អ្នកធ្លាប់ឆ្លងមេរោគកូវីដ១៩អះអាងថា ពួកគាត់រងផលប៉ះពាល់ខ្លាំងដល់ផ្លូវចិត្ត និងបាត់បង់ចំណូល ដោយសារតែមនុស្សជុំវិញខ្លួនរើសអើងមិនហ៊ានប្រាស្រ័យទាក់ទង និងស្តីបន្ទោសថា មានការធ្វេសប្រហែសដែលចម្លងមេរោគដល់អ្នកភូមិ។
អាជីវករលក់ដូរផ្លែឈើនៅផ្សារចាស់ក្នុងរាជធានីភ្នំពេញអ្នកស្រី សឿន ថ្លែងថា គាត់តែងតែប្រុងប្រយ័ត្នខ្ពស់ក្នុងការការពារខ្លួនពីការឆ្លងមេរោគកូវីដ១៩ ដោយសារអ្នកស្រីមានជំងឺលើសឈាម និងទឹកនោមផ្អែមផង។ ប៉ុន្តែអ្នកស្រីថា អំឡុងពេលមុនចូលឆ្នាំខ្មែរ អ្នកស្រីមានជំងឺផ្តាសាយ ហើយស្របពេលដែលគ្រូពេទ្យចុះទៅពិនិត្យក៏រកឃើញថា មានមេរោគកូវីដ១៩។
អ្នកស្រី អូន សឿន និយាយថា៖«ខ្ញុំត្រូវទឹកភ្លៀងរបៀបយើងផ្តាសាយចឹងណាក្មួយ។ ហើយខ្ញុំកោសខ្យល់ពេលល្ងាចចឹងទៅ ពេលល្ងាចកាលពីថ្ងៃទី១១ខែមេសាហ្នឹង។ កោសខ្យល់ហើយមិនជិតចូលឆ្នាំក៏ទៅទិញផ្លែឈើលក់ខ្លះក្រែងបានចំណេញ។ ហើយដល់ពេលទិញមកគេថា ថ្ងៃហ្នឹងគេធ្វើសំណាក និយាយទៅគេព័ទ្ធទាំងអស់តែម្តង ហើយគេលក់ទាំងអស់នៅជិតខ្ញុំហ្នឹងគេអត់មានកើតអីទេ កើតតែខ្ញុំ ឆ្ងល់ដែរ»។
អ្នកស្រី សឿន អាយុ៥៣ឆ្នាំ ថ្លែងថា ក្រោយពេលជាសះស្បើយពីជំងឺកូវីដមិនបានលក់ផ្លែឈើទៀតទេ ដោយសារមិនមានដើមទុន។ អ្នកស្រីក៏ដូរមកធ្វើចាហួយលក់វិញព្រោះចំណាយដើមតិច។
អ្នកស្រី សឿន និយាយថា៖«មីងចាក់ចាហួយលក់ ចាក់ហើយយើងដាក់ក្លាសេដើរលក់ អ្នកខ្លះឃើញយើងចឹងគេភ្ញាក់ផ្អើលគេដកឃ្លា មិនហ៊ានមកជិត។ ពេលកូនខ្ញុំទៅលក់ អ្នកមួយចំនួនគេថា អត់លុយអត់ទិញ ម៉ែវាកើតកូវីដអត់ទិញទេ»។
អំឡុងពេលព្យាបាលជំងឺកូវីដ១៩ អ្នកស្រី សឿន បានខ្ចីលុយពីសាច់ញាតិអស់ជាង២០០០ដុល្លារ សម្រាប់ចំណាយលើចំណីអាហាររបស់សមាជិកគ្រួសារ ព្រោះពួកគេធ្វើចត្តាឡីស័ក និងត្រូវចំណាយលើថ្នាំពេទ្យសម្រាប់ព្យាបាលជំងឺប្រចាំកាយផ្សេងទៀតរបស់អ្នកស្រី និងស្វាមី។ មុនឆ្លងកូវីដអ្នកស្រីលក់ផ្លែឈើរកចំណូលបានប្រមាណ១០ម៉ឺនទៅ២០ម៉ឺនរៀលក្នុង១ថ្ងៃ ប៉ុន្តែក្រោយមកអ្នកស្រីលក់ចាហួយបានប្រមាណ៥០០០រៀលទៅ១០ ០០០រៀលប៉ុណ្ណោះ។
កម្មការិនីរោងចក្រនៅខេត្តស្វាយរៀងកញ្ញា វាសនា អាយុ២២ឆ្នាំថ្លែងថា ពេលគេដឹងថា រូបគាត់មានជំងឺកូវីដ១៩មានការរើសអើងខ្លាំង។ កញ្ញាថា រូបគាត់និងសមាជិកគ្រួសារ មិនត្រឹមតែអ្នកភូមិប៉ុណ្ណោះទេដែលរើសអើង សូម្បីតែសាច់ញាតិដែលមានការប្រាស្រ័យទាក់ទងគ្នាជាប្រចាំក៏គេមិនឱ្យចូលផ្ទះដែរ។
កញ្ញា វាសនា និយាយថា៖«គេខ្លាច មិនមែនឆ្ងាយទេ អ៊ុំខ្លួនឯង។ មានអារម្មណ៍ថា អន់ចិត្ត នៅជាប់ផ្ទះដែលអ៊ុំខ្លួនឯងធ្លាប់ទៅលេងរហូត។ មុនឆ្លងទៅលេងរហូត ពេលកូនគាត់ឆ្លងទន្លេ ម៉ែ និងបង យកលុយទៅកួចដៃដែរហ្នឹង»។
កម្មការិនីរោងចក្រនៅខេត្តស្វាយរៀងម្នាក់ទៀត អ្នកស្រី សុខផេង ថ្លែងថា ក្រោយពេលកើតកូវីដ អ្នកភូមិខ្លាចផ្ទះអ្នកស្រី និង ផ្ទះឪពុយម្តាយអ្នកស្រីដែលនៅដាច់ពីគ្នា។
អ្នកស្រី សុផេង និយាយថា៖«អ្នកស្រុកអ្នកភូមិគេមិនមើលមុខ ជួនកាលអ្នកខ្លះដើរមុខផ្ទះគេសុទ្ធតែបែរមុខចេញទៀតណោះ! និយាយរួមគេខ្លាចមែនទែនខ្លាចម៉ែឪខ្ញុំ ហើយម៉ែឪខ្ញុំគ្មានដែលទាក់ទងអី ខ្ញុំនៅផ្ទះដោយខ្លួនពីគ្នាហ្នឹង!»។
ជុំវិញករណីនៃការរើសអើងអ្នកធ្លាប់ឆ្លងមេរោគកូវីដ១៩នេះ ខេមបូចា បានសាកសួរទៅអ្នកធ្លាប់ឆ្លងជាង១០នាក់ផ្សេងទៀតទាំងនៅរាជធានីភ្នំពេញ និងនៅតាមបណ្តាលខេត្តនានា ភាគច្រើនពួកគេថ្លែងថា ទទួលអារម្មណ៍រើសអើងដោយអ្នកខ្លះរងការរើសអើងតិច និងខ្លះទៀតរើសអើងខ្លាំង។
អ្នកជំនាញផ្នែកចិត្តសាស្ត្រនៅអង្គការTPO លោក ស៊ាង លាប ពន្យល់ថា អ្នកស្ថិតនៅក្នុងដំណាក់កាលឆ្លងកូវីដតែងតែមានការប៉ះពាល់ផ្លូវអារម្មណ៍ ហើយឈានដល់ប៉ះពាល់ដល់សុខភាពផ្លូវកាយមួយដំណាក់ទៀត។ លោកបន្តថា ការរើសអើងជាការដាក់សម្ពាធផ្លូវចិត្តលើអ្នកជំងឺមួយកម្រិតទៀត។
លោក ស៊ាង លាប ជំរុញដល់មន្ត្រីសុខាភិបាល និងអាជ្ញាធរមូលដ្ឋាន បង្កើនការអប់រំដើម្បីកាត់បន្ថយការរើសអើងដល់អ្នកឆ្លងជំងឺកូវីដ ដែលអាចឈានដល់បញ្ហាផ្សេងៗទៀតនៅក្នុងសង្គម។
លោក ស៊ាង លាប មានប្រសាសន៍ថា៖«ជំងឺកូវីដជាបញ្ហាដែលយើងប្រឈមទាំងអស់គ្នា មិនមានអ្នកណាម្នាក់ប៉ង ហើយមិនត្រឹមតែកើតមាននៅកម្ពុជាយើងទេ គឺកើតមាននៅទូទាំងពិភពលោក។ ចឹងកន្លែងហ្នឹងដែលត្រូវអប់រំពលរដ្ឋក៏វាជាផ្នែកមួយជួយដល់បញ្ហាការរើសអើង។ ហើយបើករណីការរើសអើងនេះអត់មានការអន្តរាគមន៍ឱ្យបានត្រឹមត្រូវ និងទាន់ពេលវេលាទេ វាប៉ះពាល់ដល់សង្គមរស់នៅថែមទៀត។ កាលណាពលរដ្ឋយើងគាត់ចាប់ផ្តើមរើសអើងគ្នា វាធ្វើឱ្យជីវភាពរស់នៅរបស់ពលរដ្ឋយើងចាប់ផ្តើមមានបញ្ហា វាប៉ះពាល់ទាំងសេដ្ឋកិច្ចប៉ះពាល់ទាំងសង្គមរស់នៅ»។
លោក ស៊ាង លាប ឱ្យដឹងទៀតថា តាមការសិក្សារបស់លោកពលរដ្ឋកម្ពុជាមិនសូវយកចិត្តទុកដាក់ថែទាំសុខភាពផ្លូវចិត្តនោះទេ។
នាយកប្រតិបត្តិសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា(ខេមបូចា) លោក ណុប វី លើកឡើងថា ករណីការរើសអើងលើអ្នកកើតជំងឺកូវីដគឺទាក់ទងកម្រិតនៃការអប់រំរបស់ប្រជាពលរដ្ឋ និងការផ្សព្វផ្សាយលម្អិតពីអត្តសញ្ញាណរបស់អ្នកជំងឺ។
លោក បន្តថា ដើម្បីដោះស្រាយបញ្ហានេះគឺការបង្កើនការផ្សព្វផ្សាយអប់រំ និង រក្សាការសម្ងាត់នៃអត្តសញ្ញាណរបស់អ្នកជំងឺ។
លោក ណុប វី មានប្រសាសន៍ថា៖«រឿងទាក់ទងការការទម្លាយភិនភាគអ្នកឆ្លងកូវីដគួរតែបញ្ចប់ជាគំនិតខ្ញុំគួរតែកុំធ្វើចឹងទៀត។យើងជ្រើសរើសយកមធ្យោបាយផ្សេងពីហ្នឹងវិញ ដើម្បីជាមធ្យោបាយទប់ស្កាត់។ទី២គួរតែបង្កើនការផ្សព្វផ្សាយអប់រំឱ្យបានកាន់តែច្រើន អប់រំទាក់ទងជាមួយផលលំបាកនៃការរើសអើង»។

កាលពីថ្ងៃទី៤ ខែធ្នូឆ្នាំ២០២០ ក្រសួងសុខាភិបាលបានសម្រេចបង្ហាញព័ត៌មានលម្អិតរបស់អ្នកឆ្លងមេរោគកូវីដ១៩ជាធារណៈដូចជា ការបង្ហាញរូបថត អាស័យដ្ឋានកន្លែងរស់នៅ កន្លែងធ្វើការងារ ភេទ អាយុ ជាដើម។ ការបង្ហាញអត្តសញ្ញាណអ្នកកើតកូវីដក្រោមហេតុផលថា ដើម្បីបង្ការកុំឱ្យមានការឆ្លងរាលដាលបន្ត ហើយរហូតដល់ចុងខែមិថុនាឆ្នាំ២០២១នេះ អាជ្ញាធរខេត្តនីមួយៗនៅតែបន្តបញ្ចេញអត្តសញ្ញាណអ្នកឆ្លងកូវីដ។
បន្ទាប់ពីមានការបញ្ចេញអត្តសញ្ញាណអ្នកឆ្លងជំងឺកូវីដ១៩ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សប្រចាំនៅប្រទេសកម្ពុជា និងអង្គការសង្គមស៊ីវិលនានា បានស្នើឲ្យរដ្ឋាភិបាលកម្ពុជា បញ្ឈប់ការបញ្ចេញអត្តសញ្ញាណរបស់ពួកគេ។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន ពន្យល់តាមបច្ចេកទេសថា អ្នកជំងឺកូវីដដែលក្រសួងប្រកាសថា ជាសះស្បើយហើយគឺមិនមានហានិភ័យនៃការឆ្លងទៀតទេ។
លោកស្រី ឱ វណ្ណឌីន៖«អ្នកដែលកើតជំងឺកូវីដ១៩ ហើយគាត់ជាសះស្បើយ ត្រលប់ទៅផ្ទះសម្បែងប្រកបរបរទទួលទានជាធម្មតាហ្នឹង វាមានលក្ខណៈធម្មតាហើយ វាអត់មានអីជាបញ្ហាព្រួយបារម្ភដល់បងប្អូនទេ។ អ្វីដែលជាការគត់សម្គាល់មួយទៀតនោះ គឺគាត់មានអង្គបក្ខដិបក្ខ គឺមានន័យថា គាត់មានអង់ទីក័រនៅក្នុងខ្លួនគាត់រួចទៅហើយ ចឹងមិនមានអ្វីដែលបងប្អូនត្រូវបារម្ភទេ»។
ជុំវិញបញ្ហាទប់ស្កាត់ការរើសអើងនេះ លោកស្រី ឱវណ្ណឌីនឱ្យដឹងថា ក្រសួងបានខិតខំផ្សព្វផ្សាយអប់រំ ដោយផ្ទាល់ និង តាមប្រព័ន្ធផ្សព្វផ្សាយផ្សេងៗ។
ក្រោយព្រឹត្តិការណ៍ឆ្លងកូវីដក្នុងសហគមន៍២០កុម្ភៈ អាជ្ញាធរនៅតាមមូលដ្ឋានបានរៀបចំប៉ុស្តិ៍យាមដើម្បីត្រួតពិនិត្យ និងផ្សព្វផ្សាយពីមេរោគកូវីដតាមឧបករណ៍បំពងសំឡេងរាល់ថ្ងៃ ប៉ុន្តែរហូតដល់ចុងខែមិថុនានេះ តាមភូមិមួយចំនួនមិនមានសកម្មភាពរបៀបនេះទៀតទេ។
ចំពោះស្ថានភាពនៃមេរោគកូវីដ១៩ អំឡុងខែមិថុនា អត្រានៃការឆ្លងនៅតែមានកម្រិតខ្ពស់គឺឆ្លងជាមធ្យមចន្លោះពី៥០០នាក់ទៅ៨០០នាក់ ចំណែកអ្នកស្លាប់ចន្លោះពី១០នាក់ទៅ២០នាក់រាល់ថ្ងៃ។
យោងតាមក្រសួងសុខាភិបាល គិតត្រឹមថ្ងៃសៅរ៍ មានអ្នកឆ្លងជំងឺកូវីដ១៩សរុបចំនួន ៤៦ ៨១០នាក់ និងមានអ្នកស្លាប់ចំនួន ៥២៣នាក់។
ត្រឡប់មក អ្នកស្រី សឿន វិញគាត់ថានៅពេលដែលអ្នកជិតខាងនៅតែបន្តរើសអើងនិងស្តីបន្ទោសធ្វើឲ្យប៉ះពាល់ផ្លូវចិត្តគាត់ខ្លាំង។
អ្នកស្រី សឿន បានបន្ថែមថា៖«បើនៅម្តុំផ្ទះខ្ញុំគេថា ខ្ញុំជាមេអ្នកនាំមេរោគហ្នឹង។គេថា ដោយសារតែខ្ញុំមួយទើបនាំឱ្យមានការយកសំណាកពួកគេទាំងអស់។ ចឹងផ្លូវអារម្មណ៍ខ្ញុំគឺខ្ញុំប៉ះពាល់ច្រើន។ គេនាំគ្នាទម្លាក់កំហុសលើយើងថា យើងជាអ្នកនាំមេរោគហ្នឹងណាក្មួយ»៕