សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សកម្មជនដីធ្លីខេត្តត្បូងឃ្មុំបួននាក់ត្រូវបានតុលាការកំពូលសម្រេចឱ្យរួចពីបទចោទ

លោក សែម សាង ប្រធានសហគមន៍ស្រែប្រាំង ឈរនៅមុខតុលាការកំពូល រាជធានីភ្នំពេញ អំឡុងពេលតុលាការកំពូលបើកសវនកាជំនុំជម្រះនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ
លោក សែម សាង ប្រធានសហគមន៍ស្រែប្រាំង ឈរនៅមុខតុលាការកំពូល រាជធានីភ្នំពេញ អំឡុងពេលតុលាការកំពូលបើកសវនកាជំនុំជម្រះនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

សកម្មជនការពារដីធ្លីសហគមន៍ចំនួនបួននាក់នៅខេត្តត្បូងឃ្មុំត្រូវបានតុលាការកំពូលសម្រេច​ឱ្យរួចពីការចោទប្រកាន់ពី​បទកំហែងយកដោយប្រើប្រាស់អាវុធ កាលពីថ្ងៃពុធ។

ប្រធានក្រុមប្រឹក្សាជំនុំជម្រះតុលាការកំពូលនៅព្រឹកថ្ងៃទី០៤​ ខែឧសភា ឆ្នាំ២០២២ បាន​សម្រេច​​ឱ្យលោក សែម សាង ប្រធានសហគមន៍ស្រែប្រាំង លោក ​អាន ឃឿន លោក អាន ឃិស និងលោក សែម​ ចំណាន រួចផុតពីការចោទប្រកាន់​របស់​តុលាការថ្នាក់ខេត្តនិង​សាលា​ឧទ្ធរណ៍ថ្នាក់តំបន់ក្នុងខេត្តត្បូងឃ្មុំ ។

លោក សែម សាង ជាសកម្មជនដីធ្លីដែលបានបញ្ចប់ការអនុវត្តទោសរួច មានប្រសាសន៍ថា ការសម្រេចចិត្តទម្លាក់បទចោទរបស់តុលាការកំពូលនេះ គឺជារឿងមួយដ៏ត្រឹមត្រូវ​​ ហើយលោក​សោកស្ដាយដែលត្រូចំណាយពេលវេលាអស់២ឆ្នាំក្នុងពន្ធនាគារ ដោយពុំមានកំហុស​អ្វីទាល់​តែសោះ។

លោក សាង និយាយថា៖ «ខ្ញុំអត់មានទោស តុលាការត្បូងឃ្មុំគួរតែមានកញ្ចប់ថវិកា​មក​លើរូបខ្ញុំ ក្រុមគ្រួសារខ្ញុំ និងអ្នកជាប់ពន្ធនាគារ»។ លោកបន្តថា៖ «ខ្ញុំមានចិត្តត្រេកអរដែល​តុលាការកំពូល​រកភាពយុត្តិធម៌ ប៉ុន្តែខ្ញុំអន់ចិត្តតុលាការខេត្តត្បូងឃ្មុំ»។

លោក សាង ឱ្យដឹងទៀតថា សរុបប្រជាពលរដ្ឋដែលត្រូវអាជ្ញាធរឃាត់ខ្លួនចំនួន៨នាក់ ប៉ុន្តែ​៤នាក់ត្រូវបានដោះលែងវិញក្រោយចូលជាសមាជិកគណបក្សកាន់អំណាចនិងធ្វើកិច្ចសន្យា​បញ្ឈប់ការតវ៉ា ខណៈ២នាក់ទៀតនៅក្រៅឃុំ និងប្អូនរបស់លោកឈ្មោះ សែម ចំណានកំពុងជាប់​ក្នុង​ពន្ធនាគារខេត្តត្បូងឃ្មុំនៅឡើយ។

បុរសវ័យ៤១ឆ្នាំរូបនេះ ឱ្យដឹងទៀតថា គិតត្រឹមល្ងាចថ្ងៃពុធនេះ ប្អូនរបស់លោក​ពុំទាន់​បានចេញពីពន្ធនាគារឡើយ ខណៈមេធាវីរបស់លោកកំពុងជំរុញឱ្យតុលាការកំពូល បញ្ចូនសាលដីកាទម្លាក់បទចោទនេះទៅសាលាដំបូងខេត្តត្បូងឃ្មុំឱ្យឆាប់រហ័ស។

លោក ​សែម សាង ជាប្រធានសហគមន៍ស្រែប្រាំងដែលត្រូវបានគេស្គាល់​ថាជាសកម្មជន​ដីធ្លីម្នាក់ដែលសកម្មក្នុងការតវ៉ាជាមួយអាជ្ញាធរ ដើម្បីស្វែងរកដំណោះស្រាយ​លើដី​សហគមន៍ខ្លួន។

យោងតាមសមាគមសម្ព័ន្ធ​សហគមន៍កសិករកម្ពុជា (CCFC) ដីព្រៃលិចទឹករបស់សហគមន៍​ស្រែប្រាំង និងសហគមន៍បុស្សស្នោ​ទំហំ៥៨០​​ហិកតារបស់​ប្រជាពលរដ្ឋប្រមាណ២៥០គ្រួសារ មានជម្លោះជា​មួយ​ក្រុម​ហ៊ុន​ចិនឈ្មោះ ហាម៉ីនី វីន អ៊ិនវេសមេន ចាប់តាំងពីឆ្នាំ២០១៤។

លោក សែម សាង ប្រធានសហគមន៍ស្រែប្រាំ នៅភូមិស្រែប្រាំង ឃុំត្រពាំងព្រីង ស្រុកតំបែរ ខេត្តត្បូងឃ្មុំ ឱ្យដឹងថា លោកត្រូវបានអាជ្ញាធរឃាត់ខ្លួននៅថ្ងៃទី១៧ ខែតុលា ឆ្នាំ២០១៩ ពាក់ព័ន្ធនឹងការលាក់ទុកអាវុធខុសច្បាប់។

លោកនិយាយថា៖ «ថ្ងៃនោះឡើងមកមនុស្សពីផ្ទះអស់។ ពេលខ្ញុំត្រលប់វិញសួរ​ពលរដ្ឋ​គេថាមានប៉ូលិសឃុំនិងមេឃុំគេចូលទៅក្នុងដីសហគមន៍។ ហើយមកវិញស្អែកឡើង​មួយថ្ងៃទៀតបានគេថារកឃើញប្រជាពលរដ្ឋមានកាំភ្លើង(ទុកក្នុងដីសហគមន៍)»។

សកម្មជនដីធ្លីរូបនេះ ត្រូវបានសាលាដំបូងខេត្តត្បូងឃ្មុំកាត់ទោសឱ្យជាប់ពន្ធនាគារចំនួន៧ឆ្នាំ ក្រោមបទចោទ «កំហែងយកដោយប្រើប្រាស់អាវុធ»។ដោយមិនសុខចិត្តលោកបាន

សម្រេច​ប្ដឹងជំទាស់ទៅកាន់សាលាឧទ្ធរណ៍ថ្នាក់តំបន់ខេត្តត្បូងឃ្មុំ ហើយត្រូវបាន​សាលា​ឧទ្ធរណ៍​កាត់បន្ថយទោសជាប់ពន្ធនាគារនៅត្រឹម២ឆ្នាំជំនួសវិញ។

កាលពីថ្ងៃទី១៤ ខែតុលា ឆ្នាំ២០២១​ លោក សាង ត្រូវបានដោះលែងឱ្យមានសេរីភាពឡើងវិញ បន្ទាប់ពីអនុវត្តទោសចប់។ ដោយគិតថាជារឿងអយុត្តិធម៌ លោកបានសម្រេចដាក់ពាក្យ​ប្តឹង​ទៅតុលាការកំពូលរាជធានីភ្នំពេញ ឱ្យទម្លាក់ចោលបទចោទប្រកាន់លើរូបលោក និង​សកម្មជនដីធ្លីផ្សេទៀត។

លោក សែម សាង បន្តថា ដីសហគមន៍ស្រែប្រាំង បានជួយឱ្យប្រជាពលរដ្ឋដែលរស់នៅ​ជុំវិញ​នោះចំនួន១៨០គ្រួសារមានជីវភាពប្រសើរ ប៉ុន្តែបន្ទាប់ពីលោកត្រូវបានឃុំខ្លួនបណ្ដាល​ឱ្យ​ពលរដ្ឋខ្លាចលែងហ៊ានចូលអាស្រ័យផលក្នុងដីសហគមន៍បន្តទៀត។

លោកបន្តថា៖ «ពីមុនយើងបានអាស្រ័យផលនៅទីណុង ដូចជារកត្រី រកបានទំពាំង ដំឡូងអាស្រ័យផលលក់ បាន[កម្រៃឱ្យ]កូនទៅរៀនសូត្រអត់សូវអី។ ហើយគាត់[ប្រជាពលរដ្ឋ]​ជំពាក់​បំណុលធនាគារ បានដំឡូងអីដល់ខែគាត់ដកលក់បានសងធនាគាររាងធូរ»។

បើតាមប្រធានសហគមន៍រូបនេះ ឱ្យដឹងទៀតថា ប្រជាពលរដ្ឋដែលធ្លាប់រស់​នៅអាស្រ័យផល​ក្នុងដីសហគមន៍ស្រែប្រាំង បានរងផលប៉ះពាល់ជីវភាពយ៉ាងខ្លាំងបន្ទាប់ពីអាជ្ញាធរ​ហាម​ពួកគេកុំឱ្យចូលក្នុងដីសហគមន៍នោះបន្តទៀត។

លោក សាង ឱ្យដឹងទៀតថា អំឡុងពេលដែលលោកកំពុងនៅក្នុងពន្ធនាគារ កូនប្រុសច្បង​របស់លោកអាយុ១៨ឆ្នាំ បានបោះបង់ការសិក្សា ហើយទៅធ្វើការសំណង់នៅក្រុងភ្នំពេញ ដើម្បីផ្ដត់ផ្គង់ជីវភាពគ្រួសារ។

លោកបន្តថា៖ «ខ្ញុំសោកស្ដាយ ខ្ញុំត្រូវជំពាក់លុយធនាគារ យើងបានលក់ដីលក់អីបង់លុយ​ធនាគារ។ មិនបាននៅមើលថែក្រុមគ្រួសារ។ កូនស្រី២ឆ្នាំ កើត[ពេល]ខ្ញុំកំពុងនៅពន្ធនាគារ ស្រីមួយ​ទៀត១៤ឆ្នាំ រៀនថ្នាក់ទី៩។ ខ្ញុំអត់បានរកលុយឱ្យកូនទៅរៀនឥលូវ​កូនប្រុស​ទៅ​ធ្វើការសំណង់ដើម្បីរកលុយចិញ្ចឹមគ្រួសារ កូនប្រុសខ្ញុំឈប់រៀនថ្នាក់ទី៨ ឈប់រៀន​ពេល​គេចាប់ខ្ញុំ បាន១ឆ្នាំ»។

លោក សែម សាង ប្រធានសហគមន៍ស្រែប្រាំងនិងប្រជាពលរដ្ឋដែលឡើងមកគាំទ្រលោក អំឡុងពេលតុលាការកំពូលបើកសវនកាជំនុំជម្រះនៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២២។ រូបថតផ្ដល់ឱ្យ

លោក ខាត់ ​សំអាត អាយុ៤៣ឆ្នាំ ដែលរស់អាស្រ័យផលក្នុងដីសហគមន៍ស្រែប្រាំងតាំង​ពីតូចមក បានលើកឡើងថា ក្រុមហ៊ុនបានធ្វើប្រឡាយទឹកព័ទ្ធជុំវិញដីសហគមន៍​ដើម្បី​រារាំងប្រជាពលរដ្ឋចូលអាស្រ័យផល។

លោកឱ្យដឹងថា៖ «កាលនៅព្រៃខ្ញុំបានរកត្រីដាំដំឡូងធ្វើចំការដើម្បីចិញ្ចឹមជីវិតចឹង រក​ទំពាំង​អូសដុត»។

ការមិនអាចអាស្រ័យផលក្នុងដីសហគមន៍នេះ នាំឱ្យលោកនិងប្រពន្ធមានមុខរបរតែមួយគត់គឺ ស៊ីឈ្នួលគេ ព្រមទាំងជំពាក់លុយធនាគារ ខណៈកូនប្រុសម្នាក់ក៏ត្រូវឈប់រៀនត្រឹម​ថ្នាក់ទី៤​ផងដែរ។

លោកបន្ថែមថា៖ «រាល់ថ្ងៃចង់បានតែដីមកវិញ អាចបានចិញ្ចឹមជីវិត រាល់ថ្ងៃដើរស៊ីតែឈ្នួលគេ មានគេជួលទៅៗ បើគ្នានទេនៅដេកអង្គុយមើលមុខគ្នា​អត់បាយអត់ម្ហូប។ កូនប្រុសជួយ​ធ្វើ​ការងារគេផងទៅ មួយថ្ងៃ២៥០០០៛»។

លោក សុខ សារិទ្ធ អភិបាលស្រុក តំបែរ ខេត្តត្បូងឃ្មុំ មានប្រសាសន៍ថា វិវាទដីធ្លីជាមួយ​ពលរដ្ឋ​នេះ ត្រូវបានដោះស្រាយរួចរាល់ ហើយការសម្រេចបែបណាវា​គឺជាសិទ្ធិរបស់​តុលាការ។

អភិបាលស្រុករូបនេះ បានគូសបញ្ជាក់ថាក្នុងស្រុកតំបែរពុំមានឈ្មោះដី​សហគមន៍​ស្រែប្រាំងឡើយ ព្រមទាំងលើកឡើងថា ការអះអាងរបស់ប្រជាពលដ្ឋកន្លងមកនោះ គ្រាន់តែ​ជាការយល់ច្រឡំថាជាដីសហគមន៍ទាំងដែលពុំទាន់មានការទទួលស្គាល់ពីអាជ្ញាធរ។

លោក សារិទ្ធ បន្តបដិសេធថា ពុំមានប្រជាពលរដ្ឋណាដែលរងផលប៉ះពាល់ជីវភាពដោយសារ​តែ បាត់បង់ដីសហគមន៍ស្រែប្រាំងដែលធ្លាប់អាស្រ័យផលផងដែរ។

លោក សារិទ្ធ៖ «កុំចូលទៅទន្រ្ទានកាន់កាប់ដីគេវាចប់រឿងមានអ្នកណារករឿងអីគាត់

នៅណុងអត់មានដីសហគមន៍ស្រែប្រាំងទេ អត់ដែលមានទេ មានតែដីប្រជាពលរដ្ឋ​និងក្រុមហ៊ុនមានបណ្ណកម្មសិទ្ធិអស់ហើយ»។


លោក  អំ សំអាត  នាយកចាត់ការទូទៅនៃអង្គការលីកាដូ  មានប្រសាសន៍ថា ការទម្លាក់​បទ​ចោទរបស់តុលាការកំពូលនេះ គឺជាការផ្ដល់យុត្តិធម៌ពិតប្រាកដមួយ​ដល់ប្រជា​ពលរដ្ឋ។ ប៉ុន្តែ​លោកមានការសោកស្ដាយចំពោះអ្នកដែលបានជាប់ពន្ធនាគារទាំងពុំមានកំហុស។

លោក​ សំអាត មានប្រសាសន៍ថា៖ «ប្រទេសគេបើរកមិនឃើញទោសហើយមានការ​ជាប់​ទោសចឹង ប្រទេស​គេត្រូវមានសំណងជំងឺចិត្តក្នុងការខាតបង់របស់គេ។  ប៉ុន្តែនៅក្នុងប្រទេស​កម្ពុជាយើង ឃើញច្រើនមនុស្សឱ្យតែបានរួចខ្លួនឃើញថាត្រេកអរណាស់ មិនទាមទារអ្វីដែល​ជាការ​តបស្នងវិញទេ»

កាលពីដើមឆ្នាំ២០២១ អង្គការ​សង្គម​ស៊ីវិលចំនួន៨៨ស្ថាប័នបានចេញសេចក្ដីថ្លែងការណ៍​មួយដោយទាម​ទារ​ដល់​តុលាការឱ្យទម្លាក់ចោលការចោទប្រកាន់លើ​តំណាង​សហគមន៍​ដីធ្លី​ទាំងនោះ និងដោះលែងពួកគេ​​ឱ្យមានសេរីភាពវិញ។

ក្រុមអង្គការសង្គមស៊ីវិលទាំងនោះបានចាត់ទុក​ការ​ចាប់និង​ឃុំខ្លួន​តំណាង​សហគមន៍​ដីធ្លី​ទាំង​នោះថា​ ជា​ការ​គំរាមកំហែង​ដោយ​ផ្ទាល់និង​ប្រយោលចំពោះ​ប្រជាពលរដ្ឋ ដោយ​គ្រាន់តែ​ពួក​គេ​ធ្វើសកម្មភាពនិង​ប្រើប្រាស់​សិទ្ធិ​របស់​ខ្លួនតវ៉ាទាមទារដីធ្លីស្របតាម​រដ្ឋធម្មនុញ្ញនិង​កតិកា​សញ្ញា​អន្តរជាតិ។

យោងតាមសមាគមការពារសិទ្ធិមនុស្សអាដហុក ឱ្យដឹងថា ក្នុងឆ្នាំ២០២១ មានពលរដ្ឋរងគ្រោះ​ដីធ្លី១៥៧នាក់កំពុងជាប់បណ្ដឹងអាជ្ញានិងដាក់ឱ្យស្ថិតក្រោមការត្រួតពិនិត្យតុលាការ ខណៈ​ជន​រងគ្រោះ១៧នាក់ទៀត កំពុងឃុំខ្លួនបណ្ដោះអាសន្ន ដោយសារ​ការ​តវ៉ាទាម​ទារ​ដីធ្លី​របស់​ខ្លួន។

សមាគម​មួយនេះទាមទាឱ្យរដ្ឋាភិបាល​បញ្ឈប់​កា​រ​ប្រើ​ប្រាស់​ប្រព័ន្ធ​តុលាការ​ចោទ​ប្រកាន់និង​ចា​ប់​ឃុំខ្លួន​ប្រជាពលរដ្ឋ​ក្នុងរឿងវិវាទដីធ្លីនៅកម្ពុជា ដោយ​​ថា ពួកគាត់គ្រាន់តែ​ប្រើសិទ្ធិ​ក្នុង​ការតវ៉ា ដើម្បីទាម​ទារ​រក​យុត្តិធម៌តែប៉ុណ្ណោះ៕

247 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម