ក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta ដែលគ្រប់គ្រងប្រព័ន្ធសង្គមមួយចំនួនដូចជា ហ្វេសប៊ុក និងអ៊ីនស្តាក្រាម បានស្នើឱ្យផ្អាកគណនីហ្វេសប៊ុកដែលមានអ្នកចូលរួមជាង១៤លាននាក់ និងអ៊ីនស្តាក្រាមរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រយៈពេលប្រាំមួយខែ ដោយសារតែលោកបានបង្ហោះសុន្ទរកថាបែបហិង្សាកាលពីដើមឆ្នាំនេះ ដោយគំរាមប្រើ «ដំបង» លើគូប្រជែងបក្សប្រឆាំង។
ការសម្រេចចិត្តនេះទំនងជាត្រូវបានបង្ការជាមុនដោយលោកនាយករដ្ឋមន្ត្រីដែលបានប្រកាសកាលពីយប់ថ្ងៃពុធថា លោកនឹងប្រើតេឡេក្រាមជាចម្បង ដើម្បីទំនាក់ទំនងជាមួយប្រជាពលរដ្ឋកម្ពុជា និងឈប់បង្ហោះតាមហ្វេសប៊ុក។
លោក ហ៊ុន សែន បានថ្លែងក្នុងតេឡេក្រាមរបស់គាត់កាលពីយប់ថ្ងៃទី២៩ ខែមិថុនា ថា លោកបានប្រកាសបញ្ឈប់ការប្រើប្រាស់ហ្វេសប៊ុក ដោយលើកហេតុផលថា ដោយសាររយៈពេលកន្លងមកមានការក្លែងបន្លំគណនីហ្វេកប៊ុក(Facebook)របស់គាត់ជាង២០ដែលធ្វើឱ្យមានការភ័នច្រឡំពីអ្នកប្រើប្រាស់Facebook ដូចគ្នា។ ម្យ៉ាងទៀត គាត់បានរកឃើញបណ្តាញទំនាក់ទំនងដែលមានប្រសិទ្ធភាពជាងគឺបណ្តាញតេឡេក្រាម(Telegram) ដែលមិនបារម្ភពីការចូលលួចដូចFacebook។
លោក ហ៊ុន សែន លើកឡើងថា អាស្រ័យហេតុនេះ «ខ្ញុំសម្រេចបញ្ឈប់ជាស្ថាពរពីការប្រើប្រាស់Facebook ដែលមានអ្នកចូលរួមជាង១៤លាននាក់»។ លោកបន្តថា៖ «ខ្ញុំសូមស្នើឱ្យជំនួយការខ្ញុំលុបចោលគណនីFacebook របស់ខ្ញុំភ្លាម និងប្រាប់ទៅក្រុមហ៊ុនFacebook ឱ្យលុបឈ្មោះខ្ញុំចេញពីបញ្ជីFacebook»។
លោកនាយករដ្ឋមន្ត្រីក៏បានប្រសាសន៍ព្រមានថា លោកនឹងឱ្យបិទការប្រើប្រាស់ហ្វេសប៊ុក បើសិនជាអ្នកប្រឆាំងនៅខាងក្រៅនៅតែព្រហើន ខណៈលោកជួបសំណេះសំណាលជាមួយកម្មកររោងចក្រនៅខេត្តពោធិ៍សាត់នៅព្រឹកថ្ងៃទី៣០ ខែមិថុនា។
លោក ហ៊ុន សែន បានលើកឡើងថា៖ «បើខ្ញុំចេញបញ្ជាឱ្យបិទហ្វេសប៊ុកនៅស្រុកខ្មែរ លោកឯងដាច់ផ្ងារ ខ្ញុំគ្រាន់តែប្រាប់លោកឯង»។ លោកបន្តថា៖ «ខ្ញុំគ្រាន់តែប្រដៅអ្នកប្រឆាំងដែលកំពង់សប្បាយ…..ខ្ញុំនឹងផ្តាច់ជើងអ្នកឯងប្រសិនអ្នកឯងព្រហើន ខ្ញុំនឹងឱ្យបិទហ្វេសប៊ុកមិនឱ្យប្រើប្រាស់មួយរយៈខ្លី ឬជាស្ថាពរ»។
ក្រុមប្រឹក្សាត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta បានសម្រេចកាលពីថ្ងៃព្រហស្បតិ៍ថា សុន្ទរកថារបស់លោក ហ៊ុន សែន កាលពីថ្ងៃទី៨ ខែមករា ដែលធ្វើឡើងនៅខេត្តកំពង់ចាម បានបំពានលើបទដ្ឋានសហគមន៍របស់ហ្វេសប៊ុក ដោយគំរាមប្រើអំពើហិង្សាលើគូប្រជែងនយោបាយ។
លោក ហ៊ុន សែន មានប្រសាសន៍កាលពីខែមករាថា៖ «មានជម្រើសពីរ៖ ទីមួយគឺត្រូវប្រើវិធានការផ្លូវច្បាប់។ ទីពីរគឺ ប្រើដំបង។ មានន័យថា ខ្ញុំនឹងប្រមូលអ្នកគាំទ្រគណបក្សប្រជាជនទាំងអស់ធ្វើបាតុកម្ម ហើយវាយអ្នកឯង។ តើលោកឯងចង់បានមួយណា?»។
ក្រុមប្រឹក្សាត្រួតពិនិត្យមិនយល់ស្របនឹងការសម្រេចរបស់ក្រុមហ៊ុន Meta ក្នុងការរក្សាទុកវីដេអូនៅលើវេទិកាសម្រាប់ជាតម្លៃនៃព័ត៌មាន ដោយនិយាយថា វិសាលភាពដែលលោក ហ៊ុន សែន អាចធ្វើបាននៅលើបណ្តាញសង្គមបានធ្វើឱ្យការគំរាមកំហែងនេះ រីករាលដាលកាន់តែទូលំទូលាយ។
សេចក្តីសម្រេចបានសរសេរថា៖ «ក្រុមប្រឹក្សាក៏មានការព្រួយបារម្ភផងដែរថា យុទ្ធនាការយាយី និងការបំភិតបំភ័យជាបន្តបន្ទាប់របស់មេដឹកនាំនយោបាយប្រឆាំងនឹងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ និងអ្នកនយោបាយប្រឆាំងអាចក្លាយជាកត្តាមួយក្នុងការវាយតម្លៃអំពីគុណតម្លៃនៃព័ត៌មាន ដែលធ្វើឱ្យការបំពានខ្លឹមសារមិនត្រូវបានដកចេញ ហើយគណនីចៀសផុតពីទណ្ឌកម្ម»។ សេចក្តីសម្រេចបានបន្តថា៖ «អាកប្បកិរិយាបែបនេះមិនគួរត្រូវបានលើកទឹកចិត្តនោះទេ»។
សម្រេចចិត្តរបស់ក្រុមប្រឹក្សាត្រួតពិនិត្យក្នុងការរក្សា ឬកែប្រែសេចក្តីសម្រេចលើខ្លឹមសាររបស់ហ្វេសប៊ុក គឺជាកាតព្វកិច្ច ហើយហ្វេសប៊ុកត្រូវតែអនុវត្តតាមការសម្រេចនេះ លុះត្រាតែការធ្វើបែបនេះគឺជាការរំលោភច្បាប់។
ក្រៅពីណែនាំឱ្យផ្អាកគណនីហ្វេសប៊ុក និងអ៊ីនស្តាក្រាមរបស់លោក ហ៊ុន សែន ក្រុមប្រឹក្សាត្រួតពិនិត្យក៏បានណែនាំឱ្យក្រុមហ៊ុន Meta ពិនិត្យមើលគោលនយោបាយស្តីពីទំហំនៃព័ត៌មាន ដើម្បីបំបាត់ចោលការអំពាវនាវឱ្យមានអំពើហិង្សា។
កាលពីខែមីនា ក្រុមប្រឹក្សាត្រួតពិនិត្យ ដែលជាក្រុមអ្នកជំនាញឯករាជ្យដែលអាចបដិសេធសេចក្តីសម្រេចលើខ្លឹមសាររបស់ក្រុមហ៊ុន Meta បានប្រកាសថា ខ្លួននឹងពិចារណាការស្នើសុំឱ្យលុបវីដេអូនេះ។
មិនដល់២៤ម៉ោងផង មុនការសម្រេចរបស់ក្រុមប្រឹក្សាត្រួតពិនិត្យត្រូវបានផ្សព្វផ្សាយជាសាធារណៈ លោក ហ៊ុន សែន បានប្រកាសថា លោកនឹងលែងបង្ហោះតាមហ្វេសប៊ុកទៀតហើយ។
លោក ហ៊ុន សែន បានអះអាងតាមបណ្តាញតេឡេក្រាមសាធារណៈរបស់លោកកាលពីល្ងាចថ្ងៃពុធថា៖«បណ្តាញ Telegram មានប្រសិទ្ធភាពខ្ពស់ជាងបើបៀបធៀបជាមួយហ្វេសប៊ុក។ ដូចនេះ ចាប់ពីពេលនេះទៅ ខ្ញុំផ្សាយចេញនូវព័ត៌មាន រាប់ទាំងការផ្សាយផ្ទាល់ តែតាមបណ្តាញ Telegram ប៉ុណ្ណោះដែលពេលនេះ មានជាង ៨៥ ០០០នាក់បានភ្ជាប់រួចហើយ»។
លោកនាយករដ្ឋមន្ត្រីបានបញ្ជាក់ឡើងវិញពីគោលបំណងរបស់លោកនៅក្នុងសុន្ទរកថានៅព្រឹកថ្ងៃព្រហស្បតិ៍ ដោយបន្ថែមថា ការប្រើប្រាស់តេឡេក្រាមនឹងធ្វើឱ្យលោកងាយស្រួលទំនាក់ទំនងជាមួយប្រជាពលរដ្ឋនៅពេលលោកធ្វើដំណើរទៅប្រទេសមួយចំនួនដែលមិនអនុញ្ញាតឱ្យប្រើហ្វេសប៊ុក ដែលទំនងជាសំដៅដល់ប្រទេសចិន។
លោកមានប្រសាសន៍ថា៖ចាប់ពីពេលនេះទៅខ្ញុំនឹងមិនប្រើFacebookទៀតទេ ពិតមែនតែខ្ញុំទុកFacebook ប៉ុន្តែខ្ញុំមិនបង្ហោះឬផ្តល់ព័ត៌មានតាមFacebookទេ។
ក្រោយការថ្លែងរបស់លោក លោក ហ៊ុន សែន បានបង្ហោះលើហ្វេសប៊ុកចំនួនពីរលើកគិតត្រឹមថ្ងៃព្រហស្បតិ៍នៅម៉ោង៦ល្ងាច។
លោកនាយករដ្ឋមន្ត្រី គឺជាអ្នកប្រើហ្វេសប៊ុកច្រើន ហើយបានផ្សព្វផ្សាយមួយផ្នែកធំនៃព័ត៌មានរបស់រដ្ឋាភិបាលតាមបណ្តាញសង្គមនេះ។ ជារឿយៗ លោកឆ្លើយតបនឹងសំណួរ ឬបណ្តឹងរបស់ប្រជាពលរដ្ឋតាមរយៈការផ្តល់មតិយោបល់តាមហ្វេសប៊ុករបស់លោក និងលើកទឹកចិត្តឱ្យប្រជាពលរដ្ឋបង្ហាញពីទុក្ខលំបាករបស់ពួកគេតាមបណ្តាញសង្គមនេះ។
ក្រៅពីការងារផ្លូវការ លោក ហ៊ុន សែន ក៏ប្រើប្រាស់ហ្វេសប៊ុក ដើម្បីបង្ហោះរូបថតផ្ទាល់ខ្លួនរបស់លោកដូចជាវាយកូនហ្គលហ្វ៍ ឬហែលទឹកនៅខេត្តព្រះសីហនុ និងកម្មវិធីផ្សាយផ្ទាល់តាមទូរទស្សន៍ ឬ «ចម្រៀងសន្តិភាព»។
ទោះបីជាយ៉ាងណា ការនិយមប្រើប្រាស់ហ្វេសប៊ុករបស់លោក បានកើតមានជាមួយនឹងការចែករំលែកនូវភាពចម្រូងចម្រាសផងដែរ។ រដ្ឋាភិបាលត្រូវបានគេចោទប្រកាន់ថា បានប្រើបណ្តាញសង្គមនេះ ដើម្បីតាមដានប្រជាជនកម្ពុជា ដោយអ្នកប្រឆាំងតែងតែប្រឈមនឹងការចោទប្រកាន់ពីតុលាការចំពោះការបង្ហោះលើបណ្តាញសង្គមនេះ។ ប្រព័ន្ធវិភាគតាមបណ្តាញសង្គមក៏បានបង្ហាញដែរថា ហ្វេសប៊ុករបស់លោក ហ៊ុន សែន មានចំនួនអ្នកតាមដានមិនសមាមាត្រមកពីប្រទេសដូចជាឥណ្ឌា និងហ្វីលីពីន។
លោកនាយករដ្ឋមន្ត្រីក៏បានមានប្រសាសន៍កាលពីថ្ងៃព្រហស្បតិ៍ថា លោកពេញចិត្តបណ្តាញសង្គមមួយទៀតគឺ TikTok ដើម្បីឱ្យលោកអាចទំនាក់ទំនងជាមួយយុវជនកាន់តែច្រើន។ វីដេអូដំបូងនៅលើគណនី គេឃើញលោកឆែកកាបូបរបស់ស្ត្រីម្នាក់ ហើយបន្ទាប់មកដាក់ស្រោមសំបុត្រចូល ហើយវីដេអូនេះ ត្រូវបានបង្ហោះកាលពីថ្ងៃពុធ។ គណនីនេះមានអ្នកតាមដានជាង១៨ ០០០នាក់ គិតត្រឹមល្ងាចថ្ងៃព្រហស្បតិ៍នេះ។
បន្ទាប់ពីបង្កើតគណនីថ្មី ជំនួយការលោកនាយករដ្ឋមន្ត្រីបានបង្ហោះនៅលើហ្វេសប៊ុកស្នើឱ្យម្ចាស់គណនីឈ្មោះ Hun Sen-themed TikTok ដែលមានអ្នកតាមដានជាង ៣០០ ០០០នាក់ ទាក់ទងទៅលោក ដើម្បីមានឱកាសទទួលបានការងារជាជំនួយការរបស់លោក ហ៊ុន សែន។
លោក ដួង តារា ជំនួយការរបស់លោក ហ៊ុន សែន ដែលធ្វើការងារជាមួយក្រុមប្រព័ន្ធផ្សព្វផ្សាយសង្គមបានមានប្រសាសន៍ថា លោកនឹងមិនធ្វើអត្ថាធិប្បាយលើសេចក្តីសម្រេចរបស់ក្រុមប្រឹក្សាត្រួតពិនិត្យនោះទេ។
លោក តារា បានមានប្រសាសន៍កាលពីល្ងាចថ្ងៃព្រហស្បតិ៍ថា៖ «រឿងអីដែលខ្ញុំមិនដឹង ខ្ញុំមិនអាចបកស្រាយបាន »។
ទោះជាយ៉ាងណាក៏ដោយ លោក តារា ហាក់ដូចជាចង់ផ្តល់ព័ត៌មានច្រើននៅពេលដែលខេមបូចា បានជជែកជាមួយលោកមុនពេលមានការសម្រេចរបស់ក្រុមប្រឹក្សាត្រួតពិនិត្យ។ លោក តារា បានមានប្រសាសន៍ថា លោកនាយករដ្ឋមន្ត្រីចង់ឈប់ប្រើហ្វេសប៊ុក ម៉្យាងដោយសារតែរដ្ឋាភិបាលមិនសប្បាយចិត្តនឹងគោលការណ៍របស់ Facebook ដែលតឹងរឹងពេក។
លោកមានប្រសាសន៍ថា៖«ស្តង់ដារសហគមន៍ [ស្តង់ដារសហគមន៍ហ្វេសប៊ុក] គឺតឹងរឹង។ សូម្បីតែការផ្សាយពាណិជ្ជកម្មក៏តឹងតែងដែរ» ដោយលោកបានបន្ថែមថា ហ្វេសប៊ុកនឹងមិនអនុញ្ញាតឱ្យមានរូបភាពឈាមនៅលើវេទិការបស់ខ្លួនឡើយ។
សេចក្តីសម្រេចនេះធ្វើឡើងរយៈពេល៣៦ម៉ោងមុនពេលលោក ហ៊ុន សែន ដឹកនាំគណបក្សប្រជាជនចូលរួមយុទ្ធនាការឃោសនាបោះឆ្នោត ដែលគណបក្សរបស់លោកទំនងជាឈ្នះ។
លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជា មិនប្រាកដថា ហេតុអ្វីបានជាហ្វេសប៊ុកបារម្ភអំពីការថ្លែងជាសាធារណៈរបស់លោក ហ៊ុន សែន នោះទេ។
លោក សុខ ឥសាន បានមានប្រសាសន៍ថា៖ «ខ្ញុំវាឆ្ងល់ក្រុមហ៊ុនFacebookនឹងគឺថាសម្តេចលោកមានប្រសាសន៍ជាសាធារណៈនៅក្នុងវ៉ូងមហាជនប្រជាជនដែលលោកបានទៅចុះជួបសំណេះសំណាលលោកមានផ្សាយតាមFacebookរបស់គាត់ណាមូលហេតុអ្វីបានគាត់ក្រុមហ៊ុនFacebookឈឺក្បាលវិលមុខអី?»។
លោក ហេង ភក្តី អ្នកគ្រប់គ្រងគោលការណ៍សាធារណៈ Meta Cambodia បានឱ្យដឹងតាមអ៊ីម៉ែលថា លោកមិនត្រូវបានអនុញ្ញាតឱ្យនិយាយជាមួយអ្នកសារព័ត៌មានក្នុងនាមក្រុមហ៊ុននោះទេ។
លោក ហ្វីល រ៉ូបឺតសិន នាយករងប្រចាំតំបន់អាស៊ី នៃអង្គការឃ្លាំមើលសិទ្ធិមនុស្សបានឱ្យដឹងតាមអ៊ីម៉ែលថា៖ «លោក ហ៊ុន សែន នាយករដ្ឋមន្ត្រីកម្ពុជាទីបំផុតត្រូវបានគេរិះគន់ដោយសារតែប្រើបណ្តាញសង្គម ដើម្បីញុះញង់ឲ្យមានអំពើហិង្សាលើគូប្រជែងរបស់លោក ហើយលោកទំនងជាមិនចូលចិត្តនោះទេ។ នោះគឺជារឿងពិតអំពីមូលហេតុដែលគាត់គេចចេញពីហ្វេសប៊ុក» ។
លោកបានមានប្រសាសន៍ថា៖ «វាពិតជាគ្រោះថ្នាក់ណាស់ ព្រោះផលប៉ះពាល់ពិតប្រាកដចំពោះពិភពលោកភាគច្រើនកើតឡើងនៅពេលជនផ្តាច់ការប្រើបណ្តាញផ្សព្វផ្សាយសង្គម ដើម្បីញុះញង់ឲ្យមានអំពើហិង្សា ដូចដែលយើងបានឃើញច្រើនលើករួចមកហើយនៅក្នុងប្រទេសកម្ពុជា»។
គណៈកម្មការអ្នកច្បាប់អន្តរជាតិដែលការព្រួយបារម្ភរបស់ពួកគេត្រូវបានក្រុមប្រឹក្សាត្រួតពិនិត្យលើកឡើងនៅក្នុងសេចក្តីសម្រេចរបស់ខ្លួននោះ បាននិយាយថា ខ្លួនស្វាគមន៍ការប្រកាសនេះ។ នៅក្នុងសេចក្តីថ្លែងការណ៍មួយ ស្ថាប័ននេះបានលើកឡើងនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្លួនសង្កត់ធ្ងន់ថា វេទិកាអនឡាញគួរតែមានសម្រាប់សេរីភាពនៃការបញ្ចេញមតិ ដោយគ្មានការរឹតត្បិតមិនសមហេតុផល។
សេចក្តីថ្លែងការណ៍នេះសរសេរថា៖ «ទោះជាយ៉ាងណាក៏ដោយ ការកម្រិតមួយក្នុងចំណោមការកម្រិតមួយចំនួនដែលចាំបាច់ គឺការមិនអនុញ្ញាតឱ្យមានការញុះញង់ឱ្យមានអំពើហិង្សា។ វាមានសារៈសំខាន់ជាពិសេសក្នុងការដាក់កំហិត ទីដែលមានហានិភ័យខ្លាំងហើយដែលពាក្យញុះញង់របស់អ្នកមានអំណាចដូចជានាយករដ្ឋមន្ត្រី អាចត្រូវយកទៅអនុវត្តតាម»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ ‘Facebook Prime Minister’ Taken Off Platform For Violent Speech, Hun Sen Moves to Telegram