សមាគមសម្ព័ន្ធអ្នកសារព័ត៌មានកម្ពុជា

សាលាដំបូងខេត្ដរតនគិរីសម្រេចផ្តន្ទាទោសលោក ថេង សាវឿន និងសហការី២រូបទៀតចំនួន៥ឆ្នាំ ប៉ុន្ដែទោសទាំងអស់ព្យួរ

លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា កំពុងឈរមុខសាលាដំបូងខេត្ដរតនគិរី មុនចូលសវនាការ កាលពីថ្ងៃ៨ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)
លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា កំពុងឈរមុខសាលាដំបូងខេត្ដរតនគិរី មុនចូលសវនាការ កាលពីថ្ងៃ៨ ខែមករា ឆ្នាំ២០២៤។ (រូបភាពផ្ដល់ឱ្យ)

សាលាដំបូងខេត្ដរតនគិរីបានសម្រេចផ្តន្ទាទោសលោក ថេង សាវឿនប្រធាន​សមាគម​សម្ព័ន្ធ​​សហគមន៍កសិករកម្ពុជា និងសហការី​២នាក់​គឺលោក ញ៉ិល ភាព និងលោក ថាន់ ហាច ពីបទ​«រួមគំនិតក្បត់ និងញុះញង់»ឱ្យជាប់ពន្ធនាគារចំនួន៥ឆ្នាំ ប៉ុន្តែទោសនោះត្រូវព្យួរ​ទាំង​អស់ យោងតាម​អ្នក​នាំ​ពាក្យ​តុលាការ។

 បើតាមលោក កែ​វ ភក្ដី ព្រះរាជអាជ្ញារង និងជាអ្នកនាំពាក្យសាលាដំបូងខេត្ដរតនគិរី បានថ្លែង​ក្រោយ​ពីប្រកាសសាលក្រមចប់ថា តុលាការបានសម្រេចដាក់ទោសលោក ថេង សាវឿន និងសហការី២រូបទៀតចំនួន៥ឆ្នាំ ប៉ុន្ដែទោសនោះត្រូវបានព្យួរចោល និងមិនមានការពិន័យ​ជា​ប្រាក់​នោះទេ។ លោកបន្ដថា សម្រាប់លិខិតរបស់តុលាការនឹងចេញជូនសាមីខ្លួនតាមក្រោយ។

លោកបន្ដថា៖ «ខ្ញុំអាចជម្រាបជូនបងថា ពួកគាត់[លោក ថេង សាវឿន និងសហការី]ត្រូវបាន​សាលាដំបូងប្រកាសដាក់ទោស៥ឆ្នាំ ប៉ុន្ដែទោសត្រូវបានព្យួរ[ក្នុងរយៈពេលឆ្នាំ៥ឆ្នាំ]ដោយមិន​មាន​ការពិន័យជាប្រាក់​នោះទេលើបទល្មើសនេះ»

លោក ថេង សាវឿន ប្រធានសមាគមសម្ពន្ធកសិករកម្ពុជា ឱ្យដឹងថា ការសម្រេចនេះគឺមាន​ភាព​អយុត្ដិធម៌​សម្រាប់រូបលោក ដោយលោកបញ្ជាក់ថា នឹងដាក់ពាក្យបណ្ដឹង​ទៅ​សាលា​ឧទ្ធរហ៍​​លើសំណុំរឿងរបស់លោក។

លោកថ្លែងថា៖ «ក្នុងនាមជនរងគ្រោះម្នាក់រូបខ្ញុំបាទនឹងធ្វើការដាក់ពាក្យបណ្ដឹងទៅតាមនីតិវិធីទៅសាលាឧទ្ធរណ៍ត្បូងឃ្មុំជំទាស់ទៅសាលក្រមសាលាដំបូងខេត្តរតនគិរី»។ លោកបន្តថា៖ «ការសម្រេចចិត្តនៃការដាក់ទោសនេះគឺអយុត្តិធម៌សម្រាប់យើងខ្ញុំទាំងអស់គ្នា ដោយពួកខ្ញុំមិនមានគោលបំណង និងចេតនាណាមួយក្នុងការរួមគំនិតក្បត់ និងញុះញង់ឱ្យប្រព្រឹត្តិ និងបង្កភាពវឹកវរធ្ងន់ធ្ងរដល់សន្តិសុខសង្គមនោះឡើយ ហើយពួកខ្ញុំធ្វើការឈរលើវិជ្ជាជីវៈ និងគោរពច្បាប់នានាក្នុងព្រះរាជាណាចក្រម្ពុជា»

នៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៣ លោក ថេង សាវឿន ប្រធានសមាគមសម្ព័ន្ធសហគមន៍​កសិករ​កម្ពុជា រួមទាំងក្រុមការងារសមាគមចំនួន១៦រូបទៀត ត្រូវបានសមត្ថកិច្ចនគរបាល​ខេត្ត​ក្រចេះ​ឃាត់ខ្លួន តាមការស្នើឱ្យឃាត់ខ្លួនពីខាងស្នងការនគរ​បាលខេត្តរតនគីរី។

យ៉ាងណាមិញការឃាត់ខ្លួននេះ ត្រូវបានអភិបាលខេត្តរតនគិរី លោក ញ៉ែម សំអឿន បញ្ជាក់​កន្លង​មក​​ថា ដោយសារតែក្រុមលោក ថេង សាវឿន ចុះធ្វើសកម្មភាពការងារមានភាពមិន​ប្រក្រតី​​ដែល​​គួរ​​ឱ្យសង្ស័យនៅខេត្តរតនគិរី ហើយ១៤រូបត្រូវបានដោះលែង ប៉ុន្ដែ៣រូបត្រូវបាន​បញ្ជូន​ទៅ​សាលាដំបូងខេត្ដរតនគីរី មាន លោក ថេង​ សាវឿន លោក ញ៉ិល ភាព និងលោក ថាន់ ហាច។

បើតាមលោក អំ សំអាត នាយកចាត់ការទូទៅនៃអង្គការ លីកាដូ ដែលជាស្ថាប័នផ្តល់មេធាវីជូនជនជាប់ចោទ បានថ្លែងថា ការសម្រេច​​​នេះ​វាជាសម្ពាធមួយសម្រាប់អង្គការសង្គមស៊ីវិល លោកថា ទោះបីទោសរបស់លោក ថេង សាវឿន ត្រូវ​បាន​ព្យួរក៏ដោយ ប៉ុន្ដែវានៅតែទទួលសម្ពាធពីប្រព័ន្ធតុលាការដដែល។ លោក​បានសម្ដែងការខកចិត្ដជុំវិញរឿងសម្រេចនេះជាខ្លាំង ដោយលោកថា ការសម្រេចវារឹតតែ​ធ្វើឱ្យ​សង្គមស៊ីវិល​ផ្សេងទៀតរងឥទ្ធិពលដូចគ្នា។ លោកបន្ដថា រដ្ឋាភិបាលមិនគួរបន្ដប្រើប្រាស់​ប្រព័ន្ធ​​តុលាការក្នុងការដាក់សម្ពាធលើសង្គមស៊ីវិលតាមរយៈរូបបែបនេះនោះទេ ជាហេតុ​ធ្វើឱ្យបាត់បង់នូវសិទ្ធិសេរីភាពក្នុងការបញ្ចេញមតិរបស់សង្គមស៊ីវិល។

លោកបានសង្កត់ធ្ងន់ថា៖ «វាជាការដាក់សម្ពាធមួយសម្រាប់មន្រ្ដីសង្គមស៊ីវិល ជាពិសេស​លោក ថេង សាវឿន លោក ញ៉ិល ភាព និងលោក ថាន់ ហាច។ បើយើងមើលទៅ​ពួកគាត់​ធ្វើការដើម្បីការងារសង្គម ដើម្បីផលប្រយោជន៍កសិករមិនគួរមាន​បទល្មើសក្នុង​ការចោទ​ប្រកាន់ អាហ្នឹងវាជាសារមិនល្អសម្រាប់សង្គមស៊ីវិល។ ទោះបីទោសហ្នឹងព្យួរក៏ដោយ ក៏​សម្រេច​ឱ្យគាត់មានទោសរួចទៅហើយ»

លោកបន្ថែមថា៖ «ពួកគាត់នៅមានគំនាបតាមប្រព័ន្ធតុលាការ។ វាក៏ជះឥទ្ធិពលទៅលើ​សកម្មភាព​របស់​អង្គការសង្គមស៊ីវិលផ្សេងៗទៀតដែរ។ រដ្ឋាភិបាលគួរទម្លាក់បទចោទប្រកាន់​លើសង្គមស៊ីវិលតាមរូបភាពណាក៏ដោយ ដើម្បីឱ្យសង្គមស៊ីវិលធ្វើការងារខ្លួនដោយតម្លាភាព និងឯករាជ្យ»

កាល​​ពីថ្ងៃ​ទី​២២ ខែឧសភា លោក ថេ​ង សាវឿន ប្រធាន​សមាគម​សម្ព័ន្ធ​សហគមន៍​កសិករ​​កម្ពុជា​​(CCFC) និង​សហការី​២​នាក់​ទៀត​ ត្រូវបាន​តុលាការខេត្ត​រតនគិរី សម្រេច​ឱ្យ​នាំយកទៅ​ឃុំខ្លួន​​ក្នុង​ពន្ធ​នា​គារ​ខេត្ត​ជា​បណ្ដោះ​អាសន្ន ដោយ​ចោទ​​ប្រកាន់​ក្នុង​ម្នាក់ៗ២បទល្មើស​។​

រឿងនេះកើតឡើងដោយសារតែសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា មានវគ្គសិក្ខា​សាលា​បណ្តុះបណ្តាលបុគ្គលិក​ពីថ្ងៃ​ទី១៤​​ដល់​ថ្ងៃទី១៧ ខែឧសភា នៅក្នុងខេត្តរតនគិរីមាន​អ្នកចូលរួម​៣៩នាក់។ កម្មវិធីនេះ​បាន​បញ្ចប់ និង​ធ្វើ​ដំណើរ​វិលត្រលប់ទៅភ្នំពេញវិញ ក៏ត្រូវសមត្ថកិច្ចខេត្ត​ក្រចេះ​​ឃាត់រថយន្តក្រុង​ជិះរួមគ្នានេះ​នៅថ្ងៃទី១៧ ខែដដែល តាមសំណើរបស់សមត្ថកិច្ច​ខេត្តរតនគិរី។

តុលាការខេត្តរតនគិរីបានសម្រេចដោះលែង លោក  ថេង សាវឿន  និងសហការី របស់លោក ២នាក់  ឱ្យនៅក្រៅឃុំបណ្តោះអាសន្ន។ ក្រោយត្រូវបានដោះលែងនៅលើហ្វេសប៊ុករបស់ លោក ថេង សាវឿន មានការបង្ហោះសារថា«ការវិលត្រឡប់ទាំងដោយទំនួលខុសត្រូវ និង​កាតព្វកិច្ច​បន្ថែម»

ការដោះលែងនេះធ្វើឡើងបន្ទាប់ពីប្រធានសមាគមសម្ព័ន្ធសហគមន៍កសិករកម្ពុជា(CCFC)  លោក  ថេង សាវឿន បានចេញសារជាលិខិត និងវីដេអូដ៏គួរឱ្យភ្ញាក់ផ្អើលប្រកាសទទួលស្គាល់ កំហុសក្នុងសំណុំរឿងចោទប្រកាន់ «បដិវត្តន៍កសិករ»

990 views
ព័ត៌មានទាក់ទង

ព័ត៌មានថ្មីៗ

អត្ថបទពេញនិយម