រដ្ឋមន្ត្រីការបរទេសកម្ពុជា លោក ប្រាក់ សុខុន និង រដ្ឋមន្ត្រីការពារជាតិកម្ពុជា លោក ទៀ សីហា និង រដ្ឋមន្ត្រីការបរទេសចិន លោក វ៉ាង យី និង រដ្ឋមន្ត្រីការពារជាតិចិន លោក តុង ជុន នឹងធ្វើជាសហប្រធាននៃកិច្ចប្រជុំលើកទី១ នៃយន្តការកិច្ចសន្ទនាយុទ្ធសាស្ត្រ «២+២» នៅថ្ងៃទី២២ ខែមេសា ឆ្នាំ២០២៦ នៅរាជធានីភ្នំពេញ។ យោងតាមសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងការបរទេស។
កម្ពុជា និងចិន បានឯកភាពគ្នាបង្កើតកិច្ចសន្ទនានេះ ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចផ្លូវរដ្ឋ នៅកម្ពុជា របស់ លោក ស៊ី ជីនពីង ប្រធានាធិបតីចិន កាលពីខែមេសា ឆ្នាំមុន ក្នុងគោលបំណងជំរុញទំនាក់ទំនងយុទ្ធសាស្ត្រកម្រិតខ្ពស់ ធ្វើឱ្យស៊ីជម្រៅនូវទំនុកចិត្តផ្នែកនយោបាយ និងសន្តិសុខ និងភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយរវាងប្រទេសទាំងពីរ។ យន្តការថ្មីនេះគឺជាវេទិកា ដ៏សំខាន់មួយសម្រាប់ការផ្លាស់ប្តូរទស្សនៈលើបញ្ហាតំបន់ និងអន្តរជាតិដើម្បីផលប្រយោជន៍រួម។
ក្នុងអំឡុងពេលស្នាក់នៅរាជធានីភ្នំពេញ មន្ត្រីជាន់ខ្ពស់ទាំងពីររូបរបស់ចិន ក៏នឹងចូលជួប សម្តែងការគួរសមដាច់ដោយឡែកពីគ្នាចំពោះ លោក ហ៊ុន សែន ប្រមុខរដ្ឋស្តីទី និងជាប្រធានព្រឹទ្ធសភា និងលោក ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីកម្ពុជា ផងដែរ។
បន្ទាប់ពីកិច្ចសន្ទនា«២+២» លោក វ៉ាង យី នឹងបន្តបំពេញទស្សនកិច្ចផ្លូវការនៅកម្ពុជា នៅថ្ងៃទី២៣ ខែមេសា ឆ្នាំ២០២៦ ផងដែរ។ លោក វ៉ាង យី នឹងមានជំនួបពិភាក្សាស៊ីជម្រៅជាមួយ លោក ប្រាក់ សុខុន ស្តីពីការជំរុញការអនុវត្តក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការនានា ដែលមានស្រាប់ និងការរួមចំណែកដល់សន្តិភាព សន្តិសុខ ស្ថិរភាព និងការអភិវឌ្ឍក្នុង និងក្រៅតំបន់៕










