សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ពលរដ្ឋអះអាងថា អាជ្ញាធរស្រុកឯកភ្នំបានយកថ្នាំបាញ់សម្លាប់ស្រូវពួកគាត់អស់ជាច្រើនហិកតា

សកម្មភាពអាជ្ញាធរស្រុកឯកភ្នំ និងមន្រ្តីខណ្ឌជលផលខេត្តបាត់ដំបង ដឹកនាំកម្លាំងយកថ្នាំស្មៅ៤៨បាញ់សម្លាប់ស្រូវប្រជាពលរដ្ឋនៅតំបន់ប៣ ស្ថិតនៅឃុំព្រៃចាស់ ស្រុកឯកភ្នំ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)
សកម្មភាពអាជ្ញាធរស្រុកឯកភ្នំ និងមន្រ្តីខណ្ឌជលផលខេត្តបាត់ដំបង ដឹកនាំកម្លាំងយកថ្នាំស្មៅ៤៨បាញ់សម្លាប់ស្រូវប្រជាពលរដ្ឋនៅតំបន់ប៣ ស្ថិតនៅឃុំព្រៃចាស់ ស្រុកឯកភ្នំ នៅថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

ពលរដ្ឋមួយចំនួនបានសំពះ​ស្រែក​​យំអង្វរឱ្យអាជ្ញាធរស្រុកឯកភ្នំខេត្តបាត់ដំបង​នៅលើភ្លឺស្រែ​ឱ្យបញ្ឈប់ការយកថ្នាំបាញ់ស្មៅទៅបាញ់សម្លាប់ស្រូវពួកគាត់បន្តទៀត នៅចំណុចក្បែរ​ទំនប់​តាសោម ក្នុងភូមិព្រៃចាស់ ឃុំព្រៃចាស់ ស្រុកឯកភ្នំ ខេត្តបាត់ដំបង យោងតាមវីដេអូឃ្លីប​និងកា រអះអាងរបស់ពលរដ្ឋ។

យោងតាមប្រជាពលរដ្ឋដែលផ្តល់បទសម្ភាស បានអះអាងថា ពួកគាត់បានធ្វើស្រែនៅទីតាំង​នោះ​រយៈពេល​ជិត​២០ឆ្នាំ​ហើយ ដែល​គួរ​តែ​រដ្ឋកាត់ឆ្វៀតឱ្យពួកគាត់ជាកម្មសិទ្ធិ ប៉ុន្តែអាជ្ញាធរ​បាន​លើកឡើងថា នេះគ្រាន់តែការអះអាងរបស់ពលរដ្ឋ ប៉ុន្តែ​ការពិត គឺពលរដ្ឋធ្វើស្រែនៅ​ក្នុង​តំបន់៣ ដែល​ជា​តំបន់​ហាមឃាត់ដាច់ខាត។

ពលរដ្ឋម្នាក់លោក ជៀប សារ៉ន អាយុ៥៧ឆ្នាំ រស់នៅភូមិក្របៅ ឃុំភ្នំលាប ស្រុកព្រះនេត្រព្រះ ខេត្តបន្ទាយមានជ័យ​បានអះអាងថា ស្រូវ​គាត់ចំនួនបីហិកតា និងអ្នកភូមិម្នាក់ទៀត​បីហិកតា​ដែរ​ដែលផើមដាក់គ្រាប់អស់ទៅហើយនោះត្រូវបានអាជ្ញាធរ​ស្រុកឯកភ្នំ និងមន្រ្តីជលផល​យក​ថ្នាំ​​​ស្មៅបាញ់សម្លាប់កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤។ លោកបន្តថា កាលនោះ​កុំ​តែ​ប្រជាពលរដ្ឋ​នាំគ្នាទៅឃាត់ទាន់ទេ កុំអីស្រូវរបស់គាត់រាប់​រយហិកតានឹងត្រូវបំផ្លាញទាំងអស់​ដោយអាជ្ញាធរចោទថាធ្វើស្រែលើដីតំបន់៣។

ប្រជាពលរដ្ឋលោក ជៀប សារ៉ន បន្ថែមថា​៖ «ព្រឹកមិញ(១៩កុម្ភៈ២០២៤)ពួកខ្ញុំទៅមើលឃើញ​ស្រូវងាប់អស់ ហើយខ្លះឃើញខៀវៗ​ដកមកផុយទាំងឬស គេបាញ់ថ្នាំអា៤៨ថ្នាំបាញ់ស្មៅ បាញ់​ភ្លាមមិនទាន់អីទេ តែឥឡូវងាប់ខ្ទេចគេបាញ់ពីថ្ងៃទី១៤យើងនេះ» ។

ប្រជាពលរដ្ឋខាងលើបានអះអាងថា ដីខាងលើនេះពីមុនស្ថិតនៅការគ្រប់គ្រង​របស់​អាជ្ញាធរ​ខេត្តបន្ទាយមានជ័យ ប្រជាពលរដ្ឋប្រមាណ​៩៧គ្រួសាររស់នៅភូមិក្របៅ ឃុំភ្នំលាបស្រុក​ព្រនេត្រព្រះ បានទៅធ្វើស្រែទីនោះ៣៤០ហិកតាតាំងពីឆ្នាំ២០០៥ រហូតដល់ឆ្នាំ២០២១​បាន​ឈប់​នឹងប្រគល់ឱ្យអាជ្ញាធរតាមការប្រកាសដកហូតរបស់រដ្ឋាភិបាលសម័យនោះ។ ប៉ុន្តែ​ក្រោយមកប្រជាពលរដ្ឋបានស្តាប់សារសម្លេងរបស់សម្តេចហ៊ុនសែនអតីតនាយករដ្ឋមន្រ្តីថាដីដែលប្រជាពលរដ្ឋធ្វើលើសពី១០ឆ្នាំកាត់ឆ្វៀលឱ្យប្រជាពលរដ្ឋ ហើយអាជ្ញាធរ​ខេត្ត​បន្ទាយ​មាន​ជ័យ ​បានប្រកាសប្រាប់ពលរដ្ឋនៅមុនបោះឆ្នោតដែរថា ប្រជាពលរដ្ឋអាច​ទៅ​អាស្រ័យ​ផល​លើដីខាងលើវិញបានដោយសារពួកគាត់បានធ្វើស្រែទីនោះជិត២០ឆ្នាំមកហើយ។

លោកបន្ថែមថានៅឆ្នាំនេះប្រជាពលរដ្ឋប្រមាណជាង៧០គ្រួសារបានយកស្រូវមកព្រោះឡើង​វិញតែត្រូវបានអាជ្ញាធរស្រុកឯកភ្នំខេត្តបាត់ដំបងហាមឃាត់នឹងដកហូតពូជស្រូវពួកគាត់ដោយថាដីស្រែខាងលើស្ថិតនៅក្នុងតំបន់៣ក្រោមការគ្រប់គ្រងរបស់ស្រុកឯកភ្នំខេត្តបាត់ដំបង ប៉ុន្តែ​ពលរដ្ឋមិនស្តាប់នោះទេដោយសំអាងថាពួកគាត់បានអាស្រ័យផលទីនេះយូរឆ្នាំមកហើយ។

លោក ជៀប សារ៉ន៖ «គេហាមឃាត់ដែរពលរដ្ឋម៉េចស្តាប់ បើលឺសម្តេចប្រកាសធ្វើ​លើស​១០​ឆ្នាំ​​ហើយ គាត់ម៉េចស្តាប់ ព្រោះពួកខ្ញុំអត់មានអីពឹងផងនោះ មានអីទៀតបើអស់ស្រែ! បើដីគាត់​ទើបធ្វើបីបួនឆ្នាំ គាត់មិនតូចចិត្តទេ ប៉ុន្តែដីគាត់ធ្វើជិត២០ឆ្នាំហើយ បានន័យថា​មន្រ្តី​ធ្វើនេះមាន​ភាព​អយុត្តិធម៌ ដល់ប្រជាពលរដ្ឋហើយ»

លោក មឿន ម៉ុន មេភូមិក្របៅ ឃុំភ្នំលាប ស្រុកព្រះនេត្រព្រះ បានឱ្យដឹងថា ប្រជាពលរដ្ឋ​ក្នុង​ភូមិ​របស់លោក ពិតជាធ្វើស្រែនៅលើដីខាងលើតាំងពីឆ្នាំ២០០៥​មកពិតមែនដែលកាលនោះ​មិនទាន់ដឹងព្រំប្រទល់ត្រឹមណានោះទេ តែក្រោយមកនៅឆ្នាំ២០២១ទើបដឹងថាដីប្រជាពលរដ្ឋ ក្នុងភូមិរបស់លោកប្រមាណ៣០០ ហិកតាបានកាត់ចូលទៅក្នុងស្រុកឯកភ្នំ ខេត្តបាត់ដំបង។ លោកបន្ថែមថាលោកធ្លាប់ដាក់ពាក្យស្នើសុំកាត់ឆ្វៀលដីតំបន់៣ខាងលើ​​ទៅអាជ្ញាធរ​ខេត្ត​បាត់ដំបង​​ច្រើនសារដែរ ប៉ុន្តែមិនបានសម្រចនោះទេមកទល់បច្ចុប្បន្ន។

លោកមេភូមិយល់ថា អាជ្ញាធរស្រុកឯកភ្នំយកថ្នាំស្មៅមកបាញ់លើស្រូវពលរដ្ឋរបស់លោក​ដូច្នេះ គឺមិនសមហេតុផលនោះទេ គួរណាស់​ទុកពេលឱ្យពួកគាត់បានប្រមូលផលស្រូវ​រួច​សិន​ចាំដោះស្រាយគ្នាទៀត។

លោក មឿន ម៉ុន បន្ថែមថា៖ «ប្រជាពលរដ្ឋជាអ្នកស្រែ បើអត់ស្រែម៉េចរស់ សុំអាជ្ញាធរ​ខេត្ត​បាត់ដំបង កាត់ឆ្វៀលច្រើនដងហើយមិនបាន ខ្ញុំនឹងធ្វើសំណើរជាថ្មីទៅសម្តេចម្តង ពីរបីថ្ងៃ​ទៀត! បើសុំមិនបាន ទៀតខ្ញុំឈប់សុំហើយ!»

ទាក់ទងករណីខាងលើនេះលោក ជួង សុភា នាយខណ្ឌរដ្ឋបាលជលផល​ខេត្តបាត់ដំបង​ បាន​ឱ្យ​ដឹងថា ប្រជាពលរដ្ឋបាននាំគ្នាំមកធ្វើស្រែរំលោភចូលដីតំបន់បី​ដែលជាតំបន់ហាមឃាត់​ចាប់​ពីចំណុចក្រពើស្គមមកដល់ចំណុចទំនប់តាសោម ឃុំព្រៃចាស់ ស្រុកឯកភ្នំ ប្រមាណជាង៤៥០​ហិកតា។ កាលពីចុងខែធ្នូនៅពេលពួកគាត់នាំគ្នាយកស្រូវមកព្រោះអាជ្ញាធរបានហាមឃាត់ពួកគាត់ច្រើនដង និងបានដកហូតពូជស្រូវខ្លះយកមកទុក ប៉ុន្តែដោយពួកគាត់សន្យាបញ្ឈប់មក​ធ្វើស្រែ​ទីនោះ​ទៀតក៏ប្រគល់ឱ្យ ពួកគាត់វិញ។ លោកបន្តថាក្រោយមកនៅខែមករា ឆ្នាំ២០២៤ ប្រជាពលរដ្ឋបាននាំគ្នាលួចយកស្រូវមកព្រោះ និងបូមទឹកដាក់ស្រែរហូតដុះស្រូវពេញស្រែ បើទោះជាអាជ្ញាធរ និងមន្រ្តីជំនាញហាមឃាត់និងណែនាំច្រើនដងក៏ដោយ។

លោក ជួង សុភា បញ្ជាក់ថា ក្រោយលោកបានចូលរួមសន្និបាតក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទថ្មីៗនេះ លោកនាយករដ្ឋមន្រ្តីបានដាក់បញ្ជាឱ្យពង្រឹងនិងទប់ស្កាត់ការបំផ្លាញ​ធនធាន​ជលផលពិសេសការទន្រ្ទានដីតំបន់ព្រៃលិចទឹក និងសុំយោបលពីលោកអភិបាលខេត្ត គណៈបញ្ជាការឯកភាពស្រុកបានប្រជុំ ឯកភាពគ្នាលើកដៃយកគោលការណ៍រួមមួយ ដោយ​សម្រេចបាញ់សម្លាប់ស្រូវប្រជាពរដ្ឋជាង៤៥០ហិកតានេះទាំងអស់ ។

លោកជួង សុភា​ បន្ថែមថា៖ «ជាគោលការណ៍យើងមិនចង់បំផ្លាញទ្រព្យសម្បត្តិប្រជាជនទេ ​តែធ្វើម៉េច កុំឱ្យគាត់បង្កបង្កើនផលបាន យើងសុំគោលការណ៍គណៈបញ្ជាការ ឯកភាពគ្នា​ជា​ធ្នុង​មួយ សុំឱ្យមន្រ្តីជំនាញបាញ់សម្លាប់ស្រូវ បើប្រើវិធានការចាប់វាពិបាក​មើលពេក បាញ់នេះ​ដើម្បីហាមឃាត់គាត់ យើងមិនចង់ចាប់ចងគាត់ ដាក់ទោសគាត់ទេ វាពិបាក យើងប្រើ​វិធានការ​នេះ​ដើម្បីឱ្យគាត់រាងចាល»។

លោក ជួង សុភា លើកឡើងថា ក្រោយពីឯកភាពគ្នាកាលពីថ្ងៃទី១៤ ខែកុម្ភៈ កម្លាំងរដ្ឋបាល​ស្រុក​ឯកភ្នំ​ ដឹកនាំដោយអភិបាលរងស្រុក កម្លាំងជលផលដឹកនាំដោយលោកផ្ទាល់ អាជ្ញាធរ​ឃុំ កម្លាំងប្រដាប់អាវុធ មាន មកពីស្នងការខេត្ត អធិការស្រុក និងប្រជាការពារសរុប​ជាង៤០​នាក់ ​បានចុះបាញ់ថ្នាំសម្លាប់ស្រូវនៅតំបន់ ដែលពលរដ្ឋធ្វើរំលោភទន្រ្ទានលើដីតំបន់បីដែល​ហាម​ឃាត់​ខាងលើ។ លោកបន្តថា ដោយមានការតវ៉ា​ពីប្រជាពលរដ្ឋអាជ្ញាធរ​បានសម្រេច​ដក​កម្លាំងមកវិញសិន។

លោក ជួង សុភាព បន្ថែមថា៖ «យើងបានបាញ់ស្រូវខូចខាតជាង២ហិកតា ក្រោយមកតាម​ប្រសាសន៍ ឯកឧត្តមអភិបាលខេត្តឱ្យដកឃ្លាចេញពីទីនោះសិន ដើម្បីរកដំណោះស្រាយ​សិន»

សកម្មភាពអាជ្ញាធរស្រុកឯកភ្នំ និងមន្រ្តីខណ្ឌជលផលខេត្តបាត់ដំបង ដឹកនាំកម្លាំង​​យកថ្នាំស្មៅ៤៨បាញ់សម្លាប់ស្រូវប្រជាពលរដ្ឋនៅតំបន់ប៣ ស្ថិតនៅឃុំព្រៃចាស់ ស្រុកឯកភ្នំ នៅថ្ងៃទី១៤ ​ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)

ខេមបូចា មិនអាចទំនាក់ទំនងសុំបំភ្លឺពីលោក សុខ លូ អភិបាលខេត្តបាត់ដំបង​ តាមទូរសព្ទ​បាន​ទេ កាលពីល្ងាចថ្ងៃទី១៩ ខែកុម្ភៈ និងមិនមានការឆ្លើយតបតាមសារតេឡេក្រាម​ជុំវិញ​នឹងការបាញ់សម្លាប់ស្រូវពលរដ្ឋខាងលើ។

ចំណែកលោក សឿម ប៊ុនរិទ្ធ អភិបាលរងខេត្តបាត់ដំបង និងជាអ្នកនាំពាក្យរដ្ឋបាលខេត្ត បាន​បដិសេធមិនធ្វើអត្ថាធិប្បាយដោយលោកបានឆ្លើយតបតាមសារតេឡេក្រាមយ៉ាងខ្លីនៅ​ព្រឹក​ថ្ងៃទី២០ ខែកុម្ភៈ ថា៖ «លោកអភិបាលស្រុកឯកភ្នំ កំពុងបំភ្លឺព័ត៌មានហើយ ចាំខ្ញុំផ្ញើជូន»

លោក ម៉ឹល សុផល អភិបាលស្រុកឯកភ្នំ បានឱ្យដឹងថា ករណីខាងលើនេះជាវិធានការ​បង្រ្កាប​បទល្មើស ធនធានធម្មជាតិដែលកន្លងមកអាជ្ញាធរបានទៅឃាត់ និងទៅដេញពួកគាត់កុំឱ្យមក​ធ្វើស្រែ​នៅតំបន់នោះច្រើនដង ប៉ុន្តែពួកគាត់នៅតែលួចមកធ្វើទៀត។ លោកបញ្ជាក់ថា នេះជា​សកម្មភាពចុងក្រោយ ហើយដែលគណៈបញ្ជាការឯកភាពស្រុក​សហការជាមួយ​ខណ្ឌ​ជលផល​​ខេត្ត​ចុះទៅបង្រ្កាបបទល្មើសនេះឱ្យខានតែបាន។

លោក ម៉ឹល សុផល បញ្ជាក់ថា៖  «ព្រោះបទល្មើសនេះវាស្ថិតនៅតំបន់បីដែលជា​តំបន់ហាម​ឃាត់​ដាច់ខាត តំបន់ការពារធនធានធម្មជាតិ យើងអនុវត្តតាមតួនាទីភារកិច្ចរបស់ខ្លួន»

លោកអភិបាលស្រុកបន្ថែមថាខណៈដែលចុះទៅបង្រ្កាបនេះអាជ្ញាធរក៏បានហៅប្រជាពលរដ្ឋ​មកសាកសួរដើម្បីស្រង់ព័ត៌មាន ចង់ដឹងថា ប្រជាពលរដ្ឋណាធ្វើបានប៉ុន្មាន? ប្រជាពលរដ្ឋណា​ធ្វើបានប៉ុន្មាន? ប៉ុន្តែមានតែប្រជាពលរដ្ឋជាង២០នាក់​ប៉ុណ្ណោះមកបំភ្លឺចំណែកមួយចំនួន​ធំ​ទៀត​​ពួកគាត់បានវិលចូលភូមិវិញអស់ទៅ។

លោក ម៉ឹល សុផល បន្ថែមថា៖ «ចឹងរូបភាពនេះយើងមិនទាន់កំណត់បានថាតើមានឈ្មួញ នៅពីក្រោយប៉ុណ្ណា? ប្រជាពលរដ្ឋអាស្រ័យផលប៉ុណ្ណានោះទេ?»

ទាក់ទងការអះអាងរបស់ពលរដ្ឋថា ធ្វើស្រែតំបន់នោះតាំងពីឆ្នាំ២០០៥មក​លោកអភិបាល​ស្រុក​បានឆ្លើយតបថា វាជាការអះអាងរបស់ពលរដ្ឋប៉ុណ្ណោះ ប៉ុន្តែដីទាំងនេះ គឺវាស្ថិត​នៅ​តំបន់៣ដែលហាមឃាត់ដាច់ខាត ជាដីដែលមិនបានកាត់ឆ្វៀល​ជូនប្រជាពលរដ្ឋនោះទេ។

លោកបញ្ជាក់ថា ពីដើមមកពួកគាត់ចូលមកធ្វើស្រែដោយសំអាងថា​ទឹកដីនេះជាដីខេត្ត​បន្ទាយមានជ័យ ប៉ុន្តែផ្អែកតាមព្រំប្រទល់រដ្ឋបាល គឺស្ថិតនៅក្នុងខេត្តបាត់ដំបងនោះទេ និងបានពិនិត្យមើលព្រំប្រទល់ រដ្ឋបាលទាំងអស់គ្នាហើយ ក្រោយពីសម្តេចប្រកាសតាំងពីឆ្នាំ​២០២១ ​ឱ្យប្រគល់ដីជូនរដ្ឋវិញ។

លោក អភិបាលស្រុក បន្ថែមទៀតថា៖ «ករណីខាងលើនេះ យើងបានធ្វើរបាយការណ៍​ជូន​ឯកឧត្តមអភិបាលខេត្តរួចហើយ យើងផ្អាកសិនដើម្បីសុំគោលការណ៍បន្តពីថ្នាក់លើទៀត»

លោក អ៊ិន គង់ជិត មន្រ្តីសម្រេបសម្រួលអង្គការសិទ្ធិមនុស្ស លីកាដូ ប្រចាំខេត្តបាត់ដំបង និង​ខេត្តបន្ទាយមានជ័យ ដែលតាមដានរឿងនេះបាន​ឱ្យដឹងថា ការបាញ់ថ្នាំ​សម្លាប់ស្រូវ​ប្រជាពលរដ្ឋ​ខាងលើជារឿងមិនត្រឹមត្រូវនោះទេ វាជាការបំផ្លិចបំផ្លាញទ្រព្យសម្បត្តិ​ប្រជាពលរដ្ឋ​។

លោកបន្តថា ប្រជាកសិករគាត់រំពឹងថានឹងបានផលលក់ដើម្បីទូទាត់ថ្លៃដើមដូចជា ថ្លៃភ្ជួរ ថ្លៃជី និងការថែទាំ ជាដើម ថ្វិត្បិតតែតំបន់នេះជាតំបន់៣​អាជ្ញាធរគួរតែទុកឱកាស​ឱ្យ​ប្រជាពលរដ្ឋ​លោកប្រមូលផលរួចសិន ចាំចាត់វិធានការក៏មិនទាន់ហួសពេលដែរ។

លោក គង់ជិត លើកឡើងថា៖ «វាជាការផ្តាច់ផ្តិលទៅលើជីវភាព​រស់នៅ​ពួកគាត់​ប្រចាំថ្ងៃ​ដែល​ពួកគាត់សង្ឃឹមលើទិន្នផលស្រូវនេះ។ ក្នុងនាមអាជ្ញាធរជាអ្នកអនុវត្តច្បាប់​ បើសិនប្រជាពលរដ្ឋ​រឹងទទឹងមិនស្តាប់ គួរតែអនុវត្តតាមប្រព័ន្ធតុលាការទៅ សុំដីការអនុវត្ត​ដោយបង្ខំ​ទៅ​មិនគួរ​បាញ់​ថ្នាំសម្លាប់ស្រូវពលរដ្ឋទេ»។ លោកបន្ថែមថា៖« ករណីនេះជាការបំផ្លិចបំផ្លាញ​ផលស្រូវ​ប្រជាពលរដ្ឋ អាជ្ញាធរត្រូវផ្តល់សំណងសងដល់ប្រជាពលរដ្ឋវិញ»

លោក គង់ជិត បានលើកជាយោបល់ថា នៅពេលដែលប្រជាពលរដ្ឋប្រមូលផលរួច នាយ​ខណ្ឌ​ជលផល គួរតែយកបង្គោល​មកបោះព្រំប្រទល់ និងដាក់បង្ហាញផែនទីមួយធំ​ឱ្យ​ពលរដ្ឋ​មើល​រួចដាក់បម្រាមសរសេរមាត្រាច្បាប់លើហ្នឹង បើសិនជាបំពានអាចមានទោស​ប៉ុន្មាន​អី​ប៉ុន្មាន​​ទៅ? ។ លោកបន្ថែមថា ចំណែកអាជ្ញាធរ គួរហៅប្រជាពលរដ្ឋមកធ្វើកិច្ចសន្យាឱ្យ​បញ្ឈប់​​ធ្វើ​ស្រែនៅតំបន់៣ដែលជាកន្លែងអភិរក្សសម្រាប់ត្រីពងកូនអីចឹងទៅ និងគួរតែ​ជជែក​ចរចាគ្នា​មិនគួរប្រើវិធានការខាងលើទៀតនោះទេ បន្ថែមពីនោះគួរបង្កើត វេទិការពិគ្រោះ​យោបល់​ក្នុង​សហគមន៍​ដើម្បីផ្សព្វផ្សាយបន្ថែម។

សូមបញ្ជាក់ថា តាមអនុក្រឹត្យលេខ៩០របស់រាជរដ្ឋាភិបាលចុះថ្ងៃទី៣ ខែឧសភា ឆ្នាំ២០២៣ ស្តីពីការកាត់ឆ្វៀលផ្ទៃដីតំបន់៣ និងការកែ​សម្រួល​ផ្ទៃដីតំបន់៣ ស្ថិតក្នុងភូមិសាស្រ្តស្រុកចំនួន​បួន ក្នុងខេត្តបាត់ដំបង ជាប់បឹងទន្លេសាប។ក្នុងនោះមាត្រា១សម្រេចកាត់ឆ្វៀលផ្ទៃ​ដី​ទំហំ ១ ៣៥៣ហិកតា៣៤អា ស្ថិតនៅភូមិសាស្រ្ត ឃុំកោះជីវាំង និងឃុំព្រៃចាស់ ស្រុកឯកភ្នំចេញ​ពី​តំបន់​បី នៃតំបន់ទន្លេ​សាប ធ្វើអនុប្រយោគ ជាដីឯកជនរបស់រដ្ឋ និងផ្តល់ជាកម្មសិទ្ធិ​ជូន​ប្រជាពលរដ្ឋចំនួន ២ ៤០៨គ្រួសារ។ មាត្រា២ កែសម្រួលផ្ទៃដី ពីតំបន់៣​បញ្ចូល​មក​តំបន់២​ទំហំ ១០ ៤៣០ហិកតា១៧អា ស្ថិតក្នុងភូមិសាស្រ្តស្រុកថ្មគោល ស្រុកសង្កែ ស្រុកឯកភ្នំ និង​ស្រុកមោងឬស្សី ផ្តល់ជូនប្រជាពលរដ្ឋ ២ ៤០៨គ្រួសារបន្តប្រើប្រាស់និងអាស្រ័យផល៕

សកម្មភាពអាជ្ញាធរស្រុកឯកភ្នំ និងមន្រ្តីខណ្ឌជលផលខេត្តបាត់ដំបង ដឹកនាំកម្លាំង​​យកថ្នាំស្មៅ៤៨បាញ់សម្លាប់ស្រូវប្រជាពលរដ្ឋនៅតំបន់ប៣ ស្ថិតនៅឃុំព្រៃចាស់ ស្រុកឯកភ្នំ នៅថ្ងៃទី១៤ ​ខែកុម្ភៈ ឆ្នាំ២០២៤។ (រូបភាពផ្តល់ឱ្យ)
1,476 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម