ក្រសួងសុខាភិបាលកម្ពុជាបានណែនាំដល់ស្ថាប័នរដ្ឋ ក្រុមហ៊ុនឯកជន សហគ្រាស រោងចក្រ និងអង្គការផ្សេងៗទៀត ឲ្យធ្វើតេស្តជាប្រចាំលើបុគ្គលិករបស់ខ្លួន ខណៈករណីឆ្លងនៅតែបន្តកើនឡើងរាបរយករណីក្នុងមួយថ្ងៃៗ។
បើតាមសារាចរណែនាំរបស់ក្រសួងសុខាភិបាល ឧបករណ៍តេស្តរហ័សនឹងត្រូវផ្គត់ផ្គង់ដោយក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ ក្នុងតម្លៃដើម។
ក្រសួងនឹងបន្តលក់ឧបករណ៍តេស្តនេះរយៈពេលពីរខែទៀតមុននឹងអនុញ្ញាតឲ្យក្រុមហ៊ុនឯកជនជាអ្នកចែកចាយបន្ត។ ក្រសួងក៏បានជំរុញឲ្យមន្ទីរពេទ្យយកថ្លៃធ្វើតេស្តរហ័សក្នុងតម្លៃទាបផងដែរ។
សារាចរណែនាំថ្មីនេះ ក៏បានបញ្ជាទៅអាជ្ញាធរឲ្យរៀបចំកន្លែងធ្វើតេស្តនៅតាមឃុំ និងស្រុក ដើម្បីផ្ដល់ការធ្វើតេស្តរហ័សដល់ប្រជាពលរដ្ឋដែលគ្មានលទ្ធភាពទិញឧករណ៍តេស្តរហ័ស។ សម្រាប់តំបន់ត្រូវបិទខ្ទប់ ដោយសារតែមានការផ្ទុះរាលដាលការឆ្លងជំងឺកូវីដ១៩ វិញត្រូវធ្វើតេស្តដោយប្រើម៉ាស៊ីនធំ PCR ដោយបុគ្គលិកសុខាភិបាល។
អ្នកនាំពាក្យក្រសួងសុខាភិបាល លោកស្រី ឱ វណ្ណឌីន មិនអាចទាក់ទងសុំការអត្ថាធិប្បាយបានទេ ថាតើសារាចរណែនាំនេះ គឺជាកាតព្វកិច្ចច្បាប់ឬយ៉ាងណា។
លោកស្រី យ៉ាង សោភ័ណ្ឌ ប្រធានសហព័ន្ធសហជីពកម្ពុជា (CATU) បានស្វាគមន៍ចំពោះសារាចរណែនាំរបស់ក្រសួង ប៉ុន្តែលោកស្រីថា វាអាចមានការពិបាកសម្រាប់ម្ចាស់រោងចក្រដែលត្រូវទិញឧបករណ៍តេស្តរហ័សសម្រាប់កម្មកររាប់រយ ឬដល់ពាន់នាក់។
លោកស្រីនិយាយថា៖ «វាជាការល្អសម្រាប់កម្មករដែលបានធ្វើតេស្តរហ័ស ប៉ុន្តែវាអាចមិនងាយស្រួលទេ ពីព្រោះយើងមិនទាន់ដឹងទេថាខាងក្រុមហ៊ុននឹងរ៉ាប់រងលើការចំណាយឬអត់…ពីព្រោះថាមានកម្មករច្រើនក្នុងរោងចក្រមួយៗ»។
លោកស្រី បានបង្ហាញក្ដីកង្វល់ ថាឧបករណ៍តេស្តរហ័សនេះអាចនឹងមិនផ្ដល់លទ្ធផលត្រឹមត្រូវបានពេញលេញ។
លោកស្រីឲ្យដឹងទៀតថា៖ «កន្លងមកកម្មករបានបង្ហាញក្ដីបារម្ភអំពីតេស្តនេះ ពួកគាត់បារម្ភថាការធ្វើតេស្តរហ័សអាចបានលទ្ធផលមិនច្បាស់លាស់»។ អ្នកស្រីបន្ថែមថា៖ «ពួកគាត់បារម្ភថា ពេលពួកគាត់មានជំងឺផ្ដាសាយធម្មតា តេស្តនឹងបង្ហាញលទ្ធផលវិជ្ជមានកូវីដ១៩ ដូចនេះពួកគាត់បារម្ភថាត្រូវគេដាក់ឲ្យធ្វើចត្តាឡីស័ក១៤ថ្ងៃ ដែលអាចប៉ះពាល់ដល់គ្រួសារទាំងមូល»។
ក្រសួង និងស្ថាប័នឯកជនមួយចំនួនផ្សេងទៀតបានអនុវត្តការធ្វើតេស្តរហ័សលើបុគ្គលិកខ្លួនរួចទៅហើយដែរ។
លោក ហេង សេងលី នាយកគ្រប់គ្រងហាងផាកកាហ្វេ (Park Café)មានប្រសាសន៍ថាក្រុមហ៊ុនបានចាប់ផ្ដើមធ្វើតេស្តរហ័សលើបុគ្គលិកការិយាល័យរបស់ខ្លួនរៀងរាល់សប្ដាហ៍ ហើយថានឹងមានការធ្វើដូចគ្នានេះលើបុគ្គលិកនៅតាមភោជនីយដ្ឋាននៅភ្នំពេញ និងតាមបណ្ដាខេត្ត។
លោកឲ្យដឹងទៀតថា៖ «វាអាចជាការចំណាយបន្ថែមទៀតរបស់ក្រុមហ៊ុនលើការទិញឧបករណ៍តេស្ត ប៉ុន្តែយើងត្រូវតែចូលរួមជាមួយរដ្ឋាភិបាលសម្រាប់ចក្ខុវិស័យវែងឆ្ងាយ ពីព្រោះថាវិស័យឯកជនជាដៃគូរបស់រដ្ឋាភិបាលក្នុងការបញ្ឈប់ការឆ្លងជំងឺកូវីដ១៩»។
លោក សេងលី បន្ថែមថាសម្រាប់បុគ្គលិកទើបចូលធ្វើការថ្មី ក្រុមហ៊ុនទាមទារឲ្យមានការចាក់វ៉ាក់សាំងបានគ្រប់ដូសជាដាច់ខាត។
សារាចររបស់ក្រសួង តម្រូវឲ្យអនុវត្តគ្រប់រាជធានី-ខេត្តទាំងអស់ក្នុងប្រទេស។
អភិបាលខេត្តកំពង់ស្ពឺ លោក វ៉ី សំណាង មានប្រសាសន៍ថា លោកដឹងថាសារាចរនេះមិនមែនតម្រូវដោយច្បាប់ទេ ហើយអាជ្ញាធរខេត្តក៏នឹងមិនបង្ខំដល់វិស័យឯកជនដែរ។
លោកនិយាយថា៖ «យ៉ាងណា យើងនឹងជូនដំណឹងទៅពួកគេពីវិធានការការពារ និងទប់ស្កាត់កូវីដ១៩»។ ដោយលោកបន្ថែមថា៖ «យើងក៏បានណែនាំដល់គ្លីនិក និងមន្ទីរពេទ្យឯកជនឲ្យចូលរួមតាមការណែនាំរបស់រដ្ឋាភិបាល ដើម្បីប្រឆាំងនឹងកូវីដ១៩ ពីព្រោះថាបើតម្លៃថ្លៃពេក ប្រជាពលរដ្ឋនឹងមិនចូលទេ ពីព្រោះពួកគេមិនមានប្រាក់គ្រប់គ្រាន់ដើម្បីចំណាយ»។
មន្ត្រីក្រសួងសុខាភិបាលបានឲ្យដឹងថាវីរុសកូវីដ១៩ បំប្លែងថ្មីដែលតា (Delta) ឆ្លងលឿន បានចាប់ផ្ដើមឆ្លងរាលដាលយ៉ាងរហ័សនៅក្នុងប្រទេស បន្ទាប់ពីមានការផ្ទុះរាលដាលជាបន្តបន្ទាប់នៅតាមខេត្តជាប់ព្រំដែនថៃ ដែលនាំឲ្យរដ្ឋាភិបាលសម្រេចបិទខ្ទប់ខេត្តចំនួនប្រាំបីនៅតាមព្រំដែនថៃ ដើម្បីបញ្ឈប់ការឆ្លងរាលដាលវីរុសនេះ។ នៅថ្ងៃទី១១ ខែសីហា ក្រសួងបានប្រកាសថាមានករណីឆ្លងវីរុសបំប្លែងថ្មីដែលតាចំនួន៤៤ករណី នៅក្នុងខេត្តចំនួនប្រាំបួន នាំឲ្យចំនួនអ្នកឆ្លងវីរុសនេះឡើងដល់៤២៩ករណី។
នៅថ្ងៃពុធ ក្រសួងក៏បានប្រកាសពីចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដូសទី៣ ជាដូស «ជំរុញ» ប្រភេទ AstraZeneca ដល់មន្ត្រីរាជការថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ ព្រមទាំងអ្នកសារព័ត៌មាន ដែលបានចាក់វ៉ាក់សាំងចិន Sinovac និងSinopharm ចំនួនពីរដូសកន្លងមក។
លោក កុច យុទ្ធ កម្មកររោងចក្រម្នាក់នៅភ្នំពេញ បាននិយាយថារោងចក្ររបស់លោកធ្វើតេស្តរហ័សតែលើកម្មករទើបចូលធ្វើការថ្មីតែប៉ុណ្ណោះ។
លោកបន្ថែមថា តាំងពីរោងចក្របើកដំណើរការឡើងវិញ បន្ទាប់ពីបានបិទអំឡុងខែមេសា និងឧសភា លោក និងកម្មករផ្សេងទៀតមិនដែលបានធ្វើតេស្តនោះទេ។
លោកបន្តថា៖ «ខ្ញុំរស់នៅបន្ទប់ជួលមុខរោងចក្រ ខ្ញុំបានចាក់វ៉ាក់សាំងរួចរាល់ហើយ ខ្ញុំមិនចេញដើរទៅណាទេ»។ លោកបន្ថែមទៀតថា៖ «ខ្ញុំគិតថាវាជាការល្អបើសិនជារោងចក្រអាចធ្វើតេស្តរហ័សនេះបាន ពីព្រោះថាមានកម្មករជាច្រើនជិះរថយន្តរួមគ្នា ហើយយើងមិនដឹងថាអ្នកណាមាន ឬគ្មានកូវីដ១៩ ផង»។
កម្ពុជាបានចាក់វ៉ាក់សាំងបង្ការកូវីដ១៩ ដល់ប្រជាពលរដ្ឋជាង៨លាននាក់ហើយ ក្នុងនោះយ៉ាងហោចណាស់បានចាក់ដូសទី១ និងពេលនេះកំពុងបន្តចាក់វ៉ាក់សាំងដល់ក្មេងអាយុចន្លោះ១២ឆ្នាំ ដល់ ១៧ឆ្នាំ។
គិតត្រឹមថ្ងៃពុធ ក្រសួងបានរាយការណ៍ថាមានករណីឆ្លងកូវីដ១៩ ចំនួន ៤៨៦ករណីថ្មី ក្នុងនោះមាន ១១៩ ជាករណីនាំចូល និងមាន ១២នាក់បានស្លាប់ ដែលធ្វើឲ្យចំនួនអ្នកឆ្លងសរុបឡើងដល់ ៨៣ ៣៨៤ករណី និងអ្នកស្លាប់ឡើងដល់ ១ ៦១៤នាក់។ ក្រសួងក៏បានបញ្ជាក់ដែរថា ចំនួនអ្នកជាសះស្បើយសរុបក៏បានឡើងដល់ ៧៧ ៧៥៤នាក់ហើយដែរ៕
ប្រែសម្រួលពីអត្ថបទភាសាអង់គ្លេស៖ Health ministry calls on private sector to carry out frequent rapid tests