ដំណើរការថវិការបស់ប្រទេសកម្ពុជាខ្វះតម្លាភាព និងការត្រួតពិនិត្យគ្រប់គ្រាន់ នេះបើយោងតាមរបាយការណ៍ចេញផ្សាយនៅខែវិច្ឆិកា របស់អង្គការតម្លាភាពកម្ពុជា (TI) ជាអង្គការឃ្លាំមើលអំពើពុករលួយ។
របាយការណ៍នេះលើកឡើងថា ការពិភាក្សានៅក្នុងគណៈកម្មាធិការត្រួតពិនិត្យការចំណាយថវិកានៅរដ្ឋសភា គឺមានលក្ខណៈច្បោលៗ ហើយថវិកាត្រូវបានចំណាយ «យ៉ាងទូលំទូលាយដោយគ្មានការសួរដេញដោលពីសមាជិកសភា»។ ជារឿយៗ ឯកសារថវិកាមិនត្រូវបានគេបង្ហាញជាសាធារណៈនោះទេ ហើយបើទោះបីជាមាន ក៏ឯកសារទាំងនោះមិនត្រូវបានសរសេរក្នុងលក្ខណៈដែលអាចងាយយល់ដែរ។
លោក អ៊ឹម ណូរិន នាយកកម្មវិធីអង្គការតម្លាភាពកម្ពុជាមានប្រសាសន៍ថា៖ «ផលប៉ះពាល់នៃការត្រួតពិនិត្យផ្នែកហិរញ្ញវត្ថុទន់ខ្សោយអាចមានច្រើនណាស់។ មានន័យថា ហិរញ្ញវត្ថុសាធារណៈ គឺស្ថិតនៅក្នុងដៃរបស់រដ្ឋាភិបាលដែលអាចប្រើប្រាស់ថវិកាដោយគ្មានការដាក់កំហិត»។
ការវាយតម្លៃដែលពិនិត្យទៅលើនីតិកាលចុងក្រោយពីឆ្នាំ២០១៨-២០២៣បង្ហាញពីគម្លាតជាច្រើនក្នុងការត្រួតពិនិត្យលើការចំណាយហិរញ្ញវត្ថុដោយសភាកម្ពុជា។ ច្បាប់កម្ពុជាមិនបានបញ្ជាក់ថា តើរដ្ឋសភាអាចធ្វើវិសោធនកម្មច្បាប់ថវិកាដោយគ្មានការយល់ព្រមពីរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុឬយ៉ាងណាទេ។
រដ្ឋាភិបាលក៏អាចបង្កើនការចំណាយដោយមិនមានការយល់ព្រមពីសភាសម្រាប់អ្វី ដែលគេចាត់ថ្នាក់ជាឥណទានប៉ាន់ស្មាន ដែលរួមមានបំណុលសាធារណៈ ប្រាក់ខែ ប្រាក់ឧបត្ថម្ភបុគ្គលិក ក៏ដូចជាថ្លៃសមាជិកភាពសម្រាប់អង្គការអន្តរជាតិ និងអន្តររដ្ឋាភិបាល។
របាយការណ៍នេះអះអាងថា សម្រាប់ការរៀបចំបំណុលដែលធ្វើឡើងដោយរដ្ឋាភិបាល រដ្ឋធម្មនុញ្ញមិនបានចែងថា តើការងារទាំងនេះត្រូវការការយល់ព្រមពីសមាជិកសភាឬក៏អត់នោះទេ។ ច្បាប់ស្តីពីប្រព័ន្ធហិរញ្ញវត្ថុសាធារណៈចែងថា មានតែរដ្ឋមន្ត្រីក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុប៉ុណ្ណោះ ត្រូវបានអនុញ្ញាតឲ្យជាប់បំណុល ដែលបង្ហាញថា មិនចាំបាច់មានការអនុម័តយល់ព្រមពីរដ្ឋសភានោះទេ ដរាបណាបំណុលទាំងនោះត្រូវបានកំណត់រួចហើយ។
លោក ណូរិន បានកត់សម្គាល់ថា ហានិភ័យគឺ «ធំ និងចម្រុះ» នៅក្នុងប្រព័ន្ធថវិការបស់ប្រទេសកម្ពុជា ពីព្រោះមិនមានការត្រួតពិនិត្យ និងតុល្យភាពដោយសារគ្មានគណបក្សប្រឆាំងខ្លាំង។ លោកបានបន្តថា ស្ថាប័ននីតិប្រតិបត្តិត្រូវបានផ្តល់សិទ្ធិអំណាចកែសម្រួលថវិកាតាមចិត្ត ដោយគ្មានការពិនិត្យពិច័យពីគណបក្សប្រឆាំងនៅក្នុងសភា។ លោក ណូរិន គិតថា មានឱកាសតិចតួចណាស់ក្រោមប្រព័ន្ធបច្ចុប្បន្នដែលថា មន្ត្រីជាន់ខ្ពស់រដ្ឋាភិបាលពុករលួយនឹងទទួលទណ្ឌកម្មពីគណបក្សកាន់អំណាចនោះ។
លោក ណូរិន បានមានប្រសាសន៍ថា៖ «ទោះបីជារដ្ឋសភាចូលរួមក្នុងដំណើរការថវិកាក៏ដោយ ក៏តួនាទីរបស់សភានៅមានកម្រិត បើធៀបនឹងប្រព័ន្ធប្រជាធិបតេយ្យផ្សេងទៀត។ ដូច្នេះការសម្របតាមផ្លូវច្បាប់ គឺជាការចាំបាច់ ដើម្បីពង្រឹងតួនាទីរបស់សមាជិកសភានៅពេលនិយាយដល់ហិរញ្ញវត្ថុសាធារណៈ»។
បើតាមលោក ណូរិន សភាគួរតែអាចអនុម័តលើការរៀបចំបំណុលសាធារណៈ និងវិសោធនកម្មច្បាប់ថវិកា ដោយគ្មានការយល់ព្រមពីស្ថាប័ននីតិប្រតិបត្តិ។ លោកបានបន្តថា ការពិភាក្សាដ៏សំខាន់ និងបើកចំហនៅក្នុងសភា ក៏សំខាន់ផងដែរ ដើម្បីបង្ហាញពីបញ្ហាជាមួយនឹងការចំណាយរបស់រដ្ឋាភិបាល។
របាយការណ៍នេះ គឺជាផ្នែកមួយនៃរបាយការណ៍ពហុប្រទេសដែលរៀបចំឡើងដោយអង្គការ TI ដែលរួមបញ្ចូលលទ្ធផលស្តីពីការត្រួតពិនិត្យតាមដានរបស់សភាពីប្រទេសចំនួន១០។ របាយការណ៍នេះបញ្ជាក់ថា អំពើពុករលួយនៅតែបន្តកើតមាននៅក្នុងប្រទេស ដោយកម្ពុជាឈរនៅលេខរៀងទី១៥០ ក្នុងចំណោម១៨០ប្រទេសនៅលើសន្ទស្សន៍នៃការយល់ឃើញអំពីអំពើពុករលួយឆ្នាំ២០២២ របស់អង្គការ TI ។
លោក ឱម យ៉ិនទៀង ប្រធានអង្គភាពប្រឆាំងអំពើពុករលួយរបស់រដ្ឋាភិបាលកម្ពុជា បានប្រាប់ខេមបូចាថា របាយការណ៍នេះមានភាពលម្អៀង ដោយអះអាងថា ព័ត៌មានដែល TI បានបញ្ចូលអំពីឥទ្ធិពលរបស់គណបក្សនយោបាយប្រឆាំង គឺតែមួយខាង។
លោកចោទសួរថា៖ «TI ផ្តោតតែលើគុណសម្បត្តិរបស់គណបក្សប្រឆាំងប៉ុណ្ណោះ។ បើគ្មានបក្សប្រឆាំង តើកម្ពុជានឹងរលាយឬ?។ នោះហើយជាមូលហេតុដែលពួកគេវាយតម្លៃដោយលម្អៀង។ សម្រាប់យើងខ្ញុំ ផ្អែកលើអ្វីដែលយើងសង្កេតឃើញ ពេលណាគណបក្សប្រឆាំងខ្សោយ គណបក្សកាន់អំណាចកាន់តែយកចិត្តទុកដាក់ជាងមុន»។
លោកបានបន្ថែមថា គណបក្សកាន់អំណាចកំពុងព្យាយាមពង្រឹងកិច្ចប្រឹងប្រែងប្រឆាំងអំពើពុករលួយ ដែលផ្ទុយពីរបាយការណ៍វាយតម្លៃរបស់អង្គការតម្លាភាពកម្ពុជា។
លោក ឡេង ប៉េងឡុង អ្នកនាំពាក្យរដ្ឋសភាមិនបានឆ្លើយតបនឹងសំណើសុំការអត្ថាធិប្បាយទេ។
លោក គឹមសួរ ភីរិទ្ធ អ្នកនាំពាក្យគណបក្សភ្លើងទៀនបានមានប្រសាសន៍ថា៖ «ថវិកាខ្វះតម្លាភាពក្នុងវិស័យមួយចំនួន» ដោយបន្ថែមថា ការចំណាយថវិការដ្ឋាភិបាលមួយចំនួន «ត្រូវបានបង្កប់ក្នុងការចំណាយខ្ជះខ្ជាយដោយគ្មានការត្រួតពិនិត្យ»។
លោកមានប្រសាសន៍ថា ថវិកាជាតិជាចំណុចស្នូលក្នុងការអភិវឌ្ឍប្រទេស ហើយការត្រួតពិនិត្យ និងតុល្យភាពមានសារៈសំខាន់ខ្លាំងណាស់សម្រាប់ដំណើរការនេះ។ កាលពីមុន នៅពេលដែលប្រទេសកម្ពុជាមានបក្សប្រឆាំងនៅក្នុងស្ថាប័ននីតិបញ្ញត្តិ មានការជជែកដេញដោលយ៉ាងសកម្មជុំវិញថវិកាជាតិ។ ទោះបីជាយ៉ាងណា លោកទទួលស្គាល់ថា មានកែសម្រួលតិចតួចណាស់ដែលអាចធ្វើទៅបាន ដោយសារតែការគ្រប់គ្រងអំណាចលើសលប់របស់គណបក្សកាន់អំណាច។
ការស្ទង់មតិឆ្នាំ២០២១ របស់អង្គការមិនរកប្រាក់ចំណេញអន្តរជាតិភាពជាដៃគូរថវិកាអន្តរជាតិ បានរកឃើញថា ប្រទេសកម្ពុជា មានភាពយឺតយ៉ាវជាងបណ្តាប្រទេសអាស៊ីអាគ្នេយ៍ភាគច្រើនផ្សេងទៀត ជុំវិញការទទួលបានជាសាធារណៈនូវព័ត៌មានថវិការបស់រដ្ឋាភិបាល។ កម្ពុជាទទួលបានពិន្ទុ៣៣ លើ១០០ សម្រាប់តម្លាភាព និងពិន្ទុ ០ លើ ១០០ សម្រាប់ការចូលរួមជាសាធារណៈទាក់ទងនឹងការសម្រេចចិត្តលើថវិការដ្ឋាភិបាល៕
(រាយការណ៍បន្ថែមដោយ Leila Goldstein)
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Transparency International: Cambodia’s Budget Process Lacks Transparency and Regulation