សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

កសិករសំណូមពរឱ្យតម្លៃស្រូវឡើងខ្ពស់ ខណៈថ្លៃដើមផលិតឡើងថ្លៃស្ទើរគ្រប់មុខ

កសិករស្រុកបវេល ខេត្តបាត់ដំបង បានជួលម៉ាស៊ីនច្រូតស្រូវដើម្បីលក់ឱ្យឈ្មួញ កណ្តាល។ រូបថតនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី
កសិករស្រុកបវេល ខេត្តបាត់ដំបង បានជួលម៉ាស៊ីនច្រូតស្រូវដើម្បីលក់ឱ្យឈ្មួញ កណ្តាល។ រូបថតនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

កសិករនៅខេត្តបាត់ដំបងនិងបន្ទាយមានជ័យបានចាប់ផ្តើមប្រមូលផលស្រូវខណៈក្រុមឈ្មួញបានគ្រលុកតម្លៃឡើងចុះដែលធ្វើឱ្យកសិករត្អូញត្អែថាមិនអាចទប់ទល់ថ្លៃចំណាយក្នុងការដាំដុះនិងប្រមូលផលបានដោយសារតែដើមទុននៃការផលិតស្រូវបានឡើងថ្លៃ​គ្រប់មុខ​ដូច​ជាជី ថ្នាំបាញ់ និងម៉ាស៊ូតជាដើម។

កសិករលោក ជាង យ៉ត រស់នៅភូមិបួរ ឃុំក្តុលតាហែន ស្រុកបវេល ខេត្តបាត់ដំបង បានដាំ​ស្រូវ​ផ្ការរំដួល ពីរហិកតាប្រមូលផលបានជាង៥តោនលក់ទៅឱ្យឈ្មួញកណ្តាល​ដែលដើរ​ទិញ​តាមភូមិពីកសិករ ក្នុងតម្លៃ៨រយរៀលទៅជាង៨រយរៀលប៉ុណ្ណោះ។ លោកបញ្ជាក់ថា​តម្លៃនេះ​មិនចំណេញនោះទេព្រោះទូទាត់ថ្លៃដើមដែលចំណាយទៅលើជី ថ្នាំគីមី និង ម៉ាស៊ូតឡើង​ថ្លៃ​ជាង​ឆ្នាំទៅមុនច្រើន។

លោក ជាង យ៉ត បញ្ជាក់ថ៖ «ឆ្នាំនេះថ្លៃជីឡើងមួយការ៉ុងជិត២០ម៉ឺនរៀលឆ្នាំមុន​តែជិត១០ម៉ឺន​ប៉ុណ្ណោះ ម៉ាស៊ូតក៏ឡើងថ្លៃ ថ្នាំគីមីក៏ថ្លៃ ថ្លៃម៉ាស៊ីនច្រូតក៏ថ្លៃចំណែកស្រូវលក់បានតម្លៃថោក​មិន​អាច​ទប់ទល់បាននោះទេ»

កសិករម្នាក់ទៀតលោក ឈឿន ឆោម រស់នៅភូមិសង្កែវា បានឱ្យដឹងថា តម្លៃស្រូវឆ្នាំឡើង​ចុះ​តាម​មាត់ឈ្មួញ ថាពីដំបូងឈ្មួញកណ្តាលចុះទិញក្នុងតម្លៃ១ពាន់រៀល​ជាង​ ក្រោយមកតម្លៃ​ចុះរហូតដល់៨រយរៀលទៅជាង៨រយរៀលក្នុងមួយគីឡូ។ លោកបន្ថែមថាឆ្នាំនេះមិនចំណេញ​នោះទេដោយសារតែលោកខ្ចីបុលគេមកធ្វើស្រែហើយតម្លៃជីឡើងថ្លៃជាងពីរដងនិងថ្នាំគីមី ម៉ាស៊ីនច្រូតក៏ឡើងថ្លៃដែរ ។

លោក ឈឿន ឆោម បន្តថា៖ «ខ្លះធ្វើស្រែហើយរត់ទៅថៃរកលុយសងគេដោយសារទូទាត់ថ្លៃជី ថ្លៃដើមមិនរួចខ្លួនផង ខ្ញុំចង់ឱ្យស្រូវមានទីផ្សារស្រូវសមរម្យមកដើម្បីកសិករមានទឹកចិត្តធ្វើ​បន្ត​ទៀត»។

កសិករម្នាក់ទៀតអ្នកស្រី គឹម ផិន អាយុ៤៦ឆ្នាំ បានលើកឡើងថា គាត់ដាំស្រូវប្រភេទស្រង៉ែគឺ​បួនខែប្រមូល ផលឆ្នាំនេះដោយសារតែអាកាសធាតុមិនល្អ​គាត់ដាំដុះមិនសូវបានផល​នោះទេ​ដោយក្នុងស្រូវ៧ហិកតា គាត់ប្រមូលផលបានតែ១៥០ការ៉ុង។ អ្នកស្រីបន្តថា ឈ្មួញចុះមកដើរ​ទិញទម្លាក់ថ្លៃតាមចិត្តដែល មុនដំបូងឈ្មួញឱ្យតម្លៃជាង១ពាន់រៀលក្នុងមួយគីឡូ ក្រោយមកគេទម្លាក់ថ្លៃនៅសល់តែ៧០០រៀលប៉ុណ្ណោះ។

អ្នកស្រី គឹម ផិន បន្ថែមថា៖ «លក់ហើយទូទាត់ទៅមិនចំណេញនោះទេគឺជំពាក់ចិនថែមទៀត ព្រោះអីស្រូវថោក ជីមួយការ៉ុង១៩០០បាត[ប្រហែល២០ម៉ឺនរៀល] ថ្នាំថ្លៃទ្វេរមួយជាពីរទៀត យើងអត់លុយយកលុយគេមកធ្វើគឺសងគេមិនរួចនោះទេ​ខ្ញុំចង់សំណូមពរឱ្យស្រូវ ថ្លៃជីនិងថ្នាំ​ចុះថោក»

ខណៈដែលកសិករបានត្អូញត្អែពីតម្លៃស្រូវឡើងចុះតាមមាត់ឈ្មួញនេះសប្តាហ៍កន្លងទៅ​ក្រសួងកសិកម្ម និងភាគីពាក់ព័ន្ធបានចុះស្រាវជ្រាវនិងវាយតម្លៃដើម្បីកំណត់ធានាស្ថេរភាព តម្លៃ​ស្រូវក្នុងនោះបានសម្រេចឱ្យលោកឧកញ្ញា ភូ ពុយ អគ្គនាយករោងម៉ាស៊ីនកិនស្រូវ​បៃតង​កំណត់តម្លៃគោលក្នុងការទិញស្រូវពីកសិករសម្រាប់ស្រូវផ្ការំដួលប្រភេទលេខ១មិនក្រោម៩បាត/គីឡូក្រាមឬ១០៤០រៀល/គីឡូក្រាម។ ក្រសួងកសិកម្មក៏បានអំពាវនាវដល់ម្ចាស់រោងម៉ាស៊ីន​ស្រូវនិងឈ្មួញប្រមូលទិញស្រូវក្នុងខេត្តបន្ទាយមានជ័យឲ្យុចុះប្រមូលទិញដោយអនុវត្តតាមតម្លៃដែលបានកំណត់ខាងលើដែរចាប់ពីរសៀលថ្ងៃទី១៧ខែវិច្ឆិកាឆ្នាំ២០២២។  

លោក ពៅ ស៊ីណា អាយុ៤៤ឆ្នាំ ដែលឈរជើងប្រមូលទិញស្រូវ​នៅភូមិរូងអំពិល ឃុំខ្នាចរមាស ស្រុកបវេល ឱ្យក្រុមហ៊ុនរោងម៉ាស៊ីនកិនស្រូវបៃតង​ បានឱ្យដឹងថា មានកសិករសម្រុក​ដឹកស្រូវ​តាមគោយន្តមកលក់ឱ្យក្រុមហ៊ុនច្រើន​ក្រោយពីមានការកំណត់តម្លៃរួចដែលក្នុង​រយៈពេល​ពីរ​ថ្ងៃនេះ ទីតាំងលោកប្រមូលទិញបានមួយថ្ងៃចន្លោះពី៧០ទៅ៨០តោន។

លោកបន្តថា ស្រូវដែលកសិករដឹកមកលក់នេះភាគច្រើនប្រភេទស្រូវផ្ការំដួលគឺទិញទៅ​តាម​គុណភាពរបស់វាបើប្រភេទស្រូវលេខ១តម្លៃ៩បាតក្នុងមួយគីឡូ(១០៤០០រៀល) ចំណែកស្រូវ​គុណភាពមធ្យមចាប់ពី៨,៦បាតទៅ៨,៧បាតទិញតាមប្រភេទស្រូវល្អឬមិនល្អ។

លោក ស៊ីណា បញ្ជាក់ថា​៖ «ស្រូវលិចលង់ទឹកខ្មៅក្រុមហ៊ុនអត់ទិញទេ​បើស្រូវមធ្យមអី​ក្រុមហ៊ុន​បានសម្រួលជួយទិញកសិករបានច្រើនស្រូវដែលអន់គុណភាពខ្លះក៏ក្រុមហ៊ុនជួយសម្រួល​ទិញ​ដែរកុំតែខ្មៅ ខ្ញុំសំណូមពរកសិករប្រមូលផលស្រូវតាមបច្ចេកទេស»

សកម្មភាពកសិករដឹកស្រូវទៅលក់ឱ្យក្រុមហ៊ុនបៃតង នៅភូមិរូងអំពិល​ ឃុំខ្នាចរមាស ស្រុកបវេល ខេត្តបាត់ដំបង។ រូបថតនៅថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២២។ ខេមបូចា/ សុខ សាវី

លោក ហ៊ុន ឡាក់ ប្រធានក្រុមប្រឹក្សាភិបាលសហព័ន្ធស្រូវអង្ករកម្ពុជា​បានផ្តល់សម្ភាសន៍​ដល់កាសែត ក្នុងស្រុកថា បញ្ហាស្រូវដែលធ្លាក់ថ្លៃនេះគឺកើតឡើងជារៀងរាល់ឆ្នាំដោយសារ​ទីផ្សារ​ដែលបញ្ជាទិញមិនទាន់ធ្លាក់មកឆ្នាំនេះជាក់ស្ដែងអតិថិជន​ដែលបានចុះកិច្ចសន្យា​បញ្ជា​ទិញអង្ករផ្ការំដួលគឺប្រទេសចិន និងសហគមន៍អឺរ៉ុបមានភាពយឺតយ៉ាវដែលជាហេតុ​ធ្វើឱ្យ​ធ្លាក់​ចុះ។ ក្រៅពីនេះទៀតដោយសារ​រដូវ​នេះ​ជា​រដូវ​ដែល​ប្រជាពលរដ្ឋ​ប្រមូល​ផល​ស្រូវ​ផ្ការំដួល ដូច្នេះ​​ពួកគាត់​ត្រូវ​ការលក់​ស្រូវ​ព្រមៗ​គ្នាដើម្បី​យក​លុយ​មក​ទូទាត់​ការចំណាយ​លើ​ធាតុ​ចូល​កសិកម្ម​។

លោកបន្ថែមថា តម្លៃស្រូវ១០៤០រៀលក្នុងមួយគីឡូនេះសម្រាប់កសិករ​គឺពួកគាត់មិនពេញ​ចិត្តទេ​ពីព្រោះបើតាមកសិករគឺចង់បានតម្លៃស្រូវចាប់ពី១១០០រៀលឡើងលើ​​ពីព្រោះ​កសិករ​បានចំណាយច្រើនដែរទៅលើធាតុចូលកសិកម្ម។ លោកក៏មើលឃើញថា ការកំណត់​តម្លៃ​ស្រូវ​ដែលក្រសួងកសិកម្មបានស្នើមករោងម៉ាស៊ីនកិនស្រូវនៅខេត្តបាត់ដំបងគឺជាគោលបំណងមួយដើម្បីទប់ស្កាត់តម្លៃស្រូវកុំឱ្យចុះក្រោមជាងនេះទៀត ។

នៅដើមសប្តាហ៍នេះធនាគារអភិវឌ្ឍន៍ជនបទ និងកសិកម្មបានប្រកាសថា ដើម្បីជម្រុញ​ការ​ប្រមូល​ទិញស្រូវនិងធានាស្ថេរភាពតម្លៃស្រូវជូនកសិកររាជរដ្ឋាភិបាលកម្ពុជា​ដែលមាន​ក្រសួង​សេដ្ឋកិច្ចហិរញ្ញវត្ថុជាសេនាធិកាបានសម្រេចផ្តល់ថវិកាបន្ថែមចំនួន១០លានដុល្លារអាមេរិកលើមូលនិធិសម្រាប់ទិញស្រូវចំនួន៨៣លានដុល្លារអាមេរិកតាមរយៈធនាគារអភិវឌ្ឍន៍ជនបទនិងកសិកម្មសម្រាប់គាំទ្រដល់រោងម៉ាស៊ីនកិនស្រូវនិងក្រុមហ៊ុនកែច្នៃនាំអង្ករចេញក្នុងការ​ប្រមូល​ទិញស្រូវពីកសិករតាមតម្លៃសមស្របជៀសវាងទិញទំលាក់ថ្លៃពីឈ្មួញខិលខូចមួយចំនួន។

លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្មនិងរុក្ខាប្រមញ្ញ បានឱ្យដឹងតាមគណនីយ​ហ្វេសប៊ុក​ផ្ទាល់ខ្លួនថា ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ​ដែលបានផ្តល់ថវិកាដល់ធនាគារអភិវឌ្ឍន៍ជនបទ​នេះដើម្បីជួយផ្តល់ជាកម្ចីដល់រោងម៉ាស៊ីនកិនស្រូវឱ្យទិញស្រូវប្រជាកសិករទាន់ពេលវេលា​ប្រមូលផល។

លោក ទីណា ថ្លែងថា៖ «ដូចគ្នាដែរខ្ញុំសូមអរគុណនូវស្មារតីទទួលខុសត្រូវខ្ពស់ និងការឆ្លើយ​តបទាន់ពេលវេលារបស់ធនាគារអភិវឌ្ឍន៍ជនបទក្នុងរយៈពេលដែលធ្លាក់ថ្លៃស្រូវហើយ​ក្រសួងកសិកម្មត្រូវការជំនួយជាបន្ទាន់»

លោករដ្ឋមន្រ្តីបន្ថែមថា តួអង្គសំខាន់មួយទៀត គឺសហព័ន្ធស្រូវអង្ករកម្ពុជាដែលបានសហការ​គ្នាប្រមូលទិញយ៉ាងសស្រាក់សស្រាំក្នុងតម្លៃដែលអាចទទួលយកបាន។ ដោយលោក​ចាតុទុក​ថា នេះជាស្មារតីសហការខ្ពស់ និងជាគំរូដ៏ល្អសម្រាប់ការ​ដោះស្រាយបញ្ហាឱ្យទាន់ពេល​វេលា​ជូន​ប្រជាពលរដ្ឋ។

​តាម​សេចក្ដីប្រកាស​ព័ត៌មាន​របស់​ក្រសួងកសិកម្មកាលពីថ្ងៃទី១៥ ខែវិច្ឆិកា ឆ្នាំ​២០២២ បាន​សរសេរ​ថា រយៈពេល​ពេញ​១​ខែវិច្ឆិការហូតដល់​​ពាក់កណ្តាល​ខែធ្នូគឺជា​ពេល​ប្រមូល​ផល​ស្រូវ​រដូវវស្សាពិសេស​ប្រភេទ​ស្រូវ​ផ្ការំដួលដែលជា​ហេតុ​ធ្វើឱ្យ​រោង​ម៉ាស៊ីនកិនស្រូវ​កំពុង​កកស្ទះនិង​ជះឥទ្ធិពល​ដល់​ថ្លៃ​ស្រូវដូច​កាលពី​ឆ្នាំ​កន្លងទៅ​។​

​ក្រសួង​ក៏បាន​អំពាវនាវ​ឱ្យ​ប្រ​ជា​កសិករ​រស់នៅ​ខេត្តបាត់ដំបងនិង​ខេត្តបន្ទាយមានជ័យកុំឱ្យ​បារម្ភ​ពី​រឿង​តម្លៃ​ស្រូវដោយ​នាំ​​គ្នា​ប្រញាប់​ច្រូតស្រូវ​មិនទាន់​គ្រប់​គុណភាព​ដើម្បី​លក់ជាហេតុ​បណ្តាលឱ្យ​ថ្លៃ​ស្រូវ​កាន់តែ​ធ្លាក់ចុះ​ថែមទៀត​។

អង្ករ​របស់​កម្ពុជា​ពូជ«​ផ្ការំដួល​»ត្រូវបាន​ជាប់​ជា​អង្ករ​ល្អ​ដាច់​គេ ក្នុង​វេទិកា​ស្រូវ​អង្ករ​ពិភពលោក​ដែល​រៀបចំ​ធ្វើ​នៅ​ទីក្រុង​ភូកេតប្រទេស​ថៃ ខណៈ​នេះ​ជា​លើកទី៥ហើយ​ដែល​អង្ករ​កម្ពុជា​ឈ្នះ​ពានរង្វាន់​នេះ៕

915 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម