កាលពីពាក់កណ្តាលខែសីហា ឈឿន ដារ៉ាវី និងសកម្មជនប្រាំបីនាក់ផ្សេងទៀតបានបង្ខំចិត្តចរចាជាមួយនគរបាលជុំវិញការប្រើប្រាស់ពាក្យពេចន៍ក្នុងកិច្ចសន្យាសរសេរដោយដៃ។ ដារ៉ាវី បានរំលឹកថា ដំបូងឡើយ ក្រុមមន្ត្រីចង់បានកិច្ចសន្យាមួយដែលសរសេរថា អ្នកទាំង៩នាក់នោះ បានចូល «តំបន់ហាមឃាត់»ដោយ«ខុសច្បាប់» នៅតំបន់ព្រៃភ្នំតាម៉ៅ ដែលរងការកាប់បំផ្លាញនាពេលថ្មីៗនេះនិងបានបង្ហោះដ្រូន ដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ។
កញ្ញានិងសមាជិក៣នាក់ទៀតនៃក្រុមយុត្តិធម៌សង្គមខ្មែរថាវរៈ ក៏ដូចជាអ្នកសារព័ត៌មាន៥នាក់មកពីបណ្តាញព័ត៌មានក្នុងស្រុក VOD ត្រូវបានមន្ត្រីមកពីអង្គភាពកងអង្គរក្សលោកនាយករដ្ឋមន្ត្រីឃាត់ខ្លួននៅក្នុងព្រៃហើយនាំយកមកកាន់អធិការដ្ឋាននគរបាលស្រុកបាទី ខេត្តតាកែវ។
ដារ៉ាវី បានប្រាប់ខេមបូចានៅខែនេះថា សកម្មជនទាំងនោះបានកំពុងធ្វើដំណើរទៅកាន់មន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទខេត្តតាកែវ ដើម្បីដាក់សំណើសុំអង្កេតមើលតំបន់ណាខ្លះត្រូវបានកាប់រានព្រៃនិងដាំឡើងវិញថ្មីៗ។
បន្ទាប់ពីសកម្មជនម្នាក់ធ្វើការផ្សាយផ្ទាល់តាមហ្វេសប៊ុកពីព្រៃរួចមក អាជ្ញាធរបានចាប់ខ្លួនពួកគេ និងអ្នកកាសែត ដែលកំពុងប្រមូលព័ត៌មានដាច់ដោយឡែកពីគ្នា បន្ទាប់ពីមានការកាប់រានព្រៃឈើ។
អាជ្ញាធរបានវាយមនុស្សពីរនាក់ក្នុងចំណោមអ្នកទាំងប្រាំបួន អំឡុងពេលឃាត់ខ្លួន រឹបអូសយកទូរស័ព្ទនិងសម្ភារផ្សេងៗរបស់ពួកគេ ហើយបានឃាត់ខ្លួនពួកគេនៅប៉ុស្តិ៍នគរបាលប្រហែលប្រាំពីរម៉ោង។
ពួកគេត្រូវបានដោះលែងដោយគ្មានការចោទប្រកាន់ បន្ទាប់ពីយល់ព្រមផ្តិតមេដៃលើកិច្ចសន្យារបស់ប៉ូលិស បន្ទាប់ពីមន្ត្រីបានយល់ព្រមកែសម្រួលពាក្យពេចន៍ខ្លះ។
ខណៈពេលដែល ដារ៉ាវី បាននិយាយថា នគរបាលមិនបានបង្ខំពួកគេឲ្យចុះហត្ថលេខានោះ អាជ្ញាធររឿយៗបានបង្ខំសកម្មជនដែលត្រូវបានឃាត់ខ្លួន និងអ្នកផ្សេងទៀតឲ្យចុះហត្ថលេខាលើកិច្ចសន្យានៅប៉ុស្តិ៍នគរបាល ដែលក្នុងនោះ ពួកគេត្រូវបានបង្ខំឲ្យសារភាពកំហុសដោយគ្មានវត្តមានមេធាវី ហើយសន្យាថា នឹងមិនធ្វើសកម្មភាពដដែលៗដោយអាជ្ញាធរចាត់ទុកថា ជាបទព្រហ្មទណ្ឌ។
ក្នុងឆ្នាំ២០២១ មនុស្សចំនួន៥៩នាក់ត្រូវបានបង្ខំឲ្យចុះហត្ថលេខា ឬផ្តិតមេដៃលើកិច្ចសន្យា បន្ទាប់ពីត្រូវបានចាប់ខ្លួនឬកោះហៅទៅកាន់ប៉ុស្តិ៍នគរបាលជុំវិញឧប្បត្តិហេតុពាក់ព័ន្ធនឹងការអនុវត្តសេរីភាពនៃការបង្កើតសមាគម សិទ្ធិបញ្ចេញមតិឬការប្រមូលផ្តុំ នេះបើយោងតាមរបាយការណ៍ស្តីពីឧប្បត្តិហេតុនិង
ឃ្លាំមើលប្រព័ន្ធផ្សព្វផ្សាយរបស់មជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR)។
ក្នុងរយៈពេលប្រាំបួនខែដំបូងនៃឆ្នាំនេះ CCHR បានអះអាងថា មនុស្ស១០២ នាក់ត្រូវបានបង្ខំឲ្យធ្វើកិច្ចសន្យាជាមួយនគរបាល ដែលបង្ហាញពីការកើនឡើងដែលបានកត់ត្រាទុក បើធៀបនឹងឆ្នាំមុន។
សកម្មជនដែលធ្វើការតវ៉ាដោយសន្តិវិធី ការលក់អាវយឺត និងការប្រមូលព័ត៌មានអំពីការកាប់បំផ្លាញព្រៃឈើ សុទ្ធតែត្រូវបានចាប់ខ្លួន និងបង្ខំឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងជាមួយប៉ូលិស ដែលអះអាងថា កិច្ចសន្យាត្រូវបានចុះហត្ថលេខាដោយស្ម័គ្រដោយអ្នកបង្កបទល្មើសតូចតាច ។
ប៉ុន្តែស្នាមមេដៃរបស់សកម្មជនជារឿយៗបានក្លាយជាលក្ខខណ្ឌមិនច្បាស់លាស់មួយនៃការដោះលែងពួកគេពីកន្លែងឃុំខ្លួន ហើយអាចត្រូវបានប្រើជាភស្តុតាងដាក់បន្ទុកលើពួកគេនៅក្នុងតុលាការ។ អ្នកធ្វើយុទ្ធនាការតស៊ូមតិសិទ្ធិមនុស្ស និងមេធាវីនិយាយថា កិច្ចសន្យាជាមួយប៉ុស្តិ៍នគរបាល ដែលត្រូវបានរៀបចំឡើងយ៉ាងប្រញាប់ប្រញាល់និងចុះហត្ថលេខាដោយអ្នកប្រឆាំងក្រោមការបង្ខិតបង្ខំនោះ គ្មានមូលដ្ឋានច្បាប់ហើយត្រូវបានប្រើប្រាស់ដោយអាជ្ញាធរ ដើម្បីបំភិតបំភ័យសកម្មជនឲ្យបញ្ឈប់យុទ្ធនាការរបស់ពួកគេ។
លោកស្រី ចក់ សុភាព នាយិកាមជ្ឈមណ្ឌ CCHR បានមានប្រសាសន៍ថា៖ «ជាជាងក្លាយជាផ្នែកមួយនៃដំណើរការផ្លូវច្បាប់ កិច្ចសន្យារបស់នគរបាលហាក់ដូចជាត្រូវបានរៀបចំឡើង ដើម្បីបំភិតបំភ័យដល់បុគ្គល និងក្រុមសកម្មជនដែលត្រូវបានចាប់ខ្លួន ដើម្បីរារាំងពួកគេ»។

កិច្ចព្រមព្រៀងដែល ដារ៉ាវី និងមនុស្សប្រាំបីនាក់ផ្សេងទៀតបានចុះហត្ថលេខានោះ បានលុបចោលពាក្យថា «ខុសច្បាប់» ហើយបានបន្ថែមពាក្យថា ពួកគេមិនយល់ស្របថា តំបន់ដែលពួកគេបានចូលក្នុងដែនជម្រកសត្វព្រៃភ្នំតាម៉ៅនោះ គឺតំបន់ហាមឃាត់នោះទេ។ កិច្ចសន្យានេះ ក៏បានបញ្ជាក់ដែរថា មានតែអ្នកសារព័ត៌មានដែលបានបង្ហោះដ្រូននិងពួកគេទាំង៩នាក់ប៉ុណ្ណោះបានចូលព្រៃដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ។
ឯកសារនេះបានសរសេរថា៖ «ប្រសិនបើលើកក្រោយក្រុមរបស់យើងផ្សព្វផ្សាយព័ត៌មានមិនពិត ប្រឌិតការពិតឬបង្កភាពចលាចលនៅក្នុងតំបន់នេះ ខ្ញុំនឹងទទួលខុសត្រូវចំពោះរាល់សកម្មភាពរបស់ខ្ញុំទៅតាមច្បាប់» ដោយសំដៅដល់អ្នកទាំងប្រាំបួនដែលបានផ្តិតមេដៃដោយទឹកថ្នាំក្រហមលើកិច្ចសន្យាពីរទំព័រ។
ដារ៉ាវី បាននិយាយថា ពាក្យពេចន៍ដែលនគរបាលប្រើប្រាស់ពីដំបូងស្តាប់មើលទៅដូចជាអ្នកទាំងប្រាំបួននេះបានសារភាពទទួលកំហុសចំពោះការចូលព្រៃនេះមែន។
ដារ៉ាវី បានបន្ថែមថា៖ «គ្មានស្លាកសញ្ញាណាមួយដែលបញ្ជាក់ថា តំបន់ទាំងនេះជាតំបន់ហាមឃាត់ទេ ហើយខ្ញុំមិនគិតថា យើងចាំបាច់ត្រូវសុំការអនុញ្ញាតណាមួយដើម្បីគ្រាន់តែចុះទៅពិនិត្យមើលការកាប់បំផ្លាញព្រៃឈើនោះដែរ។ អាជ្ញាធរតែងតែព្យាយាមរារាំងយើងមិនឲ្យធ្វើការងាររបស់យើង»។
នគរបាលដើរតួជាចៅក្រម
បើយោងតាមអ្នកតស៊ូមតិនិងមេធាវីបានឲ្យដឹងថា បើទោះជាមានការអះអាងរបស់មន្ត្រីថា កិច្ចសន្យាជាមួយប៉ុស្តិ៍នគរបាលអាចប្រើប្រាស់បាន ហើយថែមទាំងមានប្រយោជន៍ក្នុងការរារាំងក៏ដោយ ក៏កិច្ចព្រមព្រៀងនេះគ្មានមូលដ្ឋានផ្លូវច្បាប់ដែរ ។
លោក សុក សំអឿន ប្រធានក្រុមមេធាវីនៃ AMRIN Law and Consultants Group បានថ្លែងថា កិច្ចសន្យានៅប៉ុស្តិ៍នគរបាលគឺគ្រាន់តែជាការគំរាមកំហែងពីអាជ្ញាធរ ហើយមិនមែនជាផ្នែកនៃដំណើរការផ្លូវច្បាប់ផ្លូវការទេ។
នគរបាលខ្លះសុំឲ្យអ្នកដែលត្រូវបានឃាត់ចុះហត្ថលេខាលើកិច្ចសន្យាដោយសន្យាថា នឹងមិនធ្វើសកម្មភាពដែលអាជ្ញាធរប្រឆាំង ដូចជាការតវ៉ាជាដើម។ លោក សំអឿន ពន្យល់ថា បើអ្នកចុះហត្ថលេខានោះប្រព្រឹត្តម្តងទៀត នគរបាលខ្លះគិតថា ពួកគេមានសិទ្ធិចាប់ខ្លួន។
លោកបានមានប្រសាសន៍ថា៖ «ប្រសិនបើប្រជាពលរដ្ឋ [ដែលត្រូវបានចាប់ខ្លួន] មិនយល់ពីប្រភេទនៃកិច្ចសន្យានេះ ពួកគេគិតថា ប្រសិនបើពួកគេបំពានកិច្ចសន្យានេះ ប្រសិនបើពួកគេធ្វើអ្វីខុស — [នគរបាល] នឹងមានហេតុផលក្នុងការចាប់ខ្លួនពួកគេ។ ដូច្នេះ ពួកគេបញ្ឈប់ [សកម្មភាពរបស់ខ្លួន] ព្រោះពួកគេភ័យខ្លាច»។
លោកបានបន្ថែមថា៖ «តាមពិត [អាជ្ញាធរ] ចង់ចាប់អ្នកទាំងនោះដាក់គុក ព្រោះពួកគេធ្វើឲ្យរដ្ឋាភិបាលមើលទៅអាក្រក់»។
លោកមេធាវី គង់ សំអុន ប្រធានការិយាល័យមេធាវីអាស៊ី (Asia Law Office) មានប្រសាសន៍ថា កិច្ចសន្យារបស់នគរបាលអាចជាការសម្របសម្រួល និងជាវិធានការបង្ការរបស់នគរបាល ដើម្បីទប់ស្កាត់ការរំខានដល់សាធារណជន។
ប៉ុន្តែកិច្ចសន្យាទាំងនេះ អាចចាត់ទុកថា ខុសច្បាប់ ប្រសិនបើកិច្ចព្រមព្រៀងត្រូវបានចុះហត្ថលេខាក្រោមការបង្ខិតបង្ខំ ឬប្រសិនបើកិច្ចសន្យាបានរំលោភលើសិទ្ធិរបស់ហត្ថលេខី ដូចជាបញ្ចូលការសន្យាមិនឲ្យធ្វើបាតុកម្មនៅទីសាធារណៈជាដើម។
លោក សំអុន មានប្រសាសន៍ថា៖ «ពេលអ្នកបង្ខំអ្នកណាម្នាក់ឲ្យធ្វើកិច្ចសន្យា តាមច្បាប់ គេមិនទទួលយកទេ ។ ប្រសិនបើវាជាកិច្ចសន្យាបោះបង់សិទ្ធិស្របច្បាប់របស់អ្នក នេះគឺជាសេណារីយ៉ូដ៏អាក្រក់បំផុត»។
លោកបានបន្ថែមថា៖ «ការធ្វើកិច្ចសន្យានេះគឺនគរបាលកំពុងដើរតួជាចៅក្រម»។
លោកស្រី សុភាព បានមានប្រសាសន៍ថា គេអាចប្រកែកបានថា កិច្ចសន្យាបែបនេះ «ចាត់ទុកជាការសារភាពដោយបង្ខំ» ដោយសារការដោះលែងជនដែលត្រូវបានឃាត់ខ្លួនគឺ «ជាញឹកញាប់មានលក្ខខណ្ឌសម្រាប់ពួកគេដោយចុះហត្ថលេខាលើកិច្ចសន្យាដែលជាទូទៅទទួលស្គាល់ កំហុស របស់ពួកគេនិងសន្យាមិនប្រព្រឹត្តម្តងទៀត»។
លោកស្រីបានបន្តថា នគរបាលប្រើប្រាស់កិច្ចសន្យានេះ ពីព្រោះកិច្ចសន្យាទាំងនេះអាច «ដើរតួជាការរារាំងដ៏មានប្រសិទ្ធភាព ខណៈពេលដែលវាត្រូវការធ្វើក្រដាសស្នាមតិចជាងការធ្វើការចោទប្រកាន់»។
លោកស្រី សុភាព បានបន្ថែមថា ដោយសារមើលឃើញនូវកិច្ចសន្យារបស់នគរបាលនេះ សកម្មជន និងអ្នកផ្សេងទៀតគឺចាំបាច់ត្រូវមានការបណ្តុះបណ្តាលបន្ថែមទៀត «ដើម្បីឲ្យពួកគេអាចបដិសេធការអនុវត្តបែបនេះ នៅពេលវាកើតឡើង ហើយតវ៉ានឹងរឿងបែបនេះ»។
ទោះបីជាយ៉ាងណា ជារឿយៗ សកម្មជនដែលត្រូវបានឃាត់ខ្លួន និងអ្នកផ្សេងទៀតនិយាយថា ពួកគេគ្មានជម្រើសច្រើន ក្រៅពីចុះហត្ថលេខាលើកិច្ចសន្យានោះទេ ប្រសិនបើពួកគេចង់ចេញពីប៉ុស្តិ៍នគរបាលត្រឡប់ទៅផ្ទះវិញ ជាជាងទៅតុលាការ ឬពន្ធនាគារ។
វិធីតែមួយគត់ ដើម្បីឲ្យគេដោះលែង
សុខ ស្រីនិច អាយុ២៨ឆ្នាំ ជាអ្នកគាំទ្របក្សប្រឆាំង និងជាភរិយារបស់លោក គង់ រ៉ៃយ៉ា ជាសមាជិកក្រុមប្រឹក្សាឃុំបក្សភ្លើងទៀន និងជាអតីតសកម្មជនបាននិយាយថា អ្នកស្រី និងសាច់ញាតិពីរនាក់ត្រូវបានបង្ខំឲ្យចុះកិច្ចសន្យានៅប៉ុស្តិ៍នគរបាលសង្កាត់ទឹកថ្លា រាជធានីភ្នំពេញកាលពីឆ្នាំ២០១៩ បន្ទាប់ពីលោក រ៉ៃយ៉ា ត្រូវបានចាប់ខ្លួនដោយសារឃោសនាលក់អាវយឺតរំលឹកខួបលោក កែម ឡី តាមអនឡាញ។
ស្រីនិច បាននិយាយថា៖ «បងថ្លៃប្រុស បងថ្លៃស្រី និងរូបខ្ញុំមិនពាក់ព័ន្ធនឹងការលក់អាវ កែម ឡី ទេ ប៉ុន្តែនគរលបាលសង្កាត់នៅតែមកចាប់យើង»។ លោក កែម ឡី អ្នករិះគន់រដ្ឋាភិបាលដ៏ល្បីល្បាញដែលជាមនុស្សក្នុងដួងចិត្តរបស់ រ៉ៃយ៉ា និងមនុស្សជាច្រើនទៀត ត្រូវបានឃាតកបាញ់សម្លាប់កាលពីឆ្នាំ២០១៦។

ស្រីនិច បាននិយាយថា ប៉ូលិសបានបង្ខំអ្នកស្រី និងសាច់ញាតិរបស់អ្នកស្រីឲ្យចុះហត្ថលេខាលើកិច្ចព្រមព្រៀងមួយ ដោយមិនផ្តល់ឱកាសឲ្យអាន ហើយគំរាមបញ្ជូនពួកគេទៅតុលាការ ឬដាក់គុកដូច រ៉ៃយ៉ា ដែរ ប្រសិនបើពួកគេមិនព្រមចុះហត្ថលេខា។
អ្នកស្រីបាននិយាយថា៖ «[នគរបាល] ស្រែកដាក់ពួកយើងខ្លាំងៗ ហាក់ដូចជាយើងបានប្រព្រឹត្តបទឧក្រិដ្ឋធ្ងន់ធ្ងរ ហើយបង្ខំយើងឲ្យផ្តិតមេដៃលើកិច្ចសន្យា។ វាជារឿងអយុត្តិធម៌ ព្រោះខ្ញុំមិនបានធ្វើអ្វីខុស។ ហេតុអ្វីបង្ខំខ្ញុំឲ្យចុះហត្ថលេខា?»។
មន្ត្រីបានប្រាប់ស្រីនិចថា កិច្ចសន្យាដែលអ្នកទាំងបីបានចុះហត្ថលេខានោះ បានសរសេរថា ពួកគេទទួលស្គាល់ថា ខ្លួនបានធ្វើខុសដោយឃោសនានិងលក់អាវ កែម ឡី ហើយសុខចិត្តឲ្យនគរបាលចាប់ខ្លួន ប្រសិនបើពួកគេប្រព្រឹត្តម្តងទៀត។
ស្រីនិច បានរំលឹកថា៖ «ខ្ញុំមិនចង់ [ចុះហត្ថលេខា] ទេ ប៉ុន្តែវាជាមធ្យោបាយតែមួយគត់ដើម្បីឲ្យគេដោះលែង»។
គ្មានជម្រើសក្រៅពីចុះហត្ថលេខា
កាលពីខែកុម្ភៈ ឆ្នាំ២០២១ ខណៈព្យួរស្បង់ចីពរនឹងដើមឈើក្នុងដែនជម្រកសត្វ ព្រៃឡង់ និងបិទស្លាកសញ្ញាប្រឆាំងការកាប់ឈើ លោក ហេង ស្រស់ និងសកម្មជនបរិស្ថានបួននាក់ផ្សេងទៀតត្រូវបានមន្ត្រីមន្ទីរបរិស្ថានខេត្តក្រចេះឃាត់ខ្លួន និងបង្ខំឲ្យចុះកិច្ចព្រមព្រៀងជាមួយមន្ទីរមុនពេលត្រូវបានដោះលែង។
ដំបូងឡើយ ពួកគេបដិសេធមិនព្រមចុះហត្ថលេខានិងសារភាពកំហុសទេ។
លោក ហេង ស្រស់ បានមានប្រសាសន៍ថា៖ «យើងបានស្នើឲ្យពួកគេនាំយើងទៅតុលាការ ប្រសិនបើយើងបានធ្វើអ្វីខុស»។ ដោយលោកបន្ថែមថា៖ «ប៉ុន្តែទោះជាយ៉ាងណា តុលាការខេត្តបានធ្វើតាមសំណើរបស់មន្ទីរ ដែលមិនផ្តល់ជម្រើសអ្វីសម្រាប់យើងក្រៅពីចុះហត្ថលេខាលើកិច្ចសន្យាដើម្បីឲ្យគេដោះលែង»។
កិច្ចព្រមព្រៀងនេះបាននិយាយថា ពួកគេនឹងឈប់ចូលព្រៃការពារដោយគ្មានការអនុញ្ញាតពីរដ្ឋាភិបាល។ នៅពេលនោះ អ្នកនាំពាក្យក្រសួងបរិស្ថាន លោក នេត្រ ភក្ត្រា បានប្រាប់ខេមបូចាថា សកម្មជនទាំងប្រាំនាក់បានសារភាពថា បានលួចចូលព្រៃដោយសម្ងាត់។
ចាប់តាំងពីពួកគេបានចុះហត្ថលេខាលើកិច្ចសន្យានគរបាលមក លោក ហេង ស្រង់ បាននិយាយថា អាជ្ញាធរបានកំណត់គោលដៅលើលោក និងអ្នកផ្សេងទៀត ខណៈដែលពួកគេប្រមូលព័ត៌មានពីការកាប់ឈើខុសច្បាប់ រួមទាំងនៅក្នុងដែនជម្រកសត្វព្រៃព្រះរកាកាលពីខែសីហាផងដែរ។
វិធានការអប់រំ
លោក ឆាយ គឹមឃឿន អ្នកនាំពាក្យអគ្គស្នងការនគរបាលជាតិមានប្រសាសន៍ថា នគរបាលប្រើកិច្ចសន្យានេះ ដើម្បីទប់ស្កាត់ជនប្រព្រឹត្តបទល្មើសតូចតាច និងជាមួយជនសង្ស័យក្នុងករណីដែលនគរបាលមិនមានភស្តុតាងគ្រប់គ្រាន់ ដើម្បីបញ្ជូនពួកគេទៅតុលាការ។
លោកមានប្រសាសន៍ថា៖ «ពេលខ្លះ យើងស្នើឲ្យជនសង្ស័យចុះកិច្ចសន្យាព្រោះយើងមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីចោទប្រកាន់ពួកគេថាពួកគេពិតជាបានព្រឹត្តបទល្មើសជាក់ស្តែង»។
លោកបន្តថា៖ «ទោះបីជាយ៉ាងណា កិច្ចសន្យានេះត្រូវបានធ្វើឡើងដោយមានការព្រមព្រៀងពីភាគីទាំងសងខាង គឺប៉ូលិស និងជនសង្ស័យ។ យើងមិនដែលបង្ខំពួកគេឲ្យចុះហត្ថលេខាទេ។ ប្រសិនបើពួកគេមិនព្រម [ចុះហត្ថលេខា] យើងធ្វើកំណត់ហេតុនិងបញ្ជូនទៅតុលាការ» ដោយលោកមិនបានពន្យល់ពីមូលហេតុដែលមនុស្សម្នាក់ត្រូវបញ្ជូនទៅតុលាការ ប្រសិនបើអាជ្ញាធរមិនមានភស្តុតាងគ្រប់គ្រាន់ដើម្បីផ្ដន្ទាទោសពួកគេនោះ។
តាមរយៈការចុះកិច្ចសន្យានេះ លោកមានប្រសាសន៍ថា បុគ្គលដែលត្រូវបានចាប់ខ្លួនអនុញ្ញាតឲ្យប៉ូលិសសង្កេតមើលសកម្មភាពរបស់ពួកគេក្នុងរយៈពេលមួយ ដើម្បីធានាថា ពួកគេនឹងមិនធ្វើសកម្មភាពរបស់ពួកគេម្តងទៀត។
លោក សៅ សារ៉ុន អធិការរងនគរបាលស្រុកបាទី បានមានប្រសាសន៍ថា កិច្ចសន្យារបស់ប៉ុស្តិ៍នគរបាលត្រូវបានប្រើប្រាស់ជា «វិធានការអប់រំ» សម្រាប់បទល្មើសតូចតាច ហើយលោកបដិសេធថា គ្មានការបង្ខិតបង្ខំទេ។
ប្រសិនបើសកម្មជនខ្មែរថាវរៈ និងអ្នកសារព័ត៌មាន VOD មិនព្រមចុះកិច្ចសន្យាកាលពីខែសីហាទេនោះ លោក សារ៉ុន បាននិយាយថា មន្ត្រីនឹងនៅតែធ្វើលិខិតព្រាងមួយ ហើយកត់សម្គាល់ការបដិសេធមិនព្រមចុះហត្ថលេខារបស់អ្នកទាំងប្រាំបួន ប៉ុន្តែនគរបាលនឹងមិនបញ្ជូនពួកគេទៅតុលាការទេ លុះត្រាតែពួកគេបានចូលទៅក្នុង «តំបន់ហាមឃាត់» នៅក្នុងព្រៃភ្នំតាម៉ៅម្តងទៀត។
លោកបានមានប្រសាសន៍ថា៖ «វាមិនខុសទេ ត្រឹមតែថតរូប ប៉ុន្តែពួកគេមិនបានសុំការអនុញ្ញាតពីកងអង្គរក្សរបស់ [នាយករដ្ឋមន្ត្រី] ដែលបំពេញបេសកកម្មដាំដើមឈើនៅទីនោះទេ។ បើពួកគេប្រព្រឹត្តម្ដងទៀត នគរបាលនឹងធ្វើកំណត់ហេតុបញ្ជូនទៅតុលាការដោយផ្ទាល់»។
នៅពេលសួរអំពីករណីភ្នំតាម៉ៅ អ្នកនាំពាក្យក្រសួងយុត្តិធម៌ លោក ជិន ម៉ាលីន មានប្រសាសន៍ថា កិច្ចសន្យានេះប្រើប្រាស់បាន ប្រសិនបើគរបាល និងជនដែលត្រូវបានឃាត់ខ្លួនយល់ព្រមគ្នា ដោយបន្ថែមថា ការអនុវត្តនេះគឺជាជំហានដំបូងដែលមន្ត្រីអាចប្រើដើម្បី «អប់រំ» ឬព្រមានប្រជាពលរដ្ឋ។
លោក ម៉ាលីន បានមានប្រសាសន៍ថា៖ «ប្រសិនបើ [អ្នកដែលត្រូវចាប់ខ្លួន] មិនបានឈានដល់កិច្ចព្រមព្រៀងមួយទាក់ទងនឹងទណ្ឌកម្មរដ្ឋបាលនេះ នគរបាលអាចធ្វើកំណត់ហេតុ ហើយអនុវត្តវាទៅតាមច្បាប់» ដោយអះអាងថា អាចមានការចោទប្រកាន់មកលើពួកគេ។
ចំពោះបទល្មើសធ្ងន់ធ្ងរ លោកថា ជនសង្ស័យត្រូវបានបញ្ជូនទៅតុលាការដោយផ្ទាល់ ហើយមិនទាំងផ្តល់ឱកាសឲ្យចុះហត្ថលេខាលើកិច្ចសន្យាផងទេ។
យោងតាមលោកស្រី ណាលី ពីឡូក (Naly Pilorge )មកពីអង្គការសិទ្ធិមនុស្សលីកាដូ បានឲ្យដឹងថា អង្គការនេះឃ្លាំមើលកិច្ចសន្យារបស់ប៉ូលិសដែលប្រមូលបាន បង្ហាញដោយប៉ូលិស ឬដាក់ដោយព្រះរាជអាជ្ញាជា «ភស្តុតាង» នៅក្នុងការកាត់ក្តីមួយចំនួន។
ប៉ុន្តែមានតែព្រះរាជអាជ្ញា ឬចៅក្រមស៊ើបសួរប៉ុណ្ណោះដែលអាចចោទប្រកាន់នរណាម្នាក់ដោយស្របច្បាប់ ដូច្នេះលុះត្រាម្នាក់ក្នុងចំណោមលោកទាំងពីរមានវត្តមាន បើមិនដូច្នេះទេ កិច្ចព្រមព្រៀងដែលធ្វើឡើងនៅប៉ុស្តិ៍នគរបាលជាធម្មតាត្រូវបានប្រើប្រាស់ខុសទម្លាប់ជាជាងស្របតាមច្បាប់។
កិច្ចសន្យាទាំងនេះជាញឹកញាប់ត្រូវបានចុះហត្ថលេខាក្នុងរយៈពេល៤៨ម៉ោង ដែលប៉ូលិស និងព្រះរាជអាជ្ញាអាចបដិសេធអ្នកដែលត្រូវបានឃាត់ខ្លួនមិនឲ្យជួបមេធាវីតាមក្រមនីតិវិធីព្រហ្មទណ្ឌ។ លោកស្រី ពីឡូក មានប្រសាសន៍ថា ជាមួយនឹង «យុត្តិកម្មផ្លូវច្បាប់» អ្នកដែលត្រូវបានឃាត់ខ្លួនអាចត្រូវបានឃុំខ្លួននៅមន្ទីរឃុំឃាំងរបស់នគរបាលរហូតដល់៧២ម៉ោង ប៉ុន្តែបន្ទាប់មកត្រូវតែដោះលែង ស៊ើបអង្កេត ចោទប្រកាន់ ឬសម្រេចដាក់ពន្ធនាគារដោយតុលាការ។
នៅក្នុងរបាយការណ៍ឆ្នាំ២០១៤ អង្គការលីកាដូបានរៀបរាប់លម្អិតអំពីករណីផ្សេងៗដែលនគរបាលបានបង្ខំឲ្យសារភាពតាមរយៈអំពើហឹង្សាលើរាងកាយ និងការគំរាមកំហែងលើអ្នកត្រូវបានឃាត់ខ្លួន។ លោកស្រី ពីឡូក មានប្រសាសន៍ថា ចាប់តាំងពីពេលនោះមក ចម្លើយមិនមានការផ្លាស់ប្តូរអ្វីច្រើនទេ លើកលែងតែពលរដ្ឋខ្លះបានរាយការណ៍ជាសាធារណៈថា ត្រូវបានគេធ្វើទារុណកម្មបង្ខំឲ្យសារភាពហើយព្យាយាមប្តឹងនគរបាល។
ការគំរាមកំហែងចំពោះយុវជន
សម្រាប់ ដារ៉ាវី ជាសមាជិកក្រុមខ្មែរថាវរៈ ការឃុំខ្លួននាងកាលពីខែសីហាមិនមែនជាបទពិសោធន៍ចុងក្រោយដែលនាងបានចុះហត្ថលេខាលើកិច្ចសន្យាជាមួយអាជ្ញាធរនោះទេ។ កាលពីដើមខែនេះ ក្រុមខ្មែរថាវរៈបានធ្វើកូដកម្មអត់អាហារទាមទារឲ្យដោះលែងសកម្មជនបក្សប្រឆាំងកញ្ញា សេង ធារី ដែលកំពុងជាប់ពន្ធនាគារ។
ខណៈពេលកំពុងអង្គុយនៅទីលានប្រជាធិបតេយ្យក្នុងរាជធានីភ្នំពេញ អំឡុងពេលយុទ្ធនាកូដកម្មអត់អាហារ ដារ៉ាវី និយាយថា អាជ្ញាធរបានតាមឃ្លាំមើលនិងសាកសួរសកម្មជនរកអាសយដ្ឋាន ការងារ និងគោលបំណងរបស់ពួកគេ។ ដារ៉ាវីនិយាយថា តាមធម្មតា ពួកគាត់សរសេររបាយការណ៍ដែលសកម្មជនត្រូវបានតម្រូវឲ្យផ្តិតមេដៃនៅទីលានតែម្តង។
បើតាម ដារ៉ាវី ថា ឯកសារនោះសរសេរតាំងពីដំបូងថា ធ្វើកូដកម្មនៅទីសាធារណៈដោយគ្មានការអនុញ្ញាតពីអាជ្ញាធរ គឺខុសច្បាប់។
ដារ៉ាវី បាននិយាយថា៖ «ខ្ញុំតែងតែពិនិត្យមើលយ៉ាងដិតដល់នូវអ្វីដែល [អាជ្ញាធរ] សរសេរនៅក្នុងកិច្ចសន្យា។ មានចំណុចខ្លះសរសេរ ដើម្បីដាក់សម្ពាធលើកូដករ។ ដូច្នេះ ខ្ញុំស្នើសុំឲ្យគាត់លុបចោល បើមិនដូច្នេះទេ ខ្ញុំមិនចុះហត្ថលេខានិងផ្តិតមេដៃទេ»។
នេះគឺជាវិធីមួយដែលអ្នកធ្វើយុទ្ធនាការអាយុ៣២ឆ្នាំរូបនេះ តតាំងនឹងការប្រើកិច្ចសន្យារបស់នគរបាល ដែលនាងបាននិយាយថា សំដៅបំភិតបំភ័យសកម្មជនវ័យក្មេង។
ដារ៉ាវី បាននិយាយថា កិច្ចសន្យាទាំងនេះ គឺជាការគំរាមកំហែងចំពោះយុវជនកម្ពុជាដែលចង់ចូលរួមដោះស្រាយបញ្ហាសង្គមឬទាមទារយុត្តិធម៌៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ For Arrested Activists, Thumbprints on Police Contracts Are Often the Cost of Freedom