សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

រដ្ឋាភិបាលជំរុញឱ្យក្រសួងអប់រំបន្ថែមម៉ោងសិក្សាសម្រាប់បឋមសិក្សា​មួយចំនួន

សាលាបឋមសិក្សាព្រៃស្ពឺ នៅជាយក្រុងភ្នំពេញ រូបថតនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)
សាលាបឋមសិក្សាព្រៃស្ពឺ នៅជាយក្រុងភ្នំពេញ រូបថតនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត ជំរុញឱ្យក្រសួងអប់រំបន្ថែមម៉ោងសិក្សាបន្ថែមដល់ សាលា​បឋមសិក្សាចំនួន៥០នៅកម្ពជាដើម្បីពង្រឹងមូលដ្ឋានគ្រឹះដល់កុមារ និងជំនាញ​ទន់​ដែលត្រូវពង្រឹងតាំងពីថ្នាក់មូលដ្ឋានគ្រឹះនៅកម្រិតបឋម។

ថ្លែងក្នុងពិធីបិទសន្និបាទប្រចាំឆ្នាំ២០២២-២០២៣ របស់ក្រសួងអប់រំ យុវជន និងកីឡា កាលពី​ដើម​ខែមេសា ឆ្នាំ២០២៤ លោកនាយករដ្ឋមន្រ្តី ហ៊ុន ម៉ាណែត​ មានប្រសាសន៍ថា កម្ពុជានឹង​អនុវត្ត​ផែនការដំណាក់កាលដំបូងសម្រាប់កម្រិតបឋមសិក្សាចំនួន៥០ សាលា​នោះដោយ​បន្ថែម​​​ម៉ោងសិក្សាចំនួន២ម៉ោងបន្ថែម សម្រាប់ការបង្រៀន និងរៀនពេញមួយថ្ងៃ។

លោកលើកឡើងថា៖ «ក្នុងដំណាក់កាលដំបូងផ្តោតលើសាលាបឋមសិក្សាប្រមាណ៥០ និង​ផ្តល់​នូវការគាំទ្រការចុះជួយផ្នែកជំនាញទន់ ដើម្បីឱ្យនាយកសាលា គ្រូបង្រៀន និង សហគមន៍ ចូលរួមការរៀបចំកម្មវិធីក្រៅម៉ោងសិក្សា​យ៉ាងហោចណាស់២ម៉ោង​ក្នុងមួយថ្ងៃ​ដើម្បី​ឱ្យសិស្សបានមករៀននៅសាលា និងទទួលបានការបំប៉នមេរៀនបន្ថែម​ទៅលើការ​សិក្សា​​ក្នុង​ម៉ោងផ្លូវការភាសាអង់គ្លេស កុំព្យួទ័រ និងសកម្មភាពផ្សេងៗដូចជា ការអានជាក្រុម ការអាន​ក្នុងបណ្ណាល័យ ការធ្វើលំហាត់បន្ថែម សកម្មភាពសង្គម ការអប់រំសីលធម៌ និង​លេង​កីឡា»

លោកថ្លែងថា គោលបំណង គឺការរៀបចំសកម្មភាពសិក្សាបន្ថែមនេះក៏មានគោលដៅ​កាត់​បន្ថយ​​​ម៉ោងទំនេរ និងប្រែក្លាយ​ម៉ោង​ទំនេរ​របស់យុវជន និងកុមារដែលអាចយកទៅធ្វើ​សម្មភាព​​​​អសកម្មមួយ​ចំនួននោះ​ឱ្យ​ក្លាយ​ទៅជាម៉ោងសម្រាប់អភិវឌ្ឍសមត្ថភាពរបស់ខ្លួន។ ដើម្បី​​លើក​កម្ពស់​ និង​បង្កើនឱកាសការសិក្សាវែងឆ្ងាយ ស្របតាមការស្ទង់មតិនេះតាមការចង់​បានរបស់ពលរដ្ឋដែលអាចផ្តល់ពេលវេលាដល់អាណាព្យាបាលមានពេលគ្រប់គ្រាន់ក្នុងការប្រកបរបរចិញ្ចឹមជិវិតហើយកុមារមិនសូវមានពេលទំនេរច្រើន។

លោកនាយករដ្ឋមន្ត្រីបន្តថា៖ «វាជួយកាត់បន្ថយម៉ោងទំនេររបស់សិស្ស ដែលឪពុកម្តាយ ខ្លះថា​ កូនទំនេរ​ច្រើខ្លាចវាខូច គាត់ចង់ឱ្យកូនរៀនច្រើន មានវិនយ័និងគុណភាព។​ហើយការអប់រំវា​មិន​​មែន​មួយថ្ងៃ ១២ឆ្នាំ រឺ១៦ឆ្នាំ ២០​ឆ្នាំ នោះទេ គឺយើងត្រូវការអប់រំបណ្តុះ បណ្តាល​ពេញមួយ​ជីវិត គ្រូបង្រៀនក៏ត្រូវតែរៀន សូម្បីតែខ្ញុំ​ជា​នាយករដ្ឋមន្រ្តី​ក៏ត្រូតែរៀន​សូត្ររាល់ថ្ងៃដែរ ដើម្បី​ពង្រឹង​ការអប់រំដែលជាមូលដ្ឋានគ្រឹះ​សម្រាប់​ធនធានរបស់យើង​[កម្ពុជា]ជាពិសេស​ពង្រឹង​មូលដ្ឋាន គឺជាកិច្ចការសំខាន់»

អ្នកនាំពាក្រសួងអបរំ​ យុវជន និងកីឡា លោកស្រី ឃួន វិច្ឆិកា មានប្រសាសន៍ថា ក្រសួងបាន​ដាក់សាកល្បងចំនួន២០សាលាម្តងរួចមកហើយ។ លោកស្រីបន្តថា ក្រសួងបានសាកល្បង​កន្លង​​​មកចំនួន២០សាលា​ទៅលើ​ការ​អនុវត្តសិក្សាពេញមួយថ្ងៃនឹង​ទទួលបានជោគជ័យ​​ដោយ​បានប្រើប្រាស់ថវិកា​សមធម៌​របស់​សាលារៀន។

លោកស្រីឱ្យដឹងថា សម្រាប់សាលាទាំង៥០នោះក្រសួងនឹងជ្រើសរើស​ដោយគោរពតាម​ផែនការ​ដែលបានដាក់ចេញ ប៉ុន្តែពេលនេះក្រសួងមិនទាន់អាចបញ្ជាក់បាន​នៅឡើយ​ទេ​ថានឹងជ្រើសរើសនៅខេត្តណា និងតំបន់ណាខ្លះនៅឡើយទេ។

លោកស្រីអ្នកនាំពាក្យថ្លែងថា៖ «ការជ្រើសរើសសាលាទាំងនោះដោយស្របតាមផែនការ​របស់ក្រសួងអប់រំ ហើយខ្ញុំមិនទាន់អាចប្រាប់បាននៅឡើយទេថានៅតំបន់ និងខេត្តណា  ដោយក្រសួងកំពុងពិនិត្យ និងកំណត់សាលាគោលដៅ»

លោកស្រី វិច្ឆិកា បន្ថែមថា ដើម្បីសម្រេចផែនការដែលបានដាក់ចេញ​នោះទាមទារ​ការចូលរួម​ពី​អ្នក​ពាក់ព័ន្ធ«ការងារនេះសម្រេចទៅបានវាទាមទារការចូលរួមពីសហគមន៍ អាណាព្យាបាល លោកគ្រូអ្នកគ្រូ និងអ្នកពាក់ព័ន្ធផ្សេងទៀតទើបអាចសម្រេចបាន មិនមែនសម្រាប់តែ​ក្រសួង​​អប់រំ​ម្នាក់ឯងនោះទេ»

លោកស្រីបន្ថែមថា សាលានៅភ្នំពេញមានសាលាបឋមសិក្សាព្រៃស្ពឺ ស្ថិតក្នុង​ខណ្ឌ​ពោធិ៍សែនជ័យ រាជធានីភ្នំពេញ។

រដ្ឋមន្រ្តីក្រសួងអប់រំ យុវជន និងកីឡា លោក ហង់ជួន ណារ៉ុន មានប្រសាសន៍ថា ដោយសារ​ប្រទេសជិតខាងគេរៀនពេញមួយថ្ងៃបើកម្ពុជារៀនតែមួយវេនមិនអាចប្រកួតប្រជែងនោះទេ។

 លោករដ្ឋមន្ត្រីបញ្ជាក់ថា៖ «ដូចដែលបានដឹងហើយថាប្រទេសជិតខាងកម្ពុជា គឺគេសិក្សា​ពេញ​​មួយថ្ងៃ ហេតុនេះបើកម្ពុជារៀនតែមួយ​វេននឹងធ្វើឱ្យគុណភាពនៃការអប់រំមិនអាច​ប្រណាំង​​ប្រជែង​​ជាមួយប្រទេសជិតខាងបានឡើយ។ ហើយការសិក្សាពេញមួយថ្ងៃនេះ​ទៀត​សោត ជួយ​​បណ្តុះឆន្ទៈឱ្យកុមារស្រឡាញ់ការសិក្សាពេញមួយជីវិត មិនតែ​ប៉ុណ្ណោះ​លោកគ្រូអ្នកគ្រូ​អាច​មានពេលវេលាគ្រប់គ្រាន់ក្នុងការស្វែងយល់ពីសិស្ស និងផ្តោត​ការ​យក​ចិត្ត​ទុកដាក់បាន​ល្អជាងមុន»

លោករដ្ឋមន្រ្តីបន្ថែមថា កុមារនឹងទទួលបានអាហាររូបត្ថម្ភពេញលេញដែលជាកត្តាជួយដល់​កុមារមករៀនបានទៀងទាត់ជាងមុន។

លោកបន្ថែមថា៖ «ដោយការអនុវត្តសាកល្បងកន្លងមកយើងសង្កេតឃើញថា ក្មេងចង់មក​រៀន​ជាងមុននិងបានមករៀនទៀងទាត់ ហើយការផ្តល់អាហារូបត្ថម្ភវាជួយផ្នែករាងកាយ​និងប្រាជ្ញាស្មារតី ពួកគេមានពេលក្នុងការអភិវឌ្ឍបំណិនជីវិត និង​ការហាត់កីឡា​ដែលជៀស​វាងយកពេលវេលាដែលទំនេរទៅប្រព្រឹត្តអំពើអបាយមុខ»

សាលាបឋមសិក្សាព្រៃស្ពឺ នៅជាយក្រុងភ្នំពេញ រូបថតនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៤។ (ខេមបូចា/ ព្រីង សំរាំង)

អាណាព្យាបាលរស់នៅរាជធានីភ្នំពេញម្នាក់គឺអ្នកស្រី កែវ សុម៉ាលី បានលើកឡើងពីការគាំទ្រ​រដ្ឋាភិបាល និងក្រសួងអប់រំថា” នេះជាដំណឹងល្អ ហើយខ្ញុំគាំទ្រ ព្រោះនៅពេលដែលក្មេងៗ​មាន​ម៉ោងរៀនច្រើន គាត់មិនសូវបានលេខទូរសព្ទ័ច្រើន ដែលវាជាក្តីកង្វល់របស់​អាណា​ព្យាបាល​​ទៀត​ហើយ ដោយសារយើងដឹងហើយថាពេលគាត់រៀន​តែមួយពេល គឺ​ពួកគាត់​សល់ម៉ោងទំនេរច្រើន»

អ្នកស្រី សុម៉ាលី បន្ថែមថា អ្នកស្រីមានកូនចំនួន ៣នាក់ ហើយកូនទីពីររបស់អ្នកស្រី​រៀនថ្នាក់​បឋមសិក្សា និងកូនពៅអាយុពីរឆ្នាំម្នាក់ទៀតដែលនឹងត្រៀមចូលរៀននៅពេលគ្រប់អាយុ។

អ្នកស្រីឱ្យដឹងថា៖ «ខ្ញុំមានកូន៣នាក់ ម្នាក់រៀនថ្នាក់បឋមសិក្សា ហើយម្នាក់ទៀតអាយុ២ឆ្នាំ​ដែល​​នឹងត្រៀមចូល​រៀន​ថ្នាក់បឋមសិក្សាឆាប់ៗនេះដែរពេលគាត់គ្រប់អាយុចូលរៀន វាជា​រឿង​ដែលគួរឱ្យរីករាយ​ព្រោះពួកគេមានពេលរៀនបានច្រើនជាងមុន ដោយសារកន្លងមក​កូន​ទីពីរ​របស់ខ្ញុំ​ក្រៅពី​ការរៀនមួយវេន គាត់ក៏មានរៀនគួរបន្ថែមតែ១ម៉ោង​ប៉ុណ្ណោះក្នុង​មួយ​ថ្ងៃ»

អ្នកស្រី សុម៉ាលី បន្តថា ការបន្ថែមម៉ោងសិក្សារយៈពេល២ម៉ោងបន្ថែមនេះ​នឹងជួយឱ្យកុមារ​បាន​​អនុវត្តមេរៀនបានច្រើនជាងមុននិងមានគ្រឹះរឹងមាំ។

អ្នកស្រីបន្ថែមថា៖ «ការរៀនពេញមួយថ្ងៃចាប់ពីសាលាបឋមសិក្សានេះ​វាជួយឪ្យក្មេង​មាន​ការចងចាំបានល្អ និង​មានពេលក្នុងការអនុវត្តច្រើនសម្រាប់ការសិក្សាដែល​ជួយសិស្ស​ឱ្យមានវិន័យ និងមាន​មូលដ្ឋាន​គ្រឹះ​រឹងមាំ»

 លោក ហែម ឡេ អាយុ៣៣ឆ្នាំ ជានាយកសាលាបឋមសិក្សាកំពង់ប្រាក់ ស្ថិតក្នុង​ខេត្ត​ពោធិ៍សាត់​មានប្រសាសន៍ថា លោកសាទរចំពោះការដាក់ចេញផែនការថ្មីរបស់រដ្ឋាភិបាល និងក្រសួងអប់រំ ហើយលោកក៏បានលើកឡើងពីក្តីបារម្ភមួយចំនួន។

លោក ហែម ឡេ និយាយថា៖ «វាជាដំណឹងល្អ ហើយខ្ញុំគាំទ្រនិងសារទចំពោះផែនការថ្មី​របស់​​រាជរដ្ឋាភិបាល និងក្រសួងអប់រំ​ដែលជាឱកាសល្អសម្រាប់សិស្សទទួលបាន​ការសិក្សា​អប់រំ​ពេញ​លេញព្រោះពួកគាត់មាន​ពេលរៀនបានច្រើនជាងមុន ស្របពេលគ្នានេះដែរ វា​អាច​នឹង​ប៉ះពាល់​ដល់ជីវភាពរបស់​គ្រួសារ​​របស់ពួកគាត់ ព្រោះតែជីវភាព​ក្នុងការស់នៅ​ក្មេងៗ​​នៅតំបន់​ដាច់ស្រយាល​ពួកគាត់​ចាំបាច់​ត្រូវយកពេលទំនេរជួយការងារ​ឱពុកម្តាយ​របស់ពួកគាត់»

លោកបន្ថែមថា លោកចាប់អាជីពជាគ្រូបង្រៀនរយៈពេល១១​ឆ្នាំមកហើយ នឹងសង្កេតឃើញ​ថា កុមារដែលរស់នៅតំបន់ដាច់ស្រយាលមិនសូវ​មានពេលវេលា​ដើម្បីស្វយ័សិក្សា​នៅផ្ទះ​ច្រើន​​នោះទេ ភាគច្រើនបានរៀនតែជាមួយគ្រូតាមវេនព្រឹករឺថ្ងៃតាមវេននីមួយៗ ហើយ​ពួកគេ​យកពេលដែលនៅសល់ជួយគ្រួសារ។

លោកបន្តថា៖ «ខ្ញុំសង្កេតឃើញថា កុមារមករៀនមិនសូវបានទៀងទាត់នោះទេ ជាពិសេស​នាពេល​ដល់​រដូវ​ប្រមូលផល កុមារតែងតែឈប់រៀនរយៈពេល៣ថ្ងៃទៅ១សប្តាហ៍ និងមាន​ពេលខ្លះគាត់​ឈប់​រហូតដល់កន្លះខែក៏មានដើម្បីយលពេលជួយគ្រួសារ​នាពេល​ប្រមូល​ផល​ម្តងៗ»

ទោះជាយ៉ាងណាលោកថា ប្រសិនបើមានការចូលរួមពីអាណាព្យាបាលជាកត្តាសំខាន់​«នៅ​ពេល​ពួកគេរៀនពេញមួយថ្ងៃវាអាចនឹងប៉ះពាល់តិច រឺច្រើនតាមជីវភាពគ្រួសាររបស់សិស្ស វា​អាចស្ថិតក្នុងរយៈពេលខ្លីនៃការប៉ះពាល់តែវាមានផលល្អ​ក្នុងរយៈពេលវែង​សម្រាប់​សិស្ស និងទាមទារការគាំទ្រពីអាណាព្យាបាល ដែលជាកត្តាសំខាន់»។

លោក ហែម ឡេ បន្តថា លោកស្នើឱ្យក្រសួងអប់រំជួយបន្ថែមប្រាក់ឧបត្ថម្ភ ដល់សិស្ស និង​គ្រូ​បង្រៀន​​​ដែលនៅតំបន់ដាច់ស្រយាលបន្ថែមទៀតដោយលោកលើកឡើងថា សាលា​បឋម​សិក្សា​កំពង់ប្រាក់ ដែលជាសាលាលើទឹកមានគ្រូសរុប៤នាក់ប៉ុណ្ណោះប្រុសទាំងអស់ គ្រូ​កិច្ចសន្យាចំនួន៣នាក់ និងគ្រូពេញសិទ្ធិម្នាក់ សិស្សសរុប៧៤​នាក់ ស្រី៣១ ហើយសិស្ស​ដែល​ទទួលបានអាហារូបករណ៍មានចំនួន​១៣​នាក់ប៉ុណ្ណោះខណៈសិស្សជាច្រើនមានជីវភាព​ខ្សត់​ខ្សោយច្រើន។

  លោក ហែម ឡេ បញ្ជាក់ថា៖ «ខ្ញុំសុំស្នើឱ្យក្រសួងផ្តល់ប្រាក់ឧបត្ថម្ភ និង អាហារូបករណ៍​បន្ថែម​ទៀត​ដល់សិស្សនៅតំបន់​ដាច់​ស្រយាល​ព្រោះពួកគាត់ខ្វះខាតជីវភាពខ្លាំង និង​ប្រាក់​លើកទឹកចិត្តបន្ថែមដល់​គ្រូ​បង្រៀន​​​ដែលមកបង្រៀននៅតំបន់ដាច់ស្រយាល»

ប្រធានសមាគមគ្រូ​បង្រៀនកម្ពុជាឯករាជ អ្នកស្រី អ៊ុក ឆាយ៉ាវី មានប្រសាសន៍ថា ការបង្រៀន និងរៀនពេញមួយថ្ងៃគួរតែបន្ថែមប្រាក់ប្រចាំខែដល់គ្រូបង្រៀន។

លោកស្រីបន្តថា៖ «ការបង្រៀនពេញមួយថ្ងៃនេះរដ្ឋាភិបាលគួរតែបន្ថែមប្រាក់ខែនិងការលើក​ទឹកចិត្ត​បន្ថែមដល់គ្រូបង្រៀន ដើម្បីឱ្យពួកគាត់អាចមានលទ្ធភាព​សមរម្យនិងអាច​បោះបង់​មុខ​​របរ​ទី២ និងទី៣ ដែលពួកគាត់រកចំណូលបន្ថែមបានពីមុនដូចជាការលក់នំចំណីជាដើម មកផ្តោតលើមុខរបរជាគ្រូបង្រៀន​តែ​​ម្យ៉ាងបាន។»

អ្នកស្រី ឆាយ៉ាវី បន្ថែមថា ការសិក្សាអប់រំទទួលបានគុណភាពល្អ ទាមទារការចូលរួមពី​រដ្ឋាភិបាល និងអ្នកពាក់ពន្ធ័ក្នុងសហគមន៍រួមគ្នាបំបាត់អំពើពុករលួយនៅក្នុងសង្គម។

លោកស្រីបញ្ជក់ថា៖ «ដើម្បីធានាឱ្យការសិក្សាអប់រំទទួលបានគុណភាពខ្ពស់ រដ្ឋាភិបាល និង​អាជ្ញាធររួមទាំងអ្នកពាក់ពន្ធ័មួយចំនួនទៀតគួរតែរួមគ្នាក្នុងការលុបបំបាត់អំពើរពុករលួយជា​ប្រពន្ធ័នៅក្នុងសង្គម ដែលកត្តានេះនឹងជួយឱ្យសង្គមមានសុវត្តិភាពនិងការរីកចម្រើន​ផ្នែក​ធនធានមនុស្សបន្ថែមទៀត»។ដោយអ្នកស្រីបន្តថានៅពេលដែលសង្គមមានសុវត្តិភាពពេញលេញវាបានរួមចំណែកឱ្យស្រ្តី​ទទួលបានឱកាសស្មើគ្នានឹងបុរស «ពេលសង្គមមានសុវត្ថិភាព វាជួយលើកម្ពស់​សមភាព​យេនឌ័រនិងជម្នះគំនាបសង្គម ជាពិសេសទៅបង្រៀននៅតំបន់ដាច់ស្រយាល ហេតុនេះ​គួរតែ​លើកទឹកចិត្តនិងជំរុញបន្ថែមទៀតព្រោះស្រ្តីមានបញ្ហាប្រឈម​ច្រើនជាងបុរស​ជាពិសេស​នៅពេលជាប់ឈ្មោះចុះទៅបង្រៀននៅតំបន់ដាច់ស្រយាល»។

យោងតាមឯកសាររបស់ក្រសួងអប់រំយុវជននិងកីឡានៅក្នុងឆ្នាំសិក្សា២០២៣-២០២៤ សាលា​ទូទៅនិងមត្តេយ្យសិក្សាមានចំនួន ​១៩ ៣៤១កន្លែង ក្នុងនោះសាលាមត្តេយ្យ​គ្រប់​រូបភាពមាន ៨ ៨៩១កន្លែង សាលាបឋមសិក្សា ៨ ២៥២ (ឯកជន៨៥៤) អនុវិទ្យាលយ័ ១ ៣៤២ (ឯកជន៩៩ ) និងវិទ្យាលយ័៨៩៧ (ឯកជន៣១៦)៕

1,117 views

ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម