រដ្ឋាភិបាលកម្ពុជាបានហាមឃាត់សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta ចំនួន២២រូប មិនឱ្យចូលឬមានវត្តមាននៅក្នុងប្រទេសកម្ពុជា នេះបើយោងតាមសេចក្តីថ្លែងការណ៍មួយ ដែលចេញផ្សាយដោយក្រសួងការបរទេស កាលពីថ្ងៃអង្គារ។
រដ្ឋាភិបាលបានប្រកាសថា អនុសាសន៍របស់ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យរបស់ក្រុមហ៊ុន Meta ឲ្យផ្អាកជាបណ្តោះអាសន្នចំពោះគណនីហ្វេសប៊ុករបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន គឺមានលក្ខណៈនយោបាយ។
សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យនេះត្រូវបានគេចាត់ទុកថា៖ «បុគ្គលដែលមិនអាចទទួលយកបាន» និង «ត្រូវបានហាមឃាត់មិនឱ្យចូល ឬមានវត្តមាននៅក្នុងព្រះរាជាណាចក្រកម្ពុជា»។
សមាជិកក្រុមប្រឹក្សាភិបាលត្រួតពិនិត្យ ទាំងនេះទំនងជាគ្មាននរណាម្នាក់ក្នុងចំណោមពួកគេកំពុងស្ថិតនៅក្នុងប្រទេសកម្ពុជាឡើយ ដែលក្នុងនោះរួមមានដូចជាប្រធានផ្នែកសេរីភាពនៃការបញ្ចេញមតិរបស់អង្គការយូណេស្កូ ជ័យលាភីណូបែលសន្តិភាពពីប្រទេសយេម៉ែន និងអតីតនាយករដ្ឋមន្ត្រីនៃប្រទេសដាណឺម៉ាក។
កាលថ្ងៃទី២៩ ខែមិថុនា ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យបានបញ្ជាឱ្យក្រុមហ៊ុន Meta ដកសុន្ទរកថាផ្សាយបន្តផ្ទាល់កាលពីខែមករាចេញពីទំព័រហ្វេសប៊ុករបស់លោក ហ៊ុន សែន ដែលក្នុងនោះ លោកបានគំរាមទៅកាន់អ្នកនយោបាយបក្សប្រឆាំងប្រយ័ត្នត្រូវនឹងដំបង។ ក្រុមប្រឹក្សាភិបាលត្រួតពិនិត្យក៏បានណែនាំឱ្យផ្អាកគណនីហ្វេសប៊ុករបស់លោក ហ៊ុន សែន រយៈពេលប្រាំមួយខែផងដែរ។
នៅយប់ថ្ងៃដដែលនោះ លោក ហ៊ុន សែន បានប្រកាសថា លោកនឹងលុបគណនី ហ្វេសប៊ុករបស់លោកចោល។ លោកបានគំរាមបិទបណ្តាញសង្គមមួយនេះទាំងស្រុងនៅក្នុងប្រទេសកម្ពុជា ប៉ុន្តែបន្តិចក្រោយមកក៏សម្រេចចិត្តមិនបិទវិញ។
នៅថ្ងៃបន្ទាប់ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍បានចេញលិខិតមួយដោយបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជានឹងកាត់ផ្តាច់ទំនាក់ទំនងជាមួយហ្វេសប៊ុក បណ្តេញតំណាងរបស់ក្រុមហ៊ុន និងបញ្ចប់កិច្ចសហការដៃគូក្នុងវិស័យឯកជនជាមួយក្រុមហ៊ុននេះ។ ទោះជាយ៉ាងណា រដ្ឋាភិបាលបានបញ្ជាក់ក្រោយមកថា ហ្វេសប៊ុកនឹងមិនមានការបញ្ចប់កិច្ចសហការដៃគូក្នុងវិស័យឯកជនទេ។
លោក Stefania Di Stefano មន្ត្រីគម្រោងនៃវេទិកាសិទ្ធិមនុស្សទីក្រុងហ្សឺណែវបានមានប្រសាសន៍ថា៖ «ប្រសិនបើវេទិការបស់ Meta កំពុងត្រូវបានគេប្រើជាប្រយោជន៍ ដើម្បីបង្កើនការគំរាមកំហែង និងការបំភិតបំភ័យ Meta មានទំនួលខុសត្រូវក្នុងការចាត់វិធានការ និងទប់ស្កាត់បញ្ហានេះ» ។
ចាប់តាំងពីពេលនោះមក លោក ហ៊ុន សែន បានប្តូរមកប្រើ Telegram ដើម្បីចេញសេចក្តីថ្លែងការណ៍។
លោក ផៃ ស៊ីផាន អ្នកនាំពាក្យរដ្ឋាភិបាលបដិសេធមិនធ្វើអត្ថាធិប្បាយទេ ដោយមានប្រសាសន៍ថា លោកនៅខេត្ត ហើយមិនទាន់បានឃើញសេចក្តីថ្លែងការណ៍នេះនៅឡើយទេ។
លោក អាន សុខឃឿន អ្នកនាំពាក្យក្រសួងការបរទេសមិនអាចទាក់ទងបានទេ។
Meta ហ្វេសប៊ុក និងក្រុមប្រឹក្សាភិបាលត្រួតពិនិត្យមិនទាន់ឆ្លើយតបទៅនឹងសំណើសុំការអត្ថាធិប្បាយនៅឡើយទេ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Gov’t Bans Meta’s Oversight Board From Country After It Recommended Suspending PM’s Facebook