សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

អ្នកជំងឺ៥នាក់បានស្លាប់ដោយសារអូមីក្រុង ខណៈពលរដ្ឋជាច្រើននាំគ្នាទៅទិញថ្នាំព្យាបាលកូវីដនៅក្រសួងប្រៃសណីយ៍

ប្រជាពលរដ្ឋឈរតម្រង់ជួរដើម្បីទិញថ្នាំព្យាបាលកូវីដ នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគម ក្នុងក្រុងភ្នំពេញ។ រូបថតថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង
ប្រជាពលរដ្ឋឈរតម្រង់ជួរដើម្បីទិញថ្នាំព្យាបាលកូវីដ នៅក្រសួងប្រៃសណីយ៍ និងទូរគមនាគម ក្នុងក្រុងភ្នំពេញ។ រូបថតថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

អ្នកជំងឺ៥នាក់បានស្លាប់ដោយសារវីរុសកូវីដ-១៩បំប្លែងថ្មីអូមីក្រុង ខណៈអ្នកជំងឺឆ្លង​ក្នុង​សហគមន៍​បានកើន​ឡើងយ៉ាងលឿនប្រមាណជិត៦ពាន់នាក់ ក្រោយខកខាន​មានអ្នកជំងឺ​ស្លាប់​ក្នុង​រយៈពេល៤៦ថ្ងៃគិតចាប់​ពីថ្ងៃទី៤ ខែមករា ឆ្នាំ២០២២។

លោក ហុក គឹម ចេង អគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាលមានប្រសាសន៍ថា អ្នក​ជំងឺ៥នាក់ដែលបានស្លាប់ដោយសារជំងឺកូវីដ-១៩ ក្នុងនោះមានទាំងអ្នកមានជំងឺប្រចាំកាយ​និងអត់មានជំងឺប្រចាំកាយ។

លោកថ្លែងថា៖ «[៥]នាក់ស្លាប់ដោយសារកូវីដវាកើតទៅលើអ្នកជំងឺធ្ងន់ [និង]ជំងឺរួមផ្សំហ្នឹង​ផងដែរ ប៉ុន្តែគាត់មានរោគវិនិច្ឆ័យស្លាប់ដោយសារកូវីដ ដោយមានពាក់ព័ន្ធនឹងផ្លូវដង្ហើម មាន​បញ្ហាសួត បញ្ហាអីដែលពាក់ព័ន្ធជាមួយកូវីដនេះ បានយើងកំណត់ថាជំងឺកូវីដហ្នឹង»

បើតាមអគ្គនាយកបច្ចេកទេសនៃក្រសួងសុខាភិបាលរូបនេះ ឱ្យដឹងថា ស្រ្តីមានផ្ទៃពោះ ឬ​កំពុង​បំបៅដោះកូន និងមនុស្សអាយុក្រោម១៨ឆ្នាំ អាចព្យាបាលជំងឺកូវីដ-១៩ តាមរោគ​សញ្ញាដែល​ខ្លួនមាន។

លោក និយាយថា​​៖ «ទៅតាមរោគសញ្ញាឧបមាក្ដៅខ្លួន ដាក់ប៉ារ៉ាសេតាមុល យើងប្រើ​បាន​ចំពោះក្មេង និងចំពោះស្រ្តីមានផ្ទៃពោះចឹង យើងប្រើបាន ថ្នាំផ្ដាសាយគាត់អាច​ប្រើបានទៅ​តាមហ្នឹង ថ្នាំសះថ្នាំអីហ្នឹង បានតាមវេជ្ជបញ្ជា»

យោងតាមសេចក្តីប្រកាសរបស់ក្រសួងសុខាភិបាលនៅថ្ងៃទី២០ និងថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ អ្នកស្លាប់ដោយសារជំងឺកូវីដ-១៩ មានចំនួន៥នាក់ ខណៈវីរុសអូមីក្រុង​ដែល​កំពុងឆ្លង​រាល​ដាលក្នុងសហគមន៍មានចំនួន ៥៨០៦ករណី បន្ទាប់ពីរក​ឃើញ​អូមីក្រុងលើក​ដំបូង​ក្នុងសហគមន៍នៅថ្ងៃទី០៨ខែមករា ឆ្នាំ២០២២។ ក្រសួងសុខាភិបាលឱ្យដឹង​ទៀត​ថា អ្នកជំងឺកូវីដ-១៩ ក្នុងប្រទេសកម្ពុជាសរុបចំនួន ១២៦ ៩៧៧នាក់ និងស្លាប់សរុបចំនួន​៣០២០​នាក់ ខណៈ​ការជាសះស្បើយចំនួន ១២០ ៧៦៧នាក់។

លោកស្រី ឱ វណ្ណឌីន អ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍ថា លោកស្រីពុំទាន់​ទទួលបានព័ត៌មាន ថាតើអ្នកជំងឺដែលស្លាប់នោះ ដោយសារតែជំងឺកូវីដ-១៩ ប្រភេទអ្វីឡើយ។ 

លោកស្រី ឱ្យដឹងថា៖ «មីងអត់មានព័ត៌មានលម្អិតទេប៉ុន្តែក្រសួងបានចេញព័ត៌មានហើយ ស្លាប់ដោយសារកូវីដ គ្រាន់តែថាប្រភេទអ្វីមីងអត់ទាន់មានព័ត៌មានទេ»។

នៅថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២នេះ ប្រជាពលរដ្ឋបាននាំគ្នាសម្រុកទៅទិញថ្នាំព្យាបាល​ជំងឺកូវីដ-១៩ នៅឯក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍។

ក្រោមកំដៅថ្ងៃ នៃវេលាម៉ោង១២ថ្ងៃត្រង់ លោក យាន យ៉ាន ចិត្រា្ត អាយុ២៣ ឆ្នាំ ជាបុគ្គលិក​ក្រុមហ៊ុនលក់ជ័រកៅស៊ូ បានប្រាប់អ្នកសារព័ត៌មានខេមបូចានៅខាងមុខក្រសួងប្រៃសណីយ៍ថា  ថៅកែរបស់លោកបានប្រាប់ឱ្យលោកមកទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ ប្រភេទម៉ូលនូពីរ៉ាវា កាប់ស៊ុល ដើម្បីទុកសម្រាប់ព្យាបាលបុគ្គលិក ក្នុងករណីរកឃើញវិជ្ជមានកូវីដ-១៩។

លោកបន្តថា មន្រ្តីក្រសួងបានប្រាប់លោកថា ក្នុងម្នាក់ទិញបានត្រឹមតែ២កំប៉ុងប៉ុណ្ណោះ ប៉ុន្តែ​លោកដែលជាអ្នកមកទិញតំណាងឱ្យក្រុមហ៊ុន ពុំដឹងថាក្រសួងអនុញ្ញាតឱ្យទិញប៉ុន្មាន​កំប៉ុង​ឡើយ។

លោកនិយាយថា៖ «ខ្ញុំអត់ដែរឈឺផង ខ្ញុំគេឱ្យទិញដែរហ្នឹង អ្នករស់នៅជាមួយគ្នាក៏អត់មាន មានតែមិត្តភក្តិនៅឆ្ងាយ។ មិនដឹងជាគេឱ្យប្រើប្រាស់យ៉ាងម៉េចអីម៉េច​​ ខ្ញុំអត់ដឹងដែរ។ [ពេលឈឺ]ដំណោះស្រាយមានតែសួរពេទ្យ»។

ប្រជាពលរដ្ឋឈរតម្រង់ជួរ ដើម្បីទិញឧបករណ៍តេស្តរហ័សនៅប្រៃសណីយ៍​កម្ពុជា ក្នុងក្រុងភ្នំពេញ។ រូបថតថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២២។ ខេមបូចា/ព្រីង សំរាំង

ជាមួយគ្នានេះ អ្នកស្រី ឆោម ចរិយា អាយុ២៩ឆ្នាំ ជាកម្មករិនី រោងចក្រកាត់ដេរ និយាយថា អ្នកស្រីបានសុំខាងក្រុមហ៊ុនចេញមុនម៉ោង ដើម្បីមកទិញថ្នាំព្យាបាលជំងឺកូវីដ-១៩ នៅក្រសួងប្រៃសណីយ៍តាមការណែនាំរបស់មិត្តភក្តិ។

អ្នកស្រីនិយាយថា៖ «គេឱ្យខ្ញុំមកជួយទិញឱ្យគេដែរហ្នឹង ទិញខ្លួនឯងដែរ ទិញចេះតែទិញទុកទៅ ព្រោះថ្ងៃណាយើងមើលអត់ដឹងទេពីជំងឺនេះ បើយើងកើតអាចមានអាហ្នឹង សាគួរទុកញាំខ្លួនឯង។ ទិញថ្នាំរបស់ចិន តែខ្ញុំអត់[ដឹងប្រភេទ]ដែរ ដឹងតែថ្នាំរបស់ចិន»។

កាលពីម្សិលមិញ ក្រសួងសុខាភិបាល បានណែនាំឱ្យប្រើប្រាស់ថ្នាំប្រភេទ ម៉ូលនូពីរ៉ាវាកាប់​ស៊ុល ២០០មីលីក្រាម សម្រាប់អ្នកជំងឺកូវីដ-១៩កម្រិតស្រាល ដែលអាចព្យាបាលខ្លួនឯង​បាននៅតាមផ្ទះ។

ដោយឡែកចំពោះការប្រើប្រាស់ បន្ទាប់ពីការធ្វើតេស្ដរកឃើញវិជ្ជមានជំងឺកូវីដ-១៩ហើយ គឺលេបម្ដង៤គ្រាប់ (កម្រិត២០០មីលីក្រាមក្នុងមួយគ្រាប់) និងលេបរៀងរាល់១២ម៉ោងម្ដង សម្រាប់រយៈពេល៥ថ្ងៃជាប់គ្នា ប៉ុន្តែពុំត្រូវប្រើឱសថនេះសម្រាប់ស្រ្តីមានផ្ទៃពោះ ឬកំពុងបំបៅដោះកូន និងមនុស្សក្រោមអាយុ១៨ឆ្នាំឡើយ។

ប្រភពដដែលបន្តថា វីរុសកូវីដ-១៩ បំប្លែងថ្មីប្រភេទអូមីក្រុង ក៏អាចមាន​រោគសញ្ញា​នាំឱ្យ​វិវត្ត​ទៅជាធ្ងន់ធ្ងរ ដូចជាហត់ឬពិបាកដកដង្ហើមជាដើម ដែលតម្រូវឱ្យព្យាបាល​នៅមន្ទីរ​ពេទ្យ​ឱ្យ​ទាន់ពេលវេលា។ ក្រសួងបានសង្កត់ធ្ងន់ថា ពុំត្រូវព្យាបាលនៅផ្ទះឡើយ ប្រសិនបើមាន​អាការ ថប់ៗ ហត់ ឬពិបាកដកដង្ហើម ឬពុំមានការធូរស្រាលឡើងវិញ ក្រោយការសម្រាក​ព្យាបាល​នៅផ្ទះមួយរយៈពេល។

ក្រសួងក៏បានព្រមានដែរថា ប្រជាពលរដ្ឋ​មិនត្រូវមើលរំលងពីលទ្ធភាពនៃការវ៉ៃលុក​នៃ​វីរុសកូវីដ-១៩ ដែលអាចឱ្យមានកម្រិតធ្ងន់ធ្ងរឬស្លាប់បានដែរ។

ក្រសួងសុខាភិបាលក៏កំណត់ឱ្យម្ចាស់រៀបចំកម្មវិធីនានាដែលមានការជួបជុំមនុស្សច្រើន ត្រូវចាត់ចែងឱ្យមានការពិនិត្យលើបណ្ណចាក់វ៉ាក់សាំងកូវីដ-១៩ និងធ្វើតេស្ដរហ័សរកជំងឺកូវីដ-១៩ មុនអនុញ្ញាតឱ្យចូលរួមកម្មវិធី។ ហើយអ្នករកឃើញវិជ្ជមានកូវីដ-១៩ ត្រូវត្រលប់ទៅ​ព្យាបាលនៅផ្ទះតាមមធ្យោបាយសមស្រប និងសុវត្ថិភាព។

លោកស្រី ឱ វណ្ណឌីន  អ្នកនាំពាក្យក្រសួងសុខាភិបាល មានប្រសាសន៍ថា សម្រាប់ប្រជាពលរដ្ឋដែលពុំយល់ដឹងអំពីនីតិវិធីនៃការព្យាបាលជំងឺកូវីដ-១៩តាមផ្ទះ ត្រូវអាននូវសេចក្ដីណែនាំរបស់ក្រសួងដែលធ្លាប់បានចេញផ្សាយនាពេលកន្លង។

លោកស្រីបន្ថែមថា ការប្រើប្រាស់ថ្នាំព្យាបាលខុសពីការណែនាំរបស់ក្រុមគ្រូពេទ្យ នឹងបង្កឱ្យមានផលប៉ះពាល់សុខភាពកើតឡើង។

នៅពេលដែលសួរថាតើក្រសួងសុខាភិបាលនឹងចេញព័ត៌មានលម្អិតទាក់ទិននឹងទីកន្លែងអ្នក​ជំងឺកូវីដ-១៩ដែរឬទេ លោក ស្រី វណ្ណឌីន បកស្រាយថា ដំណាក់កាលនេះ​ការការពារខ្លួនឯងជាការចាំបាច់ មិនថាជំងឺកូវីដ-១៩ កើតឡើងនៅកន្លែងណាក៏ដោយ។

លោកស្រីនិយាយថា៖ «យើងដឹងហើយថាវីរុសកូវីដ១៩កំពុងចរាចរណ៍យ៉ាងសកម្មហើយ។ ឥលូវអូមីក្រុងវាវាយលុកឡើងចង់១០០%ហើយ សំខាន់យើងធ្វើម៉េចកុំឱ្យកូវីដវាឆ្លងមកយើង ឆ្លងមកគ្រួសារយើង សហគមន៍យើងមានតែមួយទេគឺរួមគ្នាការពារ»

សារាចររបស់រាជរដ្ឋាភិបាលចុះថ្ងៃទី១៧ ខែកុម្ភៈ ឆ្នាំ២០២២ ឱ្យដឹងថា គណៈកម្មការចំពោះកិច្ច​ចាក់វ៉ាក់សាំងកូវីដ-១៩ ទូទាំងប្រទេសត្រូវចាប់ផ្ដើមចាក់វ៉ាក់សាំងដូសជំរុញដល់កុមារអាយុ ៥ឆ្នាំ ដល់ ១២ឆ្នាំ ឱ្យបានឆាប់រហ័ស។ ទន្ទឹមនេះ អាជ្ញាធរពាក់ព័ន្ធត្រូវធានាថា ឱសថមាន​នៅ​ក្នុងស្តុកគ្រប់គ្រាន់ និងមានប្រសិទ្ធភាព ក្នុងការព្យាបាលជំងឺកូវីដ-១៩ ទាំងកម្រិតស្រាល មធ្យម និងកម្រិតធ្ងន់ ព្រមទាំងចែកចាយឱសថដែលមានប្រសិទ្ធភាព ក្នុងការព្យាបាល​ជំងឺ​កូវីដ-១៩ ឱ្យបានគ្រប់គ្រាន់ ទូលំទូលាយ ក្នុងតម្លៃសមរម្យដល់សាធារណជន។

លោក ឯក ឃុនដឿន អភិបាលខណ្ឌឫស្សីកែវមានប្រសាសន៍ថា អាជ្ញាធរតែង​សម្រប​សម្រួលចំពោះប្រជាពលរដ្ឋដែលព្យាបាលតាមផ្ទះ ព្រមទាំងការនាំស្បៀងអាហារ​ជូន​ពលរដ្ឋផងដែរ។ ទោះជាយ៉ាងណាក៏ដោយ អភិបាលខណ្ឌរូបនេះ ពុំបានផ្ដល់ទិន្ន័យ​អំពី​ចំនួនអ្នកជំងឹកូវីដ-១៩ ដែលកំពុងព្យាបាលតាមផ្ទះ នៅក្នុងខណ្ឌរបស់លោកឡើយ ព្រោះលោកពុំទាន់បានពិនិត្យមើលរបាយការណ៍នៅឡើយ។

លោក និយាយថា៖ «យើងចុះជាប្រចាំយើងបង្កើតក្រុមតេឡេក្រាមជាមួយគាត់ជា​ប្រចាំបើគាត់មានបញ្ហាហើយមានក្រុមនៅតាមសង្កាត់កំពុងតែចុះអប់រំ​ផ្សព្វផ្សាយ​ចាក់មេក្រូពេញហ្នឹង»។

លោក ទូច សំអុល ចៅ​សង្កាត់​ស្ទឹង​មាន​ជ័យ​២​ មាន​ប្រសាសន៍ថា បច្ចុប្បន្ននេះ ប្រជាពលរដ្ឋ​ដែលកើតជំងឺកូវីដ-១៩​កំពុងព្យាបាលតាមផ្ទះ ក្នុងសង្កាត់របស់លោកមាន​ចំនួនប្រមាណជាង​២០នាក់។ បើតាមចៅសង្កាត់រូបនេះ រូបលោកខ្លួនឯងក៏កំពុងសម្រាកព្យាបាលជំងឺកូវីដ-១៩ កម្រិតស្រាលផងដែរ។

លោកនិយាយថា៖ «ផ្សព្វផ្សាយ[អប់រំពីការព្យាបាល]រាល់ថ្ងៃដាក់មេក្រូផ្សាយតាមភូមិ»៕

1,904 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម