តមែន ប៉ុន្តែលោកថា នេះជារឿងធម្មតាដែលប្រទេសណាក៏មានដែររួមទាំងប្រជាពលរដ្ឋអាមេរិកផងដែរ។ លោកបន្តថា អ្វីដែលរដ្ឋាភិបាលធ្វើ គឺការបង្កើនការងារដើម្បីពលរដ្ឋទទួលចំណូល អាចកាត់បន្ថយបញ្ហាដែលមានភាពស្មុគស្មាញផ្លូវចិត្ត។

លោក សុខ ឥសាន មានប្រសាសន៍ថា៖ «បញ្ហាសំខាន់ គឺរាជរដ្ឋាភិបាលលោកមានហើយនៅក្នុងផែនការ ជាពិសេសនៅក្នុងរាជរដ្ឋាភិបាលនីតិកាលទី៧ហ្នឹងលោកដាក់ចេញនូវយុទ្ធសាស្ត្រ​បញ្ចកោណដំណាក់កាលទី១នេះវាមានសព្វគ្រប់អស់ហើយ។ និយាយរួមបញ្ហាសំខាន់គឺរកទីផ្សារការងារសម្រាប់ប្រជាពលរដ្ឋទូទៅ ហើយការដែលរកទីផ្សារសម្រាប់ពលករយើងទាំងក្នុងប្រទេសទាំងក្រៅប្រទេស។ បញ្ហាសំខាន់គឺទាក់ទាញវិនិយោគទុនដែលសម្តេច​ធិបតី​ ហ៊ុន ម៉ាណែត កំពុងតែខិតខំស្វះស្វែង»

ចំណែកលោក ញៀន រ៉ាដែន អ្នកនាំពាក្យគណបក្សហ៊្វុនស៊ិនប៉ិច និងជាសមាជិករដ្ឋសភា ថ្លែងថា​ លោកបានចុះទៅតាមមូលដ្ឋានពិតជាឃើញថា ពលរដ្ឋកំពុងមានបញ្ហាវិបត្តិផ្លូវចិត្តមែន។ លោកថា គណបក្សរបស់លោកកំពុងតាមដានបន្ថែម ហើយគ្រោងនឹងលើកយកបញ្ហានេះមកជជែកនៅក្នុងសភាដើម្បីរកដំណោះស្រាយ។

លោក ញៀន រ៉ាដែន មានប្រសាសន៍ថា៖ «ឃើញយន្តការរបស់រាជរដ្ឋាភិបាលកំពុងខិតខំ ហើយយើងកំពុងឃ្លាំមើលបន្ថែមទៀត ប្រសិនបើខាងមុខទៀតបន្តយ៉ាងនេះ ឬក៏មានការកើនឡើងនៃជំងឺផ្លូវចិត្តនេះរាជរដ្ឋាភិបាលគួរខិតខំជាពិសេសមានវិធានការដើម្បីដោះស្រាយបញ្ហានេះ។ ហើយយើងក៏មិនព្រងើយកន្តើយដែរចំពោះភាពជាតំណាងរាស្ត្រ យើងនឹងលើកបញ្ហានេះសម្រាប់ជាបញ្ហារួមដែលត្រូវដោះស្រាយ»

លោក ហឿ សេធុល ថ្លែងថា ដើម្បីដោះស្រាយបញ្ហាជំងឺផ្លូវចិត្ត គឺត្រូវការចាំបាច់ឱ្យមានការបង្កើតផែនការមេក្នុងការដោះស្រាយ រួមទាំងបង្កើនចំនួនពេទ្យជំនាញ និងទីតាំងផ្តល់សេវា។ លោកបន្តថា ទីតាំងផ្លូវការបច្ចុប្បន្នមានតែនៅក្នុងមន្ទីរពេទ្យរុស្ស៊ី និងពេទ្យកាល់ម៉ែត្រ​នៅក្នុងរាជធានីភ្នំពេញ ដែលអាចផ្តល់សេវាបានតិចតួចណាស់បើប្រៀបធៀបពលរដ្ឋទូទាំងប្រទេស១៧លាននាក់។

អ្នកជំនាញសុខភាពទាំងនេះលើកឡើងមូលហេតុប្រហាក់ប្រហែលគ្នាថា បញ្ហាផ្លូវចិត្តនៅក្រុមមនុស្សអាយុក្រោម១៨ឆ្នាំភាគច្រើនពាក់ព័ន្ធទម្លាប់នៃការចិញ្ចឹមថែទាំរបស់ឪពុកម្តាយ។ ចំណែក​វ័យចាប់ពី១៨ឆ្នាំឡើងទៅ គឺកើតបញ្ហាផ្លូវចិត្តអាចពាក់ព័ន្ធ កត្តាចំណេះដឹង ស្ថានភាព​សេដ្ឋកិច្ច សុខភាពផ្លូវកាយ ប្រព័ន្ធយុត្តិធម៌  គ្រឿងស្រវឹង គ្រឿងញៀន និងបរិយាកាសសង្គមផ្សេងៗទៀត។

ជាដំណោះស្រាយអ្នកជំនាញទាំងនេះ ជំរុញឱ្យមានការអប់រំផ្លូវចិត្តឱ្យរឹងមាំតាមរយៈ ការអាន ការស្តាប់ ទស្សនៈសាសនា ទស្សនៈអ្នកប្រាជ្ញនានា រួមទាំងការថែទាំសុខភាពផ្លូវកាយឱ្យរឹងមាំ។ ចំណុចមួយទៀតពេលដែលសង្ស័យថា ​មានជំងឺផ្លូវចិត្តត្រូវស្វែងរកសេវាព្យាបាល​ឱ្យបានត្រឹមត្រូវ ទាំងការព្យាបាលតាមចលនា ការប្រឹក្សាយោបល់ ដូរទម្លាប់រស់នៅ និងការប្រើប្រាស់ថ្នាំជាដើម។

លោក ហឿ សេធុល គត់សម្គាល់ថា ករណីហិង្សាឈានដល់ការសម្លាប់គ្នា និងការសម្លាប់ខ្លួនកើតមានរាល់សប្តាហ៍ជាការបង្ហាញពីផ្លូវចិត្តស្ថិតនៅក្នុងស្ថានភាពហានិភ័យដែលចាំបាច់ត្រូវមានផែនការដោះស្រាយច្បាស់លាស់។

ហេតុការណ៍ឃាតកម្ម និងអត្តឃាតមួយចំនួននៅមួយរយៈចុងក្រោយនេះដែលធ្វើឱ្យមហាជនតក់ស្លុត រួមមាន ករណីបុរសម្នាក់កាប់ម្ចាស់​បំណុលស្លាប់ភ្លាមៗនៅស្រុកស្អាងខេត្តកណ្តាលនៅក្នុងខែឧសភា។ ចំណែកនៅក្នុងខែមិថុនា យុវជនជានិស្សិតម្នាក់ឡាយវីដេអូ​(Live Video) មុនលោតទឹកស្ពានជ្រោយ​​ចង្វារ ករណីពិធីករម្នាក់លោតទឹកស្ពានឫស្សីកែវដោយសារវិបត្តិសេដ្ឋកិច្ច  និងករណី អតីតឧកញ៉ា ស្រី ស៊ីណា បាញ់សម្លាប់គូដណ្តឹងមួយគូដោយសារជម្លោះស្នួហាលខោអាវជាដើម៕

141 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម