ផ្លូវខ្សែក្រវាត់ក្រុងទី៣ត្រូវបានដាក់ឈ្មោះជា«មហាវិថី ស៊ី ជីនពីង» គឺ៦០ឆ្នាំបន្ទាប់ពីផ្លូវដ៏ធំមួយនៅក្នុងរាជធានីភ្នំពេញត្រូវបានអតីតព្រះមហាក្សត្រ សម្ដេចព្រះ នរោត្តម សីហនុ ប្រសិទ្ធនាមជាមហាវិថី ម៉ៅសេទុង ជាការផ្ដល់កិត្តិយសដល់មេដឹកនាំចិន ។ មហាវិថី ស៊ី ជីនពីង លាតសន្ធឹងចម្ងាយ ៥៣គីឡូម៉ែត្រ តភ្ជាប់ពីផ្លូវជាតិលេខ ១ ទៅកាន់ផ្លូវជាតិលេខ ៤ ។
រដ្ឋាភិបាលកម្ពុជាបាននិយាយថា ឈ្មោះនេះមាន«អត្ថន័យធំធេង»សម្រាប់ចំណងមិត្តភាពដែកថែបកម្ពុជា-ចិន ។
កាលពីថ្ងៃអង្គារ ឯកអគ្គរដ្ឋទូតចិនបញ្ចប់អាណត្តិ លោក វ៉ាង វិនធាន (Wang Wentian) បានជួបសម្ដែងការគួរសមជាមួយលោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត ដើម្បីជម្រាបលា បន្ទាប់មកលោកនាយករដ្ឋមន្ត្រីនិងលោកទូតបានធ្វើជាអធិបតីនៃពិធីប្រសិទ្ធនាមដល់មហាវិថី ។
នៅលើទំព័រហ្វេសប៊ុកផ្លូវការរបស់ខ្លួន ស្ថានទូតចិនបាននិយាយថា ការដាក់ឈ្មោះផ្លូវនេះឆ្លុះបញ្ចាំងពី«ការថ្លែងអំណរគុណដ៏ជ្រាលជ្រៅ»ដល់ការរួមចំណែករបស់ប្រធានាធិបតីចិនចំពោះការអភិវឌ្ឍរបស់ប្រទេសកម្ពុជា ។ ស្ថានទូតបានបន្ថែមថា ឈ្មោះដែលដាក់ឱ្យដោយរដ្ឋាភិបាលកម្ពុជានេះ គឺបំពេញបន្ថែមទៀតទៅលើមហាវិថី ម៉ៅសេទុង ដែលមានស្រាប់ ដែលនេះជាការបង្ហាញពីភាពល្អឥតខ្ចោះនៃទំនាក់ទំនងមិត្តភាពជាប្រពៃណីរវាងប្រទេសទាំងពីរ ។
កាលពីឆ្នាំ១៩៦៥ ព្រះករុណាព្រះបាទសម្ដេចព្រះ នរោត្តម សីហនុ ព្រះវររាជបិតាឯករាជ្យ បូរណភាពទឹកដី និងឯភាពជាតិខ្មែរ បានប្រោសព្រះរាជទានប្រសិទ្ធនាមមហាវិថីម៉ៅសេទុង ។
សារនៅលើហ្វេសប៊ុកដដែលបានបន្ថែមថា៖ «៦០ឆ្នាំក្រោយនាថ្ងៃនេះ សម្ដេចធិបតីបានប្រសិទ្ធនាមកំណាត់ផ្លូវមួយទៀតជា«មហាវិថី ស៊ី ជីនពីង» បានក្លាយជាមហាព្រឹត្តិការណ៍ដ៏សំខាន់ថ្មីមួយទៀតដែលបានបង្ហាញថាទំនាក់ទំនងប្រទេសទាំងពីរមានប្រវត្តិសាស្ត្រយូរអង្វែងនិងភាពរឹងមាំ និងត្រូវបន្តពីអតីតកាលនិងជំរុញឆ្ពោះទោកាន់អនាគតថ្មី» ។
ក្នុងអំឡុងពេលនៃជំនួបប្រជុំ លោក វិនធាន បានបញ្ជាក់ពីការបន្តការគាំទ្រ និងការរួមចំណែករបស់រដ្ឋាភិបាលចិនចំពោះកិច្ចអភិវឌ្ឍន៍សេដ្ឋកិច្ចសង្គមរបស់ប្រទេសកម្ពុជា ។
មហាវិថី ស៊ី ជីនពីង លាតសន្ធឹងតភ្ជាប់ពីផ្លូវជាតិលេខ ៤ ត្រង់ចំណុចភូមិជម្ពូវ័ន សង្កាត់ចោមចៅ ៣ ខណ្ឌពោធិ៍សែនជ័យ ទៅកាន់ផ្លូវជាតិលេខ ១ នៅត្រង់ចំណុចភូមិស្ដៅកន្លែង ឃុំដីឥដ្ឋ ស្រុកកៀនស្វាយ ខេត្តកណ្ដាល ។
មហាវិថីនេះសាងសង់អស់ថវិកាជាង ២៧៣លានដុល្លារអាមេរិក ក្រោមកម្ចីសម្បទានពីរដ្ឋាភិបាលចិន ដោយរដ្ឋាភិបាលកម្ពុជាជាអ្នកទទួលខុសត្រូវក្នុងការដោះស្រាយបញ្ហាដីធ្លីដែលប៉ះពាល់ដល់ប្រជាជនដោយសារគម្រោងនេះ ។ រដ្ឋាភិបាលកម្ពុជាក៏បានធានាផងក្នុងការបោសសម្អាតមីននិងគ្រាប់មិនទាន់ផ្ទុះ ។
យោងតាមការចុះផ្សាយនៅលើហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត គម្រោងខ្សែក្រវាត់ និងផ្លូវបានរួមចំណែកយ៉ាងច្រើនដល់ការអភិវឌ្ឍសេដ្ចកិច្ច-សង្គមកម្ពុជា ជាមួយនឹងគម្រោងធំៗជាច្រើនដែលត្រូវបានបង្កើតឡើង គិតមកដល់បច្ចុប្បន្ននេះ ។
គម្រោងធំៗទាំងនោះ រួមមាន តំបន់សេដ្ឋកិច្ចពិសេសខេត្តព្រះសីហនុ ផ្លូវល្បឿនលឿនភ្នំពេញ-ក្រុងព្រះសីហនុ និងអាកាសយានដ្ឋានអន្តរជាតិសៀមរាបអង្គរ ខណៈដែលផ្លូវល្បឿនលឿនភ្នំពេញ-បាវិត ក៏នឹងលេចរូបរាងឡើងក្នុងពេលអនាគត ។ រហូតមកដល់ពេលនេះ ចិនបានជួយសាងសង់ផ្លូវប្រវែងជិត ៤០០០គីឡូម៉ែត្រនៅកម្ពុជា ។
លោក ហ៊ុន ម៉ាណែត បាននិយាយថា ទំនាក់ទំនងកម្ពុជា-ចិនជាទំនាក់ទំនងប្រវត្តិសាស្ត្រយូរអង្វែង និងបានរីកចម្រើនរហូតដល់កម្រិតមួយ «ដែលមិនអាចបំបែកបាន» ។ ទំនាក់ទំនងនេះស័ក្តិសមនឹងគុណតម្លៃនៃការជឿទុកចិត្តគ្នា ជាពិសេសទំនុកចិត្តខាងនយោបាយ ។
លោកបានបន្ថែមថា៖ «ជំនួយរបស់ប្រទេសចិនមិនត្រឹមតែជួយអភិវឌុ្ឍសង្គម-សេដ្ឋកិច្ចប៉ុណ្ណោះទេ តែថែមទាំងជួយពង្រឹងឯករាជ្យភាពខាងនយោបាយរបស់កម្ពុជាទៀតផង» ។
នៅពេលអ្នកសារព័ត៌មានទាក់ទងទៅ អ្នកនាំពាក្យរដ្ឋាភិបាល លោក ប៉ែន បូណា បានបដិសេធមិនផ្ដល់អត្ថាធិប្បាយជុំវិញការសម្រេចដាក់ឈ្មោះមហាវិថី ស៊ី ជីនពីង នេះទេ ដោយលោកបានណែនាំឱ្យសួរទៅខាងក្រសួងសាធារណការនិងដឹកជញ្ជូនវិញ ។
អ្នកនាំពាក្យក្រសួងសាធារណការនិងដឹកជញ្ជូន លោក ផន រីម បានឆ្លើយតបថា ការដាក់ឈ្មោះផ្លូវខ្សែក្រវាត់ក្រុងទី៣នេះបានឆ្លុះបញ្ចាំងពីចំណងមិត្តភាពយូរអង្វែងរវាងកម្ពុជានិងចិន ជាមិត្តភាព«ដែកថែបនិងគ្រាប់ពេជ្រ» និងត្រូវបាន«ចាក់ឫសនៅក្នុងបេះដូងរបស់ប្រជាជន» ។
លោកបានបន្ថែមថា វាជា«តម្លៃដែលមិនអាចកាត់ថ្លៃបាន» ជាការបង្ហាញពីការថ្លែងអំណរគុណរបស់រដ្ឋាភិបាលនិងប្រជាជនកម្ពុជាដល់លោកប្រធានាធិបតី ស៊ី ជីនពីង និងប្រទេសចិន ដែល«ជានិច្ចកាល បានគាំទ្រ»ដល់សន្តិភាព ស្ថិរភាព និងកំណើនសេដ្ឋកិច្ចនៅក្នុងប្រទេសកម្ពុជា ព្រមទាំងបានលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាជនកម្ពុជា ។
ផ្លូវជាច្រើនផ្សេងទៀតត្រូវបានដាក់ឈ្មោះតាមឈ្មោះប្រទេសមួយចំនួន ជានិមិត្តរូបនៃចំណងមិត្តភាពនិងកិច្ចសហប្រតិបត្តិការជាមួយប្រទេសកម្ពុជា ដូចជា មហាវិថីសហព័ន្ធរុស្ស៊ី មហាវិថីមិត្តភាពភ្នំពេញ-ហាណូយ និងវិថីមិត្តភាពកម្ពុជា-ម៉ាល់ឌីវ ជាដើម ។
លោក សេង វណ្ណលី អ្នកតាមដានភូមិសាស្ត្រនយោបាយនៅតំបន់អាស៊ីប៉ាស៊ីហ្វិក បានប្រាប់ ខេមបូចា ថា ការដាក់ឈ្មោះមហាវិថី ស៊ី ជីនពីង មិនមែនជារឿងថ្មីទេ ដោយសារតែផ្លូវនៅប្រទេសកម្ពុជាផ្សេងទៀតក៏មានឈ្មោះមេដឹកនាំបរទេស ឬប្រទេសក្រៅផងដែរ ដែលបង្ហាញពីនិមិត្តរូបដល់ចំណងមិត្តភាពជិតស្និទ្ធរបស់ពួកគេ ។
ខណៈដែលរដ្ឋាភិបាលបានលើកឡើងថា ការដាក់ឈ្មោះផ្លូវថ្មីនេះ«មានអត្ថន័យដ៏ធំធេង»ចំពោះទំនាក់ទំនងមិត្តដែកថែបកម្ពុជា-ចិន លោក វណ្ណលី និយាយថា លោកខាងលិច«ប្រាកដជាកាន់តែបារម្ភថែមទៀតអំពីទំនាក់ទំនងនេះ» ។
ប៉ុន្តែទោះជាយ៉ាងណា ចំពោះការលើកឡើងរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត អំពីជំនួយរបស់ប្រទេសចិនមកឱ្យកម្ពុជា និងការពង្រឹងឯករាជ្យភាពផ្នែកនយោបាយ លោក វណ្ណលី បាននិយាយថា ប្រទេសដែលមានទំនោរទៅរកការមានទំនាក់ទំនងឆាប់រហ័សជាមួយចិន ច្រើនតែជាប្រទេសដែលបារម្ភអំពីរបបនយោបាយក្នុងស្រុករបស់ខ្លួន ។
លោកបានបន្ថែមថា ប្រសិនបើគ្មានជំនួយ ឬកិច្ចសហប្រតិបត្តិការសេដ្ឋកិច្ចរបស់ចិនទេ ប្រទេសកំពុងអភិវឌ្ឍន៍ជាច្រើនដែលកំពុងពឹងផ្អែកលើលោកខាងលិចត្រូវតែសម្របខ្លួនទៅតាមគោលការណ៍ប្រជាធិបតេយ្យរបស់ពួកគេ ។ ប្រការនេះនឹងប៉ះពាល់ដល់ផលប្រយោជន៍របស់ប្រទេសទាំងនោះ ជាពិសេស របបនយោបាយរបស់ពួកគេ ។
លោក វណ្ណលី បានចែករំលែកទស្សនៈបែបនេះថា ប្រទេសចិនផ្ដោតលើទំនាក់ទំនងសេដ្ឋកិច្ច វិនិយោគ និងពាណិជ្ជកម្មជាមួយប្រទេសផ្សេងៗ ជាផ្នែកមួយនៃយុទ្ធសាស្ត្រការទូតរបស់ខ្លួន និងថា ចិនមិនផ្ដោតសំខាន់លើរបបនយោបាយទេ ។
លោកបាននិយាយថា៖ «ការប្រើប្រាស់ជំនួយ ឬទំនាក់ទំនងសេដ្ឋកិច្ចពីចិនដើម្បី«កម្ចាត់» ថ្នាក់ដឹកនាំប្រឆាំង សកម្មជនសង្គម ឬសកម្មជនបរិស្ថាន ដើម្បីសម្រេចរបៀបវារៈនយោបាយរបស់ខ្លួន មិនមែនជារឿងឯកភាពជាតិនោះឡើយ» ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Third Ring Road Named Xi Jinping Boulevard, A Symbol of Cambodia-China’s Steel Relationship