កសិករនៅតាមខេត្តមួយចំនួនអំពាវនាវសុំរដ្ឋាភិបាលពិចារណាបង្វែរថវិកាថ្នាក់ក្រោមជាតិមួយផ្នែក ដើម្បីប្រើប្រាស់ក្នុងការស្តារព្រែក ស្ទឹង និងប្រឡាយទឹក ដើម្បីជួយកសិកម្មរបស់ពួកគេក្នុងរដូវប្រាំង បន្ទាប់ពីស្រូវស្រែពួកគេខូចខាត និងកសិករខ្លះទៀតជំពាក់បំណុល ព្រោះមិនអាចដាំដុះដំណាំបានដោយសារគ្មានទឹកស្រោចស្រព។
កសិកររស់នៅតាមបណ្តោយប្រឡាយ«ភ្លោះសម្តេចហ៊ុន សែន» អះអាងថា ប្រឡាយនេះជាប្រភពទឹកដ៏សំខាន់ ដែលអាចឱ្យពួកគាត់ធ្វើស្រែបាន២ទៅ៣ដងក្នុងមួយឆ្នាំ ជាពិសេសក្នុងរដូវប្រាំ ព្រោះជាឃ្លាំងផ្ទុកទឹក។
ប្រឡាយទឹក «ភ្លោះសម្ដេច ហ៊ុន សែន» កសាងដោយរាជរដ្ឋាភិបាលកាលពីឆ្នាំ២០០៨ មានទំហំបាតក្រោម ៨ម៉ែត្រ បាតលើ៣០ម៉ែត្រ ទទឹង៣០ម៉ែត្រ ដែលមានប្រវែងឆ្លងកាត់តាមឃុំស្វាយយា ស្វាយអង្គ រហូតដល់ឃុំអង្គតាសូរ ឆ្លងកាត់ចំនួន៧ភូមិ ក្នុងស្រុកស្វាយជ្រុំ ខេត្តស្វាយរៀង។
កសិករនៅឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង អ្នកស្រី កឹម យឿន ឱ្យដឹងថា កាលប្រឡាយនេះនៅជ្រៅ អាចផ្ទុកបានទឹកគ្រប់គ្រាន់ ដែលអាចឱ្យកសិករធ្វើស្រែបាន២ ទៅ៣ដងក្នុងមួយឆ្នាំ តែឥឡូវដល់រដូវប្រាំងមិនទាន់ផង ប្រឡាយនេះត្រូវរីងទឹកអស់ ដោយសារថ្នល់តូចៗព័ន្ធជុំវិញប្រឡាយខូច នាំឱ្យភក់ ឬកម្ទេចកម្ទីហូរចូល និងបាក់ដីចូលជាដើម។
អ្នកស្រី កឹម យឿន លើកឡើងថា៖ «បើឥឡូវចុះទៅត្រឹមលិចក្បាលមនុស្សចាស់ទេ តែពីមុនអត់បានទេជ្រៅណាស់។ វារាក់ជាងពាក់កណ្ដាលហើយ។ វេទនាណាស់ឆ្នាំនេះរឿងអ្នកធ្វើស្រូវ មានមមាចត្នោតនោះផ្សឹង អាដង្កូវនោះផ្សឹងទៅ ទិន្នផលធ្លាក់មែនទែនតែម្ដងឆ្នាំនេះ ឧទាហរណ៏ពីមុនមួយស្រែ១០អា ធ្លាប់បាន១០ទៃអីចឹង ឥឡូវនេះប្រហែលមិនបានប្រាំទៃទេយ៉ាង»។
កសិកររូបនេះបន្តថា មានប្រជាពលរដ្ឋច្រើនរស់នៅសងខាងប្រឡាយទឹកនេះប្រហែល១០០ ទៅ២០០គ្រួសារ ហើយភាគច្រើនពួកគេប្រកបរបរធ្វើស្រែទាំងរដូវប្រាំង និងវស្សា ដោយអាស្រ័យលើប្រឡាយទឹកនេះ។ កន្លងមក អ្នកស្រីធ្លាប់ធ្វើស្រែកន្លះហិកតាបាន៤០ទៅ៥០បេ ប៉ុន្តែឥឡូវទទួលផលមិនបានពាក់កណ្តាល ដោយគ្មានទឹកស្រោចស្រព។
អ្នកស្រី កឹម យឿន បន្ថែមថា៖ «វាពិបាកដោយសារវាអត់ទឹកប្រើ បើទឹកជ្រៅ យើងអាចធ្វើស្រែប្រាំងខ្លះ ដាក់ដំណាំ បន្លែខ្លះលក់បាននៅខែប្រាំងដែរអីចឹងទៅ។ ត្រឹមខែ២ រីងអស់ហើយ ប្រាំងមិញខ្ញុំអត់បានធ្វើទេ ដោយសារខ្វះទឹក។ មានតែទឹកអណ្ដូងដល់អ៊ីចឹងយើងប្រើការវាមិនទាន់ បើយើងប្រើតែទឹកអណ្ដូង ខាតច្រើនណាស់»។
កសិករម្នាក់ទៀត នៅឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង លោក ហាស់ សិទ្ធ ឱ្យដឹងថា កន្លងមកលោកធ្លាប់ធ្វើស្រែក្នុងរដូវប្រាំង ដោយអាស្រ័យលើប្រឡាយនេះជាប្រភពទឹក ក្រោយពេលប្រឡាយរាក់ លោកសម្រេចចិត្តមិនធ្វើស្រែក្នុងរដូវប្រាំងទៀតទេ។ ដោយសារលោកខ្លាចរអារនឹងធ្វើស្រែក្នុងរដូងប្រាំង ព្រោះលោកធ្លាប់ខាតដើមផង និងពេលខ្លះចំណាយកម្លាំងញើសឈាមដោយអត់ប្រយោជន៍ នៅពេលទទួលផល បូកសរុបរួចតែថ្លៃដើម។
លោក ហាស់ សិទ្ធ បញ្ជាក់ថា៖ «ខែប្រាំងរាំងស្ងួត ធ្វើស្រែ ធ្វើស្រូវហើយអត់ទឹក ដល់ចឹងស្នើសុំឱ្យ(ឃុំ/រដ្ឋាភិបាល)ជីក តែដល់ឥឡូវវារាក់អស់ហើយ ដូច្នេះហើយចង់ស្នើសុំពង្រីក ហើយជីកថែមទៀត ឥឡូវគ្មានទាន់ឃើញ»។ លោកបន្ថែមថា «ហ្នឹងហើយល្អ បងប្អូនប្រជាពលរដ្ឋខ្វះទឹកហើយ ដឹងថាការធ្វើស្រូវ ប្រឡាយបឹងបួនៅវស្សានេះរាក់ ហើយអត់មានប្រភពទឹកចូលស្ទុកនៅ ចឹងបើបានស្តារឡើងវិញ គឺល្អមែនទែន ដើម្បីប្រជាពលរដ្ឋគាត់បូមធ្វើស្រូវប្រាំង»។
កសិករម្នាក់ទៀតនៅខេត្តសៀមរាប លោក ចាន់ ប៊ុនសុង ឱ្យដឹងថា កសិករនៅឃុំរបស់លោកអាចធ្វើស្រូវរដូវប្រាំងបាន អាស្រ័យលើប្រឡាយ «ព្រែកជ្រូក» ដែលមានប្រវែង៤គីឡូ និងទទឹង ៣ម៉ែត្រ ដែលតភ្ជាប់ពីអាងអាតោ ស្ថិតនៅភូមស្វាយចន្ទរ ឃុំព្រៃឈូក ស្រុកពូក ខេត្តសៀមរាប។
លោកបន្តថា ក្រោយប្រឡាយនេះរាក់ ដោយសារដោយបាក់ដីហូរចូល កសិករភាគច្រើននៅក្នុងតំបន់លោកក៏ឈប់ធ្វើស្រែក្នុងរដូងប្រាំង។
លោក ចាន់ ប៊ុនសុង បញ្ជាក់ថា÷ «ពេលអត់មានប្រឡាយ យើងអាស្រ័យទៅលើទឹកភ្លៀង បើមានភ្លៀងទិន្នផលគ្រាន់បើ បើអត់ខាតទៅ ពេលអត់មានប្រឡាយអ្នកខ្លះក៏ធ្វើស្រែប្រាំងទៅ អ្នកខ្លាំងក៏អត់ទៅ»។ លោកបន្ថែមថា «យើងស្នើសុំដែរ ភូមិឃុំអត់មានផ្លូវដោះស្រាយឲ្យយើងទេ សំខាន់គេធ្វើតែហីៗ ណាយើងវាអត់មានកូនចៅនៅឃុំនេះ។ មានតែអ្នកស្រែនៅទៅនេះរៃគ្នាធ្វើ»។
កសិករម្នាក់ទៀតនៅស្រុកបវេល ខេត្តបាត់ដំបង លោក សួយ វណ្ណា ឱ្យដឹងថា លោកធ្វើស្រែនេះរយៈពេល២០ទៅ៣០ឆ្នាំមកហើយ ក្នុងមួយឆ្នាំលោកធ្វើស្រែតែមួយដង ក្នុងទំហំដី៥ទៅ៦ហិកតា និងរកចំណូលបានប្រហែលជិត១០លានរៀលដើម្បីផ្គត់ផ្គង់គ្រួសារ ប៉ុន្តែឆ្នាំនេះលោកមិនបានធ្វើស្រែដូចឆ្នាំមុនៗទៀតទេ ព្រោះមិនមានទឹកស្រោចស្រពគ្រប់គ្រាន់ និងមេឃក្តៅខ្លាំង។ ទោះបីកសិកររូបនេះ ប្រឹងប្រែងជីកអណ្តូងក្នុងជម្រៅ៧៥ម៉ែត្រហើយក្តី ក៏នៅតែមិនមានទឹក។
លោក សួយ វណ្ណា ថ្លែងថា៖ «ឆ្នាំនេះធ្វើអត់បានទេ ប៉ះ២ហិកតាអីបាន៥បាវ ៦បាវ ព្រោះវាងាប់ ក្តៅខ្លាំងហើយងាប់ស្រូវអស់ តែដំណាំក៏អត់មានសល់ដែរ ក្នុងផ្ទះខ្ញុំធ្លាប់តែមានដំណាំពេញៗ តែដូងខ្ញុំមួយដើមនោះក៏ងាប់ដែរ វាក្តៅខ្លាំងពេក»។
កសិករវ័យជាង៥០ឆ្នាំប្លាយរូបនេះ ឱ្យដឹងទៀតថា នៅក្នុងភូមិលោកមានប្រឡាយទឹក«បូរសង្រ្គាជ»ដែលមានប្រវែងវែងហូរទឹកមកពីខេត្តប៉ៃលិន ស្ថិតនៅឃុំឃ្លាំងមាស ស្រុកបវេល ខេត្តបាត់ដំបង ប្រឡាយនេះមានទឹកតែក្នុងរដូវវស្សា ចំពោះរដូវប្រាំងវិញ មិនមានទឹកទេ សូម្បីទឹកស្រោចស្រពដំណាំ។
លោក សួយ វណ្ណា បន្ថែមថា៖ «អាចជួយកសិករបានច្រើន បើរដ្ឋាភិបាលស្តារស្រះទឹក ប្រឡាយទឹកនានា នៅក្នុងភូមិខ្ញុំ ចឹងខ្ញុំចង់ឱ្យរដ្ឋាភិបាលជួយពិចារណជួយពលរដ្ឋផង»។
កសិករម្នាក់ទៀតនៅស្រុកស្អាង ខេត្តកណ្តាល លោក ឃន ម៉េងហ៊ ឱ្យដឹងថា លោកធ្វើស្រែមួយឆ្នាំពីរដង រដូវប្រាំង និងវស្សា ក្នុងទំហំដី៥ហិកតា ដោយពឹងលើទឹក «ព្រែកស្រែធំ» នៅក្នុងឃុំ តែឥឡូវរាក់ ដោយបាក់ដីចូល ដែលមិនអាចផ្ទុកទឹកបានច្រើន និងយូរដូចមុនទៀតទេ។
លោកបន្តថា កន្លងមកគ្រួសារលោកក៏ធ្លាប់ជំពាក់បំណុលធនាគារ និងអង្គការ ដោយសារធ្វើកសិកម្មខាតដើម ព្រោះព្រែកនេះរីងស្ងួតទឹក ជាហេតុធ្វើឱ្យស្រូវរបស់លោកងាប់អស់។ ដូច្នេះបើបានឃុំ ក្រសួង ឬរដ្ឋាភិបាលអាចស្តារឱ្យជ្រៅជាងនេះ នឹងផ្តល់ភាពងាយស្រួលដល់រូបលោក ឃន ម៉េងហ៊ និងកសិករផ្សេងទៀត។
លោក ឃន ម៉េងហ៊ បន្ថែមថា៖ «ខ្ញុំចង់ស្នើ(ស្តារប្រឡាយ ស្ទឹង)ដូចកសិករផ្សេងទៀតដែរ វាស្រួលធ្វើស្រែធ្វើចម្ការ»។
ខណៈពេលជាមួយគ្នានេះ មានកសិករជាច្រើនក្នុង Cambodian Grassroots People’s Assembly (សភាប្រជាជនបណ្តាញមូលដ្ឋានកម្ពុជា) កំពុងធ្វើយុទ្ធនាការ និងអំពាវនាវឱ្យរដ្ឋាភិបាលស្តារប្រឡាយ ស្ទឹង និងព្រែកទូទាំងប្រទេស ដើម្បីជំរុញវិស័យកសិកម្ម។
ពួកគេបានចាត់ទុកទឹក ជាដង្ហើមកសិករ ហើយបានលើកបដាសរសេរថា៖ «ស្នើរដ្ឋាភិបាលប្រកាសយុទ្ធនាការស្តារស្រះ អាងទឹក ប្រឡាយទឹក ព្រែក ស្ទឹង ទូទាំងប្រទេស»។ ដែលពួកគេថា យុទ្ធនាការនេះនឹងអាចជួយដោះស្រាយបញ្ហាខ្វះទឹស្រោចស្រពស្រូវ និងដំណាំផ្សេងៗបានយូរអង្វែង។
សមាជិក និងកសិករនៅស្រុកឈូក ខេត្តកំពត អ្នកស្រី ចែង ម៉ៃ ឱ្យដឹងថា ការធ្វើយុទ្ធនាការនេះ ព្រោះចង់ឱ្យរដ្ឋាភិបាល ឬក្រសួងពាក់ព័ន្ធជួយពិចារណស្តារព្រែក ស្ទឹង និងប្រឡាយទូទាំងប្រទេស ដើម្បីជួយកសិករនៅតាមខេត្ត ឱ្យមានទឹកគ្រប់គ្រាន់ក្នុងការធ្វើស្រែទាំងរដូវវស្សា និងប្រាំង។
កសិករ ចែង ម៉ៃ បន្តថា៖ «ខ្ញុំលើកបដានេះ ខ្ញុំចង់ណាស់ ចង់ឱ្យរដ្ឋាភិបាលជួយស្តារប្រឡាយ ចឹងបានខ្ញុំ និងពលរដ្ឋផ្សេងទៀតខំធ្វើយុទ្ធនាការនេះ ដើម្បីឱ្យក្រសួង រដ្ឋាភិបាលបានឃើញ ហើយយកទៅពិចារណា ជួយដល់កសិករក្រីក្រនៅតាមបណ្តាខេត្ត ខ្ញុំសុំស្នើតែប៉ុណ្ណឹង»។
កសិករនៅតាមបណ្តាខេត្តទាំងនោះ លើកឡើងស្រដៀងៗគ្នាថា បញ្ហាប្រឡាយ ស្ទឹង និងព្រែករាក់ ជាដើមហេតុខ្វះប្រភពទឹក និងនាំឱ្យពួកគេមិនធ្វើស្រែក្នុងរដូវប្រាំង ដូច្នេះពួកគេស្នើឱ្យរដ្ឋាភិបាលពិចារណាយកថវិកាថ្នាក់ឃុំទៅស្តារប្រឡាយ និងព្រែក។
បើយោងតាមរបាយការណ៍វិភាជធនធានមូលនិធិឃុំ-សង្កាត់ចំនួន ១ ៦៥២ នៅទូទាំងប្រទេស គឺនៅឆ្នាំ២០២៣ រដ្ឋាភិបាលទម្លាក់កញ្ចប់ថវិកាជាង៧សែន៥ម៉ឺនលានរៀល(៧៥៣ ៣៤៩លានរៀល) និងឆ្នាំ២០២៤ ទម្លាក់កញ្ចប់ថវិកាជិត៩សែនលានរៀល(៨៩៤ ៧៥៥លានរៀល)។ ដែលឃុំសង្កាត់នីមួយៗទទួលបានចន្លោះពី៧ម៉ឺនដុល្លារទៅជាង២០ម៉ឺនដុល្លារ ដោយផ្អែកលើដង់ស៊ីតេប្រជាជន ទំហំសេដ្ឋកិច្ច និងទំហំដែនដីឃុំ ឬសង្កាត់នោះ។
មកមើល ឃុំស្វាយអង្គ ស្រុកស្វាយជ្រំ ខេត្តស្វាយរៀង លោកកើត ប៉ុន ឱ្យដឹងថា សម្រាប់ឆ្នាំ២០២៤ទទួលបានថវិកាប្រមាណ៥៤៦លានរៀល ដែលជាមូលនិធិអភិវឌ្ឍន៍ឃុំ។ មកដល់បច្ចុប្បន្ន ឃុំរបស់លោកមានគម្រោងត្រឹមកសាងផ្លូវ ចំពោះគម្រោងស្តារប្រឡាយទឹក និងប្រព័ន្ធទឹកផ្សេងៗទៀតមិនទាន់មាន។
មេឃុំ កើត ប៉ុន បញ្ជាក់ថា៖ «ថវិកាស្តារប្រឡាយស្តារអីហ្នឹង វាដូចជាអត់ទាន់ដែលមានចេញគម្រោងមកទេ នៅ!។ បើការខ្វះខាតប្រឡាយទឹកហ្នឹង ប្រព័ន្ធស្រោចស្រព គឺខ្វះហើយសម្រាប់ខែប្រាំង ដូចជាជាក់ស្តែងឆ្នាំប្រាំងរួចហើយគឺខ្វះ ប្រឡាយ វារាក់»។
មេឃុំរូបនេះ បន្តថា បើអនាគតអាចស្តារបាន វានឹងជំរុញឱ្យកសិករធ្វើស្រែបានពីរទៅបីដងក្នុងមួយឆ្នាំ ព្រោះពលរដ្ឋក្នុងឃុំរបស់លោកសឹងតែ១០០%ធ្វើកសិកម្ម។
លោក កើត ប៉ុន ថ្លែងថា៖ «ប្រសិនជាអាចមានជំនួយមកពីខាងក្រៅ ឬក៏មន្ទីរ ក្រសួងអាចស្តារបានហ្នឹង និយាយរួមទៅបងប្អូន(កសិករ)ខែប្រាំងអាចធ្វើស្រែបានពីរដងទៅបីដង ហើយមិនត្អូញត្អែររឿងខ្វះទឹកទេ ហ្នឹងប្រសិនអាចធ្វើបាន។ ហើយវាអាចផ្គត់ផ្គង់ជីវភាពគ្រួសារគាត់បានធូរធារ ព្រោះនៅតំបន់នេះភាគច្រើនធ្វើស្រែ»។
អ្នកនាំពាក្យក្រសួងកសិកម្ម លោក ឃឹម ហ្វីណង់ មិនមានការបកស្រាយអ្វីទេ ដោយលោកទុកឱ្យក្រសួងសាម៉ី គឺក្រសួងធានធនទឹក និងឧតុនិយមជាអ្នកបកស្រាយវិញ។ ដោយឡែក លោកចាត់ទុកស្ថានភាពទឹកបច្ចុប្បន្ន គឺល្អហើយសម្រាប់កសិករប្រកបរបរធ្វើកសិកម្ម។
លោក ឃឹម ហ្វីណង់ មានប្រសាសន៍ថា៖ «បាទ! មិនពិបាកយល់ទេ រាល់ថ្ងៃធម្មតាទឹកដែលមាន គឺវាល្អហើយ ចឹងខ្ញុំគិតថាទុកឱ្យក្រសួងបច្ចេកទេសជាអ្នកឆ្លើយចុះ»។
អ្នកសារព័ត៌មាន បានខលទៅជាច្រើនដង និងផ្ញើសារតាមតេឡេក្រាមដើម្បីសូមការពន្យល់ពីលោក ចាន់ យុត្ថា និងលោក អ៊ុំ រីណា អ្នកនាំពាក្យក្រសួងធនធានទឹក និងឧតុនិយម ប៉ុន្តែមិនមានការឆ្លើយតប រហូតដល់ថ្ងៃទី២៣ ខែសីហានេះ។
លោក ប៉ែន បូណា អ្នកនាំពាក្យរាជរដ្ឋាភិបាល ក៏មិនបកស្រាយអ្វីដែរ ដោយលោកឱ្យទៅសួរក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ វិញ។
អំឡុងពេលយុទ្ធនាការឃោសនារកសំឡេងឆ្នោតនៅអាណត្តិទី៧នៃរដ្ឋសភា គណបក្សប្រជាជនកម្ពុជាបានប្រើសារពង្រឹងវិស័យកសិកម្ម គឺជាសារអាទិភាពមួយក្នុងការរកសំឡងឆ្នោត។ នៅក្នុងគោលនយោបាយយុទ្ធសាស្ត្របញ្ចកោណដំណាក់កាលទី១ គឺក្នុងចំណោម៦ចំណុចមាន២ចំណុចដែលនិយាយពីការពង្រឹងវិស័យកសិកម្មរួមមានទម្លាក់កញ្ចប់ថវិកា១០០លានដុល្លារដល់វិស័យកសិកម្ម និងដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំសង្កាត់។
ដោយឡែក ក្នុងឱកាសទិវាមច្ឆជាតិនៅថ្ងៃទី១ ខែកក្កដា នៅក្នុងខេត្តកំពង់ចាម លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានជំរុញឱ្យមន្ត្រីយកចិត្តទុកដាក់ជួយដល់កសិករស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាលដើម្បីធានាដល់សន្តិសុខស្បៀង និងចំណូលរបស់កសិករ។
លោក ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «សហគមន៍កសិកម្មទំនើបនេះដើម្បីធានា និងបង្កើននូវផលិតផល និងផលិតភាពរបស់កសិកររបស់យើង ទី១ បង្កើតជាប្រមូលផ្តុំ ដើម្បីទទួលបាននូវផលជាមួយក្រសួងកសិកម្មក្នុងការបណ្តុះបណ្តាល ការទទួលអីយ៉ាងម៉េច ការអន្តរាគមន៍ជួយហិរញ្ញវត្ថុ ឬមួយក៏ការរកទីផ្សារ ការជួយស្តង់ដារ ព្រោះបើយើងនៅដាច់ដោយដុំគឺពិបាកជួយ តែបើយើងចូលជាមួយគ្នាងាយស្រួលក្នុងការជួយ ព្រោះសហគមន៍ប្រមូលផ្តុំគ្នា ទី២ ក៏ងាយស្រួលក្នុងការរកទីផ្សារ»។
មាត្រា១២នៃអនុក្រឹត្យស្តីពីប្រព័ន្ធគ្រប់គ្រងហិរញ្ញវត្ថុឃុំសង្កាត់បានចែងថា មេឃុំ ចៅសង្កាត់ត្រូវធានាឱ្យមានការចូលរួមពីសាធារណជនមូលដ្ឋានក្នុងដំណើរការរៀបចំថវិកា តាមរយៈវិធានការទាំងឡាយដូចជា គម្រោងថវិកាត្រូវប្រកាសផ្សាយជាសាធារណៈយ៉ាងតិច២សប្តាហ៍របស់ក្រុមប្រឹក្សាឃុំសង្កាត់។ អង្គប្រជុំរបស់គណៈកម្មាធិការកសាងផែនការ និងថវិកា ត្រូវបើកចំហដល់សាធារណជនដែលចាប់អារម្មណ៍ពិនិត្យលើគម្រោងថវិកានេះ។
នាយកប្រតិបត្តិវិទ្យាស្ថានតស៊ូមតិ និងគោលនយោបាយ (API) លោក ឡាំ សុជាតិ មានប្រសាសន៍ថា ក្រុមប្រឹក្សាឃុំសង្កាត់ គឺមានអភ័យឯកសិទ្ធិសម្រេចយកថវិកាឃុំសង្កាត់របស់ខ្លួនប្រចាំឆ្នាំពីខ្ទង់អភិវឌ្ឍទៅធ្វើគម្រោងផ្សេងៗ ឆ្លើយតបនឹងតម្រូវការពលរដ្ឋជាចម្បង។
តែយ៉ាងណា ឡាំ សុជាតិ យល់ថា ថវិកាឃុំសង្កាត់នៅមានតម្រិត ដូច្នេះពួកគេអាចធ្វើបានតែគម្រោងមួយចំនួនតូចក្នុងបញ្ចីគម្រោង និងគម្រោងសល់ពីឆ្នាំមុនៗទៀត ជាមួយថវិកាមិនមានច្រើនលើខ្ទង់អភិវឌ្ឍ។ ដោយឡែក ចំពោះលទ្ធកម្ម គឺមានភាពលំបាកលើគម្រោងតូចៗ ដូចជាស្តារ ប្រឡាយ ស្ទឹង និងព្រែក ដែលទាមទារការដេញថ្លៃប្រកួតប្រជែង និងបែបបទបច្ចេកទេស។ ដូច្នេះរដ្ឋគួរតែសម្រួលឱ្យស្រួលជាងមុន បើកទូលាយ និងបែងចែកថវិកាលើខ្ទង់អភិវឌ្ឍឱ្យបានច្រើន។
លោក ឡាំ សុជាតិ បញ្ជាក់ថា៖ «បើក្នុងដែនដីភូមិសាស្រ្តឃុំសង្កាត់ត្រូវការស្តារប្រឡាយទឹក បឹង ព្រែកយកទឹកដាក់ស្រែ និងធ្វើកសិកម្មផ្សេងៗជាប្រយោជន៍ប្រជាជនភាគច្រើននោះ ក្រុមប្រឹក្សាអាចសម្រេចតាមសម្លេងភាគច្រើនលើការប្រើប្រាស់ថវិកាប្រចាំឆ្នាំរបស់ខ្លួន មកប្រើប្រាស់ បន្ទាប់ពីការដាក់សមាហរណកម្មគម្រោងឱ្យស្ថាបន័រដ្ឋផ្សេងៗ ដូចជាក្រសួងអភិវឌ្ឍន៍ជនបទ និងអង្គការផ្សេងៗ»។
ទន្ទឹមនេះ ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជាលោក ថេង សាវឿន យល់ឃើញថា យុទ្ធនាការនៃការស្តារប្រឡាយ ស្ទឹង និងព្រែកនេះ វានឹងផ្តល់ផលប្រយោជន៍ច្រើនដល់កសិកម្ម ព្រោះកាលណាកសិករមានទឹកគ្រប់គា្រន់ ពួកគេអាចធ្វើស្រូវពីរទៅបីដងក្នុងមួយឆ្នាំ ដែលនេះអាចបង្កើនសេដ្ឋកិច្ចក្នុងគ្រួសារ។ ម្យ៉ាងទៀត ក៏ជាកត្តាមិនឱ្យកសិករបោះបង់ដីចោលមិនធ្វើកសិកម្ម ហើយបែរទៅធ្វើការចំណាកស្រុក។ លោកបន្ថែមថា ពលរដ្ឋអាចស្នើបានទៅកាន់ឃុំ ស្រុក ខេត្ត និងក្រសួងដែលទទួលបន្ទុកអភិវឌ្ឍន៍ធារាសាស្រ្ត ជាពិសេសក្រសួងធនធានទឹក និងក្រសួងកសិកម្ម។
លោក ថេង សាវឿន អះអាងថា៖ «ខ្ញុំគាំទ្រសំណើរបស់បងប្អូនប្រជាពលរដ្ឋ សុំលើកសំណើររបស់បងប្អូនប្រជាពលរដ្ឋទៅកាន់ឃុំសង្កាត់ ដើម្បីឱ្យឃុំសង្កាត់ទាំងអស់ ធ្វើការពិចារណាទៅលើសំណើរបងប្អូនប្រជាពលរដ្ឋ ក្នុងការចាត់ចែងធនធានមូលិធិឃុំ ប្រកបដោយអភិបាលកិច្ច តម្លាភាព។ ហើយជំរុញឱ្យឃុំសង្កាត់មេត្តាប្រមូលនូវក្តីកង្វល់ ហើយនឹងដោះស្រាយបញ្ហាចំពោះមុខ តាមរយៈយុទ្ធនាការពិគ្រោះយោបល់ជាសាធារណៈ ហើយរដ្ឋាភិបាល ក៏ដូចជាក្រសួងពាក់ព័ន្ធត្រូវគិតគូរអំពីយុទ្ធសាស្ត្រធានាដើម្បីឱ្យផ្គត់ផ្គង់ទឹក និងដោះស្រាយបញ្ហាទឹកដែលពលរដ្ឋកំពុងប្រឈម»។
តាមរបាយការណ៍អង្កេតកសិកម្មឆ្នាំ២០២០របស់វិទ្យាស្ថានស្ថិតិ(NIS)នៃក្រសួងផែនការបង្ហាញថា ពលរដ្ឋចំនួនជាង២លានគ្រួសារ( ១ ០៣៣ ០០០គ្រួសារ)ស្មើនឹង៥៧ភាគរយនៃប្រជាជនសរុប គឺជាកសិករ។ របាយការណ៍ឱ្យដឹងទៀតថា ដីកសិកម្មបែងចែកជា៤ភូមិសាស្ត្រ គឺទំនាបកណ្តាលមានប្រជាជនធ្វើកសិកម្មច្រើនជាងចំនួន៤៣ភាគរយ បន្ទាប់ទំនាបកណ្តាល៣៥ភាគរយ តំបន់ខ្ពង់រាប និងភ្នំ១៥ភាគរយ និងតំបន់ឆ្នេរសមុទ្រ៧ភាគរយ។
នៅឆ្នាំ២០២៣ ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុបានព្យាករថា វិស័យ៣សំខាន់ៗដែលទ្រទ្រង់ សេដ្ឋកិច្ចជាតិ គឺវិស័យឧស្សាហកម្ម វិស័យសេវាកម្ម និងវិស័យកសិកម្ម៕