សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ប្រជាពលរដ្ឋទទួលបានព័ត៌មានតិចតួចអំពីមូលនិធិរ៉ែដែលជួយដល់ការអភិវឌ្ឍក្នុងសហគមន៍

សាឡង់ដឹកខ្សាច់ធំមួយកំពុងដឹកខ្សាច់តាមទន្លេបាសាក់ក្នុងរាជធានីភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង
សាឡង់ដឹកខ្សាច់ធំមួយកំពុងដឹកខ្សាច់តាមទន្លេបាសាក់ក្នុងរាជធានីភ្នំពេញ។ រូបភាពថតកាលពីថ្ងៃទី២១ ខែកក្កដា ឆ្នាំ២០២១។ ខេមបូចា/ ព្រីង សំរាំង

អស់រយៈពេលជាង៧ឆ្នាំមកហើយដែលមូលនិធិរ៉ែទ្រទ្រង់កិច្ចអភិវឌ្ឍន៍សហគមន៍មូលដ្ឋានត្រូវបានបង្កើតឡើងដោយក្រសួងរ៉ែនិងថាមពល ដើម្បីជួយអភិវឌ្ឍន៍ក្នុងវិស័យអប់រំ សុខាភិបាលនិងសេវាហេដ្ឋារចនាសម្ព័ន្ធនៅក្នុងមូលដ្ឋានដែលរងផលប៉ះពាល់ដោយសារសកម្មភាពរុករករ៉ែ។

ទោះបីជាយ៉ាងណា មាន​សហគមន៍មូលដ្ឋាន​តិចតួចណាស់ដែលបានដឹងអំពីមូលនិធិ​នេះ ហើយមានសហគមន៍មិនច្រើនទេដែលទទួលបាន​ប្រយោជន៍ពីមូលនិធិនេះ។​

នៅក្នុងកិច្ចសន្ទនាស្តីពី «យន្តការប្រើប្រាស់មូលនិធិរ៉ែសម្រាប់កិច្ចអភិវឌ្ឍសហគមន៍មូលដ្ឋានប្រកបដោយតម្លាភាពនិងគណបេយ្យភាព» កាលពីខែមិថុនា​ លោក អ៊ឹង ឌីប៉ូឡា អគ្គនាយកនៃអគ្គនាយកដ្ឋានធនធានរ៉ែ​នៅ​ក្រសួងរ៉ែនិងថាមពល​បានមានប្រសាសន៍ថា មូលនិធិនេះត្រូវបានរៀបចំឡើង​តាំងពី​ឆ្នាំ​២០១៥​មក​ម្ល៉េះ តាមរយៈចំណូលដែលទបានមកសួយសារអាករ ប្រាក់ពិន័យនិងប្រាក់ពន្ធលើក្រុមហ៊ុនរុករករ៉ែ ដើម្បីបម្រើដល់ការអភិវឌ្ឍសហគមន៍ដែល​ប៉ះពាល់ដោយផ្ទាល់និងប្រយោលពីសកម្មភាពរុករករ៉ែ។

តេះ ស្រីនិច្ច ជាតំណាងសហគមន៍នៅភូមិពូត្រែង ឃុំដាក់ដាំនៅស្រុកអូររាំង ខេត្តមណ្ឌលគិរី​បាន​និយាយថា សហគមន៍របស់​អ្នកស្រីមិនបាន​ដឹងអំពី​មូលនិធិរ៉ែ​ទេ អ្នកស្រីទើបតែដឹងនៅថ្ងៃដែលអ្នកស្រី​ចូល​រួមក្នុង​កម្មវិធីកិច្ចសន្ទនានេះ។

អ្នកស្រីបាន​ប្រាប់​ខេមបូចា​ថា ភូមិរបស់អ្នកស្រីក៏មានបញ្ហាប្រឈមដូចជា​ហេដ្ឋារចនាសម្ព័ន្ធខូចខាត​ ដោយសារតែឃុំរបស់​អ្នកស្រីមានថវិកាអភិវឌ្ឍតិចតួចប៉ុណ្ណោះ។ អ្នកស្រីបាន​និយាយថា សហគមន៍របស់លោកស្រីប្រហែលជាដាក់ពាក្យសុំមូលនិធិរ៉ែនេះ ដើម្បីស្នើឲ្យមានការសាងសង់ផ្លូវនិងរបងសាលាជាដើម។​

អ្នកស្រីក៏បាន​សំណូមពរផងដែរថា រាល់ការវិនិយោគនិងសកម្មភាពរុករករ៉ែគួរតែមាន​ការ​យល់ព្រម​និង​កិច្ចសហការពីអាជ្ញាធរនិងសហគមន៍មូលដ្ឋាន។ ក្រុមហ៊ុ​នពាក់ព័ន្ធគួរផ្តល់ឲ្យសហគមន៍ជាពិសេស​សហគមន៍នៅតំបន់ដាច់ស្រយាលនូវ​ព័ត៌មានគ្រប់ជ្រុងជ្រោយ​ ដើម្បីឲ្យពួកគាត់អាច​ចៀសផុតពីផលលំបាកនៃការអភិវឌ្ឍនៅថ្ងៃក្រោយ។

រណ្តៅរ៉ែប៉ុកស៊ីតរបស់ក្រុមហ៊ុនឯកជនមួយ​ដែលគេ​មិនទាន់បានលុបនៅក្នុងឃុំដាក់ដាំក្នុងស្រុកអូររាំង ខេត្តមណ្ឌលគិរី។ រូបភាពថតកាល​ពីថ្ងៃទី​២៤ ខែមិថុនា​ ឆ្នាំ​២០២២​។ រូបភាពផ្តល់​ឲ្យ​ដោយ​ តេះ ស្រីនិច្ច ជាតំណាងសហគមន៍ភូមិពូត្រែង។

លោក ក្លាន ឌៀន អាយុ៣៣​ឆ្នាំ​ជាតំណាងនៃការចុះបញ្ជីដីសមូហភាពសហគមន៍នៅឃុំញ៉ាងក្នុងស្រុកអណ្តូងមាស ខេត្តរតនគិរី​បាននិយាយថា លោកបានដឹងត្រឹមតែ​វត្តមានក្រុមហ៊ុនរុករករ៉ែ​ គឺមាន​ក្រុមហ៊ុន​រុករករ៉ែរបស់ប្រទេសកាណាដានៅក្នុងឃុំរបស់លោក ប៉ុន្តែ​លោកមិនដែល​បានឮអំពីមូលនិធិរ៉ែទេ។

ក្រោយពេលដែលលោកបាន​ដឹងពីមូលនិធិរ៉ែនេះ លោកបានប្រាប់ថា លោកនឹងស្នើទៅអាជ្ញាធរ​ឲ្យកសាងផ្លូវនិងសាលារៀនបន្ថែមទៀត។ លោកនិយាយថា៖ «សហគមន៍ចង់ពង្រឹងសមត្ថភាពយុវជន​ លុបបំបាត់អនក្ខរភាពនិង​អភិវឌ្ឍផ្លូវថ្នល់»។

លោក ឌៀន ក៏បាន​ស្នើ​សុំនូវកញ្ចប់ថវិកាតូចៗសម្រាប់​សហគមន៍អាចគ្រប់គ្រងដោយឯករាជ្យ។ លោកនិយាយថា ការទម្លាក់ថវិកាជាមួយអាជ្ញាធរឃុំធ្វើឲ្យសហគមន៍ពិបាកក្នុងការស្វែងរកដំណោះស្រាយចំពោះបញ្ហាតូចតាចដែល​ពួកគាត់ប្រឈម​។

បុរស​ម្នាក់រៀបចំចុះរុករករ៉ែត្បូង​នៅខេត្តរតនគិរី។ រូបភាពថតកាលពីឆ្នាំ​២០២០។ ខេមបូចា/ បញ្ញា ឆព័ណ្ណ​

លោក ចាន់ ណា ជាមេឃុំដាក់ដាំបានប្រាប់ខេមបូចាថា លោកក៏មិនដែល​បាន​ឮអំពីមូលនិធិរ៉ែនេះដែរ។ លោកមានប្រសាសន៍ថា៖ «គេគ្រាន់តែជូនដំណឹងមកយើងនៅពេលណាគេជីករ៉ែនៅក្នុងភូមិណាមួយ ប៉ុន្តែយើងមិនដែលដឹងអំពីមូលនិធិរ៉ែទេ»។

លោក ឌីប៉ូឡា បានមានប្រសាសន៍ថា បច្ចុប្បន្ន​នេះ គ្មានមូលនិធិរ៉ែសម្រាប់ស្រុកអូររាំងនៅក្នុងខេត្តមណ្ឌលគិរីនោះទេ បើទោះបីជាមានវត្តមានក្រុមហ៊ុនរ៉ែឈ្មោះ Aluminum Development ក៏ដោយ។

លោកបានមានប្រសាសន៍ថា៖ «ពួកគេទើបទទួលបានអាជ្ញាបណ្ណអាជីវកម្ម ប៉ុន្តែមិនទាន់បានចាប់ផ្តើម​អនុវត្តអាជីវកម្មបានទេ ដោយសារគាត់កំពុងសិក្សាវាយតម្លៃពីផលប៉ះពាល់បរិស្ថានពេញលេញ។ ចឹងហើយបាន​មូលនិធិអត់មាន»។

លោកបាន​បន្ថែមថា លោកមិនបានដឹងថា នៅពេលណាការវាយតម្លៃនេះនឹងរួចរាល់នោះទេ ប៉ុន្តែបន្ទាប់ពីការវាយតម្លៃនេះទៅ គម្រោងនេះក៏ត្រូវឆ្លងកាត់អន្តរក្រសួង។ បន្ទាប់មក ក្រសួងនឹងផ្សព្វផ្សាយព័ត៌មានពាក់ព័ន្ធទៅដល់សហគមន៍ដែលរងផលប៉ះពាល់។

ស្រដៀងគ្នានេះដែរ នៅក្នុងស្រុកអណ្តូងមាស ខេត្តរតនគិរី លោក ឌីប៉ូឡា បានបញ្ជាក់ថា បច្ចុប្បន្ន ក្រុមហ៊ុន Angkor Gold ទទួលបានអាជ្ញាបណ្ណរុករករ៉ែលោហៈ ប៉ុន្តែមិនទាន់ចាប់ផ្តើមអាជីវកម្មនៅឡើយទេ។

ចាប់ពីឆ្នាំ​២០១៥មក​ដល់បច្ចុប្បន្ន​នេះ មូលនិធិរ៉ែបានកើនឡើងដល់ទឹកប្រាក់សរុបជិត​១០លាន​ដុល្លារ។ ក្នុងនោះខេត្តមណ្ឌលគិរីមានមូលនិធរ៉ែជិត​៣០ម៉ឺនដុល្លារ ចំណែក​ខេត្ត​រតនគិរីមាន​ថវិកាជាង​៥ម៉ឺន​ដុល្លារ។

ចាប់តាំងពីឆ្នាំ​២០១៥មក មានគម្រោងអភិវឌ្ឍន៍សហគមន៍ចំនួន​៤៤​ត្រូវបាន​អនុវត្តដោយ​ចំណាយ​អស់​ទឹកប្រាក់ជាង​១លានដុល្លារ។ នៅក្នុងឆ្នាំ​២០២២ គម្រោងអភិវឌ្ឍ​១៧​ទៀតកំពុងត្រូវបានអនុវត្តដោយត្រូវចំណាយ​អស់​ជិត​១លាន​ដុល្លារ។

លោក ឌីប៉ូឡា បាន​មាន​ប្រសាសន៍ថា មូលនិធិរ៉ែនៅសល់ជាង ​៨,៥លានដុល្លារដោយសារតែមិនមានអាជ្ញាធរឬសហគមន៍​ដាក់ពាក្យស្នើសុំមូលនិធិរ៉ែនេះ។

អ្នកធ្វើដំណើរកាត់ពីមុខក្រសួងរ៉ែ និងថាមពល ក្នុងទីក្រុងភ្នំពេញ កាលពីថ្ងៃទី១ ខែកក្កដា ឆ្នាំ២០២២។ ខេមបូចា/ ព្រីង សំរាំង

លោក សាន់ ម៉ាឡា មន្ត្រីតស៊ូមតិជាន់ខ្ពស់នៅបណ្តាញយុវជន​កម្ពុជាបាន​និយាយថា កន្លងមក ករណីបូមខ្សាច់នៅកោះស្តេចក្នុងខេត្តកោះកុង ក៏អាជ្ញាធរមិនបាន​ជូនដំណឹងដល់ប្រជាពលរដ្ឋអំពីមូលនិធិរ៉ែនោះទេ។

លោក​បាននិយាយថា ទាល់តែក្រោយពេល​មាន​ព័ត៌មាន​ផ្ទុះឡើងទាក់ទិនអំពើពុករលួយ​និងភាពមិនប្រក្រតីនៃការរត់ពន្ធខ្សាច់ពីប្រទេសកម្ពុជាទៅកាន់ប្រទេសសិង្ហបុរី​និងប្រទេសដទៃទៀត ទើប​រដ្ឋមន្ត្រីក្រសួងរ៉ែនិងថាមពល​បានចុះទៅជួបសហគមន៍នៅកោះស្រឡៅក្នុងខេត្តកោះកុង ដើម្បីរៀបចំវេទិកាសាធារណៈនិងប្រកាសពីថវិកាដែលត្រូវផ្តល់ឲ្យសហគមន៍ ដើម្បីកសាងផ្លូវថ្នល់និងស្ពាន។

លោក ម៉ាឡា បាន​និយាយថា៖ «ខ្ញុំគិតថា ការបិទបាំងព័ត៌មានមិនជម្រាបទៅសហគមន៍នេះវាជាគឺជារឿងធម្មតាទៅហើយ​ដែលកើតឡើងស្ទើរតែគ្រប់ទីកន្លែងនិងជាគំរូមិនល្អសម្រាប់សង្គមកម្ពុជាទេ»។

លោកបន្ថែមថា “នៅពេលកញ្ចប់មូលនិធិទ្រទ្រង់ការអភិវឌ្ឍសហគមន៍មិនត្រូវបាន​បើកចំហជាសាធារណៈ យើងបារម្ភថា អាជ្ញាធរឬអ្នកគ្រប់គ្រងមូលនិធិនេះនឹងមាន​បំណងមិនល្អ ដោយប្រើប្រាស់មូលនិធិរ៉ែសម្រាប់ប្រយោជន៍ផ្ទាល់ខ្លួន”។

លោក សន ជ័យ ជាប្រធាន​អង្គការសម្ព័ន្ធគណនេយ្យភាពសង្គមកម្ពុជា (ANSA) បាន​មានប្រសាសន៍ថា មូលនិធិរ៉ែគឺជារឿងថ្មីសម្រាប់ប្រជាពលរដ្ឋនិងអាជ្ញាធរ​ក្នុង​មូលដ្ឋាន ដែល​មិនបាន​ដឹងអំពីមូលនិធិនេះពីមុន​មក​ ជាពិសេសសម្រាប់កន្លែងដែលមានការរុករករ៉ែនិងតំបន់​ដែលមានការបូមខ្សាច់។​

លោក​មាន​ប្រសាសន៍ថា ការទទួលបាន​ព័ត៌មានគ្រប់ជ្រុងជ្រោយ​គឺជាដំណាក់កាល​ចាំបាច់​សម្រាប់និតិវិធីដាក់ពាក្យស្នើសុំថវិកា ហើយសហគមន៍គួរដឹងអំពីរបៀបដែលអាជ្ញាធរមូលដ្ឋាន​ប្រើប្រាស់មូលនិធិនេះ។

លោកបាន​បន្ថែមថា អង្គការសង្គមស៊ីវិលដូចជា ANSA ដែល​ទទួល​មូលនិធិពីអង្គការ Oxfam Cambodia បាននឹងកំពុងធ្វើការងារ​ ដើម្បីពង្រីកកម្រិតនៃការទទួល​បាន​មូលនិធិរ៉ែ​សម្រាប់សហគមន៍ដែលរកផលប៉ះពាល់ ពោលគឺទាំងការបែងចែកមូលនិធិពីថ្នាក់ក្រសួងរហូតដល់ថ្នាក់មូលដ្ឋាន​ ព្រមទាំងបង្កើន​តម្លាភាពនិងគណនេយ្យភាពនៅថ្នាក់មូលដ្ឋាន​​។

យោងតាម​សេចក្តីប្រកាស​របស់ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញ​វត្ថុ​ ប្រតិភូមួយក្រុម​មកពី​អគ្គនាយកដ្ឋានពន្ធដារបាន​ចុះទៅពិនិត្យ​មើល​ក្រុមហ៊ុ​ន​ Renaissance Mineral Cambodia Limited ដើម្បី​ស្រាវជ្រាវអំពី​ប្រតិបត្តិការរុករករ៉ែរបស់ក្រុមហ៊ុននេះ​នៅតំបន់​អូខ្វាវ ដើម្បីពិនិត្យមើលពីលទ្ធភាព​ប្រមូលពន្ធកាលពីថ្ងៃទី​២១​ ខែ​មិថុនា​។

លោក គង់ វិបុល​ អគ្គនាយកនៃអគ្គនាយកដ្ឋាន​ពន្ធដារ​បាន​សាទរ​ការវិនិយោគរបស់ក្រុមហ៊ុន​នេះ ហើយ​លើកទឹកចិត្តក្រុមហ៊ុន​នានាឲ្យអនុវត្តការអភិវឌ្ឍដែលមានការទទួលខុសត្រូវទាំងផ្នែកបរិស្ថាននិងសង្គម។

លោកមាន​ប្រសាសន៍ថា វាសំខាន់ណាស់ដែលពួកគេត្រូវអនុវត្ត​តាម​ច្បាប់​និងបទបញ្ញត្តិដែលពាក់ព័ន្ធ ហើយ​ត្រូវមាន​តម្លាភាពក្នុងការប្រតិបត្តិការតព្វកិច្ចសារពើពន្ធនិងការអនុលោម​តាមច្បាប់​ ដែល​ចំណេញ​ដល់ថវិកាជាតិ ទាំងចំណូល​ពន្ធនិង​ចំណូល​មិនទាក់ទងនឹងពន្ធដារ។

លោក​បាន​មាន​ប្រសាសន៍ថា កន្លងមក​ អគ្គនាយកពន្ធដារជួបឧបសគ្គក្នុងវិស័យ​ធនធានរ៉ែ​ ដោយសារក្រុមហ៊ុន​វិនិយោគមួយចំនួនមិន​បានសហការពេញលេញ​ក្នុងការ​បំពេញកាតព្វកិច្ច​បង់ពន្ធ​ គឺខកខានមិនបានផ្តល់​របាយការណ៍ហិរញ្ញវត្ថុ​ និងឯកសារពាក់ព័ន្ធ និងបង់ប្រាក់ពន្ធទាបដែល​ពុំបាន​ឆ្លុះបញ្ចាំងពីសកម្មភាពរបស់ក្រុមហ៊ុន​ទាំងនោះទេ៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Communities lack knowledge of available mineral funds that can help their development

352 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម