របាយការណ៍ថ្មីមួយរបស់អង្គការវេទិកាអនាគត (Future Forum) បង្ហាញថាគម្រោងមួយចំនួននៅកម្ពុជាដែលទទួលមូលនិធិពីប្រទេសចិន ក្រោមគំនិតផ្តួចផ្តើមខ្សែក្រវាត់និងផ្លូវ (BRI) ប្រឈមនិងបញ្ហាសំខាន់ៗ ដូចជាបញ្ហាតម្លាភាព និរន្តរភាព និងនីតិរដ្ឋ ។
របាយការណ៍កម្រាស់១០ទំព័រដែលឃ្លាំមើលពីគម្រោង BRI បានចេញផ្សាយកាលពីថ្ងៃសុក្រសប្តាហ៍មុន ដោយសិក្សាគម្រោងចំនួនបីនៅក្នុងប្រទេសកម្ពុជា រួមមានទំនប់វារីអគ្គីសនីតាតៃ គម្រោងអភិវឌ្ឍន៍ប្រព័ន្ធធារាសាស្ត្រវៃកូ និងផ្នែកមួយនៃផ្លូវជាតិលេខ ៦ ពីអង្គក្រឹងដល់ថ្នល់កែង។
របាយការណ៍របស់វេទិកាអនាគតដដេល បានឱ្យដឹងថាគម្រោងមួយចំនួនបានចាប់ផ្តើមតាំងពីមុនពេល BRI ត្រូវបានដាក់ឱ្យដំណើរការនៅឆ្នាំ២០១៣ទៅទៀត ដូចជាគម្រោងទំបន់វារីអគ្គិសនីតាតៃជាដើម។ ការសិក្សាបានផ្តោតលើទិដ្ឋភាពចំនួនបីនៃជំនួយអភិវឌ្ឍន៍ក្រៅប្រទេសរបស់ចិន ដែលក្នុងនោះរួមមានសហគ្រាសគ្រប់គ្រងដោយរដ្ឋ ជំនួយអភិវឌ្ឍន៍ផ្លូវការ និងលទ្ធកម្មសាធារណៈ។
នៅពេលដែលប្រទេសចិន ត្រូវបានចាត់ទុកជាដៃគូសេដ្ឋកិច្ច និងអ្នកការពារផ្នែកនយោបាយ ដ៏សំខាន់បំផុតតែមួយគត់របស់កម្ពុជា មូលនិធិរបស់ចិនភាគច្រើនផ្តោតទៅលើហេដ្ឋារចនាសម្ព័ន្ធ។
យោងតាមវេទិកាអនាគត គិតត្រឹមខែមិថុនា ឆ្នាំ២០២១ ប្រទេសចិនបានសាងសង់ស្ពានចំនួន៨ និងផ្លូវប្រវែង ៣,២៨៧ គីឡូម៉ែត្រ ដោយប្រាក់កម្ចីសម្បទានជាង ៣ពាន់លានដុល្លារ។
ទោះជាយ៉ាងណាក៏ដោយ វេទិកាអនាគតកម្ពុជាក៏បានកត់សម្គាល់ផងដែរថា ការអនុវត្តគម្រោង BRI មួយចំនួននៅក្នុងប្រទេសកម្ពុជាត្រូវបានចោទប្រកាន់ថាបានបំពានច្បាប់។
របាយការណ៍ដែលដកស្រង់ចេញពីការសិក្សារបស់អង្គការទន្លេអន្តរជាតិ (International Rivers) បង្ហាញថាការអនុម័តទំនប់វារីអគ្គិសនីតាតៃ មិនមានការវាយតម្លៃពីផលប៉ះពាល់បរិស្ថានជាមុន រួមទាំងបានបំពានលើមាត្រា ៦នៃច្បាប់ស្តីពីការការពារបរិស្ថាន និងការគ្រប់គ្រងធនធានជាតិ។ ប្រភពដដែល ឱ្យដឹងទៀតថា ការសាងសង់កំណាត់ផ្លូវជាតិលេខ៦ បានប្រព្រឹត្តល្មើសនឹងមាត្រាទី៤០ នៃច្បាប់ស្តីពីលទ្ធកម្មសាធារណៈ ដែលទាមទារឯកសារដេញថ្លៃ និងការដេញថ្លៃ។
របាយការណ៍ដដែលនេះបានបញ្ជាក់ថា នាពេលបច្ចុប្បន្ននេះគម្រោងទាំងអស់ដែលទទួលបានមូលនិធិពីចិន ស្ថិតនៅក្រោមការត្រួតពិនិត្យនៃច្បាប់ចំនួនបីគឺ ច្បាប់ស្តីពីលទ្ធកម្មសាធារណៈឆ្នាំ ២០១២ ច្បាប់ស្តីពីសម្បទានឆ្នាំ ២០០៧ និងច្បាប់ស្តីពីការវិនិយោគឆ្នាំ ១៩៩៤។
របាយការណ៍នេះបានបន្តថា៖ «ដោយធ្វើឱ្យព័ត៌មាននេះអាចរកបានជាសាធារណៈ រដ្ឋាភិបាលគួរតែចូលរួមឱ្យបានល្អជាមួយសង្គមស៊ីវិល និងអ្នកស្រាវជ្រាវក្នុងការវាយតម្លៃ និងធានាថាព្រះរាជាណាចក្រកម្ពុជាទទួលបានប្រយោជន៍ពីប្រាក់ទាំងនេះ»។ ដោយបន្ថែមថា៖ «ដើម្បីកែលម្អឱ្យកាន់តែប្រសើរឡើង ច្បាប់កម្ពុជាគួរតែបង្កើតក្របខ័ណ្ឌបទប្បញ្ញត្តិ ដែលគម្រោងនានាដូចជា BRI ជាដើម ត្រូវតែបង្ហាញព័ត៌មានស្តីពីគម្រោងជាសាធារណៈ»។
របាយការណ៍នេះបាននិយាយថា កម្ពុជាមិនទាន់បង្កើតច្បាប់ និងបទប្បញ្ញត្តិដែលនឹងត្រួតពិនិត្យឱ្យបានហ្មត់ចត់លើគម្រោងអភិវឌ្ឍន៍ជាមួយសហគ្រាសរដ្ឋបរទេស ដើម្បីកាត់បន្ថយការក្លែងបន្លំដែលអាចកើតមាន។
របាយការណ៍បង្ហាញថា ការអនុវត្តច្បាប់និងបង្កើនតម្លាភាព អាចនឹង «ធ្វើឱ្យគម្រោងកាន់តែឆ្លើយតបទៅនឹងតម្រូវការរបស់សហគមន៍ កាត់បន្ថយការរិះគន់លើការវិនិយោគរបស់ចិន និងផ្តល់សិទ្ធិអំណាចដល់រដ្ឋាភិបាលកម្ពុជា ដើម្បីទទួលបានអត្ថប្រយោជន៍ជាអតិបរមា ពីគម្រោងសម្រាប់ការអភិវឌ្ឍនេះ»។
លោក ចេន ហ៊ាង អ្នកសម្របសម្រួលគម្រោង និងជាអ្នកស្រាវជ្រាវវ័យក្មេងនៅ វេទិកាអនាគត បាននិយាយថា ខណៈពេលដែលប្រទេសចិនគឺជាប្រភពនៃការវិនិយោគបរទេសដ៏ធំបំផុតនោះ ការឃ្លាំមើលគម្រោង BRI ត្រូវបានចាត់ទុកជាធនធានគាំទ្រក្នុងការកំណត់នូវភាពចន្លោះប្រហោងនៃបទប្បញ្ញត្តិនិងការគ្រប់គ្រង។
លោកបានបន្តថា៖ «វាជាធនធានមួយដើម្បីគាំទ្រដល់រដ្ឋាភិបាល អ្នកវិនិយោគ និងសង្គមស៊ីវិលក្នុងការយល់ដឹង និងផ្តល់ឱកាសសម្រាប់ការពង្រឹងបទប្បញ្ញត្តិ។ វាគួរតែត្រូវបានចាត់ទុកថាជាធនធានបច្ចេកទេស សម្រាប់ត្រួតពិនិត្យគ្រប់ភាគីពាក់ព័ន្ធទាំងអស់»។
លោក បាននិយាយថា ជំនួយអភិវឌ្ឍន៍បរទេសជាសមាសធាតុដ៏សំខាន់នៃការអភិវឌ្ឍជាតិក្នុងបរិបទបច្ចុប្បន្ននេះ។

ស្ថានទូតចិនប្រចាំរាជធានីភ្នំពេញមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយពីអ្នកសារព័ត៌មានរបស់ខេមបូចា តាមរយៈសារហ្វេសប៊ុកទេ។ ដោយឡែក លោក នេត្រ ភក្ត្រា អ្នកនាំពាក្យក្រសួងបរិស្ថាន មិនអាចទាក់ទងបានទេ។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលកម្ពុជា បានបដិសេធរបាយការណ៍របស់វេទិកាអនាគតដោយនិយាយថាការរកឃើញរបស់របាយការណ៍នេះគឺមានហេតុផលនយោបាយ។
លោកបានបន្តថា៖ «យើងស្វាគមន៍ចំពោះរបាយការណ៍ណាដែលផ្តល់ផលប្រយោជន៍ឱ្យទាំងអស់គ្នា ប៉ុន្តែ [នេះ] គ្រាន់តែជារបាយការណ៍លំអៀងផ្នែកនយោបាយប៉ុណ្ណោះ។ ពួកគេតែងតែរិះគន់ការវិនិយោគរបស់ចិននៅកម្ពុជា ប៉ុន្តែយើងត្រូវទទួលស្គាល់ថាការវិនិយោគរបស់ចិនក៏ផ្តល់ផលប្រយោជន៍ដល់សាធារណជនដែរ ហើយវាមិនភ្ជាប់ទំនាក់ទំនងច្រើនទៅនឹងនិន្នាការនយោបាយនោះទេ»។
ការសិក្សាដែលចេញផ្សាយកាលពីឆ្នាំមុនដោយ គំនិតផ្តួចផ្តើមសកលប្រឆាំងនឹងឧក្រិដ្ឋកម្មឆ្លងដែន បានរកឃើញថា BRI ត្រូវបានភ្ជាប់ទៅនឹងការកើនឡើងនៃពាណិជ្ជកម្មខុសច្បាប់ អំពើពុករលួយ និងឧក្រិដ្ឋកម្ម ជាពិសេសសម្រាប់ប្រទេសដែលមានសេដ្ឋកិច្ចទន់ខ្សោយដូចជាប្រទេសកម្ពុជា។
របាយការណ៍នេះបានលម្អិតជាពិសេសពីការវិនិយោគក្នុងគម្រោងខ្សែក្រវ៉ាត់និងផ្លូវនៅកម្ពុជា ដែលគម្រោងទាំងនេះភាគច្រើននៅជុំវិញទីក្រុងកំពង់ផែនៃខេត្តព្រះសីហនុ។
លោក ប៉ិច ពិសី នាយកប្រតិបត្តិនៃអង្គការតម្លាភាពកម្ពុជា មានប្រសាសន៍ថា រដ្ឋាភិបាលគួរតែផ្តោតលើបញ្ហាតម្លាភាព និងការទទួលបានព័ត៌មានជាសាធារណៈទាំងនោះ។
លោកបានលើកឡើងថា៖ «តម្លាភាព និងគណនេយ្យភាព ធ្វើឱ្យពលរដ្ឋដឹងថាក្រុមហ៊ុនប្រភេទណាដែលមានលក្ខណៈគ្រប់គ្រាន់សម្រាប់ការដេញថ្លៃ។ ច្បាប់លទ្ធកម្មគួរតែត្រូវបានអនុវត្តឱ្យបានពេញលេញដើម្បីការពារបញ្ហានានា ជាពិសេសបញ្ហាពាក់ព័ន្ធនឹងការសូកប៉ាន់ដែលអាចកើតមាន»។ លោកបន្ថែមថា៖ «នេះមានន័យថាប្រជាពលរដ្ឋនឹងដឹងច្រើនអំពីគម្រោងវិនិយោគក្រោមគំនិតផ្តួចផ្តើមខ្សែក្រវ៉ាត់ និងផ្លូវ។ ដូច្នេះ វាចាំបាច់សម្រាប់អាជ្ញាធរក្នុងការបញ្ចេញព័ត៌មានឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន»។
លោកបានបន្តថា រដ្ឋាភិបាលក៏ត្រូវបង្កើតវប្បធម៌សន្ទនាជាមួយសហគមន៍មូលដ្ឋានដែលរងផលប៉ះពាល់ពីគម្រោងនានា ដើម្បីឱ្យសាធារណជនអាចលើកឡើងពីបញ្ហាផ្សេងៗ និងអាចបញ្ចៀសការលំបាកដែលអាចកើតឡើងពីការអភិវឌ្ឍ។
លោកបានបន្តថា៖ «ការវាយតម្លៃនេះទាមទារឱ្យមានការចូលរួមយ៉ាងមានសារៈសំខាន់ពីប្រជាជនដែលអាចរងផលប៉ះពាល់»។ «យើងមិនត្រឹមតែសិក្សា និងវាយតម្លៃរបាយការណ៍ដើម្បីបំពេញកាតព្វកិច្ចប៉ុណ្ណោះទេ ប៉ុន្តែយើងក៏លើកទឹកចិត្តឱ្យមាន [ការវាយតម្លៃផលប៉ះពាល់បរិស្ថាន] ដែលមានភាពជាក់លាក់ជាមួយអ្នកជំនាញ និងដោយមានការចូលរួមយ៉ាងទូលំទូលាយ ជាពិសេសពីប្រជាពលរដ្ឋរស់នៅតំបន់នោះ» ។
បំណុលក្រៅប្រទេសរបស់កម្ពុជាគឺមានរហូតដល់ ៩,១៨ ពាន់លានដុល្លារគិតត្រឹមឆមាសទី ១ ឆ្នាំ ២០២១ ហើយត្រូវបានរំពឹងថានឹងកើនដល់ជាង ១០ ពាន់លានដុល្លារនៅដំណាច់ឆ្នាំ ពោលគឺកើនពី ៨,៨ ពាន់លានដុល្លារនៅចុងឆ្នាំ ២០២០។
សេចក្តីព្រាងច្បាប់ស្តីពីការគ្រប់គ្រងថវិកាជាតិឆ្នាំ ២០២២ ដែលចេញផ្សាយនៅថ្ងៃទី១៧ ខែសីហា ដោយក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បង្ហាញថា ៤៣,៧៨ ភាគរយនៃបំណុលបរទេសកម្ពុជាជារបស់ចិន ខណៈដៃគូពហុភាគីមានចំនួន ៣០,១៣ ភាគរយ ហើយនៅសល់គឺជំពាក់ប្រទេសផ្សេងៗទៀត៕ (រាយការណ៍បន្ថែមដោយ ទ្រី ថានី)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Future Forum: Some China-funded projects lack transparency and violate Cambodian law