សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ការវិនិយោគក្រុមហ៊ុនរ៉ែមាសបរទេសនៅខេត្តព្រះវិហារនាំកង្វល់ដល់ប្រជាសហគមន៍

ទឹកក្នុងស្រះមានពណ៌ទឹកក្រូចដែលអ្នកភូមិសង្ស័យថាមានជាតិពុល នៅក្រៅរបងផ្នែកខាងត្បូងក្រុមហ៊ុនរុករករ៉ែដែលខុម ក្នុងស្រុករវៀង ខេត្តព្រះវិហារ។ រូបភាពថតកាលពីថ្ងៃទី១៤ធ្នូ២០២១។ ខេមបូចា/ វណ្ណ វិចារ
ទឹកក្នុងស្រះមានពណ៌ទឹកក្រូចដែលអ្នកភូមិសង្ស័យថាមានជាតិពុល នៅក្រៅរបងផ្នែកខាងត្បូងក្រុមហ៊ុនរុករករ៉ែដែលខុម ក្នុងស្រុករវៀង ខេត្តព្រះវិហារ។ រូបភាពថតកាលពីថ្ងៃទី១៤ធ្នូ២០២១។ ខេមបូចា/ វណ្ណ វិចារ

ខេត្តព្រះវិហារ៖ នៅក្នុងផែនការអភិវឌ្ឍន៍ជាតិរបស់រដ្ឋាភិបាលកម្ពុជាឆ្នាំ ២០០៩-២០១៣  បាននាំឱ្យមានការផ្ដល់ដីសម្បទានសម្រាប់ក្រុមហ៊ុនឯកជននានា ដើម្បីប្រកអាជីវកម្មកសិឧស្សាហកម្ម និងអាជីវកម្មរុករករ៉ែផ្សេងៗនៅតំបន់សក្ដានុពលមួយចំនួននៅទូទាំងប្រទេស។ ក្នុងនោះក្រុមហ៊ុនសាជីវកម្មខ្មែរចិន មានឈ្មោះថា ដែលខុម  (កម្ពុជា) ភីធីអ៊ី អិលធីឌី (DELCOM Campuchea PLC.Ltd) បានទទួលអាជ្ញាប័ណ្ណក្នុងឆ្នាំ២០០៩ ដើម្បី​រុក​រករ៉ែមាសក្នុងភូមិទទឹម ឃុំរមទម ស្រុករវៀងខេត្តព្រះវិហារ។

ជាងដប់ឆ្នាំបន្ទាប់ពីមានវត្តមានក្រុមហ៊ុនរុករករ៉ែមាស សហគមន៍រំដេងមានសភាពអ៊ូអរលែងសូវស្ងប់ស្ងាត់ ប៉ុន្តែសហគមន៍រំដេងក៏បានជួបបញ្ហាជាច្រើនផងដែរ។ សហគមន៍នេះបានបាត់បង់ព្រៃស្ទើរគ្មានសល់ ខណៈដែលប្រជាពលរដ្ឋរស់ប្រឈមបញ្ហាសុខភាពនិងជាពិសេសរងនូវទំនាស់ដីធ្លីដ៏រ៉ាំរ៉ៃ។

អង្គុយក្រោមសំយ៉ាបផ្ទះប្រក់ស័ង្កសី អតីតគ្រូបង្រៀនកម្រិតបឋមនិងជាអ្នកតំណាងរបស់ប្រជាពលរដ្ឋតំបន់រំដេង បុរសវ័យ៦៥ឆ្នាំឈ្មោះ ទុយ ឆេង ប្រាប់ថា លោកចង់ត្រលប់ទៅរស់នៅពីសភាពអតីតកាល ពោលគឺមុនក្រុមហ៊ុនចូលមក។ លោករៀបរាប់ថា  ក្រុមគ្រួ​សាររបស់គាត់ចូលមករស់នៅតំបន់រំដេងនេះតាំងពីទសវត្សន៍ឆ្នាំ២០០០​មក។

លោក ទុយ ឆេង រំលឹកពីអនុស្សាវរីយ៍ដំបូងពេលដែលចូលមករស់នៅតំបន់រំដេង ជិតភ្នំដែកយ៉ាងដូច្នេះថា៖«ស្រុកកំណើតខ្ញុំនៅកំពង់ចាម។ដល់ពេលកូនច្រើន(៥នាក់)ជីវភាពក្រលំបាកពេក ណាមួយប្រាក់ខែតិច ខ្ញុំក៏នាំប្រ​ពន្ធ​កូនចូលមក​​រស់នៅទីនេះជាទឹកដីស្រុករវៀងខេត្តព្រះវិហារ»។

លោកបន្ថែមថា ដំបូងឡើយតំបន់រំដេងនេះមានពលរដ្ឋរស់នៅ​ប្រមាណពី២០ទៅ៣០គ្រួសារប៉ុណ្ណោះ។

លោក ទុយ ឆេង និយាយថា៖«កាលទើបចូលមករស់នៅនោះ អ្នកភូមិយើងមានគ្នាតិចណាស់។យើងរកស៊ីធ្វើចម្ការ រែងមាស រកអនុផលព្រៃឈើអីផ្សំគ្នា។ របរទាំងអស់នេះនាំឱ្យជីវភាពយើងគ្រាន់បើជាងស្រុកកំណើត»។

តំណាងប្រជាសហគមន៍ លោក ទុយ ឆេង ផ្ដល់បទសម្ភាសន៍ឲ្យអ្នកសារព័ត៌ខេមបូចា ស្ថិតនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ។ រូបភាពថតកាលពីថ្ងៃទី១៤ធ្នូ២០២១។ ខេមបូចា/ វណ្ណ​ វិចារ
តំណាងប្រជាសហគមន៍ លោក ទុយ ឆេង ផ្ដល់បទសម្ភាសន៍ឲ្យអ្នកសារព័ត៌ខេមបូចា ស្ថិតនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ។ រូបភាពថតកាលពីថ្ងៃទី១៤ធ្នូ២០២១។ ខេមបូចា/ វណ្ណ​ វិចារ

ស្ត្រីម៉េម៉ាយវ័យ៥៨ឆ្នាំ អ្នកស្រី ម៉ៅ ម៉ាច ប្រាប់ថា មុនមកនៅរំដេងផ្ទះចាស់របស់អ្នកស្រីនៅទីរួមស្រុករ​វៀង ដែលនៅចម្ងាយប្រមាណជាង២០គីឡូម៉ែត្រពីផ្ទះសព្វថ្ងៃនេះ។អ្នកស្រីបន្តថា  ក្រុមគ្រួសារគាត់មករស់នៅតំបន់រំដេងកាលពីឆ្នាំ២០០៥ មកប្រកបរបររែងមាស។

អ្នកស្រី ម៉ៅ ម៉ាច និយាយថា៖«ប្ដីខ្ញុំគាត់ក៏មករែងមាសនៅនេះ ពួកយើងក៏នាំគ្នាមកទាំងអស់គ្នាទៅ។ កាល​​ហ្នឹងកូន៣នាក់ ដល់មកនៅរំដេងនេះមានកូន២ទៀតសរុប៥នាក់។ ប៉ុន្មានឆ្នាំដំបូង នៅនេះសំបូរណាស់ទាំងត្រីតាមអូរតាមស្ទឹង ទាំងសត្វផ្សេងៗ ហើយក៏អាចរកមាសបានចំណូលគួរសមដែរ»។

មេឃុំរមទមស្រុករវៀង លោក សំ មុត ឱ្យដឹងថា កំណើនប្រជាពលរដ្ឋនៅតំបន់រំដេងនេះកើនឡើងជាបន្តបន្ទាប់ ដោយបណ្ដាលមកពីរបររែងមាស។

លោក សំ មុត​ មានប្រសាសន៍៖ «ពលរដ្ឋមករស់នៅហ្នឹងពួកគាត់សង្ឃឹមលើរបររកមាស និងរកឈើអីចឹងទៅ។តាំងពីឆ្នាំ២០០០មក មនុស្សកើនរហូតមកដល់បច្ចុប្បន្នមានជាង​២០០គ្រួសារ នេះមិនរាប់អ្នកចំណូលស្រុកដែលមករកស៊ីជួលដីគេធ្វើចម្ការឬធ្វើ​របររ៉ែមាសអីនោះទេ» ។

តំបន់រំដេងស្ថិតភូមិសាស្ត្ររដ្ឋបាលក្នុងភូមិទទឹម ឃុំរមទម ស្រុករវៀងខេត្តព្រះវិ​ហារ ដែលមានចម្ងាយប្រមាណជិត១០គីឡូម៉ែត្រពីផ្លូវជាតិលេខ៦២(ពីកំពង់ធំទៅទីរួមខេត្តព្រះវិហារ)។ ស្ថិតិពីសាលាឃុំរមទមឱ្យដឹងថាគិតត្រឹមដើមឆ្នាំ២០២២នេះតំបន់រំដេងមានប្រជាពលរដ្ឋរស់នៅប្រមាណជាង២០០គ្រួសារ។

ឯកសារពីអង្គការទិន្នន័យអំពីការអភិវឌ្ឍន៍(ODC) បង្ហាញថា ក្រុមហ៊ុន ដែលខុម (កម្ពុជា) ភីធីអ៊ី អិលធីឌី ជាក្រុមហ៊ុមសាជីវកម្មខ្មែរបរទេស (កម្ពុជា-ចិន) សិក្សាទៅលើគម្រោងការធ្វើអាជីវកម្មរ៉ែមាស នៅតំបន់ភ្នំដែក ឃុំរម្យទម ស្រុករវៀង ខេត្តព្រះវិហារ ក្នុងទំហំទឹកប្រាក់វិនិយោគដំបូងចំនួន ៥០០លានរៀល(១លាន២សែន៥ម៉ឺនដុល្លារ) នៅលើផ្ទៃដីទំហំ ១០០ហិកតា។ ក្រុមហ៊ុមវិនិយោគទឹកប្រាក់បន្ថែមចំនួន ២,៤៥ លានដុលា្ល ដើម្បីរៀបចំប្រព័ន្ធផលិតកម្មមាស និងហេដ្ឋារចនាសម្ព័ន្ធមូលដ្ឋាន និងការសាងសង់ផ្លូវផ្សេងៗ។

ព្រៃឈើភាគច្រើនបាត់បង់ក្នុងរយៈដប់ឆ្នាំ ក្រោយពីវត្តមានក្រុមហ៊ុនរ៉ែមាស

របាយការណ៍សិក្សាហេតុប៉ះពាល់បរិស្ថានដំណាក់កាលដំបូងរបស់គម្រោងរុករករ៉ែមាសក្រុមហ៊ុនដែលខុម បង្ហាញថា ផ្ទៃដីទាំងមូលនៃគម្រោងរ៉ែមាស គឺជាគម្របព្រៃឈើ។ ក្នុងនោះ១០%ជាព្រៃស្រោងឬជាព្រៃដែលមានដើមឈើធំៗនិង​៩០%ជាព្រៃល្បោះគឺ ជាព្រៃដែលមានដើមឈើកម្ពស់មធ្យម។ប៉ុន្តែសព្វថ្ងៃនេះតំបន់រំដេងទាំងមូលគ្មានព្រៃស្រោងទៀតទេ។ ព្រៃល្បោះមានដោយកន្លែងលើផ្ទៃដីតូចៗប៉ុណ្ណោះ។

តំណាងប្រជាសហគមន៍ លោក ទុយ ឆេង ឱ្យដឹងទៀតថា បន្ទាប់ពីទទួលបានដី​សម្បទាន​សេដ្ឋកិច្ចពីរាជរដ្ឋាភិបាល ក្រុមហ៊ុនបានផ្ដើមឈូសឆាយដីព្រៃដើម្បីធ្វើអាជីវកម្ម។ លោកបន្តថា ដំណាលគ្នានោះប្រជាសហគមន៍ក៏រានដីធ្វើចម្ការដែរ ដោយពួកគេយល់ថា បើទុកព្រៃនៅគង់នឹងអស់ដដែល។លោក រំលឹក​ថា ពីអតីតកាលតំបន់រំដេងជាតំបន់ សំបូរ​ព្រៃឈើហើយ​ព្រៃទាំងនោះបានបាត់បង់ជាបន្តបន្ទាប់រហូតមក។

លោក ទុយ ឆេង «កាលខ្ញុំរើឆ្នាំងចានមកនៅហ្នឹង នៅកន្លែងនេះព្រៃជិតឈឹង។ផ្លូវចូលមានតែផ្លូវរទេះមួយប៉ុណ្ណោះ សុទ្ធតែព្រៃមិនដូចឥឡូវទេ»។

មេឃុំរមទម លោក សំ មុត លើកឡើងថា ប្រជាពលរដ្ឋតំបន់រំដេងមិនអាចពឹងអាស្រ័យលើអនុផលព្រៃឈើដូចពីមុនឡើយ។

លោក សំ មុត បានបន្តថា ៖«ប្រជាជនយើងខ្ញុំភាគច្រើនគាត់ធ្វើចម្ការ ធ្វើស្រែ អ្នកខ្លះគេរែងមាសធ្វើអីខ្លះទៅ។បើពឹងឈើឬអនុផលព្រៃឈើដូចកាលជាង១០ឆ្នាំមុនអីនោះអត់កើតទេ ព្រោះយើងអស់ឈើហើយ»។

គ្រឿងចក្រកំពុងឈូសឆាយព្រៃក្នុងបរិវេណក្រុមហ៊ុនរុករករ៉ែមាស នៅតំបន់រំដេងក្នុងស្រុករវៀង ខេត្តព្រះវិហារ។ រូបភាពថតកាលពីថ្ងៃទី១៤ធ្នូ២០២១។ ខេមបូចា/ វណ្ណ​ វិចារ

កាលពីខែមុនគ្រឿងចក្ររបស់ក្រុមហ៊ុនដែលខុម បើកប្រតិបត្តិការឈូសឆាយដីព្រៃដែលនៅសល់បន្តទៀត។គ្រឿងចក្រ២គ្រឿងបានធ្វើការយ៉ាងសកម្មនៅកណ្ដាលថ្ងៃក្ដៅហែង ចាប់តាំងពីព្រឹករហូតទល់ល្ងាច។

អ្នកបើកគ្រឿងចក្រម្នាក់ ស្រែកប្រាប់អ្នកសារព័ត៌មានថា៖«មេខ្ញុំប្រាប់ឱ្យឈូសព្រៃទាំងអស់(ដីកម្មសិទ្ធិក្រុមហ៊ុន) មិនទាន់ដឹងថាថ្ងៃណារួចទេបង ពួកខ្ញុំទើបបានធ្វើការបីថ្ងៃ»។

នៅអមសងខាងផ្លូវលំចូលតំបន់រំដេងនៅសល់គម្ពោតព្រៃស្ដើងៗនិងចម្ការដំឡូងមីរាប់រយហិកតាមើលសឹងដាច់កន្ទុយភ្នែក។ អំឡុងខែធ្នូដើមរដូវប្រាំង ចម្ការខ្លះផ្ដើមប្រមូលផលដំឡូងមី ចម្ការខ្លះទៀតប្រមូលផលរួច និងចម្ការខ្លះមិនទាន់ប្រមូលផលនៅឡើយ។ ដីធ្លីមួយចំនួនទៀតមានដោតបង្គោលប្រកាសដាក់លក់ ដីខ្លះព័ទ្ធរបងជុំវិញ។

នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ មានប្រសាសន៍ថា  តំបន់រំដេងបានបាត់បង់ព្រៃឈើ ដោយសារតែមានវត្តមានក្រុមហ៊ុនរុករករ៉ែមាស ក្រុមហ៊ុនទទួលដីសម្បទានសេដ្ឋកិច្ច និងការរានដីធ្វើចម្ការពីសំណាក់ប្រជាពលរដ្ឋ។

លោកបន្តថា «រឿងព្រៃឈើនោះបាត់បង់ស្ទើរអស់ហើយ។មួយភាគខាងក្រុមហ៊ុនទៅនិងមួយផ្នែកទៀតខាងបងប្អូនអ្នកស្រុក គាត់រានធ្វើចម្ការធ្វើស្រែចិញ្ចឹម ជីវិត។បាត់បង់ព្រៃឈើមិនត្រឹមតែប៉ះពាល់ដល់មុខរបរទេក៏ប៉ះពាល់ដីទំនៀមទម្លាប់របស់បងប្អូនប្រជាពលរដ្ឋរស់នៅទីនោះដែរ»។

ដំណើរការចម្រាញ់រកមាស បានបំពុលទឹកនៅតំបន់រំដេង

ប្រជាពលរដ្ឋរស់នៅតំបន់រំដេងទាំងមូលធ្លាប់ប្រឈមនឹងហារនីភ័យខ្ពស់ដោយសារតែគុណភាពទឹកមិនស្អាត។ សារជាតិគីមីដែលគេប្រើប្រាស់ដើម្បីច្រោះយកមាស បានហូរជ្រាបចូល​ក្នុងដីនិងប្រភពទឹករបស់ប្រជាសហគមន៍។ ប្រជាពលរដ្ឋឱ្យដឹងថា សត្វពាហនៈរបស់អ្នកភូមិមួយចំនួនបានឈឺនិងងាប់ជាបន្តបន្ទាប់ដោយគ្មានមូលហេតុ។

តំណាងប្រជាសហគមន៍ លោក ទុយ ឆេង ឱ្យដឹងថា សត្វគោក្របីរបស់អ្នកស្រុកជាច្រើនក្បាល​បានងាប់ជាបន្តបន្ទាប់កាលពីប៉ុន្មានឆ្នាំមុន ដោយសារតែផឹកទឹកដែលហូរចេញពីទីតាំងចម្រាញ់រ៉ែមាស។

លោក ទុយ ឆេង ៖«កាលមុនៗគោក្របីបងប្អូនយើងងាប់រាល់ឆ្នាំមិនដែលខានទេ។តែបីឆ្នាំក្រោយនេះអត់មានគោក្របីងាប់ឡើយ ដោយសារប្រជាជននៅភូមិយើងគាត់ប្រយ័ត្នប្រយ៉ែងខ្លាំងជាមុន មិនហ៊ានចងគោឬលែងគោផ្ដេសផ្ដាសទេ​ព្រោះខ្លាចគោងាប់ទៀត»។

ការដ្ឋានរុករករ៉ែមាសរបស់ក្រុមហ៊ុនដែលខុម ស្ថិតនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ។ រូបភាពថតកាលពីថ្ងៃទី១៤ធ្នូ២០២១។ ខេមបូចា/ វណ្ណ​ វិចារ
ការដ្ឋានរុករករ៉ែមាសរបស់ក្រុមហ៊ុនដែលខុម ស្ថិតនៅក្នុងស្រុករវៀង ខេត្តព្រះវិហារ។ រូបភាពថតកាលពីថ្ងៃទី១៤ធ្នូ២០២១។ ខេមបូចា/ វណ្ណ​ វិចារ

ក្រៅពីក្រុមហ៊ុនដែលខុម តំបន់រំដេងមានការដ្ឋានរ៉ែមាសតូចៗរាប់សិបកន្លែងកំពុងប្រជែងគ្នាបូមទឹកច្រោះយករ៉ែមាស។សម្លេងម៉ាស៊ីនបូមទឹករាប់សិបគ្រឿងបន្លឺសម្លេងកងរំពងពេញភូមិតាំងពីព្រឹកព្រលឹមរហូតដល់ថ្ងៃលិច។ទឹកថ្លុកតូចៗនៅតាមការដ្ឋានរ៉ែមាសទាំងនោះល្អក់ខ្វល់ ចំណែកឯទឹកនៅជាប់របងក្រុមហ៊ុនដែលខុម ឡើងពណ៌ទឹកក្រូចនិងមានអណ្ដែតលើទឹកផង។

អ្នកខេត្តកំពង់ចាមម្នាក់អាយុ៣៥ឆ្នាំ គឺ លោក សេង សៅ ប្រាប់ថា គាត់ប្រកបរបររែងមាសនៅរំដេងជាងមួយឆ្នាំមកហើយ។សមាជិកក្រុមគ្រួសារគាត់ចំនួន៥នាក់ បានជួលដីគេដើម្បីប្រកបរបរនេះ ប៉ុន្តែលោកមិនបានប្រើសាធាតុគីមីដើម្បីច្រោះយកមាសនោះទេ។

លោក សេង សៅ និយាយថា«ខ្ញុំជួលដីគេមួយខែ៣០០ដុល្លារ យករែងមាស។គឺបូមទឹកបាញ់លើកន្ត្រង យកតែម្ដងអត់មានប្រើគីមីអីទេ តែក៏ធ្លាប់ដឹងថាមានគេប្រើជាតិគីមីដែរ»។

មន្ត្រីសម្របសម្រួលសហគមន៍របស់អង្គការអនុផលព្រៃឈើ លោក ប៉ែន ប៉ាក់ ប្រាប់ថា ស្ថាប័នរបស់លោកបានប្រមូលសំណាកទឹកនៅតំបន់រំដេងបញ្ជូនទៅកាន់មន្ទីរឧស្សហកម្មនិងសិប្បកម្មខេត្តព្រះវិហារ ដើម្បីត្រួតពិនិត្យរកមើលជាតិពុល។ប៉ុន្តែលោកបដិសេធមិនបង្ហាញលទ្ធផល​​ធ្វើពិសោធន៍លើសំណាកគុណភាពទឹកនៅតំបន់រំដេងឡើយ។

លោក ប៉ែន ប៉ាក់ និយាយថា ៖«សូមទោស មេខ្ញុំគាត់មិនឲ្យនិយាយជាមួយអ្នកកាសែតទេ ហើយក៏មិនអាចប្រាប់លទ្ធផលនៃការធ្វើតេស្តលើសំណាកទឹកនៅរំដេងនេះបានដែរសូមបងរកប្រភព​ផ្សេងទៅ»។

ប្រជាពលរដ្ឋកំពុងបូមដីរែងយកមាស នៅជាយភូមិក្នុងតំបន់រំដឹង ក្នុងស្រុករវៀង ខេត្តព្រះវិហារ។ រូបភាពថតកាលពីថ្ងៃទី១៤ធ្នូ២០២១។ ខេមបូចា/ វណ្ណ​ វិចារ

តំណាងប្រជាសហគមន៍លោកទុយ ឆេង ក៏ជាអ្នកស្ម័គ្រចិត្តភូមិដោយធ្វើការងារជាមួយសង្គមស៊ីវិលពាក់ព័ន្ធ ដើម្បីយកសំណាកទឹកពីតំបន់រំដេងមកពិនិត្យគុណភាពទឹក។ លោកបន្តថា បញ្ហាជាតិពុលនៅក្នុងទឹកនេះនៅតែជាបញ្ហាគួរឱ្យព្រួយបារម្ភ។

លោក ទុយ ឆេង បន្តថា ៖«ខ្ញុំយកទឹកឲ្យអង្គការគេពិសោធន៍ហ្នឹងគេមានកម្រិតសារជាតិពុល។  កម្រិតសារធាតុពុលពណ៌ទឹកក្រូចដែលជាកម្រិតត្រូវប្រុងប្រយ័ត្នខ្ពស់​ និងកម្រិតពណ៌ក្រហមជាកម្រិតពុលខ្លាំង(ហាមឃាត់ប្រើប្រាស់)។ ជាលទ្ធផលទឹកនៅទីនេះ ភាគច្រើនស្ថិតនៅកម្រិតប្រុងប្រយ័ត្នខ្ពស់ បានន័យថាពុលដែរតែអាចយកទៅដាំបាយបានបើប្រើប្រាស់វិធីចម្រោះត្រឹមត្រូវ តែបើមិនចម្រោះទេមិនអាចប្រើបានទេ»។

លោកបន្តថា ទីតាំងប្រភពទឹកនៅក្បែរនឹងក្រុមហ៊ុនដែលខុម មានកម្រិតជាតិពុលខ្ពស់និងគ្រោះថ្នាក់ដែលមិនអាចប្រើប្រាស់បានឡើយ។

លោក ទុយ ឆេង ៖«ទឹកនៅស្រះជាប់របងក្រុមហ៊ុននិងនៅកូនស្ទឹងនៅខាងត្បូងក្រុមហ៊ុនហ្នឹង កម្រិតពុលគ្រោះថ្នាក់ខ្លាំងដល់ពណ៌ក្រហមហើយ ចម្រោះបែបណាក៏មិនអាចប្រើបានដែរ ។​ខាងជំនាញគេហាមឃាត់បងប្អូនយើងប្រើប្រាស់តែម្ដងសូម្បីគោក្របីក៏មិនអាចឱ្យទៅជិតទេ»។

ប្រជាសហគមន៍ភាគច្រើននៅតំបន់រំដេងមិនហ៊ានយកទឹកក្នុងស្ទឹងស្រះឬអណ្ដូង យកទៅផឹកឬដាំស្លនោះឡើយ បើទោះបីជាពួកគេប្រើវិធីចម្រោះទឹកក៏ដោយចុះ។ប្រជាពលរដ្ឋតំបន់រំដេងនេះត្រូវចំណាយថវិកាមួយចំនួនទិញទឹកយកទៅផឹកឬដាំស្ល។

អ្នកស្រី ម៉ៅ ម៉ាច ឱ្យដឹងថា គ្រួសារគាត់ទិញទឹកសម្រាប់ផឹកនិងដាំស្លចំនួន៤០លីត្រជារៀងរាល់​ថ្ងៃ។

អ្នកស្រី ម៉ៅ ម៉ាច បន្តថា៖ « ផ្ទះខ្ញុំនេះគ្នាច្រើន ប្រើច្រើន ម្ងៃៗអស់២កាដុង(៤០លីត្រ) ក្នុងមួយកាដុងគេលក់៣ពាន់រៀល សរុបទៅអស់៦ពាន់មួយថ្ងៃ។បើសិនជាយើងអាចប្រើទឹកអណ្ដូងទឹកស្រះក្នុងភូមិ បានលុយហ្នឹងសល់ហើយមើលទៅ បើសល់ក៏ធូរជាងសព្វថ្ងៃដែរ។

ប្រជាសហគមន៍ឱ្យដឹងថាមានឡានទឹក២ទៅ៣គ្រឿងចូលមកលក់ទឹកជារៀងរាល់ថ្ងៃក្នុង​ទីប្រជុំជនតំបន់រំដេង។

ប្រធានមន្ទីររ៉ែនិងថាមពលខេត្តព្រះវិហារ លោក យូ ចិន្តាយុទ្ធ មិនអាចទាក់ទងសុំការអត្ថាធិប្បាយបញ្ហាពុលទឹកពីការជីករ៉ែមាសបាននោះទេ។

នាយករដ្ឋបាលសាលាខេត្តព្រះវិហារ លោក យ៉ុង គឹមហឿន បដិសេធពីករណីទឹកមានសារធាតុពុលនៅតំបន់រំដេង។ លោកអះអាងថា អាជ្ញាធរជំនាញបានតាមដានយ៉ាងយកចិត្តទុកដាក់ពីបញ្ហានេះ។

លោក យ៉ុង គឹមហឿន មានប្រសាសន៍ថា ៖«រឿងទឹកពុលអីហ្នឹងគ្រាន់ជាក្ដីកង្វល់ឬការព្រួយបារម្ភរបស់ពលរដ្ឋប៉ុណ្ណោះ។ ពលរដ្ឋគាត់ចេះតែភ័យទៅ»។ លោកបន្ថែមថា៖ «ខាងមន្ទីរជំនាញរបស់ខេត្តគេនៅប្រចាំការទីនោះផ្ទាល់តែម្ដង សារធាតុពុលមិនអាចចេញពីរោងចក្របានទេ ក្រុមហ៊ុនមានការគ្រប់គ្រងត្រឹមត្រូវ»។

 ក្រុមហ៊ុនរករ៉ែមាសក្លាយជាគូទំនាស់ទល់នឹងពលរដ្ឋក្នុងរឿងដីធ្លី

សំណុំរឿងទំនាស់ដីធ្លីរវាងប្រជាសហគមន៍តំបន់រំដេងចំនួនជិត៣០គ្រួសារនិងក្រុមហ៊ុនដែលខុម បានអូសបន្លាយអស់ជាច្រើនឆ្នាំមកហើយ។ ក្រុមហ៊ុនដែលខុមធ្លាប់បានឈូសឆាយប៉ះចំលើដីប្រជាពលរដ្ឋរស់នៅតំបន់រំដេង និងធ្លាប់បានសងសំណងថ្លៃដីធ្លីនោះផង។ ប៉ុន្តែមុននឹងសងក្រុមហ៊ុនធ្លាប់ប្ដឹងប្រជាពលរដ្ឋសហគមន៍រំដេងទៅតុលាការខេត្តព្រះវិហាររួចទៅហើយ។

តំណាងប្រជាសហគមន៍ លោក ទុយ​ ឆេង ឱ្យដឹងថាលោកនិងអ្នកភូមិបួននាក់ទៀតធ្លាប់ត្រូវបានតុលាការកោះហៅទៅសាកសួរតាមបណ្ដឹងរបស់ក្រុមហ៊ុនដែលខុមកាលពីឆ្នាំ២០១៥ក្នុងសំណុំរឿងដីធ្លី។ លោកថា បណ្ដឹងប្រឆាំងនឹងរូបលោកនេះ ជាការគំរាមកំហែងមួយ។

លោក ទុយ ឆេង៖«ខាងក្រុមហ៊ុនធ្លាប់ប្ដឹងខ្ញុំទៅតុលាការ ប្ដឹងខ្ញុំទៅប៉ុស្តិ៍ប៉ូលិសគេថាខ្ញុំហ្នឹងដឹកនាំប្រជាពលរដ្ឋទន្ទ្រានដីក្រុមហ៊ុន។តែខ្ញុំនៅតែតស៊ូព្រោះដីធ្លីទាំងអស់នេះជាញើសឈាមរបស់អ្នកភូមិ ។អ្នកភូមិមកនៅមុនក្រុមហ៊ុន ហេតុអីថាអ្នកភូមិយកដីក្រុមហ៊ុនទៅកើត»។

នៅមុនឆ្នាំ២០១៧ ទំនាស់ដីធ្លីជាង២០ហិកតា នៅតំបន់រំដេងស្រួចស្រាវខ្លាំងរហូតគណបក្សប្រជាជនកម្ពុជាបាត់បង់សំឡេងគាំទ្រស្ទើរតែទាំងស្រុង។ តំណាងម្នាក់របស់ប្រជាសហគមន៍លោក សំ មុត បានចូលប្រឡូកក្នុងឆាកនយោបាយជាមួយ​គណបក្សសង្គ្រោះជាតិដែលជាបក្សប្រឆាំង ហើយត្រូវពលរដ្ឋបោះឆ្នោតឱ្យជាប់ជាមេឃុំតែម្ដងក្នុងការការបោះឆ្នោតជ្រើសតាំងក្រុមប្រឹក្សាឃុំសង្កាត់អាណត្តិទី៤ឆ្នាំ២០១៧។ យ៉ាងណាក្ដីនៅពេលបក្សប្រឆាំងត្រូវរំលាយលោក សំ មុត បានចុះចូលជាមួយគណបក្សប្រជាជនកម្ពុជាវិញ ដោយកាន់តំណែងមេឃុំដដែល។

មេឃុំរមទម លោក សំ មុត អះអាងថា ទំនាស់ដីធ្លីរវាងអ្នកភូមិនិងក្រុមហ៊ុនមិនទាន់បិទបញ្ចប់នៅឡើយ តែលោកក៏មិនបានចូលរួមដោះស្រាយចំពោះបញ្ហានេះដែរ។

លោក សំ មុត លើកឡើងថា ៖«ខ្ញុំធ្លាប់ជាតំណាងម្នាក់របស់អ្នកភូមិដែរហេតុនេះទើបខ្ញុំឈរឈ្មោះធ្វើមេឃុំទៅ​។​ ពេលបក្សចាស់ត្រូវរំលាយខ្ញុំក៏រួមរស់នឹង​បក្សសព្វថ្ងៃ(CPP) ហេតុនេះរឿងដោះស្រាយដីធ្លីអីហ្នឹងគឺខាងអភិបាលស្រុកជាអ្នករ៉ាប់រងជាមួយមេឃុំចាស់ គេដោះដល់ណាដល់ណាខ្ញុំមិនបានដឹងច្បាស់ទេគ្រាន់តែលឺបងប្អូនប្រជាពលរដ្ឋប្រាប់ថាមិនទាន់ស្រេចបាច់នៅឡើយ»។

អភិបាលស្រុករវៀងខេត្តព្រះវិហារ លោក ហោ ប៊ុនហួរ មានប្រសាសន៍ថា លោកមិនអាចបំភ្លឺរឿងទំនាស់ដីធ្លីនៅតំបន់រំដេងតាមរយៈទូរសព្ទបានទេ។

លោក ហោ ប៊ុនហួរ៖«ខ្ញុំចង់ប្រាប់បងថារឿងនេះវែងឆ្ងាយណាស់ ខ្ញុំមិនអាចបរិយាយអស់តាមទូសព្ទទេសូមអធ្យាស្រ័យ»។

តំណាងសហគមន៍ លោក ទុយ ឆេង ចង្អុលប្រាប់ពីទីតាំងទំនាស់់ដីធ្លីរវាងក្រុមហ៊ុនរុករករ៉ែមាសនិងពលរដ្ឋ នៅតំបន់រំដេង ក្នុងស្រុករវៀង ខេត្តព្រះវិហារ។ រូបភាពថតកាលពីថ្ងៃទី១៤ធ្នូ២០២១។ ខេមបូចា/ វណ្ណ​ វិចារ

នាយកប្រតិបត្តិអង្គការពន្លកខ្មែរ លោក ប៉ឹក សោភ័ណ មានប្រសាសន៍ថា ទំនាស់ដីធ្លីនៅតំបន់រំដេងមិនទាន់ដោះស្រាយរួចរាល់ទេ ហើយពលរដ្ឋនៅទីនោះកំពុងស្វែងរក​កិច្ចអន្តរាគមន៍ពីភាគីពាក់ព័ន្ធនានា។

លោក ប៉ឹក សោភ័ណ៖«បើថាដោះស្រាយរួចគឺមិនទាន់រួចទេ ព្រោះពលរដ្ឋគាត់នៅមិនសុខចិត្តពួកគាត់យល់ថាអយុត្តិធម៌។ពួកគាត់មកសុំអន្តរគមន៍ពីខាងសង្គមស៊ីវិលលើជំនួយផ្លូវច្បាប់នានាទៀតផង។ខ្ញុំទទួលបានព័ត៌មានថាពលរដ្ឋបានដាក់ពាក្យបណ្ដឹងនានាចូលទៅក្រសួងមហាផ្ទៃ ចូលទៅសាលាខេត្តតាំងពីពាក់កណ្ដាលឆ្នាំមុនតែមិនទាន់ឃើញចំណាត់ការនៅឡើយ»។

លោក ប៉ឹក សោភ័ណ បន្តថា លោកកំពុងបារម្ភថាទំនាស់ដីធ្លីនៅឃុំរមទមអាចនឹងរីកធំឡើងវិញបន្ទាប់ពីមានកំណើនក្រុមហ៊ុនឯកជនវិនិយោគនៅទីនោះ។

លោក ប៉ឹក សោភ័ណ៖«បច្ចុប្បន្នមិនមែនតែដែលខុមមួយទេគឺមានក្រុមហ៊ុន២ទៀតចូលមក ទី១ឈ្មោះស៊ីនសាន និងទី២ក្រុមហ៊ុនគីមជាធួន។យើងខ្ញុំយល់ថា អាជ្ញាធរគួរសិក្សាដោះស្រាយបញ្ហាដែលកើតឡើងនានាដោយតម្លាភាពទើបទទួលបានការគាំទ្រពីគ្រប់មជ្ឈដ្ឋាន»។

ក្រុមហ៊ុនសានស៊ីន ជាក្រុមហ៊ុនដែលសិក្សាស្រាវជ្រាវរុករករ៉ែមាស ចំណែកឯក្រុមហ៊ុនគឹមជាធួន ជាក្រុមហ៊ុនវិនិយោគលើដំណាំកសិឧស្សហកម្មដាំដំឡូងមី។ពលរដ្ឋដាក់ការសង្ស័យថាក្រុមហ៊ុនទាំងពីរនេះជាបុត្រសម្ព័ន្ធតែមួយរបស់ក្រុមហ៊ុនដែលខុម ព្រោះតែក្រុមហ៊ុនទាំងបីនេះមានមេការគ្រប់គ្រងតែម្នាក់។

មេការក្រុមហ៊ុនទាំងនោះ បដិសេធមិនផ្តល់ព័ត៌មានលម្អិត និងមិនផ្តល់ឈ្មោះនោះទេ ដោយនិយាយខ្លីថា «ខ្ញុំអត់និយាយបានទេបង សូមទោស»

ទោះជាយ៉ាងណាក្ដី នាយករដ្ឋបាលសាលាខេត្តព្រះវិហារ លោក យ៉ុង គឹមហឿន មានប្រសា​សន៍ថា ក្រុមហ៊ុនទាំងបីនោះមិនមែនជាក្រុមហ៊ុនតែមួយនោះទេ។ លោកបន្តថា អាជ្ញាធរនឹងឈានទៅបិទបញ្ចប់ទំនាស់ដីធ្លីក្នុងតំបន់រំដេងនៅពេលឆាប់ៗខាងមុខ។

លោក យ៉ុង គឹមហឿន«បីក្រុមហ៊ុននោះផ្សេងគ្នាទេមិនមែនជាតែមួយឡើយ។ អាជ្ញាធរគ្រប់ជាន់ថ្នាក់ខេត្តយើងដោះស្រាយបញ្ហាទំនាស់ដីធ្លីនឹងសឹងតែអស់ហើយនៅសល់តិចតួចប៉ុណ្ណោះ ដែលយើងនឹងព្យាយាមដោះស្រាយបញ្ចប់នៅពេលមុខដ៏ខ្លីណាមួយ»។  

ឯកសារដែលខេមបូចាទទួលបានបង្ហាញថាការដ្ឋានស្រាវជ្រាវរុករករ៉ែមាសក្រុមហ៊ុនដែលខុម ប្រើប្រាស់កម្លាំងពលកម្មភាគច្រើនជាជនបរទេស ក្នុងនោះវិស្វករជនជាតិចិន៥នាក់ កម្មករចិនប្រមាណជាង៣០នាក់ អ្នកដាំស្ល៣នាក់ និងបុគ្គលិកសន្តិសុខជាជនជាតិខ្មែរ១៥នាក់។

លោកទុយ ឆេង និយាយថា  ការវិនិយោគរបស់ក្រុមហ៊ុនរុករករ៉ែមាសមិនបានផ្ដល់ផលចំណេញអ្វីបន្តិចឡើយចំពោះសហគមន៍មូលដ្ឋាន។

លោក ទុយ ឆេង«ខ្ញុំមិនដឹងថាក្រុមហ៊ុនគេបង់ពន្ធចូលរដ្ឋប៉ុន្មានអីប៉ុន្មានទេ។តែតាមមើលជាក់ស្ដែងគឺរោងចក្ររកមាសនេះអត់បានជួយអីដល់អ្នកភូមិទេ។ទឹកយើងក៏ពុលដីយើងក៏បាត់ព្រៃឈើក៏អស់ ផ្លូវចូលភូមិក៏ខូច ហើយពួកខ្ញុំជាប់បណ្ដឹងនៅតុលាការទៀត»

808 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម