សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

ការចរចាប្រាក់ឈ្នួលគោលសម្រាប់កម្មករចាប់ផ្ដើម ភាពខ្វែងគំនិតគ្នាក៏កើតមាន

កម្មករចេញពីរោងចក្រមួយនៅជាយក្រុងភ្នំពេញក្រោយចប់ម៉ោងការងារ រូបភាពថតកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/បញ្ញា ឆព័ណ្ណ
កម្មករចេញពីរោងចក្រមួយនៅជាយក្រុងភ្នំពេញក្រោយចប់ម៉ោងការងារ រូបភាពថតកាលពីថ្ងៃទី១៨ ខែសីហា ឆ្នាំ២០២១។ ខេមបូចា/បញ្ញា ឆព័ណ្ណ

ទើប​តែ​ថ្ងៃទី​មួយ​នៃ​កិច្ច​ចរចា​ប្រាក់​ឈ្នួល​គោល​អប្បបរមា​របស់​កម្មកររោងចក្រកាត់ដេរ​ដែល​គ្រោង​ធ្វើ​រយៈពេល​បួនថ្ងៃក្នុងខែកញ្ញានេះ ភាគី​ខាង​សហជីព និង​តំណាង​និយោជក​ បាន​ខ្វែង​គំនិត​គ្នា​រួច​ស្រេច​ទៅ​ហើយ​លើ​ចំនួន​ទឹក​ប្រាក់​ត្រូវ​ដំឡើង​ឲ្យ​កម្មករ​សម្រាប់​ឆ្នាំ​២០២២។​

កិច្ច​ប្រ​ជុំ​ត្រីភាគី​នេះ​រៀប​ចំ​ឡើង​នៅ​ក្រ​សួងការងារ និងតាម​រយៈកិច្ច​ប្រជុំ​អនឡាញ ដែល​ជា​វិធានការ​មួយ​ក្នុងការ​បង្ការ​ជំងឺ​កូវីដ-១៩​។ គិត​ត្រឹម​ថ្ងៃ​អង្គារ​នេះ​ ជា​ថ្ងៃ​ទី​មួយ​នៃកិច្ច​ចរចា​ដែល​ត្រូវ​ធ្វើ​ឡើង​សម្រាប់​ខែ​កញ្ញា ដោយ​ក្នុង​កិច្ច​ប្រ​ជុំ​នេះ​តំណាង​សហជីព បាន​ដាក់​សំណើ​ដំឡើង​ប្រាក់​ឈ្នួល​គោល​អប្បបរមា​ចំនួន​២២,២០​ដុល្លារ ដើម្បី​ឲ្យ​ប្រាក់​ខែ​គោល​អប្បបរមា​របស់​កម្មករ​បាន​ឡើង​ដល់​២១៤,២០​ដុល្លារ​ សម្រាប់​ឆ្នាំ​២០២២។​ ចំណែក​ខាង​សមាគម​រោង​ចក្រ​កាត់​ដេរ​នៅ​កម្ពុជា​ហៅ​កាត់​ថា GMAC បាន​ជំទាស់​ទៅ​នឹង​សំណើ​នេះ ដោយ​​លើក​ពី​ផល​ប៉ះ​ពាល់​ដែល​កើត​ចេញ​ពី​ជំងឺ​កូវីដ-១៩ និង​ថា​ត្រូវ​ការ​រក្សា​អ្នក​វិនិយោគ​។

លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ដែល​បាន​ចូល​​រួម​ក្នុង​កិច្ច​ចរចា​នោះ​ដែរ មាន​ប្រ​សាសន៍​ថា និយោជក​អំពាវ​នាវ​ឲ្យ​រក្សា​ស្ថិរភាព​ការងារ ជាជាង​គិត​ពី​រឿង​ដំឡើង​ប្រាក់ឈ្នួល​។

លោកមានប្រសាសន៍​ថា៖ «ខាង​និយោជក​បាន​និយាយថា​ពួកគេ[កំពុង​ស្ថិត​ក្នុង​ស្ថាន​ភាព​លំបាក] ហើយ​ពួកគេ​បាន​ស្នើ​មិន​ឲ្យ​មាន​ការ​ដំឡើង​ប្រាក់​ឈ្នួល​នោះទេ ដើម្បីរ​រក្សា​ការងារ ស្ថិរភាព​ការងារ​គឺ​ប្រសើរ​ជាង​ការចរចា​ពី​រឿង​ប្រាក់​ឈ្នួល​អប្បបរមា»។​

លោក​បន្ថែម​ថា ក្នុង​កិច្ច​ពិភាក្សាជុំ​ទី​មួយ​​នៃត្រីភាគី គឺ​គ្រាន់​តែ​ជា​ការ​ធ្វើ​បទបង្ហាញ​ពី​ស្ថាន​ភាព​ទូទៅ​ និង​គំនិត​យោបល់​របស់​ភាគី​នីមួយៗ ដោយ​មិន​ទាន់​លម្អិត​ខ្លាំង​ទៅ​លើកត្តា​សេដ្ឋកិច្ច​នៅ​ឡើយ​។​

លោក កាំង ម៉ូនីកា អគ្គលេខាធិការ​រង​សមាគម​រោងចក្រ​កាត់​ដេរ​នៅ​កម្ពុ​ជា មាន​ប្រសាសន៍​ថា កិច្ច​ពិភាក្សា​នៅ​ថ្ងៃអង្គារ នេះ​គ្រាន់​តែ​ជាការ​បើក​កិច្ច​ប្រជុំ មិន​ទាន់​ឈាន​ដល់​ការ​លម្អិត​លើ​កម្រិត​បច្ចេក​ទេស​នៅឡើយ​។​

លោកមានប្រសាសន៍ថា៖ «​យើង​នឹង​បង្ហាញ​ពី​គោល​ជំហរ​រៀង​ៗ​ខ្លួន​នៅ​ក្នុង​កិច្ច​ប្រជុំ​ថ្ងៃទី​១៤ ខែកញ្ញា»។ លោក​បន្ត​ថាភាគី​និយោជក​នៅ​ថ្ងៃ​នេះគ្រាន់​តែ​ចាប់​ផ្ដើម​ពិភាក្សា​លើ​ «បរិបទ» វិបត្តិសកល ក្នុង​តំបន់ ក៏​ដូច​ជា​នៅ​ប្រទេស​។​

លោក​ឲ្យ​ដឹង​ទៀត​ថា៖ «យើង​ក៏​បាន​​ពិភាក្សា​ពី​ផែន​ការស្ដារ​ឡើង​វិញ​នៃសេដ្ឋកិច្ច​កម្ពុជា​សម្រាប់​ឆ្នាំ​២០២១-២០២៣ ដើម្បី​ទាញ​សេដ្ឋកិច្ច​កម្ពុជា​ឲ្យ​វិល​ទៅ​រក​សភាព​ដើម​មុន​មាន​វិបត្តិ និង​តម្រូវ​ការ​ទាក់​ទាញ​អ្នក​វិនិយោគ​ក្នុង​វិស័យ​ផ្សេងៗ​ទៀត»។​ លោក​លើក​ឡើង​ទៀត​ថា៖ «យើង​ក៏​​ត្រូវ​តែ​លើក​ពី​លទ្ធ​ភាព​នៃការ​ចំណាយ​លើ​ប្រតិបត្តិ​ការ​ខ្ពស់ ដើម្បី​អនុវត្តវិធានការ​ការ​ពារ​សុវត្ថិ​ភាព​ដែល​បាន​តតម្រូវ»។​

លោក ម៉ូនីកា មាន​ប្រ​សាសន៍​ទៀត​ថា ប្រ​ទេស​ជាច្រើ​ន​បាន​ផ្អាក​ការ​ចរចា​ប្រាក់​ឈ្នួល​គោល​អប្បបរមា​សម្រាប់​ឆ្នាំ​២០២១ និង​ឆ្នាំ​២០២២ តែ​ថា​កម្ពុជា​មាន​ភាព​ក្លាហាន​ក្នុ​ង​ការ​ពិភាក្សា​ទាំង​ពេល​កំពុង​មាន​វិបត្តិ​។ តាម​ការ​លើកទឹកចិត្តរបស់​រដ្ឋា​ភិបាល លោក​ថា ប្រាក់​ឈ្នួល​បាន​កើនឡើង​ចំនួន​ពីរ​ដុល្លារ​កាលពី​ឆ្នាំ​កន្លងទៅ​​។​

លោក​បន្ត​ថា៖ «នេះ​គឺ​ជា​កិច្ច​ប្រជុំ​វាយតម្លៃ​លើ​ប្រាក់​ឈ្នួល​ប្រចាំ​ឆ្នាំ ហើយ​ការ​វាយ​តម្លៃ​មិន​មែន​មាន​ន័យ​ថា​ត្រូវ​តែ​ដំឡើង​នោះទេ​»។ លោក​បន្ថែម​ថា៖ «ស្រប​ពេល​ដែល​យើង​មាន​ភាព​ក្លាហាន​ក្នុង​ការ​ចរចា​ហើយ យើង[ជាពិសេស​ខាង​ហសជីព] ត្រូវ​តែមាន​ភាព​ក្លាហាន​ក្នុង​ការ​ទទួល​យក​លទ្ធផល​បែប​បច្ចេក​ទេស​នេះ​ដែរ លទ្ធ​ផល​មិន​មែន​សម្រាប់​ផ្ដល់​ផល​ល្អ​ដល់​កម្មករ ឬសហជីព​នោះទេ តែក៏​ត្រូវ​ជា​ប្រយោជន៍​សម្រាប់​សេដ្ឋកិច្ច​ដែរ»។​

តំណាង​សហជីព បាន​អះអាង​ថា​សំណើ​ដំឡើង​ប្រាក់​ឈ្នួល​គោល​អប្បបរ​មា​របស់​ខ្លួន​ក៏​ចេញពី​បរិបទ​នៃ​វិបត្តិ​សេដ្ឋកិច្ច​ដូច​គ្នា​។​

លោកស្រី​ យ៉ាង សោភ័ណ្ឌ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​(CATU) មាន​ប្រសាសន៍​ថា៖ «យើង​បាន​ពិចារណា​ឃើញ​ថា​ប្រាក់​ឈ្នួល​គោល​គួរ​តែ​នៅ​បន្ត​ដំឡើង​ដោយ​ផ្អែក​ឡើង​ស្ថាន​ភាព​សេដ្ឋកិច្ច អតិផរណាលើ​ទីផ្សារ និង​ការ​ចំណាយ​លើ​ថ្លៃ​រស់​នៅ​របស់​កម្មករ»។​

លោកស្រីបន្ត​ថា រាល់​ឆ្នាំ​ភាគី​និយោជក​តែង​ភ្ជាប់ការ​ដំឡើង​ប្រាក់​ឈ្នួល​គោល​នេះ​ថា​អាច​ធ្វើ​ឲ្យ​បាត់​អ្នក​វិនិយោគ តែអ្នកស្រី​ថា​មិន​មាន​ករណី​បែបនេះ​នោះ​ទេ​។​

លោកស្រី​បន្ថែម​ថា៖ «ជាក់ស្ដែង ពេល​ដំឡើង​ប្រាក់​ឈ្នួល​គោល​ឲ្យ​កម្មករ យើង​មិន​ឃើញ​មាន​អ្នក​វិនិយោគ​ណា​​ចេញ​ពី​កម្ពុជា​ទៅ​កាន់​ប្រទេស​ផ្សេង​ផង…​អ្វី​ដែល​យើង​បាន​ឃើញ ពួក​គេ​នៅ​តែធ្វើ​ប្រតិបត្តិការ និង​បាន​ពង្រីក​រោងចក្រ​នៅ​ទី​នេះ​ទៀត​ផង»។​

អ្នកស្រី ម៉ៅ ស្រីមុំ វ័យ​៣៦ឆ្នាំ ជា​កម្មការិនីនៅស្រុក​អង្គស្នួល ខេត្ត​កណ្ដាល គាំទ្រ​ទៅ​នឹង​សំណើ​ដំឡើង​ប្រាក់​ឈ្នួល​របស់​តំណាង​សហជីព ដោយ​បាន​លើក​ឡើង​ថាប្រាក់​ឈ្នួល​គោល​បច្ចុប្បន្ន​១៩២​ដុល្លារ មិនគ្រប់គ្រាន់​សម្រាប់​ការ​ចំណាយ​ប្រចាំ​ថ្ងៃ រួមទាំង​ផល​ប៉ះ​ពាល់​កើត​ចេញ​ពី​ជំងឺ​កូវីដ-១៩ ទេ។​

អ្នកស្រី​លើកឡើង​ថា៖ «​ខ្ញុំ​គិត​ថា​ប្រាក់​ឈ្នួល​គោល​ត្រូវ​តែ​ឡើង​ ទោះបីជា​[រោងចក្រ​] រង​ផល​ប៉ះពាល់ពី​ជំងឺ​កូវីដ-១៩ ក៏​ដោយ ពីព្រោះថា​​កម្មករ​នៅ​ធ្វើ​ការ​ដូច​ធម្មតា រួម​ទាំង​ថ្ងៃ​បុណ្យជាតិ​​ផង។ យើង​មិន​ដែល​ឈប់ទេ ដូច​នេះ​និយោជកបាន​ទទួល​ប្រាក់ចំណេញ»។​

អ្នក​ស្រី​ឲ្យ​ដឹង​ទៀត​ថា កម្មករខ្លះបានធ្វើការទ្វេរដងក្នុងកំឡុងពេលកូវីដ-១៩ ដើម្បីបំពេញតាមគោលដៅផលិតរបស់និយោជក ដោយបាន​ផ្ដល់​ជាឧទាហរណ៍​ថាកម្មករធ្លាប់តែ​ផលិតសម្លៀកបំពាក់ចំនួន១៦០០ ក្នុងមួយថ្ងៃ តែ​ឥឡូវនេះអាចកើនឡើងដល់​២០០០​។​

កម្មករ​ម្នាក់​ទៀត ឈ្មោះ សិន សុធារ៉ា វ័យ​៣៧​ឆ្នាំ លើក​ឡើង​ដែរថា ប្រាក់ខែ​គោល​សព្វថ្ងៃ​មិន​អាច​គ្រប់គ្រាន់​សម្រាប់​ចំណាយ​លើ​ការស់​នៅ​ប្រចាំ​ថ្ងៃ​ដែល​មាន​តម្លៃ​ខ្ពស់​បានទេ​​។​

សុធារ៉ា បន្ត​ថា៖ «​ជាធម្មតា យើង​តែង​តែចង់​បាន​ការ​ដំឡើង​ប្រាក់​ឈ្នួល ដើម្បី​ជួយ​ទ្រ​ទ្រង់ជីវភាព​គ្រួសារ…​ប្រាក់ខែ​យើង​បាន​ឡើង​[កាលពី​ឆ្នាំទៅ] ប៉ុន្តែ​ទំនិញ​លើ​ទី​ផ្សារ​ក៏​បាន​ឡើង​ថ្លៃដែរ»។​

អ្នក​នាំ​ពាក្យ​ក្រ​សួង​ការងារ លោក ហេង សួរ បដិសេធ​ធ្វើ​អត្ថាធិប្បាយ​លម្អិត​លើ​កិច្ច​ប្រជុំត្រីភាគីនេះ ដោយបាន​បង្វែរ​ឲ្យ​​ផ្អែក​លើ​សេចក្ដី​ថ្លែង​ការ​របស់​ក្រ​សួង​វិញ។ ក្នុង​សេចក្ដី​ថ្លែង​ការណ៍ ក្រ​សួង​បាន​បង្ហាញ​ពី​ស្ថានភាព​ភាគី​ទាំង​ពី​រ​បានជួប​ប្រទះ រួម​មាន​ស្ថាន​ភាព​សេដ្ឋកិច្ច​ក្នុងវិបត្តិកូវីដ-១៩ផង​។​

សេចក្ដី​ថ្លែង​ការណ៍បញ្ជាក់​ដែរ​ថា កិច្ចពិភាក្សា​ត្រី​ភាគី​នេះ នឹង​រៀប​ចំ​ជាថ្មី​ទៀត​នៅ​ថ្ងៃទី​១៤ ទី២១ និងទី២៨ ខែកញ្ញា ឆ្នាំ២០២១៕

ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Garment worker minimum wage talks begin, find early disagreement

293 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម