សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ជាងដេគ័របួននាក់ត្រូវបានចាប់ខ្លួនសង្ស័យធ្វេសប្រហែសបណ្តាលឱ្យ​ឆេះខារ៉ាអូខេ និងសណ្ឋាគារ មួយកន្លែងក្នុងក្រុងភ្នំពេញ

ខារ៉ាអូខេ និងសណ្ឋាគារ ៦៩៦៩ ឃីស អ៊ីនធើធេនមេន ដែលឆេះកាលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបណ្តាលឱ្យមនុស្សចំនួន៨បានស្លាប់។ រូបថតនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)
ខារ៉ាអូខេ និងសណ្ឋាគារ ៦៩៦៩ ឃីស អ៊ីនធើធេនមេន ដែលឆេះកាលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ ស្ថិតនៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែលបណ្តាលឱ្យមនុស្សចំនួន៨បានស្លាប់។ រូបថតនៅថ្ងៃទី៣ ខែកក្កដា ឆ្នាំ២០២៣។ (ខេមបូចា/ ព្រីង សំរាំង)

ជាងដេគ័រ៤នាក់ត្រូវបានកម្លាំងនគរបាលខណ្ឌទួលគោកឃាត់ខ្លួននៅថ្ងៃទី២ ខែកក្កដា ដោយសង្ស័យ​បានធ្វេស​ប្រហែស​បង្កឱ្យមានភ្លើងឆេះខារ៉ាអូខេ និងសណ្ឋាគារ ៦៩៦៩ ឃីស អ៊ីនធើធេនមេន ស្ថិតនៅ​សង្កាត់​ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ ដែល​បណ្តាល​ឱ្យ​មនុស្ស​ចំនួន៨បាន​ស្លាប់កាលថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២៣ យោងតាមសមត្ថកិច្ចប៉ូលិស។

ស៊ឹម ពិសិដ្ឋ អធិការនរគបាលខណ្ឌទួលគោក បានឱ្យដឹង​នៅព្រឹកថ្ងៃទី៤ ខែកក្កដា ថា ជនសង្ស័យ​បួននាក់ កំពុងសាកសួរនៅអធិការខណ្ឌទួលគោក ពេលសាកសួរ សមត្ថកិច្ច​នឹងបញ្ជូនបន្តទៅតុលាការហើយ។ ប៉ុន្តែលោកអធិការបដិសេធឆ្លើយលម្អិតលើរឿងនេះ។

នគរបាលខណ្ឌទួលគោក បានឃាត់ខ្លួនជាងដេគ័រទាំង៤នាក់នៅថ្ងៃទី២​ ខែកក្កដា នៅពេល​ដែលសមត្ថកិច្ចប៉ូលិសបានស្រាវជ្រាវឃើញ បន្ទាប់ខារ៉ាអូខេ និងសណ្ឋាគារ ៦៩៦៩ ឃីស អ៊ីនធើធេនមេន ត្រូវបានភ្លើងឆេះកាលពីថ្ងៃទី១ ខែកក្កដា។ អ្នកទាំង​៨នាក់ដែល​ស្លាប់ក្នុង​នោះ​រួមមានជនជាតិចិន៦នាក់ (ប្រុស៥នាក់ និងស្រី១នាក់) និងជនជាតិវៀតណាម​២នាក់​(ប្រុស​កែភេទជាស្រី)។   

ជាងដេគ័រទាំងបួននាក់មានឈ្មោះ ទី១ ខុម សុផល សុផល ភេទប្រុស អាយុ៣០ឆ្នាំ មុខរបរ ជាងដេគ័រ។ ទី២ ឈ្មោះ សយ សាន្ត ភេទប្រុស អាយុ៣៤ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករដេគ័រ​។ ទី៣ ឈ្មោះ ឡាក់ លីន ភេទប្រុស អាយុ២៦ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករដេគ័រ។ ទី៤ ឈ្មោះ ខុន តាក់ ភេទប្រុស អាយុ៣៣ឆ្នាំ ជនជាតិខ្មែរ មុខរបរ កម្មករដេគ័រ។ អ្នកទាំងបួន​ស្នាក់​នៅ​បន្ទប់ជួលពុំចាំលេខ ផ្លូវជាតិលេខ៤ សង្កាត់កន្ទោក ខណ្ឌកំបូល ។ យោងតាមការបង្ហោះ​លើ​ទំព័រហ្វេសប៊ុក អធិការដ្ឋាននគរបាលខណ្ឌ ទួលគោក​។

របាយការណ៍ប៉ូលិស បានឱ្យដឹងថា ជាងដេគ័រម្នាក់ឈ្មោះ ខុម សុផល បានសារភាព​ប្រាប់​អធិការដ្ឋាន​នគរបាលខណ្ឌទួលគោកថា ពួកខ្លួន៨នាក់ជាងផ្នែកដេគ័រ ៣នាក់​ធ្វើការជាន់​ផ្ទាល់ដី ចំណែក៥នាក់ធ្វើការគាស់ពិដានដំបូលជាន់ទី៥ ដើម្បីជួសជុលបន្ទប់អាគារឡើងវិញ។ «ពួកខ្លួនកំពុងតែគាស់ពិដានក៏ស្រាប់តែមានផ្សែងហុយចេញពីផ្នែកខាងលើពិដានក្ដារកុងប្លាកេសាឡីកែវនៅលើពិដានបង្កជាអណ្ដាតភ្លើងឡើង ពេលនោះខ្លួនឃើញខ្សែភ្លើងប្រហែល​ប៉ុន​មេដៃ​​បង្គប់នៅនឹងឆ្អឹងដែកពិដានដាច់ចេញពីគ្នាគងនៅលើឆ្អឹងដែកចាប់ពិដានឆេះ ភ្លាម​នោះ​រូបខ្លួននិងកម្មករផ្សេងទៀតបាននាំគ្នាយកបំពង់ពន្លត់អគ្គីភ័យមកបាញ់​ពន្លត់ប៉ុន្តែ​មិន​រលត់​រឹតតែឆេះយ៉ាងសន្ធោរសន្ធៅឡើង»

របាយការណ័បន្តថា ក្រោយមកក៏មានកម្លាំងអគ្គីភ័យរបស់ស្នងការដ្ឋាននគរបាល​រាជធានី​ភ្នំពេញ ចុះមកអន្តរាគមន៍ជួយបាញ់ពន្លត់ រលត់ជាស្ថាពរនៅវេលាម៉ោង២០:៣០នាទី នាថ្ងៃ​ដដែល។

តាមការបញ្ជាក់នៅលើទំព័រអធិការដ្ឋាននគរបាលខណ្ឌទួលគោកដដែលថា ជនសង្ស័យទាំង​៤នាក់ កំពុងឃាត់ខ្លួនជាបណ្ដោះអាសន្ននៅ អធិការដ្ឋាននគរបាលខណ្ឌទួលគោក ដើម្បី​ធ្វើ​ការសាកសួរកសាងសំណុំរឿងបញ្ជូនទៅកាន់អយ្យការអមសាលាដំបូងរាជធានីភ្នំពេញដើម្បី​អនុវត្តនីតិវិធី ។

យ៉ាងហោចណាស់ មានមនុស្សចំនួន៨​នាក់បានស្លាប់ ក្នុងនោះមានជនជាតិចិន៦នាក់ និង​ជនជាតិវៀតណាម២នាក់​ដោយសារតែករណីអគ្គីភ័យឆេះខារ៉ាអូខេ និងសណ្ឋាគារ ៦៩៦៩ ឃីស អ៊ីនធើធេនមេន ស្ថិតនៅសង្កាត់ផ្សារដេប៉ូទី១ ខណ្ឌទួលគោក រាជធានីភ្នំពេញ។

លោក អ៊ុំ ប៊ុនធឿន អនុប្រធានប៉ូលិសពន្លត់អគ្គីភ័យរាជធានីភ្នំពេញបានថ្លែងប្រាប់​អ្នកសារព័ត៌មាន​​ខេមបូចា នៅព្រឹកថ្ងៃទី៣ ខែកក្កដា នេះថា មកដល់ពេលនេះតួរលេខ ចំនួនអ្នកស្លាប់ ក្នុងហេតុការណ៍ មាន​៨នាក់ និងមិនមានអ្នករងរបួសឡើយ។ លោកបន្តថា ករណីអគ្គីភ័យនេះ​គឺឆេះតែ​ខាង​ក្នុង​បរិវេណ​ខារ៉ាអូខេ និងសណ្ឋាគារប៉ុណ្ណោះ​មិនមានការ​ឆេះ​​រាលដាល​ធ្វើឱ្យប៉ះពាល់ដល់​ប្រជាពលរដ្ឋ​ដែលរស់នៅក្បែរនោះឡើយ។  

លោក អ៊ុំ ប៊ុនធឿន បានឱ្យដឹងថា៖ «ប្រជាពលរដ្ឋជុំវិញហ្នឹង លំនៅឋានប្រជាពលរដ្ឋអត់មាន​ទេ អត់មានប៉ះពាល់ទេ ហើយឡានទឹករបស់យើងក៏មានលទ្ធភាពនៅជុំវិញតែម្តង ចឹងការឆេះ​រាល​ដាល​មកខាងក្រៅគឺយើងអាចទប់ស្កាត់បានទាំងអស់»

លោក គង់ ថូ នាយរងការិយាល័យផ្នែករដ្ឋបាល បានផ្តល់បទសម្ភាសន៍ថា មកដល់ពេលនេះ​លោកមិនទាន់ទទួលបានព័ត៌មានថាម្ចាស់ ខារ៉ាអូខេ និងសណ្ឋាគារ​ 6969 ឃីស អ៊ីនធើធេនមេន ជារបស់អ្នកណានៅឡើយទេ ព្រោះកំពុងស្រាវជ្រាវ។

លោកបញ្ជាក់ថា៖ «គេអត់ចូលមកជួប មានតែពួកខ្ញុំមកពិនិត្យតែទីតាំង​ហើយពិនិត្យតែ​សាកសព​ហើយយកចេញ វាអត់ដឹងថា អ្នកណាជាម្ចាស់ក្លឹប អ្នកណា​ជាម្ចាស់ដី​ក៏យើងវាអត់​ដឹង»

លោក ថូ បន្តថា មូលហេតុនៃការឆេះនេះគឺបណ្តាលមកពីការដាច់ខ្សែភ្លើង​ហើយនៅ​លើ​សំឡី​កែវ​ដែលបណ្តាលឱ្យឆេះដូចផ្ទុះសេខ្សែភ្លើង ដែលការផ្ទុះសេនេះ​គឺនៅលើពិដាន​ដែលគេ​បិទ​កុំឱ្យមានសំឡេងចេញមកខាងក្រៅ។

លោកប្រាប់ថា៖ «ខ្សែភ្លើងវាដាច់ចេញពីគ្នា វាគងនៅលើសំឡីកែវ ព្រោះនៅលើអគារ​ហ្នឹង​គេប្រើសំឡីកែវ វាជារឿងដូចថាផ្ទុះសេខ្សែភ្លើងចឹង ជាងគេទៅធ្វើពិដាន គ្នា[ជាងធ្វើពិដាន]​ទាញពិដានទម្លាក់តាមបន្ទប់មកដើម្បីប្តូរពិដាន ដល់ចឹងវាឆេះសំឡីកែវលើពិដានហ្នឹង»

លោក គង់ ថូ បានបន្ថែមថា សាកសពដែលស្លាប់ក្នុងហេតុការណ៍​ត្រូវបាន​គ្រួសារមកយកខ្លះ និងសាកសពផ្សេងទៀតបានរក្សាទុកនៅវត្តស្ទឹងមានជ័យ និងវត្តទឹកថ្លា។

អ្នកសារព័ត៌មានខេមបូចា មិនអាចសុំសម្ភាសន៍លោក ជា ពិសី ជាអភិបាលខណ្ឌ​ទួលគោក​បានទេ​ដោយលោកជាប់រវល់ប្រជុំ។

ចំណែកលោក ព្រំ យ៉ន ប្រធានការិល័យ​នគរបាល​ពន្លត់​អគ្គិភ័យរាជធានីភ្នំពេញ ក៏មិនអាច​សុំ​ផ្តល់​ព័ត៌មានបានដែរ ដោយទូរសព្ទទៅលោកមិនលើកទូរសព្ទ។

យ៉ាងហោចណាស់​ មនុស្ស២៧​នាក់​បាន​ស្លាប់នៅក្នុងគ្រោះអគ្គិភ័យ​នៅសណ្ឋាគារ និង​កាស៊ីណូហ្គ្រែន​ដាយមិនស៊ីធី​នៅ​ខេត្ត​បន្ទាយ​មាន​ជ័យ​ក្បែរ​ព្រំដែនថៃ​កាលពីថ្ងៃទី២៨ ខែធ្នូ​ឆ្នាំមុន​៕

391 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម