កសិកររស់នៅខេត្តសៀមរាបព្រួយបារម្ភពីការធ្លាក់ចុះប្រាក់ចំណូល ធ្វើឱ្យពួកគាត់ផុងខ្លួននឹង វិបត្តិបំណុលពិបាករើបម្រះ។ កសិករខ្លះបង្ខំចិត្តឱ្យកូនឈប់រៀនទៅរកការងារធ្វើក្នុងស្រុក និង ក្រៅប្រទេសដើម្បីរកលុយសងបំណុលមីក្រូហិរញ្ញវត្ថុ និងធនាគារ ដែលគ្រួសារពួកគាត់បាន យកប្លង់ផ្ទះ និងប្លង់ដីស្រែចម្ការជាទ្រព្យបញ្ចាំ។
ប្រព័ទ្ធសេដ្ឋកិច្ចរបស់កសិករនៅខេត្តសៀមរាប បើមើលពីទិដ្ឋភាពខាងក្រៅហាក់រីកចម្រើន ប៉ុន្តែធាតុពិតក្នុងអារម្មណ៍របស់ពួកគាត់បង្កប់ក្តីព្រួយបារម្ភ ដោយសារតែជំពាក់បំណុលមីក្រូហិរញ្ញវត្ថុ និងធនាគារ ដែលពិបាករកប្រាក់បង្វិលសងម្ចាស់បំណុលឱ្យបានទៀងទាត់តាមការកំណត់ក្នុងកិច្ចសន្យាកម្ចីប្រាក់។
កសិករមួយចំនួនបង្ខំចិត្តលក់ទ្រព្យសម្បត្តិថោកៗដើម្បីសងបំណុលមួយគ្រាហើយខ្លះទៀត បង្ខំចិត្តឱ្យកូនឈប់រៀនជួយរកលុយដោះបំណុល។ កសិកររស់នៅភូមិឈូក ឃុំខ្នារពោធិ ស្រុកសូទ្រនិគម ខេត្តសៀមរាប គឺអ្នកស្រី កែក ឡុន ឱ្យដឹងនៅថ្ងៃទី១៦ ខែធ្នូថា គ្រួសារលោកស្រីបានខ្ចីប្រាក់ពីមីក្រូហិរញ្ញវត្ថុ៦ពាន់ដុល្លារដុល្លារ(៦ ០០០)ដើម្បីសង់ផ្ទះបន្ថែម ហេតុនេះ លោកស្រីបង្ខំចិត្តឱ្យកូនស្រីម្នាក់ឈប់រៀនថ្នាក់ទី១១ ដើម្បីជួយរកប្រាក់ចំណូលដោះ
បំណុល។
លោកស្រីបន្តថា បញ្ហាបំណុលនេះ បានលងបន្លាចឱ្យគ្រួសារគាត់ភ័យព្រួយ ខ្លាចក្រែងខ្វះ ប្រាក់បង្វិលសងម្ចាស់បំណុល ប្រឈមរឹបអូសទ្រព្យសម្បត្តិ។ លោកស្រីបន្ថែមថា ស្ថាប័នផ្តល់ប្រាក់កម្ចីបានតម្រូវឱ្យ គ្រួសារលោកស្រី ត្រូវបញ្ចាំប្លង់ផ្ទះ រួមទាំងរកអ្នកធានាមួយគ្រួសារ ទើបពួកគេអនុញ្ញាតឱ្យខ្ចីប្រាក់។
អ្នកស្រី កែក ឡុន និយាយថា៖ «កូនឈប់រៀន គាត់មិនបានឈប់ខ្លួនឯងដែរ ខ្ញុំទេជាអ្នកឱ្យគាត់ ឈប់ហើយគាត់ទៅធ្វើការងារជួយរកលុយ។ ស្រណោះកូនស្រីដេកគិតរាល់យប់គ្នាស្រីផង ទៅធ្វើការងារនៅឆ្ងាយ បើមិនទៅអត់លុយបង់អង្គការគេ ហើយរាល់ថ្ងៃហ្នឹងបានកូនស្រី ផ្ញើប្រាក់បង់អង្គការ»។
កសិករម្នាក់ទៀតរស់នៅភូមិពងទឹក ឃុំជប់តាត្រាវ ស្រុកអង្គរធំ គឺលោក សៀម រ៉ាន់ ប្រាប់ខេមបូចា ថា គ្រួសារលោកបានខ្ចីប្រាក់ពីធនាគារ១ម៉ឺនដុល្លារ ហើយត្រូវបង្វិលសងជារៀងរាល់ខែជិត១លានរៀលរយៈពេល៦ឆ្នាំ។ លោកថា ការខ្ចីបុលនេះ ដើម្បីទិញគោយន្ត និងធ្វើដើមទុនកសិកម្ម ដោយចំណាយទិញសម្ភារៈកសិកម្មសំអាតដីធ្វើចម្ការហើយរំពឹងថា នឹងទទួលបានប្រាក់ចំណេញពីការលក់កសិផលបង្វែរសងម្ចាស់បំណុលវិញ តែផ្ទុយទៅវិញ ពួកគាត់ខាតបង់ច្រើនដោយសារកសិផលធ្លាក់ចុះ ដូចជា ស្រូវ និងដំឡូងមី ជាដើម។ ប្រការនេះ លោកបង្ខំចិត្តឱ្យកូនៗ របស់លោក២នាក់ឈប់រៀនត្រឹមថ្នាក់ទី៧ ដើម្បីទៅធ្វើការនៅប្រទេសថៃ ផ្ញើប្រាក់សងម្ចាស់បំណុលវិញជារៀងរាល់ខែ។
លោក សៀម រ៉ាន់ ថ្លែងថា៖ «កូនខ្ញុំពីរនាក់ឈ្មោះ រ៉ាន់ ចំរើន (ស្រី) និង រ៉ាន់ រ៉ូ (ប្រុស) ទៅធ្វើការនៅស្រុកថៃបាត់ហើយ មិនទាន់ឃើញមកវិញ ទៅបាត់អស់ហើយដោយសារខ្វះខាតជីវភាពគ្រួសារ វាពិបាកណាស់លោកគ្រូ។ ដូច្នេះហើយត្រូវចំណាកស្រុកទៅរកប្រាក់ដោះ បំណុលគេ ចិញ្ចឹមគ្រួសារផង ដោះបំណុលគេផង។ នៅខ្មែរយើងគ្មានមុខរបរអីទេ ពិបាកយ៉ាប់ណាស់»។
លោក សៀម រ៉ាន់ បន្ថែមថា មូលហេតុដែលកូនៗរបស់លោកទៅធ្វើការនៅប្រទេសថៃ ដោយសារពិបាករកការងារធ្វើក្នុងស្រុក ឬការងារមានប្រាក់ខែតិចតូចពេក ដែលមិនអាចសងគេគ្រប់គ្រាន់។
រីឯពលរដ្ឋជាច្រើនគ្រួសារទៀតនៅស្រុកអង្គរធំក៏ជួបបញ្ហាដូចគ្រួសារលោកដែរ។ លោកព្យាករថា ពលរដ្ឋរស់នៅឃុំនេះជាង៩០ភាគរយកំពុងផុងខ្លួននឹងបញ្ហាបំណុល ហើយកសិករខ្លះបានរត់ចោលស្រុក និងខ្លះទៀតចំណាកស្រុកទៅក្រៅប្រទេស។
គ្រូបង្រៀនថ្នាក់ទី១២ នៃវិទ្យាល័យ១០មករា ក្រុងសៀមរាប លោក ស៊ាន ផលិត សង្កេតឃើញថា កូនសិស្សរបស់លោកមួយចំនួនបានបោះបង់ការសិក្សាដោយសារបញ្ហាសេដ្ឋកិច្ចគ្រួសារ ប៉ុន្តែករណីនេះមានតិចតួចនៅឡើយ។ លោកថា វិបត្តិសេដ្ឋកិច្ចគ្រួសារធ្វើឱ្យអារម្មណ៍សិស្សរៀនមិនស្ងប់ឡើយ ហើយពួកគាត់តែងតែបារម្ភរឿងបញ្ហាគ្រួសារជាងការសិក្សា។
លោក ស៊ាន ផលិត ថ្លែងថា៖ «បញ្ហាបំណុលនេះជះឥទ្ធិពលដល់អារម្មណ៍សិស្សក្នុងការសិក្សា ហើយកត្តាសិស្សឈប់រៀននេះ ស្ទើរក្លាយជាទម្លាប់ព្រោះតែបញ្ហាសេដ្ឋកិច្ច ប៉ុន្តែសិស្សឈប់រៀនខ្លះ ដោយសារខ្ជិលរៀនតែម្តង»។
ឆ្លើយតបរឿងនេះ មេឃុំខ្នារពោធិ ស្រុកសូទ្រនិគម លោក គឿន ឈឹង មានប្រសាសន៍ថា អាជ្ញាធរឃុំមិនទាន់ទទួលព័ត៌មានករណីឪពុកម្តាយបង្ខំឱ្យកូនឈប់រៀន ដើម្បីរកប្រាក់ដោះ បំណុលនោះទេ ប៉ុន្តែលោកថា បញ្ហាសិស្សបោះបង់ការសិក្សានៅតែកើតមានតិចតួចប៉ុណ្ណោះ ព្រោះសិស្សខ្លះខ្ជិលរៀន។
លោកបញ្ជាក់ថា ក្រុមប្រឹក្សាឃុំតែងតែប្រជុំផ្សព្វផ្សាយប្រាប់ឱ្យពលរដ្ឋដាស់តឿនឱ្យកូនៗខំសិក្សារៀនសូត្រ ហើយសិស្សក្រីក្រ អាជ្ញាធរឃុំមានកញ្ចប់ថវិកាឧបត្ថម្ភសម្ភារៈសិក្សារួមមាន កង់ និងសៀវភៅជាដើម។ លោកបន្តថា ក្នុងឃុំរបស់លោកសិស្សរៀនដល់ថ្នាក់ទី១២មានប្រមាណចន្លោះ៨០ភាគរយដល់៩០ភាគរយ ហើយឆ្នាំ២០២២នេះ សិស្សជាង៥០នាក់បានប្រឡងសញ្ញាប័ត្របាក់ឌុប។
លោក គឿន ឈឹង ថ្លែងថា៖ «ក្រុមប្រឹក្សាឃុំតែងប្រជុំផ្សព្វផ្សាយជំរុញឱ្យកសិករយកចិត្តទុកដាក់ណែនាំឱ្យកូនៗរៀនឱ្យបានខ្ពស់ ព្រោះយុវជនជាឆ្អឹងខ្នងនៃប្រទេសជាតិ។ លោកថា កសិករឃុំខ្នារពោធិ៍មានចន្លោះ៦០ភាគរយទៅ៦៥ភាគរយជំពាក់បំណុលគេ ហើយបង្វិលសងម្ចាស់បំណុលពុំមានបញ្ហាចោទឡើយ ព្រោះពួកគាត់ភាគច្រើនខ្ចីបុលប្រើប្រាស់ចំទិសដៅ»។
ខេមបូចា មិនអាចទាក់ទងសុំការបំភ្លឺរឿងនេះ ពីប្រធានមន្ទីរអប់រំខេត្តសៀមរាប លោក លី
ប៊ុណ្ណា បាននៅឡើយទេ។ រីឯអ្នកនាំពាក្យក្រសួងអប់រំលោក រស់ សុវាចា ក៏មិនអាចសុំការអធិប្បាយបានដែរ ព្រោះលោកមិនទទួលទូរសព្ទ។ ទិន្នន័យរបស់ក្រសួងអប់រំបង្ហាញថា សិស្សខកខានមិនបានប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ(បាក់ឌុប)មានជាង១ពាន់ ៣រយនាក់(២២៦៤) នៅទូទាំងប្រទេសក្នុងឆ្នាំសិក្សា២០២២-២០២៣។
ជុំវិញរឿងនេះ ប្រធានមជ្ឈមណ្ឌលប្រជាពលរដ្ឋដើម្បីអភិវឌ្ឍន៍និងសន្តិភាព លោក យង់ គឹមអេង សង្កេតឃើញថា យុវជនបោះបង់ការសិក្សាដោយសារបញ្ហាបំណុលបន្តកើតមានច្រើន ព្រោះតែការស្វែងរកប្រាក់ចំណូលរបស់កសិករធ្លាក់ចុះបង្ខំចិត្តធ្វើចំណាកស្រុកទៅក្រៅប្រទេសហើយផ្ញើកូនៗឱ្យសាច់ញាតិមើលថែនៅស្រុកកំណើត។
លោកបញ្ជាក់ថា នៅគ្រាដែលពលរដ្ឋចំណាកស្រុកប៉ះពាល់ធ្ងន់ធ្ងរដល់ការសិក្សារបស់កូនៗ អាចនឹងបង្កឱ្យកើតមានការកេងប្រវ័ញ្ចកម្លាំងពលកម្ម និងផ្លូវភេទជាដើម។ លោកផ្តល់ទស្សនៈថា ដើម្បីដោះស្រាយបញ្ហានេះ រដ្ឋាភិបាលត្រូវជំរុញឱ្យតម្លៃកសិផលរបស់កសិករមានតម្លៃសមរម្យដែលធានាថា កសិករអាចរកចំណូលបានខ្ពស់ពីការធ្វើស្រែចម្ការ។
លោក គឹមអេង មានប្រសាសន៍ថា៖ «យើងដឹងហើយថានៅកម្ពុជាពលរដ្ឋ៧៥ភាគរយជាកសិករ រដ្ឋាភិបាលធ្វើយ៉ាងណាជំរុញឱ្យកសិករមានជីវភាពសមរម្យពីវិស័យកសិកម្មដោយឱ្យពួកគាត់លក់ស្រូវបានតម្លៃសមរម្យផ្គត់ផ្គង់ជីវភាព ឱ្យកូនចៅបានទៅរៀនសូត្រជាដើម»។
ទិន្នន័យក្រសួងអប់រំបង្ហាញថា ខេត្តសៀមរាបមានសាលារៀនជាង៦០០កន្លែង រួមមាន មត្តេយ្យសិក្សា១៩កន្លែង សាលាបឋមសិក្សា៥១៤ អនុវិទ្យាល័យ៨២កន្លែង និងវិទ្យាល័យចំនួន៤១សាលា រួមទាំងគ្រឹះស្ថានសិក្សាឯកជនចំនួនប្រមាណ៦០សាលារៀន។
លោក យង់ គឹមអេង សង្កេតឃើញថា ការរីកចម្រើននៃចរន្តសេដ្ឋកិច្ចក្នុងខេត្តសៀមរាបមួយផ្នែកធំ វិស័យទេសចរណ៍ កសិកម្ម ធនធានជលផល ឧស្សាហកម្ម រួមមានផលដំឡូងមី ស្រូវ និងគ្រាប់ស្វាយចន្ទី។ ក៏ប៉ុន្តែចាប់ពីឆ្នាំ២០២០រហូតដល់ដើមឆ្នាំ២០២២ វិស័យទេសចរណ៍ធ្លាក់ចុះខ្លាំង ដោយសារការរីករាលដាលជំងឺកូវីដ១៩ ធ្វើឱ្យពលរដ្ឋរស់នៅខេត្តនេះ ជួបការលំបាកផ្នែកសេដ្ឋកិច្ចធ្ងន់ធ្ងរ ជាពិសេស ក្រុមមគ្គុទ្ទេសក៍អង្គរ និងកន្លែងផ្តល់សេវាកម្មទេសចរ។
រដ្ឋធម្មនុញ្ញកម្ពុជា មាត្រា ៦២ និង មានត្រា ៦៣ ចែងថា រដ្ឋត្រូវយកចិត្តទុកដាក់ជួយដោះ ស្រាយមធ្យោបាយផលិត ការពារថ្លៃផលិតផលជូនកសិករ សិប្បករ និងជួយរកទីផ្សារលក់ផលិតផលជាដើម។ លើសពីនេះ រដ្ឋត្រូវយកចិត្តទុកដាក់គ្រប់គ្រងទីផ្សារជួយឱ្យជីវភាពរស់នៅរបស់ប្រជាពលរដ្ឋមានកម្រិតសមរម្យ៕