រដ្ឋាភិបាលប្រកាសជ្រើសរើសមន្ត្រី២៥០នាក់ជាការជ្រើសរើសលើកដំបូងដើម្បីដាក់ឱ្យជួយកសិករផ្នែកបច្ចេកទេស និងរកទីផ្សារកសិផលនៅតាមឃុំសង្កាត់តាមបណ្តាខេត្តនានា។
សេចក្តីជូនដំណឹងរបស់ក្រសួងមុខងារសាធារណៈចុះថ្ងៃទី៣១ខែតុលាឆ្នាំ២០២៣ បានប្រកាស ពីការប្រឡងជ្រើសរើសមន្ត្រីកសិកម្មចំនួន២៥០នាក់ សម្រាប់ខេត្តគោលដៅចំនួន១៧។ ក្រសួង បានកំណត់ក្នុងចំណោមខេត្តគោលដៅទាំង១៧នោះគឺមន្ត្រីម្នាក់កាន់ការងារ២ឃុំ។
សេចក្តីប្រកាសឱ្យដឹងទៀតថា បេក្ខជនអាចទាញយកទម្រង់ពាក្យតាមអនឡាញ ហើយដាក់ពីថ្ងៃទី ១ដល់ថ្ងៃទី៣០ ខែវិច្ឆិកា ឆ្នាំ២០២៣។
អ្នកនាំពាក្យក្រសួងកសិកម្មរុក្ខាប្រមាញ់ និងនេសាទ លោក ឃឹម ហ្វីណង់ ឱ្យដឹងថា ក្នុងចំណោម ឃុំសង្កាត់១៦៥២ទូទាំងប្រទេសគឺក្រសួងកំណត់យកឃុំ និងសង្កាត់ចំនួន១ ៦៦០ ជាឃុំ-សង្កាត់មានរបរកសិកម្មសម្រាប់ដាក់ពង្រាយមន្ត្រី។
លោក ឃឹម ហ្វីណង់ឱ្យដឹងទៀតថា ការជ្រើសរើសមន្ត្រីជំហានដំបូង២៥០នាក់នៅឆ្នាំ២០២៣នេះ នឹងដាក់ឱ្យម្នាក់កាន់ការងារជួយកសិករចំនួន២ឃុំ។
លោក ឃឹម ហ្វីណង់ ថ្លែងថា៖«គោលដៅម្នាក់១ឃុំ ប៉ុន្តែក្នុងពេលបច្ចុប្បន្ន នៅពេលដែលយើងមិនទាន់មានមន្ត្រីគ្រប់នៅឡើយ យើងពឹងឱ្យគាត់ជួយមើលឃុំដែលជាប់ហ្នឹងសិន»។
តាមសេចក្តីប្រកាសរបស់ក្រសួងមុខងារសាធារណៈបេក្ខជនដែលប្រឡងជាប់ជាមន្ត្រីកសិកកម្មនៅតាមឃុំទាំងនេះ ទទួលបានក្រមខណ្ឌដូចមន្ត្រីទូទៅហើយទទួលបានប្រាក់បៀវត្សរ៍ប្រចាំខែពី១លាន៤សែនរៀល(១ ៤០០ ០០០ រៀល)ទៅ១លាន៦សែបរៀស(១ ៦០០ ០០០រៀល)។
ការដាក់មន្ត្រីកសិកម្មនៅតាមឃុំសង្កាត់នេះគឺជាចំណុច១ក្នុងចំណោមចំណុចទាំង៦នៃយុទ្ធសាស្ត្រ
បញ្ចកោណរបស់រដ្ឋាភិបាលអាណត្តិទី៧ដឹកនាំដោយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត។ នៅក្នុងផែនការនេះ បញ្ជាក់ពីការធ្វើឱ្យកសិកម្មមានភាពប្រសើរឡើង និងជួយឱ្យជីវភាពកសិករ នៅតាមជនបទបានធូរធា។
ទោះយ៉ាងណាកសិករនៅតាមបណ្តាខេត្តនានា ហាក់នៅមិនទាន់មានក្តីសង្ឃឹមច្រើនពីការផែនការ ដាក់ពង្រាយមន្ត្រីកសិកម្មនៅតាមឃុំ សង្កាត់ទាំងនេះនៅឡើយទេ។
កសិករនៅខេត្តព្រះវិហារ លោក សួន ឆែម ថ្លែងថា លោកមិនបានដឹងពីផែនការដាក់ពង្រាយ មន្ត្រី កសិកម្មនៅតាមឃុំនោះទេ។ លោកបន្តថា ក្តីបារម្ភធំរបស់លោក និងកសិករផ្សេងទៀតនៅក្នុងខេត្តនេះគឺ ផលិតចំណាយដើមទុនច្រើន ប៉ុន្តែបានផលមកវិញលក់ក្នុងតម្លៃទាប។
លោក សួន ឆែម៖«បច្ចេកទេសយើងជាកសិករធ្វើទៅដល់ពេលបានដូចជាស្រូវ ជាដំឡូង ដល់ពេលតម្លៃអ៊ីចឹងទៅ វាបញ្ហាកន្លែងហ្នឹង។ នៅពេលបានហើយក៏ដូចជាជីដូចជាអីថ្លៃ ដល់ពេលដំណាំយើងចេញវិញអត់បានថ្លៃ បញ្ហាកន្លែងហ្នឹង»។

កសិករនៅខេត្តកំពង់ចាម លោក ថៃ ថេន ឱ្យដឹងថា លោកពិបាកចិត្តដោយសារតែ កសិផល លក់ បានតម្លៃទាបធ្វើឱ្យសាច់ ញាតិរបស់លោកខាតបង់ហើយធ្វើចំណាកស្រុកបន្តបន្ទាប់។ លោកបន្តថា អ្វីដែលលោកត្រូវការពេលនេះគឺសូមឱ្យស្រូវមានតម្លៃ១ពាន់ ៣រយរៀលទៅ១ពាន់ ៤រយរៀល ទើបកសិករអាចរស់បាន។
លោកថៃ ថេន៖«បាទ! វាអត់សូវបានថ្លៃដូចជាស្រូវអង្ករសព្វថ្ងៃមកពីអត់បានថ្លៃ បើសិនជាស្រូវអង្ករ ស្រូវសើមបានត្រឹម១គីឡូ១៣០០ ១៤០០[រៀល]កសិករប្រហែលជាអាចរស់បាន បើ១គីឡូនៅតែ៨០០[រៀល]អីនេះ រស់អត់ចង់កើតទេ។ ជី គាត់គិតមើលមើល៍ សព្វថ្ងៃនេះ១បេ ១៧ម៉ឺនរៀល ២០ម៉ឺន១បេ។ បាទ! ដីក្នុង១ហាត់[ហិកតា] យើងបាច ក្នុង៧បេ ៨បេ ទៅ៩បេ តាមទឹកដីល្អ ដីមិនសូវល្អអ៊ីចឹង។ ដីល្អបាចត្រឹម៧បេ ដីមិនសូវល្អបាចដល់៨បេទៅ ដីអន់ខ្លះបាចដល់៩ទៀតក្នុង១ហិកតា»។
ចំណែកសិករម្នាក់ទៀតនៅខេត្តបាត់ដំបងលោក ហ៊ុន យ៉ាន់ ឱ្យដឹងថា លោកឮការប្រកាសរបស់រដ្ឋាភិបាលបន្តបន្ទាប់ថា ជួយកសិករប៉ុន្តែជាក់ស្តែងមិនទាន់ឃើញលទ្ធផល ទើបលោកមិនទាន់ហ៊ាន សង្ឃឹមលើផែនការដាក់ពង្រាយមន្ត្រីកសិកម្មនេះទេ។ លោក ហ៊ុន យ៉ាន់ ក៏មានបញ្ហាដូចកសិករ ទូទៅដែរ។ លោកបន្តថា ថ្លៃដើមខ្ពស់ហួសហេតុពេកទើបធ្វើឱ្យកសិករវេទនា។
លោក ហ៊ុន យ៉ាន់ បន្ថែមថា៖«បាទ! សូមឱ្យទម្លាក់ដូចថាជី និងសាំង ម៉ាស៊ូតអីហ្នឹងសូមទម្លាក់[ថ្លៃ] អ៊ីចឹងបានឱ្យខាងកសិករយើងឱ្យបានងើប។ ប៉ុន្តែនិយាយទៅកសិករហ្នឹងវាមិនដែលបានងើបប៉ុន្មានទេ នៅតែគេឱ្យតម្លៃ [ហើយ]គេដើរចេញទៅ វានៅតែដដែល។ ប៉ុន្តែឥឡូវជៀសតែថាយើងសូមហើយជាងពីយើងមិនសូម សូមឱ្យទម្លាក់ប្រេងសាំង ប្រេងម៉ាស៊ូត ហើយនឹងជីហ្នឹងទម្លាក់ចុះក្រោមមកឱ្យកសិករគ្នារីកចម្រើន»។
ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC)លោក ថេង សាវឿន មានប្រសាសន៍ថា ការដាក់មន្ត្រីម្នាក់កាន់ការងារ២ឃុំអាចមានប្រសិទ្ធិភាពទាបព្រោះទំហំការងារធំ។ សម្រាប់លោក ថេង សាវឿន បញ្ហាបច្ចេកទេសនៅពេលច្ចុប្បន្នមិនមែនជាបញ្ហាទេលោកថា ចំណុចបញ្ហាធំសម្រាប់កសិករ នៅពេលនេះគឺរៀបចំយន្តការផ្តល់ព័ត៌មានឱ្យបានគ្រប់គ្រាន់ដល់កសិករ។
លោក ថេង សាវឿន ថ្លែងថា៖«តម្រូវការកសិករក្នុងវិស័យកសិកម្ម កត្តាបច្ចេកទេសមិនមែនជាបញ្ហាចោទទេ សម្រាប់ប្រជាពលរដ្ឋយើង ក៏ប៉ុន្តែយន្តការនៃការផ្តល់ព័ត៌មាន យន្តការនៃការផ្តល់នូវលំហូរព័ត៌មានអំពីយុទ្ធសាស្ត្រ វិធីសាស្ត្រ និងនិន្នាការតម្រូវការរបស់ពិភពលោក ក៏ដូចជាក្រុមហ៊ុនវិស័យឯកជនក្នុងប្រទេសកម្ពុជា ឬក៏ពិភពលោកនៃការនាំចេញលើតម្រូវការវិស័យកសិកម្ម គឺជាយន្តការមួយដែលត្រូវតែផ្សព្វផ្សាយ ហើយនឹងត្រូវការមនុស្សដើម្បីចូលរួមចំណែកទៅលើវិស័យនេះ»។
តាមសេចក្តីប្រកាសរបស់ក្រសួង គឺជ្រើសរើសមន្ត្រីនៅឆ្នាំ២០២៣សម្រាប់ខេត្តអាទិភាពទាំង១៧ រួមមាន ខេត្តតាកែវ កំពង់ស្ពឺ កំពង់ធំ សៀមរាប បន្ទាយមានជ័យ កំពង់ចាម កំពង់ឆ្នាំង បាត់ដំបង កំពត ពោធិ៍សាត់ ព្រៃវែង ព្រះវិហារ ត្បូងឃ្មុំ ស្វាយរៀង ឧត្តរមានជ័យ កណ្តាល និងខេត្តមណ្ឌលគិរី។ សម្រាប់ឆ្នាំ២០២៤ ក្រសួងនឹងមានការជ្រើសរើសមន្រ្តីកសិកម្មឃុំ-សង្កាត់ចំនួន៨០០នាក់ និងក្នុងឆ្នាំ២០២៥ ជ្រើសរើសបន្ថែមចំនួន៥៥០នាក់។
ជុំវិញការដាក់ពង្រាយមន្ត្រីបច្ចេកទេសកសិកម្មនៅគ្រប់ឃុំ សង្កាត់ ដែលមានសកម្មភាពកសិកម្មនៅទូទាំងប្រទេស ដើម្បីជំរុញការលើកកម្ពស់ផលិតភាពកសិកម្ម និងជួយដល់គ្រួសារកសិករក្នុងការលើកស្ទួយផលិតផលកសិកម្មរបស់ខ្លួន និងរៀបចំឱ្យមានសមាគមកសិកម្មនៅតាមទីជនបទរដ្ឋាភិបាលបានគ្រោងចំណាយថវិការហូតដល់ទី១៦,៩ ប៊ីលានរៀល ដែលស្មើនឹងប្រមាណ៤លានដុល្លារអាម៉េរិក។ នេះបើតាមរយៈខ្លឹមសារសង្ខេបប្រតិបត្តិស្តីពីសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៤ របស់ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុដែលបានចេញផ្សាយកន្លងទៅ៕