ឆ្នាំបោះឆ្នោត២០២៣ នៅកម្ពុជាត្រូវបានកត់សម្គាល់ដោយការវាយប្រហារមកលើអ្នករិះគន់រដ្ឋាភិបាល និងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ នេះបើយោងតាមរបាយការណ៍សកលឆ្នាំ២០២៤ របស់អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិ (HRW) ដែលបានចេញផ្សាយកាលពីថ្ងៃព្រហស្បតិ៍។
សេចក្តីសង្ខេបអំពីប្រទេសកម្ពុជាបានសរសេរថា៖ «ការដែលកម្ពុជាហៅខ្លួនឯងថាជារដ្ឋាភិបាលប្រជាធិបតេយ្យនោះ មិនឆ្លុះបញ្ចាំងពីការពិតទេ។ ប្រទេសកម្ពុជាតាមពិត គឺជារដ្ឋឯកបក្ស ជាមួយនឹងការបោះឆ្នោតស្ថិតក្នុងការគ្រប់គ្រង កង្វះប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ ការជ្រៀតជ្រែករបស់គណបក្សកាន់អំណាច និងការគ្រប់គ្រងស្ថាប័នរដ្ឋទាំងអស់ ការគ្រប់គ្រងបែបនយោបាយលើប្រព័ន្ធតុលាការ និងការយាយីជាប្រព័ន្ធ និងផ្តោតគោលដៅលើអ្នករិះគន់មកពីបក្សប្រឆាំង និងសង្គមស៊ីវិល»។
របាយការណ៍ជាង៧០០ទំព័ររបស់អង្គការសិទ្ធិមនុស្សអន្តរជាតិនេះបានកត់ត្រាអំពីស្ថានភាពសិទ្ធិមនុស្សនៅក្នុងប្រទេសជិត១០០ អំឡុងឆ្នាំ២០២៣។ អង្គការ HRW បានអះអាងនៅក្នុងសេចក្តីប្រកាសព័ត៌មានសម្រាប់ការចេញផ្សាយរបាយការណ៍របស់ខ្លួនថា ការបោះឆ្នោតជាតិខែកក្កដានៅក្នុងប្រទេសកម្ពុជា «មិនអាចចាត់ទុកជាការបោះឆ្នោតបានឡើយ» ដោយសារគណបក្សភ្លើងទៀនមិនត្រូវបានអនុញ្ញាតឲ្យចូលរួមការបោះឆ្នោត។
លោកស្រី Elaine Pearson នាយិការនៃអង្គការឃ្លាំមើលសិទ្ធិមនុស្សប្រចាំតំបន់អាស៊ី បានថ្លែងក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃសុក្រនៅទីក្រុងបាងកកថា៖ «[នៅតំបន់អាស៊ី] យើងពិតជាបានឃើញការធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ។ លទ្ធិប្រជាធិបតេយ្យស្ថិតនៅក្រោមការវាយប្រហារយ៉ាងពិតប្រាកដនៅកន្លែងជាច្រើន។ យើងបានឃើញការបោះឆ្នោតដែលមានកំហុសធ្ងន់ធ្ងរនៅទីនេះនៅតំបន់អាស៊ីអាគ្នេយ៍»។ ដោយលោកស្រីបានបន្ថែមថា៖ «នៅប្រទេសកម្ពុជា លោក ហ៊ុន សែន បានរារាំងគណបក្សប្រឆាំងធំជាងគេមិនឲ្យចូលរួមប្រកួតប្រជែងក្នុងការបោះឆ្នោត»។
លោក ប៉ែន បូណា អ្នកនាំពាក្យរដ្ឋាភិបាលអះអាងថា អង្គការឃ្លាំមើលសិទ្ធិមនុស្សអន្តរជាតិកំពុងបង្កាច់បង្ខូចកម្ពុជា ក្នុងគោលបំណងបំផ្លាញកេរ្តិ៍ឈ្មោះរបស់ប្រទេសកម្ពុជា។
លោក ប៉ែន បូណា បានមានប្រសាសន៍ថា៖ «ប្រសិនបើអង្គការ Human Rights Watch គឺជាអង្គការវិជ្ជាជីវៈខាងសិទ្ធិមនុស្ស វាច្បាស់ជាមើលឃើញយ៉ាងច្បាស់ពីគុណសម្បត្តិរបស់គណបក្សប្រជាជនកម្ពុជា ដែលបានរំដោះប្រទេស និងសង្គ្រោះជីវិតប្រជាពលរដ្ឋឱ្យរួចផុតពីសេចក្តីស្លាប់»។
លោក ប៉ែន បូណា មានប្រសាសន៍ថា រដ្ឋាភិបាលកម្ពុជាបានផ្តល់ «អ្វីៗគ្រប់យ៉ាង» ដល់ពលរដ្ឋរបស់ខ្លួន ហើយរដ្ឋាភិបាលថ្មីបានដាក់ចេញនូវគោលនយោបាយលើកកម្ពស់ជីវភាពរស់នៅ និងសិទ្ធិមនុស្សកាន់តែប្រសើរឡើង។
នៅក្នុងរបាយការណ៍របស់ HRW ក៏មានការពិពណ៌នាអំពីការជួញដូរមនុស្សដែលកើតឡើងនៅតាមទីតាំងឆបោកតាមប្រព័ន្ធអ៊ីនធឺណិតក្នុងប្រទេសកម្ពុជា ដោយអង្គការសហប្រជាជាតិបានប៉ាន់ប្រមាណថា យ៉ាងហោចណាស់មនុស្ស ១០០.០០០នាក់នៅក្នុងប្រទេសកម្ពុជាត្រូវបានបង្ខំឱ្យប្រព្រឹត្តអំពើឆបោកតាមប្រព័ន្ធអ៊ីនធឺណិត។ របាយការណ៍របស់ HRW បានលើកឡើងថា៖ «ក្រុមឧក្រិដ្ឋជនជួញដូរមនុស្ស ដើម្បីឆបោកតាមអ៊ីនធឺណិតនៅតែបន្តប្រតិបត្តិការដោយមាននិទណ្ឌភាព»។
អ្នកការពារសិទ្ធិស្ត្រី និងអ្នកការពារសិទ្ធិដីធ្លីបានប្រឈមនឹងការចោទប្រកាន់បទព្រហ្មទណ្ឌកាលពីឆ្នាំមុន ដោយសកម្មជនដីធ្លីខេត្តកោះកុងមួយក្រុមត្រូវបានចាប់ខ្លួនកាលពីខែមិថុនា។ គណៈកម្មាធិការអង្គការសហប្រជាជាតិបានរកឃើញថាប្រទេសកម្ពុជាបានរំលោភលើសិទ្ធិរបស់អ្នកការពារសិទ្ធិមនុស្សម្នាក់ ហើយខកខានមិនបានការពារលោកស្រីពីការបណ្តេញចេញដោយបង្ខំ។
កញ្ញា ឈឹម ស៊ីថរ មេដឹកនាំសហជីពទ្រទ្រង់សិទ្ធិការងារបុគ្គលិកកម្មករខ្មែរនៃក្រុមហ៊ុនកាស៊ីណូណាហ្គាវើលដ៍ក៏ដូចជាសមាជិកសហជីពផ្សេងទៀត ត្រូវបានចាប់ដាក់ពន្ធនាគារដោយចោទប្រកាន់ពីបទញុះញង់។ ស៊ីថរ និងសមាជិកសហជីពប្រាំបីនាក់ ត្រូវបានរកឃើញពិរុទ្ធភាពកាលពីខែឧសភា ហើយពួកគេម្នាក់ៗត្រូវបានកាត់ទោសឱ្យជាប់ពន្ធនាគារពីមួយឆ្នាំទៅពីរឆ្នាំ។

លោក សុខ ឥសាន អ្នកនាំពាក្យគណបក្សប្រជាជនកម្ពុជាមានប្រសាសន៍ថា របាយការណ៍របស់ HRW មិនឆ្លុះបញ្ចាំងពីការពិតនៅក្នុងប្រទេសកម្ពុជាទេ ដោយបន្ថែមថា អង្គការសិទ្ធិមនុស្សនេះ ហាក់ដូចជាមានរបៀបវារៈប្រឆាំងនឹងរដ្ឋាភិបាលរបស់ប្រទេសកម្ពុជា។
លោកមានប្រសាសន៍ថា៖ «ប្រសិនបើគ្មានលទ្ធិប្រជាធិបតេយ្យ និងគ្មានការគោរពសិទ្ធិមនុស្សទេ សង្គមកម្ពុជានឹងមិនមានសន្តិភាព និងស្ថិរភាពនយោបាយទេ។ អ្វីក៏ដោយដែលអង្គការឃ្លាំមើលសិទ្ធិមនុស្សបានរាយការណ៍ [អំពីកម្ពុជា] ការពិតគឺគ្មានក្រុមឧទ្ទាមទេ គ្មានការគាប់សង្កត់ទេ»។
អតីតនាយករដ្ឋមន្ត្រីលោក ហ៊ុន សែន បានថ្លែងសុន្ទរកថា បែបហិង្សាកាលពីខែមករា ឆ្នាំ២០២៣ ដោយគំរាមប្រើវិធានការផ្លូវច្បាប់ ឬ”ដំបង” ប្រឆាំងនឹងគូប្រជែងនយោបាយរបស់លោក។ របាយការណ៍របស់ HRW កត់ត្រាអំពីការវាយប្រហារលើសមាជិកគណបក្សនយោបាយប្រឆាំង រួមទាំងការបង្ករបួសស្នាមលើលោក ផន ផាន់ណា សកម្មជនគណបក្សប្រឆាំង លោក នី ណាក់ អ្នករិះគន់រដ្ឋាភិបាល និងអ្នកស្រី សុខ ស៊ីណែត ភរិយារបស់លោក នី ណាក់។ កាលពីសប្តាហ៍មុន លោក នី ណាក់ ត្រូវបានចាប់ខ្លួនពីបទញុះញង់ និងបរិហារកេរ្តិ៍ ហើយឥឡូវនេះ កំពុងត្រូវបានឃុំខ្លួនបណ្តោះអាសន្ននៅពន្ធនាគារព្រៃស។
លោក កឹម សុខា មេដឹកនាំគណបក្សនយោបាយប្រឆាំង ត្រូវបានតុលាការរកឃើញពិរុទ្ធភាពពីបទសន្និដ្ឋិភាពជាមួយបរទេស ហើយត្រូវបានកាត់ទោសឲ្យជាប់ពន្ធនាគាររយៈពេល២៧ឆ្នាំ កាលពីខែមីនា។ ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិបានហៅការកាត់ទោសនេះថា “មានហេតុផលនយោបាយ” ហើយសភាអឺរ៉ុបបានអនុម័តសេចក្តីសម្រេចមួយដោយអំពាវនាវឱ្យមានការដោះលែង លោក កឹម សុខា ជាបន្ទាន់។ សវនាការលើបណ្តឹងឧទ្ធរណ៍របស់លោក កឹម សុខា គ្រោងធ្វើនៅថ្ងៃទី៣០ ខែមករា។

លោក ហង្ស ពុទ្ធា អ្នកនាំពាក្យគណៈកម្មាធិការជាតិរៀបចំការបោះឆ្នោតមានប្រសាសន៍ថា របាយការណ៍របស់ HRW មាន “លក្ខណៈទុច្ចរិត” និងមិនត្រឹមត្រូវ។
លោកមានប្រសាសន៍ថា៖ «ប្រជាពលរដ្ឋនៅតែជឿជាក់ថា ការបោះឆ្នោតប្រព្រឹត្តទៅដោយសេរី និងយុត្តិធម៌ ហើយមានអ្នកចេញទៅបោះឆ្នោតច្រើនលើសលប់»។
ក្រសួងការបរទេសសហរដ្ឋអាមេរិកបានហៅការបោះឆ្នោតជាតិថា “មិនមានភាពសេរី និងយុត្តិធម៌ទេ” ហើយក្រុមអ្នកជំនាញរបស់អង្គការសហប្រជាជាតិបាននិយាយថា ការរឹតត្បិតលើលំហនយោបាយ និងពលរដ្ឋ “បានប៉ះពាល់ដល់ភាពជឿជាក់ នៃដំណើរការបោះឆ្នោតទាំងមូល”។
លោក ទេព អស្នារិទ្ធ អ្នកនាំពាក្យក្រសួងព័ត៌មានបានមានប្រសាសន៍ថា របាយការណ៍នេះមានភាពលម្អៀង និងមានចេតនាបង្ខូចកិច្ចខិតខំប្រឹងប្រែង និងសមិទ្ធផលរបស់រដ្ឋាភិបាល។
លោកបានមានប្រសាសន៍ថា៖ «នៅកម្ពុជា អ្នកសារព័ត៌មានបាននិងកំពុងបំពេញតួនាទី និងភារកិច្ចរបស់ខ្លួនបានយ៉ាងពេញលេញ យ៉ាងសកម្មពីគ្រប់ទិសទីនៅទូទាំងប្រទេស ក្នុងការចុះយកព័ត៌មាន ផលិត និងផ្សព្វផ្សាយព័ត៌មានគ្រប់ទម្រង់ ក៏ដូចជាធ្វើសេចក្ដីរាយការណ៍ព័ត៌មាននានាដោយសេរី គ្រប់ពេលវេលា ដោយសុវត្ថិភាព តាមវិជ្ជាជីវៈខ្លួនដោយតម្លាភាព ហើយទទួលបានការទុកចិត្ត និងការគាំទ្រពីសាធារណជនទូទៅ»។
លោក អស្នារិទ្ធ អះអាងថា វិស័យព័ត៌មានមានការរីកចម្រើន និងអភិវឌ្ឍន៍ក្រោមការដឹកនាំរបស់រដ្ឋាភិបាលកម្ពុជា។
លោកបានមានប្រសាសន៍ថា៖ «ជាពិសេសគឺក្នុងអាណត្តិទី៧នេះ រាជរដ្ឋាភិបាលកម្ពុជាបានប្ដេជ្ញាចិត្តក្នុងការគាំពារសិទ្ធិ សេរីភាពនៃការបញ្ចេញមតិ សេរីភាពសារព័ត៌មាន ដោយលើកកម្ពស់ស្ថាប័នសារព័ត៌មានជាដៃគូមិនអាចខ្វះបានរបស់រាជរដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍសង្គមសេដ្ឋកិច្ច និងលទ្ធិប្រជាធិបតេយ្យឲ្យកាន់តែរីកចម្រើនឡើងទៀត»។
យោងតាមរបាយការណ៍របស់ HRW បានឱ្យដឹងថា រដ្ឋាភិបាលបានរារាំងប្រព័ន្ធផ្សព្វផ្សាយឯករាជ្យក្នុងប្រទេសកម្ពុជាក្នុងឆ្នាំ២០២៣ ដោយបានបិទប្រព័ន្ធផ្សព្វផ្សាយឯករាជ្យ VOD កាលពីខែកុម្ភៈ ក៏ដូចជាបញ្ជាឱ្យក្រុមហ៊ុនផ្តល់សេវាអ៊ីនធឺណិតបិទការចូលទៅកាន់គេហទំព័រប្រព័ន្ធផ្សព្វផ្សាយរបស់ ខេមបូឌា ដេលី វិទ្យុអាស៊ីសេរី និងមូលដ្ឋានទិន្នន័យកំណត់ត្រា (Kamnotra)។
ក្នុងលិខិតមួយកាលពីខែកញ្ញា ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានទាមទារឱ្យសារព័ត៌មាន CamboJA News «កែតម្រូវការបំពានក្រមសីលធម៌វិជ្ជាជីវៈសារព័ត៌មាន» រួមទាំងការដកឈ្មោះរដ្ឋមន្ត្រីចេញពីអត្ថបទមួយ។ លិខិតនោះបញ្ជាក់ថាចេតនាព្យាបាទ និងការប៉ាន់ស្មានបែបបង្ខូចកេរ្តិ៍ឈ្មោះអាចនឹងប្រឈមចំណាត់ការផ្លូវច្បាប់ ហើយអាចនឹងមានលទ្ធផលដូច VOD ដែរ។
លោក គឹមសួរ ភិរិទ្ធ អតីតអ្នកនាំពាក្យគណបក្សភ្លើងទៀន ដែលបច្ចុប្បន្នជាបេក្ខភាពសម្រាប់ការបោះឆ្នោតព្រឹទ្ធសភានាពេលខាងមុខរបស់គណបក្សឆន្ទៈខ្មែរ បានយល់ស្របនឹងរបាយការណ៍របស់ HRW ដោយបញ្ជាក់ថា ប្រទេសកម្ពុជាបានដើរថយក្រោយក្នុងវិស័យប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស។
លោកបានមានប្រសាសន៍ថា៖ «នេះជាស្ថានភាពជាក់ស្តែងដូចដែលយើងបានឃើញការបង្ក្រាប ការចាប់ខ្លួន និងការបំភិតបំភ័យ»។ ដោយលោកបានបន្ថែមថា៖ «ខ្ញុំសង្ឃឹមថា ជាមួយនឹងការរិះគន់ក្នុងន័យស្ថាបនានេះ យើង [ក្នុងនាមជាប្រទេសមួយ] អាចឆ្លុះកញ្ចក់មើលខ្លួនយើង ហើយផ្លាស់ប្តូរ ដោយបើកចំហសម្រាប់សិទ្ធិ និងសេរីភាព»៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Human Rights Watch: Cambodian Government’s Claims of Democracy Do Not Reflect Reality